ឆ្នាំ ២០១០-២០១៩
ដំណឹងល្អ​ដ៏​ពិត បរិសុទ្ធ ហើយ​សាមញ្ញ​របស់​ព្រះយេស៊ូវគ្រីស្ទ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


ដំណឹងល្អ​ដ៏​ពិត បរិសុទ្ធ ហើយ​សាមញ្ញ​របស់​ព្រះយេស៊ូវគ្រីស្ទ

ការ​ស្រឡាញ់​ព្រះ និង​ការ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង​គឺជា​គ្រឹះ​ខាង​គោលលទ្ធិ​នៃ​ការងារ​បម្រើ ការ​រៀនសូត្រ​នៅឯ​គេហដ្ឋាន​ដែល​មាន​ការ​គាំទ្រ​ពី​សាសនាចក្រ ការ​ថ្វាយ​បង្គំ​ខាង​វិញ្ញាណ​នៅ​ថ្ងៃ​ឈប់​សម្រាក ​និង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ ។

បងប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់ ខ្ញុំ​ស្ទើរ​តែ​ពុំ​ចង់​ជឿ​ថា ពេល​វេលា​កន្លង​ទៅ​អស់ ៧១ ឆ្នាំហើយ កាល​ខ្ញុំ​បាន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ប្រទេស​អង់គ្លេស​ក្នុង​ឆ្នាំ ១៩៤៨ ហើយ​កាល​ពី ៤៤ ឆ្នាំ​មុន ភរិយា​ខ្ញុំបាបារ៉ា និង​ខ្ញុំ បាន​នាំ​គ្រួសារ​របស់​យើង​ទៅ​ប្រទេស​កាណាដា កាល​ខ្ញុំ​ធ្វើ​ជា​ប្រធាន​នៅ​បេសកកម្ម​តូរ៉ន់តូ​កាណាដា ។ កាល​ខ្ញុំ​បម្រើ​នៅ​ទី​នោះ​ក្នុង​ឆ្នាំ ១៩៧៦ ខ្ញុំ​ត្រូវ​បាន​ហៅ​មក​ក្នុង​កូរ៉ុម​ទីមួយ​នៃ​ពួក​ចិតសិប​នាក់ ហើយ​ដោយ​ពុំ​បាន​រំពឹង​ទុក​ជាមុន នៅ​ឆ្នាំ​១៩៨៥ ខ្ញុំ​ត្រូវ​បាន​ហៅ​មក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ ពុំ​ដូចជា​ការ​ហៅ​មុនៗ​របស់​ខ្ញុំ​ដែល​មាន​នូវ​ការ​ដោះ​លែង​នា​ពេល​ខាង​មុខ​ឡើយ ការ​ដោះលែង​របស់​ខ្ញុំ​ពី​ការ​ហៅ​របស់​ខ្ញុំ​ពី​ពួក​ដប់​ពីរ​នាក់​ពុំ​មែន​ជា​ជម្រើស​ល្អ​បំផុត​នៅ​ពេល​នេះ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​អធិស្ឋាន​ថា ថ្ងៃ​នោះនឹង​មក​ដល់​ដរាប​ណា​ខ្ញុំ​បាន​បញ្ចប់​អ្វីៗ​ដែល​ព្រះអម្ចាស់​បាន​ហៅ​ឲ្យ​ខ្ញុំ​ធ្វើ ។

ដោយ​គិត​ពី​ការ​បម្រើ​របស់​ខ្ញុំ​រយៈពេល ៤៣ ឆ្នាំ​ក្នុង​នាម​ជា​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ និង​អភ័យឯកសិទ្ធិ​ដែល​ខ្ញុំ​មាន​ដើម្បី​ធ្វើ​ការងារ​បម្រើ​ដល់​បុត្រាបុត្រី​របស់​ព្រះវរបិតា​សួគ៌​ នោះ​ខ្ញុំ​ដឹង​យ៉ាង​ពេញ​លេញ​ថា ទ្រង់​សព្វព្រះទ័យ​ឲ្យ​បុត្រា​បុត្រី​របស់​ទ្រង់​គ្រប់​រូប​រក​ឃើញ​នូវ​ភាព​សុខសាន្ត អំណរ និង​សុភមង្គល​នៅ​ក្នុង​ជីវិត ។

ព្យាការី​លីហៃ​បាន​បង្រៀន​ថា « មាន​មនុស្ស​លោក [ ប្រុស និង​ស្រី ] ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដីអំណរ » ។ មាន​ហេតុផល​ជាច្រើន​ដែល​ភាព​សុខសាន្ត អំណរ និង​សុភមង្គល​អាច​កើត​មាន​ដល់​យើង​ក្នុង​ជីវិត​នេះ វា​រួម​មាន ភាព​ក្រីក្រ សង្គ្រាម គ្រោះ​ធម្មជាតិ និង​បញ្ហា​ដែល​ពុំ​រំពឹង​ទុក​ក្នុង​ការងារ សុខភាព និង​ទំនាក់ទំនង​គ្រួសារ ។

ប៉ុន្តែ​ទោះ​ជា​យើង​ពុំ​អាច​គ្រប់​គ្រង​កម្លាំង​ខាង​ក្រៅ​ទាំងនោះ​ ដែល​ជះឥទ្ធិពល​ដល់​ជីវិត​របស់​យើង​នៅ​លើ​ផែនដី​នេះ​ក្ដី ប៉ុន្តែ​នៅពេល​យើង​ខិតខំ​ក្លាយ​ជា​ពួក​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ នោះយើង​អាច​រកឃើញ​នូវ​ភាព​សុខសាន្ត អំណរ និង​សុភមង្គល​បាន ទោះ​ជា​យើង​ជួប​នឹង​បញ្ហា​ខាង​លោកិយ​ក៏​ដោយ ។

មាន​ម្ដង​នោះ កូន​របស់​ខ្ញុំ​ម្នាក់​បាន​ពោល​ថា « ប៉ា កូន​ឆ្ងល់​ថា តើ​យើង​នឹង​មាន​លទ្ធភាព​ទៅ​ដល់​នគរ​សេឡេស្ទាល​ដែរ​ឬទេ » ។ ខ្ញុំ​បាន​តប​ថា « អ្វី​ដែល​ព្រះវរបិតា​សួគ៌​សុំ​ពី​យើង​គឺ​យើង​ត្រូវ​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​ជា​រៀង​រាល់​ថ្ងៃ » ។ បងប្អូន​ប្រុស​ស្រី សូម​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​ដែល​បងប្អូន​អាច​ធ្វើ​បាន​រៀងរាល់​ថ្ងៃ ហើយ​ភ្លាមៗ​នោះ បងប្អូន​នឹង​ដឹង​ថា ព្រះវរបិតា​សួគ៌​ស្គាល់​បងប្អូន ហើយ​ថា​ទ្រង់​ស្រឡាញ់​បងប្អូន ។ ហើយ​ពេល​បងប្អូន​ដឹង​ពី​ការណ៍​នោះ—គឺ​ដឹង​ដោយ​ពិត​ប្រាកដ—នោះ​ជីវិត​របស់​បងប្អូន​នឹង​មាន​គោលបំណង និង​អត្ថន័យ​ដ៏​ពិត ហើយ​បងប្អូន​នឹង​ពោរពេញ​ដោយ​អំណរ និង​ភាព​សុខសាន្ត ។

ដូច​ព្រះអង្គសង្គ្រោះ​ដែល​ជា​ពន្លឺ​នៃ​លោកិយ​បាន​មាន​បន្ទូល​ថា « កុំ​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ត្រូវ​នៅ​ក្នុង​សេចក្តី​ងងឹត​ឡើយ » ។

« ព្រះ​យេស៊ូវ​គ្រីស្ទ គឺជា​នាម ដែល​បាន​ប្រទាន​មក​ពី​ព្រះវរបិតា ហើយ​គ្មាន​នាម​ណា​ទៀត ដែល [ យើង ] អាច​បាន​សង្គ្រោះ​នោះ​ឡើយ ។

« ហេតុដូច្នោះ​ហើយ មនុស្ស​ទាំងអស់ [ ទាំង​ប្រុស​ទាំងស្រី ] ត្រូវ យកព្រះ​នាម ដែល​បាន​ប្រទាន​មក​ពី​ព្រះ​វរបិតា​មក​ដាក់​លើ​ខ្លួន » ។

បទគម្ពីរ​បង្រៀន​យើង​ថា សាតាំង​មាន​បំណង​ដឹកនាំ​មនុស្ស​ចូល​ទៅ​ក្នុង​ភាព​ងងឹត ។ រាល់​ការ​ខិតខំ​របស់​វា​គឺ​ដើម្បី​បិទបាំង​ពន្លឺ និង​សេចក្ដីពិតពីព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ ។ ដូច​ដែល​លីហៃ​បាន​បង្រៀន​កូនចៅ​របស់​លោក​ថា នោះ​អារក្ស « ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​លោក​ទាំងអស់​មាន​ទុក្ខ​វេទនា​ដូច​វា​ដែរ » ។ ប្រសិន​បើ​« កិច្ចការ​… និង​សិរីល្អ »​របស់​ព្រះវរបិតា​សួគ៌​គឺ​ដើម្បី​« នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស [ ទាំង​ប្រុស​ទាំង​ស្រី ] »​នោះ « កិច្ចការ »​របស់​លូស៊ីហ្វើរ​គឺ ដើម្បី​នាំ​ឲ្យ​បុត្រា​បុត្រី​របស់​ព្រះ​មាន​សេចក្តី​វេទនា និង​ទុក្ខលំបាក ដ៏មិន​ចេះចប់​មិន​ចេះ​ហើយ ។ អំពើបាប និង​អំពើ​រំលង​កាត់​បន្ថយ​ពន្លឺ​នៃ​ព្រះគ្រីស្ទ​នៅ​ក្នុង​ជីវិត​របស់​យើង ។ នោះ​គឺជា​ហេតុផល​ដែល​គោលដៅ​របស់​យើង​គឺ​ដើម្បី​រីករាយ​ឲ្យ​ច្រើន​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះគ្រីស្ទ ដែល​នាំ​មក​នូវ​ភាព​សុខសាន្ត អំណរ និង​សុភមង្គល ។

កាល​ពី​ ១៨ ខែ​មុន ព្រះអម្ចាស់​បាន​បំផុស​គំនិត​ដល់​ព្យាការី និង​ពួក​សាវក​របស់​ទ្រង់​ឲ្យ​អនុវត្ត​ការ​កែប្រែ​ដ៏​អស្ចារ្យ​ជាច្រើន ។ ប៉ុន្តែ ខ្ញុំ​ព្រួយ​បារម្ភ​ថា គោលបំណង​ខាង​វិញ្ញាណ​នៃ​ការ​កែប្រែ​ទាំង​នេះ​អាច​នឹង​បាត់​បង់​នៅ​ក្នុង​ភាព​រំភើប​រីករាយ​ចំពោះ​ការ​ផ្លាស់ប្ដូរ​នោះ ។

យ៉ូសែប អេហ្វ ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា « ដំណឹងល្អ​ដ៏​ពិត បរិសុទ្ធ ហើយ​សាមញ្ញ​របស់​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ។ យើង​មាន​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​ថែរក្សា​វា​នៅ​លើ​ផែនដី​នេះ » ។ លោក​បាន​បន្ថែម​ថា ដំណឹងល្អ​ដ៏​ពិត បរិសុទ្ធ ហើយ​សាមញ្ញ​គឺជា​« គោលលទ្ធិ​នៃ​ការ​សង្គ្រោះ​របស់​ព្រះគ្រីស្ទ » ។​

នៅ​ក្នុង​មាត្រា​នៃ​សេចក្ដីជំនឿ​ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀន​ថា « តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ នោះ​មនុស្ស​លោក​ទាំង​អស់​អាច​បាន​សង្គ្រោះ ដោយ​សារ​ការគោរព​តាម​ក្រឹត្យ​វិន័យ និង​ពិធីបរិសុទ្ធ​ទាំង​ឡាយ​នៃ​ដំណឹង​ល្អ » ។

គោលការណ៍​ទី​មួយ​នៃ​ដំណឹងល្អ​គឺ​សេចក្ដីជំនឿ​ទៅលើ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ និង​ការ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។ បងប្រុស​លោក ហៃរុម បាន​បង្រៀន​ថា ៖ « សូម​ប្រកាស​វា​[ម្ដង​ហើយ​ម្ដង]​ទៀត​ថា ៖ អ្នក​នឹង​ឃើញ​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គំនិត​ថ្មី និង​ពន្លឺ​បន្ថែម​ទៀត​ទាក់​ទង​នឹង​គោលការណ៍​ទាំងនេះ​នឹង​ត្រូវ​បាន​បើក​សម្ដែង​ទៅ​កាន់​អ្នក ។ អ្នក​អាច​តោង​ចាប់​គោលការណ៍​ទាំងនោះ …​ដើម្បី​យល់​វា​ឲ្យ​កាន់​តែ​ច្បាស់ ។ បន្ទាប់​មក អ្នក​នឹង​អាច​ធ្វើ​ឲ្យ​មនុស្ស​ដែល [ អ្នក ] បង្រៀន​យល់​វា​កាន់​តែ​ច្បាស់ » ។

វិធី​ដ៏​ល្អ​បំផុត​សម្រាប់​យើង ដើម្បី​មើល​ឃើញ​ពី​គោលបំណង​ខាង​វិញ្ញាណ​របស់​សាសនាចក្រ​នេះ គឺ​ការ​រស់​នៅ​តាម​ការ​បង្រៀន​ដ៏​ពិត បរិសុទ្ធ ហើយ​សាមញ្ញ​របស់​ព្រះគ្រីស្ទ ហើយ​អនុវត្ត​បទបញ្ញត្តិ​ធំ​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ ៖ « ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ្នក​ឲ្យ​អស់​អំពី​ចិត្ត ។… ចូរ​ឲ្យ​អ្នក​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​ជា​ខ្លួន​ឯង » ។១០

ការ​គោរព​ប្រតិបត្តិ​ចំពោះ​បទបញ្ញត្តិ​ទាំង​ពីរ​នោះ​ផ្ដល់ជា​មធ្យោបាយ​ដើម្បី​ដក​ពិសោធន៍​ភាព​សុខសាន្ត និង​អំណរ​កាន់​តែ​ច្រើន ។ នៅពេល​យើង​ស្រឡាញ់ ហើយ​បម្រើ​ព្រះអម្ចាស់ ព្រមទាំង​ស្រឡាញ់ ហើយ​បម្រើ​ដល់​អ្នក​ជិត​ខាង យើង​នឹង​ទទួល​អារម្មណ៍​សុភមង្គល​ដ៏​ច្រើន​កើត​មាន​ចំពោះ​យើង​ដោយ​ឯក​ឯង ។

ការ​ស្រឡាញ់​ព្រះ និង​ការ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង​គឺជា​គ្រឹះ​ខាង​គោលលទ្ធិ​នៃ​ការងារ​បម្រើ ការ​រៀនសូត្រ​នៅឯ​គេហដ្ឋាន​ដែល​មាន​ការ​គាំទ្រ​ពី​សាសនាចក្រ ការ​ថ្វាយ​បង្គំ​ខាង​វិញ្ញាណ​នៅ​ថ្ងៃ​ឈប់​សម្រាក ​និង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​នៅ​ទាំង​សង្ខាង​នៃ​វាំងនន ដែល​បាន​គាំទ្រ​នៅ​ក្នុង​សមាគមសង្គ្រោះ និង​កូរ៉ុម​អែលឌើរ ។ អ្វីៗ​ទាំងនេះ​ផ្អែក​ទៅលើ​បទបញ្ញត្តិ​របស់ព្រះ​ដើម្បី​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នកជិត​ខាង​យើង ។ តើ​អាច​មាន​អ្វី​មួយ​ដែល​ធម្មតា សំខាន់ ហើយ​សាមញ្ញ​ជាង​ការណ៍​នោះ​ដែរ​ឬទេ ?

ការ​រស់នៅ​តាម​ផែនការ​នៃ​ដំណឹងល្អ​ដ៏​ពិត បរិសុទ្ធ ហើយ​សាមញ្ញ​នឹង​អនុញ្ញត​ឲ្យ​យើង​មាន​ពេល​ច្រើន​ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​ស្ត្រី​មេម៉ាយ បុរស​ពោះម៉ាយ កូន​កំព្រា ជន​ឯកោ អ្នក​ជំងឺ និង​ជន​ក្រីក្រ ។ យើង​នឹង​រក​ឃើញ​ភាព​សុខសាន្ត អំណរ និង​សុភមង្គល​ក្នុង​ជីវិត​យើង នៅពេល​យើង​បម្រើ​ព្រះអម្ចាស់ និង​អ្នក​ជិត​ខាង​របស់​យើង ។

ការ​កែប្រែ​ថ្ងៃ​ឈប់​សម្រាក​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ការ​រៀន​សូត្រ និង​ការ​សិក្សា​ដំណឹងល្អ​នៅ​គេហដ្ឋាន​ដែល​មាន​ការគាំទ្រ​ពី​សាសនាចក្រ គឺជា​ឱកាស​មួយ​ដើម្បី​រំឭក​ពី​ស្មារតី និង​ពលិកម្ម​របស់​យើង​ចំពោះ​ព្រះ​នៅ​ក្នុង​គេហដ្ឋាន​របស់​យើង ។ តើ​អាច​មាន​អ្វីខ្លះ​ដែល​សាមញ្ញ ធម្មតា ហើយ​សំខាន់​ជាង​នេះ​ដែរ​ឬទេ ? បងប្អូន​ប្រុស​ស្រី តើ​បងប្អូន​អាច​មើល​ឃើញ​ថា ការ​រៀនសូត្រ និង​ការ​បង្រៀន​ដំណឹងល្អ​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​យើង​គឺជា​វិធី​មួយ​ដ៏​សំខាន់​ដើម្បី​រកឃើញ​អំណរ និង​សុភមង្គល​ក្នុង​ជីវិត​របស់​យើង​ដែរ​ឬទេ ?

ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូលពី​ថ្ងៃ​ឈប់​សម្រាក​ថា ​« ដ្បិត​ប្រាកដមែន ថ្ងៃ​នេះ​ត្រូវ​បាន​ចាត់​ទុក​ដល់​អ្នក ដើម្បី​ឲ្យ​សម្រាក​ពី​ការងារ​ទាំងឡាយ​របស់​អ្នក ហើយ​ដើម្បី​ថ្វាយ​ភក្ដីភាព​របស់​អ្នក​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត ។១១ ទ្រង់​បាន​បន្ថែម​ទៀត​ថា « ប្រយោជន៍​ឲ្យ​សេចក្ដី​អំណរ​របស់​អ្នក​អាច​បាន​ពេញ… [ តាមរយៈ ] ការ​ត្រេកអរ និង​ការ​អធិស្ឋាន…អ្នក​រាល់​គ្នា [ គួរ ] ប្រព្រឹត្ត​ការណ៍​ទាំង​នេះ ដោយ​អំណរគុណ ដោយ​ទឹក​ចិត្ត និង​ទឹកមុខ​រីករាយ… [ ហើយ ] ដោយ​ចិត្ត​អរ​សប្បាយ និង​មុខ​រីករាយ » ។១២

សូម​កត់សម្គាល់​ពី​ពាក្យ​គន្លឹះ​មួយ​ចំនួន​នៅ​ក្នុង​វិវរណៈ​នេះ ៖​អំណរ,ការ​ត្រេកអរ, អំណរគុណ, ចិត្ត​រីករាយ, ចិត្ត​អរសប្បាយនិង​ទឹក​មុខ​រីករាយ ។ ចំពោះ​ខ្ញុំ វា​ហាក់​ដូចជា ការ​រក្សា​ថ្ងៃ​ឈប់​សម្រាក​គួរ​តែ​ធ្វើ​ឲ្យ​យើង​មាន​ស្នាម​ញញឹម ។

រូបភាព
ការ​ស្វាគមន៍​នៅ​ព្រះវិហារ

នៅពេល​យើង​ធ្វើ​ការងារ​បម្រើ​តាម​របៀប​ខ្ពស់​ជាង ហើយ​បរិសុទ្ធ​ជាង សូម​ពិចារណា​ថា ការ​ដែល​យើង​រាក់ទាក់​ដល់​មនុស្ស​គ្រប់​គ្នា​ដែល​មក​ការ​ប្រជុំ​សាសនាចក្រ​របស់​យើង​គឺជា​រឿង​ដ៏​សំខាន់​ណាស់ ជាពិសេស​សមាជិក​ថ្មី និង​ភ្ញៀវ ។ យើង​ទាំងអស់​គ្នា​គួរ​តែ​រីករាយ​ច្រៀង​ទំនុក​តម្កើង ហើយ​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពាក្យ​នៃ​ការ​អធិស្ឋាន​សាក្រាម៉ង់ ទាំង​បើក​ដួង​ចិត្ត និង​គំនិត​របស់​យើង ។

ទីបន្ទាល់​ស្តីពី​សេចក្ដី​ជំនឿ​នៅ​ក្នុង​ការ​ប្រជុំ​ប្រជុំ​តម​អាហារ និង​ថ្លែង​ទីបន្ទាល់​របស់​យើង​ត្រូវ​បាន​នាំ​មុខ​ដោយ​សមាជិក​ម្នាក់​ក្នុង​គណៈប៊ីស្សព ដែល​ចែកចាយ​ទីបន្ទាល់​ខ្លីៗ​ដោយ​ផ្ដោត​លើ​ផែនការ​នៃ​សុភមង្គល និង​ដំណឹងល្អ​ដ៏​ពិត បរិសុទ្ធ ហើយ​សាមញ្ញ​របស់​ព្រះគ្រីស្ទ ។ មនុស្ស​ផ្សេង​ទៀត​គួរ​តែ​ធ្វើ​តាម​គំរូ​នោះ ។ យើង​ត្រូវ​ចងចាំ​ថា មាន​ទីកន្លែង​សមរម្យ​ផ្សេង​ទៀត​ដើម្បី​ប្រាប់​ពី​ដំណើរ​រឿង ឬ​ចែក​ចាយ​ពី​ដំណើរ​ផ្សង​ព្រេង​នានា ។ នៅពេល​យើង​រក្សា​ទីបន្ទាល់​របស់​យើង​ឲ្យ​សាមញ្ញ ហើយ​ផ្ដោត​លើ​ដំណឹងល្អ​របស់​ព្រះគ្រីស្ទ ទ្រង់​នឹង​ប្រទាន​នូវការ​រំឭក​ចាំខាង​វិញ្ញាណ នៅពេល​យើង​ចែកចាយ​ទីបន្ទាល់​របស់​យើង​ជាមួយ​គ្នា ។

ការងារបម្រើ​ដ៏​មាន​ប្រសិទ្ធភាព​គឺត្រូវបាន​មើល​ឃើញ​យ៉ាង​ល្អ​បំផុត តាមរយៈ​ការ​ផ្ដោត​ទៅ​លើ​ការ​ស្រឡាញ់​ព្រះ និង​ការ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង ។ យើង​អាច​ថ្លែង​ដោយ​សាមញ្ញ​ថា យើង​ធ្វើ​ការងារ​បម្រើ ដោយសារ​យើង​ស្រឡាញ់​ព្រះវរបិតា​សួគ៌​របស់​យើង និង​បុត្រា​បុត្រី​របស់​ទ្រង់ ។ កិច្ចខិតខំ​ក្នុង​ការងារ​បម្រើ​របស់​យើង​នឹង​មាន​ជោគជ័យ​ច្រើន ប្រសិន​បើ​យើង​ធ្វើ​ឲ្យ​ការងារ​បម្រើ​របស់​យើង​មាន​លក្ខណៈ​សាមញ្ញ ។ ភាគច្រើន អំណរ​កើត​ចេញ​ពី​រឿង​សាមញ្ញៗ​ក្នុង​ជីវិត ដូច្នេះ​យើងត្រូវ​យក​ចិត្ត​ទុក​ដាក់ កុំ​គិត​ថា​ត្រូវ មាន​សេចក្ដីត្រូវ​ការ​បន្ថែម​ទៅ​នឹង​ការ​កែប្រែ​នានា​ដែល​យើង​បាន​ទទួល​រួចហើយ ដើម្បី​ស្ថាបនា​សេចក្ដីជំនឿ និង​ទីបន្ទាល់​រឹង​មាំ​នៅ​ក្នុង​ដួង​ចិត្ត​នៃ​បុត្រា​បុត្រី​របស់​ព្រះនោះ​ឡើយ ។

ចូរ​យើង​កុំ​ធ្វើ​រឿង​ឲ្យ​កាន់​តែ​ស្មុគស្មាញ ដោយ​មាន​ការ​ប្រជុំ ការ​រំពឹងទុក ឬ​តម្រូវ​ការ​បន្ថែម​ទៀត​នោះ ។ សូម​ធ្វើ​ឲ្យ​សាមញ្ញ ។ នៅ​ក្នុង​ភាព​សាមញ្ញ​នោះ​ហើយ ដែល​បងប្អូន​នឹង​រកឃើញ​នូវ​ភាព​សុខសាន្ត អំណរ និង​សុភមង្គល​ដែល​ខ្ញុំ​កំពុង​តែ​លើក​ឡើង​នេះ ។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ គោលបំណង​នៃ​ភាព​ជា​អ្នកដឹកនាំ​របស់​សាសនាចក្រ ដូច​ដែល​បាន​ចែង​នៅ​ក្នុង ក្បូន​ខ្នាត​ភាគ ២គឺជា​លទ្ធផល​ដែល​មាន​ច្បាស់លាស់ ហើយ​សាមញ្ញ ខ្ញុំ​សូម​ដកស្រង់​ថា ៖

រូបភាព
គ្រួសារ​នៅ​ក្នុង​ការ​ផ្ទៀងផ្ទាត់​ដង្វាយ​មួយភាគ​ក្នុង​ដប់

« ថ្នាក់ដឹកនាំ​លើកទឹក​ចិត្ត​ដល់​សមាជិក​គ្រប់រូប ឲ្យ​ទទួល​ពិធីបរិសុទ្ធ​ចាំបាច់​ទាំងឡាយ​នៃ​បព្វជិតភាព គោរព​សេចក្តីសញ្ញា​ទាំងឡាយ ដែល​ជាប់​ទាក់ទង និង​មាន​ភាពស័ក្តិសម​សម្រាប់​ភាពតម្កើងឡើង និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ …

រូបភាព
គូស្វាមីភរិយា​នៅ​ឯ​ព្រះវិហារបរិសុទ្ធ

« មនុស្ស​ពេញវ័យ ៖ លើក​ទឹកចិត្ត​ដល់​មនុស្ស​ពេញវ័យ​ម្នាក់ៗ ឲ្យ​មាន​ភាពស័ក្តិសម​ក្នុង​ការទទួល​ពិធីបរិសុទ្ធ​ទាំងឡាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ បង្រៀន​ដល់​មនុស្ស​ពេញ​វ័យ​ទាំងអស់ ឲ្យស្គាល់​ជីដូនជីតា​របស់​ពួកគាត់ ហើយ​ធ្វើ​ពិធីបរិសុទ្ធ​ទាំងឡាយ​ក្នុង​ព្រះវិហារបរិសុទ្ធ ជំនួយ​ឲ្យ​ពួកគាត់ ។

រូបភាព
ការតែងតាំង បព្វជិតភាព
រូបភាព
យុវនារី​កាន់​កាត​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ

« យុវវ័យ ៖ ជួយ​រៀបចំ​យុវជន​ម្នាក់ៗ​ឲ្យ​ទទួល​បព្វជិតភាព​មិលគិស្សាដែក ដើម្បី​ទទួល​ពិធីបរិសុទ្ធ​ទាំងឡាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​មាន​ភាពស័ក្តិសម​ដើម្បី​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ។ ជួយ​ដល់​យុវនារី​ម្នាក់ៗ​ឲ្យ​មានភាពស័ក្តិសម ដើម្បី​ចុះ​និង គោរព​សេចក្តី​សញ្ញា​ពិសិដ្ឋ ហើយ​ទទួល​ពិធី​បរិសុទ្ធ​ទាំង​ឡាយ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ ។ ពង្រឹង​ដល់​យុវវ័យ​តាមរយៈ​ការចូលរួម​ក្នុង​សកម្មភាព​ដ៏​មាន​អត្ថន័យ ។

រូបភាព
ក្រុមប្រឹក្សាវួដ

« សមាជិក​ទាំងអស់ ៖ ជួយ​ដល់​ថ្នាក់ដឹកនាំ​បព្វជិតភាព និង​ថ្នាក់ដឹកនាំ​អង្គការ​ជំនួយ ក្រុម​ប្រឹក្សា​វួដ អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង និង​អ្នកផ្សព្វផ្សាយ​សាសនា​ក្នុង​វួដ ព្រមទាំង​សមាជិក ឲ្យ​ធ្វើ​ការសហប្រតិបត្តិការ​នៅក្នុង​កិច្ចខិតខំ​ស្មើគ្នា​មួយ ដើម្បី​ជួយ​សង្រ្គោះ​ដល់​បុគ្គល​ម្នាក់ៗ ពង្រឹង​ដល់​ក្រុម​គ្រួសារ និង​អង្គភាព​សាសនាចក្រ បង្កើន​សកម្មភាព​បព្វជិតភាព ហើយ​ប្រមូល​ពួកសាសន៍​អ៊ីស្រាអែល​ឲ្យ​ប្រែចិត្ត​ជឿ ថែរក្សា និង​ធ្វើ​ឲ្យ​សកម្ម​ឡើង​វិញ ។ បង្រៀន​ដល់​សមាជិក​ទាំងឡាយ​ឲ្យ​ផ្គត់ផ្គង់​ដល់​ខ្លួនឯង និង​ក្រុម​គ្រួសារ​របស់​ពួកគេ ហើយ​ជួយ​ដល់​ជន​ទ័លក្រ និង​ជន​ទុរគត៌ តាម​របៀប​របស់​ព្រះអម្ចាស់ » ។១៣

ការ​បម្រើ​របស់​ខ្ញុំ​នៅ​ក្នុង​សាសនាចក្រ​បាន​ផ្ដល់​ពរជ័យ​ដល់​ខ្ញុំ​នូវ​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​ពិសេស​អស្ចារ្យ​ជាច្រើន ។ ខ្ញុំ​គឺជា​សាក្សី​មួយ​រូប​ថា ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​ដើម្បី​សម្រេច​បាន​ព្រះរាជ​បំណង​របស់​ទ្រង់ ។ ខ្ញុំ​បាន​ទទួល​ការ​ដឹកនាំ​ពី​ព្រះ​លើស​ពី​សមត្ថភាព​របស់​ខ្ញុំ​ទៅ​ទៀត ។ ចំពោះ​ខ្ញុំ អំណរ​ក្នុង​ការ​រស់​នៅ​តាម​ដំណឹងល្អ​បាន​ផ្ដោត​ទៅ​លើ​គោលលទ្ធិ និង​ដំណឹងល្អ​ដែល​ពិត បរិសុទ្ធ ហើយ​សាមញ្ញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ខ្ញុំ​បាន​បម្រើ​នៅ​ក្រោម​កូនសោ និង​ការ​ដឹកនាំ​របស់​ព្យាការី និង​ប្រធាន​សាសនាចក្រ​ចំនួន រូប តាំង​ពី​ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល រហូត​ដល់ រ័សុល អិម ណិលសុន ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពួក​លោក​មួយ​រូបៗ​គឺជា​ព្យាការី​ជម្រើស​របស់​ព្រះ ។ ពួកលោក​បាន​បង្រៀន​យើង​ពី​គោលការណ៍​សំខាន់ៗ​អំពី​សាសនាចក្រ ព្រមទាំង​ដំណឹងល្អ និង​គោលលទ្ធិ​របស់​ព្រះ ។ ប្រធាន​ណិលសុន​កំពុង​បន្ត​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់​ឲ្យ​ដំណើរ​ការ​ទៅ​មុខ​យ៉ាង​លឿន ។ ខ្ញុំ​និយាយ​ថា « យ៉ាងលឿន »​ដោយសារ​លោក​គឺ​ជា​បុគ្គល​មួយ​រូប​ក្នុង​ចំណោម​ពួក​សាវក​ដែល​មាន​អាយុ​ច្រើន​ជាង​ខ្ញុំ ហើយ​ខ្ញុំ​កំពុង​មាន​ការលំបាក​នឹង​តាម​លោក​ឲ្យ​ទាន់​ណាស់ ។ ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា កូនសោ​បព្វជិតភាព និង​ការហៅ​នៃ​ព្យាការី​របស់​ព្រះ​ត្រូវ​បាន​ប្រទាន​ដល់​លោក ។ ប្រធាន​ណិលសុន​បង្រៀន​ពី​ដំណឹងល្អ​ដ៏​ពិត បរិសុទ្ធ ហើយ​សាមញ្ញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ព្រះ​យេសូវ​គឺ​ជា​ព្រះ​គ្រីស្ទ ហើយ​នេះ​គឺជា​សាសនាចក្រ​របស់​ទ្រង់—ហើយ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​កិច្ចការ​នេះ ក្នុង​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។