ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 89


កណ្ឌ​ទី ៨៩

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​១៨៣៣ (History of the Church, ១:៣២៧–៣២៩)។ ព្រោះ​តែ​ពួក​បង​ប្អូន​ក្នុង​សាសនា​មុនដំបូង​ប្រើ​ថ្នាំជក់​នៅ​ក្នុង​ការ​ប្រជុំ​របស់​ពួក​គេ ទើប​ធ្វើ​ឲ្យ​ព្យាការី​ពិចារណា​ពី​រឿង​នេះ ដោយ​ហេតុ​នេះ ទើប​លោក​ទូល​សូម​ដល់​ព្រះ​អម្ចាស់​អំពី​រឿង​នេះ។ វិវរណៈ​នេះ ត្រូវ​បាន​ទទួល​មក ដែល​ស្គាល់​ថា​ជា​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ។ មុនដំបូង ខ​បី​ខាង​មុខ គឺ​បាន​សរសេរ​ឡើង​ជា​ការ​បង្គាប់ និង​ការ​អធិប្បាយ​ដោយ​ព្យាការី។

១–៩, ការ​ប្រើប្រាស់​ស្រា​ទំពាំងបាយជូរ ភេសជ្ជ:​ខ្លាំង ថ្នាំជក់ និង​ភេសជ្ជ:​ក្ដៅ​ត្រូវ​បាន​ហាមប្រាម; ១០–១៧, រុក្ខជាតិ ផ្លែ​ឈើ សាច់ និង ធញ្ញជាតិ​ត្រូវ​បាន​តែងតាំង​សម្រាប់​ការ​ប្រើប្រាស់​ដល់​មនុស្ស និង​ដល់​សត្វ​ទាំង​ឡាយ; ១៨–២១, ការ​គោរព​តាម​ក្រឹត្យ​វិន័យ​នៃ​ដំណឹង​ល្អ ព្រម​ទាំង​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ នោះ​ផ្ដល់​នូវ​ព្រះ​ពរ​ទាំង​ឡាយ ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ។

ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ គឺ​សម្រាប់​ផល​ប្រយោជន៍​ដល់​ក្រុម​ប្រឹក្សា​នៃ​ពួក​សង្ឃ​ជាន់​ខ្ពស់ ដែល​បាន​ជួបជុំ​គ្នា​នៅ​ក្រុង​ខឺតឡង់ និង​ដល់​សាសនាចក្រ ហើយ​ព្រម​ទាំង​ដល់​ពួក​បរិសុទ្ធ​នៅ​ក្រុង​ស៊ីយ៉ូន​ផង —

ដើម្បី​ផ្ញើ​ការ​សួរសុខទុក្ខ គឺ​ពុំ​មែន​ដោយ​ព្រះ​បញ្ញត្តិ ឬ​ការ​បង្ខំ​ទេ ប៉ុន្តែ​ដោយ​វិវរណៈ និង​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​វិញ គឺ​ដោយ​បង្ហាញ​នូវ​របៀប និង​ព្រះ​ហឫទ័យ​នៃ​ព្រះ​ក្នុង​សេចក្ដី​សង្គ្រោះ​ខាង​សាច់​ឈាម​នៃ​ពួក​បរិសុទ្ធ​ទាំង​អស់​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ —

ដែល​បាន​ប្រទាន​សម្រាប់​គោលការណ៍​ដោយ​សេចក្ដី​សន្យា គឺ​ដែល​បាន​សម្រួល​តាម​សមត្ថភាព​នៃ​ពួក​កម្សោយ និង​អស់​ទាំង​ពួក​បរិសុទ្ធ ដែល​កម្សោយ​ជាងគេ​បំផុត​ផង ដែល​ជា ឬ​ដែល​អាច​ហៅថា​ជា​ពួក​បរិសុទ្ធ។

មើល​ចុះ ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដល់​អ្នក​ដូច្នេះ​ថា ៖ ពី​ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ឡាយ និង​ផែនការ​ទាំង​ឡាយ​ដែល​មាន ហើយ​នឹង​មាន​នៅ​ក្នុង​ដួង​ចិត្ត​មនុស្ស ដែល​រួម​គំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ទើប​យើង​បាន​ព្រមាន​ដល់​អ្នក ហើយ​ហាម​អ្នក​ទុកជាមុន ដោយ​ប្រទាន​ដល់​អ្នក​នូវ​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​នេះ តាម​រយៈ​វិវរណៈ —

ថា​ដរាបណា​មនុស្ស​ណា​មួយ​ផឹក​ស្រា​ទំពាំងបាយជូរ ឬ​ភេសជ្ជ:​ខ្លាំង​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មើល​ចុះ គឺ​ពុំ​មែន​ល្អ​ទេ ឬ​ក៏​មិន​សម​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ​វរបិតា​របស់​អ្នក​ដែរ គឺ​គ្រាន់តែ​ជួបជុំ​គ្នា​ដើម្បី​ថ្វាយ​សាក្រាម៉ង់​ទាំង​ឡាយ​របស់​អ្នក​ដល់​ព្រះ​អង្គ​បាន​ហើយ។

ហើយ​មើល​ចុះ នេះ​គឺ​ត្រូវ​ជា​ស្រា​ទំពាំងបាយជូរ មែន​ហើយ គឺ​ស្រា​ទំពាំងបាយជូរ​សុទ្ធ ពី​ផ្លែ​ទំពាំងបាយជូរ​ដែល​អ្នក​ធ្វើ​ផ្ទាល់។

ហើយ​ជា​ថ្មី​ទៀត ភេសជ្ជ:​ខ្លាំង គឺ​ពុំ​មែន​សម្រាប់​ពោះ​ទេ ប៉ុន្តែ​សម្រាប់​ជូត​ខ្លួន​អ្នក​រាល់​គ្នា​វិញ។

ហើយ​ជា​ថ្មី​ទៀត ថ្នាំជក់ គឺ​ពុំ​មែន​សម្រាប់​រូប​កាយ ឬ​សម្រាប់​ពោះ​ដែរ ហើយ​មិនមែន​ល្អ​សម្រាប់​មនុស្ស​ឡើយ ប៉ុន្តែ​ជា​ថ្នាំ​សម្រាប់​ការ​ជាំ និង​អស់​ទាំង​គោក្របី​ឈឺ គឺ​ដើម្បី​យក​មក​ប្រើ​ប្រាស់​ដោយ​ការ​វិនិច្ឆ័យ និង​ការ​ប្រសប់។

ហើយ​ជា​ថ្មី​ទៀត ភេសជ្ជ:​ក្ដៅ គឺ​ពុំ​មែន​សម្រាប់​រូប​កាយ ឬ​ពោះ​ឡើយ។

១០ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា រុក្ខជាតិ​ដែល​ល្អ​ទាំង​ឡាយ នោះ​ព្រះ​អង្គ​ទ្រង់​បាន​តែងតាំង​ទុក​សម្រាប់​សុខភាព ធម្មជាតិ និង​ការ​ប្រើប្រាស់​នៃ​មនុស្ស —

១១គ្រប់​រុក្ខជាតិ​តាម​រដូវ​វា និង​គ្រប់​ផ្លែ​ឈើ​តាម​រដូវ​វា គឺ​គ្រប់​ទាំង​អស់​គឺ​ដើម្បី​យក​មក​ប្រើ​ប្រាស់​ដោយ​ការ​ប្រុងប្រយ័ត្ន និង​អំណរ​អរ។

១២មែន​ហើយ ព្រម​ទាំង​សាច់​ពី​សត្វ​ជើង​បួន និង​ពី​សត្វ​ហើរ​លើ​អាកាស​ផង នោះ​យើង​ជា​ព្រះ​អម្ចាស់​បាន​តែងតាំង​សម្រាប់​ឲ្យ​មនុស្ស​យក​មក​ប្រើ​ប្រាស់​ដោយ​អំណរ​អរ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​របស់​ទាំង​ឡាយ​នេះ​ត្រូវ​យក​មក​ប្រើប្រាស់​ដោយ​សំចៃ​ដែរ

១៣ហើយ​ជា​ការ​សព្វ​ព្រះ​ហឫទ័យ​ដល់​យើង ដែល​របស់​ទាំង​នេះ​មិន​ត្រូវ​យក​មក​ប្រើ​ប្រាស់ គឺ​គ្រាន់តែ​នៅ​រដូវរងា ឬ​ត្រជាក់ ឬ​នៅ​ពេល​អំណត់។

១៤គ្រប់​ទាំង​ធញ្ញជាតិ​ត្រូវ​បាន​តែងតាំង​សម្រាប់​ការ​ប្រើប្រាស់​របស់​មនុស្ស និង​សត្វ ដើម្បី​ទុកជា​អាហារ​នៃ​ជីវិត គឺ​ពុំ​មែន​គ្រាន់តែ​សម្រាប់​មនុស្ស​ទេ ប៉ុន្តែ​សម្រាប់​សត្វ​ជើង​បួន​នៅ​ទីវាល និង​សត្វ​ហើរ​លើ​អាកាស ព្រម​ទាំង​អស់​ទាំង​សត្វ​ព្រៃ​ដែល​រត់ ឬ​លូន​វារ​នៅ​លើ​ដី​ផង​ដែរ

១៥ហើយ​របស់​ទាំង​នេះ ព្រះ​ទ្រង់​បាន​បង្កើត​ឡើង សម្រាប់​ការ​ប្រើប្រាស់​របស់​មនុស្ស គ្រាន់តែ​នៅ​ពេល​អំណត់ ឬ​ពេល​អត់ឃ្លាន​ជា​ខ្លាំង។

១៦គ្រប់​ទាំង​ធញ្ញជាតិ គឺ​ល្អ​សម្រាប់​ទុកជា​អាហារ​ដល់​មនុស្ស ព្រម​ទាំង​ផល​ពី​ដើម​ដែល​វារ ដែល​ផ្ដល់​ផ្លែ​ផ្កា ទោះ​ជា​នៅ​ក្នុង​ដី ឬ​ខ្ពស់​ពី​ដី​ក៏​ដោយ —

១៧ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គឺ​ស្រូវ​សាលី​សម្រាប់​មនុស្ស ហើយ​ពោត​សម្រាប់​គោក្របី ហើយ​ស្រូវ​អាវ័ន​សម្រាប់​សេះ និង​ស្រូវ​អេ​ប៊ូត​សម្រាប់​សត្វ​ស្លាប​ទាំង​ឡាយ និង​សម្រាប់​ជ្រូក និង​សម្រាប់​សត្វ​ទាំង​អស់​នៅ​ទីវាល ហើយ​ស្រូវ​ឱក​សម្រាប់​សត្វ​ប្រើប្រាស់​ទាំង​អស់ និង​សម្រាប់​ភេសជ្ជ:សាបៗ ព្រម​ទាំង​ធញ្ញជាតិ​ផ្សេង​ផង​ដែរ។

១៨ហើយ​ពួក​បរិសុទ្ធ​ទាំង​អស់​ដែល​នឹក​ចាំ​កាន់​តាម ហើយ​ប្រព្រឹត្ត​តាម​ពាក្យ​សម្ដី​ទាំង​នេះ ដោយ​ដើរ​ក្នុង​ការ​គោរព​ដល់​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ នោះ​នឹង​បាន​ទទួល​សេចក្ដី​សុខ​ស្រួល​ដល់​ផ្ចិត​ពួក​គេ ហើយ​ជា​ខួរ​ដល់​ឆ្អឹង​ពួក​គេ

១៩ហើយ​នឹង​រក​ឃើញ​ប្រាជ្ញា និង​ផល​ថ្លៃ​វិសេស​នៃ​ចំណេះវិជ្ជា គឺជា​សម្បត្តិ​ដែល​លាក់​ទុក

២០ហើយ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ។

២១ហើយ​យើង​ជា​ព្រះ​អម្ចាស់​ប្រទាន​ដល់​ពួក​គេ​នូវ​សេចក្ដី​សន្យា​មួយ​ថា ទេវតា​ដែល​បំផ្លាញ​នឹង​បង្ហួស​ពួក​គេ ដូច​ជា​កូន​ចៅ​អ៊ី​ស្រា​អែល​ដែរ ហើយ​មិន​ប្រហារ​ពួក​គេ​ឡើយ។ អាម៉ែន៕