ឆ្នាំ ២០១០-២០១៩
ការស្តាប់​ឮ​ព្រះសូរសៀង​របស់​ទ្រង់
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


ការស្តាប់​ឮ​ព្រះសូរសៀង​របស់​ទ្រង់

នៅក្នុង​ពិភពលោក​ដែល​មាន​សំឡេង​ប្រណាំង​ប្រជែង​ជាច្រើន​នេះ ព្រះវរបិតាសួគ៌​យើង​ធ្វើ​ឲ្យ​យើង​អាច​ស្តាប់​ឮ និង​ធ្វើ​តាម​ព្រះសូរសៀង​ទ្រង់ ។

ព្រឹកមិញ​នេះ បងប្រុសភរិយា​ខ្ញុំ​បានឲ្យលិខិត​មួយ​ដែល​នាង​បាន​សរសេរ​ឲ្យ​ម្ដាយ​នាង​ជាច្រើន​ឆ្នាំ​កន្លង​ទៅ ។ កាល​ពេល​នោះ ស៊ីស្ទើរ ហូមើរ នៅក្មេង ។ លិខិត​របស់​នាង​បាន​សរសេរ​ថា « ជូន​អ្នក​ម្ដាយ​ជា​ទីស្រឡាញ់ កូន​សូម​ទោស​ដែលកូន​ពុំ​បាន​ថ្លែង​ទីបន្ទាល់​របស់​កូន​នា​ថ្ងៃនេះ —ប៉ុន្តែកូន​ស្រឡាញ់​ម៉ាក់ » ។ នៅពេល​យើង​ទៅ​ទទួលទាន​អាហារ​ថ្ងៃត្រង់ ខ្ញុំ​បាន​គិត​ថា នោះ​ជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍ ។ ដូច្នេះ​ខ្ញុំ​អង្គុយ​ចុះ ហើយ​សរសេរ​លិខិត​មួយ​ដែល​និយាយ​ថា « ជូន​ចំពោះ​ប្រធានណិលសុន ជា​ទីស្រឡាញ់​ ខ្ញុំ​សូម​ទោស​ដែល​ខ្ញុំ​ពុំបាន​ឡើងនិយាយ​នៅ​ថ្ងៃនេះ— ប៉ុន្តែ​ខ្ញុំ​ស្រឡាញ់​ប្រធាន » ។ ប៉ុន្តែ​ខ្ញុំ​មានអារម្មណ៍​ថា​វា​ពុំ​ត្រឹមត្រូវ​ទេ ។ ដូច្នេះ​ពួក​យើង​មក​ទីនេះ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ដើម្បី​បន្ថែម​ទៅលើ​ពាក្យ​របស់​ខ្ញុំ​ទៅ​លើ​ពាក្យ​ទាំងឡាយ​ដែល​បាន​ថ្លែង​មកពី​អស់​អ្នក​ដែល​បានឡើងនិយាយ​នៅ​សម័យ​ប្រជុំ​ថ្ងៃនេះ ។

ជា​ច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​បាន​​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​តូច​មួយ​ជាមួយ​អកាសយាន្តនិក​ដែល​ទើប​តែ​ទទួល​បាន​សញ្ញាប័ត្រ​ថ្មី ។ នៅពេល​បញ្ចប់​ការធ្វើ​ដំណើរ​របស់យើង យើង​បាន​ទទួល​ការអនុញ្ញាត​ឲ្យ​ចុះ​ចត ។ ប៉ុន្តែ​ពេល​យើង​ចុះ​ជិត​ដល់​ដី ខ្ញុំ​បាន​ឮ​សំឡេង​រោទិ៍​មួយ​នៅក្នុង​កាប៊ីន​អ្នក​បើក​ដែល​ព្រមាន​ឲ្យ​អកាសយាន្ត​និក « បើក​ឡើង​ទៅលើ​វិញ » ។ អកាសយាន្ត​និក​នោះ​មើលទៅ​អកាស​យាន្ត​និក​ដែល​មាន​បទពិសោធន៍​ច្រើន​ជាង ដែល​បាន​ចង្អុល​ទៅ​ក្រោម នៅ​ឆ្ងាយ​ពី​ផ្លូវ ហើយ​និយាយ​ថា « ហោះឡើងឥឡូវ​នេះ ! »

យន្តហោះ​របស់យើង​បាន​ហោះ​ទៅ​យ៉ាង​លឿន​ទៅ​ឆ្វេងដៃ និង​ចុះ​ក្រោម បន្ទាប់​មក​បាន​ហោះឡើង​ត្រឡប់​ទៅ​រយៈកម្ពស់​ធម្មតា​វិញ ដោយ​បាន​ហោះត្រឡប់​ចូល​ផ្លូវ​ចុះចត​វិញ ហើយ​បាន​ទៅដល់​ទីដៅ​របស់យើង​ដោយ​សុវត្ថិភាព ។ ក្រោយ​មក យើង​ដឹង​ថា មាន​យន្តហោះ​មួយ​ផ្សេង​ទៀត​ត្រូវបាន​អនុញ្ញាត​ឲ្យ​ហោះ​ឡើង​ដែរ ។ បើ​យើង​បាន​ធ្វើ​តាម​ការណែនាំ​មក​ពី​សំឡេង​រោទិ៍​នោះ យើង​ប្រាកដ​ជា​បើក​ចូល​ផ្លូវ​យន្តហោះ​ដែល​កំពុង​ហោះឡើង​នោះ ជាជាងងាក​ចេញ​ឆ្ងាយ​ពី​វា ។ បទពិសោធន៍​នេះ​បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​សំខាន់​ពីរ ៖ មេរៀនទីមួយ នៅ​គ្រា​ដ៏​ចាំបាច់​ក្នុង​ជីវិត​យើង យើង​នឹង​ស្តាប់​ឮ​សំឡេង​ជាច្រើនប្រណាំងប្រជែង​នឹង​ការផ្តោត​ចិត្ត​របស់​យើង ។ ហើយ​មេរៀន​ទីពីរ វា​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ស្តាប់​សំឡេង​ដែល​ត្រឹមត្រូវ ។

សំឡេង​ប្រណាំងប្រជែង

យើង​រស់​នៅ​ក្នុង​ពិភព​លោក​​មួយ​​មាន​សំឡេង​ជាច្រើន​​ដែល​ប្រណាំងប្រជែង​នឹង​ការផ្តោត​ចិត្ត​របស់​យើង ។ ជាមួយ​នឹង​ព័ត៌មាន​ទាន់ហេតុការណ៍, tweets, blogs, podcasts និង​ពាក្យ​ទូន្មាន​ដែលបង្ខំឲ្យ​ស្រែក​​មក​ពី​ឧបករណ៍ Alexa, Siri និង​ឧបករណ៍​ផ្សេងៗ​ទៀត នោះ​យើង​អាច​ឃើញ​ថា វា​មាន​ការលំបាក​ដើម្បី​ដឹងថា តើ​សំឡេង​មួយ​ណា​ជា​សំឡេង​ដែល​អាច​ទុកចិត្ត​បាន ។ ជួនកាល យើង​សូម​យោបល់​ណែនាំ​ជីវិត​យើង​មកពី​ហ្វូង​មនុស្ស​ដោយ​គិត​ថា សំឡេង​ភាគច្រើន​នឹង​ផ្តល់​ប្រភព​នៃ​សេចក្តីពិត​ដ៏​ល្អ​បំផុត ។ មានពេល​ផ្សេង​ទៀត យើង « ស្ទាក់ស្ទើរ…នា​កណ្តាល​ផ្លូវ​ទាំងពីរ » ដោយ​ជ្រើសរើស​ដើម្បី « មិន​ត្រជាក់ ហើយ​ក៏​មិន​ក្តៅ » ។ តែមានពេលខ្លះ​ទៀត យើង​ធ្វើតាម​អ្វី​ដែល​​ងាយ​ស្រួល ដោយ​ផ្តោត​ទៅលើ​សំឡេង ឬ​បញ្ហា​តែមួយ​ដើម្បី​ដឹកនាំ​យើង ឬ​ពឹង​ទៅលើ​សមត្ថភាព​ខ្លួន​យើង​ទាំងស្រុង​ដើម្បី​គិត ។

ខណៈ​ដែល​វិធីសាស្ត្រ​ទាំង​នេះ​អាច​មាន​ប្រយោជន៍​ក្តី ក៏​បទពិសោធន៍​បង្រៀន​ថា វា​មិន​អាច​ទុកចិត្ត​បាន​ជានិច្ច​នោះ​ទេ ។ អ្វី​ដែល​​ល្បីល្បាញ​ពុំមែន​ជា​អ្វី​ដែល​ល្អបំផុត​ជានិច្ច​នោះទេ ។ ការស្ទាក់ស្ទើរ​នៅកណ្តាល​គំនិត​ពីរ ពុំនាំ​ឆ្ពោះ​ទៅរក​ទិស​ដៅ​ណា​មួយឡើយ ។ ភាពងាយស្រួល​កម្រ​នឹង​នាំទៅ​រក​រឿង​ដែល​សំខាន់​ណាស់ ។ ការផ្តោត​ចិត្ត​លើ​សំឡេង ឬ​បញ្ហា​តែ​មួយ​អាចបន្ថយ​សមត្ថភាព​របស់​យើង​ក្នុង​ការ​​​យល់​ដឹង ។ ហើយ​ការពឹងផ្អែក​ទាំងស្រុង​លើ​គំនិត​ផ្ទាល់​ខ្លួន​យើង អាច​នាំ​យើង​ធ្លាក់​ទៅក្នុង​ការអាប់​គំនិត​ដែល​ពឹងលើ​គំនិតខ្លួន​ឯងខ្លាំង​ពេក ។ ប្រសិនបើ​យើង​ពុំ​ប្រុងប្រយ័ត្ន​ទេ​នោះ សំឡេង​ខុស​ឆ្គង​អាច​ទាញ​យើង​ចេញ​ឆ្ងាយ​ពី​ដំណឹងល្អ ទៅកន្លែង​នានា​ដែល​ពិបាក​គាំទ្រ​​ឲ្យ​មាន​សេចក្តីជំនឿ ហើយ​យើង​ឃើញ​ថា វា​កាន់តែ​គ្មានន័យ កាន់តែ​ជូរចត់ និង​កាន់តែ​បង្អាក់ចិត្ត ។​

ការស្តាប់​សំឡេង​ខុសឆ្គង

ខ្ញុំ​សូម​បង្ហាញ​ពី​អត្ថន័យ​ដែល​ខ្ញុំ​និយាយ ដោយ​ប្រើ​​រឿង​ប្រដូច​មួយ និង​គំរូ​មួយចេញ​ពី​បទគម្ពីរ ។ ជាទូទៅ​អ្នក​ឡើង​ភ្នំ​ហៅ​រយៈកម្ពស់​លើស​ពី ៨០០០ ម៉ែត្រ​ឡើង​ទៅ​ គឺ​ជា « តំបន់​មរណៈ » ដោយសារ​រយៈកម្ពស់​ទាំង​នោះ គ្មាន​ឧស្ម័ន​អុកស៊ីហ្សែនគ្រប់គ្រាន់​ដើម្បី​ទ្រទ្រង់​ជីវិត​ឡើយ ។ មាន​ភាព​ស្មើ​គ្នា​ខាង​វិញ្ញាណ​មួយ​ទៅ​នឹង​តំបន់​មរណៈ​នេះ ។ ប្រសិនបើ​យើង​ចំណាយ​ពេល​ច្រើន​ពេក​នៅកន្លែង​ដែល​គ្មាន​សេចក្តីជំនឿ​សោះ វា​ទំនង​ថា សំឡេង​នានា​នឹង​ទាញ​យើង​ចេញ​ឆ្ងាយ​ពីអុកស៊ីហ្សែន​ខាង​វិញ្ញាណ​​ដែល​យើង​ត្រូវការ​បាន​យ៉ាងងាយ ។

នៅ​ក្នុង​ព្រះ​គម្ពីរមរមន យើង​អាន​អំពី​កូរីហូរ ដែល​មាន​បទពិសោធន៍​ដូច​នេះ ។ វា​បាន​រីករាយ​នឹង​ភាព​មាន​ប្រជាប្រិយ​ដ៏​អស្ចារ្យ ដោយសារ​ការបង្រៀន​របស់​វា​នោះ​គឺ « ស្កប់​ស្កល់ [ ដល់ ] គំនិត​ខាង​រូប​កាយ » ។ វា​បាន​និយាយ​ថា ឪពុក​ម្ដាយ និង​ពួកព្យាការី​បង្រៀន​សណ្តាប់​ដ៏​ឆ្កួត​លីលា ដែល​បាន​ធ្វើ​ឡើង​ដើម្បី​​កំណត់​​សេរីភាព និង​ទុក​ពួកគេ​ឲ្យ​នៅក្នុង​ភាព​ល្ងង់​ខ្លៅ ។ វា​ប្រកែក​​ថា មនុស្ស​គួរតែ​មាន​សេរីភាព​ធ្វើ​អ្វី​ដែល​ពួកគេ​ជ្រើសរើស​ធ្វើ ដោយសារ​បទបញ្ញត្តិ​គឺ​គ្មាន​អ្វី​ក្រៅពី​ការរិតត្បិត​ដែល​បាន​បង្កើត​ឡើង​យ៉ាង​ងាយ​នោះ​ទេ ។ ចំពោះ​វា ជំនឿ​លើ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា « អានុភាព​នៃ​គំនិត​ដ៏​ឆ្កួត​វង្វេង » បាន​បង្កើត​ឡើង​ដោយ ជំនឿ​លើ​តួអង្គ​មួយ​ដែល​ពុំ​អាច​មានវត្តមាន ដោយសារ​យើង​ពុំ​អាចមើល​ឃើញ​ទ្រង់ ។

កូរីហូរ​បាន​បង្កើត​ភាពចលាចល​ជាច្រើន ដែល​ធ្វើឲ្យ​វា​ត្រូវបាន​នាំ​ទៅ​ចំពោះ​មុខ​មេចៅក្រម និង​សង្ឃ​ជាន់ខ្ពស់ ។ នៅទីនោះ វា​បាន « ដំឡើង​សំឡេង » រិះគន់​ថ្នាក់​ដឹកនាំ និង​ទាមទារ​រក​ទីសម្គាល់​មួយ ។ ទីសម្គាល់​មួយ​ត្រូវបាន​ផ្តល់​ឲ្យ ។ វា​ត្រូវបាន​វាយ​ដោយ​ព្រះ ដូច្នេះ​វា​បាន​ក្លាយ​ជា​គរ ។ ក្រោយ​មក​កូរីហូរ​បាន​ដឹង​ថា វា​ត្រូវបាន​បោក​បញ្ឆោត ហើយ​ដោយ​គិត​អំពី​សេចក្តីពិត​ដ៏​មាន​តម្លៃ​ដែល​វា​បាន​បោះបង់​ចោល នោះ​វា​បាន​ទួញ​យំ​ថា « ខ្ញុំ​បាន​ដឹង​ជា​រហូត​មក​ហើយ » ។

ក្រោយមក​កូរីហូរ​បាន​សុំ​ទាន​រក​អាហារ​ចិញ្ចឹម​ខ្លួន រហូត​ដល់​ពួក​សាសន៍​សូរាំមួយ​ក្រុម​រត់​​ជាន់លើ​វា​រហូត​ដល់​ស្លាប់ ។​ ខគម្ពីរ​ចុងក្រោយ​នៅក្នុង​រឿង​របស់​វា​មាន​នូវ​ការឆ្លុះបញ្ចាំង​ដ៏​រឹងប៉ឹង​នេះ​ថា ៖ « ម្ល៉ោះ​ហើយ យើង​ឃើញ​ថា អារក្ស​ពុំ​ដែល​គាំទ្រ​ដល់​កូន​ចៅ​របស់​វា​ទេ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ តែ​វា​ទាញ​ពួក​គេ​យ៉ាង​ឆាប់​រហ័ស​ទៅ​កាន់​ស្ថាន​នរក​វិញ » ។

សំឡេង​ត្រឹមត្រូវ

ដោយសារ​ព្រះវរបិតាសួគ៌​យើង​សព្វព្រះទ័យ​ឲ្យ​យើង​ប្រែ​កាន់តែ​ប្រសើរ​ឡើង នោះ​ទ្រង់​ធ្វើ​ឲ្យ​យើង​អាចស្តាប់​ឮ​ព្រះសូរសៀង​របស់​ទ្រង់ ។ ជាញឹកញាប់​បំផុត យើង​ស្តាប់​ឮ​ទ្រង់​តាមរយៈ​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​សមាជិក​ទី​បី​នៃ​ក្រុម​ព្រះ ។ ទ្រង់​ថ្លែង​ទីបន្ទាល់​ពី​ព្រះវរបិតា និង​ព្រះរាជបុត្រា១០ ទ្រង់​ត្រូវបាន​បញ្ជូន​មក​ដើម្បី « បង្រៀន [ យើង ] គ្រប់​សេចក្តី​ទាំង​អស់ »១១ ហើយ​នឹង « បង្ហាញ​ដល់ [ យើង ] នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល [ យើង ] ត្រូវ​ធ្វើ » ។១២

ព្រះវិញ្ញាណ​មាន​បន្ទូល​ទៅ​កាន់​មនុស្ស​​តាម​របៀប​ផ្សេង​គ្នា ហើយ​ទ្រង់​អាច​មាន​បន្ទូល​ទៅ​កាន់​មនុស្ស​ដដែល​នោះ តាម​របៀប​ផ្សេងៗ​នៅ​ពេល​ផ្សេង​គ្នា ។ ជា​លទ្ធផល ការរៀនសូត្រ​អំពី​របៀប​ជា​ច្រើន​ដែល​ទ្រង់​មាន​បន្ទូល​មក​កាន់​យើង​គឺជាបទពិសោធន៍​ពេញ​មួយ​ជីវិត ។ ជួនកាល​ទ្រង់​មាន​បន្ទូល​មក​ក្នុង « គំនិត និង​ចិត្ត [ របស់​យើង ] »១៣ជា​សំឡេង​មួយ​ដែល​តូច ប៉ុន្តែ​មាន​ឥទ្ធិពល ចាក់ទំលុះ « ពួកគេ…ទៅក្នុងខ្លួន​ពួកគេ » ។១៤ មាន​គ្រា​ផ្សេង​ទៀត ការបំផុសគំនិត​របស់​ទ្រង់ « ជាប់​នៅ​ក្នុង​សតិ [ យើង ] » ឬ « ជ្រួត​ជ្រាប…ក្នុង​អារម្មណ៍ [ យើង ] យ៉ាង​ខ្លាំង » ។១៥ ពេល​ខ្លះ​ទៀត យើង​នឹង « ខ្មួលខ្មាញ់​ខាង​ក្នុង​ទ្រូង [ យើង ] » ។១៦ នៅ​មាន​គ្រា​ខ្លះ​ទៀត ទ្រង់​នឹង​បំពេញ​ព្រលឹង​យើង​ដោយ​អំណរ បំភ្លឺ​គំនិត​​យើង១៧ ឬ​ថ្លែង​ដោយ​ភាព​សុខសាន្ត​ដល់​គំនិត​របស់យើង ។១៨

ការស្វែងរក​ព្រះសូរសៀង​របស់​ទ្រង់

យើង​នឹង​រកឃើញ​​ព្រះសូរសៀង​របស់​​ព្រះវរបិតា​នៅក្នុង​កន្លែង​ជាច្រើន ។ យើង​នឹង​រកឃើញ​ព្រះសូរសៀង​នោះ​ពេល​យើង​អធិស្ឋាន ​សិក្សា​ព្រះគម្ពីរ ​ចូលរួម​ព្រះវិហារ ចូលរួម​ការពិភាក្សា​ដ៏​ស្មោះត្រង់ ឬ​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ ប្រាកដ​ណាស់ យើង​នឹង​រកឃើញ​ព្រះសូរសៀង​ទ្រង់​ក្នុង​សន្និសីទ​នា​ចុង​សប្តាហ៍​នេះ ។

ថ្ងៃ​នេះ​យើង​គាំទ្រ​​បុរស ១៥ នាក់​ជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ។ ជីវភាព​ខាង​វិញ្ញាណ និង​បទពិសោធន៍​របស់​ពួកលោក ផ្តល់​ទស្សនវិស័យ​ពិសេស​មួយ​ដល់​ពួកលោក​ដែល​យើង​ត្រូវការ​ជា​ខ្លាំង ។ សារលិខិត​របស់​ពួកលោក​ងាយ​នឹង​រកឃើញ ហើយ​ពួកលោក​ថ្លែង​​យ៉ាង​ច្បាស់​លាស់ ។ ពួកលោក​ប្រាប់យើង​ពី​អ្វី​ដែល​ព្រះ​សព្វព្រះទ័យ​ឲ្យ​យើង​ដឹង ទោះបី​វា​ជា​រឿង​ដែល​មាន​ប្រជាប្រិយភាព ឬ​គ្មាន​ប្រជាប្រិយភាព​ក្តី ។១៩

ការស្វែងរក​ព្រះសូរសៀង​ទ្រង់​នៅក្នុង​កន្លែង​ណា​មួយ​នៃ​កន្លែង​ទាំង​នេះ​គឺ​ជារឿង​ល្អ ប៉ុន្តែ​ការស្វែងរក​ព្រះសូរសៀង​ទ្រង់​នៅ​កន្លែង​ជាច្រើន​នៃ​កន្លែង​ទាំង​នោះ​ វា​រិត​តែ​ប្រសើរ​ឡើង​ទៅ​ទៀត ។ ហើយ​ពេល​យើង​ស្តាប់ឮ​ព្រះសូរសៀង​ទ្រង់ នោះ​យើង​ត្រូវ​ធ្វើ​តាម​ការណែនាំ​ដែល​យើង​បាន​ទទួល ។ សាវក​យ៉ាកុប​បាន​ថ្លែង​ថា ៖ « ចូរ​ឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែ​ស្ដាប់​ប៉ុណ្ណោះ » ។២០ ហើយ​គ្រា​មួយ​ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន​ថា ៖ « យើង​មើល ។ យើង​រង់ចាំ ។ យើង​ស្ដាប់​នូវ​សំឡេង​ដ៏​តូច​រហៀង​នោះ ។ នៅ​ពេល​ទ្រង់​មាន​ព្រះ​បន្ទូល នោះ​បុរស និង​ស្រ្តី​ដែល​ឆ្លាត​នឹង​ប្រតិបត្តិ​តាម » ។២១

ពេល​ការណែនាំ​ក្រ​មក​ដល់

កាល​គ្រា​ដំបូង​ក្នុង​វិជ្ជាជីវៈ​របស់​ខ្ញុំ ស៊ីស្ទើរ​ហូមើរ និង​ខ្ញុំ​ត្រូវ​បាន​ស្នើ​ឲ្យ​ទទួល​ការផ្លាស់ប្តូរ​មួយ​ក្នុង​ការងារ ។ នៅ​គ្រានោះ វា​ហាក់ដូចជា ការសម្រេច​ចិត្ត​ដ៏ ធំ មួយ​ចំពោះ​ពួកយើង ។ យើង​បាន​សិក្សា យើង​បាន​តម​អាហារ ហើយ​យើង​បាន​អធិស្ឋាន ប៉ុន្តែ​ចម្លើយ​នោះ​ក្រ​មក​ដល់​ណាស់ ។ ទីបំផុត​យើង​បាន​សម្រេច​ចិត្ត ​ហើយ​បោះ​ជំហាន​ទៅ​មុខ ។ ពេល​យើង​បាន​ធ្វើ​ដូច្នេះ យើង​មាន​អារម្មណ៍​សុខសាន្ត ហើយ​មិន​យូរ​ក្រោយ​មក​យើង​បាន​ដឹង​ថា វា​គឺជា​ការ​សម្រេច​ចិត្ត​មួយ​ដ៏​ល្អបំផុត​ដែល​យើង​បាន​ធ្វើ ។

ជាលទ្ធផល យើង​បាន​ដឹង​ថា ជួនកាល​ចម្លើយ​វា​មក​យឺត ។ វាអាច ដោយសារ​តែ​វា​ពុំ​មែនជា​ពេលត្រឹមត្រូវ ដោយសារ​ចម្លើយ​ពុំចាំបាច់ ឬ​ដោយសារ​ព្រះ​ទុកចិត្ត​យើង​ក្នុង​ការ​ធ្វើ​ការ​សម្រេចចិត្ត​ខ្លួន​ឯង ។ មាន​គ្រា​មួយ​អែលឌើរ រីឆាដ ជី ស្កត បាន​បង្រៀន​ថា យើង​គួរតែ​មាន​អំណរគុណ​ចំពោះ​គ្រា​បែប​នោះ ហើយ​លោក​បាន​ធ្វើការសន្យា​ថា « ពេល​អ្នក​រស់នៅ​ដោយ​ស័ក្ដិសម ហើយ​ជម្រើស​របស់អ្នក​សមស្របនឹង​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ នោះ​អ្នក​ត្រូវ​ធ្វើ​តាម ឈាន​ទៅមុខ​ដោយមាន​ទំនុក​ចិត្ត ។… ព្រះ​នឹង​ពុំ​​ទុក​ឲ្យ​អ្នក​ឈាន​ទៅមុខ​ឆ្ងាយ​ពេក ដោយ​គ្មាន​ការបំផុសគំនិត​ព្រមាន​ឡើយ ប្រសិនបើ​អ្នក​បាន​ធ្វើ​ជម្រើស​ខុសឆ្គង​នោះ » ។២២

យើងត្រូវតែជ្រើសរើស

ដូច្នេះ​ហើយ យើង​ត្រូវតែ​ជ្រើសរើស​ថា តើ​យើង​នឹង​គោរព​តាម​សំឡេង​ណា​មួយ​ក្នុង​ចំណោម​សំឡេង​ផ្សេងៗ​ទាំងអស់នេះ ។ តើ​យើង​នឹង​ស្តាប់​តាម​សំឡេង​ដែល​ពុំ​អាច​ទុកចិត្ត​បាន​ដែល​ជំរុញ​ដោយ​លោកិយ ឬ​យើង​នឹង​ធ្វើ​​កិច្ចការ​​ដែល​តម្រូវ​ឲ្យ​​ព្រះសូរសៀង​របស់​ព្រះវរបិតា​ដឹកនាំ​យើង​ក្នុងការ​សម្រេច​ចិត្ត និង​ការពារ​យើង​ពី​គ្រោះថ្នាក់ ? កាលណា​យើង​ស្វែងរក​ព្រះសូរសៀង​ទ្រង់​ដោយ​ឧស្សាហ៍​ព្យាយាម នោះ​យើង​កាន់តែ​ងាយ​ស្រួល​ស្តាប់​ឮ​ព្រះសូរសៀង​នោះ ។ ពុំមែន​ព្រះសូរសៀង​ទ្រង់​នឹង​ឮ​ខ្លាំង​ឡើង​នោះទេ ប៉ុន្តែ​សមត្ថភាព​យើង​ដើម្បី​ស្តាប់ឮ​ព្រះសូរសៀង​ទ្រង់​នឹង​កើន​ឡើង ។ ព្រះអង្គ​សង្គ្រោះ​បាន​សន្យា​ថា ប្រសិនបើយើង « ប្រុង​ស្ដាប់​តាម​សិក្ខាបទ​ទាំង​ឡាយ [ របស់​ទ្រង់ ] ហើយ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​ទូន្មាន [ របស់​ទ្រង់ ] » នោះ​​ទ្រង់ « នឹង​ឲ្យ [ យើង ] ថែម​ទៀត » ។២៤ ខ្ញុំសូម​ថ្លែង​ទីបន្ទាល់​ថា ការសន្យា​នេះ​ពិត—សម្រាប់​ពួកយើង​ម្នាក់ៗ ។

ជិត​មួយ​ឆ្នាំមកហើយ យើង​បាន​បាត់បង់​បងប្រុស​របស់​យើង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សោក​សង្រែង​មួយ ។ ជីវិត​របស់ ​ចន​​ នា​គ្រា​ដំបូង​ទទួល​បាន​ការសន្យា និង​ស្នា​ដៃ​ជាច្រើន ។ ប៉ុន្តែ​ពេល​គាត់​ចាស់​ទៅ រូបកាយ​ដែល​ខូច​បង់ និង​គំនិត​ដែលវង្វេងវង្វាន់ បាន​ធ្វើ​ឲ្យ​ជីវិត​គាត់​មាន​ការពិបាក ។ ខណៈ​ដែល​ការជាសះស្បើយ​ដែល​គាត់​រំពឹង​ចង់បាន ពុំ​បាន​កើត​ឡើង​ក្នុង​ជីវិត​នេះ នោះ​ ចន ​នៅតែ​កាន់ខ្ជាប់​នឹង​សេចក្តីជំនឿ​របស់​គាត់ គាត់​តាំងចិត្ត​កាន់​ខ្ជាប់​ដរាប​ដល់​ទីបញ្ចប់ អស់​ពី​សមត្ថភាព​ដែល​គាត់​មាន ។

ខ្ញុំ​ដឹងថា ចន​ មិន​ល្អ​ឥត​ខ្ចោះ​ទេ ប៉ុន្តែ​ខ្ញុំ​ឆ្ងល់​ថា តើ​អ្វី​ទៅ​ដែល​​ធ្វើ​ឲ្យ​គាត់​មាន​ការស៊ូទ្រាំ​ខ្លាំង​បែបនេះ ។ សំឡេង​ជាច្រើន​បាន​បបួល​គាត់​ឲ្យ​ចៀស​ចេញពីដំណឹងល្អ ប៉ុន្តែ​គាត់​បានជ្រើស​ពុំ​ធ្វើ​តាម​សំឡេង​ទាំងនោះ​ឡើយ ។ ផ្ទុយទៅវិញ គាត់​បាន​ខំ​អស់​ពី​សមត្ថភាព​គាត់ ដើម្បី​បោះយុទ្ធថ្កា​នៃ​ជីវិត​គាត់​ទៅលើ​ដំណឹងល្អ ។ គាត់​បាន​រស់នៅ​តាម​ដំណឹងល្អ ដោយសារ​គាត់​បាន​ដឹង​ថា គាត់​នឹង​រកឃើញ​ព្រះសូរសៀង​នៃលោក​ចៅហ្វាយ​គាត់ គាត់​បាន​រស់នៅ​តាម​ដំណឹងល្អ ដោយសារ​គាត់​បាន​ដឹង​ថា មាន​តែ​នៅទីនោះ​ទេ​ដែល​គាត់​បាន​ទទួល​ការបង្រៀន ។

សេចក្ដី​បញ្ចប់

បងប្អូនប្រុសស្រី នៅក្នុង​ពិភពលោក​ដែល​មាន​សំឡេង​ប្រណាំង​ប្រជែង​ជាច្រើន​នេះ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌​យើង​​ធ្វើ​ឲ្យ​យើង​អាច​ស្តាប់​ឮ និង​ធ្វើ​តាម​ព្រះសូរសៀង​ទ្រង់ ។ ប្រសិនបើ​យើង​ឧស្សាហ៍​ព្យាយាម នោះ​ទ្រង់ និង​បុត្រា​ទ្រង់​​នឹង​ប្រទាន​ការណែនាំ​ដែល​យើង​ស្វែងរក កម្លាំង​ដែល​យើង​ត្រូវការ និង​សុភមង្គល​ដែល​យើង​ទាំងអស់​គ្នា​​ប៉ង​ប្រាថ្នា​ដល់​យើង ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។