សារលិខិតប្រចាំខែនៃទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន ខែសីហា ឆ្នាំ២០២៤
ទំនាក់ទំនង ដ៏មានឥទ្ធិពល
សេចក្ដីសញ្ញាគឺមិនគ្រាន់តែជាកិច្ចសន្យានោះទេ វាគឺជាទំនាក់ទំនងមួយ ។
ខ្ញុំនៅតែមានរូបភាពកៅអីពណ៌បៃតងដែលអែលឌើរ ភីស្តូន និងអែលឌើរ ម៉ូរ៉ាស្កូ អង្គុយពេលពួកគាត់បង្រៀនគ្រួសាររបស់ខ្ញុំនៅក្នុងផ្ទះរបស់យើងនៅប្រទេសអាហ្សង់ទីន ។ ពួកគាត់បានបង្រៀនពោរពេញដោយអំណាចខាងវិញ្ញាណយ៉ាងខ្លាំង ដែលបងស្រីអាយុ ១០ ឆ្នាំរបស់ខ្ញុំ និងខ្ញុំ ( អាយុ ៩ ឆ្នាំ ) បានរត់ទៅប៉ះកៅអីនោះក្រោយពីពួកគាត់បានចាកចេញទៅ ដោយសង្ឃឹមថាយើងនឹងបានទទួលអំណាចដែលនៅសល់នៅលើកៅអីនោះ ។
មិនយូរប៉ុន្មាន ខ្ញុំបានដឹងថាអំណាចនោះមិនបានមកពីកៅអីនោះទេ ប៉ុន្តែគឺបានមកពីការមានទំនាក់ទំនងសេចក្តីសញ្ញាជាមួយនឹងព្រះ និងព្រះយេស៊ូវគ្រីស្ទ ។
បទពិសោធន៍នៃពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ
ខ្ញុំបានធ្វើសេចក្ដីសញ្ញាដំបូងរបស់ខ្ញុំនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៧៧ ។ ខ្ញុំមិនចាំច្រើនអំពីបុណ្យជ្រមុជទឹករបស់ខ្ញុំទេ ប៉ុន្តែខ្ញុំចាំថាអែលឌើរ ភីស្តូន បានជួយខ្ញុំឲ្យចូលទៅក្នុងទឹក ហើយអែលឌើរ ម៉ូរ៉ាស្កូ បានធ្វើពិធីបញ្ជាក់ដល់ខ្ញុំខណៈពេលដែលសក់របស់ខ្ញុំនៅសើមនៅឡើយ ។ ខ្ញុំក៏ចងចាំពីអំណរដែលខ្ញុំមានផងដែរ នៅពេលមិត្តភក្តិថ្មីនៅក្នុងវួដបានឱប និងថើបខ្ញុំតាមទម្លាប់របស់ប្រទេសអាហ្សង់ទីន និងបំណងប្រាថ្នាដ៏រឹងមាំដែលខ្ញុំមានដើម្បីធ្វើជាបុត្រីដ៏ស្មោះត្រង់របស់ព្រះវរបិតាសួគ៌ ។
ស៊ីស្ទើរ ស្ពែននូស កាលពីក្មេង ( កណ្ដាល ) ជាមួយនឹងឪពុកម្ដាយរបស់គាត់ ( ខាងឆ្វេង ) បងស្រីរបស់គាត់ ស៊ីលវីណា ( ចុងខាងស្ដាំ ) និងអែលឌើរ ម៉ូរ៉ាស្កូ ។
ក្រោយមកទើបខ្ញុំបានដឹងថា អំណរដែលខ្ញុំមានគឺបានមកពីអំណោយនៃព្រះវិញ្ញាណបរិសុទ្ធ ។ ខ្ញុំបានរៀនថា ពេលខ្ញុំរក្សាសេចក្ដីសញ្ញារបស់ខ្ញុំជាមួយនឹងព្រះដោយស្មោះត្រង់ នោះព្រះវិញ្ញាណនឹងគង់នៅជាមួយនឹងខ្ញុំ ។ ព្រះវិញ្ញាណបរិសុទ្ធគឺគ្រាន់តែជាពរជ័យដ៏មានឥទ្ធិពលមួយក្នុងចំណោមពរជ័យផ្សេងទៀតដែលបានមកពីទំនាក់ទំនងសេចក្ដីសញ្ញាជាមួយនឹងព្រះ និងព្រះយេស៊ូវគ្រីស្ទ ។
ឥឡូវនេះ ទោះបីជាបំណង គំនិត និងសកម្មភាពរបស់ខ្ញុំមិនបានដូចការរំពឹងទុកក្តី ក៏ខ្ញុំមាននូវសេចក្ដីសង្ឃឹមដើម្បីបន្តព្យាយាម ។ ហេតុអ្វី ? ពីព្រោះការទទួលទានសាក្រាម៉ង់ធ្វើឲ្យខ្ញុំអាចរំឭកសេចក្តីសញ្ញារបស់ខ្ញុំ និងចុះសេចក្តីសញ្ញាថ្មីជារៀងរាល់សប្តាហ៍ ។ ខ្ញុំមានអំណរគុណយ៉ាងខ្លាំងចំពោះពរជ័យនោះ ។
ទំនាក់ទំនងសេចក្ដីសញ្ញាដ៏កក់ក្ដៅ
ជារឿយៗ យើងឮថាសេចក្ដីសញ្ញាគឺជាការសន្យាគ្នាទៅវិញទៅមករវាងយើង និងព្រះ ។ ទោះបីជាវាពិតក៏ដោយ នេះមិនមែនជាអ្វីគ្រប់ការណ៍ទាំងអស់នោះទេ ។ តាមការពិត « ការរក្សាសេចក្តីសញ្ញាគឺមិនគ្រាន់តែជាកិច្ចព្រមព្រៀងអាជីវកម្មធម្មតានោះទេ ប៉ុន្តែគឺជាទំនាក់ទំនងមួយដ៏កក់ក្តៅ » ។
ដូច្នេះតើក្មួយៗបង្កើតទំនាក់ទំនងសេចក្ដីសញ្ញាជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះដោយរបៀបណា ? ទ្រង់ទាំងទ្វេស្រឡាញ់ក្មួយៗយ៉ាងល្អឥតខ្ចោះ ហើយចង់ប្រទានពរដល់ក្មួយៗ ( សូមមើល នីហ្វៃទី៣ ១៤:១១ ) ។ ប៉ុន្តែទំនាក់ទំនងរវាងគ្នាទៅវិញទៅមកមួយណាក៏ត្រូវការពេលវេលា និងសេចក្ដីស្រឡាញ់មកពីភាគីទាំងសងខាងដែរ ។
តើក្មួយៗចង់ចំណាយពេលច្រើនជាងមុនជាមួយនឹងទ្រង់ទាំងទ្វេដែរឬទេ ? នៅពេលដែលក្មួយៗធ្វើរឿងដែលទ្រង់ទាំងទ្វេនឹងធ្វើ ក្មួយៗកំពុងតែដើរជាមួយនឹងទ្រង់ទាំងទ្វេហើយ ! វាអាចជារឿងសាមញ្ញដូចជា ការស្តាប់មិត្តភក្តិម្នាក់អំឡុងពេលដ៏លំបាក ចំណាយពេលលេងជាមួយបងប្អូន ឬរួមបញ្ចូលនរណាម្នាក់ដែលមានអារម្មណ៍ថាត្រូវបានគេទុកចោល ។ ថ្មីៗនេះ ខ្ញុំបានចំណាយពេលដើរជាមួយនឹងព្រះដោយការថតសារសំឡេង ហើយផ្ញើសារទៅមិត្តភក្តិម្នាក់នៅប្រទេសអាហ្សង់ទីន ដែលមានអារម្មណ៍ឯកោ ។ ខ្ញុំក៏បានសម្រេចចិត្តរក្សាសុពលភាពប័ណ្ណចូលព្រះវិហារបរិសុទ្ធរបស់ខ្ញុំជានិច្ច ដើម្បីខ្ញុំអាចចំណាយពេលជាមួយនឹងព្រះអម្ចាស់នៅក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ ។ ក្មួយៗអាចអធិស្ឋានទូលសុំគំនិតដែលនឹងជួយក្មួយៗឲ្យចំណាយពេលជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះរបស់ក្មួយៗ ។
តើក្មួយៗចង់បង្ហាញដល់ទ្រង់ទាំងទ្វេថា ក្មួយៗពិតជាខ្វល់ខ្វាយដែរឬទេ ? សូមចាត់ទុកបទបញ្ញត្តិដែលក្មួយៗបានធ្វើសេចក្ដីសញ្ញា ថាជារបៀបមួយដើម្បីបង្ហាញពីសេចក្ដីស្រឡាញ់របស់ក្មួយៗ ហើយមិនមែនចាត់ទុកជាបញ្ជីច្បាប់នោះឡើយ ។ ឧទាហរណ៏ ដើម្បីរស់នៅស្របតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ខ្ញុំរៀនចម្អិនអាហារដែលល្អចំពោះសុខភាព ។ ឥឡូវនេះ ខ្ញុំកំពុងបង្រៀនកូនស្រីរបស់ខ្ញុំឲ្យធ្វើដូចគ្នាផងដែរ ។ ពេលដែលក្មួយៗមានឆន្ទៈរក្សាបទបញ្ញត្តិរបស់ព្រះ ក្ដីស្រឡាញ់របស់ក្មួយៗចំពោះទ្រង់ និងព្រះអង្គសង្គ្រោះនឹងកើនឡើង ។
ទំនាក់ទំនងសេចក្តីសញ្ញារបស់យើងជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងជួយយើងឲ្យស្គាល់ទ្រង់ទាំងទ្វេប្រសើរជាងមុន ហើយយើងអាចមានសិទ្ធិប្រើព្រះចេស្ដារបស់ទ្រង់ទាំងទ្វេនៅក្នុងជីវិតរបស់យើង—ជានិរន្ដរ៍ច្រើនជាងអ្វីដែលកៅអីពណ៌បៃតងនោះបានមានទៅទៀត ។ ហើយព្រះចេស្ដានោះផ្លាស់ប្ដូរយើងជារៀងរហូត !
© ឆ្នាំ ២០២៤ by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly For the Strength of Youth Message, August 2024. Cambodian. 19342 258