ព្រះគម្ពីរ
អ័ប្រាហាំ 5


ជំពូក​ទី ៥

ក្រុម​ព្រះ​បញ្ចប់​គម្រោងការណ៍​របស់​ព្រះ​ទាំង​ឡាយ​ខាង​ការ​បង្ក​បង្កើត​របស់​រ​បរ​គ្រប់​យ៉ាង — ព្រះ​ទាំង​ឡាយ​ទ្រង់​សម្រេច​ការ​បង្ក​បង្កើត ស្រប​តាម​គម្រោងការណ៍​របស់​ព្រះ​ទាំង​ឡាយ — លោក​អ័ដាម​ឲ្យ​ឈ្មោះ​ដល់​គ្រប់​ទាំង​សត្វ​ដែល​មាន​ជីវិត។

ហើយ​ដូច្នេះ យើង​នឹង​សម្រេច​ផ្ទៃ​មេឃ និង​ផែនដី និង​អ្វីៗ​សព្វ​សារពើ​នៅ​លើ​ទី​នោះ​ផង។

ហើយ​ក្រុម​ព្រះ​បាន​មាន​ព្រះ​បន្ទូល​ជាមួយ​គ្នា​ថា ៖ នៅ​គ្រា​ទី​ប្រាំពីរ នោះ​យើង​នឹង​បញ្ចប់​កិច្ចការ​របស់​យើង ដែល​យើង​បាន​ប្រឹក្សា​គ្នា ហើយ​យើង​នឹង​សម្រាក​នៅ​គ្រា​ទី​ប្រាំពីរ ពី​គ្រប់​ទាំង​កិច្ច​ការ​ដែល​យើង​បាន​ប្រឹក្សា​គ្នា។

ហើយ​ក្រុម​ព្រះ​បាន​បញ្ចប់​នៅ​គ្រា​ទី​ប្រាំពីរ ពី​ព្រោះ​នៅ​គ្រា​ទី​ប្រាំពីរ ព្រះ​ទាំង​ឡាយ​នឹង​សម្រាក​ពី​គ្រប់​ទាំង​កិច្ច​ការ​ដែល​ព្រះ​ទាំង​ឡាយ​ទ្រង់ (ក្រុម​ព្រះ​) បាន​ប្រឹក្សា​គ្នា ដើម្បី​នឹង​សូន​ឡើង ហើយ​បាន​ញែក​គ្រា​នោះ​ចេញ​ជា​បរិសុទ្ធ។ ហើយ​ការ​សម្រេច​ចិត្ត​របស់​ព្រះ​ទាំង​ឡាយ គឺ​យ៉ាង ដូច្នោះ​ហើយ នៅ​ពេល​ព្រះ​ទាំង​ឡាយ​ទ្រង់​បាន​ប្រឹក្សា​គ្នា ដើម្បី​នឹង​សូន​នូវ​ផ្ទៃ​មេឃ និង​ផែនដី។

ហើយ​ក្រុម​ព្រះ​បាន​យាង​ចុះ​មក ហើយ​បាន​សូន​នូវ​របស់​ទាំង​នេះ ដែល​ជា​ដើមកំណើត​នៃ​ផ្ទៃ​មេឃ និង​ផែនដី​ក្នុង​កាលដែល​បាន​សូន​មក គឺ​នៅ​វេលា ដែល​ព្រះ​ទាំង​ឡាយ​ទ្រង់​បាន​សូន​នូវ​ផែនដី និង​ផ្ទៃ​មេឃ

ស្រប​តាម​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​ទាំង​ឡាយ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល អំពី​តិណជាតិ​គ្រប់​យ៉ាង​នៅ​វាល មុន​មាន​នៅ​លើ​ផែនដី ព្រម​ទាំង​រុក្ខជាតិ​គ្រប់​យ៉ាង​នៅ​វាល មុន​ដែល​ដុះ​មក​ផង ត្បិត​ក្រុម​ព្រះ​ពុំ​ទាន់​បាន​បង្អុរ​ភ្លៀង​មក​លើ​ផ្ទៃ​ផែនដី​ទេ កាល​ព្រះ​ទាំង​ឡាយ​ទ្រង់​ប្រឹក្សា​គ្នា ហើយ​ពុំ​ទាន់​បាន​សូន​មនុស្ស​ឲ្យ​ភ្ជួរ​ដី​នៅ​ឡើយ​ទេ។

ប៉ុន្តែ​ស្រាប់​តែ​មាន​ចំហាយ​ឡើង​ពី​ដី​មក ហើយ​ស្រោច​ស្រប់​គ្រប់​លើ​ផ្ទៃ​ដី។

ហើយ​ក្រុម​ព្រះ​បាន​សូន​មនុស្ស​ពី​ធូលី​ដី ហើយ​យក​វិញ្ញាណ​គាត់ (គឺថា វិញ្ញាណ​របស់​មនុស្ស) ហើយ​ដាក់​ទៅ​ក្នុង​រូប​គាត់ ហើយ​ក៏​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ​គាត់ ហើយ​មនុស្ស​ក្លាយ​ទៅ​ជា​មាន​ព្រលឹង​រស់​ឡើង។

ហើយ​ក្រុម​ព្រះ​បាន​ធ្វើ​សួនច្បារ​មួយ​នៅ​ស្រុក​អេដែន​ទិស​ខាង​កើត ហើយ​ព្រះ​ទាំង​ឡាយ​ទ្រង់​បាន​ដាក់​មនុស្ស​ឲ្យ​នៅ​ទី​នោះ គឺជា​វិញ្ញាណ​ដែល​ព្រះ​ទាំង​ឡាយ​ទ្រង់​បាន​ដាក់​ទៅ​ក្នុង​រូប​ដែល​ព្រះ​ទាំង​ឡាយ​ទ្រង់​បាន​សូន​មក​នោះ។

ហើយ​ចេញ​ពី​ដី នោះ​ក្រុម​ព្រះ​បាន​ធ្វើ​ឲ្យ​ដុះ​គ្រប់​អស់​ទាំង​ដើម​ឈើ ដែល​គួរ​ជាទី​គាប់​ដល់​ចក្ខុ ល្អ​សម្រាប់​ធ្វើ​ជា​អាហារ ទាំង​ដើម​ជីវិត​នៅ​កណ្ដាល​សួនច្បារ ព្រម​ទាំង​ដើម​សម្រាប់​ដឹង​ខុសត្រូវ​ផង។

១០មាន​ទន្លេ​មួយ​ហូរ​ចេញ​ពី​ស្រុក​អេដែន មក​ស្រោច​សួនច្បារ​នោះ ហើយ​ហូរ​បែក​ពី​នោះ ហើយ​ក្លាយ​ទៅ​ជា​បួន​មុខ។

១១ហើយ​ក្រុម​ព្រះ​បាន​យក​មនុស្ស​ទៅ ហើយ​ដាក់​គាត់​នៅ​ក្នុង​សួនច្បារ​អេដែន​ឲ្យ​ធ្វើ​ការ​ហើយ​ថែរក្សា​សួនច្បារ​នោះ។

១២ហើយ​ក្រុម​ព្រះ​បាន​បញ្ជា​ដល់​បុរស​ថា ៖ ផ្លែ​ឈើ​ទាំង​អស់​នៅ​ក្នុង​សួនច្បារ នោះ​អ្នក​អាច​បរិភោគ​បាន​តាម​ចិត្ត

១៣ប៉ុន្តែ​ផល​ពី​ដើម​ដឹង​ខុសត្រូវ នោះ​អ្នក​មិន​ត្រូវ​បរិភោគ​ឡើយ ត្បិត​នៅ​ពេល​ណា​ដែល​អ្នក​បរិភោគ នោះ​អ្នក​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​ឡើយ។ ឥឡូវ​នេះ ខ្ញុំ អ័ប្រាហាំ​បាន​ឃើញ​ថា ពេល​នោះ​គឺ​រាប់​តាម​ពេល​វេលា​របស់​ព្រះ​អម្ចាស់ ដែល​រាប់​តាម​ពេល​វេលា នៅ​កូឡុប ត្បិត​ក្រុម​ព្រះ​ពុំ​ទាន់​បាន​កំណត់​ដល់​លោក​អ័ដាម តាម​របៀប​រៀបរាប់​របស់​លោក​នៅ​ឡើយ​ទេ។

១៤ហើយ​ក្រុម​ព្រះ​បាន​មាន​ព្រះ​បន្ទូល​ថា ៖ តស់ ចូរ​យើង​ធ្វើ​ឲ្យ​មាន​ជំនួយ​ម្នាក់​សម​សម្រាប់​ជួយ​គាត់ ត្បិត​មិន​ល្អ​ទេ​ដែល​បុរស​គួរ​នៅ​ម្នាក់​ឯង ហេតុ​ដូច្នេះ​ហើយ យើង​នឹង​សូន​ជា​ជំនួយ​មួយ​ដ៏​សម​ចំពោះ​គាត់។

១៥ហើយ​ក្រុម​ព្រះ​បាន​ធ្វើ​ឲ្យ​អ័ដាម​ដេក​លង់លក់​ទៅ ហើយ​គាត់​ក៏​ដេកលក់ ហើយ​ព្រះ​ទាំង​ឡាយ​ទ្រង់​បាន​យក​ឆ្អឹង​ជំនីរ​គាត់​មួយ ហើយ​ភ្ជិត​សាច់​ទៅ​វិញ

១៦ហើយ​រីឯ​ឆ្អឹងជំនីរ​ដែល​ក្រុម​ព្រះ​បាន​យក​ពី​បុរស​មក នោះ​ព្រះ​ទាំង​ឡាយ​ទ្រង់​បាន​សូន​ជា​ស្ត្រី​មួយ ហើយ​នាំ​នាង​ទៅ​ឯ​បុរស។

១៧ហើយ​អ័ដាម​ក៏​ថា ៖ នេះ​គឺជា​ឆ្អឹង​ពី​ឆ្អឹង​ខ្ញុំ ហើយ​ជា​សាច់​ពី​សាច់​ខ្ញុំ ឥឡូវ​នេះ នាង​នឹង​ត្រូវ​បាន​ហៅថា « ស្ត្រី » ពី​ព្រោះ នាង​ត្រូវ​បាន​យក​ចេញ​ពី​បុរស​មក។

១៨ហេតុ​ដូច្នេះ​ហើយ បាន​ជា​មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪពុក​ម្ដាយ​ខ្លួន ហើយ​ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ នោះ​នឹង​ត្រូវ​ជា​សាច់​តែ​មួយ​សុទ្ធ។

១៩ហើយ​គេ​ទាំង​ពីរ​នាក់​នៅ​ខ្លួន​អាក្រាត​ទទេ គឺ​បុរស និង​ប្រពន្ធ​គាត់ ហើយ​ឥត​មាន​សេចក្ដី​ខ្មាសអៀន​ឡើយ។

២០ហើយ​ក្រុម​ព្រះ​បាន​យក​ដី​មក​សូន​នូវ​គ្រប់​ទាំង​សត្វ​ជើង​បួន​នៅ​វាល និង​គ្រប់​ទាំង​សត្វ​ហើរ​លើ​អាកាស​ផង ហើយ​បាន​នាំ​សត្វ​ទាំង​នោះ​មក​ឯ​អ័ដាម ដើម្បី​ឲ្យ​ដឹង​ជា​គាត់​នឹង​ហៅ​ដូច​ម្ដេច ហើយ​ឈ្មោះ​ណា​ក៏​ដោយ​ដែល​អ័ដាម​បាន​ដាក់​ឲ្យ​ដល់​គ្រប់​ទាំង​ជីវិត​ផង​ទាំង​ឡាយ នោះ​បាន​សម្រេច​ជា​ឈ្មោះ​របស់​សត្វ​នោះ​ឯង។

២១ហើយ​អ័ដាម​បាន​ដាក់​ឈ្មោះ​ឲ្យ​ដល់​គ្រប់​ទាំង​សត្វ​ស្រុក សត្វ​ព្រៃ និង​សត្វ​ហើរ​លើ​អាកាស​ទាំង​ប៉ុន្មាន​ជាស្រេច ហើយ​ចំពោះ​អ័ដាម​វិញ នោះ​ឃើញ​ថា​មាន​ជំនួយ​មួយ​ដ៏​សម​ចំពោះ​គាត់ ៕