ឆ្នាំ ២០១០-២០១៩
តើ​ខ្ញុំ​អាច​យល់​យ៉ាង​ដូចម្តេច ?
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


តើ​ខ្ញុំ​អាច​យល់​យ៉ាង​ដូចម្តេច ?

នៅពេល​យើង​ព្យាយាម​រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ស្មោះស ដោយ​អស់​ពី​ដួងចិត្ត ដោយ​រឹងប៉ឹង និង​ដោយ​ស្មោះត្រង់ ហើយ​បង្រៀន​ដំណឹងល្អ​ដល់​គ្នា​ទៅវិញទៅមក នោះ ការ​បង្រៀន​នេះ អាច​ផ្លាស់ប្រែ​ដួងចិត្ត ។

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ឱ​វា​ជា​អំណរ​មួយ​ដ៏អស្ចារ្យ​ដែល​បាន​នៅ​ទីនេះ​ជាមួយ​គ្នា​ម្តង​ទៀត នៅក្នុង​សន្និសីទ​ទូទៅ​នេះ សម្រាប់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ក្រោម​ការដឹកនាំ​របស់​ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង​គឺ​ប្រធាន រ័សុល អិម ណិលសុន ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​​ទៅ​កាន់​បងប្អូន​ថា យើង​នឹង​មាន​ឯកសិទ្ធិ​ស្តាប់​ព្រះសូរសៀង​របស់​ព្រះអង្គសង្គ្រោះ​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការបង្រៀន​​ពី​អស់​អ្នក​ដែល​អធិស្ឋាន ច្រៀង និង​ថ្លែង​ពី​តម្រូវការ​ចាំបាច់​សម្រាប់​ជំនាន់​របស់យើង​ក្នុង​សន្និសីទ​នេះ ។

ដូច​បាន​កត់ត្រា​នៅក្នុង​គម្ពីរកិច្ចការ ភីលីព​គ្រូ​ផ្សាយដំណឹង​ល្អ​បាន​បង្រៀន​ដំណឹងល្អ​ដល់​សាសន៍​អេធីយ៉ូពី​ម្នាក់​ជាមនុស្ស​កម្រៀវ​ដែល​មើល​ការខុសត្រូវ​លើ​ទ្រព្យ​សម្បត្តិ​ទាំងអស់​របស់​ម្ចាស់​ក្សត្រី​អេស៊ីភៀន ។ ខណៈពេល​ត្រឡប់​ពី​ថ្វាយ​បង្គំ​នៅក្រុង​យេរូសាឡិម​វិញ គាត់​អាន​គម្ពីរ​អេសាយ ។ ដោយ​បាន​បំផុសគំនិត​ពី​ព្រះវិញ្ញាណ នោះ​ភីលីព​បានដើរ​មក​ជិតគាត់ រួច​សួរ​ថា « តើលោក​មើល​យល់​ឬ​ទេ ?

« បុរស [ កម្រៀវ ] នោះ​ឆ្លើយ​ថា ៖ « បើ​គ្មាន​នរណា​ដឹក​នាំ​ខ្ញុំ នោះ​ធ្វើ​ដូចម្តេច​ឲ្យ​ខ្ញុំ​យល់​បាន ?…

« នោះ​ភីលីព​បើក​មាត់​សម្តែង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះយេស៊ូវ ចាប់​តាំង​ពី​បទ​គម្ពីរ​នោះ​រៀង​ទៅ » ។

សំណួរ​ដែល​សាសន៍អេធីយ៉ូពី​​នេះ​សួរ​គឺ​ជាការរំឭក​មួយ​អំពី​ការត្រាស់​បង្គាប់​ពី​ព្រះ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ស្វែងរក​ការរៀនសូត្រ និង​បង្រៀន​គ្នា​ទៅវិញ​ទៅមក​ពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ តាមពិត​នៅក្នុង​បរិបទ​នៃ​ការ​រៀនសូត្រ និង​ការ​បង្រៀន​ដំណឹងល្អ យើង​ពេលខ្លះ​ដូចជា សាសន៍​អេធីយ៉ូពី— យើង​ត្រូវការ​ជំនួយ​របស់​គ្រូបង្រៀន​ស្មោះត្រង់ និង​បំផុសគំនិត ហើយ​យើង​ពេល​ខ្លះ​ដូចជា ភីលីព— យើង​ចាំបាច់​ត្រូវ​បង្រៀន និង​ពង្រឹង​ការ​ផ្លាស់ប្រែចិត្តជឿ​របស់​អ្នកដទៃ ។

គោលបំណង​របស់​យើង​ដែល​ស្វែងរក​ការរៀនសូត្រ និង​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ត្រូវតែ​បង្កើន​សេចក្តីជំនឿ​លើ​ព្រះ និង​ផែនការ​នៃ​សុភមង្គល​ដ៏​ទេវភាពរបស់​ទ្រង់ និងទៅលើ​ព្រះយេស៊ូវគ្រីស្ទ ព្រមទាំង​ពលិកម្ម​ធួន​របស់​ទ្រង់ ហើយ​សម្រេច​បាននូវ​ការប្រែចិត្តជឿ​ដ៏​យូរ​អង្វែង ។ ការបង្កើន​សេចក្តីជំនឿ និង​ការប្រែចិត្ត​ជឿ​បែប​នេះ​នឹង​ជួយ​យើង​ឲ្យ​ចុះ និង​រក្សាសេចក្តីសញ្ញា​ជាមួយ​ព្រះ ធ្វើ​ដូច្នោះ​នឹង​ពង្រឹង​បំណង​ប្រាថ្នា​យើង​ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ហើយ​បង្កើត​ការផ្លាស់ប្តូរ​ខាងវិញ្ញាណ​ដ៏ស្មោះត្រង់​មួយ​នៅក្នុង​ខ្លួន​យើង—និយាយ​ម្យ៉ាង​ទៀត​ថា ជាការផ្លាស់ប្តូរ​យើង​ឲ្យ​កើត​ជា​ថ្មី ដែល​បាន​បង្រៀន​ដោយ​សាវក​ប៉ុល​នៅក្នុង​សំបុត្រ​ដែល​លោក​បាន​សរសេរ​ទៅ​ពួក​កូរិនថូស ។ ការផ្លាស់ប្តូរ​នេះ​នឹង​នាំឲ្យ​យើង​​កាន់តែរីករាយ កាន់តែ​មាន​ប្រយោជន៍ ហើយ​មាន​ជីវិត​ល្អ និង​ជួយ​យើង​ឲ្យ​រក្សា​ទស្សនវិស័យអស់កល្ប​ជានិច្ច​មួយ ។ តើ​រឿង​នេះ​ពុំ​កើត​ឡើង​យ៉ាង​ពិតប្រាកដ​ដល់​សាសន៍​អេធីយ៉ូពីកម្រៀវ​នោះ បន្ទាប់​ពី​គាត់​បាន​រៀន​អំពី​ព្រះអង្គសង្គ្រោះ ហើយ​បាន​ប្រែចិត្ត​ជឿ​លើ​ដំណឹងល្អ​ទ្រង់​ទេ​ឬ​អី ? ព្រះគម្ពីរ​ចែង​ថា គាត់ « ទៅ​តាម​ផ្លូវ​ទៅ​ដោយ​អរ​សប្បាយ » ។

បទបញ្ញត្តិ​ឲ្យ​រៀន​ហើយ​បង្រៀន​ដំណឹងល្អ​ដល់​គ្នា​ទៅវិញទៅមក​ពុំ​មែន​ជា​បទបញ្ញត្តិ​ថ្មី​ទេ វា​ត្រូវ​បាន​ថ្លែង​ដដែលៗ​យ៉ាង​ខ្ជាប់ខ្ជួន​ចាប់​តាំង​ពី​ដើមដំបូង​នៃ​ប្រវត្តិសាស្ត្រ​មនុស្ស ។ នៅ​គ្រា​ដ៏​ពិសេស​មួយ ខណៈ​ដែល​ម៉ូសេ និង​ប្រជាជន​របស់​លោក​នៅក្នុង​វាល​នៃ​ស្រុក​ម៉ូអាប់ នៅ​ពី​មុន​ចូល​ទៅកាន់​ដែនដី​សន្យា នោះ​ព្រះអម្ចាស់​បាន​បំផុសគំនិត​​ឲ្យ​លោក​ដាស់​តឿន​ដល់​ប្រជាជន​របស់​លោក​ទាក់ទង​នឹង​ការទទួលខុសត្រូវ​​របស់​ពួកគេ ក្នុងការ​រៀន​ច្បាប់ និង​សេចក្តីសញ្ញា​នានា ដែល​ពួកគេ​បាន​ទទួល​ពី​ព្រះអម្ចាស់ ហើយ​បង្រៀន​ច្បាប់ និង​សេចក្តីសញ្ញា​ទាំង​នោះ​ដល់​ពូជពង្ស​របស់​ពួកគេ​ ដែល​ពូជពង្ស​របស់​គេ​ជា​ច្រើន​នាក់​ពុំ​មាន​បទពិសោធន៍​ផ្ទាល់​ក្នុងការ​ឆ្លង​កាត់​សមុទ្រ​ក្រហម ឬ​វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​នៅ​លើ​ភ្នំ​ស៊ីណាយ​ឡើយ ។

ម៉ូសេ​បាន​តាស់តឿន​ប្រជាជន​របស់​លោក ៖

« ឱ​ពួក​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​អស់​ទាំង​ច្បាប់ និង​បញ្ញត្តិ ដែល​ខ្ញុំ​បង្រៀន​ដល់​ឯង​រាល់​គ្នា ហើយ​ឲ្យ​ប្រព្រឹត្ត​តាម​ចុះ ដើម្បី​ឲ្យ​បាន​រស់​នៅ ហើយ​ឲ្យ​បាន​ចូល​ទៅ​ទទួល​យក​ស្រុក ដែល​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ឰយុកោ​ឯង ទ្រង់​ប្រទាន​មក ។…

…ត្រូវ​ឲ្យ​ឯង​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​កូន​ចៅ​ឯង​ឲ្យ​ដឹង​ត​រៀង​ទៅ​វិញ » ។

ម៉ូសេ​បាន​បញ្ចប់​ដោយ​ថ្លែង​ថា « ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រក្សា​អស់​ទាំង​បញ្ញត្តិ​ច្បាប់​របស់​ទ្រង់ ដែល​ខ្ញុំ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​បាន​សប្បាយ ព្រម​ទាំង​កូន​ចៅ​ឯង​ត​រៀង​ទៅ​ផង ហើយ​ឲ្យ​បាន​ជីវិត​យូរអង្វែង​ត​ទៅ នៅ​ក្នុង​ស្រុក​ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ឲ្យ​ឯង​បាន​នៅ​ជា​ដរាប » ។

ពួកព្យាការី​របស់​ព្រះ​បាន​ណែនាំ​ជា​ប្រចាំ​ថា យើង​ត្រូវតែ​ចិញ្ចឹមបីបាច់​ក្រុមគ្រួសារ​យើង « ទៅ​តាម​ដំបូន្មាន និង​សេចក្តី​ដាស់តឿន​របស់​ព្រះអម្ចាស់ »​១០ និង​នៅក្នុង​ពន្លឺ និង​សេចក្តីពិត » ។១១ ថ្មីៗ​នេះ ប្រធាន​ណិលសុន​បាន​មាន​ប្រសាសន៍​ថា « នៅក្នុង​ជំនាន់​ដែល​ភាពអសីលធម៌ និង​ការញៀន​ការណ៍​អាសគ្រាម​កំពុង​រីក​រាល​ដាល​នេះ ឪពុក​ម្តាយ​មាន​ការទទួល​ខុសត្រូវ​ពិសិដ្ឋ​មួយ ដើម្បី​បង្រៀន​កូនៗ​របស់​ពួកគេ​អំពី​សារៈសំខាន់​នៃ​ព្រះ [ និង​ព្រះយេស៊ូវគ្រីស្ទ ] នៅក្នុង​ជីវិត​របស់​ពួកគេ » ។១២

បង​ប្អូន​ប្រុស​ស្រី ការព្រមាន​​របស់​ព្យាការី​ជាទីស្រឡាញ់​យើង​គឺ​ជា​ការរំឭក​បន្ថែម​អំពី​ការទទួល​ខុសត្រូវ​ផ្ទាល់​របស់​យើង ដើម្បី​ព្យាយាម​រៀនសូត្រ និង​បង្រៀន​ក្រុមគ្រួសារ​យើង​ថា មាន​ព្រះ​វរ​បិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ ដែល​ស្រឡាញ់​យើង ហើយ​បាន​បង្កើត​ផែនការ​នៃ​សុភមង្គល​ដ៏ទេវភាព​សម្រាប់​បុត្រាបុត្រី​ទ្រង់ ថា​ព្រះយេស៊ូវគ្រីស្ទ​ បុត្រា​របស់​ទ្រង់​គឺជា​ព្រះអង្គ​ប្រោសលោះ​នៃ​ពិភពលោក ហើយ​ថា​សេចក្តីសង្គ្រោះ​កើត​មក​ពី​សេចក្តីជំនឿ​លើ​ព្រះនាម​ទ្រង់ ។១៣ ជីវិត​របស់យើង​ត្រូវចាក់​ឫស​នៅ​លើ​សិលា​នៃ​ព្រះប្រោស​លោះ​របស់យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ ដែល​អាច​ជួយ​យើង​ម្នាក់ៗ និង​​ក្រុមគ្រួសារ​យើង ឲ្យ​មាន​ការបំផុសគំនិត​ខាង​វិញ្ញាណ​ផ្ទាល់​ខ្លួន​យើង ឆ្លាក់​ជាប់​ក្នុង​ចិត្ត​យើង ដែល​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​ក្នុង​សេចក្តីជំនឿ​របស់យើង ។​១៤

អ្នក​អាច​នៅចាំ​ថា សិស្ស​ពីរ​នាក់​របស់ យ៉ូហាន បាទីស្ទ បាន​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ បន្ទាប់​ពី​ស្តាប់​ឮ យ៉ូហាន​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គឺ​ជា​កូន​ចៀម​នៃ​ព្រះ ជា​ព្រះ​មែស៊ី ។ បុរស​ល្អ​ទាំងនេះ​បាន​ទទួល​យក​ការ​អញ្ជើញ​របស់​ព្រះយេស៊ូវ​ឲ្យ « មក ហើយ​មើល » ១៥ហើយ​នៅ​ជាមួយ​ទ្រង់​ថ្ងៃ​នោះ ។ ពួកគេ​បាន​ដឹង​ថា ព្រះយេស៊ូវ​គឺជា​ព្រះមែស៊ី ព្រះរាជបុត្រា​នៃ​ព្រះ​ហើយ​ដើរ​តាម​ទ្រង់​អស់​មួយ​ជីវិត​របស់​ពួកគេ ។

ដូច​គ្នា​នេះ​ដែរ ពេល​យើង​ទទួល​យក​ការអញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ​ឲ្យ « តាម​ទៅ​មើល » នោះ​យើង​ត្រូវ​ធ្វើ​តាម​ទ្រង់ ស្រាវជ្រាវ​ក្នុង​ព្រះគម្ពីរ រីករាយ​នឹង​បទគម្ពីរ រៀន​គោលលទ្ធិ​ទ្រង់ ហើយ​ព្យាយាម​រស់នៅ​តាម​របៀប​ដែល​ទ្រង់​បាន​រស់នៅ ។ មានតែ​ការធ្វើ​បែប​នោះទេ ទើប​យើងនឹង​ស្គាល់​ទ្រង់​ច្បាស់ ហើយ​ស្គាល់​ព្រះសូរសៀង​ទ្រង់ ដឹង​ថាពេល​យើង​មក​រក​ទ្រង់ ហើយ​ជឿ​លើ​ទ្រង់ នោះ​យើង​នឹង​មិនឃ្លាន ឬ​ស្រេក​ទៀត​ឡើយ ។១៦ យើង​នឹង​អាច​ញែកដឹង​សេចក្ដីពិត​នៅគ្រប់ពេល ដូច​បាន​កើត​ឡើង​ចំពោះ​សិស្ស​ពីរនាក់​ដែល​នៅ​ជាមួយ​ព្រះយេស៊ូវ​នៅ​ថ្ងៃ​នោះ ។

បងប្អូន​ប្រុសស្រី រឿង​នោះ​ពុំ​កើត​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ ។ ចុះចូលខ្លួនយើង​ទៅ​នឹង​ឥទ្ធិពល​ដ៏​ខ្ពស់​បំផុត​នៃសេចក្ដីល្អ គឺពុំ​មែនជា​រឿង​សាមញ្ញ​ទេ ប៉ុន្តែ​តម្រូវ​ឲ្យ​មាន​ការ​ទូល​សូមព្រះ និង​ការ​រៀន​របៀប​នាំ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​មកក្នុង​ជីវិត​របស់យើង ។ បើ​យើង​ធ្វើ​ដូច្នោះ ខ្ញុំ​សន្យា​ថា​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណបរិសុទ្ធ នឹង​នាំ​សេចក្ដីពិត​មកកាន់​ដួងចិត្ត និង​គំនិត​យើង ហើយ​នឹង​ថ្លែង​ទីបន្ទាល់​អំពីសេចក្ដីពិត ​១៧ បង្រៀន​រឿង​គ្រប់​យ៉ាង ។១៨

សំណួរ​របស់​សាសន៍​អេធីយ៉ូពី​ដែល​សួរ​ថា « តើ​ខ្ញុំ​អាច [ យល់ ] យ៉ាង​ដូចម្តេច បើ​គ្មាន​នរណា​ដឹក​នាំ​ខ្ញុំ នោះ ? » ក៏មាន​អត្ថន័យ​ពិសេស​មួយ​នៅក្នុង​បរិបទ​នៃ​ការទទួល​ខុសត្រូវ​របស់​យើង​ម្នាក់ៗ ដើម្បី​អនុវត្ត​គោលការណ៍​នៃ​ដំណឹងល្អ​ដែល​យើង​បាន​រៀន​នៅក្នុង​ជីវិត​យើង​ផងដែរ ។ ឧទាហរណ៍ ក្នុង​ករណី​របស់​សាសន៍​អេធីយ៉ូពី​នេះ គាត់​បាន​អនុវត្តតាម​សេចក្តីពិត​ដែល​គាត់​បាន​រៀន​ពីភីលីព ។ គាត់​បាន​សុំ​ជ្រមុជទឹក ។… គាត់បាន​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទគឺជា​ព្រះរាជបុត្រា​នៃ​ព្រះ ។១៩

បង​ប្អូន​ប្រុស​ស្រី​ទាំងឡាយ ទង្វើ​របស់​យើង​ត្រូវ​តែ​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​យើង​រៀន និង​បង្រៀន ។ យើង​ត្រូវបង្ហាញសេចក្តី​​ជំនឿ​​យើង​តាមរយៈ​របៀប​ដែល​យើង​រស់នៅ ។ គ្រូ​បង្រៀន​ដ៏​ល្អ​បំផុត​នោះ​គឺ​ការធ្វើ​ជា​គំរូ​ល្អ ។ ការបង្រៀន​អ្វី​មួយ​ដែល​យើង​ពិតជា​បាន​រស់នៅ​តាម អាចធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ក្នុង​ចិត្ត​នៃ​អ្នក​ដែល​យើង​បង្រៀន ។ ប្រសិនបើ​យើង​មាន​បំណង​ប្រាថ្នា​សម្រាប់មនុស្ស ទោះបី​ជា​គ្រួសារ ឬ​មិនមែន​ក្តី ដើម្បី​រក្សា​ព្រះគម្ពីរ និង​ការបង្រៀន​របស់​ពួកសាវក និង​ពួក​ព្យាការី​ដែល​នៅរស់​ដោយ​អំណរ នោះ​ពួកគេ​ត្រូវ​មើល​ឃើញ​ព្រលឹង​របស់​យើង​រីករាយ​ក្នុង​អ្វីៗទាំង​នោះ ។ ស្រដៀង​គ្នា​នេះ ប្រសិនបើ​យើង​ចង់​ឲ្យ​ពួកគេ​ដឹង​ថា ប្រធាន រ័សុល អិម ណិលសុន គឺជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ​ក្នុង​ជំនាន់​យើង នោះ​ពួកគេ​ត្រូវ​ឃើញ​ថា យើង​លើក​ដៃ​យើង​គាំទ្រ​លោក ហើយ​ពួកគេ​ដឹង​ថា យើង​ធ្វើ​តាម​ការបង្រៀន​បំផុស​គំនិត​លោក​ជាដើម ។ ដូច​ពាក្យ​ស្លោក​អាមេរិកកាំង​ដ៏​ល្បីល្បាញ​មួយ​ដែល​ពោល​ថា « ទង្វើ​មាន​ឥទ្ធិពល​ជាង​ពាក្យ​សម្តី » ។

ប្រហែល​ជា​បងប្អូន​មួយ​ចំនួន​នៅ​គ្រា​នេះ​សួរ​ខ្លួន​ឯង​ថា «អែលឌើរ សូរ៉េស ខ្ញុំ​បាន​ធ្វើ​កិច្ចការ​ទាំង​នេះ ហើយ​កំពុង​ធ្វើ​តាម​គំរូ​នេះ ទាំង​គ្រួសារ និង​រៀងៗ​ខ្លួន​ហើយ ប៉ុន្តែ​ជាអកុសល មិត្ត និង​បងប្អូន​ជាទី​ស្រឡាញ់​មួយ​ចំនួន​របស់​ខ្ញុំ​បាន​បែរ​ចេញ​ពី​ព្រះអម្ចាស់ ។ តើ​ខ្ញុំ​គួរ​តែ​ធ្វើ​យ៉ាង​ដូចម្តេច ? » សម្រាប់​អស់​អ្នក​ដែល​​កំពុង​ជួប​បទពិសោធន៍​នៃ​អារម្មណ៍​កើត​ទុក្ខ ឈឺចាប់​ខ្លាំង និង​មាន​វិប្បដិសារី នោះ​សូម​ដឹង​ថា ពួកគេ​ពុំ​បាត់បង់​ទេ ដោយសារ​ព្រះអម្ចាស់​ជ្រាប​ពី​កន្លែង​ដែល​ពួកគេ​នៅ ហើយ​កំពុង​មើល​ថែ​ពួកគេ ។ សូម​ចាំ​ថា ពួកគេ​ក៏​ជា​បុត្រាបុត្រី​របស់​ព្រះ​ដែរ ។

វា​ពិបាក​ដើម្បី​យល់​ពី​មូលហេតុ​ទាំងអស់ ដែល​មនុស្ស​មួយ​ចំនួន​បាន​ដើរ​ផ្លូវ​ផ្សេង​នោះ​ទេ ។ អ្វី​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​ធ្វើ​ក្នុង​កាលៈទេសៈ​នេះ គឺ​គ្រាន់តែ​ស្រឡាញ់ ហើយ​ឱប​ក្រសោប​ពួកគេ សូម​អធិស្ឋាន​សម្រាប់​សុខុមាលភាព​ពួកគេ ហើយ​ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់​ដើម្បី​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ និង​និយាយ ។ សូម​រីករាយ​ដោយ​ស្មោះសរ​ជាមួយ​ពួកគេ​ក្នុងភាព​ជោគជ័យ​ដែល​ពួកគេ​មាន សូម​ធ្វើជា​មិត្ត​នឹង​ពួកគេ ហើយ​សម្លឹង​មើល​សេចក្តីល្អ​ក្នុង​ពួកគេ ។ យើង​ពុំ​គួរ​បោះបង់​ចោល​ពួកគេ​ឡើយ ប៉ុន្តែ​រក្សា​ទំនាក់ទំនង​របស់​យើង ។ សូម​កុំ​បដិសេធ ឬ​វិនិច្ឆ័យ​ខុស​លើ​ពួកគេ​ឡើយ ! គឺ​គ្រាន់តែ​ស្រឡាញ់​ពួកគេ ! រឿង​ប្រដូច​អំពី​កូន​ខ្ជះខ្ជាយ​បង្រៀន​យើង​ថា ពេល​កូនៗ​ដឹង​ពី​ស្ថានភាព​របស់​ពួកគេ ជារឿយៗ​ពួកគេ​មាន​បំណង​ត្រឡប់​មក​ផ្ទះ​វិញ​ដោយខ្លួន​ឯង ។ ប្រសិនបើ​រឿង​នោះ​កើត​ឡើង​ចំពោះ​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក​មែន សូម​ឲ្យ​ចិត្ត​អ្នក​ពោរពេញ​ដោយ​សេចក្តីអាណិតអាសូរ រត់​ទៅរក​ពួកគេ ឱប​ពួកគេ ហើយ​ថើប​ពួកគេ ដូចជា​ឪពុក​របស់​កូន​ខ្ជះខ្ជាយ​បាន​ធ្វើ ។២០

ជាចុងក្រោយ ចូររស់នៅ​​ក្នុង​ជីវិត​ដែល​ស័ក្តិសម ចូរ​ធ្វើ​គំរូ​ល្អ​ចំពោះ​ពួកគេ​ពី​អ្វី​ដែល​បងប្អូន​ជឿ ហើយ​ខិតជិត​ព្រះអង្គសង្គ្រោះ​របស់​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​ជ្រាប​ដឹង ហើយ​យល់​ពី​ជម្រៅ​នៃ​ទុក្ខកង្វល់ និង​ការឈឺចាប់​របស់យើង ហើយ​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​កិច្ចខិតខំ និង​ការលះបង់​របស់​បងប្អូន​ដល់​មនុស្ស​ជាទីស្រឡាញ់ ប្រសិនបើ​មិន​បាន​នៅក្នុង​ជីវិតនេះ​ទេ ក៏​​នឹង​បាន​នៅក្នុង​ជីវិត​បន្ទាប់​ដែរ ។ បង​ប្អូន​ប្រុស​ស្រី សូម​ចាំ​ជានិច្ច​ថា សេចក្តីសង្ឃឹម​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផែនការ​ដំណឹងល្អ ។

អស់រយៈពេល​ជាច្រើន​ឆ្នាំនៃ​ការបម្រើ​ក្នុង​សាសនាចក្រ ខ្ញុំ​បាន​ឃើញ​សមាជិក​ស្មោះត្រង់​ដែល​បាន​អនុវត្ត​តាមគោលការណ៍​ទាំង​នេះ​ដោយ​ខ្ជាប់ខ្ជួន​នៅក្នុង​ជីវិត​របស់​ពួកគេ ។ នេះ​គឺជា​ករណី​មួយ​របស់​ម្តាយ​ទោល​ម្នាក់​ដែល​ខ្ញុំ​នឹង​ហៅ​ថា « ម៉ារី » ។ គួរ​ឲ្យ​ស្តាយ​ណាស់ ម៉ារី​បាន​ឆ្លង​កាត់​ការលះលែង​ដ៏​ជូរចត់​មួយ ។ ក្នុង​ពេល​នោះ ម៉ារី​បាន​ទទួល​ស្គាល់​ថា ការ​សម្រេចចិត្ត​ដ៏សំខាន់​បំផុត​របស់​គាត់​ទាក់ទង​ទៅ​នឹង​គ្រួសារ​គាត់​ជា​រឿង​ខាង​វិញ្ញាណ ។ តើ​ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ ការតម​អាហារ និង​ការទៅ​ព្រះវិហារ និង​ការចូលរួម​ព្រះវិហារ​បរិសុទ្ធ​នៅតែ​សំខាន់​សម្រាប់​គាត់​ដែរ​ឬ​ទេ ?

ម៉ារី​បាន​ស្មោះត្រង់​ជានិច្ច ហើយ​នៅគ្រា​ដ៏​សំខាន់​នោះ គាត់​បាន​សម្រេច​ចិត្ត​តោង​ជាប់​នឹង​អ្វី​ដែល​គាត់​ដឹង​ថាពិត​រួច​ហើយ​នោះ ។ គាត់​រក​បាន​កម្លាំង​នៅក្នុង « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ដែល​បង្រៀន​នៅ​ក្នុង​ចំណោម​គោលការណ៍​ដ៏​អស្ចារ្យ​ជា​ច្រើន​ទៀត​ថា ឪពុក​ម្តាយ មាន​កាតព្វកិច្ច​ដ៏​ពិសិដ្ឋ ដើម្បី​ចិញ្ចឹម​បីបាច់​កូនចៅ​របស់​ខ្លួន ដោយ​ក្តី​ស្រឡាញ់ និង​សេចក្តី​សុចរិត ហើយ​បង្រៀន​ពួកគេ​ឲ្យ​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ​ជា​និច្ច ។២១ គាត់​បាន​ស្វែងរក​ចម្លើយ​មក​ពី​ព្រះអម្ចាស់​ជា​បន្ដ​បន្ទាប់ ហើយ​បាន​ចែកចាយ​វា​ជាមួយ​នឹង​កូនៗ​បួននាក់​របស់​គាត់​នៅ​គ្រប់​ស្ថានភាព​គ្រួសារ ។ ពួកគេ​បាន​ពិភាក្សា​អំពី​ដំណឹងល្អ និង​បាន​ចែកចាយ​បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ​ជាមួយ​គ្នាជាញឹកញាប់ ។

ទោះបី​ជា​ពួកគេ​​បាន​ជួប​នឹង​ទុក្ខ​សោក​ក្តី កូនៗ​របស់​គាត់​បាន​អភិវឌ្ឍ​សេចក្តីស្រឡាញ់​មួយ​ចំពោះ​ដំណឹងល្អ​របស់​ព្រះគ្រីស្ទ និង​មាន​បំណង​ប្រាថ្នា​មួយ​ដើម្បី​បម្រើ ហើយ​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​​មនុស្ស​ដទៃ ។ ពួកគេ​បី​នាក់​បាន​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​​ដោយ​ស្មោះត្រង់ ហើយឥឡូវ​នេះ​​កូន​ពៅ​គេ​កំពុង​បម្រើ​នៅទ្វីប​អាមេរិក​ខាង​ត្បូង ។ កូន​ស្រី​ច្បង​របស់​គាត់​ដែល​ខ្ញុំ​ស្គាល់​ច្បាស់ ឥឡូវ​នេះ​បាន​រៀបការ និង​មាន​សេចក្តីជំនឿ​យ៉ាង​រឹងមាំ​បាន​ចែកចាយ​ថា « ខ្ញុំ​ពុំ​ធ្លាប់​គិត​ថា ម្តាយ​ពួក​ខ្ញុំ​ចិញ្ចឹម​ពួក​ខ្ញុំ​តែ​ឯង​នោះ​ទេ ដោយសារ​ព្រះអម្ចាស់​គង់នៅ​ក្នុង​ផ្ទះ​របស់យើង​ជានិច្ច ។ ហើយ​ពេល​គាត់​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់​ប្រាប់​ពួកយើង នោះ​យើង​ម្នាក់ៗ​បាន​ចាប់ផ្តើម​ងាក​ទៅ​រក​ទ្រង់​​ជាមួយ​នឹង​សំណួរ​ផ្ទាល់​ខ្លួន​យើង ។ ខ្ញុំ​មាន​អំណរគុណ​​ណាស់​ដែល​គាត់​បាន​នាំ​យក​ដំណឹងល្អ​មក​ក្នុង​ជីវិត​ពួកយើង » ។

បងប្អូន​ប្រុសស្រី ម្តាយ​​ដ៏​ល្អ​រូប​នេះ​​អាច​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​គាត់ក្លាយ​ជា​មជ្ឈមណ្ឌល​នៃ​ការរៀនសូត្រ​ខាង​វិញ្ញាណ ។ ស្រដៀង​ទៅនឹង​សំណួរ​ដែល​សាសន៍​អេធីយ៉ូពី​បាន​សួរ ម៉ារី​បាន​សួរ​ខ្លួន​គាត់​ជា​ច្រើន​ដង​ថា « តើ​កូនៗ​របស់​ខ្ញុំ​អាច​រៀន​ដូចម្តេច​ទៅ បើ​គ្មាន​ម្តាយ​ដឹក​នាំ​ពួកគេ​នោះ ? »

ឱ​បងប្អូន​ជា​ទីស្រឡាញ់​នៅក្នុង​ដំណឹងល្អ​អើយ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​​ដល់​បងប្អូន​ថា ពេល​យើង​ព្យាយាម​រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដោយ​ស្មោះសរ ដោយ​អស់​ពី​ចិត្ត ដោយ​រឹងប៉ឹង និង​ដោយ​ស្មោះត្រង់ ជាមួយ​គោលបំណង​ពិត​ប្រាកដ និង​ក្រោម​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ នោះការបង្រៀន​ទាំង​នេះ​អាច​​ផ្លាស់ប្តូរ​ចិត្ត និង​បំផុស​គំនិត ឲ្យ​មាន​​នូវ​បំណង​ប្រាថ្នា ដើម្បី​រស់នៅ​ស្រប​តាម​សេចក្តីពិត​នៃ​ព្រះ ។

ខ្ញុំ​សូម​​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។ ទ្រង់​គឺ​ជា​ព្រះប្រោសលោះ ហើយ​ទ្រង់​មាន​ព្រះជន្ម​រស់ ។ ខ្ញុំ​ដឹង​ថា ទ្រង់​ដឹកនាំ​សាសនាចក្រ​ទ្រង់​តាមរយៈ ពួក​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ​របស់​ទ្រង់ ។ ខ្ញុំ​ក៏​ថ្លែង​ទីបន្ទាល់​ដល់​បងប្អូន​ថា ព្រះ​មាន​ព្រះជន្ម​រស់ ថា​ទ្រង់​ស្រឡាញ់​យើង ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ត្រឡប់​ទៅ​កាន់​វត្តមាន​ទ្រង់​វិញ — យើង​ទាំងអស់​គ្នា ។ ទ្រង់​ស្ដាប់​ការ​អធិស្ឋាន​របស់​យើង ។ ខ្ញុំសូមថ្លែងទីបន្ទាល់របស់​ខ្ញុំ​អំពីការពិតទាំងនេះ នៅក្នុងព្រះនាម​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។