ឆ្នាំ ២០១០-២០១៩
ការស្វែងរក​ចំណេះដឹង​តាម​រយៈ​ព្រះវិញ្ញាណ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


ការស្វែងរក​ចំណេះដឹង​តាម​រយៈ​ព្រះវិញ្ញាណ

យើង​គួរ​តែ​រៀន​ញែកដឹង​សេចក្ដីពិត​មិន​គ្រាន់តែ​តាមរយៈ​គំនិត​សមហេតុផល​យើង​ទេ​ ប៉ុន្តែ​ក៏​តាមរយៈ​សំឡេង​តូច​រហៀង​របស់​ព្រះវិញ្ញាណ​ផងដែរ ។

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ព្រះអម្ចាស់​បាន​ប្រាប់យើង​ដដែលៗឲ្យ « ស្វែងរក​ការរៀនសូត្រ គឺ ដោយសារ​ការសិក្សា និង ដោយសារ​សេចក្តី​ជំនឿ​ផង » ។ យើង​អាច​ទទួល​ពន្លឺ និង​ការ​យល់ដឹង​មិនគ្រាន់តែ​តាមរយៈ​មូលហេតុ​សមទំនង​ក្នុង​គំនិត​របស់យើង​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​តាម​រយៈ​ការណែនាំ និង​ការ​បំផុសគំនិត​មកពី​ព្រះវិញ្ញាណបរិសុទ្ធ​ផងដែរ ។

ប្រភព​ចំណេះដឹង​បន្ថែម​នេះ​ពុំ​តែងតែ​​ជា​ចំណែក​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ​នោះ​ទេ ។

ភរិយា​ខ្ញុំ អាយរេន និង​ខ្ញុំ បាន​ចូល​ព្រះវិហារ ៣១ ឆ្នាំ​មុន ពេល​យើង​ទើប​រៀបការ​ថ្មីៗ ។ យើង​ទាំងពីរ​បាន​ធំ​ឡើងនៅ​ប្រទេស​កូឡំបៀ ក្នុង​ពេល​ពីរ​បី​ខែ​បន្ទាប់​ពី​ពួក​យើង​រៀបការ ការងារ​របស់​ខ្ញុំ​បាន​នាំ​ពួក​យើង​ឲ្យ​មក​នៅ​ប្រទេស​អាល្លឺម៉ង់ ។ ពួក​យើង​នៅ​ក្មេង ហើយ​មាន​ក្ដី​សង្ឃឹម និង​ការរំពឹង​ទុក​ខ្ពស់ វា​ជា​ពេលវេលា​ដ៏​រំភើប និង​រីករាយ​ជា​ពិសេស​សម្រាប់​យើង ។

រូបភាព
ស៊ីស្ទើរ និង​អែលឌើរ ហ៊ែលដ៏​

ខណៈ​ដែល​ខ្ញុំ​ផ្ដោត​លើ​ការងារ​របស់​ខ្ញុំ នោះ អាយរេន បាន​មាន​អារម្មណ៍​ថា យើង​នឹង​ទទួល​បាន​ប្រភេទ​នៃ​សារលិខិត​មក​ពី​សួគ៌ា ដោយ​ពុំ​បាន​ដឹង​ថា​វា​មកតាម​របៀប​ណា ឬ​ពេល​ណា​នោះ​ទេ ។ ដូច្នេះ​គាត់​បាន​ចាប់ផ្ដើម​អនុញ្ញាត​ឲ្យ​អ្នក​លក់​សៀវភៅ លក់​ម៉ាស៊ីន​បូម​ធូលី សៀវភៅ​ធ្វើ​ម្ហូប សម្ភារ​ផ្ទះបាយតាម​ផ្ទះ និង​អ្នក​លក់​គ្រប់​ប្រភេទចូល​មក​ក្នុង​ផ្ទះ​របស់​យើង ដោយ​ទន្ទឹង​រង់ចាំ​ឮ​សារលិខិត​ដ៏​ពិសេស​នោះ ។

នា​ល្ងាច​មួយ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា មាន​បុរស​វ័យ​ក្មេង​ពីរ​នាក់​ពាក់​អាវ​ធំ​ពណ៌​ក្រម៉ៅ​មក​គោះ​ទ្វារ​យើង រួច​គាត់​មាន​អារម្មណ៍​ដឹង​ច្បាស់​ថា​ត្រូវ​អនុញ្ញាត​ឲ្យពួក​គេ​ចូល​មក​ក្នុង​ផ្ទះ ។ ពួកគេ​បាន​និយាយ​ថា ពួកគេ​ចង់​និយាយ​ជាមួយ​គាត់​អំពី​ព្រះ តែ​នឹង​ត្រឡប់​មក​វិញ​ម្ដង​ទៀត​ពេល​ខ្ញុំ​នៅ​ផ្ទះ​ដែរ ។ តើ​នេះ​អាច​ជា​សារលិខិត​ដែល​បាន​រំពឹង​ទុក​ឬ ?

ពួកគេ​បាន​ចាប់ផ្ដើម​មក​ជួប​យើង ហើយ​ដោយ​មាន​ការណែនាំ​ពី​ពួកគេ យើង​បាន​អាន​ព្រះគម្ពីរ ហើយ​បាន​យល់​ពី​សារៈសំខាន់​ដ៏​ខ្លាំង​នៃ​ព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ និង​ព្រះ​ប្រោស​លោះ​របស់យើង ។ មិន​យូរ​ប៉ុន្មាន​យើង​សោកស្ដាយ​ដែល​យើង​ជ្រមុជ​ទឹក​តាំង​ពី​នៅ​ជា​ទារក​តូច ដែល​យើង​ពុំ​បាន​ដឹង​ថា​សេចក្ដី​សញ្ញា​នោះ​ជា​អ្វី​ទេ ។ ទោះ​យ៉ាង​ណា ការទទួល​បុណ្យ​ជ្រមុជ​ទឹក​ម្ដង​ទៀត​ក៏​នឹង​មាន​ន័យ​ថា​ត្រូវ​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​ថ្មី​នេះ ដូច្នេះ​ដំបូង​យើង​ពិត​ជា​ត្រូវ​យល់​ពី​អ្វីៗ​គ្រប់​យ៉ាង​អំពី​វា​សិន ។

ប៉ុន្តែ តើ​យើង​អាច​ដឹង​ដោយ​របៀប​ណា​ថា​អ្វី​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ប្រាប់​យើង​អំពី​ព្រះគម្ពីរ​មរមន អំពី​យ៉ូសែប​ស្ម៊ីធ និង​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ថា​ជា​ការពិត​ទាំង​អស់​នោះ ? មែន​ហើយ យើង​បាន​យល់​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ថា យើង​អាច « ស្គាល់​គេ​បាន ដោយ​សារ​ផល​គេ​បង្កើត » ។ ដូច្នេះ តាម​លក្ខណៈ​ជា​ប្រព័ន្ធ នោះ​យើង​បាន​ចាប់ផ្ដើម​ពិនិត្យ​មើល​សាសនាចក្រ​ដោយ​រកមើល​ផល​ទាំងនោះ ជាមួយ​នឹង​ការយល់ដឹង​នៃ​គំនិត​សម​ហេតុផល​របស់​យើង​ផ្ទាល់ ។ តើ​យើង​បាន​ឃើញ​អ្វី​ខ្លះ ? មែន​ហើយ យើង​បាន​ឃើញ ៖

  • មនុស្ស​រាក់ទាក់ ហើយ​រីករាយ និង​ក្រុមគ្រួសារ​ដ៏​ល្អ​ដែល​យល់​ថា យើង​ត្រូវ​មាន​អំណរ​នៅក្នុង​ជីវិត​នេះ មិនមែន​គ្រាន់តែ​រងទុក្ខវេទនា​នោះទេ ។

  • សាសនាចក្រ​ពុំ​មាន​បព្វជិត​ទទួល​ប្រាក់ខែ​ទេ តែ​សាសនាចក្រ​មាន​សមាជិក​ទទួល​ការចាត់តាំង និង​ទំនួល​ខុសត្រូវ ។

  • សាសនាចក្រ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ និង​ក្រុមគ្រួសារ​ជា​ស្នូល​នៃ​អ្វីៗ​គ្រប់​យ៉ាង ដែល​សាមជិក​តម​អាហារ​មួយ​ខែ​ម្ដង ហើយ​បរិច្ចាគ​ដើម្បី​ជួយ​អ្នក​ក្រីក្រ ជា​កន្លែង​ដែល​ទម្លាប់​ល្អៗ​​ត្រូវ​បាន​លើកស្ទួយ ដោយបង្រៀន​យើង​ឲ្យ​ចៀសវាង​ពី​សារធាតុ​គ្រោះថ្នាក់ ។

បន្ថែម​លើ​នោះ ៖

  • យើង​ចង់សង្កត់​ធ្ងន់​លើ​ការរីក​ចម្រើន​ផ្ទាល់​ខ្លួន លើ​ការ​អប់រំ លើ​ភាព​ឧស្សាហ៍​ព្យាយាម និង​ភាព​ខ្លួន​ទីពឹង​ខ្លួន ។

  • យើង​បាន​ដឹង​ពី​កម្មវិធី​មនុស្សធម៌​ដ៏​អស្ចារ្យ ។

  • ហើយ​យើង​បាន​ចាប់​អារម្មណ៍​ដល់​សន្និសីទ​ទូទៅ​ដែល​មាន​តន្ត្រី​ដ៏​ពីរោះ និង​គោលការណ៍​ខាង​វិញ្ញាណ​ដ៏​ជ្រាលជ្រៅ​ដែល​បាន​ចែកចាយ​នៅ​ទី​នោះ​ ។

ដោយ​មើល​ឃើញ​ចំណុច​ទាំងអស់​នេះ យើង​ពុំ​អាច​រកឃើញ​កំហុស​នៅក្នុង​សាសនាចក្រ​នេះ​ឡើយ ។ ផ្ទុយ​ទៅ​វិញ យើង​បាន​ចូលចិត្ត​អ្វី​ទាំងអស់​ដែល​យើង​បាន​ឃើញ​ខ្លាំង​ណាស់ ។ ទោះ​យ៉ាង​ណា យើង​នៅតែ​ពុំ​អាច​សម្រេច​ចិត្ត​ជ្រមុជ​ទឹកបាន​ទេ ដោយសារ​យើង​ចង់​ដឹង​អ្វីៗ​គ្រប់​យ៉ាង​សិន​ពីមុន​នឹង​ជ្រមុជ​ទឹក ។

ប៉ុន្តែ សូម្បី​តែនៅក្នុង​ការអល់អែក​របស់​យើងក្ដី ក៏ព្រះអម្ចាស់​បាន​រៀបចំ​យើង​ដោយ​អត់ធ្មត់ ទ្រង់​បាន​សូនយើង ហើយ​ទ្រង់​បាន​ជួយ​យើង​ឲ្យ​ឃើញ​ថា យើង​គប្បី​រៀន​យល់​ដឹង​ពី​សេចក្ដី​ពិត​មិន​ត្រឹម​តែ​តាម​រយៈ​គំនិត​សមហេតុ​ផល​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​តាម​រយៈ​សំឡេង​ដ៏​តូច​រហៀង​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ដែល​មាន​បន្ទូល​ជា​ពិសេស​ដល់​ដួងចិត្ត​យើងផងដែរ ។

មាន​សំឡេង និង​អារម្មណ៍​ដែល​កើត​មាន​ឡើង​នៅ​ល្ងាច​មួយ​នោះ បន្ទាប់​ពី​ការរៀន​ដំណឹងល្អ​អស់រយៈពេល ១០ ខែ ពេល​យើង​អាន​ក្នុង ម៉ូសាយ ១៨ ៖ « ដោយ​អ្នក​រាល់​គ្នា​មានបំណង​ចង់ ... ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ... ហើយ​កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវ​ការ​កម្សាន្ដ​ទុក្ខ ... បើ​សិន​នេះ​ជា​បំណង​នៅ​ក្នុង​ចិត្ត​អ្នក តើ​មាន​អ្វី​ទៅ​ដែល​រារាំង​អ្នក​មិន​ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ ... ? »

វគ្គ​បទគម្ពីរ​នោះ​ចេញ​ពី​ព្រះគម្ពីរ​មរមន​បាន​ចូល​ក្នុង​ចិត្ត និង​ព្រលឹង​យើង ហើយ​យើង​បាន​ទទួល​អារម្មណ៍ ដឹង​ភ្លាម​ថា គ្មាន​មូលហេតុ​អ្វី​ដែល​មិន​ទទួលពិធី​បុណ្យ​ជ្រមុជ​ទឹក​នោះ​ទេ ។ យើង​បាន​ដឹង​ថា បំណង​​ប្រាថ្នាដែល​បាន​លើក​ឡើង​នៅក្នុង​ខ​ទាំងនេះ​ក៏​ជា​បំណង​ប្រាថ្នា​នៅក្នុង​ដួងចិត្ត​យើង​ផងដែរ ហើយ​នោះ​ជា​អ្វី​ដែល​សំខាន់​បំផុត ។ វា​សំខាន់​ជាង​ការយល់​ពី​អ្វី​គ្រប់​យ៉ាង ដោយសារ​យើង​បាន​ដឹង​គ្រប់គ្រាន់​ហើយ ។ យើង​តែងតែ​ពឹងផ្អែក​លើ​​ព្រះហស្ដ​ដឹកនាំ​របស់​ព្រះវរបិតា​សួគ៌​ជាទី​ស្រឡាញ់ ហើយ​មាន​ទំនុក​ចិត្ត​ថា​ទ្រង់​នឹង​បន្ត​ដឹកនាំ​យើង ។

ដូច្នេះ នៅ​ថ្ងៃ​ដដែល​នោះ យើង​បាន​ដាក់​កាលបរិច្ឆេទ​មួយ​សម្រាប់​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​យើង ហើយ​នៅ​ទី​បំផុត មិន​យូរ​ប៉ុន្មាន​យើង​បាន​ជ្រមុជ​ទឹក !

រូបភាព
ពិធីបុណ្យជ្រមុជទឹក​របស់​អែលឌើរ និង​ស៊ីស្ទើរ ហ៊ែលដ៍

តើ​យើង​បាន​រៀន​អ្វី​ខ្លះ​ពី​បទពិសោធន៍​នោះ ?

ទីមួយ យើង​រៀន​ថា យើង​អាច​ទុក​ចិត្ត​ទាំងស្រុង​លើ​ព្រះវរបិតា​សួគ៌​ជាទីស្រឡាញ់ ដែល​តែងតែ​ព្យាយាម​ជួយ​យើង​ឲ្យ​ក្លាយ​ជាមនុស្ស​ដែល​ទ្រង់​ត្រាស់ដឹង​ថា​យើង​អាច​ប្រែក្លាយ ។ យើង​បាន​បញ្ជាក់​ពី​សេចក្ដី​ពិត​ដ៏​ជ្រាលជ្រៅ​នៃ​ព្រះបន្ទូល​ទ្រង់ ពេល​ទ្រង់​មាន​បន្ទូល​ថា « យើង​នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ ឯណេះ​បន្តិច ឯណោះ​បន្តិច នេះ​មាន​ពរ​ហើយ ដល់​អស់​អ្នក​ណា​ដែល​ប្រុង​ស្ដាប់​តាម​សិក្ខាបទ​ទាំង​ឡាយ​របស់​យើង ... ដ្បិត​ពួក​គេ​នឹង​មាន​ប្រាជ្ញា ដ្បិត​ចំពោះ​អ្នក​ណា​ដែល​បាន​ទទួល​ នោះ​យើង​នឹង​ឲ្យ​ថែម​ទៀត » ។

ហើយ​ទីពីរ យើង​បាន​រៀន​ថា បន្ថែម​ទៅលើ​គំនិត​សម​ហេតុផល​របស់​យើង ផ្នែក​មួយ​ទៀត​ចំពោះ​ការ​ទទួល​បាន​ចំណេះដឹង អាច​ផ្ដល់​ដល់​យើង​នូវ​ការណែនាំ និង​ការយល់​ដឹង​បាន ។ នោះ​គឺ​សំឡេង​ដ៏​តូច​រហៀង​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ដែល​មាន​បន្ទូល​មកកាន់​ដួងចិត្ត និង​គំនិត​យើង​ផងដែរ ។

ខ្ញុំ​ចូលចិត្ត​ប្រៀបធៀប​គោលការណ៍​នេះ​ទៅនឹង​សមត្ថភាព​នៃ​ចក្ខុវិញ្ញាណ​របស់​យើង ។ ព្រះវរបិតាសួគ៌​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​បាន​ប្រទាន​ភ្នែក​ពីរដល់​យើង ពុំ​មែន​តែ​ម្ខាង​នោះ​ទេ ។ យើង​អាច​មើល​ឃើញ​គ្រប់គ្រាន់​ជាមួយ​នឹង​ភ្នែក​តែ​ម្ខាង តែ​ភ្នែក​ទីពីរ​ផ្ដល់​ដល់​យើង​នូវ​ទស្សនវិស័យ​មួយ​ទៀត ។ ពេល​ទស្សនវិស័យ​ទាំងពីរ​ត្រូវបាន​ដាក់​បញ្ជូល​រួម​គ្នា​នៅក្នុង​ខួរក្បាល​យើង នោះ​វា​បង្កើត​នូវ​រូបភាព​វិមាត្រ​បី​នៃ​អ្វីៗ​ជុំ​វិញ​យើង ។

ដូច​គ្នា​នោះ​ដែរ យើង​ត្រូវបាន​ផ្ដល់​ឲ្យ​នូវ​ប្រភព​ព័ត៌មាន​ពីរ​តាម​រយៈ​សមត្ថភាព​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​របស់​យើង ។ គំនិត​របស់​យើង​បង្កើត​ការយល់ឃើញ​មួយ​តាម​រយៈ​ញាណ​ខាង​សាច់ឈាម​របស់​យើង និង​តាម​រយៈ​ការរក​ហេតុផល​របស់​យើង ។ តែ​តាម​រយៈ​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ព្រះវរបិតា​ក៏បាន​ប្រទាន​ដល់​យើង​នូវ​ទស្សនវិស័យ​ទី​ពីរ ដែល​ពិត​ជា​ទស្សនវិស័យ​ដ៏​សំខាន់​បំផុត ហើយ​ពិត ដោយសារ​វា​មក​ពី​ទ្រង់​ផ្ទាល់ដែរ ។ តែ​ដោយសារ​ការខ្សឹបប្រាប់ពី​ព្រះវិញ្ញាណ​ជា​ញឹកញាប់​មាន​ភាព​ប្រយោល​ពេក ទើប​មនុស្ស​ជាច្រើន​ពុំ​មាន​ស្មារតី​ស្គាល់​ពី​ប្រភព​បន្ថែម​នោះ ។

ពេល​ទស្សនវិស័យ​ទាំង​ពីរ​នេះ​រួម​បញ្ចូល​គ្នា​នៅក្នុង​ព្រលឹង​យើង នោះ​រូបភាព​ពេញលេញ​មួយ​បង្ហាញ​ពី​ភាពពិត​នៃ​ការណ៍​ទាំងឡាយ​ជា​លក្ខណៈ​ពិត​របស់​វា ។ តាមពិត​ទៅ តាមរយៈ​ទស្សនវិស័យ​បន្ថែម​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ « ភាពពិត » ជាក់លាក់​ទាំងឡាយ​ដែល​បាន​គិត​ក្នុង​ចិត្ត​តែ​តាម​រយៈ​ការយល់ដឹង​ក្នុង​គំនិត​យើង​នោះ អាច​ត្រូវបាន​បង្ហាញ​ថា​ជា​ការបោក​បញ្ឆោត ឬ​ខុសឆ្គង ។ ចូរ​ចងចាំ​ពាក្យ​សម្ដី​របស់​មរ៉ូណៃ​ថា « ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្តី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » ។

ក្នុងរយៈ​ពេល ៣១ ឆ្នាំ ​ក្នុងនាមជា​សមាជិក​សាសនាចក្រ ខ្ញុំ​បាន​មាន​បទពិសោធន៍​ជា​ច្រើន​ដង​ថា បើ​យើង​ពឹងផ្អែក​លើ​តែ​គំនិត​សម​ហេតុផល​របស់​យើង ហើយ​បដិសេធ ឬ​មិន​យក​ចិត្ត​ទុកដាក់​នឹង​ការយល់ដឹង​ខាង​វិញ្ញាណ​ដែល​យើង​អាច​ទទួល​បាន​តាម​រយៈ​ការខ្សឹប​ប្រាប់ និង​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ វា​ហាក់​ដូច​ជា​យើង​ឆ្លងកាត់​ជីវិត​នេះ​ជាមួយ​ភ្នែក​តែ​ម្ខាង​អញ្ចឹង ។ តែ​នោះ​ជាការនិយាយ​ប្រៀបធៀប​ប៉ុណ្ណោះ តាម​ពិត​ទៅ​យើង​ត្រូវបាន​ប្រទាន​ឲ្យ​នូវ « ភ្នែក​ពីរ » ។ មាន​តែ​ការផ្សំ​គ្នា​នូវ​ទិដ្ឋភាព​ទាំងពីរនោះ​ទេ ទើប​យើង​អាច​ទទួល​បាន​នូវ​រូបភាព​ពិត និង​ពេញលេញ​អំពី​សេចក្ដី​ពិត និង​នៃ​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​ដក​ពិសោធន៍​ក្នុង​ជីវិត​យើង ក៏​ដូច​ជា​ការយល់ដឹង​ដ៏​ជ្រាលជ្រៅ​ទាំងស្រុង​នៃ​អត្តសញ្ញាណ និង​គោលបំណង​របស់​យើង​ក្នុង​នាម​ជា​បុត្រា​បុត្រី​នៃ​ព្រះវរបិតាសួគ៌​ដែល​មាន​ព្រះជន្ម​រស់ ។

ខ្ញុំ​នឹកឃើញ​ពី​អ្វី​ដែល​ប្រធាន​ណិលសុន​បាន​បង្រៀន​កាល​ពី​ឆ្នាំ​មុន ពេល​លោក​បាន​មាន​ប្រសាសន៍​ថា « នៅ​ពេល​ខាង​មុខ វា​នឹង​មិន​អាច​រស់​រាន​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេស្ដា​ណែនាំ ដឹកនាំ និង​លួង​លោម​ចិត្ត​ជាប់​ជានិច្ច​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេនោះ » ។

ខ្ញុំ​បាន​ដឹង​ដោយច្បាស់លាស់​​ថា ៖

  • យើង​មាន​ព្រះវរបិតា​នៅ​ស្ថានសួគ៌​ជា​ទី​ស្រឡាញ់ ហើយ​យើង​ទាំងអស់​គ្នា​បាន​យល់ព្រម​មក​កាន់​ផែនដី​នេះ​ជា​ផ្នែក​នៃ​ផែនការ​ដ៏​ទេវភាព ។

  • ​ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ទ្រង់​មាន​ព្រះជន្ម​រស់​នៅ ហើយ​ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​ខ្ញុំ ។

  • យ៉ូសែប ដែល​ជា​ក្មេងប្រុស​កសិករ​ដ៏​រាបទាប ត្រូវបាន​ហៅ ហើយ​បាន​ក្លាយ​ជា​ព្យាការី​ដ៏​អស្ចារ្យ ដែល​បាន​ផ្ដើម​គ្រា​កាន់កាប់​ត្រួតត្រា​ក្នុង​កាល​ដែល​ពេញ​កំណត់​នេះ ជាមួយ​នឹង​កូនសោ អំណាច និង​សិទ្ធិអំណាច​ទាំងអស់​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ​របស់​ព្រះ ។

  • ព្រះគម្ពីរ​មរមន​ជា​សាក្សី​ទីពីរ​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​ថា​ក្រុមគ្រួសារ​បន្ដ​រស់នៅ​ជាមួយ​គ្នា​ជា​រៀង​រហូត ។

  • ​ព្រះអម្ចាស់​របស់​យើង​ ​ព្រះយេស៊ូវគ្រីស្ទ ដឹកនាំ​សាសនាចក្រ​​របស់​ទ្រង់ដែល​បាន​ស្ដារ​ឡើង​វិញ​ តាមរយៈ​ព្យាការី​នៅ​រស់ គឺ​ប្រធាន រ័សុល អិម ណិលសុន នៅ​សព្វថ្ងៃ​នេះ ។

ការណ៍​ទាំងនេះ និង​សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​ផ្សេងៗ​ទៀត បាន​ក្លាយ​ជា​គោលការណ៍​ចាំបាច់​ខាង​វិញ្ញាណ​នៃ​អ្វី​ដែល​ព្រះ​កំពុង​ជួយ​ខ្ញុំ​ឲ្យ​ប្រែក្លាយ ។ ហើយ​ខ្ញុំ​ទន្ទឹង​រង់ចាំ​ដល់​ការបង្រៀន​ថ្មីៗ​ជា​ច្រើន​ទៀត​ដែល​ទ្រង់​នៅ​តែ​ចង់​ឲ្យ​ខ្ញុំ—និង​បងប្អូន—ទទួល​បាន កាល​យើង​ហែល​ឆ្លង​ជីវិត​ដ៏​ប្រពៃ​នេះ ហើយ « ​រៀន ... ដោយ​សារ​ការ​សិក្សា និង​ដោយ​សារ​សេចក្ដី​ជំនឿ​ផង » ។

ខ្ញុំ​ដឹង​ថា​ការណ៍​ទាំងនេះ​ពិត ហើយ​ខ្ញុំ​ថ្លែង​ជា​សាក្សី​អំពី​ការណ៍​ទាំងនោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។