ឆ្នាំ ២០១០-២០១៩
« ចូរ​មក​តាម​ខ្ញុំ »
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


« ចូរ​មក​តាម​ខ្ញុំ »

ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​យើង​ឲ្យ​ដើរ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​ត្រឡប់ទៅកាន់​ផ្ទះយើងវិញ ទៅរក​ព្រះបិតាមាតា​សួគ៌​របស់យើង ហើយ​នឹង​មនុស្សជា​ទីស្រឡាញ់របស់យើង ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ភរិយារបស់​ខ្ញុំ​វិនឌី និង​ខ្ញុំ​រីករាយ​នៅ​ជាមួយ​បងប្អូន​នា​ព្រឹក​ថ្ងៃ​ឈប់​សម្រាក​នេះ ។ មាន​រឿង​ជា​ច្រើនបាន​កើត​ឡើង ចាប់តាំង​ពី​សន្និសីទ​ទូទៅ​មុន ។ ព្រះវិហារបរិសុទ្ធ​ថ្មី​ត្រូវ​បាន​ឧទ្ទិស​ឆ្លង​នៅ ខនស៊ិបសូន ឈីលី, បារ៉ាន់ជីឡា កូឡុំប៊ី និង រ៉ូម អ៊ីតាលី ។ យើង​មានបទពិសោធន៍​នៃការ​ចាក់ស្រោច​ព្រះវិញ្ញាណ​ដ៏​បរិបូរណ៍​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ពិសិដ្ឋ​នេះ ។

ខ្ញុំ​អបអរ​សាទរ​ដល់​ស្ត្រី ( និង​បុរស ) ជាច្រើនដែល​ថ្មីៗ​បាន​អាន​ព្រះគម្ពីរមរមន ហើយ​រកបាន​អំណរ និង​រតនសម្បត្តិ​ដែល​លាក់​កំបាំង ។ ខ្ញុំទទួលបាន​ការ​បំផុសគំនិត​តាម​របាយការណ៍​អំពី​អព្ភូតហេតុ​ដែល​បាន​ទទួល ។

ខ្ញុំ​ស្ងើច​ចំពោះ​យុវជន​អាយុ ១១ ឆ្នាំ ដែល​ឥឡូវ​ជា​ឌីកុន មានភាព​ស័ក្ដិសម​ចែក​សាក្រាម៉ង់​ជា​រៀងរាល់​ថ្ងៃ​អាទិត្យ ។ ពួកគេ​ទៅ​ព្រះវិហារបរិសុទ្ធ​ជាមួយ​នឹង​យុវនារី​អាយុ ១១ ឆ្នាំ ដែល​ឥឡូវ​កំពុង​រៀន និង​ជា​ប៊ីហៃ​បម្រើ​យ៉ាង​សកម្ម ។ ទាំង​យុវជន និង​យុនារី​កំពុង​ផ្សាយ​សេចក្ដីពិត​ដំណឹងល្អ​ដោយ​ច្បាស់លាស់ និង​ការ​ជឿជាក់ ។

ខ្ញុំ​រីករាយ​ចំពោះ​កុមារ និង​យុវវ័យ​ដែល​កំពុង​ជួយ​បង្រៀន​ដំណឹងល្អ​នៅក្នុង​គេហដ្ឋាន​របស់ពួកគេ នៅពេល​ពួកគេ​ធ្វើ​ការ​ជាមួយ​នឹង​ឪពុក​ម្ដាយ​ដើម្បី​ធ្វើ​តាម​កម្មវិធី​ផ្ដោត​ទៅលើ​គ្រួសារ ដែល​សាសនាចក្រ​ផ្ដល់ការ​គាំទ្រ ។

យើង​​ទទួល​បាន​​រូបថត​របស់ ប្លាក អាយុ ៤ ឆ្នាំ ដែល​​បាន​ទាញ​យក​សៀវភៅ​សាសនាចក្រមួយ​ចេញ​មក​នៅពេល​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍ ហើយ​ថ្លែង​ឡើង​ថា « ខ្ញុំ​ចាំបាច់​ត្រូវ​ឲ្យ​ចំណី​ខាង​វិញ្ញាណ​របស់​ខ្ញុំ ! »

រូបភាព
ប្លាក​កំពុង​​បីបាច់​វិញ្ញាណ​របស់​គាត់

ប្លាក យើង​រីករាយដែល​ចៅ និង​ក្មេងៗដទៃទៀត​​កំពុង​ជ្រើសរើស​ផ្ដល់​ចំណី​ខាង​វិញ្ញាណ ដោយ​ការ​ទទួល​ទាន​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែលបាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ហើយ​យើង​រីករាយ​ពេល​ដឹង​ថា មាន​មនុស្ស​ជា​ច្រើន​កំពុង​ទទួល​យក​ព្រះចេស្ដា​របស់​ព្រះ​នៅក្នុង​ជីវិត​ពួកគេ នៅពេល​ពួកគេ​ថ្វាយបង្គំ ហើយ​បម្រើ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ។

ដូច​បងប្អូន​ជាច្រើន​បាន​ដឹង​ហើយ គ្រួសារ​របស់​យើង​បាន​ទទួល​ការឈឺចាប់​កាល​បីខែ​កន្លង​ទៅ នៅពេល​កូនស្រី វិនឌី​របស់​យើង​បាន​ចែកឋាន​ពី​ជីវិតរមែង​ស្លាប់នេះទៅ ។ នៅ​ថ្ងៃ​ចុងក្រោយនៃ​ការ​ច្បាំង​នឹង​ជំងឺ​មហារីក​របស់​នាង់ ខ្ញុំ​មានពរ​ដោយ​មាន​ឱកាស​សន្ទនាលាគ្នា​រវាង​ឪពុក និង​កូនស្រី ។

ខ្ញុំ​បាន​ឱប​គាត់​ក្នុងដៃ ហើយ​ប្រាប់​គាត់​ថា​ខ្ញុំ​ស្រឡាញ់​គាត់​ខ្លាំង​ណាស់ ហើយ​មានអំណរគុណ​ដែល​ខ្ញុំបានធ្វើ​ជា​ឪពុក​របស់​គាត់ ។ ខ្ញុំ​បាន​និយាយ​ថា ៖ « កូន​បាន​រៀបការ​ក្នុង​ព្រះវិហារបរិសុទ្ធ ហើយ​បាន​គោរព​តាម​​សេចក្ដីសញ្ញា​របស់​កូន​ដោយ​ស្មោះត្រង់ ។ កូន និង​​ប្ដី​របស់​កូន​មាន​កូន​ប្រាំ​ពីរ​នាក់​នៅ​ក្នុង​ផ្ទះ ហើយ​បាន​ចិញ្ចឹម​ពួកគេ​ធ្វើជា​ពួកសិស្ស​ដ៏ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជាសមាជិក​សាសនាចក្រ​ដ៏​ក្លាហាន និង​ជាពលរដ្ឋ​ដែលជួយ​សង្គម ។ ហើយ​ពួកគេ​បាន​ជ្រើសរើស​ដៃគូជីវិត​ដែលមាន​គុណ​សម្បត្តិ​ដូចគ្នា ។ ឪពុក​មាន​មោទនភាព​ខ្លាំង​ណាស់​ចំពោះ​កូន ។ កូន​បាន​នាំ​ក្ដីអំណរ​យ៉ាង​ច្រើន​ដល់​ឪពុក ! »

នាង​បាន​ឆ្លើយ​តប​ដោយ​ស្ងាត់ស្ងៀម « អរគុណ ប៉ា » ។

វាពិតជាគ្រា​មួយ​ដ៏ទន់ភ្លន់ និង​ទឹកភ្នែកចំពោះ​ពួកយើង ។ អំឡុង​វ័យ ៦៧ ឆ្នាំ​របស់​គាត់ យើង​បាន​ធ្វើ​ការ​ជាមួយគ្នា ច្រៀង​ជាមួយគ្នា ហើយ​ជាញឹកញាប់​បាន​ជិះស្គី​ជាមួយគ្នា ។ ប៉ុន្តែ​នៅ​ល្ងាចនោះ យើង​បាន​និយាយ​នូវ​រឿង​ដែលសំខាន់​បំផុត​ដូចជា សេចក្ដីសញ្ញា ពិធីបរិសុទ្ធ ការ​គោរពប្រតិបត្តិ ជំនឿ គ្រួសារ ភក្ដីភាព សេចក្ដីស្រឡាញ់ និង​ជីវិត​អស់កល្បជានិច្ច ។

យើង​នឹក​កូនស្រី​របស់យើង​ខ្លាំងណាស់ ។ ទោះជាយ៉ាងណា ដោយសារ​តែ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់ព្រះយេស៊ូវគ្រីស្ទ យើង​មិន​បារម្ភ​អំពីគាត់​ទេ ។ នៅពេល​យើង​បន្ដ​គោរព​សេចក្ដីសញ្ញា​របស់​យើង​ជាមួយ​​ព្រះ នោះ​យើង​រស់នៅ​ជួបជុំគ្នា​នឹង​គាត់​ម្ដងទៀត ។ ទន្ទឹម​នឹង​នោះ យើង​កំពុង​បម្រើ​ព្រះអម្ចាស់​នៅទីនេះ ហើយគាត់​កំពុង​បម្រើទ្រង់នៅ​ទីនោះ— ក្នុង​ស្ថានបរមសុខ ។

តាមពិត ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​ទៅក្រុង​​ផារ៉ាដាយ​ពី​ដើម​ឆ្នាំ​នេះ—​នោះគឺ ក្រុង​ផារ៉ាដាយ រដ្ឋ​កាលីហ្វូញ៉ា ។ នៅពេល​វា​បាន​កើតឡើង កាលវិភាគ​របស់​យើង​ទៅ​ទីនោះ​មាន​តិចជាង ៤០ ម៉ោង​បន្ទាប់ពី​កូនស្រី​យើង​បានលាចាក​លោក​នេះ ។ យើង​ ព្រមទាំង​អែលឌើរ ខេវីន ដបុលយូ ភៀរសិន និងភរិយាលោកឈ្មោះ ជូន ត្រូវ​បានពួកបរិសុទ្ធ​នៅ​ស្ដេក​ឈីកូ កាលីហ្វូញ៉ា ជួយគាំពារ ។ យើង​បាន​រៀន​ពី​សេចក្ដីជំនឿ​ដ៏ខ្លាំង ការ​ផ្ដល់​ការងារ​បម្រើរបស់​ពួកគេ និង​អព្ភូតហេតុ​ជាច្រើន​ដែល​បាន​កើត​ឡើង​នៅ​កណ្ដាល​ការបាត់បង់​ដ៏​អស់សង្ឃឹម​របស់ពួកគេ ដោយសារ​ការ​បំផ្លាញ​ជា​ដំណំមកពី​ភ្លើង​ឆេះព្រៃ​នៅ​ក្នុងប្រវត្តិសាស្ត្រ​រដ្ឋ​កាលីហ្វូញ៉ា ។

ខណៈពេល​នៅ​ទីនោះ យើង​បាននិយាយ​ជាយូរ​ជាមួយ​នឹង​មន្ត្រី​ប៉ូលីស​វ័យ​ក្មេង​ម្នាក់ឈ្មោះ ចន ដែល​ជា​អ្នក​ឆ្លើយតប​ដំបូង​គេ​ដ៏ក្លាហានម្នាក់ ។ គាត់​បាន​ប្រាប់​អំពី​ភាព​ងងឹត​ដ៏​ក្រាស់​ដែល​ធ្លាក់មក​​លើ​ក្រុង​ផារ៉ាដាយ​នៅ​ថ្ងៃទី ៨ ខែ​ វិច្ឆិកា ឆ្នាំ ២០១៨ ជា​អណ្ដាតភ្លើង និងរងើកភ្លើង​ប្រដេញ​តាម​ទីក្រុង លេបត្របាក់​ផ្ទះសម្បែង​និង​ទ្រព្យសម្បត្តិ​ជាច្រើន​ដូចជា​ទារុណកម្មមួយ ហើយ​គ្មាន​បន្សល់​ទុក​អ្វី​សោះ ក្រៅពី​គំនរ​ផេះផង់ និង​គំនរ​ឡភ្លើង​ឡើយ ។

រូបភាព
សាលាប្រជុំ​ក្រោយ​ពី​ភ្លើង​ឆេះ

ក្នុង​រយៈពេល ១៥ ម៉ោង ចន បាន​បើក​ឡាន​កាត់​ភាពងងឹត ដែល​មាន​លំពែង​រងើក​ភ្លើង​គំរាម​គំហែងយ៉ាងលឿន នៅពេល​គាត់​ជួយ​មនុស្ស​ម្នាក់​ហើយ​ម្នាក់ទៀត គ្រួសារ​មួយហើយ​គ្រួសារ​មួយ​ទៀត​ឲ្យ​ភាស​ចេញ​ដោយ​សុវត្ថិភាព—មនុស្ស​ទាំងដែល​ហៀប​នឹង​គ្រោះថ្នាក់​ដល់​ជីវិត ។ ប៉ុន្តែ​អំឡុង​ពេល​ការរងទុក្ខដ៏​ខ្លាំង អ្វី​ដែល ​ចន ​រន្ធត់​ខ្លាំង​បំផុត​នោះ គឺ​ជា​សំណួរសំខាន់នេះ​ថា ៖ « ​តើគ្រួសារខ្ញុំនៅ​ឯ​ណា ? » បន្ទាប់​ពី​អស់រយៈពេល​ជាច្រើន​ម៉ោង​នៃ​ការ​បារម្ភ​ភ័យខ្លាច ទីបំផុត​គាត់​បាន​ដឹងពីការ​ជម្លៀស​ខ្លួន​សុវត្ថិភាព​របស់​ពួកគេ ។

ដំណើរ​រឿង​នៃ​ការ​បារម្ភ​របស់​ ចន ចំពោះ​គ្រួសារ​គាត់​ត្រូវ​បាន​បំផុសគំនិត​ខ្ញុំ​ឲ្យ​ថ្លែង​នៅ​ថ្ងៃ​នេះ​ដល់​បងប្អូន​ដែល​អាច​នឹង​សួរ​នៅ​ពេល​ជិត​ចូល​ដល់​ចុងបញ្ចប់​នៃជីវិត​រមែង​ស្លាប់​ខ្លួន​ថា « តើ​គ្រួសារខ្ញុំនៅ​ឯណា ? » នៅក្នុង​ថ្ងៃ​ខាង​មុខ​នោះ នៅពេល​អ្នក​នឹង​បញ្ចប់​ការសាកល្បង​នៃ​ជីវិត​រមែង​ស្លាប់​របស់​បងប្អូន ហើយ​ចូល​ទៅ​ពិភព​វិញ្ញាណ បងប្អូន​នឹង​នាំ​ឲ្យ​ប្រឈម​មុខ​នឹង​សំណួរឈឺចាប់​ក្នុង​ដួងចិត្ត​ថា ៖ « តើគ្រួសារខ្ញុំនៅ​ឯណា ? »

ព្រះគ្រីស្ទបង្រៀនពីរបៀប​ត្រឡប់​ទៅ​កាន់​គេហដ្ឋាន​ដ៏​អស់កល្បជានិច្ច​យើង​វិញ ។ ទ្រង់​យល់​អំពី​ការ​រីកចម្រើន​នៃ​ផែនការដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះវរបិតាសួគ៌​យើង​ប្រសើរ​ជាង​យើង​ទាំងអស់គ្នា ។ លើសពីនោះ ទ្រង់គឺជា​ថ្មគន្លឹះ​នៃ​អ្វីៗគ្រប់យ៉ាង ។ ទ្រង់ជាព្រះប្រោសលោះ ជាអង្គព្យាបាល និងជា​ព្រះអង្គសង្គ្រោះរបស់យើង ។

ចាប់តាំង​ពី​អ័ដាម និង​អេវ៉ា​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​សួនច្បារ​អេដែន​មក ព្រះយេស៊ូវ​គ្រីស្ទ​បាន​បើក​ព្រះហស្ត​ដ៏ធំដើម្បី​ជួយ​អស់អ្នក​ដែល​ជ្រើសរើស​ធ្វើតាម​ទ្រង់ ។ ព្រះគម្ពីរ​បាន​កត់ត្រាដដែលៗ​ថា មិន​ថាមនុស្ស​គ្រប់ប្រភេទមាន​អំពើបាប​​​ប្រភេទ​ណាទេ ព្រះហស្ត​ទ្រង់​បានលាតលាចាំជានិច្ច ។​

តាមធម្មជាតិ ​វិញ្ញាណ​យើង​ម្នាក់ៗ​ឈោងទៅរក​សេចក្ដីស្រឡាញ់​ជា​គ្រួសារ​ដល់​អស់កល្បជានិច្ច ។ ចម្រៀង​នៃ​ក្ដីស្រឡាញ់​រក្សា​ក្ដីសង្ឃឹម​ក្លែងក្លាយ​ថា សេចក្ដីស្រឡាញ់​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវការ បើ​អ្នក​ចង់​នៅ​ជា​មួយគ្នា​ជា​រៀងរហូត ។ ហើយ​អ្នក​ខ្លះ​ជឿ​ដោយ​ខុស​ឆ្គង​ថា ការរស់ឡើងវិញ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ផ្ដល់​ការ​សន្យា​ថា មនុស្ស​គ្រប់គ្នា​នឹង​នៅ​ជាមួយ​នឹង​មនុស្ស​ជា​ទីស្រឡាញ់​របស់​ខ្លួន​បន្ទាប់​ពី​សេចក្ដីស្លាប់ ។

តាមពិត ព្រះអង្គសង្គ្រោះ​ផ្ទាល់​បាន​ប្រាប់​យ៉ាង​ច្បាស់​ថា ខណៈ​ដែល​ការរស់ឡើងវិញ​របស់​ទ្រង់​អះអាង​ថា​មនុស្ស​គ្រប់​រូប​ដែល​ធ្លាប់រស់នៅ​នឹង​​បាន​រស់ឡើង​វិញ ហើយ​រស់នៅ​ជា​រៀង​រហូត​ពិត​មែន បើ​យើង​ចង់​មាន​ឯកសិទ្ធិខ្ពស់​នៃ​ភាព​តម្កើង​ឡើង នោះ​យើង​តម្រូវ​ឲ្យមាន​អ្វីៗ​ជា​ច្រើនទៀត ។ ​សេចក្ដីសង្គ្រោះ​គឺជា​បញ្ហា​បុគ្គល​ម្នាក់ៗ ប៉ុន្តែ​ភាពលើក​តម្កើង​ឡើង​គឺជា​បញ្ហា​ជា​គ្រួសារ​មួយ ។

សូមស្ដាប់​ព្រះបន្ទូល​ទាំងនេះ​ដែល​ព្រះអម្ចាស់​​យេស៊ូវ​គ្រីស្ទ​បាន​ថ្លែង​ទៅ​ព្យាការី​ទ្រង់ ៖ « គ្រប់​ទាំង​សេចក្ដី​សញ្ញា កិច្ច​សន្យា សំបុត្រ​ធានា កាតព្វកិច្ច សម្បថ ការ​សច្ចា ការ​ប្រព្រឹត្តិ ការ​រួបរួម ការ​ចូល​រួម ឬ​ការ​សង្ឃឹម ដែល​ពុំ​បាន​ធ្វើ ហើយ​ចូល ហើយ​ភ្ជាប់ ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា … នោះ​សុទ្ធ​តែ​គ្មាន​ប្រសិទ្ធិភាព អំណាច ឬ​អានុភាព នៅ​ក្នុង និង​ក្រោយ​ពី​ដំណើរ​រស់​ពី​ស្លាប់​ឡើង​វិញ​ឡើយ ត្បិត​គ្រប់​ទាំង​កិច្ច​សន្យា​ណា​ដែល​ពុំ​បាន​ធ្វើ​ចំពោះ​គោលបំណង​នេះ នោះ​ក៏​ឈប់​ដែរ នៅ​ពេល​មនុស្ស​ស្លាប់​ទៅ » ។

ដូច្នេះ តើ​មានកិច្ចតម្រូវ​អ្វីខ្លះ​ដើម្បី​គ្រួសារមួយ​ត្រូវ​បាន​តម្កើង​ឡើង​ជា​រៀងរហូត ? យើង​ស័ក្ដិសមនឹងឯកសិទ្ធិ​នោះ តាមរយៈ​ការ​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ រក្សា​សេចក្ដីសញ្ញា​ទាំងនោះ ហើយ​ទទួល​ពីធីបរិសុទ្ធ​សំខាន់ៗ ។

រឿង​នេះជា​ការ​ពិត​ចាប់​តាំង​ពី​ដើម​ដំបូង​នៃ​ការ​បង្កបង្កើត ។ អ័ដាម និង នាងអេវ៉ា ណូអេ និងភរិយា ​លោក អ័ប្រាហាំ និង​សារ៉ា លីហៃ និង​សារ៉ាយ និង​គ្រប់​ពួកសិស្ស​ស្មោះត្រង់​ដទៃទៀត​ទាំងអស់​របស់​ព្រះយេស៊ូវ​គ្រីស្ទ—​ចាប់តាំង​ពី​លោកិយ​បង្កបង្កើត​—​បាន​ធ្វើសេចក្ដីសញ្ញាដូចគ្នាជាមួយ​នឹង​ព្រះ ។ ពួកគេ​បាន​ទទួល​ពិធីបរិសុទ្ធ​ដូចគ្នា​នឹង​យើង​ដែល​ជា​សមាជិក​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះអម្ចាស់​​បាន​ទទួល​នៅ​ថ្ងៃនេះ​ដែរ ៖ សេចក្ដីសញ្ញា​ទាំងឡាយ​ដែល​យើង​ទទួល​បាន​នៅ​ពិ​​ធីបុណ្យជ្រមុជទឹក និង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ព្រះអង្គសង្គ្រោះ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទៅតាម​ទ្រង់​ចុះក្នុង​ទឹក​នៃ​ពិធីបុណ្យជ្រមុជទឹក ហើ​យធ្វើ​សេចក្ដីសញ្ញា​បន្ថែមជាមួយ​ព្រះ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ទទួល ហើយ​ស្មោះត្រង់​ចំពោះ​ពិធីបរិសុទ្ធ​សំខាន់បន្ថែមទៀតទាំងនោះ ។ អ្វីៗ​ទាំងនេះ​តម្រូវ​ពី​យើង បើ​យើង​ចង់​បាន​ភាព​តម្កើង​ឡើង​ជាមួយ​គ្រួសារ​យើង និង​ជាមួយ​ព្រះ​ជារៀងរហូត ។

ការបារម្ភ​នៃ​ដួងចិត្ត​ខ្ញុំគឺ​ថា មនុស្ស​ជាច្រើន​ដែល​ខ្ញុំ​ស្រឡាញ់ កោតសរសើរ និង​គោរព​​មិន​ទទួល​យក​ការ​អញ្ជើញ​របស់​ទ្រង់ ។ ពួកគេ​ពុំខ្វល់​នឹង​ការ​ទូលអង្វរ​របស់ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ទ្រង់​បោយព្រះហស្ត​ហៅ « ចូរ​មក​តាម​ខ្ញុំ » ។

ខ្ញុំដឹង​ពីមូលហេតុ​ដែល​​ព្រះ​ទ្រង់​ព្រះ​កន្សែង ។ ខ្ញុំ​ក៏​យំផងដែរ​ចំពោះ​មិត្តភក្ដិ និង​សាច់ញាតិ​ទាំង​នោះ ។ ពួកគេ​គឺ​ជា​បុរស និង​ស្ត្រី​ដែល​អស្ចារ្យ លះបង់​ចំពោះ​គ្រួសារ និង​​ទទួលខុសត្រូវ​ចំពោះ​សហគមន៍ ។ ពួកគេ​ផ្ដល់​ពេលវេលា ថាមពល និង​ធនធាន​ដោយ​សប្បុរស ។ ហើយ​ពិភពលោក​បានល្អ​ប្រសើរ​ដោយសារ​ការ​ខិតខំ​របស់ពួកគេ ។ ប៉ុន្តែ​ពួកគេ​បាន​ជ្រើសរើស​មិន​ចុះ​​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ។ ពួកគេ​មិន​ទទួល​យក​ពិធីបរិសុទ្ធ​ដែល​តម្កើង​ពួកគេ​នឹង​ក្រុមគ្រួសារ ហើយ​ចងភ្ជាប់​ពួកគេ​នៅ​ជាមួយ​គ្នា​ជា​រៀងរហូត ។

ឱ ខ្ញុំ​បន់​​ថា​ខ្ញុំ​អាច​ទៅ​ជួប​នឹង​ពួកគេ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ឲ្យ​ហ្មត់ចត់​ចំពោះ​ក្រឹត្យវិន័យ​សុពល​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​ងឿង​ឆ្ងល់​ចំពោះ​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​ដើម្បី​ឲ្យ​ពួកគេ​​​មានអារម្មណ៍​ពី​ទំហំ​នៃ​ក្ដី​ស្រឡាញ់​ដែល​ព្រះអង្គសង្គ្រោះ​មាន​ដល់​ពួកគេ ដឹង​ថា​ខ្ញុំ​ស្រឡាញ់​ពួកគេ​ប៉ុណ្ណា ហើយ​​ទទួល​ស្គាល់​ថា​ បុរស​ស្ត្រី​​ដែលបាន​ចុះ​​​សេចក្ដីសញ្ញា​អាច​ទទួលបាន « ភាពពេញលេញ​នៃ​សេចក្ដីអំណរ » ប៉ុណ្ណា ។

ពួកគេ​ចាំបាច់​ត្រូវ​យល់​ថា ខណៈ​ពេល​ដែ​លមាន​កន្លែង​មួយសម្រាប់​ពួកគេ​បន្ទាប់​ពីជីវិត​នេះ— ជាមួយនឹងបុរស​ស្ត្រី​ដ៏​ល្អ​ដែល​មិន​ជ្រើសរើស​ចុះ​សេចក្ដីសញ្ញា​ជាមួយ​ព្រះផងដែរ— នោះគឺពុំមែនជា​កន្លែង​ដែល​ក្រុមគ្រួសារ​នឹង​សាមគ្គី​គ្នា ហើយ​ត្រូវ​បាន​ផ្ដល់​នូវ​ឯកសិទ្ធិ​ដើម្បី​រស់នៅ និង​រីកចម្រើនជា​និរន្ដរ៍នោះទេ ។ នោះគឺពុំមែន ជានគរ​ដែល​ពួកគេ​នឹង​មាន​បទពិសោធន៍​​​ពេញលេញ​នៃ​អំណរ— នៃ​ការ​រីក​ចម្រើន និង​សុភមង្គល​ដែល​ពុំ​ចេះចប់​នោះទេ ។ ពរជ័យ​នៅ​ទីបំផុត​ទាំងនោះ អាច​កើត​មាន​តែ​តាមរយៈ​ការ​រស់នៅ​ក្នុង​នគរ​សេឡេស្ទាល​ដ៏​តម្កើងឡើង​ជាមួយ​នឹង​ព្រះ ជា​ព្រះវរបិតាសួគ៌​របស់​យើង ព្រះរាជបុត្រាទ្រង់ ព្រះ​យេស៊ូវ​គ្រីស្ទ និង​សមាជិក​ក្រុមគ្រួសារ​ដ៏ល្អ មានភាពស័ក្ដិសម និង​មានគុណសម្បត្តិ​ដើម្បីទៅ​ទីនោះប៉ុណ្ណោះ ។

ខ្ញុំ​ទទួល​អារម្មណ៍បំផុសគំនិត​ដើម្បី​ថ្លែង​រឿងនេះ​ទៅ​មិត្ត​ដែល​ស្ទាក់ស្ទើរ​របស់​ខ្ញុំ ៖

« ​នៅក្នុង​ជីវិត​នេះ បងប្អូន​ពុំ​បាន​រីករាយ​នឹង​អ្វី​ដែលជា​ជម្រើសទីពីរ​នោះទេ ។ ប៉ុន្តែ​នៅ​ពេល​បងប្អូន​ទទូច​ឱបក្រសោប​យ៉ាង​ពេញលេញនូវ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​បងប្អូន​កំពុង​ជ្រើសរើស​រីករាយ​នឹង​អ្វី​ដែលជម្រើសទីពីរ​នោះ ។

ព្រះអង្គ​សង្គ្រោះ​បាន​បន្ទូលថា ‹ នៅក្នុង​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ​មាន​ទីលំនៅ​ជាច្រើន › ។១០ ទោះជា​យ៉ាងណាក៏ដោយ នៅពេល​បងប្អូន​ជ្រើសរើស​មិនចុះ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ នោះ​បងប្អូន​កំពុង​តែ​ទទួល​យក​ដំបូល​តូចទាប​បំផុត​មួយ​ជ្រកកោន​នៅពេញ​ទាំង​គ្រប់ភាព​អស់កល្បជានិច្ច » ។

ខ្ញុំ​នឹង​សុំ​បន្ថែម​ទៀត​ទៅដល់​មិត្ត​ស្ទាក់ស្ទើរ​របស់ខ្ញុំ​ដោយ​និយាយ​ថា ៖

« ចូរ​ចាក់​ស្រោច​ដួងចិត្ត​របស់​បងប្អូន​ទៅរកព្រះ ។ ទូលសួរ​ទៅ​ទ្រង់​បើ​រឿង​ទាំង​នេះ​គឺជា​ការ​ពិត ។ រកពេល​សិក្សា​ព្រះបន្ទូល​ទ្រង់ ។ ពិតជា​សិក្សា ! បើ​បងប្អូនពិត​ជា​ស្រឡាញ់​គ្រួសារ​ ហើយ​បើ​បងប្អូន​ចង់​បាន​តម្កើង​ឡើង​ជាមួយ​នឹង​ពួកគេ​នៅ​អស់​ទាំងភាព​អស់កល្បជានិច្ច សូម​ធ្វើ​រាល់អ្វី​ដែល​ចាំបាច់​ដើម្បី​ទទួល​បាន​វា​ពីពេល​ឥឡូវ​នេះ​ទៅ​—​តាមរយៈ​ការសិក្សា​ដោយ​ហ្មត់ចត់ និង​ការ​អធិស្ឋាន​ដោយ​អង់អាច— ដើម្បី​ស្គាល់​សេចក្ដីពិត​ដ៏​អស់កល្បជានិច្ច​ទាំងនេះ បន្ទាប់មក​គោរព​តាមវា ។

បើ​បងប្អូន​មិនប្រាកដ​ថា​បងប្អូន​អាច​ជឿ​ទៅលើ​ព្រះ សូម​ចាប់​ផ្ដើម​ពី​ត្រង់នេះទៅ ។ សូម​យល់​ថា កាលណា​អវត្តមាន​ពីបទពិសោធន៍​ទាំងឡាយ​ជាមួយ​ព្រះ នោះមនុស្ស​អាច​នឹង​សង្ស័យ​អំពី​វត្តមាន​របស់ព្រះ ។ ដូច្នេះ សូម​ដាក់​ខ្លួន​អ្នក​ទៅក្នុង​កន្លែង​មួយ​ដើម្បី​ចាប់​ផ្ដើម​មានបទពិសោធន៍​ទាំង​ឡាយ​ជាមួយ​ទ្រង់ ។ បន្ទាបខ្លួន ។ អធិស្ឋាន​ដោយ​កែវភ្នែក​ចង់​មើល​ឃើញ​ព្រះហស្ត​របស់ព្រះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន ហើយនឹង​ពិភពលោក​ជុំវិញ​បងប្អូន ។ ទូលសូម​ទ្រង់​ឲ្យ​ប្រាប់​បងប្អូន បើទ្រង់​ពិត​ជា​គង់​នៅ—​បើ​ទ្រង់​ពិតជា​ស្គាល់​បងប្អូន ។ ទូលសួរ​ទ្រង់​ថា​ទ្រង់​មានព្រះទ័យ​យ៉ាងណា​ចំពោះ​បងប្អូន ។ បន្ទាប់​មក​ ​ស្តាប់ » ។

មិត្ត​សំឡាញ់​ម្នាក់​នេះ​របស់ខ្ញុំ មានបទពិសោធន៍​មាន​កំណត់​ជាមួយ​នឹង​ព្រះ ។ ប៉ុន្តែ​គាត់​ចង់​នៅ​ជាមួយ​នឹង​ភរិយាដែល​ស្លាប់ទៅ​របស់គាត់ ។ ដូច្នេះ គាត់​សុំខ្ញុំ​​ឲ្យ​ជួយគាត់ ។ ខ្ញុំ​លើក​ទឹកចិត្ត​ដល់​គាត់​ឲ្យជួប​នឹង​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង​ដើម្បី​យល់​ពី​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ហើយ​រៀន​អំពី​សេចក្ដីសញ្ញា ពិធីបរិសុទ្ធ និង​ការប្រសិទ្ធពរ​ទាំងឡាយ​​នៃ​ដំណឹងល្អ ។

ហើយ​គាត់​បាន​ធ្វើ​តាម ។ ប៉ុន្តែ​គាត់​មានអារម្មណ៍​ថា​ផ្លូវ​ដែលពួកគេ​បាន​ផ្ដល់​ដំបូន្មាន នឹង​តម្រូវ​ឲ្យ​គាត់​ធ្វើ​ការ​ផ្លាស់ប្ដូរ​ច្រើន​ពេក​ក្នុង​ជីវិត​របស់​គាត់ ។ គាត់​បាន​និយាយថា « បទបញ្ញត្តិ និង​សេចក្ដីសញ្ញា​ទាំង​នោះលំបាក​ខ្លាំង​ណាស់​ចំពោះ​ខ្ញុំ ។ ហើយខ្ញុំក៏​ពុំ​អាច​ថ្វាយដង្វាយមួយភាគ​ក្នុង​ដប់ ហើយខ្ញុំ​ពុំ​មានពេល​បម្រើនៅ​ក្នុង​សាសនាចក្រ​បានដែរ » ។ បន្ទាប់មក គាត់​បាន​សួរ​ខ្ញុំថា « នៅពេល​ខ្ញុំ​ស្លាប់​ទៅ សូម​ធ្វើ​កិច្ចការ​ព្រះវិហារបរិសុទ្ធ​ដែលចាំបាច់​ឲ្យ​ខ្ញុំ និង​ភរិយាខ្ញុំ ដើម្បី​ឲ្យពួកយើង​អាច​នៅជាមួយ​គ្នា​ម្ដងទៀត​ » ។

សំណាងហើយ​ដែលខ្ញុំពុំមែនជា​ចៅក្រម​របស់​បុរស​ម្នាក់​នេះ ។ ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដ​ថា វា​មាន​ប្រសិទ្ធភាព​ឬទេ កាល​​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​ជំនួស​ឲ្យ​បុរស​ម្នាក់ ​ដែល​មាន​ឱកាស​ទទួល​បុណ្យជ្រមុជទឹក​ក្នុងជីវិតនេះ​—ដើម្បី​តែងតាំង​បព្វជិតភាព ហើយ​ទទួលពរជ័យ​ព្រះវិហារបរិសុទ្ធ​ពេល​នៅ​ក្នុង​ជីវិតរមែង​ស្លាប់នេះ​—ប៉ុន្តែ​បែរជា​សម្រេចចិត្ត​ដោយមនសិការ​បដិសេធ​មិន​ដើរលើ​ផ្លូវ​នោះទៅ​វិញ ។

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​យើង​ឲ្យ​ដើរ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​ត្រឡប់​ទៅកាន់​ផ្ទះយើងវិញ ទៅរកព្រះបិតាមាតា​សួគ៌​របស់​យើង និង​​មនុស្សជា​ទីស្រឡាញ់របស់យើង ។ ទ្រង់​អញ្ជើញ​យើង​ថា « ចូរ​មក​តាម​ខ្ញុំ »។

ឥឡូវ ក្នុងនាមជា​ប្រធាន​សាសនាចក្រ​របស់ទ្រង់ ខ្ញុំ​សូម​អង្វរ​ដល់​បងប្អូន​ដែលបាន​ឃ្លាត​ឆ្ងាយពី​សាសនាចក្រ ព្រមទាំង​បងប្អូន​ដែល​ពុំទាន់​បាន​ស្វែងយល់ដឹង​ថា ​សាសនាចក្រ​របស់ព្រះអង្គសង្គ្រោះ​ត្រូវ​បាន​ស្ដារឡើងវិញ ។ សូម​ធ្វើ​នូវ​កិច្ចការ​ខាង​វិញ្ញាណ​ស្វែងយល់​ដោយ​ខ្លួន​ឯង ហើយ​សូម​ធ្វើ​វា​ឥឡូវនេះ ។ ជិតអស់​ម៉ោង​ហើយ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​មាន​ព្រះជន្ម​រស់ ! ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ។ សាសនាចក្រ​របស់ទ្រង់ និងភាពពេញលេញ​នៃ​ដំណឹងល្អ​របស់ទ្រង់​ត្រូវ​បាន​ស្ដារឡើងវិញ​ដើម្បី​ប្រទានពរ​ដល់​ជីវិត​យើង​ដោយអំណរ នៅទីនេះ និង​បរលោកនាយ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។