មេរៀន​ទី 34

នីហ្វៃទី 2 21–24

សៀវភៅ​ណែនាំ​ការសិក្សា​ព្រះគម្ពីរ​មរមន​សម្រាប់​គ្រូបង្រៀន ថ្នាក់​សិក្ខាសាលា


សេចក្តី​ផ្ដើម

ការព្យាករណ៍​របស់​អេសាយ​ជាច្រើន​នៅក្នុង​ព្រះគម្ពីរ​មរមន គឺ​អំពី​ជំនាន់​ចុងក្រោយ​នេះ ។ គាត់​បាន​ព្យាករណ៍​អំពី​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ ព្យាការី​យ៉ូសែប ស្ម៊ីធ ការយាង​មក​ជា​លើក​ទីពីរ និង ការបំផ្លាញ​ពួក​ទុច្ចរិត ។ គាត់​បាន​ព្យាករណ៍​ថា ព្រះអម្ចាស់​នឹង « លើក​ទង់​មួយ​ឡើង​សម្រាប់​សាសន៍​ទាំងឡាយ » ដើម្បី​ប្រមូល​រាស្ដ្រ​របស់​ទ្រង់ នៅក្នុង​ជំនាន់​ចុងក្រោយ ( សូម​មើល នីហ្វៃទី 2 21:11–12 ) ។ អេសាយ​ក៏​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​នឹង​យក​ឈ្នះ​លើ​សាតាំង និង បើក​ទ្វារ​ទៅក្នុង​សហស្សវត្សរ៍ ជា​ពេល​នៃ​សេចក្ដី​សុខសាន្ដ និង សេចក្ដី​អំណរ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 2 21:1–5, 10–12

អេសាយ​បាន​ព្យាករណ៍​អំពី​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ថ្ងៃ​ចុងក្រោយ

សូម​បង្ហាញ​រូបភាព​មរ៉ូណៃ​លេច​មក​ឯ​យ៉ូសែប ស្ម៊ីធ​នៅក្នុង​បន្ទប់​របស់​គាត់ ( 62492 ; សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ 2009 ] លេខ 91 ) ។ សូម​ពន្យល់​ថា នៅពេល​មរ៉ូណៃ​បាន​លេច​មក​ឯ​យ៉ូសែប ស្ម៊ីធ ជាលើក​ដំបូង « លោក​បាន​ស្រង់​ពាក្យ​ពី​ជំពូក​ទី 11 ក្នុង​គម្ពីរ​អេសាយ​ថា ពាក្យ​ព្យាករណ៍​នេះ​ជិត​នឹង​បាន​សម្រេច​ហើយ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:40 ) ។ ការព្យាករណ៍​នៅក្នុង អេសាយ ជំពូក​ទី 11 ត្រូវ​បាន​រកឃើញ​នៅក្នុង នីហ្វៃទី 2 21 ។

មរ៉ូណៃ​លេច​មក​ឯ​យ៉ូសែប ស្ម៊ីធ

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃទី 2 នីហ្វៃទី 21:1ដោយ​ស្ងាត់ស្ងៀម ។ សូម​នាំ​ការយកចិត្ត​ទុកដាក់​របស់​ពួកគេ​ទៅ​ឃ្លា​មួយ « លំពង់​មួយ​នឹង​ដុះ​ចេញ​ពី​គល់​របស់​អ៊ីសាយ » ។ បន្ទាប់មក​សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន នីហ្វៃទី 2 21:10ដោយ​ស្ងាត់ស្ងៀម ។ សូម​នាំ​ការយកចិត្ត​ទុកដាក់​របស់​ពួកគេ​ទៅ​ឃ្លា​មួយ « ឬស​របស់​អ៊ីសាយ » ។ អ្នក​អាច​ស្នើ​ថា សិស្ស​គួរតែ​គូស​ចំណាំ​ឃ្លា​ទាំងនេះ ។ សូម​ពន្យល់​ថា ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​មួយ​អំពី​ឃ្លា​ទាំងនេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​បើក​ទៅ គោលលទ្ធិ និង សេចក្ដី​សញ្ញា 113:1–6 ។ សូម​អាន​វគ្គ​នេះ​ឮៗ ។ មុន​ពេល​អ្នក​អាន សូម​ឲ្យ​សិស្ស​អាន​តាម ហើយ​ស្វែងរក​អត្ថន័យ​នៃ​ឃ្លា​នេះ ។ អ្នក​អាច​សរសេរ​អត្ថន័យ​ទាំងនេះ​នៅលើ​ក្ដារខៀន ដូច​បាន​បង្ហាញ​នៅ​ខាងក្រោម ។ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​អត្ថន័យ​ទាំងនេះ​ ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

គល់​របស់​អ៊ីសាយ—ព្រះយេស៊ូវគ្រីស្ទ

លំពង់—អ្នកបម្រើ​នៃ​ព្រះគ្រីស្ទ « ដែល​មាន​អំណាច​ដ៏​ខ្លាំង​ដាក់​មក​លើ​អ្នកបម្រើ​នោះ »

ឫស​របស់​អ៊ីសាយ—បុគ្គល​ម្នាក់​នៅក្នុង​ជំនាន់​ចុងក្រោយ ដែល​នឹង​កាន់​បព្វជិតភាព និង « កូនសោ​ទាំងឡាយ​នៃ​នគរ »

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​អត្តសញ្ញាណ​នៃ « លំពង់ » និង « ឫស​របស់​អ៊ីសាយ » ។

« តើ​យើង​និយាយ​ខុស​ថា​ព្យាការី​ដែល​បាន​លើកឡើង​នៅ​ទីនេះ​គឺជា​យ៉ូសែប ស្ម៊ីធ ដែល​បាន​មាន​បព្វជិតភាព ដែល​បាន​ទទួល​កូនសោ​ទាំងឡាយ​នៃ​នគរ និង ដែល​បាន​លើក​ទង់​ដើម្បី​ប្រមូល​រាស្ដ្រ​របស់​ព្រះអម្ចាស់​នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​ឬ ? ហើយ​តើ​គាត់​មិនមែន​ជា ‹ អ្នកបម្រើ​នៅក្នុង​ព្រះហស្ដ​នៃ​ព្រះគ្រីស្ទ ដែល​ជា​ពូជពង្ស​របស់​អ៊ីសាយ​ខ្លះ និង ពូជពង្ស​របស់​អេប្រាអិម​ខ្លះ ឬ ជា​វង្ស​នៃ​យ៉ូសែប​ដែល​មាន​អំណាច​ដ៏​ខ្លាំង​ដាក់​មក​លើ​អ្នក​បម្រើ​នោះ ទេ​ឬ​អី › ? » (The Millennial Messiah: The Second Coming of the Son of Man [ ឆ្នាំ 1982 ] ទំព័រ 339–40 ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃទី 2 21:10, 12ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​ពាក្យ និង ឃ្លា​ដែល​ទាក់ទង​នឹង​យ៉ូសែប ស្ម៊ីធ និង ការស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ និង សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ មុនពេល​សិស្ស​អាន អ្នក​អាច​រំឭក​ពួកគេ​ថា ពាក្យ ទង់សំដៅ​ទៅលើ​បទដ្ឋាន​មួយ ទង់​មួយ ឬ បដា​ដែល​បាន​ប្រើ​ជា​ចំណុច​ប្រមូល​ផ្ដុំ​មួយ ឬ ជា​សញ្ញា​សម្គាល់​មួយ​ដើម្បី​រួបរួម ( សូមមើល មេរៀន​ទី 32 ) ។

  • តើ​កិច្ចការ​របស់​យ៉ូសែប ស្ម៊ីធ បាន​បំពេញ​ការព្យាករណ៍​ដែល​ទាក់ទង​នឹង​ឫស​របស់​អ៊ីសាយ​ដោយ​របៀប​ណា ?

  • តើ​យើង​ប្រមូល​ផ្ដុំ​គ្នា​នា​សព្វថ្ងៃ​នេះ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​ដោយ​របៀប​ណា ? តើ​យើង​លើក​ទង់​ឡើង​ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​ដឹង​ពី​កន្លែង​ប្រមូល​ផ្ដុំ​ដោយ​របៀប​ណា ?

សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​បាន​ស្ដារ​ដំណឹងល្អ​របស់​ទ្រង់ និង សាសនាចក្រ​របស់​ទ្រង់​ឡើងវិញ តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ហើយ​ឥឡូវ​នេះ​កំពុង​ប្រមូល​ផ្ដុំ​រាស្ដ្រ​របស់​ទ្រង់​នៅ​ជំនាន់​ចុងក្រោយ ។

នីហ្វៃទី 2 21:6–9 ; 22

អេសាយ​ពិពណ៌នា​ពី​សហស្សវត្សរ៍

សូម​ឲ្យ​សិស្ស​ស្រមៃ​ថា មិត្ត​ម្នាក់​ដែល​ជា​សមាជិក​នៃ​ព្រះវិហារ​ផ្សេង​ទៀត​បាន​សួរ​ពួកគេ​ពី​អ្វី​ដែល​ពួកគេ​ជឿ​អំពី​សហស្សវត្សរ៍ ។ សូម​ឲ្យ​ពួកគេ​សិក្សា នីហ្វៃទី 2 21:6–9និង 22:1–6 ដោយ​ស្ងាត់ស្ងៀម ដោយ​ស្វែងរក​សេចក្ដីពិត​ដែល​ពួកគេ​អាច​ចែកចាយ​នៅក្នុង​ការសន្ទនា​មួយ​បែប​នោះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​គំនិត​របស់​ពួកគេ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​កត់ត្រា​ក្នុង​ថ្នាក់​របស់​ពួកគេ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិភាក្សា​ពី​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ សូម​សួរ​សំណួរ​ទាំងនេះ​ខ្លះៗ ឬ សួរទាំងអស់ ៖

  • តើ​ការពិពណ៌នា​នៅក្នុង នីហ្វៃទី 2 21:6–8 ស្នើ​អ្វីខ្លះ​ពី​លក្ខខណ្ឌ​នៅលើ​ផែនដី​អំឡុងពេល​សហស្សវត្សរ៍ ?

  • យោងតាម​នីហ្វៃទី 2 21:9 ហេតុអ្វី​បានជា​ផែនដី​នឹង​ជា​កន្លែង​មួយ​នៃ​សេចក្ដី​សុខសាន្ដ អំឡុងពេល​សហស្សវត្សរ៍ ? សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា អំឡុងពេល​សហស្សវត្សរ៍ ផែនដី​នឹង​ជា​កន្លែង​មួយ​នៃ​សេចក្ដី​សុខសាន្ដ ដោយសារ​វា​នឹង​ពោរពេញ​ទៅ​ដោយ​ចំណេះដឹង​អំពី​ព្រះអម្ចាស់ ) ។

  • តើ​ចំណេះដឹង​អំពី​ព្រះអម្ចាស់​អាច​ជួយ​យើង​ឲ្យ​រស់នៅ​ពេញ​ដោយ​សេចក្ដី​សុខសាន្ដ​ជាង​នេះ​ក្នុង​ពេល​ឥឡូវ​នេះ​ដោយ​របៀប​ណា ?

  • នៅក្នុង នីហ្វៃទី 2 22:1–6 អេសាយ​បាន​ពិពណ៌នា​ពី​វិញ្ញាណ​នៃ​ការថ្វាយ​បង្គំ ដែល​មនុស្ស​នឹង​មាន​អំឡុងពេល​សហស្សវត្សរ៍ ។ តើ​យើង​អាច​អភិវឌ្ឍ​ឥរិយាបថ​ដូចគ្នា​នោះនៅ​សព្វថ្ងៃ​ដោយ​របៀប​ណា ?

  • តើ​ទិដ្ឋភាព​នៃ​សហស្សវត្សរ៍​អ្វី​ខ្លះ ដែល​អ្នក​ចង់​មាន​នៅក្នុង​ជីវិត​របស់​អ្នក​នា​ពេល​ឥឡូវ​នេះ ? ( សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​សញ្ជឹងគិត​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​ឲ្យ​ទទួល​បាន​នូវ​ពរជ័យ​ទាំងនេះ​ខ្លះៗ​នៅក្នុង​ជីវិត​របស់​ពួកគេ ) ។

នីហ្វៃទី 2 23–24

អេសាយ​បង្រៀន​ថា ពួកទុច្ចរិត​នឹង​ត្រូវ​ស្លាប់ ហើយ​ថា​ព្រះអម្ចាស់​នឹង​មាន​សេចក្ដី​មេត្តា​ករុណា​មក​លើ​រាស្ដ្រ​របស់​ទ្រង់

សូម​ពន្យល់​ថា នៅក្នុង​នីហ្វៃទី 2 23 អេសាយ​ព្យាករ​អំពី​ការបំផ្លិចបំផ្លាញ​នៃ​ទី ក្រុង​បាប៊ីឡូន ហើយ​ប្រៀបធៀប​ការបំផ្លាញ​នេះ​ទៅនឹង​ការបំផ្លាញ​នៃ​ពួកទុច្ចរិត នាពេល​ការយាង​មក​ជាលើក​ទី ពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន « បាប៊ីឡូន » នៅក្នុង​វចនានុក្រម​ព្រះគម្ពីរ​បរិសុទ្ធ ។ សូម​ពន្យល់​ថា នៅក្នុង​វគ្គ​ព្រះគម្ពីរ​ខ្លះ​ពាក្យ​ថា បាប៊ីឡូនសំដៅ​ជាទូទៅ​ទៅលើ​ភាពទុច្ចរិត​នៃ​ពិភពលោក ។ អេសាយ​បាន​ព្យាករ​ថា ការបំផ្លិចបំផ្លាញ​ដ៏​មហិមា​នឹង​កើតឡើង​ទៅលើ​ពួកទុច្ចរិត​នៅក្នុង​ទីក្រុង​បាប៊ីឡូន និង នៅក្នុង​ថ្ងៃ​ចុងក្រោយ​បំផុត ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​លទ្ធផល​ចំពោះ​ពួកទុច្ចរិត​នៅក្នុង​ថ្ងៃ​ចុងក្រោយ សូម​ឲ្យ​ពួកគេ​អាន នីហ្វៃទី 2 23:1, 5–9, 11, 15, 19 និង 22ដោយ​ស្ងាត់ៗ ។

សូម​ពន្យល់​ថា អេសាយ​បាន​បង្ហាញ​ការធ្លាក់​របស់​លូស៊ីហ្វើរ ឬ សាតាំង ថា​ជា​ការបង្ហាញ​មួយ​ទៀត​អំពី​របៀប​ដែល​ពួកទុច្ចរិត​នឹង​ត្រូវ​ស្លាប់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃទី 2 24:12–16 ឮៗ ។

  • តើ​ឃ្លា​ណា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​បង្ហាញ​ពី​ការអួតអាង​របស់​សាតាំង ?

  • តើ​នីហ្វៃទី 2 24:16 បង្ហាញ​ពី​របៀប​ដែល​យើង​នឹង​មាន​អារម្មណ៍​ពី​សាតាំង​យ៉ាង​ដូចម្ដេច ប្រសិនបើ​យើង​អាច​ឃើញ​វា​តើ​វា​ជា​នរណា​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖

« នៅក្នុង​ក្រុមប្រឹក្សា​ជីវិត​មុន​ជីវិត​លើ​ផែនដី​នេះ លូស៊ីហ្វើរ​បាន​ធ្លាក់​ដោយសារ​តែ​អំនួត​ថា​ជា [ បុត្រា​នៃ​ពេល​ព្រឹក › ។ ( នីហ្វៃទី 2 24:12–15; សូម​មើល​ផងដែរ គ . និង ស . 76:25–27; ម៉ូសេ 4:3 ។ ) … នៅក្នុង​ក្រុមប្រឹក្សា​ជីវិត​មុន​ផែនដី លូស៊ីហ្វើរ បាន​ដាក់​សំណើរ​វា​ប្រកួតប្រជែង​នឹង​ផែនការ​របស់​ព្រះវរបិតា​ដែល​បាន​ប្រឹក្សា​ដោយ​ព្រះយេស៊ូវគ្រីស្ទ ។ ( សូម​មើល ម៉ូសេ 4:1–3 ។ ) វា​ចង់​បាន​កិត្តិយស​លើសមនុស្ស​​ទាំងអស់ ។ ( សូម​មើលនីហ្វៃទី 2 24:13 ។ ) ជារួម​មក បំណងប្រាថ្នា​ដ៏​អំនួត​របស់​វា​គឺ​ដើម្បី​ទម្លាក់​ព្រះ​ចេញ​ពី​រាជបល្លង្ក័ ។ ( សូមមើល គ. និង ស. 29:36; 76:28 ។ ) » ( « Beware of Pride » Ensignខែ ឧសភា ឆ្នាំ 1989 ទំព័រ 4–5 ) ។

សូម​ទាញយកចំណាប់​អារម្មណ៍​របស់​សិស្ស​​ ទៅលើ​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់​នៅ​ចុងបញ្ចប់​នៃ​នីហ្វៃទី 2 23:22 ថា ៖ « យើង​នឹង​អាណិត​អាសូរ​ដល់​រាស្ដ្រ​យើង តែ​ពួកទុច្ចរិត​ត្រូវតែ​វិនាស ។ » អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គូសចំណាំ​ការប្រកាស​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ ( សូម​កត់ចំណាំ​ថា ប្រយោគ​ចុងក្រោយ​នៅក្នុង​ខគម្ពីរ​នេះ មិន​មាននៅក្នុង​ខគម្ពីរ​ដែល​ទាក់ទង​នៅក្នុង​គម្ពីរ​អេសាយ​នៅក្នុង​ព្រះគម្ពីរ​កំណែរបស់​សេ្ដច​ជេម នោះ​ទេ ។ វាបង្ហាញ​ថា ផ្ទាំង​លង្ហិន​មាន​ព៌ត័មាន​ខ្លះ​ដែល​មិន​មាន​នៅក្នុង​ព្រះគម្ពីរ​បរិសុទ្ធ ។ )

  • តើ​អ្នក​គិត​ថា ការ​នៅ​ក្នុងចំណោម​រាស្ដ្រ​របស់​ព្រះអម្ចាស់ មាន​អត្ថន័យ​យ៉ាង​ណា ?

សូម​ឲ្យ​សិស្ស​បី​បួន​នាក់​អាន នីហ្វៃទី 2 24:1–7, 24–27ឮៗ ដោយ​ប្ដូរ​វេន​គ្នា​អាន​មួយ ឬ ពីរ​ខ​ម្នាក់ ។ សូម​អញ្ជើញ​សិស្ស​ទាំងអស់​គ្នា​រក​មើល​សេចក្ដី​សន្យា​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​រាស្ដ្រ​របស់​ទ្រង់ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​ការសង្កេត​នានា​របស់​ពួកគេ​ជាមួយ​គ្នា​ទៅវិញ​ទៅមក ។ អ្នក​អាច​គិត​ពី​ការឲ្យ​សិស្ស​ម្នាក់​សរសេរ​ការសង្កេត​ទាំងនេះ​ដាក់​លើ​ក្ដារខៀន ។

  • តើ​សារលិខិត​អ្វី ដែល​ខគម្ពីរ​ទាំងនេះ​ចែកចាយ​សម្រាប់​អស់​អ្នក​ដែល​បាន​រងទុក្ខ​ដោយសារ​តែ​អំពើ​ទុច្ចរិត​របស់​ប្រជាជន​នោះ ?

  • តើ​មាន​ភស្ដុតាង​នៃ​សុភមង្គល និង សេចក្ដី​សង្ឃឹម​អ្វី ដែល​អ្នក​បាន​ឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

សូម​ប្រាកដ​ថា សិស្ស​យល់​ថា ព្រះអម្ចាស់​នឹង​មាន​សេចក្ដី​មេត្តា​ករុណា​មក​លើ​ប្រជាជន​របស់​ទ្រង់ ប៉ុន្ដែ​ពួកទុច្ចរិត​ត្រូវ​វិនាស ។សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ការព្យាករណ៍​របស់​អេសាយ​នៅក្នុង នីហ្វៃទី 2 21–24 ឆ្លុះបញ្ចាំង​ពី​សារលិខិត​ដ៏​សំខាន់​មួយ​នៃ​ព្រះគម្ពីរ​មរមន​ថា —ពួកអ្នក​ដែល​ស្ដាប់​តាម​បង្គាប់​នឹង​រីកចម្រើន​ឡើង ហើយ​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​នឹង​ត្រូវ​វិនាស ។ សូម​ថ្លែង​ទីបន្ទាល់​ថា យើង​អាច​រស់នៅ​ដោយ​សុចរិត និង រីកចម្រើន​ឡើង​នាពេល​សព្វថ្ងៃ​នេះ នៅពេល​យើងសង្ឃឹម​ដល់​ថ្ងៃ​សហស្សវត្សរ៍ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 2 21:1 ។ « ហើយ​មែក​មួយ​ដែល​ចេញ​ពី​ឫស​លោក​នឹង​កើត​មាន​ផលផ្លែ »

អែលឌើរប្រ៊ូស អ័រ. ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​មែក​ដែល​បាន​លើកឡើង​នៅក្នុង នីហ្វៃទី 2 21:1នេះ​ថា ៖

« ព្រះយេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​បង្កើត​ឲ្យ​ដាវីឌ​មាន​លំពង់​សុចរិត​មួយ លំពង់​នោះ​ទ្រង់​នឹង​សោយរាជ្យ​ទុក​ដូចជា​សេ្ដច ហើយ​នឹង​ប្រព្រឹត្ត​ដោយ​វាងវៃ … › ( យេរេមា 23:3–6 ) ។ រួម​សេចក្ដី​មក ស្ដេច​ដែល​នឹង​សោយរាជ្យ​ដោយ​ផ្ទាល់​នៅលើ​ផែនដី​អំឡុងពេល​សហស្សវត្សរ៍ នឹង​ជា​មែក​ដែល​កើតឡើង​ពី​វង្ស​ដាវីឌ ។ ទ្រង់​នឹង​ធ្វើការកាត់​សេចក្ដី និង សេចក្ដី​យុត្តិធម៌​នៅលើ​ផែនដី​ទាំងមូល ដោយសារ​ទ្រង់​គឺជា​ព្រះអម្ចាស់​យេហូវ៉ា គឺ​ទ្រង់​នេះ​ហើយ​ដែល​យើង​ហៅ​ថា ព្រះគ្រីស្ទ ។ ដែល​មែក​របស់​ដាវីឌ​គឺជា​ព្រះគ្រីស្ទ​នោះ គឺ​ពិត​ជា​ច្បាស់​ល្អ​ឥតខ្ចោះ ។ ឥឡូវ​នេះ យើង​គួរ​ឃើញ​ថា ទ្រង់​ក៏​ត្រូវ​បាន​ហៅ​ថា ដាវីឌ ថា​ទ្រង់​គឺជា​ដាវីឌ​ថ្មី​ម្នាក់ ជា​ដាវីឌ​ដ៏​អស់កល្ប​ម្នាក់ ដែល​នឹង​សោយរាជ្យ​ជារៀង​រហូត​នៅលើ​បល្ល័ង្ក​នៃ​បុព្វបុរស​ពី​បុរាណ​របស់​ទ្រង់ [ សូម​មើល យេរេមា 30:8–9 ] » ( The Promised Messiah: The First Coming of Christ [ ឆ្នាំ 1978 ] ទំព័រ 193 ) ។