ឆ្នាំ ២០១០-២០១៩
ការហ្វឹកហាត់​សាច់ដុំ​ខាង​វិញ្ញាណ​របស់​អ្នក
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


ការហ្វឹកហាត់​សាច់ដុំ​ខាង​វិញ្ញាណ​របស់​អ្នក

ការ​គ្រាន់តែ​អាន និង​រៀន​អំពី​សាច់ដុំ គឺ​វា​ពុំ​គ្រប់គ្រាន់​ដើម្បី​បង្កើត​សាច់ដុំ​នោះ​ទេ ហើយ​ការ​អាន និង​ការ​រៀន​អំពី​សេចក្ដីជំនឿ​ដោយ​គ្មាន​បន្ថែម​សកម្មភាព គឺ​ជា​ពុំ​គ្រប់គ្រាន់​ដើម្បី​បង្កើត​ជំនឿ​នោះទេ ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ពរជ័យ​នៃ​ការ​មាន​រូបកាយ​សាច់ឈាម ដែល​ជា​អំណោយទាន​ដ៏អស្ចារ្យ​មួយ​មក​ពី​ព្រះវរបិតាសួគ៌​យើង ។ រូបកាយ​របស់​យើង​មាន​សាច់ដុំ​ជាង ៦០០ ។ សាច់ដុំ​ទាំងនេះ​តម្រូវ​ឲ្យ​ធ្វើ​លំហាត់ប្រាណ​ដើម្បី​វា​អាច​ធ្វើ​កិច្ចការ​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​យើង ។ យើង​អាច​ពង្រីក​ការ​ខិតខំ​យ៉ាង​ច្រើន​ខាង​សតិអារម្មណ៍​ដើម្បី​អាន និង​រៀន​អំពី​សាច់​ដុំ​របស់​យើង ប៉ុន្តែ​បើ​យើង​គិត​ថា គ្រាន់តែ​ធ្វើដូច​នេះ​នឹង​ធ្វើ​ឲ្យ​វា​កាន់តែ​រឹងមាំ នោះ​យើង​ច្បាស់ជា​ខក​ចិត្ត​ហើយ ។ សាច់ដុំ​របស់​យើង​រីកចម្រើន​តែ​នៅពេល​យើង​ប្រើប្រាស់​វា​ប៉ុណ្ណោះ ។

ខ្ញុំ​បាន​ដឹង​ថា អំណោយ​ខាងវិញ្ញាណ​មាន​ឥរិយាបថ​ដូចគ្នា ។ វា​ក៏​ត្រូវការ​ការអនុវត្ត​ដើម្បី​រីកចម្រើនផងដែរ ។ ឧទាហរណ៍ អំណោយទាន​ខាង​វិញ្ញាណ​នៃ​សេចក្ដីជំនឿ ពុំ​គ្រាន់តែ​ជា​អារម្មណ៍ ឬ​ចិត្ត​នោះទេ វា​គឺជា​គោលការណ៍​សកម្មភាព​មួយ ដែល​ជាញឹកញាប់​បង្ហាញ​ឡើង​នៅ​ក្នុង​បទគម្ពីរ​ដែល​ភ្ជាប់​ទៅនឹង​ពាក្យ​កិរិយាសព្ទ អនុវត្ត ។ ការ​គ្រាន់តែ​អាន និង​រៀន​អំពី​សាច់ដុំ គឺ​វា​ពុំ​គ្រប់គ្រាន់​ដើម្បី​បង្កើត​សាច់ដុំ​នោះ​ទេ ហើយ​ការ​អាន និង​ការ​រៀន​អំពី​សេចក្ដីជំនឿ​ដោយ​គ្មាន​បន្ថែម​សកម្មភាព គឺ​ជា​ពុំ​គ្រប់គ្រាន់​ដើម្បី​បង្កើត​ជំនឿ​នោះទេ ។

កាល​នោះ​ខ្ញុំ​អាយុ ១៦ ឆ្នាំ បងប្រុស​ច្បង​របស់ខ្ញុំ ឈ្មោះ​អាយវ៉ាន មានអាយុ ២២ ឆ្នាំ បាន​ត្រឡប់មក​ផ្ទះ​វិញ​នៅថ្ងៃមួយ ហើយបាន​ប្រាប់​ដំណឹង​ខ្លះៗ​ជាមួយ​នឹង​គ្រួសារ​យើង ។ គាត់​បានសម្រេច​ចិត្ត​ទទួល​បុណ្យជ្រមុជទឹក​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ឪពុក​ម្ដាយ​របស់​យើង​មើល​ទៅ​គាត់​ដោយ​ការសង្ស័យ ហើយ​ខ្ញុំ​ចាំ​ថា ខ្ញុំ​ពុំ​យល់​ទាំង​ស្រុង​ពី​អ្វី​កំពុង​កើតឡើង​ទេ ។ មួយ​ឆ្នាំ​ក្រោយមក គាត់បាន​ប្រាប់​យើង​ពី​ដំណឹង​ដ៏​គួរ​ភ្ញាក់ផ្អើល​ថា ៖ គាត់​បាន​សម្រេច​ចិត្ត​បម្រើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​របស់​សាសនាចក្រ មានន័យ​ថា យើង​នឹង​ពុំ​បាន​ឃើញ​គាត់​រយៈពេល​ពីរ​ឆ្នាំ ។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​ពុំ​សប្បាយចិត្ត​នឹង​ដំណឹង​នេះទេ ទោះជា​យ៉ាងណា​ក្ដី ខ្ញុំ​បាន​ឃើញ​គាត់​តាំងចិត្ត​យ៉ាង​ច្បាស់ ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំកាន់តែ​ស្ងើច​សរសើរ​ដល់​គាត់ និង​ការ​សម្រេច​ចិត្ត​របស់គាត់ ។

ជាច្រើន​ខែ​ក្រោយមក ខណៈ​ដែល​អាយវ៉ាន​កំពុង​បម្រើ​បេសកកម្ម ខ្ញុំ​មាន​ឱកាស​ដើម្បី​ដាក់​ផែនការ​ដើរលេង​ជាមួយ​មិត្ត​រួម​ថ្នាក់​មួយចំនួន ។ យើង​ចង់​ប្រារព្ធ​ពិធី​បញ្ចប់​វិទ្យាល័យ​របស់​យើង ហើយ​បាន​ចំណាយពេល​ពីរបី​ថ្ងៃ​នៅ​ឆ្នេរ​សមុទ្រ ។

ខ្ញុំ​បាន​សរសេរ​សំបុត្រ​ប្រាប់​បងប្រុស​​របស់​ខ្ញុំ​​ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​អំពី​ផែនការ​ដើរលេង​រដូវ​ក្ដៅ​របស់​ខ្ញុំ ។ គាត់​បាន​សរសេរ​តប​មកវិញ​ថា ទីក្រុង​ដែល​គាត់​កំពុង​បម្រើ​គឺ​នៅ​តាមផ្លូវ​ទៅ​ទិសដៅ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា វា​នឹង​ជា​ការល្អ​ដើម្បី​ឈប់​ជួប​សួរសុខទុក្ខ​គាត់ ។ លុះ​ក្រោយ​មក​ទើប​ខ្ញុំ​ដឹង​ថា អ្នក​ផ្សព្វផ្សាយសាសនា​ពុំ​អនុញ្ញាត​ឲ្យ​គ្រួសារ​ទៅ​ជួប​នោះទេ ។

ខ្ញុំ​បាន​ធ្វើ​ការ​រៀបចំ​ទាំងអស់ ។ ខ្ញុំ​ចាំ​ថា ខ្ញុំ​អង្គុយ​នៅ​លើ​ឡាន​ក្រុង​គិត​អំពី​រឿង​សប្បាយៗ​ដែល អាយវិន និង​ខ្ញុំ​នឹង​ធ្វើ​ជាមួយគ្នា​នៅ​ថ្ងៃ​រដូវ​ក្ដៅ​ដ៏​ស្រស់ស្អាត​នេះ ។ យើង​នឹង​ញ៉ាំអាហារ​ពេល​ព្រឹក និយាយ​គ្នា​លេង លេង​នៅ​ដីខ្សាច់ ដេក​ហាលថ្ងៃ—​ឱ​នោះជា​ពេល​ដ៏​ល្អ​ណាស់​ដែល​យើង​ទាំង​ពីរ​នាក់​នឹងមាន !

នៅពេល​ឡាន​ក្រុង​ទៅដល់​ចំណត ខ្ញុំ​បាន​ឃើញ​អាយវិន នៅ​ឈរជិត​នឹង​យុវជន​ម្នាក់ទៀត ដែល​អ្នកទាំង​ពីរ​ពាក់អាវ​ពណ៌ស និង​ក្រវ៉ាត់ក ។ ខ្ញុំ​ចុះពី​លើ​ឡាន យើង​ឱបគ្នា ហើយ​គាត់​បាន​ណែនាំ​ដៃគូ​របស់​គាត់​ឲ្យ​ខ្ញុំ​ស្គាល់ ។ ដោយ​ពុំ​ចង់​ខាតពេល ខ្ញុំ​បានប្រាប់​បងប្រុស​ខ្ញុំ​អំពី​ផែនការ​របស់ខ្ញុំ​សម្រាប់​ថ្ងៃនោះ ប៉ុន្តែ​ខ្ញុំ​ដឹង​បន្ដិច​បន្ដួច​អំពី​កាលវិភាគ​របស់​អាយវិន ។ គាត់​បាន​មើល​មក​ខ្ញុំ ញញឹម ហើយ​និយាយ​ថា « ប្រាកដណាស់ ! ទោះជា​យ៉ាងណា យើង​ចាំបាច់​ត្រូវ​ធ្វើ​កិច្ចការ​មួយចំនួន​ជាមុន​សិន ។ តើ​ប្អូន​ចង់​ទៅ​ជាមួយ​ពួក​យើង​ឬទេ? » ខ្ញុំ​យល់ព្រម ដោយគិត​ថា យើង​នឹង​មានពេល​គ្រប់គ្រាន់​ដើម្បី​លេង​នៅលើ​ឆ្នេរ​ខ្សាច់​បន្ទាប់ពី​នោះ ។

នៅ​ថ្ងៃនោះ ខ្ញុំ​បាន​ដើរ​ជាមួយ​នឹង​បងប្រុស​ខ្ញុំ និង​ដៃគូគាត់​អស់​រយៈពេល​ជាង​ដប់ម៉ោង​នៅ​តាមផ្លូវ​ជាច្រើន​ក្នុង​ទីក្រុង​នោះ ។ ខ្ញុំ​បាន​ញញឹម​ដាក់​មនុស្ស​​ពេញ​មួយ​ថ្ងៃ ។ ខ្ញុំ​បាន​ជម្រាប​សួរ​អ្នក​ដែល​ខ្ញុំ​ពុំ​ធ្លាប់​ជួប​សោះ​ក្នុង​ជីវិត​ខ្ញុំ ។ យើង​បាន​និយាយ​នឹង​មនុស្ស​គ្រប់រូប គោះទ្វារ​របស់​អ្នក​ដទៃ ហើយ​ជួប​នឹង​មនុស្ស​ដែល​បងប្រុស​ខ្ញុំ និង​ដៃគូ​គាត់​បង្រៀន ។

អំឡុង​ពេល​ការ​ទៅជួប​មួយ​នោះ បងប្រុស​ខ្ញុំ និង​ដៃគូ​គាត់​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ ។ រំពេច​នោះ អាយវិន​បាន​ឈប់ ហើយ​មើល​មក​ខ្ញុំ ។ ខ្ញុំ​ភ្ញាក់ផ្អើល ពេល​គាត់​សុំ​ខ្ញុំ​ដោយ​គួរ​សម​ឲ្យ​ចែកចាយ​អំពី​គំនិត​ខ្ញុំ​ចំពោះ​អ្វី​ដែល​បាន​បង្រៀន​នោះ ។ បន្ទប់​ទាំងមូល​មានភាព​ស្ងប់ស្ងាត់ ហើយ​ភ្នែក​គ្រប់គូ​បាន​មើល​មក​ខ្ញុំ ។ ដោយ​មាន​ការ​ពិបាក​ខ្លះៗ ទីបំផុត​ខ្ញុំ​បាន​នឹកឃើញ​ពាក្យសម្ដី​ជាច្រើន ហើយ​បាន​ចែកចាយ​អារម្មណ៍​ខ្ញុំ​អំពី​ព្រះអង្គសង្គ្រោះ ។ ខ្ញុំ​ពុំ​ដឹង​នូវ​អ្វី​ខ្ញុំ​បាន​ចែកចាយ​នោះ​ថា​ត្រូវ ឬ​ខុសទេ ។ បងប្រុស​ខ្ញុំ ពុំ​ដែល​កែតម្រូវ​ខ្ញុំឡើយ ផ្ទុយទៅវិញ គាត់បាន​អរគុណ​ខ្ញុំ​ដែល​ចែកចាយ​គំនិត និង​អារម្មណ៍​របស់​ខ្ញុំ ។

អំឡុង​ពេល​ប៉ុន្មានម៉ោង​នៅជាមួយ​គ្នា​នោះ បងប្រុស​ខ្ញុំ និង​ដៃគូ​គាត់​ពុំ​បាន​ចំណាយ​ពេល​មួយ​នាទីណា​បង្រៀន​មេរៀន​ដោយ​ពុំ​ខ្វល់​ពី​ខ្ញុំ​នោះឡើយ ព្រោះ​ខ្ញុំ​ទទួល​បាន​ចំណេះដឹង​កាន់តែ​ច្រើន​នៅ​ក្នុង​ការ​សន្ទនា​ពី​មុនៗ​ជាមួយ​គាត់ ។ ខ្ញុំ​បាន​ធ្វើ​ជា​សាក្សីថា ទឹក​មុខ​របស់​មនុស្ស​មាន​ការ​ផ្លាស់ប្ដូរ នៅពេល​ពួកគេ​ទទួលបាន​ពន្លឺ​ខាងវិញ្ញាណ​នៅក្នុង​ជីវិត​ពួកគេ ។ ខ្ញុំ​បាន​មើលឃើញ​ពួកគាត់​មួយចំនួន​បាន​រកឃើញ​ក្ដីសង្ឃឹម​នៅ​ក្នុង​សារលិខិត ហើយ​ខ្ញុំ​បាន​ដឹង​អំពី​របៀប​បម្រើ​អ្នកដទៃ ហើយ​បំភ្លេច​ពី​ខ្លួន​ខ្ញុំ និង​បំណង​ប្រាថ្នា​របស់ខ្ញុំ ។ ខ្ញុំ​កំពុង​ធ្វើ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀនថា ៖ « បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ នោះ​ត្រូវ​ឲ្យ​លះកាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ » ។

ពេល​នឹកគិត​ទៅ​ក្រោយ​វិញ ខ្ញុំ​បាន​ដឹង​ថា សេចក្ដីជំនឿ​របស់​ខ្ញុំ​បាន​រីកចម្រើន​នៅ​ថ្ងៃ​នោះ ដោយសារ​តែ​បងប្រុស​ខ្ញុំ​បាន​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​អនុវត្ត​វា ។ ខ្ញុំ​បាន​អនុវត្ត​វា​នៅពេល​យើង​អាន​បទគម្ពីរ ស្វែងរក​មនុស្ស​បង្រៀន ថ្លែង​ទីបន្ទាល់ បម្រើ​អ្នក​ដទៃ ជាដើម ។ យើង​ពុំ​បាន​ចេញទៅ​ដេកហាលថ្ងៃ​នៅ​ថ្ងៃនោះទេ ប៉ុន្តែ​ដួងចិត្ត​ខ្ញុំ​បាន​ហាល​នៅ​ក្នុង​ពន្លឺ​ពី​ស្ថានសួគ៌ ។ ខ្ញុំ​ពុំ​បាន​ឃើញ​ខ្សាច់​នៅ​លើ​ឆ្នេរ​សមុទ្រ​សូម្បី​តែ​មួយ​គ្រាប់ ប៉ុន្តែ​ខ្ញុំ​មានអារម្មណ៍​ថា ជំនឿ​របស់​ខ្ញុំ​បាន​រីកចម្រើន​ដូចជា​គ្រាប់​ពូជ​មួយ​គ្រាប់ ។ ខ្ញុំ​ពុំ​បាន​ចំណាយ​ពេល​ថ្ងៃ​នោះ​ដូចជា​អ្នកទេសចរណ៍​នោះទេ ប៉ុន្តែ​ខ្ញុំ​បាន​ទទួល​បទពិសោធន៍​យ៉ាងល្អ ដោយ​ពុំ​បាន​ដឹង​ខ្លួន​ថា ខ្ញុំ​គឺជា​អ្នក​ផ្សព្វផ្សាយសាសនា​ម្នាក់—ដែល​ពុំ​មែនជា​សមាជិក​សាសនាចក្រ​ផងនោះ !

ឱកាស​ដើម្បី​ពង្រឹង​សាច់ដុំ​ខាង​វិញ្ញាណ

អរគុណ​ចំពោះ​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ យើង​អាច​យល់​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌​យើង​ជួយ​ដល់​យើង​ឲ្យ​អភិវឌ្ឍ​អំណោយទាន​ខាង​វិញ្ញាណ ។ វា​ទំនង​ថា ទ្រង់​នឹង​ប្រទាន​ឱកាស​ដល់​យើង​ដើម្បី​អភិវឌ្ឍ​អំណោយទាន​ទាំងឡាយ ជាជាង​គ្រាន់តែ​ប្រគល់​វា​មក​ដល់​យើង​ដោយ​គ្មាន​ការ​ខិតខំ​ខាង​វិញ្ញាណ ឬ​សាច់ឈាម​នោះ ។ បើ​យើង​ប្រកប​ដោយ​ព្រះវិញ្ញាណទ្រង់ នោះ​យើង​នឹង​រៀន​ស្គាល់​ឱកាស​ទាំងនោះ ហើយ​បន្ទាប់មក​ធ្វើ​តាម ។

បើ​យើង​ព្យាយាម​ឲ្យ​កាន់តែ​មាន​ការ​អត់ធ្មត់ នោះ​យើង​អាច​ឃើញ​ថា ខ្លួនយើង​ត្រូវ​ហាត់រៀន​អត់ធ្មត់​ពេល​កំពុង​រង់ចាំ​នោះ ។ បើ​យើង​ចង់​មាន​ក្ដីស្រឡាញ់​ដល់​អ្នក​ជិតខាង​កាន់តែ​ច្រើន យើង​អាច​បីបាច់​វា​ដោយ​ការ​អង្គុយ​នៅជិត​មនុស្ស​ថ្មី​ដែល​ទើប​តែ​មក​ព្រះវិហារ ។ វា​ស្រដៀងគ្នា​នឹង​សេចក្ដីជំនឿ ៖ នៅពេល​មានការ​សង្ស័យ​កើត​មានឡើង​ក្នុង​គំនិត​យើង នោះ​វា​តម្រូវ​ឲ្យមានការ​ទុកចិត្ត​ទៅលើ​ការ​សន្យា​របស់ព្រះអម្ចាស់ ដើម្បី​ដើរ​ឆ្ពោះ​ទៅ​មុខ ។ តាម​របៀប​នេះ យើង​កំពុង​ហាត់​ប្រើ​សាច់ដុំ​ខាង​វិញ្ញាណ ហើយ​អភិវឌ្ឍ​វា​នៅ​ក្នុង​ប្រភព​នៃ​កម្លាំង​ក្នុង​ជីវិត​រស់នៅ​របស់យើង ។

វាប្រហែលជា​ពុំ​ងាយ​ស្រួល​ទេ​នៅ​ពី​ដំបូង ហើយ​វា​អាច​នឹង​ជា​ឧបសគ្គ​ធំមួយ​ផងដែរ ។ ព្រះ​បន្ទូល​របស់​ព្រះអម្ចាស់ តាមរយៈព្យាការី​មរ៉ូណៃ អនុវត្ត​ចំពោះ​យើង​សព្វ​ថ្ងៃនេះ ៖ « ហើយ​បើសិនជា​មនុស្ស​លោក​មក​រកយើង នោះ​យើង​នឹង​បង្ហាញ​ដល់​ពួកគេនូវ​ភាពទន់​ខ្សោយ​របស់​ពួកគេ ។ យើង​ឲ្យ​ភាព​ទន់ខ្សោយ​ទៅ​មនុស្ស ដើម្បី​ឲ្យ​ពួកគេ​អាច​បាន​រាបសា ហើយ​គុណ​របស់​យើង មាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ទាំងអស់​ដែល​បន្ទាបខ្លួន​នៅ​ចំពោះ​យើង ដ្បិត​បើសិន​ជា​ពួកគេ​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង ហើយ​មាន [ អនុវត្ត ] សេចក្ដីជំនឿ​ជឿ​ដល់​យើង លំដាប់​នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ចំពោះ​ពួកគេ​វិញ » ។

ខ្ញុំ​មានអំណរគុណ​ចំពោះ​បង អាយវ៉ាន​ដែល​ពុំ​គ្រាន់តែ​ចែកចាយ​ដំណឹងល្អ​ជាមួយ​ខ្ញុំ​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​រស់នៅ​តាម ហើយ​ទទួលស្គាល់ភាព​ទន់ខ្សោយ​របស់​ខ្ញុំ​ដោយ​ប្រយោល​ផងដែរ ។ គាត់​បានជួយ​ខ្ញុំ​ឲ្យ​ទទួល​យក​ការ​អញ្ជើញ​របស់​លោក​ចៅហ្វាយ ៖ « ចូរ​មក​តាម​ខ្ញុំ »—ដើម្បី​ដើរ​ដូចជា​ព្រះអង្គសង្គ្រោះ​យាង ស្វែងរក​ដូចជា​ព្រះអង្គសង្គ្រោះ​ស្វែងរក ហើយ​ស្រឡាញ់​ដូចជា​ព្រះអង្គសង្គ្រោះ​ស្រឡាញ់​យើង ។ ជាច្រើន​ខែ​ក្រោយមក បន្ទាប់ពី​បទពិសោធន៍​ផ្សព្វផ្សាយសាសនា​របស់​ខ្ញុំ ខ្ញុំ​បាន​សម្រេច​ចិត្ត​ទទួល​បុណ្យជ្រមុជទឹក ហើយ​បម្រើ​បេសកកម្ម​របស់​ខ្ញុំ​ដោយ​ផ្ទាល់ ។

សូម​ទទួល​យក​ការ​អញ្ជើញ​របស់​ប្រធាន រ័សុល អិម ណិលសុន ហើយ​មក​រក​ព្រះអង្គសង្គ្រោះ​ដោយ​ចេតនា ដោយ​ការ​ដឹង​ថា សាច់ដុំ​ទាំងនោះ ត្រូវការ​សកម្មភាព​ខាង​វិញ្ញាណ​កាន់តែ​ច្រើន ហើយ​ចាប់​ផ្ដើម​ហាត់ប្រើ​វា ។ នេះ​គឺជា​ការ​រត់ប្រណាំង​ម៉ារ៉ាតុង​ផ្លូវ​ឆ្ងាយ មិនមែន​ជាការ​រត់​បង្ខំ​ឲ្យ​ដល់​ទី​ទេ ដូច្នេះ​សូម​កុំ​ភ្លេច​សកម្មភាព​ខាង​វិញ្ញាណ តូច​តាច ប៉ុន្តែ​ខ្ជាប់ខ្ជួន​ទាំងឡាយ ដែល​នឹង​ពង្រឹង​ដល់​សាច់ដុំ​ខាង​វិញ្ញាណ​ដ៏​សំខាន់​ទាំងនោះ ។ បើ​យើង​ចង់​បង្កើន​ជំនឿ​របស់​យើង សូម​ធ្វើ​អ្វីៗ​ដែល​តម្រូវ​ឲ្យ​មាន​សេចក្ដីជំនឿ ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ខ្ញុំ​ថា យើង​គឺ​ជា​កូនចៅ​របស់​ព្រះវរបិតាសួគ៌ ។ ព្រះរាជបុត្រាទ្រង់​គឺ​ព្រះ​យេស៊ូវគ្រីស្ទ​ស្រឡាញ់​យើង ។ ទ្រង់​បាន​យាងមក​ពិភព​លោក​នេះ​ដើម្បី​បង្ហាញ​ផ្លូវ​ដល់​យើង ហើយ​បាន​ប្រទាន​ជីវិត​ទ្រង់​ដោយ​ស្ម័គ្រព្រះទ័យ​ដើម្បីផ្ដល់​ក្ដីសង្ឃឹម​ដល់​យើង ។ ព្រះអង្គសង្គ្រោះ​បាន​អញ្ជើញ​យើង​ឲ្យ​ធ្វើតាម​គំរូ​ដ៏​ឥតខ្ចោះ​របស់​ទ្រង់ ដើម្បី​អនុវត្ត​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ទ្រង់ និង​ដង្វាយធួន​ទ្រង់ ហើយ​ពង្រីក​គ្រប់អំណោយទាន​ខាង​វិញ្ញាណ​ដើម្បី​យើង​ត្រូវ​បាន​ប្រទានពរ ។ ទ្រង់​គឺ​ជា​ផ្លូវ ។ នេះជាទីបន្ទាល់របស់ខ្ញុំ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។