មេរៀន​ទី 160

មរ៉ូណៃ 10:8–26, 30–34

សៀវភៅ​ណែនាំ​ការសិក្សា​ព្រះគម្ពីរ​មរមន​សម្រាប់​គ្រូបង្រៀន ថ្នាក់​សិក្ខាសាលា


សេចក្តីផ្ដើម

ក្រោយពី​ការបង្រៀន​ពី​របៀប​ដើម្បី​ទទួល​បាន​សាក្សី​មួយ​អំពី​សេចក្ដីពិត​នៃ​ការណ៍​ទាំងអស់​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ​ហើយ លោក​មរ៉ូណៃ​បាន​ដាស់តឿន​អស់អ្នក​ដែល​អាន​ពាក្យ​របស់​លោក​ឲ្យ​ទទួល​បាន និង​ទទួល​ស្គាល់​អំណោយទាន​ខាង​វិញ្ញាណ ។ លោក​មរ៉ូណៃ​បាន​បញ្ចប់​កំណត់ត្រា​ព្រះគម្ពីរមរមន​ដោយ​ការដាស់តឿន​ដល់​មនុស្ស​ទាំងអស់​ឲ្យ​មករក​ព្រះយេស៊ូវគ្រីស្ទ ក្ដាប់ជាប់​នូវ​អំណោយទាន​ល្អ​គ្រប់យ៉ាង​ដែល​ទ្រង់​បាន​ប្រទាន និង​បាន​ឥតខ្ចោះ​តាមរយៈ​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

មរ៉ូណៃ 10:8–26

លោក​មរ៉ូណៃ​បង្រៀន​អំពី​អំណោយទានទាំងឡាយ​នៃព្រះវិញ្ញាណ និង​គោលបំណង​របស់​វា​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់

សូម​ឲ្យ​សិស្ស​គិត​អំពី​ពេល​មួយ​ដែល ព្រះវរបិតាសួគ៌​បាន​ជួយ​ដល់​ពួកគេ​ឲ្យ​ធ្វើ​អ្វីមួយ​ដែល​ពួកគេ​មិនអាច​ធ្វើបាន​ដោយ​សមត្ថភាព​ខ្លួនឯង ។ សូម​ឲ្យ​សិស្ស​អាន មរ៉ូណៃ 10:8 ដោយ​ស្ងាត់ស្ងៀម​ដោយរកមើល​ឃ្លា​ដែល​ពិពណ៌នា​ពី​សមត្ថភាព​ខាងវិញ្ញាណ ឬ​ពរជ័យ​ដែល​ព្រះ​បាន​ប្រទានដល់​អ្នកស្មោះត្រង់ ( « អំណោយ​ទាន​នៃ​ព្រះ » ) ។ សូម​ពន្យល់​ថា ជារឿយៗ យើង​សំដៅលើ​អំណោយទាន​ទាំងនេះ​ថា​ជា​អំណោយទានទាំងឡាយ​នៃ​ព្រះវិញ្ញាណ ឬ​អំណោយទាន​នៃ​វិញ្ញាណ ។

  • យោងតាម មរ៉ូណៃ 10:8 ហេតុអ្វី​បានជា​ព្រះ​ប្រទាន​អំណោយទានទាំងឡាយ​នៃព្រះវិញ្ញាណ​ដល់​កូនចៅ​របស់​ទ្រង់ ? ( ក្រោយពី​សិស្ស​ឆ្លើយ​ហើយ សូម​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​នៅ​លើ​ក្តារខៀន៖ ព្រះ​ប្រទាន​អំណោយទាន​ទាំងឡាយ​នៃព្រះវិញ្ញាណ​ដើម្បី​ជា​ប្រយោជន៍​ដល់​កូនចៅ​របស់​ទ្រង់ ។ អ្នក​អាច​ពន្យល់​ថា​នៅក្នុង​បរិបទ​នេះ ជា​ប្រយោជន៍ មានន័យ​ថា​ប្រទានពរ ឬ​ជួយ ) ។

សូម​ឲ្យសិស្ស​អាន មរ៉ូណៃ 10:9–16 ដោយ​ស្ងាត់ស្ងៀម​ដោយរកមើល​អំណោយទាន​របស់​ព្រះ ដែល​លោក​មរ៉ូណៃ​បាន​រៀបរាប់​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ អ្នក​អាចណែនាំ​ថា សិស្ស​គួរ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​អំណោយទានទាំងឡាយ​នៃព្រះវិញ្ញាណ​មួយណា ដែល​អ្នក​រកឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ? ( នៅពេល​សិស្ស​ឆ្លើយ សូម​សរសេរ​ចម្លើយ​របស់ពួកគេ​នៅលើ​ក្តារខៀន ) ។

  • តើ​អ្នក​បាន​ឃើញ​គំរូ​អ្វីខ្លះ​នៃ​អំណោយទាន​ទាំងនេះ​នៅក្នុង​សាសនាចក្រ ?

  • តើ​នៅពេល​ណា​ដែល​អ្នក​បានឃើញ​មនុស្ស​ខ្លះ​ទទួល​បាន​ពរជ័យ ដោយសារ​អ្នកដទៃ​បាន​អនុវត្ត​អំណោយទាននៃ​វិញ្ញាណ​របស់​គេ​នោះ ? (អ្នក​អាចរៀបចំ​ចែកចាយ​គំរូ​មួយ​ដែល​អ្នក​បាន​ឃើញ ) ។

  • តើ​អំណោយទានទាំងឡាយ​នៃព្រះវិញ្ញាណ​មាន​ផល​ចំណេញ ដល់​មនុស្ស​ដែល​ទទួល​បាន​វា​ដោយរបៀបណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរ៉ូណៃ 10:19, 24 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើល​ឧបសគ្គ​មួយ​ក្នុងការទទួល​បាន និង​ទទួល​ស្គាល់​នូវ​អំណោយទាន​ខាង​វិញ្ញាណ ។

  • តើ​អ្វី​ជា​ឧបសគ្គ​​ក្នុងការទទួល​បាន និង​ស្គាល់​អំណោយទាន​ខាង​វិញ្ញាណ​ដែល​អ្នក​រកឃើញ ?

  • តើ​អ្នកគិត​ថា ហេតុអ្វី​បានជា​មនុស្ស​នៅក្នុង​ស្ថានភាព​នៃ​ការឥតជំនឿ​មិន​អាច​ទទួល​ស្គាល់ ឬ​ទទួល​បាន​នូវ​អំណាច និង​អំណោយ​ទាន​នេះ​ពី​ព្រះ ?

សូម​ឲ្យ​សិស្ស​អាន មរ៉ូណៃ 10:25–26 ដោយ​ស្ងាត់ស្ងៀម​ ដោយរកមើល​អ្វី​ដែល​នឹង​កើតឡើង​ដល់​អស់អ្នកណា​ដែល​បដិសេធ​អំណោយទាន និង​អំណាច​របស់​ព្រះ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ឲ្យ​សិស្ស​ពីរបី​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​ពី មរ៉ូណៃ 10:20–23 ។ សូម​ឲ្យ​សិស្ស​មើល​តាម ដោយរកមើល​ពរជ័យ​នៃ​ការមាន​សេចក្ដីជំនឿ សេចក្ដីសង្ឃឹម និង​សេចក្តីសប្បុរស ។ ( មុនពេល​សិស្ស​អាន អ្នក​អាច​ពន្យល់​ថា​ឃ្លា « ចាំបាច់​ដល់​យើង » នៅក្នុង មរ៉ូណៃ 10:23 សំដៅ​លើ​អ្វី​ដែល​ស្របតាម​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ) ។

  • តើ​ពរជ័យ​អ្វី​ដែល​លោកមរ៉ូណៃ​បានបង្រៀន​ថា​នឹង​មកដល់​អស់អ្នកណា​ដែល​មាន​សេចក្ដីជំនឿ សេចក្ដីសង្ឃឹម និង​សេចក្តីសប្បុរស ?

នៅពេល​សិស្ស​ឆ្លើយ​ហើយ សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖ ប្រសិនបើ​យើង​មាន​សេចក្ដីជំនឿ យើង​នឹង​អាច​ធ្វើ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​ចង់​ឲ្យ​យើង​ធ្វើ ។ អ្នក​អាចណែនាំ​ថា ពួកគេ​គួរ​គូសចំណាំ​គោលការណ៍​នេះ​នៅក្នុង មរ៉ូណៃ 10:23 ។

  • តើ​អ្នកគិត​ថា គោលការណ៍​ពីរ​នៅលើ​ក្ដារខៀន​អាច​ទាក់ទង​នឹង​គ្នា​ដោយរបៀបណា ? ( ប្រសិនបើ​យើង​មាន​សេចក្តីជំនឿ នោះ​ព្រះ​នឹង​ប្រទានដល់​យើង​នូវ​អំណោយទាន​ដែល​យើង​ត្រូវការ ដើម្បី​ធ្វើ​កិច្ចការ​ដែល​ទ្រង់​បាន​ប្រទានដល់​យើង​ធ្វើ ) ។

  • តើ​ការដឹង​ពី​គោលការណ៍​ទាំងពីរ​នេះ​អាច​ជួយ​ដល់​អ្នក​នាពេល​នេះ និង​នៅក្នុង​ពេល​អនាគត​បាន​ដូចម្ដេច ?

សូម​សរសេរ​ឃ្លា​មិន​ពេញលេញ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ពី​របៀប​ដែល​សេចក្ដីសន្យា​នេះ​ដែលមាន​នៅក្នុង មរ៉ូណៃ 10:23 ត្រូវបាន​បំពេញ ឬ​អាច​ត្រូវបាន​បំពេញ​នៅក្នុង​ជីវិត​របស់​គេ សូម​ឲ្យ​ពួកគេ​មាន​ពេល​ពីរ​បី​នាទី​ដើម្បី​បំពេញ​ប្រយោគ​មួយ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់ ។

ខ្ញុំ​បាន​ទទួល​សេចក្ដីសន្យា​នេះ​នៅក្នុង មរ៉ូណៃ 10:23 នៅពេល …

សេចក្ដីសន្យា​ដែល​មាន​នៅក្នុង មរ៉ូណៃ 10:23 អាច​ជួយ​ខ្ញុំ នៅពេល …

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​ជាមួយ​នឹង​ដៃគូ​គេ ។

មរ៉ូណៃ 10:30–34

លោក​មរ៉ូណៃ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​រក​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​ឥតខ្ចោះ​នៅក្នុង​ទ្រង់

សូម​សរសេរ​ពាក្យ ការឥតខ្ចោះ នៅលើ​ក្ដារខៀន ។ នៅពីក្រោម​វា សូម​សរសេរ អាច​កើតមាន ឬ មិន​អាច ?

សូម​ឲ្យ​សិស្ស​ចែកចាយ​គំនិត​របស់​គេ​ទាក់ទង​នឹង​សំណួរ​នៅលើ​ក្ដារខៀន ។ ក្រោយពី​ការពិភាក្សា​បន្ដិច​រួចមក សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 12:48 ឮៗ ។

  • តើ​ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​អ្វីខ្លះ​ដែល​ជា​គោលដៅ​នៅ​ទីបញ្ចប់​សម្រាប់​យើង​ម្នាក់ៗ ? ( ដើម្បី​ក្លាយជា​ឥតខ្ចោះ ) ។ តើ​ការណ៍​នេះ​អាច​កើតឡើង​ទេ ?

ក្រោយពី​សិស្ស​ចែកចាយ​ការយល់ដឹង​របស់​គេហើយ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ការពន្យល់​ខាងក្រោម​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ​គណៈប្រធានទីមួយ ៖

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« ការឥតខ្ចោះ គឺជា​គោលដៅ​ដ៏​អស់កល្បជានិច្ច​មួយ ។ ខណៈពេល​ដែល​យើង​មិន​អាច​ឥតខ្ចោះ​បាន​នៅក្នុង​ជីវិត​រមែងស្លាប់​នេះ ការខិតខំ​ធ្វើ​តាម​នេះ​គឺជា​ព្រះបញ្ញត្តិ​មួយ ដែល​នៅទី​បំផុត តាមរយៈ​ដង្វាយធួន នោះ​យើង​អាច​រក្សា​វា​បាន » ( « This Is Our Day » Ensign, ខែ ឧសភា ឆ្នាំ 1999, ទំព័រ 19 ) ។

សូម​ពន្យល់​ថា ទោះបីជា​ការឥតខ្ចោះ​មិន​អាច​ទទួល​បាន​នៅក្នុង​ជីវិត​នេះ​ក្ដី ក៏​យើង​អាច​ក្លាយជា​ឥតខ្ចោះ​នៅទីបំផុត​បាន​ដែរ ។ លោក​មរ៉ូណៃ​បាន​បង្រៀន​ពី​អ្វី ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ក្លាយជា​ឥតខ្ចោះ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ចម្លង​តារាង​ខាងក្រោម​នេះ​ដាក់​លើ​ក្ដារខៀន ដោយ​ទុក​ចន្លោះ​នូវ​ចម្លើយ​នៅក្នុង​វង់​ក្រចក ។

អ្វី​ដែល​ខ្ញុំ​ត្រូវធ្វើ …

អ្វី​ដែល​ព្រះ​សន្យា …

( ចម្លើយ​អាច​រួមមាន យើង​ត្រូវតែ​មករក​ព្រះយេស៊ូវគ្រីស្ទ ស្វែងរក និង​ទទួល​បាន​អំណោយទាន​ដ៏​ល្អ ចៀសវាង​អំណោយ​អាក្រក់ និង​រឿង​ដែល​មិន​ស្អាតស្អំ បដិសេធ​ក្នុង​ខ្លួនយើង​ពី​អំពើមិន​ស្រប​នឹង​ព្រះ​ទាំងអស់ និង​ស្រឡាញ់​ព្រះ​ដោយ​អស់​ពី​ពលំ គំនិត និង​អស់​ពី​កម្លាំង ) ។

( ចម្លើយ​អាច​រួមមាន ទ្រង់​នឹង​បំពេញ​សេចក្ដីសញ្ញា​របស់​ទ្រង់ ព្រះគុណ​របស់​ទ្រង់​នឹង​គ្រប់គ្រាន់​សម្រាប់​យើង យើង​នឹង​បាន​ឥតខ្ចោះ​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ យើង​នឹង​ទទួល​បាន​ព្រះគុណ​នៃ​ព្រះ យើង​នឹង​ត្រូវបាន​បន្សុទ្ធ និង​ទទួល​បាន​ការផ្ដាច់បាប​របស់​យើង ហើយ​យើង​នឹង​ក្លាយជា​បរិសុទ្ធ ដោយគ្មាន​កំហុស ) ។

សូម​ឲ្យ​សិស្ស​សិក្សា មរ៉ូណៃ 10:30–33 រក​ឃ្លា​ដែល​រៀបរាប់​ពី​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ និង​អ្វី​ដែល​ព្រះ​បាន​សន្យា​ថា​នឹង​ធ្វើ ដើម្បី​ជួយ​ដល់​យើង​ឲ្យ​ក្លាយជា​បរិសុទ្ធ និង​ឥតខ្ចោះ ។ សូម​ឲ្យ​សិស្ស​ម្នាក់​កត់ត្រា​នូវ​ចម្លើយ​របស់​សិស្ស​នៅក្នុង​កូឡោន​ដែល​ត្រឹម​ត្រូវ​នៅក្នុង​តារាង​នេះ ។ សូម​បង្ហាញ​ថា​ពាក្យ ព្រះគុណ សំដៅលើ​ជំនួយ​ពី​ស្ថានសួគ៌ ព្រម​ទាំង​កម្លាំង​ដែលយើង​ទទួល​បាន ដោយសារតែ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

  • តើ​ប្រយោគ​ដែល​អ្នក​សរសេរ​នៅក្រោម​តារាង​នេះ សង្ខេប​អ្វី​ដែល​លោក​មរ៉ូណៃ​បង្រៀន​អំពី​ការក្លាយជា​បរិសុទ្ធ និង​ឥតខ្ចោះ​អ្វីខ្លះ ? ( សិស្ស​អាច​ប្រើ​ពាក្យ​ខុសៗគ្នា ប៉ុន្ដែ​ចម្លើយ​របស់​ពួកគេ​គួរ​បង្ហាញ​ពី​សេចក្ដីពិត​ដូចខាងក្រោម ៖ នៅពេល​យើង​មករក​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ត្រូវបាន​បន្សុទ្ធ និង​បាន​ឥតខ្ចោះ​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ) ។

បើ​អាច សូម​ចែក​ដល់​សិស្ស​នូវ​ច្បាប់​ចម្លង​នៃ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ឮៗ នៅពេល​ដែល​សិស្ស​ផ្សេងទៀត​មើល​តាម ។ មុនពេល​សិស្ស​អាន សូម​លើកទឹកចិត្ត​សិស្ស​ឲ្យស្ដាប់​រក​ដោយយក​ចិត្ត​ទុក​ដាក់ ដោយ​គិត​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​មករក​ព្រះយេស៊ូវគ្រីស្ទ ជា​លទ្ធផល​នៃ​ការសិក្សា​ព្រះគម្ពីរមរមន​ក្នុង​ឆ្នាំ​នេះ ។

អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន

« ការលេចចេញ​នៃ​ថ្មគោល​នៃ​សាសនាចក្រ​របស់​យើង​ចុងក្រោយ​គេ​បង្អស់ និង​តែឯងនេះ ព្រមទាំង​គម្ពីរ​ដ៏​ត្រឹមត្រូវ​បំផុត​ដែល​ត្រូវបាន​សរសេរ​ឡើង គឺ​មិន​ត្រូវ​ប៉ះពាល់​ដល់​រឿង​មិន​ស្អាត​ឡើយ វា​ត្រូវតែ​នៅ​បរិសុទ្ធ និង​ដោយ​គ្មាន​កំហុស វា​ត្រូវតែ​បរិសុទ្ធ ។ ហើយភាពបរិសុទ្ធ​នោះ​អាច​មក​តែ​តាមរយៈ​លោហិត​នៃ​កូនចៀម​នោះ ដែល​បាន​យក​នូវ​សេចក្ដីទុក្ខ​របស់​យើង ហើយ​បាន​នាំ​សេចក្ដីព្រួយ​របស់​យើង​ចេញ កូនចៀម​នោះដែល​បាន​រងរបួស​ចំពោះ​អំពើរំលង​របស់​យើង ហើយ​បាន​ឈឺចាប់​ដោយសារ​អំពើទុច្ចរិត​របស់​យើង កូនចៀម​ដែល​ត្រូវបាន​គេ​ស្អប់ និង​រងទុក្ខ ប៉ុន្ដែ​ដែល​យើង​មិន​បាន​គោរព » ( ម៉ូសាយ 14 ) ។ …

« ភាពបរិសុទ្ធ —តាមរយៈ​ព្រះលោហិត​នៃ​កូនចៀម ។ នេះ​គឺជា​អ្វី​ដែល​គម្ពីរ​នេះ​មាន » ( « A Standard unto My People » [ សុន្ទរកថា​ថ្លែង​ទៅ​កាន់​អ្នកអប់រំ​សាសនា CES នៅថ្ងៃទី 9 ខែ សីហា ឆ្នាំ 1994 ] ទំព័រ 13–14, si.lds.org ) ។

សូម​ឲ្យ​សិស្ស​រកមើល​ឃ្លា​នៅក្នុង មរ៉ូណៃ 10:32–33 ដែល​បញ្ជាក់​ថា យើង​អាច​បាន​ឥតខ្ចោះ​តែ « នៅក្នុង​ព្រះគ្រីស្ទ » ប៉ុណ្ណោះ ឬ​តាមរយៈ​អំណាច​សម្អាត និង​ព្រះគុណ​នៃ​ដង្វាយធួន​របស់​ទ្រង់ ។

  • ហេតុអ្វី​បានជា​យើង​ត្រូវការ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ក្លាយជា​បរិសុទ្ធ និង​បាន​ឥតខ្ចោះ ?

  • តើ​ឃ្លាអ្វី​នៅក្នុង មរ៉ូណៃ 10:32–33 ដែល​អ្នករក​ឃើញ​នូវ​ការលើកទឹកចិត្ត នៅពេល​អ្នក​ខិតខំ​ស្វែងរក​ភាពបរិសុទ្ធ និង​គោលដៅ​ដ៏​អស់កល្បជានិច្ច​នៃ​ការឥតខ្ចោះ ?

សូម​ឲ្យ​សិស្ស​ជ្រើសរើស​យក​ឃ្លា​មួយ ឬ​ពីរ​ពី​កូឡោន​ទីមួយ​នៃ​តារាង​នៅលើ​ក្ដារខៀន​នេះ ។ សូម​ឲ្យ​ពួកគេ​មាន​ពេល​ពីរ​បី​នាទី​ដើម្បី​សរសេរ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​អំពី​គំនិត ឬ​ការបំផុស​នានា​ដែល​ពួកគេ​មាន អំពី​របៀប​ដែល​ពួកគេ​អាច​អភិវឌ្ឍ​ផ្នែក​ទាំងនេះ ។

សូម​បញ្ចប់​មេរៀន​នេះ​ដោយ​អាន មរ៉ូណៃ 10:34 ដល់​សិស្ស ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើល​ភស្ដុតាង​ដែល​លោក​មរ៉ូណៃ​បាន​មាន​សេចក្តីជំនឿ និង​សេចក្ដីសង្ឃឹម​នៅ​លើ​​ព្រះយេស៊ូវគ្រីស្ទ ។ ក្រោយពី​ពួកគេ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​ឲ្យ​សិស្ស​សរសេរ​ពី​គំនិត ឬ​ការបំផុស​នានា​ដែល​ពួកគេ​មាន នៅពេល​ពួកគេ​បញ្ចប់​វគ្គ​សិក្សាអំពី​ព្រះ​គម្ពីរ​មរមន​​នៅក្នុង​ឆ្នាំ​នេះ ។ សូម​គិត​ពី​ការសុំ​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ សូម​ថ្លែងទីបន្ទាល់​អំពី​ពរជ័យ​ដែល​ព្រះវរបិតាសួគ៌​បាន​សន្យា​ដល់​ពួកគេ ប្រសិនបើ​ពួកគេ​នឹង​មករក​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ការធ្វើតាម​ការបង្រៀន​របស់​ទ្រង់ និង​អនុវត្ត​សេចក្ដីជំនឿ​នៅក្នុង​ដង្វាយធួន​របស់​ទ្រង់ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​យក​ការសិក្សា​ព្រះគម្ពីរមរមន​របស់​គេ​ជា​គោលដៅ​ពេញ​មួយ​ជីវិត ។

ការរំឭក​គម្ពីរ​មរ៉ូណៃ

សូម​ចំណាយពេល​ខ្លះ​ដើម្បី​ជួយ​សិស្ស​ឲ្យ​រំឭក គម្ពីរ​មរ៉ូណៃ ។ សូម​ឲ្យ​ពួកគេ​គិត​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​គម្ពីរ​នេះ ទាំង​នៅក្នុង​ថ្នាក់​សិក្ខាសាលា និង​នៅក្នុង​ការសិក្សា​វគ្គគម្ពីរ​ផ្ទាល់​ខ្លួន​របស់​គេ ។ ប្រសិនបើ​ចាំបាច់ សូម​ឲ្យ​ពួកគេ​សង្ខេប​ដោយ​ខ្លីៗ​អំពី​សេចក្ដីសង្ខេប​ជំពូក​ខ្លះ​នៅក្នុង​គម្ពីរ​មរ៉ូណៃ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចងចាំ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ពីរបី​នាក់​ចែកចាយ​អ្វីខ្លះ​ពី​គម្ពីរ​មរ៉ូណៃ ដែល​បំផុសគំនិត​ដល់​ពួកគេ ឬ​ដែល​បាន​ជួយ​ដល់​ពួកគេ​ឲ្យ​មាន​សេចក្ដីជំនឿ​កាន់តែ​ខ្លាំង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

មរ៉ូណៃ 10:8–19 ។ អំណោយទាន​ទាំងឡាយ​នៃព្រះវិញ្ញាណ

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី បាន​រៀបរាប់​ពី​គោលបំណង និង មូលហេតុ​ក្នុង​ការទទួល​បាន​អំណោយទាន​ខាង​វិញ្ញាណ ៖

« [ គោលបំណង​នៃ​អំណោយទាន​ខាង​វិញ្ញាណ ] គឺ​ដើម្បី​បំភ្លឺ លើកទឹកចិត្ត និង​អប់រំ​ដល់​អ្នកស្មោះត្រង់ ដើម្បី​ឲ្យ​ពួកគេ​នឹង​គ្រង​នូវ​សេចក្ដីសុខសាន្ដ​នៅក្នុង​ជីវិត​នេះ និង​ត្រូវបាន​ដឹកនាំ​ទៅរក​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​នៅក្នុង​ពិភព​បន្ទាប់ ។ វត្តមាន​របស់​គេ​គឺជា​ភស្ដុតាង​នៃ​ទេវភាព​នៃ​កិច្ចការ​របស់​ព្រះអម្ចាស់ កន្លែងណា​ដែល​គ្មានពួកគេ នោះ​សាសនាចក្រ និង​នគរ​ព្រះ​មិន​មាន​ឡើយ ។ សេចក្ដីសន្យា​គឺ​ថា ពួកគេ​មិន​ត្រូវ​ចាកចេញ ដរាបណា​ផែនដី​បន្ដ​នៅមាន​វត្តមាន លើកលែង​តែ​ពួកមិន​ជឿ (មរ៉ូណៃ 10:19) ប៉ុន្ដែ​នៅពេល​ថ្ងៃឥតខ្ចោះ​មក​ដល់ ហើយ​ពួកបរិសុទ្ធ​ទទួល​បាន​ការតម្កើង នោះ​ពួកគេ​នឹង​មិនត្រូវការ​ទៀតឡើយ ។ ដូចដែល​សាវក​ប៉ុល​បាន​បង្ហាញ​ថា ‹ នៅពេល​អ្វីដែល​ឥតខ្ចោះ​មកដល់ នោះ​អ្វីដែល​ជា​ផ្នែក​នឹង​ត្រូវ​ចាកចេញ › (កូរិនថូស​ទី 1 13)

« បុគ្គល​ស្មោះត្រង់​ត្រូវបាន​សង្ឃឹម​ថា ត្រូវ​ស្វែងរក​អំណោយទាន​ទាំងឡាយ​នៃ​ព្រះវិញ្ញាណ​ដោយ​អស់​ពី​ចិត្ត​គេ ។ ពួកគេ​ត្រូវ ‹ ព្យាយាម​ស្វែងរក​អំណោយទាន​នានា​ដែល​វិសេស​បំផុត › (កូរិនថូស​ទី 1. 12:31; គ. និង ស. 46:8) ត្រូវ ‹ ចង់បាន​អំណោយទាន​ខាងវិញ្ញាណ › (កូរិនថូស​ទី 1 14:1) ‹ សូម​ដល់​ព្រះ​ដែល​ប្រទាន​ដោយ​សទ្ធា › (គ. និង ស. 46:7; ម៉ាថាយ 7:7–8) ។ ចំពោះ​អ្នកខ្លះ​នឹង​ត្រូវបាន​ប្រទាន​នូវ​អំណោយទាន​មួយ ចំពោះ​អ្នកផ្សេង មាន​អំណោយទាន​ផ្សេងទៀត ‹ ប្រយោជន៍​ឲ្យ​មនុស្ស​ខ្លះ​អាច​ត្រូវ​បាន​ប្រទាន​ឲ្យ​មាន​អំណោយទាន​ទាំងអស់​នោះ ប្រយោជន៍​ឲ្យ​អ្នក​អាច​មាន​មេ​ដើម្បី​ឲ្យ​សមាជិក​គ្រប់គ្នា​អាច​បាន​ផលប្រយោជន៍​ដោយសារ​របៀបនេះ › (គ. និង ស. 46:29) » (Mormon Doctrine កំណែ​លើក​ទី​ពីរ [ ឆ្នាំ 1966 ] ទំព័រ 314 ) ។

អែលឌើរ ម៉ាវីន ជេ អាស្តុន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

« សម្រាប់​ខ្ញុំ សោកនាដកម្ម​ដ៏​ខ្លាំង​បំផុត​មួយ​នៃ​ជីវិត​នោះគឺ នៅពេល​បុគ្គល​ម្នាក់​បែងចែក​ខ្លួនគាត់​ថា​ជា​នរណាម្នាក់​ដែល​គ្មាន​ទេពកោសល្យ ឬ គ្មាន​អំណោយទាន ។ …

« ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា 46:11–12 យើង​មាន​សេចក្ដីពិត​នេះ ៖ ‹ ដ្បិត​មនុស្ស​ទាំងអស់​ពុំ​បាន​គ្រប់​អំណោយទាន​ដែល​បាន​ប្រទាន​ដល់​ពួកគេ​ឡើយ ដ្បិត​មាន​អំណោយទាន​ជាច្រើន ហើយ​មនុស្ស​រាល់គ្នា​ត្រូវបាន​ប្រទាន​អំណោយទាន​មួយ ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ › ។

« ‹ ចំពោះ​មនុស្ស​ខ្លះ​ត្រូវ​ប្រទាន​ឲ្យ​មួយ​រីឯ​ចំពោះ​មនុស្ស​ខ្លះ​ត្រូវ​បាន​ប្រទាន​ឲ្យ​មួយ​ផ្សេង​ទៀត​ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​អាច​បាន​ប្រយោជន៍​ដោយ​សារ​របៀប​នេះ › ។

« ព្រះ​បាន​ប្រទានដល់​យើង​ម្នាក់ៗ​នូវ​អំណោយទាន​ពិសេស​មួយ ឬ​ច្រើន ។… វា​ស្ថិតនៅលើ​យើង​ម្នាក់ៗ​ថា​នឹង​សិក្សារក​វា និង​កសាង​អំណោយទាន​ទាំងឡាយ​ដែល​ព្រះ​បាន​ប្រទាន​ឬ​អត់ ។

« ព្រះពិត​ជា​មាន​ព្រះជន្ម​រស់នៅ ។ ទ្រង់​បាន​ប្រទានដល់​យើង​នូវ​អំណោយទាន​នានា ។ នៅពេល​យើង​អភិវឌ្ឍ និង​ចែកចាយ​នូវ​អំណោយទាន​ដែល​ព្រះ​បាន​ប្រទានដល់​យើង និង​ទទួល​ប្រយោជន៍​ពី​អំណោយទាន​នៃ​អ្នក​នៅជុំវិញ​យើង នោះ​ពិភពលោក​អាច​ក្លាយជា​កន្លែង​ដ៏​ប្រសើរ​មួយ ហើយ​កិច្ចការ​របស់​ព្រះ​នឹង​បន្ដ​ទៅមុខ​ក្នុង​ល្បឿន​លឿន​ជាងនេះ » ( « There Are Many Gifts » Ensign ខែ វិច្ឆិកា ឆ្នាំ 1987 ទំព័រ 20, 23 ) ។

មរ៉ូណៃ 10:22 ។ « សេចក្ដី​អស់​សង្ឃឹម​កើតឡើង​មក​ដោយសារតែ​អំពើទុច្ចរិត »

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ចែកចាយ​នូវ​ការយល់ដឹង​មួយ​ទាក់ទង​ទៅនឹង​តម្រូវការ​ក្នុងការ​ធ្វើ​ល្អ ដើម្បី​ចៀសវាង​ការអស់​សង្ឃឹម ៖

« នៅក្នុង​ព្រះគម្ពីរមរមន យើង​អាន​ថា ‹ សេចក្ដី​អស់​សង្ឃឹម​កើតឡើង​មក​ដោយសារតែ​អំពើទុច្ចរិត › (មរ៉ូណៃ 10:22) ។ ‹ នៅពេល​ខ្ញុំ​ធ្វើ​ល្អ ខ្ញុំ​មាន​អារម្មណ៍​ល្អ › លោក​អ័ប្រាហាំ លិនខិន បាន​មាន​ប្រសាសន៍​ថា ‹ ហើយ​នៅពេល​ខ្ញុំធ្វើ​អាក្រក់ ខ្ញុំ​មាន​អារម្មណ៍​អាក្រក់ › ។ អំពើបាប​ទាញ​មនុស្ស​ម្នាក់​ឲ្យ​ធ្លាក់​ចុះ​ទៅក្នុង​ការខូចចិត្ត និង​ការអស់​សង្ឃឹម ។ ពេល​មនុស្ស​ម្នាក់​មាន​ការសប្បាយ​បណ្ដោះអាសន្ន​ខ្លះ​នៅក្នុង​អំពើបាប លទ្ធផល​នៅ​ទីបញ្ចប់​គឺ​អពមង្គល ។ ‹ សេចក្ដី​ទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ › (អាលម៉ា 41:10) ។ អំពើបាប​បង្កើត​នូវ​ភាពមិនចុះ​សម្រុង​​នឹង​ព្រះ ហើយ​បំបាត់​នូវ​ព្រះវិញ្ញាណ ។ ហេតុដូច្នេះហើយ មនុស្ស​ដែល​ធ្វើ​ល្អ​ដើម្បី​សាក​ល្បង​ខ្លួនគេ​ដើម្បី​ដឹង​ថា គាត់ស្រប​​នឹងក្រឹត្យវិន័យ​របស់​ព្រះ​ទាំងអស់​ឬ​អត់ ។ ការធ្វើ​តាម​ក្រឹត្យ​វិន័យ​គ្រប់យ៉ាង​នាំ​មក​នូវ​ពរជ័យ​ជា​ពិសេស​មួយ ។ គ្រប់​ការបំផ្លើស​ច្បាប់​នាំមក​នូវ​ការវេទនា​ពិសេស​មួយ ។ អ្នកដែល​មាន​ការអស់​សង្ឃឹម​ដ៏​ធ្ងន់ធ្ងរ​គួរ​មក​រក​ព្រះអម្ចាស់ ដោយសារ​នឹម​របស់​ទ្រង់​ងាយ ហើយ​បន្ទុក​របស់​ទ្រង់​ស្រាល ។ ( សូមមើល ម៉ាថាយ 11:28–30) ។ ( « Do Not Despair » Ensign ខែ តុលា ឆ្នាំ 1986 ទំព័រ 2 ) ។

មរ៉ូណៃ 10:34 ។ ការលា​របស់​មរ៉ូណៃ

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​ចែកចាយ​គំនិត​ខាងក្រោម អំពី​ពាក្យសម្ដី​ចុងក្រោយ​របស់ មរ៉ូណៃ នៅក្នុង​ព្រះគម្ពីរ​មរមន ៖

« ភាពត្រឹម​ត្រូវ ។ បរិសុទ្ធភាព ។ អាកប្បកិរិយា និង​សតិសម្បជញ្ញៈ​ដោយគ្មាន​សៅ​ហ្មង ។ ការណ៍​ទាំងអស់​តាមរយៈ​ព្រះគុណ​នៃ​ព្រះគ្រីស្ទ ដែល​សម្អាត​សំលៀកបំពាក់​របស់​យើង បន្សុទ្ធ​ព្រលឹង​របស់​យើង សង្គ្រោះ​យើង​ពី​សេចក្ដីស្លាប់ និង​ស្ដារយើង​ឡើង​ទៅរក​ភាពដើម​ដ៏​ទេវភាព​របស់​យើង ។

« នៅ​កំណត់​ត្រា​ក្នុង​ដង្ហើម​ចុង​ក្រោយ​​របស់​លោក មរ៉ូណៃ​បាន​ថ្លែងជា​សាក្សី​អំពី​សេចក្ដីជំនឿ​ដ៏​រឹងមាំ​របស់​លោក​ផ្ទាល់​នៅក្នុង​សេចក្តីប្រោសលោះ​ដ៏​ទេវភាព​អស្ចារ្យ ។ …

« ហេតុដូច្នេះ​ហើយ ព្រះគម្ពីរមរមន​បញ្ចប់ យ៉ាង​លឿន​ដូចជា​វា​នៅជាមួយ​នឹង​លោក​មរ៉ូណៃ អំពី​សេចក្ដីសន្យា​នៃ​ការរស់ឡើងវិញ​ដ៏​បរិសុទ្ធ ។ [ សូមមើល វិវរណៈ 14:6] ។ នោះគឺ​សម​បំផុត ដោយសារ​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​នេះ— ដែល​ត្រូវ​បាន​សរសេរ​ដោយ​ព្យាការី ផ្ដល់​ដោយ​ទេវតា ការពារ​ដោយ​ព្រះ— និយាយ​ដូចជា ‹ យំ​ពី​សេចក្ដីស្លាប់ › ដោយ​ដាស់តឿន​ដល់​មនុស្ស​ទាំងអស់​ឲ្យ​មករកព្រះគ្រីស្ទ ហើយ​បាន​ឥតខ្ចោះ​នៅក្នុង​ទ្រង់ ជា​ដំណើរការ​មួយ​ឡើង​ទៅរក​ការឥតខ្ចោះ​នៃ​សិរីល្អ​សេឡេស្ទាល » (Christ and the New Covenant: The Messianic Message of the Book of Mormon [ ឆ្នាំ 1997 ] ទំព័រ 339 ) ។