សេចក្តីណែនាំទៅកាន់​ចំណេះចំណានខាង​គោលលទ្ធិ

ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ


នៅក្នុង​ព្រះគម្ពីរមរមន ព្យាការី​ហេលេមិន​បាន​បង្រៀន​កូនប្រុស​របស់​លោកថា « គឺ​នៅលើ​សិលានៃព្រះដ៏ប្រោសលោះនៃ​យើង គឺព្រះ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រានៃព្រះ ដែល​កូន​ត្រូវសង់គ្រឹះរបស់កូន » (ហេលេមិន ៥:១២) ។ ការ​សង់គ្រឹះ​មួយនៅលើ​ព្រះយេស៊ូវ​គ្រីស្ទ—ដែល​រួមមាន​ទាំង​ការ​យល់ ការ​ជឿ និង​ការរស់នៅ​ស្របតាម​គោលលទ្ធិ​របស់ទ្រង់—នឹងធ្វើ​ឲ្យ​​ការផ្លាស់ប្រែ​ចិត្តជឿ​ និងការ​តាំង​ចិត្ត​របស់​យើង​ក្នុង​នាម​ជា​ពួកសិស្ស​របស់​ទ្រង់​កាន់តែ​ស៊ី​ជម្រៅ​​​រឹងមាំ ដើម្បី​ការពារ​យើង​ពី​ឥទ្ធិពល​របស់​មារសត្រូវ ហើយ​ជួយ​​យើង​ឲ្យ​ប្រទានពរ​ដល់ជីវិត​អ្នកដទៃ​ទៀត ។

វិធីមួយ​ដែល​យើង​សម្រេច​កិច្ចការ​នេះ គឺ​តាមរយៈ​ការសិក្សា​បទគម្ពីរ​តាម​លំដាប់​លំដោយ​ជាមួយ​គ្នា​នៅក្នុង​ថ្នាក់ ។ របៀប​មួយទៀត​ដែល​យើង​សង់គ្រឹះ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​របស់ទ្រង់ គឺ​តាមរយៈ​កិច្ចខិតខំ​មួយ ដែល​ហៅ​ថា​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។

ចំណេះចំណាន​ខាង​គោលលទ្ធិ​ផ្ដោត​ទៅលើ​លទ្ធផល​ចំនួន​ពីរ ៖

 1. ការ​រៀនសូត្រ និងការ​អនុវត្ត​គោលលទ្ធិ​ដ៏ទេវភាព​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ

  ព្រះវរបិតាសួគ៌​បាន​បើក​សម្ដែង​គោលការណ៍​​ទាំងឡាយ​ដើម្បី​ទទួលបាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។ គោលការណ៍​ទាំងនេះ​រួមមាន​ទាំង​ការ​ធ្វើសកម្មភាព​ដោយ​សេចក្ដីជំនឿ ការ​ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ជាមួយ​នឹង​​ទស្សនវិស័យ​ដ៏​អស់កល្បមួយ ហើយ​នឹងការស្វែងរក​ការ​​យល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព ។ យើង​ចេះ​​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​​កាន់​តែ​ខ្លាំង នៅពេល​យើង​ហាត់​អនុវត្ត​គោលការណ៍​ទាំងនេះ ហើយ​រៀន​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរខាង​គោលលទ្ធិ និង​សំណួរ​ខាង​ប្រវត្តិសាស្ត្រ​នានា​​តាមរបៀប​មួយ​ដែល​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​របស់ទ្រង់ ។

 2. ការ​ចេះស្ទាត់នូវ​​គោលលទ្ធិ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ និង​វគ្គ​បទគម្ពីរ​ទាំងឡាយ​​​ដែល​បង្រៀន​​អំពី​គោលលទ្ធិ

  លទ្ធផល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នេះ នឹងត្រូវ​បាន​សម្រេច​តាមរយៈ ៖

  1. អភិវឌ្ឍ​ការ​យល់ដឹង​កាន់តែ​ជ្រៅជ្រះ​ទៅលើ​ប្រធាន​បទ​ដូចខាងក្រោម​ និង​សេចក្ដីថ្លែងការណ៍​គន្លឹះ​នីមួយៗ​ដែល​បាន​ប្រាប់​នៅ​ក្នុងប្រធានបទ​នីមួយៗ ៖

   • ក្រុមព្រះ​

   • ផែនការ​នៃ​សេចក្តី​សង្គ្រោះ

   • ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ

   • ការ​ស្ដារ​ឡើងវិញ

   • ព្យាការី និង វិវរណៈ

   • បព្វជិតភាព និង កូនសោ​នៃ​បព្វជិតភាព

   • ពិធី​បរិសុទ្ធ និង សេចក្តី​សញ្ញា

   • អាពាហ៍ពិពាហ៍ និង គ្រួសារ

   • ព្រះបញ្ញត្តិ​ទាំងឡាយ​

  2. ដឹង​ពីរបៀប​ដែល​សេចក្ដីថ្លែងការណ៍​អំពីគោលលទ្ធិ​ត្រូវ​បាន​បង្រៀន ​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ហើយ​អាច​ចងចាំ និង​រកវគ្គ​គម្ពីរ​ទាំងនោះ​ឃើញ​ ។

  3. ពន្យល់​សេចក្ដីថ្លែងការណ៍​អំពី​គោលលទ្ធិ​នីមួយៗ​ច្បាស់លាស់ ដោយ​ប្រើ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​ជាប់​ទាក់ទង ។​

  4. អនុវត្ត​នូវអ្វី​ដែល​យើង​រៀន​នៅក្នុង​ការ​ជ្រើសរើស​ប្រចាំ​ថ្ងៃ​របស់​យើង និង​នៅក្នុង​ការ​ឆ្លើយ​តប​ចំពោះ​សំណួរ និង​បញ្ហា​ខាង​គោលលទ្ធិ ខាង​សង្គម និង​ខាង​ប្រវត្តិសាស្ត្រ​នានា ។