ឆ្នាំ ២០១០-២០១៩
ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ

ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​ពុំ​គ្រាន់តែ​មាន​ទំហំ​អនន្ដ​នោះទេ ប៉ុន្តែ​មនុស្ស​ម្នាក់ៗ​ក៏​​អាច​ទទួល​យក​បាន​ផងដែរ ។

ក្នុង​រដូវ​កាល​នេះ​យើង​រីករាយ ហើយ​​​គិត​ជា​ពិសេស​ដល់​​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ពិតណាស់ វា​គឺជា​គោលលទ្ធិ​ដ៏​មាន​អនុភាព​ពីសួគ៌ា​ដែល​ពិភពលោក ឬ​សាកល​លោក​នេះ​ពុំ​ធ្លាប់​ស្គាល់​ពី​មុន​មក ។ វា​គឺជា​អ្វី​ដែលផ្ដល់​សេចក្ដី​សង្ឃឹម និង​គោលបំណង​ដល់​ជីវិត​របស់​យើង ។

ដូច្នេះ​តើ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​អ្វី ? ក្នុង​ន័យ​មួយ វាគឺជា​បណ្ដុំ​ព្រឹត្តិការណ៍​ដ៏​ទេវភាព​ដែល​បាន​ចាប់ផ្ដើម​នៅ​ក្នុង​សួនច្បារ​​គែតសេម៉ានី បាន​បន្ត​នៅ​លើ​ឈើ​ឆ្កាង ហើយ​បាន​បញ្ចប់​ជាមួយ​នឹង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ​ចេញ​ពី​ផ្នូរ ។ វា​ត្រូវ​បាន​ជំរុញ​ចិត្ត​ដោយ​សេចក្ដីស្រឡាញ់​ដែល​​យើង​ម្នាក់ៗពុំ​អាច​យល់​បាន ។ វា​តម្រូវ​ឲ្យ​មាន​អង្គ​ដែល​គ្មាន​អំពើបាប ដែល​មាន​ព្រះចេស្ដាជា​និរន្ត​រ​លើ​ធាតុ​ទាំងឡាយ​—សូម្បី​តែ​សេចក្ដីស្លាប់ ជា​អង្គ​ដែល​មាន​សមត្ថភាព​គ្មាន​ដែន​កំណត់​ដើម្បីរងទុក្ខ​នូវ​លទ្ធផល​នៃ​រាល់​អំពើ​បាប​ និង​ជំងឺរ​បស់​យើង ហើយ​ជា​អង្គ​ដែល​យាង​ចុះ​ក្រោម​គ្រប់​ទាំងអស់ ។​ នេះ​គឺជា​បេសកកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ—នេះ​គឺជា​ដង្វាយធួន​របស់​ទ្រង់ ។

ចុះ​តើ​គោលបំណង​របស់​វា​គឺជាអ្វី ? វា​គឺ​ដើម្បី​ធ្វើ​ឲ្យ​យើង​អាច​ត្រឡប់​ទៅ​វត្តមាន​រ​បស់​ព្រះវិញ ប្រែក្លាយ​កាន់​តែ​ដូចជា​ទ្រង់ ហើយ​មាន​អំណរ​ដ៏​ពេញ​លេញ​មួយ ។ ការណ៍​នេះ​អាច​សម្រេច​បាន​តាមរយៈ​ការ​យក​ឈ្នះ​លើ​ឧបសគ្គ​បួន​យ៉ាង ៖

  1. សេចក្ដីស្លាប់​ខាង​រាងកាយ

  2. សេចក្ដីស្លាប់​ខាង​វិញ្ញាណ ដែល​​​​កើត​មាន​ដោយ​សារ​អ័ដាម និង​ដោយសារ​អំពើបាប​របស់​យើង

  3. ទុក្ខវេទនា និង​ជំងឺ​របស់​យើង

  4. ភាព​ទន់​ខ្សោយ​ និង​ភាព​ពុំ​ល្អ​ឥត​ខ្ចោះ​របស់​យើង

ចុះ​តើ​ព្រះអង្គ​ស​ង្គ្រោះ​អាច​សម្រេច​ការណ៍​នេះ​ដោយ​គ្មាន​បំពាន​​លើ​ក្រឹត្យវិន័យ​នៃ​សេចក្ដី​យុត្តិធម៌​បាន​តាមរបៀប​ណា ?

រូបភាព
ការទម្លាក់​ខ្លួន​ពី​យន្ដហោះ​ដោយ​សេរី

សូម​គិត​មួយ​ភ្លែត​ថា ​​បុរស​ម្នាក់ដែល​​ចង់​ដក​ពិសោធន៍​នូវ​ការ​ទម្លាក់​ខ្លួន​ពី​អាកាស​ដ៏​រំភើប បាន​សម្រេច​ចិត្ត​យ៉ាង​តក់​ក្រហល់ ហើយ​បាន​លោត​​​ចេញ​ពី​យន្ត​ហោះ​តូច​មួយ​ភ្លាមៗ ។ បន្ទាប់​ពី​ធ្វើ​ដូច្នេះ គាត់​បាន​នឹក​ឃើញ​ភ្លាម​ពី​ភាព​ឆ្កួត​លីលា​នៃ​ទង្វើ​របស់​គាត់ ។ គាត់​ចង់​ចុះចត​ដោយ​សុវត្ថិភាព ប៉ុន្តែ​វា​មាន​ឧបសគ្គ​មួយ—គឺ​ច្បាប់​ទំនាញ​ផែនដី ។ គាត់​បាន​គ្រវាស​ដៃ​គាត់​យ៉ាង​លឿន ដោយសារ​សង្ឃឹម​ថា គាត់​អាច​ហោះ​ហើរ​បាន ប៉ុន្តែ​វា​ពុំ​ដំណើរ​ការ​ទេ ។ គាត់​បាន​ធ្វើបណ្ដែត ឬ​សំកាំង​ខ្លួន​ដើម្បី​កុំ​ឲ្យ​គាត់​ធ្លាក់​ចុះ​លឿន​ពេក ប៉ុន្តែ​ច្បាប់​ទំនាញ​ផែនដី​​គឺ​មិន​អាច​បញ្ឈប់​បាន​ទេ ហើយ​គ្មាន​ក្ដី​មេត្តា​ឡើយ ។ គាត់​ព្យាយាមវែក​ញែក​រក​ហេតុផល​ជាមួយ​នឹង​ច្បាប់​មូលដ្ឋាន​នៃ​ធម្មជាតិ​ថា « ខ្ញុំ​ដឹង​ខុស​ហើយ ។ ខ្ញុំ​នឹង​ពុំ​ធ្វើ​វា​ម្ដង​ទៀត​ឡើយ » ។ ប៉ុន្តែ​គ្មាន​នរណា​ឮ​​ការ​អង្វរ​របស់​គាត់​ឡើយ ។ ច្បាប់​ទំនាញ​ផែនដី​គ្មាន​ក្ដីមេត្តា​ ហើយ​គ្មាន​ករណី​លើក​លែង​ឡើយ ។ ប៉ុន្តែសំណាង​ល្អ រំពេច​នោះ​បុរស​ម្នាក់​នេះ​មាន​អារម្មណ៍​ថា មាន​អ្វីមួយ​នៅ​លើ​ខ្នង​របស់​គាត់ ។ ដោយ​ដឹង​ពី​ភាព​ឆ្កួតលីលា​នេះ មិត្ត​របស់​គាត់​នៅ​ក្នុង​យន្តហោះ​ដាក់ឆ័ត្រ​យោង​មួយ​នៅ​លើ​ខ្នង​គាត់ ពីមុន​គាត់​លោត​ចុះ​មក ។​ គាត់​រក​ឃើញខ្សែ​ទាញ​បើក​ឆ័ត្រ​យោង ហើយ​ក៏​ទាញ​វា ។ ឆ័ត្រយោង​ក៏​រលាស់​ឡើង ហើយ​គាត់​បាន​ហោះ​ចុះ​ទៅ​ដល់​ដី​ដោយ​សុវត្ថិភាព ។ យើង​អាច​នឹង​សួរ​ថា « តើ​ច្បាប់​ទំនាញ​ផែនដី​ត្រូវ​បាន​បំពាន​មែន​ទេ ឬ​តើ​ឆ័ត្រយោង​នោះ​​បាន​ដំណើរ​ការ​នៅ​ក្នុង​ច្បាប់​នោះ​ដើម្បី​ផ្ដល់​ការ​ចុះមក​ដល់​ដី​ដោយសុវត្ថិភាព​ឬ ? »

រូបភាព
ការលោត​ឆត្រយោង​ដល់​ទីសុវត្ថិភាព

នៅពេល​យើង​មាន​បាប យើង​ប្រៀបបាន​នឹង​បុរស​ដ៏​ឆ្កួត​លីលា​ម្នាក់​ដែល​បាន​លោត​ចេញ​ពី​យន្ត​ហោះ​នោះ​ដែរ ។ មិន​ថា​យើង​ប្រឹង​ធ្វើ​អ្វីនោះ​ទេ មាន​តែ​ការ​ធ្លាក់​ដល់​ដី​ប៉ុណ្ណោះ​ដែល​កំពុង​រង់​ចាំ​យើង ។ យើង​ទទួល​រង​នូវ​ក្រឹត្យវិន័យ​នៃ​សេចក្ដី​យុត្តិធម៌ ដែល​ដូចជា​ច្បាប់​ទំនាញ​ផែនដី​ដែរ វាពិត ហើយ​គ្មាន​ការ​អត់ឱន ។ យើង​អាច​ត្រូវ​បាន​សង្គ្រោះ​ដោយសារ​តែ​ព្រះអង្គ​សង្គ្រោះ​​ប្រទាន​ឲ្យ​យើង​នូវ​ឆ័ត្រយោង​ខាង​វិញ្ញាណ​មួយ​ដោយ​សេចក្ដី​មេត្តា​ករុណា​តាមរយៈ​ដង្វាយ​ធួន​របស់​ទ្រង់​ប៉ុណ្ណោះ ។ ប្រសិន​បើ​យើង​មាន​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ប្រែ​ចិត្ត ( មានន័យ​ថា យើង​ធ្វើ​ផ្នែក​របស់​យើង ហើយ​ទាញ​បើក​ខ្សែ​បើក​ឆ័ត្រ​យោង​នោះ ) នោះ​ព្រះចេស្ដា​ការពារ​របស់​ព្រះអង្គ​សង្គ្រោះ​​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ប្រយោជន៍​របស់​យើង ហើយ​យើង​អាចចុះចត​ដោយ​គ្មាន​គ្រោះ​ថ្នាក់​ខាង​វិញ្ញាណ​ឡើយ ។

ប៉ុន្តែ​ការណ៍​នេះ​អាច​កើត​ឡើង​ ដោយសារ​តែ​ព្រះអង្គសង្គ្រោះ​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំង​បួន​យ៉ាង​ដែល​អាច​រារាំង​ដល់​ការ​រីកចម្រើន​ខាង​វិញ្ញាណ​របស់​យើង​ប៉ុណ្ណោះ ។

១. សេចក្ដី​ស្លាប់ ។ ទ្រង់​យក​ឈ្នះ​លើ​សេចក្ដី​ស្លាប់​តាមរយៈ​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ដ៏​រុង​រឿង​របស់ទ្រង់ ។ សាវក​ប៉ុល​បាន​បង្រៀន​ថា « ​ព្រោះ​ដូច​ជា​គ្រប់​មនុស្ស​ទាំង​អស់​បាន​ត្រូវ​ស្លាប់​ក្នុង​លោក​អ័ដាម​ជា​យ៉ាង​ណា នោះ​គ្រប់​គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់​ក្នុង​ព្រះគ្រីស្ទ​យ៉ាង​នោះ​ដែរ » ។

២. អំពើ​បាប ។ ព្រះអង្គ​សង្គ្រោះ​យក​ឈ្នះ​អំពើបាប និង​កំហុស​សម្រាប់​អ្នក​ដែល​ប្រែចិត្ត ។ ព្រះចេស្ដា​លាង​សម្អាត​របស់​ទ្រង់​ដែល​អេសាយ​បាន​សន្យា​ថា « ទោះបើ​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ខ្មៅ​កខ្វក់​យ៉ាង​ណា​ក្តី​ក៏​វា​ប្រែ​សដូចសំឡី​វិញ​ដែរ » មាន​ភាព​ស៊ីជម្រៅ ហើយ​ធំធេង​ណាស់ ។

​មាន​គ្រាមួយ​ ខ្ញុំ​បាន​ជួប​នឹង​ពួក​បរិសុទ្ធ​ល្អៗ​ដែល​ពិបាក​នឹង​អភ័យទោស​ដល់​ខ្លួន​ឯង ដែល​ជា​មនុស្ស​ដែល​បាន​ដាក់ដែន​កំណត់​ពុំ​ត្រឹមត្រូវ​ទៅ​លើ​ព្រះចេស្ដា​ប្រោស​លោះ​របស់​ព្រះអង្គសង្គ្រោះ​ដោយ​អចេតនា ។ ដោយ​ពុំ​ដឹង​ខ្លួន ពួកគេ​បាន​បំលែង​ដង្វាយធួនដ៏​និរន្ដរ​មួយ​ទៅ​ជា​ដង្វាយ​ធួន​ដែល​កំណត់ ដែល​ពុំ​អាច​បំពេញ​បន្ថែម​ដល់​អំពើ​បាប ឬ​ភាព​ទន់​ខ្សោយ​ជាក់​លាក់​របស់​ពួកគេ ។ ប៉ុន្តែ​វា​គឺជា​ដង្វាយធួន​ជា​និរន្តរ​មួយ ដោយសារ​វាមាន​រាប់បញ្ចូល​នូវ​រាល់​អំពើ​បាប និង​ភាព​ទន់ខ្សោយ ក៏​ដូចជា​រាល់​ការ​បំពាន ឬ​ការ​ឈឺចាប់​ដែល​បង្ក​ឡើង​ដោយ​មនុស្ស​ដទៃ​ផង​ដែរ ។

ទ្រូមែន ជី មែដសិន បាន​ធ្វើ​ការសង្កេត​ដ៏​លួង​លោម​ចិត្ត​នេះ​ថា

« ប្រសិន​បើ​មាន​អ្នក​រាល់​គ្នា​មួយ​ចំនួន​ត្រូវ​គេ​បោក​បញ្ឆោត​ឲ្យ​ជឿ​ថា អ្នក​បាន​ទៅ​ហួស​ឆ្ងាយ​ហើយ … រហូត​ដល់​មាន​ជាតិ​ពុល​នៃ​អំពើ​បាប​​ដែលធ្វើ​ឲ្យ​​​អ្នក​ពុំ​អាច​ប្រែក្លាយ​ដូច​ដើម​វិញ​បាន​ឡើយ—ដូច្នេះ ​សូម​ស្ដាប់​ខ្ញុំ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា អ្នក​ពុំ​អាច​លិច​លង់​ជ្រៅ​ជាងពន្លឺ និង​ព្រះប្រាជ្ញាញាណ​ដែលព្រះយេស៊ូវគ្រីស្ទពុំ​អាច​ឈោង​ទៅ​ជួយ​បាន​ឡើយ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ដរាប​ណាមាន​ឆន្ទៈតូច​មួយ​ដើម្បី​ប្រែ​ចិត្ត ហើយ​ឈោង​មក នោះ​ទ្រង់​គង់​នៅ​ទី​នោះ ។ ទ្រង់​ពុំ​គ្រាន់​តែ​បាន​យាង​ចុះ​ត្រឹម​ស្ថាន​ភាព​របស់​អ្នក​ប៉ុណ្ណោះទេ ប៉ុន្តែ​ទ្រង់​បាន​យាង​ចុះ​ពី​ក្រោម​វា ‹ ដើម្បី​ទ្រង់​អាចយល់​គ្រប់​ទាំងអស់ ប្រយោជន៍​ឲ្យ​ទ្រង់​អាច​បាន​ទៅ​ជា​ពន្លឺ​នៃ​សេចក្ដីពិត › ។[ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦ ] » ។

ហេតុផល​មួយ​ដែល​វា​មាន​សារៈសំខាន់​បំផុត​ដើម្បី​យល់​ពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ និង​លទ្ធផល​ដ៏​និរន្តរ​របស់​វា​គឺ​ថា កាលណា​មាន​ការ​យល់​ដឹង​កាន់​តែ​​ច្រើន នោះ​បំណង​ប្រាថ្នា​ដើម្បី​អភ័យទោស​ដល់​ខ្លួន​ឯង និង​មនុស្ស​ដទៃ​នឹង​កើន​ឡើង ។

ទោះ​ជា​យើង​អាច​ជឿលើ​ព្រះចេស្ដា​លាង​សម្អាត​របស់​ព្រះគ្រីស្ទ​ក្ដី ក៏​ជារឿយ​ៗ​មាន​សំណួរ​ចោទសួរ​ឡើង​ផង​ដែរ​ថា « តើ​ខ្ញុំ​ដឹង​ថា អំពើ​បាប​របស់​ខ្ញុំ​ត្រូវ​បាន​អភ័យទោស​ឲ្យ​តាម​របៀបណា ? » ប្រសិនបើ​យើង​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ នោះ​គឺជា​សាក្សី​របស់​យើង​ថា យើង​ត្រូវ​បាន​អភ័យទោស​ឲ្យ ឬ​ថា​ដំណើរ​ការ​លាង​សម្អាត​គឺ​កំពុង​ដំណើរ​ការ ។ ប្រធាន ហិនរី ប៊ី អាវរិង បាន​បង្រៀន​ថា ​« ប្រសិន​បើ​បងប្អូន​ទទួល​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​បងប្អូន…​​អាចយក​វា​ធ្វើ​ជា​ភស្ដុតាង​ថា ដង្វាយធួន​កំពុង​ដំណើរការ​នៅក្នុង​ជីវិត​របស់​បងប្អូន​ហើយ » ។

រូបភាព
ផ្លូវ​ទ័ល

មនុស្ស​ខ្លះ​បាន​សួរ​ថា « ចុះ​បើ​ខ្ញុំ​ទទួល​បាន​ការ​អភ័យទោស​ហើយ ហេតុអ្វី​ខ្ញុំនៅ​មាន​អារម្មណ៍​ថា​ខុស​ឆ្គង​ទៀត ? » នៅ​ក្នុង​សេចក្ដីមេត្តា​ករុណា​របស់​ព្រះ ប្រហែល​ជា​ការ​ចងចាំនៃ​កំហុស​នោះ​គឺជា​ការ​ព្រមាន​មួយ ជា ​​« សញ្ញា​ឲ្យ​ឈប់ » ​ខាង​វិញ្ញាណ​មួយ យ៉ាង​ហោច​ណាស់​ពេល​ខ្លះ ស្រែក​ឡើង​នៅពេល​ការ​ល្បួង​បន្ថែម​ទៀត​កើត​មាន​ចំពោះ​យើងថា « កុំ​ទៅ​តាម​ផ្លូវ​នោះ ។ អ្នក​ដឹង​ពី​ការ​ឈឺចាប់​ដែល​វា​អាច​នាំ​មក​ឲ្យ​អ្នក » ។ ក្នុង​ស្មារតី​នេះ វា​បម្រើ​ជា​ការការពារ​មួយ ប៉ុន្តែ​ពុំ​ជា​ការ​ដាក់​ទោស​នោះ​ទេ ។

ដូច្នេះ​តើ​វា​អាច​ទៅ​រួច​ដែរ​ឬ​ទេ ថាយើង​នៅ​ចងចាំ​ពី​អំពើ​បាប​របស់​យើង ប៉ុន្តែ​​បាន​រួច​ផុត​ពី​កំហុស ?

អាលម៉ា​បា​នចងចាំ​អំពើ​បាប​របស់​លោក​អស់​ជាច្រើន​ឆ្នាំ សូម្បី​តែ​ក្រោ​យ​ពី​លោក​បាន​ប្រែ​ចិត្ត​ក្ដី ។ ប៉ុន្តែ​នៅ​ពេល​លោក​អំពាវ​នាវ​រក​ព្រះយេស៊ូវ​សូម​សេចក្ដីមេត្តា​ករុណា នោះ​លោក​បាន​ថ្លែង​ថា « ឥឡូវ​នេះ មើលចុះ នៅពេល​ដែល​ឪពុក​កំពុងតែ​គិត​យ៉ាងនេះ នោះ​ឪពុក​ក៏​ឈប់​នឹក​ឃើញ​ការ​ឈឺ​ចាប់​ទៀត មែន​ហើយ ឪពុក​ក៏​អស់​កើត​ទុក្ខ​​ដោយ​ការ​នឹក​ឃើញ​អំពើ​បាប​របស់​ខ្លួន​ទៀត » ។

តើ​លោក​អាច​នៅ​ចាំ​ពី​អំពើ​បាប​របស់​លោក ប៉ុន្តែ​គ្មានការ​ឈឺចាប់ ឬ​កំហុស​តាម​របៀបណា ? ដោយសារ​នៅពេល​យើង​ប្រែ​ចិត្ត យើងបាន « កើត​មក​ពីព្រះ » ។ យើង​ក្លាយ​ជា « សត្វ​លោក​ថ្មី »ក្នុង​ព្រះគ្រីស្ទ ដូច​ដែល​បទគម្ពីរ​បាន​ចែង ។ ដោយ​មាន​សេចក្ដី​ស្មោះត្រង់​ដ៏​ល្អ​ឥត​ខ្ចោះ ឥឡូវ​យើង​អាច​និយាយថា « ខ្ញុំ​ពុំ​មែន​ជា​បុរស ឬ​ស្ត្រី​ដែល​បាន​ប្រព្រឹត្តអំពើ​បាប​​កាលអតីត​ទាំងនោះ​ឡើយ ។ ខ្ញុំ​គឺជា​មនុស្ស​ម្នាក់​ដែល​បាន​ប្រែ​រូប​រាង​ថ្មី » ។

៣. ទុក្ខវេទនា និង​ជំងឺ ។ អាលម៉ា​បាន​ព្យាករ​ថា ព្រះគ្រីស្ទ « នឹង​យាង​ទៅ​ដោយ​រង​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង » ។ ហេតុអ្វីទៅ ? « ដើម្បី​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​ពោរពេញ​ទៅដោយ​សេចក្ដី​មេត្តា​ករុណា …ដើម្បី​ទ្រង់អាច​ដឹង​ស្រប​តាម​សាច់ឈាម​ថា តើ​ត្រូវជួយរាស្ត្រ​ទ្រង់​បែបណា​តាម​ជំងឺ​របស់​គេ » ។​

តើ​ទ្រង់​សម្រេច​ការណ៍​នេះ​បាន​តាម​របៀបណា ? ពេលខ្លះ ទ្រង់​ដក​យក​ទុក្ខ​វេទនា ពេលខ្លះ​ទ្រង់​ប្រទាន​កម្លាំង​ឲ្យ​យើង​ស៊ូទ្រាំ ហើយ​ពេលខ្លះ​ទ្រង់​ប្រទាន​ទស្សនវិស័យ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​មួយ​ដល់​យើង​ ដើម្បី​យល់​ដឹង​កាន់​តែ​ប្រសើរ​ឡើងពី​និស្ស័យ​ខាង​សាច់​ឈាម ។ បន្ទាប់​ពី​យ៉ូសែប ស្ម៊ីធ បាន​រងទុក្ខ​នៅ​ក្នុង​គុក​លីប៊ើធី​ប្រមាណ​ជា​ពីរ​ខែ​មក នៅ​ទីបំផុត លោក​បាន​អំពាវ​នាវ​ថា « ឱ​ព្រះអង្គ​អើយ តើ​ព្រះអង្គ​គង់​នៅ​ទីណា ? »១០ ជំនួស​ឲ្យ​ការ​ប្រទាន​នូវការ​ធូរស្រាល​ភ្លាមៗ នោះ​ព្រះ​បាន​មាន​បន្ទូល​តប​ថា « បុត្រ​យើង​អើយ ចូរ​មាន​សេចក្ដី​សុខសាន្ត​ដល់​ព្រលឹង​បុត្រ​ចុះ សេចក្ដី​ទំនាស់ និង​សេចក្ដី​ទុក្ខ​លំបាក​របស់​អ្នក នោះ​គ្រាន់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ ហើយ​ខណៈ​នោះ បើ​សិន​ជា​អ្នក​ស៊ូទ្រាំ​ការណ៍​នោះ​ដោយ​ហ្មត់ចត់ នោះ​ព្រះ​ទ្រង់​នឹង​តម្កើង​អ្នក​ឡើង​នៅ​ស្ថាន​ខ្ពស់ » ។១១

ឥឡូវ​នេះ យ៉ូសែប​បាន​យល់​ថា បទពិសោធន៍​ដ៏​ជូរ​ចត់​នេះគឺជា​រឿង​ពុំ​សំខាន់​ឡើយ នៅពេល​គិត​ពី​រឿង​ដ៏​​​អស់​កល្ប​ជានិច្ច​នោះ ។ ដោយ​មាន​ការ​និមិត្ត​ដ៏​ភ្លឺស្វាង​នេះ លោក​បាន​សរសេរ​​សំបុត្រ​មួយ​នៅ​ក្នុង​គុក​ដដែល​នោះ ទៅ​កាន់​ពួក​បរិសុទ្ធ​ថា « បង​ប្អូន​ដ៏​ស្ងួនភ្ងា​អើយ ចូរ​យើង​ប្រព្រឹត្ត​ការណ៍​ទាំង​នេះ ដែល​នៅ​ក្នុង​អំណាច​យើង​ដោយ​មាន​ចិត្ត​រីករាយ​ចុះ ហើយ​លំដាប់​នោះ យើង​អាច​ឈរ​នៅ​ស្ងៀម​ដោយ​ជឿជាក់​ថា​នឹង​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​ពី​ព្រះ » ។១២ ដោយសារ​ដង្វាយធួន​របស់​ទ្រង់ យើងអាច​មាន​ទស្សនវិស័យ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​មួយ​ដែល​ផ្ដល់​អត្ថន័យ​ដល់​ការ​សាកល្បង​របស់​យើង និង​សេចក្ដី​សង្ឃឹម​​សម្រាប់​ភាព​ធូរ​ស្រាល​របស់​យើង ។

៤. ភាព​ទន់ខ្សោយ និង​ភាព​ពុំ​ល្អ​ឥត​ខ្ចោះ ។ ដោយសារ​ដង្វាយធួន​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​មាន​នូវ​ព្រះចេស្ដាគាំទ្រ ពេលខ្លះ​ហៅ​ថា ព្រះគុណ១៣ ដែល​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​ភាពទន់ខ្សោយ និង​ភាព​ពុំ​ល្អ​ឥត​ខ្ចោះ​របស់​យើង ហើយ​ជួយ​យើង​នៅ​ក្នុង​ដំណើរ​របស់​យើង​ដើម្បី​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ទ្រង់ ។

មរ៉ូណៃ​បាន​បង្រៀន​ដូច្នេះ​ថា « មែនហើយ ចូរ​មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​នៅ​ក្នុង​ទ្រង់ …ដោយសារ​ព្រះ​គុណ​នៃ​ព្រះ នោះ​អ្នក​រាល់គ្នា​អាច​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះគ្រីស្ទ » ។១៤ វា​ទំនង​ជា​មាន​យ៉ាង​ហោច​ណាស់​នូវ​បណ្ដាញ ឬ​មធ្យោបាយ​ពីរ​យ៉ាង​នៃ​ការ​ប្រើ​ប្រាស់​ព្រះចេស្ដា​គាំទ្រ​ទាំង​នោះ​ដែល​អាច​បន្សុទ្ធ—និង​ធ្វើ​ឲ្យ​យើង—បាន​ល្អឥត​ខ្ចោះ ។

ទីមួយ ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ ។ បទគម្ពីរ​បាន​ប្រាប់​យើង​ថា « នៅ​ក្នុង​ពិធី​បរិសុទ្ធ​ទាំង​ឡាយ … នោះ​អំណាច​នៃ​ព្រះ​ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ » ។១៥ ពេលខ្លះ យើង​អាចគិត​ថា ពិធី​បរិសុទ្ធ​ជាបញ្ជី​កិច្ចការ​មួយ —ចាំបាច់​សម្រាប់​សេចក្ដី​សង្គ្រោះ ប៉ុន្តែ​នៅ​ក្នុង​សេចក្ដីពិត ពិធី​បរិសុទ្ធ​នីមួយៗ​បើក​បង្ហាញ​នូវ​ព្រះចេស្ដា​នៃ​ព្រះ​ដែល​ជួយ​យើង​ឲ្យ​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ព្រះគ្រីស្ទ ។ ឧទាហរណ៍ ៖

  • នៅពេល​យើង​ទទួល​បុណ្យជ្រមុជទឹក ហើយ​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ នោះ​យើង​ត្រូវ​បាន​ជ្រះស្អាត— ដូច្នេះ​បាន​ប្រែក្លាយ​កាន់តែ​បរិសុទ្ធ​ដូចជា​ព្រះ ។

  • បន្ថែមពីលើ​នោះ តាមរយៈ​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ គំនិត​របស់​យើង​ប្រហែល​ជា​ត្រូវ​បាន​បំភ្លឺ ហើយ​ដួង​ចិត្ត​របស់​យើង​ត្រូវ​បាន​បន្ទន់ ដើម្បី​យើង​អាច​គិត ហើយ​ទទួល​អារម្មណ៍​កាន់​តែ​ដូចជា​ទ្រង់ ។

  • ហើយ​នៅពេល​យើង​ត្រូវ​បាន​ផ្សារ​ភ្ជាប់ជា​ស្វាមី​ភរិយា នោះ​យើង​គ្រង​សិទ្ធិ​ចំពោះ ​« បល្ល័ង្ក​ទាំង​ឡាយ នគរ​ទាំង​ឡាយ ក្សត្រ​បុរី​ទាំង​ឡាយ និង​អំណាច​ទាំង​ឡាយ »១៦ជា​អំណោយទាន​មក​ពី​ព្រះ ។

បណ្ដាញ​ទីពីរ​សម្រាប់​ព្រះចេស្ដា​គាំទ្រ​ទាំង​នេះ​គឺជា​អំណោយទាន​នៃ​ព្រះវិញ្ញាណ ។ ដោយសារ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ យើង​មាន​សិទ្ធិ​ដើម្បី​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​អំណោយទាន​ខាង​វិញ្ញាណ​របស់​វា​ដែល​ភ្ជាប់​មក​ជាមួយ ។ អំណោយទាន​ទាំង​នេះ​គឺជា​លក្ខណៈ​នៃ​ភាព​ជា​ព្រះ ដូច្នេះហើយ រាល់​ពេល​ដែល​យើង​ទទួល​បាន​អំណោយទាន​មួយ​នៃ​ព្រះវិញ្ញាណ នោះ​យើង​ប្រែ​ក្លាយ​កាន់​តែ​ដូច​ជា​ព្រះ ។ ពិតណាស់​នោះ​គឺជា​ហេតុផល​ដែល​បទគម្ពីរ​បង្គាប់​យើង​ជាច្រើន​ដង​ឲ្យ​ស្វែង​រក​អំណោយទាន​ទាំង​នេះ ។១៧

ប្រធាន ចច ឃ្យូ ខេននិន បាន​បង្រៀន​ថា « ​គ្មាន​នរណា​ម្នាក់​គួរតែ​និយាយ​ថា ‹ អូ៎ ខ្ញុំ​ពុំ​អាច​ផ្លាស់​ប្តូរ​បាន​ទេ នេះ​ជា​ទម្លាប់​របស់​ខ្ញុំ › ។ ទ្រង់​ពុំ​បាន​ឃើញ​ថា​ត្រឹមត្រូវ​នៅក្នុង​ការណ៍​នេះ​ឡើយ ដោយសារ​ហេតុផល​នោះ​ហើយ ទើប​ព្រះ​ទ្រង់​បាន​សន្យា…​ប្រទាន​អំណោយទាន​ដែល​នឹង​បំបាត់ [ ភាព​ទន់ខ្សោយ​របស់យើង ] ។… ប្រសិន​បើ​ពួក​យើង​ណា​ម្នាក់​ពុំ​ល្អ​ឥតខ្ចោះ​នោះ វា​គឺ​ជា​កាតព្វកិច្ច​របស់​យើង​ដើម្បី​អធិស្ឋាន​សុំ​នូវ​អំណោយ​ទាន​នោះ​ដែល​នឹង​ធ្វើ​ឲ្យ​យើង​បាន​ល្អ​ឥតខ្ចោះ » ។១៨

សង្ខេប​ឲ្យ​ខ្លីគឺ​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ជីវិត​ដល់​យើង​ជំនួស​សេចក្ដី​ស្លាប់ « ភួង​លំអ​ជំនួស​ផេះផង់ »​១៩ ការ​ព្យាបាល​ជំនួស​​ការ​ឈឺចាប់ និង​ភាព​ល្អ​ឥត​ខ្ចោះ​ជំនួស​ភាពទន់ខ្សោយ ។ វា​គឺជា​ដំណោះស្រាយ​របស់​ស្ថានសួគ៌​សម្រាប់​ឧបសគ្គ និង​ភាព​ស្មុគស្មាញ​នៃ​ពិភពលោក​នេះ ។

នៅ​ក្នុង​សប្ដាហ៍​ចុង​ក្រោយ​នៃ​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ ​ទ្រង់​បាន​មាន​បន្ទូល​ថា « នៅ​លោកិយ​នេះ​នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ​ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកិយ​ហើយ » ។២០ ដោយសារ​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ដង្វាយធួន​របស់​ទ្រង់ នោះ​គ្មាន​កម្លាំង​ ឬ​ព្រឹត្តិការណ៍ ឬបុគ្គល​​ខាង​ក្រៅ​ណា​មួយ—គ្មាន​អំពើ​បាប ឬ​សេចក្ដី​ស្លាប់ ឬ​ការ​លែង​លះ​ណាមួយ—ដែល​អាច​រារាំង​យើង​ពី​ការ​សម្រេច​បាន​នូវ​ភាព​តម្កើង​ឡើងបាន​ឡើយ ប្រសិន​បើយើង​​គោរ​ព​បទបញ្ញត្តិ​របស់​ព្រះ​នោះ​ ។ ដោយ​មាន​ចំណេះ​ដឹង​នោះ យើង​អាច​ឆ្ពោះ​ទៅ​មុខ​ដោយ​រីករាយ និង​ការ​អះអាង​ដ៏​ប្រាកដ​ថា ព្រះ​គង់​នៅ​ជាមួយ​យើង​នៅ​ក្នុង​កិច្ច​ខិតខំ​សួគ៌ា​នេះ ។

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ថា ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ពុំ​គ្រាន់តែ​មាន​ទំហំ​អនន្ដ​នោះទេ ប៉ុន្តែ​មនុស្ស​ម្នាក់ៗ​ក៏​​អាច​ទទួល​យក​បាន​ផងដែរ—រហូត​ដល់​វា​ពុំ​គ្រាន់​តែ​អាច​ធ្វើ​ឲ្យ​យើង​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះ​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​ដើម្បី​ប្រែក្លាយ​កាន់​តែ​ដូចជា​ទ្រង់—ជា​គោលដៅ​ដ៏​ខ្ពស់​បំផុត​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ។ ​ខ្ញុំសូមថ្លែងអំណរគុណ និង​សាក្សីដ៏​ជាក់​លាក់​របស់​ខ្ញុំ​ពីការណ៍​នេះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។