ការប្រជុំ​ធម្មនិដ្ឋាន​ឆ្នាំ ២០២០
12christofferson


ការជ្រើសរើស និង ការបេ្ដជ្ញាចិត្ត​

ការប្រជុំធម្មនិដ្ឋាន​ទូទាំង​ពិភព​លោក​សម្រាប់​យុវមជ្ឈិមវ័យ

ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២០

ខ្ញុំ​អរគុណ​ចំពោះ​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ​ចំពោះ​ឯកសិទ្ធិ​ដើម្បី​នៅ​ជាមួយ​នឹង​បងប្អូន​នា​យប់​នេះ ។ ហើយ​ខ្ញុំ​ចង់​អរគុណ​ដល់ភរិយា​ខ្ញុំ និង​គាំទ្រ​ប្រសាសន៍​របស់​នាង ។ ហើយ​អរគុណ​ជា​ពិសេស​ចំពោះ​ក្រុមចម្រៀង​ដ៏​អស្ចារ្យ​នេះ ។ ពួកគេ​គឺជាភស្ដុតាង​មួយ​ទៀត​នៃគុណ​តម្លៃ​នៃ​ថ្នាក់​​វិទ្យាស្ថាន ។ ខ្ញុំ​ស្រឡាញ់ថ្នាក់​វិទ្យាស្ថាន ។ ខ្ញុំ​សង្ឃឹម​ថា​ប្អូនៗ​ទាំងអស់គ្នា​ដែល​មាន​ឱកាស ​មិនគ្រាន់តែ​ចុះឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែចូលរួម និង​ចូលរៀន​យ៉ាង​សកម្ម​នៅ​ក្នុង​ថ្នាក់​វិទ្យាស្ថាន ។ វា​គឺជា​រឿង​ដ៏​ល្អបំផុត​មួយ ដែល​យើង​ធ្វើ​នៅ​ក្នុង​សាសនាចក្រ ។ ចម្រៀង​​ដែល​ក្រុមចម្រៀងច្រៀង​ពី​មុននេះ ប្អូនៗ​មួយចំនួន​អាច​ដឹងហើយ វា​គឺជា​ទំនុកតម្កើង​មួយ​ដែល​បាន​សរសេរ​ជាលាយលក្ខណ៍​អក្សរ​ដោយ​ប្រធាន រ័សុល អិម ណិលសុន ។ វាជា​ទំនុកច្រៀង​របស់​លោក ហើយ​អារម្មណ៍ និង​ការ​បង្ហាញចេញមក​បាន​ចាក់ចូលមកដល់​ដួងចិត្ត​របស់ខ្ញុំ ហើយ​ខ្ញុំ​ទុកចិត្ត​ថា​វាចាក់​ចូល​ដល់​ដួងចិត្ត​របស់​អ្នកផងដែរ ។ ហើយ​ខ្ញុំ​សូម​បង្ហាញ​សេចក្ដីស្រឡាញ់​ និង​ការ​គោរព​របស់​លោក​ដល់​បងប្អូន ។ ខ្ញុំក៏សូមបញ្ចូល​នូវការ​ថ្លែង​អំណរគុណចំពោះ​ប្រធាន អាស្ទ្រីត ធូមីនេស្ស និងអ្នកគ្រប់គ្រង និង​បុគ្គលិក​នៃ​សាកលវិទ្យាល័យយូថាហ៍ វ៉ាលី​សម្រាប់​បដិសណ្ឋារកិច្ចដ៏​ប្រកប​ដោយ​ព្រះគុណ​របស់​ពួកគេ​​នៅក្នុងឱកាស​នេះ ។

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ អែលឌើរ អិល. ថម ភែរី និង​ខ្ញុំ​បាន​ធ្វើ​កិច្ចការ​ចាត់តាំង​ជាមួយ​គ្នា​នៅ​ទីក្រុង​ញូវ​យ៉ក ។ ខណៈ​នៅ​ទីនោះ យើង​បាន​ទៅ​មើល​ព្រះវិហារ​ជីហ្វ​ជាប្រវត្តិសាស្ដ្រ​មួយ​នៅ​ប្រូកឃ្លីន ។ ព្រះវិហារ​ជីហ្វ​នោះ​គឺជា​អគារ​របស់​រដ្ឋ ​នៅ​ម្ដុំ​នោះ​ធ្លាប់​ជា ​ប្រហែល​ជា​នៅតែ​ជា​តំបន់​ដ៏​ថ្លៃ​មួយ​ក្នុង​សង្កាត់​នោះ ។ ស្ដ្រី​ដែល​បាន​បម្រើ​ជា​សង្ឃ​ក្នុង​ក្រុម​ជំនុំ​កំណែ​ទម្រង់​ជីហ្វ​នៅ​ទីនោះ បាន​ស្វាគមន៍​យើង​យ៉ាង​រាក់ទាក់ ហើយ​នាំ​យើង​ដើរ​មើល​អគារ​ប្រវត្តិសាស្ដ្រ​នោះ ។ ក្នុង​ភាព​ដ៏​ល្អ​បំផុត​របស់​វា វា​ជា​សំណង់​ដ៏​ល្អឯក​មួយ ប៉ុន្ដែ​ឥឡូវ​នេះ វា​ច្បាស់​ថា អគារ​នេះ​ត្រូវ​ការជួសជុលជាច្រើន ។ សង្ឃ​រូប​នោះ​បាន​ប្រាប់​យើង​ថា ក្រុម​ជំនុំ​របស់​គាត់​មាន​ចំនួន​ធ្លាក់​ចុះ ហើយ​ថា មូលនិធិ​ដើម្បី​ទ្រទ្រង់​ព្រះវិហារ​ជីហ្វ និង​កម្មវិធី​នានា​ដូចជា​សាលារៀន គឺ​មិន​គ្រប់គ្រាន់​ឡើយ ។

កាល​យើង​បន្ដ​ជជែក​គ្នា​ទៀត គាត់​បាន​ប្រាប់​ថា បើ​និយាយ​ជា​ទូទៅ យុវមជ្ឈិមវ័យ​បាន​តាំងចិត្ត​ចំពោះ​កេរ​តំណែល​ជីហ្វ​របស់​ពួកគេ ប៉ុន្ដែ​ដោយ​មូលហេតុ​មួយ​ចំនួន ពួកគេ​ស្ទាក់ស្ទើរ​នឹង​ចូលរួម ហើយ​បេ្ដជ្ញាចិត្ត​ធ្វើជា​សមាជិក​ក្នុង​ក្រុម​ជំនុំ​នេះ ។ ទោះបី​ជា​បែប​នោះ​ក៏​ដោយ ពួកគេ​នៅតែ​ដាក់​កាលវិភាគ​ជាទៀងទាត់​ដើម្បី​ប្រើ​អគារ​នោះ​សម្រាប់​សកម្មភាព​សង្គម​នានា ។ វា​ជា​កន្លែង​ដែល​ពួកគេ​ជួបជុំ​គ្នា ហើយ​ជារឿយៗ​ពួកគេ​ផ្ដល់​វិភាគទាន​ដើម្បី​ជួយ​ចេញ​ចំណាយ​ការប្រើ​ប្រាស់​អគារ​នេះ ប៉ុន្ដែ​មាន​តិចតួច​ណាស់​ដែល​ស្ម័គ្រចិត្ត​ក្លាយជា​សមាជិក​ក្រុម​ជំនុំ ​ថ្វាយ​បង្គំ​នៅ​ទីនោះ ។

អែលឌើរ​ភែរី និង​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​សង្ឃ​រូបនោះ​ពី​មូលហេតុ ដែល​ការណ៍​នេះ​អាច​កើត​ដូច្នេះ ។ គាត់​បាន​កត់​ចំណាំ​ចេញពី​ការសន្ទនា​ជាមួយ​យុវមជ្ឈិមវ័យ​ទាំងនេះ​ជាច្រើន​ថា ពួកគេ​ភាគច្រើន​គឺ​នៅ​លីវ ពួកគេ​មិន​ដាក់​អាទិភាព​ខ្ពស់​លើ​សាសនា​ក្នុង​ជីវិត​របស់​ពួកគេ​ឡើយ ។ អ្នកដទៃ​ទៀត​គឺ​មិន​ចង់​តាំងចិត្ត​លើ​សាសនា ឬ​សាលា​ជំនុំ​ណាមួយ​ឡើយ ។ អែលឌើរ​ភែរី​បាន​ឆ្ងល់​ថា តើ​វា​ជា​ការបង្ហាញ​ឲ្យ​ឃើញ​ពី « FOMO » ដ៏​ល្បី ( ឬ​មិន​ល្បី ) —ការភ័យ​ខ្លាច​ក្នុង​ការខកខាន​—​ថា​បើ​គេ​តាំងចិត្ត​លើ​សាសនា នោះ​ពួកគេ​អាច​ខកខាន​អ្វីមួយ​ផ្សេងទៀត ។

ហើយ​នេះ​ជា​ប្រធានបទ​ដ៏​សំខាន់ ដែល​ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​ក្មួយៗ​នា​ល្ងាច​នេះ—គឺ​ការជ្រើសរើស និង​ការបេ្ដជ្ញាចិត្ត ។

ចូរ​សង្កេត​មើល ដោយ​ចាប់ផ្ដើម​ជាមួយនឹង « ការភ័យ​ខ្លាច​ក្នុង​ការខកខាន » មក​ដល់​ចំណុច​មួយ នោះ​គឺជា​អារម្មណ៍​សមហេតុផល​មួយ ។ ក្នុង​ន័យ​ដែល​អាច​ទៅ​រួច​គឺ​ថា យើង​ទាំងអស់​គ្នា​ចង់​ដក​ពិសោធន៍​រឿង​ដែល​ល្អ​បំផុត ហើយ​ឈាន​ដល់​ជម្រើស​ដ៏​ល្អ​បំផុត​ក្នុង​គ្រប់​ផ្នែក​នៃ​ជីវិត​នេះ ។ ប៉ុន្ដែ​ការពន្យារ​ពេល​ដ៏​យូរ​ដើម្បី​ធ្វើការ​ជ្រើសរើស ឬ​បេ្ដជ្ញាចិត្ត ដោយសារ​វា​អាច​មាន​ន័យ​ថា​ខកខាន​អ្វីមួយ​ផ្សេងទៀត ដែល​ប្រហែល​ប្រសើរ​ជាង​នេះ គឺ​មិន​សម​ហេតុផល​ឡើយ ។ ជម្រើស​នីមួយៗ​បិទ​លទ្ធភាព​ផ្សេងទៀត ៖ បើ​ក្មួយ​ជ្រើសរើស​ទៅ​ធ្វើការ ឬ​ទៅ​សាលា​នៅ​ពេលព្រឹក ក្មួយ​មិន​អាច​មើល​រឿង​នៅលើ Netflix ក្នុង​ពេល​តែមួយ​ទេ ( មែនទេ ? ) បើ​ក្មួយ​ទៅ​សាលា ហើយ​រៀន​ជំនាញ​សំណង់​ស៊ីវិល នោះក្មួយ​នឹង​ខក​មុខវិជ្ជា​ប្រវត្តិសាស្ដ្រ ឬ​សិល្បៈ ឬ​ជីវៈ ឬ​អ្វីៗ​ផ្សេង​ទៀត ( បើ​មិន​ចឹង​ទេ ក្មួយ​រៀន​មិនចប់​ឡើយ ) បើ​ក្មួយ​ធ្វើ​ដំណើរ​ទៅ​ទឹកធ្លាក់​វិកតូរៀរ​នៅ​អាហ្វ្រិក​ឥឡូវ នោះ​ក្មួយ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណា​ផ្សេងទៀត​នៅ​ពេល​តែមួយ​នោះ​បាន​ឡើយ ហើយ​អាច​ខក​កន្លែង​ផ្សេងទៀត​ដែល​ក្មួយ​អាច​ចង់​ទៅ​លេង បើ​ក្មួយ​ជ្រើសរើស​បម្រើ​បេសកកម្ម នោះ​ក្មួយ​បោះបង់​សកម្មភាព​សង្គម​ជាច្រើន​សម្រាប់​ពេល​នោះ ហើយ​វា​បន្ដ​ដូច្នេះ ។ តែ​ដរាបណា​ក្មួយ​ធ្វើ​ការជ្រើសរើស និង​បេ្ដជ្ញាចិត្ត​ទៅកាន់​ទិសដៅ​ជាក់លាក់​មួយ ជីវិត​ក្មួយ​នឹង​មិន​ប្រក្រតី​ឡើយ ហើយ​នៅ​ទីបញ្ចប់ តាម​ពិត​ទៅ ក្មួយ​នឹង​ខកខាន​រឿង​ដ៏​ល្អ​បំផុត​ជាច្រើន ។

ដូច​ភរិយា​ខ្ញុំ​សង្កេត​ឃើញ​កន្លង​មក « បើបង​មិន​អាច​មាន​អ្វីៗ​គ្រប់យ៉ាង​—​តើ​បង​នឹង​ទុក​វា​នៅ​ត្រង់ណា ? » យើង​មិន​អាច​មាន​អ្វីៗ​គ្រប់យ៉ាង ដែល​វា​នឹង​ល្អ​បើ​មានវានោះទេ ហើយ​យើង​មិន​អាច​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដែល​វា​នឹង​ល្អ ឬ​គួរឲ្យ​ចាប់​អារម្មណ៍​នឹង​ធ្វើ​នោះ​ដែរ ។ ទោះបីជា​ក្មួយ​បន្ដឹង​ជម្រើស​របស់​ក្មួយ​តែ​លើ​រឿង​ដែល « ឈ្មោះ​ល្អ ឬ​ក៏​គួរ​ឲ្យ​សរសើរ »​ក្ដី ក៏​ក្មួយ​នៅតែ​មិន​អាច​មាន ឬ​ដក​ពិសោធន៍​អ្វីៗ​គ្រប់យ៉ាង​ដែរ ។ វា​គ្មាន​ពេល មធ្យោបាយ ឬ​កន្លែង​គ្រប់​គ្រាន់​ល្មម​ក្នុង​ជីវិត​របស់​នរណាម្នាក់​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ឡើយ ។ ដូច្នេះ​ហើយ យើង​ត្រូវតែ​ប្ដេជ្ញា​ចិត្ត​លើ​ជម្រើស​ជាក់លាក់ ដោយ​ដឹង​ថា តាមរយៈ​ការធ្វើ​ដូច្នោះ យើង​ចាំបាច់​ត្រូវតែ​បោះបង់​អ្វី​ផ្សេងទៀត ទោះបី​វា​មើល​ទៅ​ល្អ​ក្ដី ។​ យើង​គួរតែចាំ​ក្នុង​ចិត្តថា​ការ​ពន្យាធ្វើ​ការ​សម្រេចចិត្ត​ហួសហេតុពេក នោះ​វា​អាច​កើត​ទៅ​ជា​ជម្រើស​ដោយ​ឯកឯង ។

អាពាហ៍ពិពាហ៍​គឺជា​ឧទាហរណ៍​ដ៏​សំខាន់​មួយ ។ តាមរយៈ​ការជ្រើសរើស​ដៃគូ​ម្នាក់ យើង​បោះបង់​អ្នកផ្សេង​ទៀត​ទាំងអស់ ។ ព្រះអម្ចាស់​មាន​បន្ទូល​ថា « ត្រូវ​ស្រឡាញ់​ប្រពន្ធ​ខ្លួន​ឲ្យ​អស់​អំពី​ចិត្ត ហើយ​ត្រូវ​នៅ​ជាប់​នឹង​នាង ហើយ​គ្មាន​នរណា​ទៀត​ឡើយ » ។ ដោយសារតែ​ភាពចុងក្រោយ​នៃ​ជម្រើស មនុស្ស​ខ្លះ​រឹង​ទទឹង​នឹង​ការបេ្ដជ្ញា​ចិត្ត​នឹង​នរណាម្នាក់ ដែល​ពួកគេ​ចូលចិត្ត​ខ្លាំង នរណាម្នាក់​ដែល​ពួកគេ​ស្រឡាញ់ ហើយ​ដែល​ពួកគេ​អាច​រីកចម្រើន​ជាមួយ​ដោយ​រីករាយ និង​អស់កល្ប​បាន ប៉ុន្ដែ​ពួកគេ​ព្រួយ​ថា អាច​នឹង​មាន​ដៃគូ​ជីវិត​ដ៏​ល្អ​ឥតខ្ចោះ​ខ្លាំងជាង​នេះ​នៅ​កន្លែង​ណាមួយ ដែល​ពួកគេ​មិន​ចង់​ខកខាន ។ ខ្ញុំ​ចាំ​ពី​យុវជន​បែប​នេះ​ម្នាក់ដែល​ខ្ញុំ​ស្គាល់ កាល​ពី​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​ ដែល​បាន​បដិសេធ​ដៃគូ​ដ៏​មាន​សក្ដានុពល​អស្ចារ្យ​ម្នាក់ ដោយសារ​គាត់​គិត​ថា នាង​មាន​ធ្មេញ​ខូច​ជាច្រើន​កន្លែង ។ ប្រតិកម្ម​របស់​ខ្ញុំ​គឺ​ថា អ្នក​ចង់​បាន​ដៃគូ​ឥតខ្ចោះ​ម្នាក់​គឺគ្មាន​ឡើយ ហើយ​មិន​តែ​ប៉ុណ្ណោះ តើ​អ្នក​មាន​បាន​ផ្អាកមួយ​សន្ទុះ រួច​មក​គិត​ថា ខ្លួន​អ្នក​ផ្ទាល់​មិនមែន​ជា​ជម្រើស​ដ៏​ឥតខ្ចោះ​មួយ​ដែរ​ឬទេ ?

នេះ​គឺជា​ការប្រជុំ​យុវមជ្ឈិមវ័យ​មួយ ។ ហើយ​សម្រាប់​ក្មួយ​ភាគច្រើន ការគូស​បញ្ជាក់​គឺទៅលើ​មជ្ឈិមវ័យ ។ ក្មួយ​មាន ឬ​ដេញ​តាម​ទំនួល​ខុសត្រូវ​របស់​មជ្ឈិមវ័យ ការសម្រេច​បាន​របស់​មជ្ឈិមវ័យ និង​ការរួម​ចំណែក​របស់​មជ្ឈិមវ័យ ហើយ​ប្រឆាំង​នឹង​ការពន្យារ​ភាពមជ្ឈិមវ័យ និង​ការទៅ​ពិធី​ជប់លៀង​ឥត​ដាច់ ។ ដប់​ឆ្នាំ​មុន អ្នកនិពន្ធ និង​បញ្ញវន្ដ​ឈ្មោះ ឆាលស៍ មើរ៉េយ បាន​និយាយ​ពី​អត្ថន័យ​នៃ « ជីវិត​មួយ​ដែល​បាន​រស់នៅ​យ៉ាង​ល្អ » ។ គាត់​ថ្លែង​ថា « ខ្ញុំ​និយាយ​ពី​ប្រភេទ​រឿង​ដែល​យើង​ក្រឡេក​មើល​ក្រោយ​វិញ ពេល​យើង​ចាស់​ទៅ ហើយ​ឲ្យ​យើង​សម្រេច​ថា យើង​អាច​មាន​មោទនភាព​ដល់​ខ្លួន​យើងជា​នរណា និង​អ្វី​ដែល​យើង​បាន​ធ្វើ » ។

មើរ៉េយ បាន​នឹក​ដល់​ការនិយាយ​ទៅកាន់​អ្នកស្ដាប់​នៅ​ក្រុង​ស៊ូរិច​អំពី​ការពេញចិត្ត​​ដ៏​ខ្លាំង ដែល​កើត​ពី​ជីវិត​មួយ​ដែល​បាន​រស់នៅ​យ៉ាង​ល្អ ។ គាត់​ពោល​ថា « ក្រោយពី​សុន្ទរកថា​នោះ សមាជិក​វ័យ​ម្ភៃ​ឆ្នាំ​ជាង​ពីរ​បី​នាក់​ក្នុង​ចំណោម​អ្នកស្ដាប់​នោះ​មក​ជួប​គាត់ ហើយ​និយាយ​ដោយ​ត្រង់ៗ​ថា ឃ្លា ‹ ជីវិត​មួយ​ដែល​បាន​រស់នៅ​យ៉ាង​ល្អ › ពុំ​ន័យ​សម្រាប់​ពួកគេ​ឡើយ ។ ពួកគេ​មាន​ពេល​ដ៏​អស្ចារ្យ​ជាមួយ​ដៃគូ​រួម​ភេទ​បច្ចុប្បន្ន​របស់​គេ និង​ឡាន ប៊ី.អិម.ដបុលយូ ថ្មី និង​ផ្ទះ​វិស្សមកាល​នៅ​កោះ​ម៉ាយ៉កា ហើយ​មិន​ឃើញ​អ្វី​ឥត​ប្រយោជន៍​ក្នុង​ជីវិត​របស់​គេ ដែល​ត្រូវការ​ការបំពេញ​ឡើយ ។ មើរ៉េយ និយាយ​ថា « វា​គួរ​ឲ្យ​ចាប់ចិត្ត​ណាស់ ដែលឭ​ការណ៍​នោះ​ត្រូវ​បាន​និយាយ​ចំពោះមុខ​ខ្ញុំ ប៉ុន្តែ​មិន​ភ្ញាក់​ផ្អើល​ឡើយ ។… ផ្នត់​គំនិត​នោះ​គឺជា​អ្វីមួយ​ដូច​នេះ ៖ មនុស្ស​លោក​គឺជា​កម្រង​គីមី ដែល​ធ្វើឲ្យ​សកម្ម ហើយ​មួយ​រយៈ​ក្រោយមក​ក៏​លែង​មានសកម្ម​ទៅ ។ គោលបំណង​នៃ​ជីវិត​នេះ​គឺ មុន​នឹង​អស់​ពេលវេលា​ទៅ ត្រូវ​សប្បាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន » ។

នៅ​ចុងបញ្ចប់​សម្ដី​របស់​គាត់ មើរ៉េយ​បាន​ថ្លែង​យ៉ាង​ឆ្លាតវៃ​ដូច្នេះ ៖ « ប្រាជ្ញា​មនុស្ស​ចាស់​បាន​យល់​ថា ជីវិត​មួយ​ដែល​បាន​រស់នៅ​យ៉ាង​ល្អ​តម្រូវ​ឲ្យ​មាន​ការចូលរួម​នឹង​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង » ។ មជ្ឈិមវ័យ​ពិត​យល់​ពី​ការណ៍​នេះ ។ ពួកគេ​ដឹង​ថា ការសប្បាយ​ផ្ទាល់ខ្លួន​មិន​ដែល​ជា​ការផ្ដោត​សំខាន់​ក្នុង​ជីវិត​ឡើយ ហើយ​មិន​អាច​សាកសម​ជា​គោលបំណង​ជីវិត​ទេ ។ សេចក្ដីពិត​នេះ​គូស​បញ្ជាក់​នូវបទបញ្ញត្តិ​ដ៏​ធំ​ពីរ ៖ ត្រូវ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​របស់​យើង និង​ត្រូវ​ស្រឡាញ់​អ្នក​ជិតខាង​ដូច​ខ្លួន​ឯង ។ ដូច​ព្រះយេស៊ូវ​មាន​បន្ទូល​ថា « បណ្តា​ក្រឹត្យវិន័យ និង​អស់​ទាំង​ទំនាយ​ហោរា​ទាំង​ប៉ុន្មាន ក៏​សម្រេច​នៅ​បទបញ្ញត្តិ​ទាំង​ពីរ​ប្រការ​នេះ​ឯង » ។ សេចក្ដី​សញ្ញា​ដំណឹងល្អ​ជាមួយ​នឹង​ការសន្យា​ជីវិត​ដ៏​អស់កល្ប​របស់​វា អាស្រ័យ​លើ​បទបញ្ញត្តិ​ដ៏​ធំ​ទាំង​ពីរ​នេះ​តាម​លំដាប់​អាទិភាព​ដែល​ផ្ដល់​មក ៖ ទី​មួយ និង​ទី​ពីរ ។ ភក្ដីភាព​ចំពោះ​បទបញ្ញត្តិ​ដ៏​ធំ​ទាំង​ពីរ​នេះ ផ្ដល់​និយមន័យ​ដល់​ជីវិត​មួយ​ដែល​បាន​រស់នៅ​យ៉ាង​ល្អ និង​អត្ថន័យ​នៃ​ភាពជា​មជ្ឈិមវ័យ ។

នៅ​ទីបញ្ចប់ គ្មាន​ផ្លូវ​អព្យាក្រឹត និង​មិន​ប្ដេជ្ញាចិត្ត​ដែល​ត្រូវ​ធ្វើ​តាម​ឡើយ លើកលែង​តែ​វា​ជា​រឿង​ដែល​មាន​លទ្ធផល​ដ៏​អស់កល្ប ។ អាលម៉ា​បញ្ជាក់​ពី​ចំណុច​នេះ ពេល​លោក​បង្រៀន​ថា ព្រះគ្រីស្ទ ដែល​ជា​អ្នកគង្វាល​ដ៏​ល្អ ហៅ​យើង​ឲ្យ​ដើរ​តាម​ទ្រង់​លើ​ផ្លូវ​នៃ​ភាពជា​សិស្ស និង​សុភមង្គល ៖

« មើលចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អ្នក​គង្វាល​ល្អ​នឹង​ស្រែកហៅ​អ្នក មែន​ហើយ គឺ​ដោយ​នូវ​ឈ្មោះ​របស់​លោក​ផ្ទាល់​ដែល​លោក​នឹង​ហៅ​អ្នក គឺជា​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ ហើយ​បើ​សិន​ជា​អ្នករាល់​គ្នា​ពុំ​ប្រុង​ស្ដាប់​តាម​សំឡេង​នៃ​អ្នកគង្វាល​ល្អ ចំពោះ​ឈ្មោះ​ដែល​អ្នករាល់​គ្នា នឹង​ត្រូវបាន​ហៅ​នោះ​ទេ មើលចុះ អ្នករាល់​គ្នា​ពុំ​មែន​ជា​ចៀម​នៃ​អ្នក​គង្វាល​ល្អ​ឡើយ ។

« ហើយ​ឥឡូវ​នេះ បើសិន​ជា​អ្នករាល់​គ្នា​ពុំ​មែន​ជា​ចៀម​នៃ​អ្នកគង្វាល​ល្អ​ទេ តើ​អ្នករាល់​គ្នា​នៅក្នុង​ក្រោល​ណា ? មើលចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អារក្ស​គឺជា​អ្នកគង្វាល​របស់​អ្នក​វិញ ហើយ​អ្នករាល់​គ្នា​នៅក្នុង​ក្រោល​របស់​វា ហើយ​ឥឡូវ​នេះ តើ​អ្នក​ណា​អាច​បដិសេធ​ការណ៍​នេះ​បាន​ឬ ? »

អាលម៉ា​បង្រៀន​ពី​ភាពពិត​ថា មាន​តែ​ជម្រើស​ពីរ​ប៉ុណ្ណោះ ហើយ​ថា​ព្រះគ្រីស្ទ​គឺជា​ជម្រើស​ដ៏​ល្អ​តែ​មួយ​គត់ ។ និយាយ​ឲ្យ​ខ្លី​ទៅ បើ​ក្មួយ​មិន​ជ្រើសរើស​ព្រះគ្រីស្ទ​ទេ គឺ​ក្មួយ​ដើរ​តាម​ព្រះ​ក្លែងក្លាយ​ដោយ​ស្វ័យប្រវត្តិ ជា​ផ្លូវ​ខុស​ឆ្គង​នាំ​ទៅរក​ការខកចិត្ត​នៅ​ទីបំផុត និង​ដ៏​អស់កល្ប ។ ដូច្នេះ ទាល់តែ​ក្មួយ​ដើរតាម​ព្រះអង្គ​សង្គ្រោះ បើ​មិន​ដូច្នោះទេ​ក្មួយ​បដិសេធ​ទ្រង់​ហើយ ។១០

ដោយ​ដឹង​ពី​ការណ៍​នេះ យើង​មិន​គួរ​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​នឹង​ប្ដេជ្ញា​ចិត្ត​លើ​ព្រះអម្ចាស់ ហើយ​ព្យាយាម​ក្លាយ​ទៅជា​តែមួយ​នឹង​ទ្រង់​ឡើយ ។ ដូច​ទ្រង់​បាន​អធិស្ឋាន​នៅ​អាហារ​ពេល​ល្ងាច​ចុងក្រោយ​សម្រាប់​ពួកសាវក​របស់​ទ្រង់ និង​មនុស្ស​ទាំងអស់​ដែល​ជឿ​លើ​ពាក្យ​របស់​ពួកគេ​ថា « ដើម្បី​ឲ្យ​ទាំងអស់​បាន​រួម​មក​តែមួយ ឱ​ព្រះវរបិតា​អើយ ដូចជា​ទ្រង់​គង់​ក្នុង​ទូលបង្គំ ហើយ​ទូលបង្គំ​នៅក្នុង​ទ្រង់​ដែរ គឺ​ឲ្យ​អ្នក​ទាំងនោះ​បាន​រួមគ្នា​តែមួយ​នៅក្នុង​យើង » ។១១ តើ​នោះ​មិន​មែន​ជា​កន្លែង​ដែល​យើង​ចង់​ទៅ​ទេ​ឬ ? ចុះ​ហេតុអ្វី​ស្ទាក់ស្ទើរ​នឹង​ការប្ដេជ្ញាចិត្ត​យ៉ាង​ពេញលេញ និង​ស្មោះស្ម័គ្រដូច្នេះ ? ហេតុអ្វី​មិន​ហ៊ាន​លើក​នឹម​របស់​ទ្រង់​ដាក់​លើ​ខ្លួន​យើង ដោយ​ដឹង​ថា « នឹម​របស់​ទ្រង់​ងាយ ហើយ​បន្ទុក​របស់​ទ្រង់​ស្រាល » នោះ ?១២

ការខ្លាច​បរាជ័យ

ឆ្លើយ​នឹង​សំណួរ​ខ្លួន​ឯង​ផ្ទាល់ ខ្ញុំ​អាច​ឃើញ​ថា ថ្វីបើ​មាន​ភាពសមហេតុផល និង​​ការអង្វរ​ពី​ព្រះវិញ្ញាណ កាល​ទ្រង់​ខំ​គង់​នៅ​ជាមួយ​យើង​ក្ដី ក៏​មាន​មូលហេតុ​មួយ​ចំនួន ដែល​មនុស្ស​ម្នាក់​នៅតែ​អាច​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​ខ្លះ​ដែរ ។ ទីមួយ​គឺជា​ការខ្វល់​ពី​សមត្ថភាព​របស់​យើង​ដើម្បី​រក្សា​បាន​ការប្ដេជ្ញាចិត្ត​ក្នុង​ផ្លូវ​ដ៏​ឆ្ងាយ​បែប​នោះ ។ តើ​យើង​ពិត​ជា​អាច​ដើរតាម​ពេញលេញ​ឬ ហើយ​តើ​យើង​មិន​ប្រសើរ​ជាង​ទេ​ឬ ពេល​មិន​ប្ដេជ្ញា​តាម បើ​យើង​អាចនឹង​​បរាជ័យ​ដដែលនោះ ?

នេះ​ជា​កង្វល់​ដែល​អាច​យល់​បាន​មួយ ប៉ុន្ដែ​ខ្ញុំ​សូម​ផ្ដល់​ចម្លើយ​ថា ក្នុង​ន័យ​ដ៏​សំខាន់​ខ្លាំង​មួយ ក្មួយ​បាន​ឆ្លង​ស្ពាន​នោះ​រួច​ហើយ ។ ពេល​នៅក្នុង​ពិភព​មុន​ជីវិត​លើ​ផែនដី​នេះ ក្មួយ​បាន​ជ្រើសរើស​ទទួល​យក​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ និង​ការលើក​តម្កើង ដែល​បាន​រៀបចំ​ដោយ​ព្រះវរបិតា និង​ទទួល​ពាន​ពី​ព្រះរាជបុត្រា ក្មួយ​បាន​ជ្រើស​យក​ព្រះគ្រីស្ទ ។ កំណើត​ខាង​រូបកាយ​របស់​ក្មួយ​គឺជា​ទីបន្ទាល់​ចំពោះ​ការពិត​ដែល​ក្មួយ​បាន​ប្ដេជ្ញាចិត្ត​រួច​ហើយ​នោះ ។ ក្មួយ​បាន​រក្សា « សណ្ឋាន​ទីមួយ »១៣របស់​ក្មួយ ហើយ​ឥឡូវ​នេះ​សំណួរ​គឺ​ថា តើ​ក្មួយ​នឹង​រក្សា​ការប្ដេជ្ញាចិត្ត​នោះ​នៅក្នុង « សណ្ឋាន​ទីពីរ » នេះ ហើយ « បាន​សិរីល្អ​បន្ថែម​ទៅលើ​ក្បាល [ ក្មួយ ] ជារៀង​ដរាប​រហូត​តទៅ » ១៤ ដែរ​ឬ​ទេ ? យើង​មិន​គួរ​ខ្លាច​ដើម្បី​បញ្ជាក់​ការប្ដេជ្ញាចិត្ត​ពី​ជីវិត​មុន​ផែនដី​ជាថ្មី​ឡើយ ជាពិសេស​ពេល​យើង​គិត​ដល់​ជម្រើស​ដ៏​អាក្រក់​នោះ ?

ហើយ​យើង​មិន​ត្រូវ​រស់នៅ​ក្នុង​ការខ្លាច​បរាជ័យ​ឡើយ ។ យើង​ពុំ​នៅ​តែឯង​ទេ ។ យើង​ពុំមែន​គ្មាន​ជំនួយ​ទេ ។ នរណា​ដែល​ពិតជា​ប្ដេជ្ញាចិត្ត​លើ​ព្រះគ្រីស្ទ លើ​ភាពជា​សិស្ស​ដ៏​ពេញលេញ មិន​អាច​បរាជ័យ​ឡើយ ។ បើ​យើង​នៅ​ជាប់​នឹង​ទ្រង់ ដែល​ចុះ​មក​ក្រោម​រាល់​ការណ៍​ទាំងអស់ ដែល​បានឈ្នះ​ការណ៍​ទាំងអស់ ហើយ​ដែល​មាន​គ្រប់​ព្រះចេស្ដា​នា​ពេល​នេះ នោះ​យើង​មិន​អាច​បរាជ័យ​ឡើយ ។១៥ ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង​មិនគ្រាន់តែ​ជា​អង្គ​សង្កេត​មើល​ដោយ​គ្មាន​ចំណាប់​អារម្មណ៍​នោះ​ទេ ទ្រង់​ចង់​ឃើញ​ថា តើ​ការណ៍​នេះ​នឹង​ដំណើរការ​សម្រាប់​យើង​ឬ​អត់ ។ តើ​ក្មួយ​អាច​ស្រមៃ​ឃើញ​ទ្រង់​ទត​ចុះ​ក្រោម​ពី​ស្ថានសួគ៌​មាន​បន្ទូល​ថា « មើល​ទៅ​សេម ។ គាត់​ខក​លើក​មុន ពេល​គាត់​ប្រឈម​នឹង​ស្ថានភាព​ដូច​លើក​នេះ ហើយ​យើង​ទាយ​ថា គាត់​នឹង​ធ្វើ​វា​ដូច​លើក​មុន​ទៀត » ឬ « អេ មើល​ន៎ ។ មិត្ត​របស់​សាន់ដ្រា​បាន​ដាក់​នាង​ក្នុង​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​មួយ ។ វា​នឹង​ល្អ​មើល​ថា តើ​នាង​អាច​ដោះ​ចេញពី​ស្ថានភាព​នេះ​បាន​ឬ​អត់ » ។ ពិតណាស់ វា​គួរឲ្យ​អស់​សំណើច ។ ពួកទ្រង់​​ចូលរួម​យ៉ាងសកម្ម​នៅ​ខាង​យើង ផ្ដល់​ជំនួយ ការដឹកនាំ និង​ធនធាន​យ៉ាង​ខ្ជាប់​ខ្ជួន ហើយ​ប្រហែល​ជា​ផ្ដល់​ឲ្យ​យើង​បន្ថែម​ទៀត បើ​យើង​ទទួល​យក​វា​នោះ ។

ខ្ញុំ​បាន​និយាយ​ពីមុន​មក​ថា ពេល​យើង​គោរព​សេចក្ដីសញ្ញា​ដែល​ចង​យើង​ទៅនឹង​ព្រះគ្រីស្ទ និង​ព្រះចេស្ដា​របស់​ទ្រង់ នោះ​យើង​មិន​អាច​បរាជ័យ​ឡើយ ។ ការណ៍​នោះ​គឺ​ពិត​នៅ​ទីបញ្ចប់ ប៉ុន្ដែ​ខ្ញុំ​ទទួល​ស្គាល់​ថា ពេល​ខ្លះ ពួកយើង​ទាំងអស់​គ្នា​ដក​ពិសោធន៍​បរាជ័យ​—កំហុស និង​អំពើបាប​របស់​យើង​ផ្ទាល់ និង​ឥទ្ធិពល​ដែល​កំហុស និង​អំពើបាប​របស់​មនុស្ស​ដទៃ​មាន​មក​លើ​យើង​ពេលខ្លះ ។ ប៉ុន្ដែ​ដោយ​មាន​អំណោយទាន​នៃ​ការប្រែចិត្ត និង​ការអភ័យទោស នោះ​បរាជ័យ និង​ការធ្លាក់​ទាំងអស់​នេះ​គឺ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ។ គ្មាន​វា​ណាមួយ​អាច​ទម្លាក់​យើង​ពី​ជីវិត​ដ៏​អស់កល្ប​ដោយ​គ្មាន​ការយល់ព្រម​ពី​យើង​ឡើយ ។ ហេតុអ្វី ? ព្រោះ​ពេល​យើង​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ស្ដារឡើង នោះ​យើង​មាន​ព្រះគុណ​នៃ​ព្រះគ្រីស្ទ​ដើម្បី​ដោះស្រាយ និង​ជួសជុល​អ្វីៗ​ដែល​យើង​មិន​អាច​ធ្វើ​បាន ។ សូម​ចាំ​ថា ព្រះចេស្ដា​ដ៏​ធួន ឬ​ព្រះគុណ​របស់​ព្រះគ្រីស្ទ​មិន​ត្រឹមតែ​ដក​ចេញ​កំហុស ឬ​អំពើបាប​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​បន្សុទ្ធ និង​ធ្វើឲ្យ​យើង​ទៅ​ជា​តួ​ដ៏​បរិសុទ្ធ អាច​រស់នៅ​ក្នុង​វត្តមាន​នៃ​ព្រះ​បាន​ទៀត​ផង ។១៦

តែ​ខ្ញុំ​មិនមែន​និយាយ​ថា អ្វី​ទាំងអស់​នេះ​គឺ​ងាយស្រួល​ទេ ។ ក្មួយ​ដឹង​ដូច​ខ្ញុំ​ដឹង​ដែរ​ថា ជីវិត​គឺ​ពេញ​ដោយ​ការតស៊ូ និង​រឿង​ដ៏​ពិបាក​ខ្លាំង​មួយ​ចំនួន ថែម​ទាំង​សោកនាដកម្ម​ទៀត ។ ហើយ​ការធ្វើ​ជា​សិស្ស​ដ៏​ស្មោះត្រង់​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ងាយ​និយាយ​ជាង​ធ្វើ ។ វា​មិន​ងាយស្រួល​សម្រាប់​ព្រះយេស៊ូវ​ដើម្បី​ធ្វើជា​សិស្ស​របស់​ព្រះវរបិតា​ទ្រង់ និង​ផឹក « ពែង​ល្វីង » របស់​ទ្រង់​ឡើយ ។១៧ ប៉ុន្ដែ​ទ្រង់​បាន​ធ្វើ​វា ហើយ​ទ្រង់​ជ្រាប​ពី​របៀប​ជួយ​យើង​ឲ្យ​ដើរ​លើ​ផ្លូវ​នៃ​ភាពជា​សិស្ស​នេះ​ដោយ​ជោគជ័យ ។ លើសពី​នេះ ព្រះអង្គ​សង្រ្គោះ​មាន​អំណាច និង​ព្រះទ័យ​ជួយ​យើង ។ ទ្រង់​នឹង​គង់​នៅ​ជាមួយ​យើង ផ្ដល់​ជំនួយ​តាម​ដែល​យើង​ត្រូវការ និង​ទោះ​យូរ​ប៉ុណ្ណា​ក៏​ដោយ ។ ទ្រង់​មាន​បន្ទូល​ថា « មែនហើយ ហើយ​ដរាបណា​រាស្ត្រ​យើង​ប្រែចិត្ត យើង​នឹង​អត់ទោស​ឲ្យ​គេ​ចំពោះ​ការរំលង​ច្បាប់​ទាំងឡាយ​ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​យើង » ។១៨ ការខ្លាច​បរាជ័យ​មិនមែន​ជា​ហេតុផល​មិន​ព្រម​ធ្វើការ​ប្ដេជ្ញាចិត្ត​លើ​ព្រះគ្រីស្ទ​យ៉ាង​ពេញលេញ​ឡើយ ។ ត្រូវ​បន្ដ​ប្រែចិត្ត និង​ធ្វើ​ឲ្យ​ពី​លទ្ធភាព​របស់​ក្មួយ​ដើម្បី​ធ្វើ​ល្អ—នោះ​នឹង​គ្រប់គ្រាន់​ហើយ ។

ពលិកម្ម

ខ្ញុំ​អាច​គិត​ដល់​មូលហេតុ​មួយ​ទៀត ដែល​បុគ្គល​ម្នាក់​អាច​ស្ទាក់ស្ទើរ​មិន​ឆ្លើយតប​នឹង​ការហៅ​របស់​អ្នកគង្វាល​ល្អ ហើយ​ព្រម​ចូល​ក្រោល​របស់​ទ្រង់ ៖ ការខ្លាច​ពលិកម្ម​ដែល​អាច​តម្រូវ​ឲ្យ​មាន ។ ក្មួយ​ទាំងអស់​គ្នា​នៅ​ចាំ​យុវជន ដែល​ទូល​សួរ​ព្រះយេស៊ូវ​ដោយ​ចិត្ត​ស្មោះសរ​ថា « តើ​នៅ​ខ្វះ​អ្វី​ទៀត ? ដើម្បី​ឲ្យ​បាន​ជីវិត​រស់​នៅ​អស់​កល្ប​ជានិច្ច ។១៩ ម៉ាកុស​ប្រាប់​យើង​ថា « ព្រះយេស៊ូវ​ទ្រង់​ទត​ទៅ​គាត់ ដោយ​ស្រឡាញ់ » [ ខ្ញុំ​គិត​ថា នេះ​គឺ​សំខាន់ ] « ហើយ​មាន​ព្រះបន្ទូល​ថា អ្នក​នៅ​ខ្វះ​កិច្ច​១​ទៀត គឺ​ត្រូវ​ទៅ​លក់​របស់​ទ្រព្យ​អ្នក​ទាំង​ប៉ុន្មាន ចែក​ទាន​ឲ្យ​ដល់​ពួក​អ្នក​ក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យសម្បត្តិ​នៅ​លើ​ស្ថានសួគ៌​វិញ រួច​ឲ្យ​ផ្ទុក​ឈើ​ឆ្កាង​មក​តាម​ខ្ញុំ​ចុះ » ។២០ ​ក្មួយ​ចាំ​ចម្លើយ​ថា ៖ « តែ​គាត់​មាន​ចិត្ត​ព្រួយ​ណាស់ ដោយ​ឮ​ពាក្យ​នោះ ក៏​ចេញ​ទៅ​ទាំង​ក្តី​ទុក្ខ ព្រោះ​គាត់​មាន​សម្បត្តិ​ច្រើន​ណាស់ » ។២១

ខ្ញុំ​សង្ឃឹម​ថា ដោយ​បាន​ពិចារណា យុវជន​ស្ដុកស្ដម្ភ​នេះ​បាន​មាន​ការផ្លាស់ប្ដូរ​ដួងចិត្ត ហើយ​ក្រោយមក​ទទួល​យក​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ ។ ក្នុង​ករណី​ណា​ក៏ដោយ យើង​ទាំងអស់​គ្នា​ដឹង​ថា ការប្ដេជ្ញាចិត្ត​លើ​ព្រះគ្រីស្ទ​នឹង​ទាក់ទង​ដល់​ពលិកម្ម ។ រឿង​មួយ​ដែល​ត្រូវ​ពលី​នោះ​គឺ « ការភ័យ​ខ្លាច​ក្នុង​ការខកខាន » ដោយសារ​យើង​ដឹង​ច្បាស់​ថា យើង​នឹង​ខកខាន​រឿង​ជាច្រើន ។ ជម្រើស​ជាច្រើន​ក្នុង​ជីវិត​មិន​ចុះសម្រុង​នឹង​ភាពជា​សិស្ស​ឡើយ ហើយ​សូម្បី​តែ​រឿង​ល្អ​ជាច្រើន​អាច​ត្រូវ​បិទ ដោយសារ​ភាពជា​សិស្ស​តម្រូវ​ឲ្យ​យើង​ចំណាយ​ពេល និង​ធនធាន​សម្រាប់​រឿង​ដែល​ប្រសើរ​ជាង​នេះ ឬ​ល្អ​បំផុត ។

យុវជន​ដ៏​ស្មោះ​ដែល​បាន​ទូល​សួរ​ព្រះអង្គ​សង្គ្រោះ​ថា « តើ​ខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត ? » បាន​ស្លាប់ ។​ ទ្រព្យ​ធន​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន​ប្រហែល​ជា​លែង​មាន​ទៀត​ហើយ ហើយ​ក្នុង​ករណី​ណា​ក្ដី គាត់​មិន​មាន​វា​ទេ ហើយ​គាត់​ក៏​មិន​ត្រូវការ​ប្រើប្រាស់​វា​ទៀត​ដែរ ។ ពលិកម្ម​ដែល​វា​មើល​ធំ​ខ្លាំង​ចំពោះ​គាត់​នា​ពេល​នោះ តើ​គាត់​មាន​ជម្រើស​ប្រសើរ​ជាង​ការទទួល​យក​ការអញ្ជើញ​របស់​លោក​ចៅហ្វាយ​ដែរ​ឬ​ទេ ? តើ​អ្វីៗ​ដែល​គាត់​មាន ឬ​អាច​រក​បាន​ជាមួយ​នឹង​ទ្រព្យធន​របស់​គាត់ អាច​ប្រៀប​បាន​នឹង​អ្វី​ដែល​ព្រះអម្ចាស់​ប្រទាន​ដល់​គាត់​នៅ​ចុង​បំផុត​ទេ ? យើង​ដឹង​ថា អ្វីៗ​ដែល​ព្រះអង្គ​សង្គ្រោះ​សុំ​យើង រួម​ទាំង​ជីវិត​របស់​យើង​ផ្ទាល់ គឺ​មិន​សំខាន់​ឡើយ បើ​ប្រៀប​នឹង​ការលើក​តម្កើង​នោះ ។ យើង​មិន​អាច​សូម្បីតែ​ស្រមៃ​ថា ៖ « សេចក្តី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់ គឺ​សេចក្តី​នោះ​ឯង​ដែល​ព្រះ​បាន​រៀបចំ​ទុក​សម្រាប់​ពួកអ្នក​ដែល​ស្រឡាញ់​ទ្រង់ » ។២២

ជាជាង​ការខ្លាច​ពលិកម្ម​នៃ​ភាពជា​សិស្ស យើង​គួរតែ​ស្វាគមន៍​ដល់​ឱកាស​ធំធាត់​ខាង​អំណាច​វិញ្ញាណ ដើម្បី​ទទួល​បាន​អំណរ​ដ៏​ច្រើន​ជាង​នេះ ហើយ​រកឃើញ​អត្ថន័យ​ដ៏​ពិត​នៃ​ជីវិត​របស់​យើង​ម្នាក់ៗ ។ ពលិកម្ម ជាពិសេស​ពលិកម្ម​ក្នុង​បុព្វហេតុ​នៃ​ព្រះគ្រីស្ទ​បង្ហាញ​ពី​ភាពម៉ឺងម៉ាត់​—យើង​ពិតជា​នឹង​រក្សា​បាន​បទបញ្ញត្តិ​ធំ​ទាំងពីរ​ដើម្បី​ស្រឡាញ់​ព្រះ និង​អ្នកជិត​ខាង ។​ ពលិកម្ម​មាន​ន័យ​ថា យើង​នឹង​ធ្វើ​ការល្អ​ខ្លះ​ក្នុង​ពិភពលោក​នេះ​ជាប្រាកដ ។

ការស្រឡាញ់​ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត គំនិត កម្លាំង និង​ពលំ​បញ្ជាក់​ដល់​ព្រលឹង​របស់​យើង​ថា យើង​ជា​នរណា ។ ការណ៍​នោះ​ផ្ដល់​ការធានា​ដល់​យើង​មួយ​ប្រភេទ ដែល​អាច​ឲ្យ​យើង​ឈប់​ផ្ដោត​តែ​លើ​ខ្លួន​យើង ហើយ​មើល​ទៅ​ខាងក្រៅ មើល​ទៅ​មនុស្ស​ដទៃ​ដោយ​ពិត—​គឺ​តម្រូវការ​របស់​ពួកគេ និង​ភាពពិត​ដែល​ពួកគេ​ប្រឈម ដោយ​មាន​បំណង​ដើម្បី​យល់ និង​ជួយ​ពួកគេ ។ នៅក្នុង​រឿង​ប្រៀប​ប្រដូច​សាសន៍​សាម៉ារី​ល្អ សង្ឃ និង​ពួកសាសន៍​លេវី​បាន​ឃើញ​អ្នកដំណើរ​មាន​របួស​នៅតាម​ផ្លូវ ប៉ុន្ដែ​ពួកគេ​មិន​បាន​ឃើញ​គាត់​ជា​ប្រាកដ​ទេ ។ មានតែ​សាសន៍​សាម៉ារី​ដ៏​ពិត​ប៉ុណ្ណោះ​ដែល​បាន​ឃើញ​ជន​ចម្លែក​មាន​របួស ហើយ​ជា​លទ្ធផល « ក៏​មាន​ចិត្ត​ក្តួល​អាណិត​ដល់​គាត់ ទើប​ចូល​ទៅ​រុំ​របួស​ឲ្យ ព្រម​ទាំង​យក​ប្រេង និង​ស្រា ចាក់​លាប » ។២៣ មនុស្ស​ជាច្រើន​មាន​អារម្មណ៍​ឯកោ​មិន​ស្បើយ ។ ពិត​ណាស់ ពលិកម្ម​របស់​យើង​អាច​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​មួយ ។

ការបេ្ដជ្ញា​ចិត្ត

ការប្ដេជ្ញាចិត្ត​ដ៏​ទូលំទូលាយ ដែល​ធានា​ដល់​ក្ដីអំណរ​នៅ​ទីនេះ និង​តរៀង​ទៅ​គឺ ការប្ដេជ្ញា​ចិត្ត​លើ​ព្រះ​ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង និង​ព្រះរាជ​បុត្រា​របស់​ទ្រង់​ជា​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ។ នៅក្នុង​អោមណៃ យើង​ឃើញ​ការអង្វរ​ដ៏​មាន​វោហាសព្ទ​នេះ ៖

« ខ្ញុំ​ចង់​ឲ្យ​អ្នក​មករក​ព្រះគ្រីស្ទ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​ទទួល​ទាន​នូវ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ និង​ព្រះចេស្ដា​នៃ​សេចក្ដី​ប្រោសលោះ​របស់​ទ្រង់​ចុះ ។ មែនហើយ ចូរ​មក​រក​ទ្រង់ ហើយ​ចូរ​ថ្វាយ​ព្រលឹង​អ្នក​ទាំង​មូល ជា​ដង្វាយ​ថ្វាយ​ដល់​ទ្រង់ ហើយ​ចូរ​បន្ត​ការតម​អាហារ និង​ការអធិស្ឋាន ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ហើយ​ប្រាកដ​ដូចជា​ព្រះអម្ចាស់ ទ្រង់​មាន​ព្រះជន្ម​រស់នៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សង្គ្រោះ » ។២៤

មាន​រឿង​មួយ​ប្រាប់​ពី​ឪពុក​ម្នាក់ ដែល​ដាក់​កូនប្រុស​តូច​គាត់​ឲ្យ​គេង ហើយ​កាល​គាត់​ចេញ​ពី​បន្ទប់​គេ​បាន​ឮ​សូរ​ក្តុក ។ ពេល​ត្រឡប់​ទៅវិញ គាត់​បាន​ឃើញ​កូនប្រុស​គាត់​នៅលើ​ដី ហើយ​សួរ​ថា តើ​គាត់​ធ្លាក់​ពី​លើ​គ្រែ​ដោយ​របៀប​ណា ។ កុមារា​នោះ​ឆ្លើយ​ថា « កូន​មិន​បាន​ឡើង​គ្រែ​ឲ្យ​ស៊ុប » ។ សូម​ប្រាកដ​ក្នុង​ការប្ដេជ្ញាចិត្ត​របស់​ក្មួយ​លើ​ព្រះ​ថា ក្មួយ​ចូល​ស៊ុប ។

ក្មួយ​ជា​ផ្នែក​នៃ​រូបកាយ​នៃ​ព្រះគ្រីស្ទ ។២៥ ក្មួយ​ជា​របស់​ផង​ទ្រង់ ។ សូម​ចូល​ឲ្យ​ស៊ុប ដោយ​ផ្ដល់ និង​ទទួល​បាន​ដោយ​សេរី ។ ដើម្បីមើល​ច្បាស់នូវ​អ្នកដែល​នៅជុំវិញក្មួយ ហើយក្មួយ​នឹង​មានជីវិត​ល្អ​ពេល​គេ​មើលឃើញ ជា​ជីវិត​នៃការ​ងារ​បម្រើ ពរជ័យ និងភាព​ស្កប់ស្កល់ ។ ជា​ជីវិត​មួយ​ដែល​ត្រូវ​បាន​ពរ និង​ញែកចេញ​ជា​បរិសុទ្ធ​ដោយ​ព្រះអង្គសង្គ្រោះ ដែល​បាន​យក​ឈ្នះ​លើ​រឿង​គ្រប់យ៉ាង និង​ដោយព្រះគុណទ្រង់ នោះអ្នក​ក៏​នឹង​យកឈ្នះ​លើ​រឿង​គ្រប់​យ៉ាង​ផងដែរ ។

ការប្រគុំ​តន្ដ្រី​ថ្ងៃ​ត្រួសត្រាយ​ផ្លូវ​នា​រដូវក្ដៅ​ឆ្នាំ​មុន​ដោយ​ក្រុមចម្រៀង​រោងឧបោសថ និង​ក្រុមតន្ដ្រី​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ​បាន​បង្ហាញ​អ្នកចម្រៀង​ជនជាតិ​ណ័រវ៉េ​ដ៏​ប៉ិនប្រសប់​ខ្លាំង​ម្នាក់​ឈ្មោះ ស៊ីស៊ិល ។ អ្នកទស្សនា រួម​ទាំង​ខ្លួន​ខ្ញុំ​ដែរ បាន​ចាប់​ចិត្ត​យ៉ាងខ្លាំង​នឹង​ចម្រៀង​ប្រកប​ដោយ​គារវភាព​របស់​នាង​មួយ​បទ​ថា « ចូរ​បង្អង់ » ដែល​រំឭក​ដល់​បទគម្ពីរ​មកពី​ទំនុក​តម្កើង « ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ » ។២៦

ខ្ញុំ​សូម​ចាក់​វីដេអូ​ស៊ីស៊ិល​ច្រៀង​នៅ​ឱកាស​នោះ ហើយ​កាល​ក្មួយ​ស្ដាប់ ខ្ញុំ​សូម​ឲ្យ​ក្មួយ​សញ្ជឹងគិត​ពី​សារ​មួយ​ថា យើង​អាច​មាន​ទំនុកចិត្ត​យ៉ាង​ពេញលេញ​លើ​ព្រះ និង​លើ​ក្ដី​ស្រឡាញ់ និង​ព្រះទ័យ​ដ៏​មហិមា​របស់​ទ្រង់ ដែល​ចង់​ប្រទាន​ពរ និង​គាំទ្រ​យើង​ឲ្យ​ទទួល​អ្វី​ដែល​នឹង​កើត​មាន ។ ហើយ​សូម​ពិចារណា​ពី​ភាពពិសិដ្ឋ​ក្នុង​ការប្ដេជ្ញា​ជីវិត​ក្មួយ និង​ខ្លួន​ក្មួយ​លើ​ទ្រង់ ឲ្យ​ទទួល​អ្វី​ដែល​នឹង​កើត​មាន ។

ពេល​ខ្ញុំ​កំពុង​ច្របូកច្របល់

ក្នុង​ពេល​ដែល​ត្រូវការ​យ៉ាងខ្លាំង

ពេល​ខ្ញុំ​គិត​ពុំបាន​ច្បាស់លាស់

ព្រះបន្ទូល​ទេវតា​បាន​ទូលអង្វរ​ជួស

ឈប់សិន ឈប់សិន នៅ​ឲ្យ​ស្ងៀម

នៅ​ឲ្យ​ស្ងៀម ហើយ​ចាំ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់

ឈប់សិន ហើយ​ស្តាប់​ព្រះបន្ទូល​ទ្រង់

ហើយដឹងថា ទ្រង់​គឺជា​ព្រះ

នៅក្នុង​ពេល​ដ៏​មាន​ទុក្ខលំបាក

ពេល​ខ្ញុំ​មាន​អារម្មណ៍​មិនច្បាស់

នៅពេល​រឿង​ទាំងឡាយ​កំពុង​កើតឡើង​ចំពោះ​ខ្ញុំ

ក៏​មាន​សំឡេង​តូច និង​ទន់ភ្លន់ បរិសុទ្ធ

ឈប់សិន ឈប់សិន នៅ​ឲ្យ​ស្ងៀម ឱ! កូន​របស់​ខ្ញុំ​អើយ

នៅ​ឲ្យ​ស្ងៀម ហើយ​ចាំ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់

ឈប់សិន ហើយ​ស្តាប់​ព្រះបន្ទូល​ទ្រង់

ហើយ ដឹងថា ទ្រង់​គឺជា​ព្រះ

ហើយ ដឹងថា ទ្រង់​គឺ​ជា​ព្រះ ២៧

បន្ថយ​ល្បឿន » ។ ចូរ​រៀបចំ​គំនិត​ និង​ដាក់​ចិត្ត​ក្មួយ​ថា ក្មួយ​ជ្រើសរើស​យក​ព្រះ ។ សូម​រក​ពេល​ស្ងប់ស្ងាត់ ពេល​ក្មួយ​អាច​លុត​ជង្គង់​ចុះ​នៅ​ទី​ឯកជន​មួយ ហើយ​ថ្លែង​ទៅ​ព្រះវរបិតាសួគ៌​ក្មួយ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ថា ក្មួយ​គឺជា​របស់​ផង​ទ្រង់ ថា​ក្មួយ​ប្ដេជ្ញាចិត្ត ទាំង​រូបកាយ និង​ព្រលឹង​ទៅ​ទ្រង់ ព្រះរាជបុត្រា​ទ្រង់ និង​ផ្លូវ​ដំណឹងល្អ​នេះ ។ រួច​ហើយ​ធ្វើតាម​ការដឹកនាំ​ទ្រង់ នា​ពេល​នេះ និង​ពេញ​មួយ​ជីវិត​របស់​ក្មួយ ។ សូម​កុំ​ស្ទាក់ស្ទើរ ឬ​មិន​ហ៊ាន​ទៀត​ឡើយ ប៉ុន្ដែ​សូម​បន្ដ​ដោយ​មាន​បំណង និង​បេសកមម្ម​ក្នុង​ជីវិត​របស់​ក្មួយ ។ ជីវិត​រមែង​ស្លាប់​គឺ​ខ្លី​ណាស់ ។ សូម​ធ្វើ​ឲ្យ​ពេលវេលា​នេះ​មាន​តម្លៃ ដើម្បី​ឲ្យ​ភាពអស់កល្ប​របស់​ក្មួយ​ក្លាយ​ជា​ក្ដី​អំណរ​មួយ មិន​មែន​ជា​វិប្បដិសារី​ឡើយ ។ តើ​ក្មួយ​មិនមាន​អារម្មណ៍​ថា ព្រះវិញ្ញាណ​កំពុង​ប្រាប់​ក្មួយ​ថា ការណ៍​នេះ​ត្រឹមត្រូវ​ទេ​ឬ ? ហើយ​សូម​ទៅមុខ​ដោយ​មាន​ទំនុកចិត្ត ។

ខ្ញុំ​សន្យា​នឹង​ក្មួយ​ថា រង្វាន់​របស់​ព្រះអម្ចាស់​សម្រាប់​ការផ្ដល់​របស់​ក្មួយ​ទាំងអស់​នឹង​ជា​អ្វី​ទាំងអស់ ដែល​ទ្រង់​មាន​ដើម្បី​ប្រទាន « វាល់​ឲ្យ​អ្នក​យ៉ាង​ល្អ ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ » ។28 ភាពពិត​នៃ​ការរស់​ឡើងវិញ​របស់​ទ្រង់​គឺជា​ភស្តុតាង​ថា ទ្រង់​មាន​អស់​ទាំង​ព្រះចេស្ដា ថា​ទ្រង់​អាច​ប្រទាន​អ្វី​ដែល​ទ្រង់​បាន​សន្យា ហើយ​ថា​ទ្រង់​នឹង​ប្រទាន ។ ទ្រង់​គឺជា​ជីវិត ហើយ​ទ្រង់​យាង​មក ដើម្បី​ឲ្យ​យើង​អាច​មាន​ជីវិត ហើយ « ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង » ។29 ខ្ញុំ​ប្រាប់​ក្មួយ​ក្នុង​នាម​ជា​មនុស្ស​ម្នាក់ ដែល​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះប្រោសលោះ​ដ៏​មាន​ព្រះជន្ម​រស់ ។ ការពិត​នោះ​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​ទាំងអស់​ក្នុង​ពិភពលោក​នេះ និង​ក្នុង​ភាពអស់កល្ប ។ ខ្ញុំ​សូម​ផ្ដល់​ពរជ័យ​របស់​ទ្រង់​ដល់​ក្មួយៗ និង​ថ្លែង​សាក្សី​ខ្ញុំ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។