Curriculum Training
ការបំពាក់បំប៉ន​ចំណេះចំណាន​ខាង​គោលលទ្ធិ


« ការបំពាក់បំប៉ន​ចំណេះចំណាន​ខាង​គោលលទ្ធិ » ការ​បំពាក់​បំប៉ន​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២២ )

« ការបំពាក់បំប៉ន​ចំណេះចំណាន​ខាង​គោលលទ្ធិ » ការ​បំពាក់​បំប៉ន​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា

រូបភាព
សិស្ស​កំពុង​សិក្សា

ការបំពាក់បំប៉ន​ចំណេះចំណាន​ខាង​គោលលទ្ធិ

សេចក្តី​ណែនាំ​ស្តីពី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

នៅ​ឆ្នាំ ២០១៦ ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​ណែនាំ​ពី​គោលបំណង​ដ៏​សំខាន់​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ នៅក្នុង​ជីវិត​របស់​យុវវ័យ​បច្ចុប្បន្ន​នេះ និង​តួនាទី​ដ៏​សំខាន់​ដែល​អ្នក​មាន ក្នុង​នាម​ជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​​ក្នុង​ការអនុវត្ត​វា ៖

រូបភាព
ប្រធាន អិម រ័សុល បាឡឺដ

គ្រាន់តែ​មួយ​ជំនាន់​កន្លង​ទៅ​ប៉ុណ្ណោះ ដែល​មនុស្ស​វ័យ​ក្មេង​របស់​យើង​អាច​ចូល​ទៅកាន់​ព័ត៌មាន​អំពី​ប្រវត្តិ គោលលទ្ធិ និង​ការ​អនុវត្ត​របស់​យើង ត្រូវ​បាន​កំណត់​ចំពោះ​តែ​ឯកសារ​បោះពុម្ព​ដោយ​សាសនាចក្រ​ប៉ុណ្ណោះ ។ សិស្ស​មួយ​ចំនួន​តូច​ជួប​នឹង​ឯកសារ​ដែល​មាន​ការបកស្រាយ​ផ្ទុយ​ពី​សាសនាចក្រ ។ ភាគច្រើន យុវវ័យ​របស់​យើង​បាន​រស់នៅ​ក្នុង​ជីវិត​មួយ​ដែល​មិន​មាន​បទពិសោធន៍ ។

កម្មវិធី​សិក្សា​របស់​យើង​នៅ​ពេល​នោះ ទោះជា​បង្កើត​ឡើង​ក្នុង​បំណងល្អ​ក្ដី ក៏​ពុំ​បាន​រៀបចំ​សិស្ស​សម្រាប់​បច្ចុប្បន្ន​នេះដែរ—នេះ​ជា​ជំនាន់​មួយ​ដែល​សិស្ស​អាច​ចូល​ទៅកាន់​អ្វីៗ​ដែល​ប្រកប​ដោយ​គុណធម៌​អំពី​សាសនាចក្រ​មកពី​គ្រប់​ស្ថានភាព​បាន​យ៉ាងងាយ ។ សព្វថ្ងៃនេះ អ្វី​ដែល​ពួកគេ​មើល​ឃើញ​នៅក្នុង​ឧបករណ៍​ចល័ត​របស់​ពួកគេ ទំនងជា​ឧបសគ្គ​ចំពោះ​សេចក្ដីជំនឿ​ច្រើន​ដូចជា​ការជំរុញ​ឲ្យ​មាន​សេចក្តីជំនឿ​ផងដែរ ។ …

ដោយ​ពិចារណា​ដល់​ឧបសគ្គ​ទាំងនេះ ថ្មីៗ​នេះ​គណៈកម្មការ​អប់រំ​បាន​អនុម័ត​ឲ្យ​មាន​គំនិត​ផ្ដួចផ្ដើម​មួយ​នៅក្នុង​ថ្នាក់​សិក្ខាសាលា​ដែល​ហៅថា ចំណេះចំណាន​ខាង​គោលលទ្ធិ ។ គំនិត​ផ្ដួចផ្ដើម​ថ្មី​នេះ​នឹង​ផ្ដោត​ទៅលើ​ការស្ថាបនា និង​ការពង្រឹង​សេចក្ដី​ជំនឿ​របស់​សិស្ស​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ពង្រឹង​ពួកគេ​តាមរយៈ​ការបង្កើន​សមត្ថភាព​ក្នុង​ការរស់នៅ និង​ការអនុវត្ត​ដំណឹងល្អ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ពេល​ប្រើ​បទគម្ពីរ និង​ពាក្យ​សម្ដី​របស់​ពួកព្យាការី ពួកគេ​នឹង​រៀន​អំពី​របៀប ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ​ទៅលើ​ព្រះគ្រីស្ទ ដើម្បី​ទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ និង​ការ​យល់ដឹង​អំពី​ដំណឹងល្អ​របស់​ទ្រង់ ។ ហើយ​ពួកគេ​នឹង​មាន​ឱកាស​ដើម្បី​រៀន​អំពី​របៀប​អនុវត្ត​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ និង​គោលការណ៍នៃ​ដំណឹងល្អ​ចំពោះ​សំណួរ និង​ឧបសគ្គ​នានា​ដែល​ពួកគេ​ស្ដាប់​ឮ និង​មើល​ឃើញ​ជា​រៀង​រាល់ថ្ងៃ​នៅក្នុង​ចំណោម​មិត្តភក្ដិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

គំនិត​ផ្តួចផ្តើម​នេះ​គឺ​ត្រូវបាន​បំផុស​គំនិត និង​ចំ​ពេលវេលា ។ វា​នឹង​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​លើ​យុវវ័យ​របស់​យើង ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភាពជោគជ័យ​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ភាពជោគជ័យ​នៃ​កម្មវិធី​ផ្សេងៗ​ទាំងអស់​នៃ​ការសិក្សា​នៅ​ក្នុង​ប្រព័ន្ធ ស៊ី.អ៊ី.អេស. នឹង​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​អ្នករាល់​គ្នា​ក្នុង​វិសាលភាព​ដ៏​ធំ​មួយ ។ ( អិម រ័សុល បាឡឺដ « The Opportunities and Responsibilities of CES Teachers in the 21st Century » [ ជំនួប​ជាមួយ​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃ​ទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ ] broadcasts.ChurchofJesusChrist.org)

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​មក​ពី​ការចែកចាយ​របស់ ប្រធាន​បាឡឺដ ?

  • ហេតុអ្វី​អ្នក​គិត​ថា យុវវ័យ​បច្ចុប្បន្ន​នេះ​ត្រូវតែ​រៀបចំ​ខ្លួន តាមរបៀប​ផ្សេង​ពី​ជំនាន់​មុនៗ ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ ?

ចំណេះចំណាន​ខាង​គោលលទ្ធិ​នៅ​ក្នុង​កម្មវិធី​សិក្សា

នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន បទពិសោធន៍​នៃ​ការរៀនសូត្រ ចំណេះចំណាន​ខាង​គោលលទ្ធិ ត្រូវបាន​ដាក់​បញ្ចូល​រៀងរាល់​សប្តាហ៍ ដើម្បី​ជួយ​សិស្ស​ឲ្យ​សម្រេច​បាន​លទ្ធផល​នៃ​ចំណេះចំណាន​ខាង​គោល​លទ្ធិ ។ លទ្ធផល​ទាំងនេះ​រួម​មាន​ការជួយ​សិស្ស

  • រៀន និង​អនុវត្ត​គោលការណ៍​ដ៏ទេវភាព​ទាំងឡាយ​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ និង

  • ធ្វើ​ចំណេះចំណាន​លើ​វគ្គ​បទគម្ពីរ​ទាំងឡាយ​ដែល​បាន​ជ្រើសរើស និង​គោលលទ្ធិ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​វគ្គ​បទគម្ពីរ​នោះ​បង្រៀន ។

តាមរយៈ​ការធ្វើ​ចំណេះចំណាន​នូវ​វគ្គ​បទគម្ពីរ​ដែល​បាន​ជ្រើសរើស និង​គោលលទ្ធិ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ពួកគេ​បង្រៀន នោះ​សិស្ស​អាច

  • ស្គាល់ ហើយ​យល់​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទាំងនេះ 

  • ពន្យល់​គោលលទ្ធិ​ឲ្យ​បាន​ច្បាស់ៗ ដោយ​ប្រើ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ដែល​ទាក់ទង​នានា 

  • អនុវត្ត​តាម​គោលលទ្ធិ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលការណ៍​ទាំងឡាយ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​នៅក្នុង​ការជ្រើសរើស​ប្រចាំ​ថ្ងៃ​របស់​ពួកគេ និង​ក្នុង​ការឆ្លើយតប​ចំពោះ​សំណួរ និង​បញ្ហា​ផ្ទាល់ខ្លួន​របស់​ពួកគេ ខាង​គោលលទ្ធិ ខាង​សង្គម និង​ខាង​ប្រវត្តិសាស្ត្រ​នានា និង​សំណួរ​នានា រួមទាំង

  • ចងចាំ ហើយ​ស្គាល់​ទីតាំង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ហើយ​ទន្ទេញ​ចាំ​ឃ្លា​បទគម្ពីរ​គន្លឹះ​ទាំងឡាយ ។

មេរៀន « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ »

អ្នក​អាច​ណែនាំ​សិស្ស​អំពី​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ តាមរយៈ​ការបង្រៀន « ការ​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ » ផ្នែក ១, ២ និង ៣ ។ សូម​ប្រាកដ​ថា បង្រៀន​មេរៀន​នីមួយៗ​ទាំងនេះ នៅពេល​ថ្នាក់​សិក្ខាសាលា​កំពុង​ដំណើរ​ការ​នៅជិត​ដើម​ឆ្នាំ​សិក្សា​នៅ​សាលា​រៀន ។ មេរៀន​ទាំង​នេះ​ផ្តល់​គោលការណ៍​ជា​មូលដ្ឋាន​គ្រឹះ ដែល​មេរៀន​ចំណេះចំណាន​ខាង​គោលលទ្ធិ​ផ្សេង​ទៀត​នឹង​ផ្អែកទៅលើ ។ មេរៀន​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ គួរតែ​ត្រូវបាន​បង្រៀន​រៀងរាល់​ឆ្នាំ​នៃ​ថ្នាក់​សិក្ខាសាលា ។ ផ្នែក​នីមួយៗ​ណែនាំ​សិស្ស​អំពី​គោលការណ៍​មួយ​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

  • ផ្នែក​ទី ១ ៖ ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ

  • ផ្នែក​ទី ២ ៖ ពិនិត្យ​មើល​សំណួរ ឬ​ក្តីបារម្ភ​នានា​ដោយ​មាន​ទស្សនវិស័យ​ដ៏អស់កល្ប​មួយ

  • ផ្នែក​ទី ៣ ៖ ការស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព

មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ

មាន​មេរៀន​ចំនួន​ពីរ​ដែល​ទាក់ទង​ជាមួយ​នឹង វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នីមួយៗ គឺ​មេរៀន​បរិបទ និង​មេរៀន​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ លទ្ធផល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ត្រូវបាន​ថ្លែង​ឡើង​ជាមួយ​គ្នា​នៅ​ក្នុង​មេរៀន​ទាំង​ពីរ​នេះ ។

នៅក្នុង​មេរៀន​បរិបទ វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ត្រូវបាន​ណែនាំ​នៅក្នុង​បរិបទ​នៃ​បណ្តុំ​បទគម្ពីរ ។ សិស្ស​គួរតែ​ចំណាយ​ពេល​វេលា​គ្រប់គ្រាន់​ក្នុង​ការសិក្សា​គោលលទ្ធិ​ដែល​វគ្គ​បទគម្ពីរ​នោះ​បង្រៀន ដើម្បី​ពួកគេ​ចេះ និង​យល់​ពី​គោលលទ្ធិ​នោះ ។ ការណ៍​នេះ​ជួយ​រៀបចំ​សិស្ស​ឲ្យ​ពន្យល់ និង​ប្រើ​ប្រាស់​គោលលទ្ធិ​នៅ​ក្នុង​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​បន្ទាប់ ។

រូបភាព
chart of contextual lesson and doctrinal mastery passage lesson

នៅក្នុង​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ សិស្ស​នឹង​មាន​ឱកាស​ពន្យល់​គោលលទ្ធិ ដោយ​ប្រើ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ចាប់ផ្តើម​ទន្ទេញ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។ អ្នកក៏​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ទន្ទេញ​វគ្គ​បទគម្ពីរ​ទាំង​អស់​ផងដែរ ។ ការជួយ​សិស្ស​ពន្យល់​គោលលទ្ធិ និង​ទន្ទេញ​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​គឺ​ជា​លទ្ធផល​ដ៏​សំខាន់​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សកម្មភាព​សិក្សា​ទាំង​នេះ​មិន​ចាំបាច់​ត្រូវការ​ពេលវេលា​ច្រើន​នោះ​ទេ ប៉ុន្តែ​វា​សំខាន់​ថា វា​ត្រូវបាន​ដាក់​ជា​អាទិភាព ។

គួរតែ​ចំណាយ​ពេល​ភាគច្រើន​លើ​វគ្គ « រៀន​អនុវត្ត » នៅក្នុង​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ វគ្គ​រៀន​អនុវត្ត​នីមួយៗ​ចាប់ផ្តើម​ជាមួយ​នឹង​ឱកាស​ឲ្យ​សិស្ស​ពិនិត្យ​មើល​ឡើងវិញ​នូវ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។ សិស្ស​គួរតែ​ពិនិត្យ​មើល​គោលការណ៍​ទាំង​នេះ​ឲ្យ​បាន​ទៀងទាត់ ដើម្បី​ពួកគេ​មាន​ទំនុក​ចិត្ត​ប្រើ​ប្រាស់​គោលការណ៍​ទាំង​នោះ ។ សូម​ប្រយ័ត្ន​កុំ​ស្មាន​ថា ដោយសារ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ចេះ​គោលការណ៍​នេះ​បាន​ល្អ នោះ​សិស្ស​ទាំងអស់​របស់​អ្នក​ចេះ​គោលការណ៍​ទាំង​នោះ​ឲ្យ​សោះ ។

បន្ទាប់​ពី​ពិនិត្យ​មើល​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​រួច នោះ​សិស្ស​នឹង​ត្រូវបាន​ប្រាប់​នូវ​សាច់រឿង​មួយ​ដែល​បង្ហាញ​សំណួរ ឬ​ស្ថានភាព​មួយ​ដែល ការយល់​ដឹង​ត្រឹមត្រូវ​អំពី​គោលលទ្ធិ​ពិត​អាច​ជួយ​បាន ។ សិស្ស​អាច​អនុវត្ត​ដោយ​ប្រើ​គោលលទ្ធិ ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណួរ ឬ​ស្ថានភាព​នានា ។

អ្នក​អាច​កែសម្រួល​សាច់រឿង​នោះ និង​សំណួរ​ដែល​បាន​ផ្តល់​ឲ្យ ឬ​សកម្មភាព​រៀនសូត្រ​ផ្សេងៗ​ទៀត​តាម​ការចាំបាច់ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​សិស្ស​បាន​កាន់តែ​ប្រសើរ​ឡើង ។ សូម​ប្រាកដ​ថា ការកែសម្រួល​ទាំង​នោះ​នៅតែ​ផ្តល់​ឱកាស​ដល់​សិស្ស​ដើម្បី​អនុវត្ត​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ក្នុង​ស្ថានភាព​ជាក់ស្តែង​មួយ ។

អ្នក​ក៏​នឹង​សម្គាល់​ឃើញ​ថា នៅ​ចុង​បញ្ចប់​នៃ​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នីមួយៗ គឺ​ជា​ការរំឭក​ដែល​បាន​ផ្តល់​ឲ្យ ដើម្បី​ធ្វើ​នៅក្នុង​ថ្នាក់​រៀន​នៅ​ពេល​ពីរបី​ថ្ងៃ​ក្រោយ​មក​ទៀត ។ សកម្មភាព​រំឭក​ទាំង​នេះ​ត្រូវបាន​រៀបចំ​ឡើង ដើម្បី​ជួយ​សិស្ស​ទន្ទេញ​ចាំ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នីមួយៗ ។

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ

បណ្តុំ​បទគម្ពីរ​មួយ​ចំនួន​ប្រចាំ​សប្តាហ៍​នៅក្នុង​ល្បឿន​បង្រៀន​ក្នុង ចូរ​មក​តាម​ខ្ញុំ មិន​បាន​ដាក់​បញ្ចូល​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទេ ។ ដើម្បី​ផ្តល់​បទពិសោធន៍​ចំណេះចំណាន​ខាង​គោលលទ្ធិ​ប្រចាំ​សប្តាហ៍​ដល់​សិស្ស សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន សៀវភៅ​សិក្សា​សម្រាប់​សិស្ស និង​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា​អន​ឡាញ ដាក់​បញ្ចូល​នូវ​ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ជា​មេរៀន​មួយ​ក្នុង​ចំណោម​មេរៀន​ទាំង​ប្រាំ​នៅក្នុង​សប្តាហ៍​ទាំង​នោះ ។ មេរៀន​ទាំង​នេះ​ត្រូវបាន​រៀបចំ​ឡើង ដើម្បី​ជួយ​សិស្ស​ទន្ទេញ​ចាំ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ យល់​ពី​គោលលទ្ធិ ហើយ​អនុវត្ត​គោលលទ្ធិ​នោះ ។

ប្រសិនបើ​មាន​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដែល​សិស្ស​បាន​ខកខាន ឬ​និង​ខកខាន ដោយសារ​តែ​ការឈប់​សម្រាក​នៅ​ក្នុង​កាលវិភាគ​សាលា​រៀន​របស់​ពួកគេ នោះ​អ្នក​គួរតែ​បង្រៀន​មេរៀន​ចំណេះចំណាន​ខាង​គោលលទ្ធិ​ជំនួសឲ្យ​ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ មេរៀន​បរិបទ​ដែល​ទាក់ទង​ជាមួយ​មេរៀន​ចំណេះចំណាន​ខាង​គោលលទ្ធិ ក៏​នឹង​ត្រូវ​ប្តូរ​ទៅ​ជំនួស​មេរៀន​មួយ​ផ្សេង​ទៀត​នៅក្នុង​អំឡុង​សប្តាហ៍​នោះ ។ សូម​មើល​ការណែនាំ​អំពី​ល្បឿន​បង្រៀន​ក្នុង​មូលដ្ឋាន ដែល​បាន​ផ្តល់​ឲ្យ​ដោយ​អ្នក​សម្របសម្រួល ឬ​អ្នក​គ្រប់គ្រង​កម្មវិធី​របស់អ្នក ដើម្បី​មើល​ថា តើ​ពេល​ណា​អ្នក​គួរតែ​បង្រៀន​មេរៀន​ចំណេះចំណាន​ខាង​គោលលទ្ធិ ដែល​សិស្ស​ខកខាន​ដោយសារ​តែ​កាលវិភាគ​សាលារៀន​របស់​ពួកគេ ។

ជំនាញ​ដើម្បី​បង្រៀន​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ដោយ​មាន​ប្រសិទ្ធភាព

ការបំពាក់បំប៉ន​ខាង​ក្រោម​នេះ​បង្រៀន​ពី​ជំនាញ​នានា ដែល​អាច​ជួយ​សិស្ស​ឲ្យ​សម្រេច​បាន​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ ការបំពាក់បំប៉ន​នីមួយៗ ( ១ ) ស្វែងរក និង​កំណត់​អត្ថន័យ​ជំនាញ​នោះ ( ២ ) ផ្ដល់​គំរូ និង​ការអនុវត្ត​ពី​របៀប​ដើម្បី​ប្រើប្រាស់​ជំនាញ​នោះ ( ៣ ) បញ្ចូល​នូវ​ឱកាស​មួយ​ដើម្បី​ឆ្លុះ​បញ្ចាំង ដោយ​ការវិភាគ​ជំនាញ​នោះ ហើយ ( ៤ ) ផ្ដល់​ការអញ្ជើញ​ឲ្យ​បញ្ចូល​ជំនាញ​ក្នុង​ការបង្រៀន​របស់​អ្នក ។

សូម​ពន្យល់​អំពី​មូលហេតុ​សម្រាប់​សកម្មភាព​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។

កំណត់​អត្ថន័យ ៖

ការចែកចាយ​មូលហេតុ​ក្នុង​ការធ្វើ​សកម្មភាព​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ អាច​ជំរុញ​ទឹកចិត្ត​សិស្ស​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព ។ វា​ក៏​អាច​អនុញ្ញាតឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​ពួកគេ​អំពី​សារៈសំខាន់​នៃ​សកម្មភាព​នោះ​ផងដែរ ។ បន្ទាប់​ពី​អ្នក​ថ្លែង​ពី​អ្វី​ដែល​ថ្នាក់​នឹង​ធ្វើ សូម​ចែកចាយ​មូលហេតុ​មួយ ឬ​ពីរ​ថា​ហេតុអ្វី​អ្នក​ធ្វើ​សកម្មភាព​នោះ ដើម្បី​ឲ្យ​សិស្ស​អាច​យល់​ពី​តម្លៃ​នៃ​ការធ្វើ​វា ។

គំរូ ៖

« ប្អូនៗ យើង​នឹង​ប្រើ​ពេល​ពីរបី​នាទី​ពន្យល់​ពី​គោលលទ្ធិ​ដែល​យើង​រៀន​ចេញ​ពី លូកា ២:១០–១២ ថា​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។ មូលហេតុ​មួយ​ដែល​យើង​ធ្វើ​ការណ៍​នេះ គឺ​ដើម្បី​ជួយ​យើង​ឲ្យ​មាន​លទ្ធភាព​ឆ្លើយតប​ដោយមាន​ទំនុកចិត្ត ប្រសិន​បើ​នរណា​ម្នាក់​សួរ​យើង​ថា​ហេតុអ្វី​បាន​ជា​ព្រះយេស៊ូវ​គ្រីស្ទ​សំខាន់​ចំពោះ​យើង » ។

អនុវត្ត ៖

សូម​បំពេញ​តាម​ការបំផុស​ខាងក្រោម​នេះ ។

  1. « មែនហើយ ប្អូនៗ ។ ចូរ​យើង​ធ្វើ​សកម្មភាព​មួយ ដែល​នឹង​ជួយ​យើង​ទន្ទេញ​ចាំបទ​គម្ពីរ​យោង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិជាមួយ​នឹង​ឃ្លា​គន្លឹះ ។ មូលហេតុ​មួយ​ដែល​យើង​ខិតខំ​ទន្ទេញ​វា​គឺ … »

  2. « សម្រាប់​រយៈពេល​ពីរ​បី​នាទី​នេះ យើង​នឹង​រំឭក​ឡើងវិញ​នូវ​គោលការណ៍​នៃការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។ ការដឹង​ពី​គោលការណ៍​ទាំងនេះ​អាច​ជួយ​យើង​ឲ្យ … »

  3. « យើង​នឹង​អនុវត្ត​ការប្រើប្រាស់​គោលការណ៍​ទាំង​បី​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។ ការប្រើប្រាស់​គោលការណ៍​ទាំងនេះ​អាច … »

វិភាគ ៖

តើ​អ្នក​កំពុង​រៀន​ពី​អ្វី កាលដែល​អ្នក​អនុវត្ត​ការពន្យល់​អំពី​មូលហេតុ​សម្រាប់​ការធ្វើ​សកម្មភាព​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ?

រួមបញ្ចូល ៖

កាលដែល​អ្នក​រៀបចំ​សកម្មភាព​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ សូម​សរសេរ​យ៉ាងហោចណាស់​មូលហេតុ​មួយ ដែល​មាន​តម្លៃ​ចំពោះ​សិស្ស ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ឡើងវិញ​នូវ​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

កំណត់​អត្ថន័យ ៖

កាល​ដែល​អ្នក​រំឭក​ឡើងវិញ​ជា​ទៀតទាត់​នូវ​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ជាមួយ​នឹង​ថ្នាក់​របស់​អ្នក នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​សិស្ស​ឲ្យ​ចងចាំ ហើយ​ប្រើប្រាស់​វា​ក្នុង​ពេល​ដែល​ត្រូវការ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​គោលការណ៍​ទាំងនេះ​មុន​នឹង​អ្នក​ចែកចាយ​សាច់រឿង ឬ​ខណៈ​ពេល​ដែល​ពួកគេ​កំពុង​ធ្វើ​តាម​សាច់រឿង​ទាំងនេះ ។ ការអញ្ជើញ​ទាំងនេះ​បញ្ចូល​ឱកាស​សម្រាប់​សិស្ស​ឲ្យ​រំឭក​ឡើងវិញ​យ៉ាង​ហោច​ណាស់​គោលការណ៍​មួយ សេចក្ដីណែនាំ​ថា​ពួកគេ​គួរតែ​ចំណាយ​ពេល​ប៉ុណ្ណា​ដើម្បី​រំឭក​គោលការណ៍​នោះ និង​ឱកាស​មួយ​ដើម្បី​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ ដោយ​ការធ្វើ​ដូច្នេះ សិស្ស​នឹង​អាច​ប្រើប្រាស់​គោលការណ៍​ទាំងនេះ​បាន​កាន់តែ​ប្រសើរ ជា​ផ្នែក​នៃ​ការរៀន​អនុវត្ត ។

គំរូ ៖

ថ្ងៃ​នេះ ពេល​ដែល​យើង​រំឭក​ឡើង​វិញ​នូវ​គោលការណ៍​នៃ​ការទទួល​បានចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០១៨ ) នោះ​យើង​នឹង​បំបែក​ទៅ​ជា​ក្រុម​ដែល​មាន​គ្នា​បីនាក់ ។ ក្រុម​នីមួយៗ​នឹង​រំឭក​គោលការណ៍​មួយ​ខុសៗ​គ្នា ។

ចំណាយ​ពេល​បី​ទៅ​បួន​នាទី​ដើម្បី​អាន និង​រៀបចំ​ដើម្បី​ចែកចាយ​ជាមួយ​នឹង​ក្រុម​របស់​អ្នក​នូវ​របៀប​មួយ​ដែល​គោលការណ៍​របស់​អ្នក​អាច​ជួយ​នរណា​ម្នាក់​ដែល​កំពុង​ប្រឈម​នឹង​សំណួរ ឬ​ស្ថានភាព​លំបាក​មួយ ។

អនុវត្ត ៖

  1. សូម​សរសេរ​ការអញ្ជើញ​មួយ​សម្រាប់​សិស្ស​ម្នាក់​ឲ្យ​រំឭក​ឡើងវិញ​នូវ​គោលការណ៍​នៃការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។

  2. អនុវត្ត​ផ្ដល់​ការអញ្ជើញ​របស់​អ្នក​ទៅកាន់​អ្នក​រួមការងារ សមាជិក​គ្រួសារ ឬ​មិត្តភក្ដិ​ម្នាក់ ។

វិភាគ ៖

ពេល​ដែល​អ្នក​អនុវត្ត តើ​អ្វី​ដែល​អ្នក​កំពុង​រៀន​អំពី​សារៈសំខាន់​នៃ​ការផ្ដល់​ការអញ្ជើញ​ដ៏​ច្បាស់លាស់ និង​ដោយ​ចេតនា ឲ្យ​រំឭក​គោលការណ៍​ទាំងឡាយ​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាងវិញ្ញាណ ?

រួមបញ្ចូល ៖

សូម​សរសេរ​ផែនការ​មួយ ដើម្បី​អញ្ជើញ​សិស្ស​យ៉ាង​ខ្ជាប់ខ្ជួន​ឲ្យ​រំឭក​ឡើងវិញ​នូវ​គោលការណ៍​នៃការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។

សួរ​សំណួរ​ទាំងឡាយ​ដែល​ជួយ​សិស្ស​ឲ្យ​និយាយ​ចេញ​មក ពី​របៀប​ដែល​គោលការណ៍​នៃការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​អាច​ជួយ​នរណា​ម្នាក់​ដែល​កំពុង​ប្រឈម​នឹង​សំណួរ ឬ​ស្ថានភាព​លំបាក​មួយ ។

កំណត់​អត្ថន័យ ៖

បន្ទាប់​ពី​សិស្ស​រំឭក​គោលការណ៍​នៃការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ និង​អាន​សាច់រឿង​អនុវត្ត​ហើយ សូម​សួរ​ពួកគេ​នូវ​សំណួរ​ទាំងឡាយ​ដែល​អញ្ជើញ​ពួកគេ​និយាយ​ចេញ​មក​ថា គោលការណ៍​អ្វី​ខ្លះ​ដែល​អាច​ជួយ​បាន​នៅក្នុង​សាច់រឿង​នោះ ។ សំណួរ​របស់​អ្នក​គួរតែ ៖

  1. សំណួរ​បើក ។

  2. ជួយ​សិស្ស​លើកឡើង​នូវ​គោលការណ៍​ទាំង​បី​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។

  3. អនុញ្ញាត​ឲ្យ​សិស្ស​បង្ហាញ​ពី​អ្វី​ដែល​ពួកគេ​គិត និង​មាន​អារម្មណ៍ ។

ពេល​ដែល​សិស្ស​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ ពួកគេ​នឹង​រៀបចំ​កាន់តែ​ប្រសើរ​ឡើង ដើម្បី​ប្រឈម​នឹង​សំណួរ និង​ស្ថានភាព​ទាំងឡាយ​នៅក្នុង​ជីវិត​របស់​ពួកគេ ដោយ​សេចក្ដី​ជំនឿ ។

គំរូ ៖

សូម​ចងចាំ​ថា សិស្ស​បាន​រំឭក​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​រួចហើយ ហើយ​បាន​សិក្សា​សាច់រឿង​នោះ​ផងដែរ ។

  • តើ​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ណា​ដែល​នឹង​ជួយ​អ្នក​ក្នុង​សាច់រឿង​នេះ ហើយ​មូលហេតុ​អ្វី ?

  • តើ​គោលការណ៍​នោះ​អាច​ជួយ​អ្នក​យ៉ាង​ដូចម្តេច នៅពេល​អ្នក​ប្រឈម​នឹង​សំណួរ​មួយ​នៅក្នុង​សាច់រឿង​នេះ ?

  • តើ​អ្នក​គិត​ថា គោលការណ៍​នេះ​មាន​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច​ទៀត ?

  • តើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​មួយ​ផ្សេង​ទៀត អាច​មាន​ប្រយោជន៍​នៅក្នុង​សាច់រឿង​នេះ​យ៉ាង​ដូចម្តេច ?

អនុវត្ត ៖

សូម​ចងចាំ​ថា សិស្ស​បាន​រំឭក​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​រួចហើយ ហើយ​បាន​សិក្សា​សាច់រឿង​នោះ​ផងដែរ ។

  1. សូម​បំពេញ​សកម្មភាព​ខាងក្រោម​ជាមួយ​មនុស្ស​ម្នាក់​ផ្សេង​ទៀត ។ អ្នក​គឺ​ជា​គ្រូបង្រៀន ហើយ​មនុស្ស​ម្នាក់​ទៀត​គឺ​ជា​សិស្ស​របស់​អ្នក ។ សិស្ស​របស់​អ្នក​ទើបតែ​បាន​បញ្ចប់​ការអាន និង​ការពិចារណា​សាច់រឿង​ខាងក្រោម​នេះ ។ សូម​សួរ​សិស្ស​នូវ​សំណួរ​ទាំងឡាយ​នៅក្នុង​គំរូ ហើយ​អនុញ្ញាត​ឲ្យ​គាត់​ឆ្លើយ ។

    មិត្តភក្តិ​របស់​អ្នក​ម្នាក់​ពុំមែន​ជា​អ្នក​មាន​ជំនឿ​លើ​សាសនា​នោះទេ ថ្មីៗ​នេះ​គាត់​បាន​ឃើញ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​មួយ​គូ​កំពុង​និយាយ​ជាមួយ​មនុស្សម្នា​នៅ​ឯ​សួនច្បារ ។ មិត្ដ​របស់​អ្នក​សួរអ្នក​ថា « ហេតុអ្វី​បាន​ជា​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ពី​ព្រះវិហារ​របស់​ឯង ចេញ​ទៅ​ផ្សព្វផ្សាយ​អំពី​ព្រះយេស៊ូវ ? វា​ហាក់ដូចជា​ព្រះវិហារ​របស់​ឯង​កំពុងតែ​បង្ខិតបង្ខំ​មនុស្ស​ផ្សេង​ឲ្យ​ជឿ​ដូច​ពួកគេ​ដូច្នោះ​ដែរ ។ ហេតុអ្វី​ឯង​មិន​ទុក​ឲ្យ​មនុស្ស​ទាំងនោះ​រីករាយ​តាមជីវិត​រស់នៅ​របស់​ពួកគេ​ទៅ ? »

  2. សូម​ចំណាយ​ពេល​ប្រាំ​នាទី ហើយ​សរសេរ​សំណួរ​បន្ថែម​ទៀត ដែល​អ្នក​អាច​សួរ ដើម្បី​ជួយ​សិស្ស​ឲ្យ​និយាយ​ចេញ​មក ពី​របៀប​ដែល​គោលការណ៍​នៃការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​អាច​ជួយ​ពួកគេ និង​មនុស្ស​ផ្សេង​ទៀត​ដែល​មាន​សំណួរ ឬ​ស្ថានភាព​លំបាក ។

វិភាគ ៖

តើ​មានអ្វី​ដែល​អាច​កើត​ឡើង​នៅក្នុង​ជីវិត​របស់​សិស្ស កាលដែល​ពួកគេ​និយាយ​ចេញ​មក ពី​របៀប​ដែល​គោលការណ៍​នៃការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​អាច​ជួយ​ពួកគេ និង​មនុស្ស​ផ្សេង​ទៀត ពេល​ដែល​កំពុង​ប្រឈម​នឹង​សំណួរ ឬ​ស្ថានភាព​លំបាក​មួយ ?

រួមបញ្ចូល ៖

តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​សិស្ស​ឲ្យ​និយាយ​ចេញ​មក ពី​របៀប​ដែល​គោលការណ៍​នៃការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​អាច​ជួយ​ពួកគេ និង​មនុស្ស​ផ្សេងទៀត ពេល​ដែល​កំពុង​ប្រឈម​នឹង​សំណួរ ឬ​ស្ថានភាព​លំបាក​មួយ ។

សេចក្ដី​បញ្ចប់

សូម​ស្រមៃ​ពី​របៀប​ដែល​សិស្ស​របស់​អ្នក​អាច​ដោះស្រាយ​សំណួរ ឬ​កង្វល់​នានា ក្រោយ​ពី​ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​រយៈពេល​បួន​ឆ្នាំ ។ នៅពេល​ចាប់ផ្តើម សិស្ស​ត្រូវការ​ជំនួយ និង​ការជួយ​ជ្រោមជ្រែង​បន្ថែម​ពី​អ្នក ក្នុង​នាម​ជា​គ្រូបង្រៀន ដើម្បី​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ និង​គោលលទ្ធិ​ទៅ​ក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ នៅពេល​អ្នក​បន្ត​អនុវត្ត​ ចំណេះចំណាន​ខាង​គោលលទ្ធិ​នៅ​ក្នុង​ថ្នាក់​របស់​អ្នក ហើយ​ផ្តល់​ឱកាស​ជា​ទៀងទាត់​ដល់​សិស្ស​ឲ្យអនុវត្ត នោះ​ការអនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ និង​គោលលទ្ធិ ​នឹង​ប្រែជា​អ្វី​មួយ​ដែល​សិស្ស​ធ្វើ​ដូច​ធម្មតា​ដោយ​ឯកឯង ។ នេះ​ជា​របៀប​មួយ​ដែល​អ្នក​អាច​ជួយ​សិស្ស​របស់​អ្នក ស្ថាបនា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​របស់​ពួកគេ​នៅលើ​សិលា​នៃ ព្រះយេស៊ូវគ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់ ។ សូម​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​អាច​ធ្វើ​ទៅបាន ដើម្បី​ជួយ​សិស្ស​របស់​អ្នក​សម្រេច​បាន​លទ្ធផល​នៃ​ចំណេះចំណាន​ខាង​គោល​លទ្ធិ ។

ករណីសិក្សា

បទពិសោធន៍​របស់​ហាន់ណា ជាមួយ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​របៀប​ដែល​វា​ផ្តល់​ពរ​ដល់​ជីវិត​របស់​នាង

ហាន់​ណា​គឺ​ជា​សិស្ស​ថ្នាក់​សិក្ខា​សាលា​រៀន​ឆ្នាំ​ទី​មួយ ។ អំឡុង​ពេល​រៀន​មេរៀន​មួយ​នៃ​មេរៀន​ដំបូងៗ​ក្នុង​ឆ្នាំ​សិក្សា​នោះ នាង​ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ នៅ​ល្ងាច​នោះ​ម្តាយ​របស់ ហាន់ណា បាន​សួរ​នាង​ថា « តើ​កូន​បាន​រៀន​អ្វី​ខ្លះ​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា​ថ្ងៃនេះ ? » ហាន់ណា បាន​តប​ថា « យើង​បាន​និយាយ​អំពី​ចំណេះចំណាន​ខាង​គោលលទ្ធិ » ។ បន្ទាប់​មក​ម្តាយ​របស់​នាង​បាន​សួរ​ថា « តើ​ចំណេះចំណាន​ខាង​គោលលទ្ធិ​គឺជា​អ្វី ? »

« ខ្ញុំ​មិន​ទាន់​ដឹង​ច្បាស់​ទេ ។ យើង​នឹង​រៀនពី​បទគម្ពីរ​ជាក់លាក់​មួយ​ចំនួន ។ យើង​និយាយ​អំពី​របៀប​នានា​ដើម្បី​រៀន​អំពី​សេចក្តីពិត​ខាង​វិញ្ញាណ ប៉ុន្តែ​ខ្ញុំ​ពុំអាច​ពន្យល់​ថា​ធ្វើ​ដូចម្តេច​បាន​ទេ » ។

អំឡុង​ពេល​មេរៀន​ដំបូង​នៃ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ នោះ​ថ្នាក់​រៀន​របស់ ហាន់ណា បាន​ចំណាយ​ពេល​ខ្លះ​ដើម្បី​រំឭក​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ នៅពេល​គ្រូបង្រៀន​របស់​នាង​បាន​សួរ​សិស្ស​ក្នុង​ថ្នាក់ ឲ្យ​សង្ខេប​គោលការណ៍​ទាំង​នេះ ហាន់ណា​មិន​ប្រាកដ​ចិត្តថា នាង​អាច​សង្ខេប​វា​បាន​ឬអត់​នោះទេ ។ នាង​មាន​អំណរគុណ​ណាស់ ពេល​មិត្ត​រួម​ថ្នាក់​ម្នាក់​របស់​នាង​ស្ម័គ្រ​ចិត្ត និង​ផ្តល់​ការសង្ខេប​ដ៏​ល្អ​មួយ​អំពី​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ ហាន់ណា​មាន​អារម្មណ៍​ថា ការសង្ខេប​របស់​មិត្ត​រួម​ថ្នាក់​របស់​នាង បាន​បង្កើន​ការយល់​ដឹង​របស់​នាង ។

នៅ​ចុងបញ្ចប់​ឆមាស ហាន់ណា​បាន​ប្រឡង​ការវាយ​តម្លៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ នាង​ត្រូវ​បានគេ​សុំ​ឲ្យ​សង្ខេប​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ និង​ចែកចាយ​អំពី​គ្រា​មួយ​ដែល​នាង​បាន​អនុវត្ត​គោលការណ៍​ទាំង​នោះ​នៅក្នុង​ជីវិត​របស់​នាង ។ នាង​ឥត​ភ័យ​បារម្ភ​ក្នុង​ការ​សង្ខេប​នោះ​ឡើយ ប៉ុន្តែ​នាង​មិន​អាច​នឹក​ឃើញ​ពី​គ្រា​មួយ​ដែល​នាង​បាន​ប្រើ​គោលការណ៍​ទាំង​នោះ ។ តាម​ពិត​ទៅ នាង​បាន​ដឹង​ថា​គោលការណ៍​ទាំង​នោះ​ជា​អ្វី ប៉ុន្តែ​នាង​មាន​អារម្មណ៍​ថា នាង​ត្រូវការ​អនុវត្ត​បន្ថែម​ទៀត ដើម្បី​អាច​ប្រើប្រាស់​គោលការណ៍​ទាំង​នោះ​នៅក្នុង​ជីវិត​នាង​ផ្ទាល់​បាន ។

ហាន់ណា​បាន​បន្ត​សិក្សា​វគ្គចំណេះចំណាន​ខាង​គោលលទ្ធិ​ជារៀងរាល់​សប្តាហ៍​នៅក្នុង​ថ្នាក់​សិក្ខាសាលា ។ នាង​ចូលចិត្ត​មេរៀន​ទាំង​នោះ ហើយ​ចូលចិត្ត​អនុវត្ត​តាម​​សាច់រឿង​ផ្សេងៗ ដែល​បាន​ជួយ​នាង​ឲ្យ​អនុវត្ត​ការប្រើប្រាស់​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ ទំនុក​ចិត្ត​របស់​នាង​លើ​សមត្ថភាព​របស់​ខ្លួន ដើម្បី​ដឹង និង​ពន្យល់​បទគម្ពីរ​បាន​កើន​ឡើង នៅពេល​នាង​បាន​ទន្ទេញ​សេចក្ដី​យោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​មួយចំនួន ។ លើស​ពី​នោះ​ទៀត នាង​ទទួល​អារម្មណ៍​នៃ​ការអះអាង​ដ៏​ទន់ភ្លន់​ថា ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​របស់​នាង​សព្វ​ព្រះទ័យ​នឹង​ការខិតខំ​របស់​នាង ដើម្បី​ទទួល​បាន​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ នាង​មាន​បំណង​ដើម្បី​បន្ត​ការរៀន​សូត្រ​នោះ ហើយ​ចំណាយ​ពេល​មួយ​ចំនួន​ដោយ​ខ្លួន​នាង​ផ្ទាល់​នៅ​ក្រៅ​ថ្នាក់​សិក្ខាសាលា ដើម្បី​ទន្ទេញ​វគ្គ​បទគម្ពីរ​ទាំង​នោះ​ដោយ​ប្រើ​កម្មវិធី​ចំណេះចំណាន​ខាង​គោលលទ្ធិ ។

អំឡុង​ពេល​ឆ្នាំទី​ពីរ​របស់​នាង​ក្នុង​ថ្នាក់​សិក្ខាសាលា ហាន់ណា​បាន​ចាប់ផ្តើម​យល់​គោលការណ៍​ទាំងឡាយ​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាងវិញ្ញាណ​កាន់តែ​ច្បាស់​ឡើង ។ នាង​កាន់តែ​គ្មាន​ការភ័យ​បារម្ភ​ក្នុង​ការ​ខិតខំ​រៀន​អនុវត្ត​សាច់រឿង​នានា ប៉ុន្តែ​នាង​នៅ​តែ​មិន​ប្រាកដ​ចិត្ត​ទាំង​ស្រុង​នៅ​ឡើយ ថា​នាង​អាច​ដោះស្រាយ​វា​ដោយ​ខ្លួន​នាង​បាន ។ នាង​មាន​អំណរគុណ​ដែល​បាន​ទទួល​ជំនួយ​ពី​គ្រូបង្រៀន និង​មិត្ត​រួមថ្នាក់​របស់​នាង ។ នាង​បាន​បន្ត​ទន្ទេញ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ ។ នាង​បាន​ចាប់ផ្តើម​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង ក្នុង​ការពន្យល់​គោលលទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​ទាំងនេះ ។ នៅពេល​វគ្គ​បទគម្ពីរ​ទាំង​នោះ​ត្រូវបាន​ពិភាក្សា នៅក្នុង​ការសិក្សា​ដំណឹងល្អ​ជា​គ្រួសារ នៅ​ព្រះវិហារ នោះ​ហាន់ណា​មាន​ទំនុក​ចិត្ត​ក្នុង​ការរួម​ចំណែក​ពិភាក្សា និង​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះអម្ចាស់​នៅពេល​នាង​បាន​ធ្វើ​ដូច្នេះ ។

នៅពេល​ហាន់ណា​បាន​សិក្សា​ចំណេះចំណាន​ខាង​គោលលទ្ធិ​អំឡុង​ឆ្នាំ​ទី​បី​នៃ​ថ្នាក់​សិក្ខាសាលា​របស់​នាង នោះ​នាង​បាន​ឃើញ​សមត្ថភាព​របស់​ខ្លួន ក្នុង​ការ​អនុវត្ត​គោលការណ៍​ទាំងឡាយ​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាងវិញ្ញាណ មាន​ការរីក​ចម្រើន​យ៉ាង​ខ្លាំង ។ នៅពេល​មនុស្ស​ស្គាល់​គ្នា​បាន​សួរ​សំណួរ​អំពី​សាសនាចក្រ នោះ​ហាន់ណា​បាន​ប្រព្រឹត្ត​ដោយ​សេចក្ដី​ជំនឿ តាមរយៈ​ការពឹងផ្អែក​លើ​អ្វី​ដែល​នាង​បាន​ដឹង និង​ស្រាវជ្រាវ​ព័ត៌មាន​បន្ថែម ដោយ​ប្រើ​ធនធាន​ដ៏ទេវភាព​នានា​ដែល​បាន​បង្កើត​ឡើង ។ នាង​នៅ​តែ​មាន​ការ​បារម្ភ​ក្នុង​ការដោះស្រាយ​សំណួរ និង​កង្វល់​ផ្សេងៗ ក្នុងការ​មើលឃើញបញ្ហា​ទាំងនោះ​ចេញ​ពី​ទស្សនវិស័យ​ដ៏​នៅ​អស់កល្ប ។ នាង​បាន​ដឹង​ច្បាស់​ថា នាង​ត្រូវការ​អនុវត្ត​ផ្នែក​នេះ​ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត ។

ហាន់ណា​ពិត​ជា​ចូលចិត្ត​មេរៀន​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៅក្នុង​អំឡុង​ឆ្នាំ​សិក្សា​ចុង​ក្រោយ​របស់​នាង​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលាណាស់ ។ នាង​មាន​អារម្មណ៍​ថា នាង​អាច​ជួយ​មិត្ត​រួមថ្នាក់​របស់​នាង​អនុវត្ត​ការប្រើប្រាស់​គោលការណ៍​ទាំងឡាយ​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាងវិញ្ញាណ ។ នាង​ចាំ​ពី​ការលំបាក​ដ៏​ខ្លាំង​ដែល​មាន​កាល​គ្រា​ដំបូង ហើយ​នាង​អន្ទះសា​ចង់​ជួយ​មិត្ត​រួម​ថ្នាក់​របស់​នាង​ឲ្យ​អនុវត្ត និង​រីកចម្រើន ។ នាង​ក៏​មាន​ទំនុក​ចិត្ត​កាន់តែ​ខ្លាំង​ឡើងៗ ក្នុងការ​ពន្យល់​គោលលទ្ធិ ហើយ​មាន​ចិត្ត​រីករាយ​ដែល​នាង​អាច​ទាញ​យក​ប្រយោជន៍​ពី​វគ្គ​បទគម្ពីរ​ផ្សេងៗ​ជា​ច្រើន​មក​ពី​ការចងចាំ​របស់​នាង ។ សមត្ថភាព​របស់​នាង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា និង​ការមើល​ឃើញ​បញ្ហា​ទាំង​នោះ​ចេញពី​ទស្សនវិស័យ​ដ៏​នៅ​អស់កល្ប​បាន​មាន​ភាព​ប្រសើរ​ឡើង ។

បន្ទាប់​ពី​បញ្ចប់​ការសិក្សា ហាន់ណា​បាន​ប្រឈម​មុខ​នឹង​ការសាកល្បង​ពិតប្រាកដ​មួយ​អំពី​សេចក្តីជំនឿ ។ បុគ្គល​ម្នាក់​ដែល​នាង​ស្រឡាញ់ និង​ទុកចិត្ត​បាន​ប្រឆាំង​ទាស់​នឹង​សេចក្តីជំនឿ​របស់​នាង​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់​ដែល​បាន​ស្ដារ​ឡើងវិញ ។ នៅ​គ្រា​ដំបូង ហាន់ណា​មាន​ការភ្ញាក់ផ្អើល​ពី​ព័ត៌មាន​ដែល​នាង​បាន​ឮ ។ ប៉ុន្តែ​នៅពេល​នាង​បាន​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​បញ្ហា​នោះ នាង​ទទួល​អារម្មណ៍​ថា ព្រះវិញ្ញាណ​បាន​លួងលោម​នាង នៅពេល​នាង​ចងចាំ​អ្វីៗ​ដែល​នាង​បាន​រៀន​ពី​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា ។ នាង​អាច​ប្រព្រឹត្តិ​ដោយ​សេចក្ដី​ជំនឿ មើល​ឃើញ​បញ្ហា​នានា​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ និង​ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដ៏​ទេវភាព​នានា​ដែល​បាន​បង្កើត​ឡើង ។ វគ្គ​បទគម្ពីរ​ដែល​នាង​បាន​ទន្ទេញ​ចាំ​បាន​ផុស​ឡើង​ក្នុង​គំនិត​នាង ។ បន្ទាប់​ពី​សិក្សា និង​អធិស្ឋាន​យ៉ាង​ខ្លាំងក្លា​មក នាង​មាន​អារម្មណ៍​សុខសាន្ត និង​លួងលោម​ចិត្ត ដោយ​មាន​ចំណេះ​ដឹង ចម្លើយ និង​ទីបន្ទាល់​ដែល​នាង​ទទួល​បាន​កើន​ឡើង ។

ហាន់ណា​មាន​អំណរគុណ​ចំពោះ​បទពិសោធន៍​របស់​នាង អំពី​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៅក្នុង​ថ្នាក់​សិក្ខាសាលា ។ វា​បាន​ជួយ​នាង​ទទួល​បាន​ទំនុក​ចិត្ត​ដែល​នាង​អាច​ដោះស្រាយ និង​យក​ឈ្នះ​លើ​ការវាយប្រហារ​នា​ពេល​អនាគត​លើ​សេចក្តីជំនឿ​របស់​នាង ។

  • តើ​អ្នក​គិត​ថា សិស្ស​របស់​អ្នក​កំពុង​មាន​បទពិសោធន៍​ស្រដៀង​ទៅ​នឹង​បទពិសោធន៍​របស់​ហាន់ណា​តាម​វិធី​ណា​ខ្លះ ?

  • តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ​ពី​គំរូ​នេះ​ដែល​អាច​ជួយ​អ្នក នៅពេល​អ្នក​បង្រៀន​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដល់​សិស្ស​របស់​អ្នក ?