ជំពូកទី ៧
(ធ្នូ ១៨៣០)
ហេណុកបង្រៀន ដឹកនាំប្រជាជន ហើយរើភ្នំទាំងឡាយ — ទីក្រុងស៊ីយ៉ូនត្រូវបានតាំងឡើង — ហេណុកមើលឃើញជាមុនអំពីការយាងមកនៃកូនមនុស្ស ការបូជាដ៏ធួនរបស់ទ្រង់ និងដំណើររស់ឡើងវិញនៃពួកបរិសុទ្ធ — គាត់មើលឃើញជាមុនអំពីការសាងឡើងវិញ ការប្រមូល ការយាងមកជាលើកទីពីរ និងការវិលមកវិញនៃក្រុងស៊ីយ៉ូន។
១ហើយហេតុការណ៍បានកើតឡើងថា ហេណុកបានវាចាតទៅទៀតថា ៖ មើលចុះ អ័ដាម ជាឪពុករបស់យើង គាត់បានបង្រៀនពីការណ៍ទាំងនេះ ហើយមនុស្សជាច្រើនបានជឿ ហើយបានក្លាយជាកូននៃព្រះ ហើយមនុស្សជាច្រើនពុំបានជឿទេ ហើយបានវិនាសទៅក្នុងអំពើបាបទាំងឡាយរបស់ខ្លួន ហើយកំពុងតែរង់ចាំដោយភ័យខ្លាចក្នុងការវេទនា ចំពោះសេចក្ដីគ្នាន់ក្នាញ់ដ៏ឆួលឆាបនៃការពិរោធរបស់ព្រះ ដែលនឹងចាក់មកលើពួកគេ។
២ហើយចាប់ពីពេលនោះមក ហេណុកបានចាប់ផ្ដើមព្យាករ ដោយប្រាប់ទៅប្រជាជនថា ៖ កាលខ្ញុំកំពុងតែធ្វើដំណើរ ហើយបានឈរនៅលើកន្លែងម៉ាហ៊ូយ៉ា ហើយអំពាវនាវទៅព្រះអម្ចាស់ នោះស្រាប់តែមានសំឡេងមួយចេញមកពីស្ថានសួគ៌ថា — ចូរអ្នកបែរ ហើយចូរអ្នកទៅលើភ្នំស៊ីម្មានចុះ។
៣ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំក៏បែរ ហើយទៅលើភ្នំ ហើយកាលខ្ញុំកំពុងតែនៅលើភ្នំ នោះស្រាប់តែខ្ញុំឃើញផ្ទៃមេឃបើកចំហ ហើយខ្ញុំត្រូវបានបំពាក់ដោយសិរីល្អ
៤ហើយខ្ញុំមើលឃើញព្រះអម្ចាស់ ហើយទ្រង់បានឈរនៅចំពោះមុខខ្ញុំ ហើយទ្រង់បានមានព្រះបន្ទូលជាមួយខ្ញុំ ដូចជាមនុស្សនិយាយប្រទល់មុខគ្នា ហើយទ្រង់បានមានព្រះបន្ទូលមកខ្ញុំថា ៖ ចូរមើល ហើយយើងនឹងបង្ហាញដល់អ្នក នូវលោកិយអស់រយៈតំណដ៏ច្រើន។
៥ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានឃើញនៅក្នុងច្រកភ្នំស៊ុម ហើយមើលន៏ មានប្រជាជនដ៏ច្រើនដែលអាស្រ័យនៅក្នុងត្រសាលទាំងឡាយ ដែលជាប្រជាជនស៊ុម។
៦ហើយជាថ្មីទៀត ព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលមកខ្ញុំថា ៖ ចូរមើល ហើយខ្ញុំក៏មើលទៅទិសខាងជើង ហើយខ្ញុំបានឃើញប្រជាជនកាណាន ដែលអាស្រ័យនៅក្នុងត្រសាលទាំងឡាយ។
៧ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលមកខ្ញុំថា ៖ ចូរព្យាករ ហើយខ្ញុំក៏ព្យាករថា ៖ មើលចុះ ប្រជាជនកាណាន ដែលមានចំនួនដ៏ច្រើនឥតគណនា គេនឹងចេញទៅដោយប្រុងចូលច្បាំងនឹងប្រជាជនស៊ុម ហើយនឹងប្រហារពួកគេបង់ ប្រយោជន៍ឲ្យពួកគេត្រូវបានបំផ្លាញសូន្យបង់ ហើយប្រជាជនកាណាននឹងបំបែកគ្នានៅលើដែនដី ហើយដែនដីនឹងទៅជាស្ងួតហួតហែង ហើយនឹងមិនឲ្យផលឡើយ ហើយគ្មានមនុស្សផ្សេងទៀតអាចអាស្រ័យនៅទីនោះ ក្រៅពីប្រជាជនកាណានឡើយ
៨ត្បិតមើលចុះ ព្រះអម្ចាស់ទ្រង់នឹងដាក់បណ្ដាសាដល់ដែនដីដោយកម្ដៅដ៏ខ្លាំង ហើយការស្ងួតហួតហែងនៃទីនោះនឹងមានជារៀងដរាបតទៅ ហើយសម្បុរក្រម៉ៅបានមានមកលើអស់ទាំងកូនចៅកាណាន ប្រយោជន៍ឲ្យពួកគេត្រូវមនុស្សស្អប់ក្នុងចំណោមប្រជាជនទាំងអស់។
៩ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់បានមានព្រះបន្ទូលមកខ្ញុំថា ៖ ចូរមើល ហើយខ្ញុំក៏មើល ហើយខ្ញុំបានឃើញដែនដីសារ៉ុន និងដែនដីហេណុក និងដែនដីអោមណើរ និងដែនដីហេណៃ និងដែនដីសិម និងដែនដីហាណើរ និងដែនដីហាណាណៃហា និងអស់ទាំងបណ្ដាជននៅទីនោះផង
១០ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលមកខ្ញុំថា ៖ ចូរទៅរកប្រជាជននេះចុះ ហើយប្រាប់ទៅគេថា — ចូរប្រែចិត្តចុះ ក្រែងយើងចេញមក ហើយវាយពួកគេដោយសេចក្ដីបណ្ដាសា ហើយពួកគេស្លាប់ទៅ។
១១ហើយទ្រង់បានប្រទានដល់ខ្ញុំនូវព្រះបញ្ញត្តិមួយថា ខ្ញុំត្រូវទទួលបុណ្យជ្រមុជទឹក ដោយនូវព្រះនាមនៃព្រះវរបិតា និងនៃព្រះរាជបុត្រា ដែលពោរពេញទៅដោយព្រះគុណ និងសេចក្ដីពិត និងនៃព្រះវិញ្ញាណបរិសុទ្ធ ដែលធ្វើទីបន្ទាល់អំពីព្រះវរបិតា និងព្រះរាជបុត្រា។
១២ហើយហេតុការណ៍បានកើតឡើងថា ហេណុកចេះតែហៅអស់ទាំងប្រជាជនតទៅទៀត ឲ្យប្រែចិត្ត លើកលែងតែប្រជាជនកាណានប៉ុណ្ណោះ។
១៣ហើយសេចក្ដីជំនឿរបស់ហេណុកគឺធំណាស់ហ្ន៎ ដែលគាត់បានដឹកនាំប្រជាជននៃព្រះ ហើយពួកខ្មាំងសត្រូវរបស់គេបានមកធ្វើចម្បាំងប្រឆាំងនឹងពួកគេ ហើយគាត់បានពោលព្រះបន្ទូលនៃព្រះអម្ចាស់ ហើយផែនដីក៏កក្រើក ហើយភ្នំទាំងឡាយរត់ចេញ គឺស្របតាមបញ្ជា របស់គាត់ ហើយទន្លេដែលមានទឹកទាំងប៉ុន្មានត្រូវបានបែរចេញពីដំណើរវា ហើយសូរសិង្ហគ្រហឹមបានឮចេញពីទីរហោស្ថាន ហើយសាសន៍ទាំងអស់បានភ័យខ្លាចជាខ្លាំង ព្រោះពាក្យសំដីរបស់ហេណុកមានអានុភាពណាស់ ហើយអំណាចខាងភាសាដែលព្រះទ្រង់បាន ប្រទានដល់គាត់ នោះធំដ៏ក្រៃលែង។
១៤ក៏មានដីផុសឡើងចេញពីជម្រៅសមុទ្រមក ហើយការភ័យខ្លាចរបស់ពួកខ្មាំងសត្រូវនៃប្រជាជននៃព្រះ នោះធំដ៏ក្រៃលែង ដែលពួកគេបានរត់ ហើយឈរពីចម្ងាយ ហើយបានឡើងទៅលើដែនដី ដែលបានផុសឡើងមកពីជម្រៅសមុទ្រ។
១៥ហើយពួកមនុស្សរូបធំសម្បើមនៃដែនដី គេក៏ឈរពីចម្ងាយ ហើយមានសេចក្ដីបណ្ដាសាមួយបានចេញទៅលើប្រជាជនទាំងអស់ ដែលបានប្រឆាំងនឹងព្រះ
១៦ហើយចាប់ពីពេលនោះមក ក៏មានសង្គ្រាម និងការកំចាយឈាមទាំងឡាយនៅក្នុងចំណោមពួកគេ ប៉ុន្តែព្រះអម្ចាស់ទ្រង់បានយាងមក ហើយគង់នៅជាមួយនឹងរាស្ត្រទ្រង់ ហើយពួកគេបានរស់នៅក្នុងសេចក្ដីសុចរិត។
១៧ហើយសេចក្ដីស្ញែងខ្លាចពីព្រះអម្ចាស់នោះមានមកលើអស់ទាំងសាសន៍ សិរីល្អរបស់ព្រះអម្ចាស់គឺធំដ៏អស្ចារ្យ ដែលមានមកលើរាស្ត្រទ្រង់។ ហើយព្រះអម្ចាស់ទ្រង់បានប្រទានពរដល់ដែនដី ហើយពួកគេបានពរនៅលើភ្នំទាំងឡាយ និងនៅលើទីខ្ពស់ទាំងឡាយ ហើយបានលូតលាស់។
១៨ហើយព្រះអម្ចាស់ទ្រង់បានហៅរាស្ត្រទ្រង់ថា « ស៊ីយ៉ូន » ពីព្រោះពួកគេមានចិត្តតែមួយ និងគំនិតតែមួយ ហើយបានរស់នៅក្នុងសេចក្ដីសុចរិត ហើយគ្មានមនុស្សក្រីក្រនៅក្នុងចំណោមពួកគេឡើយ។
១៩ហើយហេណុកបានបន្តការផ្សាយរបស់គាត់ដល់រាស្ត្រនៃព្រះ ក្នុងសេចក្ដីសុចរិត។ ហើយហេតុការណ៍បានកើតឡើងថា នៅជំនាន់គាត់ នោះគាត់បានសង់ទីក្រុងមួយ ដែលបានហៅថា ទីក្រុងនៃបរិសុទ្ធភាព គឺក្រុងស៊ីយ៉ូន។
២០ហើយហេតុការណ៍បានកើតឡើងថា ហេណុកបានទូលជាមួយព្រះអម្ចាស់ ហើយគាត់បានទូលទៅព្រះអម្ចាស់ថា ៖ ស៊ីយ៉ូន ច្បាស់ជានឹងបានរស់នៅដោយសុខជារៀងដរាបតទៅ។ ប៉ុន្តែព្រះអម្ចាស់បានមានព្រះបន្ទូលទៅហេណុកថា ៖ យើងនឹងប្រទានពរដល់ស៊ីយ៉ូន ប៉ុន្តែយើងបានដាក់បណ្ដាសាដល់មនុស្សដែលសល់ទាំងប៉ុន្មានវិញ។
២១ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់បានបង្ហាញដល់ហេណុកនូវអស់ទាំងបណ្ដាជននៃផែនដី ហើយគាត់បានឃើញ ហើយមើលន៏ ក្រោយមក ក្រុងស៊ីយ៉ូនត្រូវបានយកទៅលើស្ថានសួគ៌។ ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលទៅហេណុក ថា ៖ មើលចុះ គឺជាទីលំនៅរបស់យើងជានិច្ច។
២២ហើយហេណុកក៏បានឃើញមនុស្ស ដែលនៅសល់ទាំងប៉ុន្មាន ដែលជាពួកកូនប្រុសនៃអ័ដាម ហើយពួកគេគឺជាពូជលាយឡំគ្នា ពីពូជអ័ដាមទាំងអស់ ក្រៅពីពូជកាអ៊ីន ត្បិតពូជកាអ៊ីនមានសម្បុរខ្មៅ ហើយគ្មានកន្លែងនៅក្នុងចំណោមពួកគេឡើយ។
២៣ហើយបន្ទាប់ពីក្រុងស៊ីយ៉ូនត្រូវបានយកទៅលើស្ថានសួគ៌ នោះហេណុកបានឃើញ ហើយមើលន៏ គ្រប់អស់ទាំងសាសន៍នៅលើផែនដីក៏នៅចំពោះគាត់
២៤ហើយក៏មានតំណមនុស្សតាមតំណមនុស្ស ហើយហេណុកនៅទីខ្ពស់ ហើយបានលើកឡើង គឺទៅក្នុងព្រះឱរានៃព្រះវរបិតា និងកូនមនុស្ស ហើយមើលចុះ អំណាចនៃអារក្សសាតាំងមាននៅពាសពេញលើផ្ទៃផែនដី។
២៥ហើយគាត់បានឃើញពួកទេវតាកំពុងតែចុះពីស្ថានសួគ៌មក ហើយគាត់បានឮសំឡេងដ៏ខ្លាំងពោលថា ៖ វេទនា វេទនាដល់បណ្ដាជននៅលើផែនដី។
២៦ហើយគាត់ក៏បានឃើញអារក្សសាតាំង ហើយវាមានច្រវាក់ដ៏ធំនៅដៃវា ហើយវាគ្របដណ្ដប់ផ្ទៃផែនដីទាំងមូលដោយសេចក្ដីងងឹត ហើយវាបានងើបមុខឡើង ហើយសើច ហើយពួកទេវតារបស់វាក៏អរសប្បាយ។
២៧ហើយហេណុកបានឃើញពួកទេវតាកំពុងតែចុះពីស្ថានសួគ៌មក ដោយធ្វើទីបន្ទាល់ពីព្រះវរបិតា និងព្រះរាជបុត្រា ហើយព្រះវិញ្ញាណបរិសុទ្ធបានសណ្ឋិតលើមនុស្សជាច្រើន ហើយពួកគេត្រូវបាននាំឡើងទៅក្រុងស៊ីយ៉ូន ដោយព្រះចេស្ដាទាំងឡាយនៃស្ថានសួគ៌។
២៨ហើយហេតុការណ៍បានកើតឡើងថា ព្រះនៃស្ថានសួគ៌ ទ្រង់បានទតមើលមកលើមនុស្ស ដែលនៅសល់ទាំងប៉ុន្មាន ហើយទ្រង់ព្រះកន្សែង ហើយហេណុកបានធ្វើទីបន្ទាល់អំពីការណ៍នោះ ដោយពោលថា ៖ ម្ដេចឡើយក៏ស្ថានសួគ៌យំ ហើយស្រក់ទឹកភ្នែកដូចជាទឹកភ្លៀងស្រក់លើភ្នំទាំងឡាយដូច្នោះ?
២៩ហើយហេណុកបានទូលទៅព្រះអម្ចាស់ថា ៖ ម្ដេចឡើយក៏ទ្រង់ព្រះកន្សែង ដោយឃើញថាព្រះអង្គបរិសុទ្ធ ហើយពីអស់ទាំងភាពអស់កល្បទៅអស់ទាំងភាពអស់កល្បជានិច្ចដូច្នោះ?
៣០ហើយទោះបីជាមនុស្សអាចរាប់ចុណ្ណភាពទាំងឡាយនៃផែនដី មែនហើយ គឺផែនដីរាប់លានដូចផែនដីនេះ គង់តែពុំមែនជាការចាប់ផ្ដើមនូវចំនួននៃការបង្កបង្កើតរបស់ទ្រង់ដែរ ហើយវាំងននរបស់ទ្រង់នៅតែលាតទៅទៀត ហើយទោះជាយ៉ាងនោះក្ដី គង់តែទ្រង់ គង់នៅទីនោះ ហើយឧរាព្រះអង្គក៏គង់នៅទីនោះដែរ ហើយព្រះអង្គទ្រង់ក៏យុត្តិធម៌ ព្រះអង្គទ្រង់មានសេចក្ដីមេត្តាករុណា ហើយសប្បុរសជានិច្ច
៣១ហើយព្រះអង្គទ្រង់បានយកក្រុងស៊ីយ៉ូនទៅឯឧរារបស់ទ្រង់ផ្ទាល់ ចេញពីអស់ទាំងការបង្កបង្កើតរបស់ទ្រង់ ចេញពីអស់ទាំងភាពអស់កល្បទៅអស់ទាំងភាពអស់កល្បជានិច្ច ហើយគ្មានអ្វីឡើយ ក្រៅពីសេចក្ដីសុខសាន្ត សេចក្ដីយុត្តិធម៌ និងសេចក្ដីពិតដែលជាទីលំនៅនៃបល្ល័ង្កទ្រង់ ហើយសេចក្ដីមេត្តាករុណានឹងចេញទៅនៅចំពោះព្រះភក្ត្រទ្រង់ ហើយគ្មានចុងបំផុតឡើយ ម្ដេចឡើយក៏ទ្រង់ព្រះកន្សែងដូច្នោះ?
៣២ព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលទៅហេណុកថា ៖ មើលចុះ នេះគឺជាពួកបងប្អូនរបស់អ្នក ពួកគេជាផលនៃដៃយើងផ្ទាល់ ហើយយើងបានប្រទានដល់ពួកគេនូវចំណេះវិជ្ជាដែលគេមាន នៅថ្ងៃដែលយើងបានបង្កើតគេមក ហើយនៅក្នុងសួនច្បារអេដែន នោះយើងបានប្រទានសិទ្ធិជ្រើសរើសដល់មនុស្ស
៣៣ហើយដល់ពួកបងប្អូនរបស់អ្នក នោះយើងបានមានបន្ទូល ហើយទាំងប្រទានបញ្ញត្តិមួយថា ពួកគេត្រូវស្រឡាញ់គ្នាទៅវិញទៅមក ហើយថាពួកគេត្រូវរើសយើងជាព្រះវរបិតារបស់គេ ប៉ុន្តែមើលចុះ ពួកគេគ្មានសេចក្ដីស្រឡាញ់ទេ ហើយពួកគេស្អប់ឈាមខ្លួនឯងទៅវិញ
៣៤ហើយភ្លើងនៃសេចក្ដីគ្នាន់ក្នាញ់របស់យើងក៏ឆួលឆាបឡើងទាស់នឹងពួកគេ ហើយដោយសេចក្ដីក្ដៅក្រាហាយរបស់យើង នោះយើងនឹងចាត់ឲ្យទឹកជន់មកលើគេ ត្បិតសេចក្ដីខ្ញាល់ដ៏ក្ដៅរបស់យើងបានឆេះឡើងទាស់នឹងពួកគេហើយ។
៣៥មើលចុះ យើងជាព្រះ មនុស្សនៃបរិសុទ្ធភាព គឺជាព្រះនាមរបស់យើង មនុស្សនៃដំបូន្មាន គឺជាព្រះនាមរបស់យើង ហើយគ្មានទីបញ្ចប់ និងអស់កល្បជានិច្ច គឺជាព្រះនាមរបស់យើងដែរ។
៣៦ហេតុដូច្នោះហើយ យើងអាចលាតព្រះហស្តយើង ហើយកាន់អស់ទាំងការបង្កបង្កើតដែលយើងបានធ្វើមក ហើយព្រះនេត្ររបស់យើងក៏អាចទំលុះរបស់ទាំងនោះបានដែរ ហើយនៅក្នុងចំណោមអស់ទាំងផលនៃដៃរបស់យើង នោះពុំដែលមានអំពើទុច្ចរិតដ៏ធំម្ល៉េះ ឡើយ នៅក្នុងចំណោមបងប្អូនរបស់អ្នក។
៣៧ប៉ុន្តែមើលចុះ អំពើបាបទាំងឡាយរបស់គេនឹងត្រូវមកលើក្បាលនៃពួកឪពុកគេ អារក្សសាតាំងនឹងទៅជាឪពុករបស់គេ ហើយសេចក្ដីទុក្ខវេទនានឹងទៅជាទោសរបស់គេ ហើយស្ថានសួគ៌ទាំងមូលនឹងយំដោយព្រោះពួកគេ គឺចំពោះអស់ទាំងផលនៃដៃរបស់យើងផង ហេតុដូច្នោះហើយ តើមិនឲ្យស្ថានសួគ៌យំទេឬអី ដោយឃើញថាមនុស្សទាំងនេះនឹងរងទុក្ខ?
៣៨ប៉ុន្តែមើលចុះ មនុស្សទាំងនេះដែលព្រះនេត្រយើងទតមកលើ នោះនឹងវិនាសបង់នៅក្នុងទឹកជំនន់ ហើយមើលចុះ យើងនឹងបិទគេចេញ ហើយមានគុកមួយដែលយើងបានរៀបចំសម្រាប់ពួកគេ។
៣៩ហើយរីឯអ្នកដែលយើងបានរើស នោះបានអង្វរចំពោះព្រះភក្ត្រយើង។ ហេតុដូច្នោះហើយ អ្នកនោះនឹងរងទុក្ខជំនួសអំពើបាបទាំងឡាយរបស់ពួកគេ ដរាបណាពួកគេប្រែចិត្ត នៅថ្ងៃដែលអ្នកជម្រើសរបស់យើងនឹងវិលមកយើងវិញ ហើយរហូតដល់ថ្ងៃនោះ នោះពួកគេនឹងរងទោស
៤០ហេតុដូច្នោះហើយ ដោយព្រោះហេតុនេះហើយ បានជាស្ថានសួគ៌យំ មែនហើយ និងចំពោះអស់ទាំងផលនៃដៃរបស់យើងផង។
៤១ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលទៅហេណុក ហើយប្រាប់ហេណុកពីកិច្ចការទាំងអស់នៃកូនចៅមនុស្ស ហេតុដូច្នោះហើយ ទើបហេណុកបានដឹង ហើយសម្លឹងមើលអំពើទុច្ចរិតរបស់គេ និងសេចក្ដីទុក្ខវេទនារបស់គេ ហើយយំ ហើយលាតសន្ធឹងដៃគាត់ ហើយដួងចិត្តគាត់រីកទូលំទូលាយដូចជាភាពដ៏អស់កល្បជានិច្ច ហើយគាត់មានចិត្តក្ដួលអាណិត ហើយគ្រប់ភាពអស់កល្បជានិច្ចបានកក្រើក។
៤២ហើយហេណុកក៏បានឃើញណូអេ និងគ្រួសាររបស់គាត់ផង ថាពូជពង្សនៃកូនប្រុសណូអេទាំងអស់នឹងត្រូវបានសង្គ្រោះ ដោយសេចក្ដីសង្គ្រោះខាងសាច់ឈាម។
៤៣ហេតុដូច្នោះហើយ ហេណុកបានឃើញថាណូអេសង់ទូកធំមួយ ហើយថាព្រះអម្ចាស់ទ្រង់បានញញឹមចំពោះទូកធំនោះ ហើយបានកាន់ដោយព្រះហស្តរបស់ទ្រង់ផ្ទាល់ ប៉ុន្តែចំពោះមនុស្សទុច្ចរិតដែលនៅសល់ទាំងប៉ុន្មាន នោះទឹកជន់មក ហើយលេបពួកគេបាត់ទៅ។
៤៤ហើយកាលហេណុកបានឃើញការណ៍នេះ នោះគាត់មានសេចក្ដីល្វីងជូរចត់នៅក្នុងព្រលឹង ហើយយំដោយព្រោះបងប្អូនរបស់គាត់ ហើយទូលទៅស្ថានសួគ៌ថា ៖ ទូលបង្គំនឹងមិនព្រមល្ហើយចិត្តឡើយ ប៉ុន្តែព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលទៅហេណុកថា ៖ ចូរលើក ចិត្តអ្នកឡើង ហើយរីករាយចុះ ហើយចូរមើល។
៤៥ហើយហេតុការណ៍បានកើតឡើងថា ហេណុកបានមើល ហើយចាប់តាំងពីណូអេមក នោះគាត់បានឃើញអស់ទាំងគ្រួសារនៅលើផែនដី ហើយគាត់អំពាវនាវទៅព្រះអម្ចាស់ថា ៖ តើថ្ងៃនៃព្រះអម្ចាស់នឹងមកនៅពេលណា? តើលោហិតនៃអ្នកសុចរិតនឹងបានច្រូចនៅពេលណា ប្រយោជន៍ឲ្យអស់អ្នកណាដែលទួញសោក អាចបានញែកជាបរិសុទ្ធ ហើយបានជីវិតដ៏នៅអស់កល្បជានិច្ច?
៤៦ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលថា ៖ គឺនឹងកើតឡើងនៅពេលដ៏ខ្ពង់ខ្ពស់បំផុត គឺនៅថ្ងៃនៃអំពើទុច្ចរិត និងការសងសឹក។
៤៧ហើយមើលចុះ ហេណុកបានឃើញថ្ងៃនៃការយាងមករបស់កូនមនុស្ស គឺនៅក្នុងសាច់ឈាម ហើយព្រលឹងគាត់បានអរសប្បាយដោយពោលថា ៖ អ្នកសុចរិតត្រូវបានលើកឡើង ហើយកូនចៀមត្រូវបានប្រហារ តាំងពីកំណើតលោកិយមកម្ល៉េះ ហើយតាមរយៈសេចក្ដី ជំនឿ នោះខ្ញុំនៅក្នុងឧរានៃព្រះវរបិតា ហើយមើលចុះ ស៊ីយ៉ូននៅជាមួយខ្ញុំ។
៤៨ហើយហេតុការណ៍បានកើតឡើងថា ហេណុកបានមើលមកលើផែនដី ហើយគាត់បានឮសំឡេងចេញពីពោះផែនដីថា ៖ វេទនា វេទនាដល់ខ្ញុំ ជាមាតាមនុស្សលោក ខ្ញុំឈឺចាប់ ខ្ញុំអស់កម្លាំង ពីព្រោះតែអំពើទុច្ចរិតនៃកូនចៅរបស់ខ្ញុំ។ តើដល់ពេលណាខ្ញុំនឹងបានសម្រាក ហើយបានសំអាតឲ្យជ្រះពីអំពើស្មោកគ្រោក ដែលបានចេញពីខ្ញុំទៅ? តើពេលណាព្រះដ៏បង្កបង្កើតខ្ញុំនឹងមកញែកខ្ញុំចេញជាបរិសុទ្ធ ដើម្បីឲ្យខ្ញុំអាចបានសម្រាក ហើយឲ្យសេចក្ដីសុចរិតនៅលើមុខខ្ញុំបានមួយរដូវ?
៤៩ហើយកាលហេណុកបានឮផែនដីថ្ងូរ នោះគាត់ក៏យំ ហើយអំពាវនាវទៅព្រះអម្ចាស់ថា ៖ ឱព្រះអម្ចាស់អើយ ម្ដេចក៏ទ្រង់មិនមានសេចក្ដីមេត្តាករុណាដល់ផែនដីផង? តើទ្រង់នឹងមិនប្រទានពរដល់កូនចៅណូអេទេឬអី?
៥០ហើយហេតុការណ៍បានកើតឡើងថា ហេណុកនៅតែអំពាវនាវទៅព្រះអម្ចាស់ថា ៖ ទូលបង្គំសូមដល់ព្រះអង្គ ឱព្រះអម្ចាស់អើយ ដោយនូវព្រះនាមនៃព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ សូមព្រះអង្គមានសេចក្ដីមេត្តាករុណាដល់ណូអេ និងពូជគាត់ផង សូមកុំឲ្យផែនដីត្រូវទឹកលិចលើទៀតឡើយ។
៥១ហើយព្រះអម្ចាស់ទ្រង់ពុំអាចទប់បានឡើយ ហើយទ្រង់បានធ្វើសេចក្ដីសញ្ញាជាមួយនឹងហេណុក ហើយបានស្បថដល់គាត់ ដោយពាក្យសំបថមួយថា ទ្រង់នឹងទប់ទឹកជំនន់ទុក ថាទ្រង់នឹងមានព្រះបន្ទូលទៅកូនចៅណូអេ
៥២ហើយទ្រង់បានចេញបញ្ញត្តិមួយដ៏ឥតប្រែប្រួលបានថា សំណល់នៃពូជរបស់គាត់នោះនឹងឃើញមាននៅក្នុងអស់ទាំងសាសន៍ កាលណាផែនដីនៅគង់វង់
៥៣ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលថា ៖ មានពរហើយដល់អ្នកណា ដែលព្រះមែស៊ីនឹងចេញពីពូជគេមក ត្បិតទ្រង់មានព្រះបន្ទូលថា — យើងជាព្រះមែស៊ី ជាស្ដេចនៃស៊ីយ៉ូន គឺជាថ្មដានៃស្ថានសួគ៌ ដែលធំអង្វែងដូចជាភាពអស់កល្បជានិច្ច អស់អ្នកណា ដែលចូលតាមទ្វារ ហើយលើកដោយសារយើង នោះនឹងមិនដែលធ្លាក់ឡើយ ហេតុដូច្នោះហើយ មានពរហើយដល់អស់អ្នកណាដែលយើងបានពោលដល់ ត្បិតពួកគេនឹងចេញមកដោយចម្រៀងនៃសេចក្ដីអំណរដ៏អស់កាលអស់កល្បជានិច្ច។
៥៤ហើយហេតុការណ៍បានកើតឡើងថា ហេណុកបានអំពាវនាវទៅព្រះអម្ចាស់ថា ៖ កាលកូនមនុស្សយាងមកក្នុងសាច់ឈាម នោះតើផែនដីនឹងបានសម្រាកឬ? ទូលបង្គំសូមដល់ព្រះអង្គ សូមបង្ហាញការណ៍ទាំងនេះដល់ទូលបង្គំផង។
៥៥ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលទៅហេណុកថា ៖ ចូរមើល ហើយគាត់ក៏មើល ហើយបានឃើញកូនមនុស្សត្រូវបានលើកឡើងលើឈើឆ្កាង តាមរបៀបមនុស្សលោក។
៥៦ហើយគាត់បានឮសំឡេងដ៏ខ្លាំង ហើយស្ថានសួគ៌បិទមុខ ហើយរបស់ទាំងអស់ដែលព្រះទ្រង់បានបង្កើតមកក៏ទួញសោក ហើយផែនដីថ្ងូរ ហើយថ្មទាំងប៉ុន្មានក៏បែក ហើយពួកបរិសុទ្ធបានក្រោកឡើង ហើយត្រូវបានបំពាក់សិរីល្អជាមកុដ នៅខាងស្ដាំដៃនៃកូនមនុស្ស
៥៧ហើយវិញ្ញាណជាច្រើនដែលនៅក្នុងគុកក៏ចេញមកដែរ ហើយឈរនៅខាងស្ដាំដៃនៃព្រះ ហើយពួកអ្នកដែលនៅសល់ទាំងប៉ុន្មាន នោះត្រូវជាប់ច្រវាក់ទាំងឡាយនៃសេចក្ដីងងឹត រហូតដល់សេចក្ដីជំនុំជំរះនៅថ្ងៃដ៏ធំនោះ។
៥៨ហើយជាថ្មីទៀត ហេណុកបានយំ ហើយអំពាវនាវទៅព្រះអម្ចាស់ថា ៖ តើដល់ពេលណាទៅផែនដីនឹងបានសម្រាក?
៥៩ហើយហេណុកបានឃើញកូនមនុស្សយាងឡើងទៅឯព្រះវរបិតា ហើយគាត់បានទូលទៅព្រះអម្ចាស់ថា ៖ តើព្រះអង្គនឹងមិនយាងមកផែនដីទៀតទេឬអី? ដរាបណាព្រះអង្គទ្រង់ជាព្រះ ហើយទូលបង្គំស្គាល់ព្រះអង្គ នោះព្រះអង្គបានស្បថនឹងទូលបង្គំ ហើយបានបញ្ជាដល់ទូលបង្គំថា ទូលបង្គំត្រូវសូមដោយនូវព្រះនាមនៃព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ ព្រះអង្គទ្រង់បានបង្កើតទូលបង្គំមក ហើយបានប្រទានដល់ទូលបង្គំឲ្យមានសិទ្ធិចំពោះបល្ល័ង្កទ្រង់ ហើយពុំមែនដោយសារខ្លួនទូលបង្គំទេ ប៉ុន្តែតាមរយៈព្រះគុណរបស់ព្រះអង្គវិញ ហេតុដូច្នោះហើយ ទូលបង្គំសូមសួរដល់ព្រះអង្គថា តើទ្រង់នឹងមិនយាងមកផែនដីទៀតទេឬអី។
៦០ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលទៅហេណុកថា ៖ ដរាបណាយើងមានព្រះជន្មរស់នៅ នោះយើងក៏នឹងយាងមក នៅគ្រាចុងក្រោយបង្អស់គឺនៅថ្ងៃនៃអំពើទុច្ចរិត និងការសងសឹក ដើម្បីបំពេញសម្បថដែលយើងបានធ្វើដល់អ្នកអំពីកូនចៅណូអេ
៦១ហើយថ្ងៃនោះនឹងមកដល់ កាលផែនដីនឹងបានសម្រាក ប៉ុន្តែមុនថ្ងៃនោះមកដល់ នោះផ្ទៃមេឃនឹងទៅជាងងឹត ហើយវាំងនននៃសេចក្ដីងងឹតនឹងគ្របដណ្ដប់លើផែនដី ហើយផ្ទៃមេឃនឹងញាប់ញ័រ ហើយព្រមទាំងផែនដីផងដែរ ហើយនឹងមានសេចក្ដីវេទនាដ៏ធំនៅក្នុងចំណោមកូនចៅមនុស្ស ប៉ុន្តែរីឯរាស្ត្រយើងវិញ នោះយើងនឹងរក្សាទុក
៦២ហើយរីឯសេចក្ដីសុចរិត នោះយើងនឹងចាត់ឲ្យចុះមកពីស្ថានសួគ៌ ហើយឯសេចក្ដីពិត នោះយើងនឹងចាត់ឲ្យចេញពីផែនដីទៅ ដើម្បីទៅធ្វើបន្ទាល់ពីព្រះរាជបុត្រាបង្កើតតែមួយរបស់យើង ពីដំណើរដែលទ្រង់រស់ពីស្លាប់ឡើងវិញ មែនហើយ គឺពីដំណើររស់ឡើងវិញនៃមនុស្សលោកទាំងអស់ ហើយសេចក្ដីសុចរិត និងសេចក្ដីពិត នោះយើងនឹងបណ្ដាលឲ្យបោសផែនដី ដូចជាទឹកជំនន់ ដើម្បីប្រមូលពួកអ្នកជម្រើសរបស់យើងពីទិសទាំងបួននៃផែនដី ឲ្យមកឯកន្លែងដែលយើងនឹងរៀបចំទុក គឺជាទីក្រុងបរិសុទ្ធ ប្រយោជន៍ឲ្យរាស្ត្រយើង អាចក្រវាត់ចង្កេះគេ ហើយរង់ចាំពេលនៃការយាងមករបស់យើង ត្បិតទីក្រុងនោះ នឹងទៅជារោង ឧបោសថរបស់យើង ហើយនឹងត្រូវបានហៅថា « ស៊ីយ៉ូន » ជាក្រុងយេរូសាឡិមថ្មី។
៦៣ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលទៅហេណុកថា ៖ ខណៈនោះ អ្នកហើយនឹងទីក្រុងរបស់អ្នកនឹងទៅជួបពួកគេនៅទីនោះ ហើយយើងនឹងទទួលយកពួកគេមកឯឱរារបស់យើង ហើយពួកគេនឹងបានឃើញយើង ហើយយើងនឹងដួលទៅលើកគេ ហើយពួកគេនឹងដួលមកលើកយើង ហើយយើងនឹងថើបគ្នាទៅវិញទៅមក
៦៤ហើយនោះនឹងទៅជាទីលំនៅរបស់យើង ហើយនឹងត្រូវបានហៅថា « ស៊ីយ៉ូន » ដែលនឹងចេញមកពីការបង្កបង្កើតទាំងអស់ ដែលយើងបានធ្វើមក ហើយអស់រយៈពេលមួយពាន់ឆ្នាំ នោះផែនដីនឹងបានសម្រាក។
៦៥ហើយហេតុការណ៍បានកើតឡើងថា ហេណុកបានឃើញថ្ងៃនៃការយាងមករបស់កូនមនុស្ស គឺនៅថ្ងៃចុងក្រោយបង្អស់ ដើម្បីមកគង់នៅលើផែនដីក្នុងសេចក្ដីសុចរិត អស់រយៈពេល១ពាន់ឆ្នាំ
៦៦ប៉ុន្តែមុនថ្ងៃនោះមកដល់ នោះគាត់បានឃើញមានសេចក្ដីវេទនាដ៏ធំនៅក្នុងចំណោមពួកទុច្ចរិត ហើយគាត់ក៏បានឃើញសមុទ្រ ហើយសមុទ្រមានចលាចល ហើយមនុស្សស្រយុតចិត្ត ដោយសម្លឹងមើលទាំងខ្លាចចំពោះសេចក្ដីជំនុំជំរះនៃព្រះដ៏មានមហិទ្ធិឫទ្ធិ ដែលនឹងមានមកលើពួកទុច្ចរិត។
៦៧ហើយព្រះអម្ចាស់ទ្រង់បានបង្ហាញដល់ហេណុកនូវគ្រប់ការណ៍ទាំងអស់ សូម្បីតែចុងបំផុតនៃផែនដីផងដែរ ហើយគាត់បានឃើញ ថ្ងៃនៃពួកសុចរិត គឺជាម៉ោងនៃសេចក្ដីប្រោសលោះរបស់ពួកគេ ហើយក៏បានទទួលនូវភាពពោរពេញនៃសេចក្ដីអំណរ
៦៨ហើយអាយុស៊ីយ៉ូនទាំងអស់ គឺជីវិតរបស់ហេណុក នោះបាន៣៦៥ឆ្នាំ។
៦៩ហើយហេណុក និងប្រជាជនគាត់បានដើរជាមួយនឹងព្រះ ហើយទ្រង់បានគង់នៅក្នុងកណ្ដាលក្រុងស៊ីយ៉ូន ហើយហេតុការណ៍បានកើតឡើងថា ក្រុងស៊ីយ៉ូនមិននៅទៀតទេ ពីព្រោះព្រះទ្រង់បានទទួលយកទៅឯព្រះឱរារបស់ទ្រង់ ហើយចាប់តាំងពីពេលនោះមក ឮពាក្យពោលថា ក្រុងស៊ីយ៉ូនបានទៅបាត់ហើយ ៕