ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 86


កណ្ឌ​ទី ៨៦

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី៦ ខែ​ធ្នូ ឆ្នាំ​១៨៣២ (History of the Church, ១:៣០០)។ វិវរណៈ​នេះ​ត្រូវ​បាន​ទទួល នៅ​ពេល​ព្យាការី​កំពុងតែ​មើល​សារ​ឡើង​វិញ និង​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ឯកសារ​នៃ​ការ​បកប្រែ​ព្រះ​គម្ពីរ​ប៊ីប។

១–៧, ព្រះ​អម្ចាស់​ទ្រង់​ប្រទាន​អត្ថន័យ​ប្រាប់​ពី​ពាក្យ​ប្រៀបប្រដូច​អំពី​ស្រូវ​សាលី និង​ស្រងែ; ៨–១១, ទ្រង់​ពន្យល់​ប្រាប់​ពី​ព្រះ​ពរ​ទាំង​ឡាយ​នៃ​បព្វជិតភាព​ដល់​អស់​អ្នក​ដែល​ជា​អ្នក​គ្រង​មរតក​ពេញ​ច្បាប់ តាម​សាច់​ឈាម។

ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដល់​អ្នក​រាល់​គ្នា ជា​ពួក​អ្នក​បម្រើ​របស់​យើង ពី​ពាក្យ​ប្រៀប​ប្រដូច​អំពី​ស្រូវ​សាលី និង​ស្រងែ ដូច្នេះ​ថា ៖

មើល​ចុះ យើង​ប្រាប់​ជា​ប្រាកដ​ថា ស្រែ​គឺជា​ពិភពលោក ហើយ​ពួក​សាវក​គឺជា​ពួក​អ្នក​ព្រោះ​គ្រាប់​ពូជ

ហើយ​បន្ទាប់​ពី​ពួក​គេ​បាន​ដេកលក់ នោះ​អ្នក​បៀតបៀន​ដ៏​ធំ​នៃ​សាសនាចក្រ គឺ​អ្នក​ក្បត់​សាសនា ជា​ពេស្យា គឺ​ក្រុង​បាប៊ីឡូន ដែល​ធ្វើ​ឲ្យ​គ្រប់​ទាំង​សាសន៍​ផឹក​ពី​ពែង​របស់​ខ្លួន នោះ​ខ្មាំងសត្រូវ គឺ​អារក្ស​សាតាំង វា​អង្គុយ​នៅ​ក្នុង​ដួង​ចិត្ត​ពួក​គេ​ដើម្បី​សោយរាជ្យ — មើល​ចុះ វា​ព្រោះ​ស្រងែ ហេតុ​ដូច្នោះ​ហើយ ស្រងែ​ប្រជ្រៀត​ស្រូវ​សាលី ហើយ​ដេញ​សាសនាចក្រ​ឲ្យ​ចូល​ទី​រហោស្ថាន។

ប៉ុន្តែ​មើល​ចុះ នៅ​គ្រា​ចុង​ក្រោយ​បង្អស់ សូម្បីតែ​ពេល​នេះ នៅ​ពេល​ព្រះ​អម្ចាស់​ទ្រង់​កំពុងតែ​ចាប់​ផ្ដើម​នាំ​ចេញ​មក​នូវ​ព្រះ​បន្ទូល ហើយ​ស្លឹក​កំពុងតែ​ពន្លក​ឡើង ហើយ​នៅ​ខ្ចី​នៅ​ឡើយ —

មើល​ចុះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ពួក​ទេវតា​កំពុងតែ​ទួញ​អង្វរ​ដល់​ព្រះ​អម្ចាស់​ទាំង​ថ្ងៃ​ទាំង​យប់ ដែល​បាន​រៀបចំ​ជាស្រេច ហើយ​ទម្រាំ​ឲ្យ​បាន​ចាត់​ចេញ​ទៅ​ច្រូត​ស្រែ

ប៉ុន្តែ​ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ថា ចូរ​កុំ​ដក​ស្រងែ​ចេញ​នៅ​ពេល​ស្លឹក​វា​នៅ​ខ្ចី​នៅ​ឡើយ​នោះ (ត្បិត​ប្រាកដជា​សេចក្ដី​ជំនឿ​របស់​អ្នក​ទន់ខ្សោយ) ក្រែង​អ្នក​បំផ្លាញ​ស្រូវ​សាលី​ទៅ​ដែរ។

ហេតុ​ដូច្នេះ​ហើយ ចូរ​ទុក​ឲ្យ​ស្រូវ​សាលី និង​ស្រងែ​ដុះ​ជាមួយ​គ្នា ដរាប​ដល់​ចម្រូត​ទុំ​សុស​ចុះ ខណៈ​នោះ អ្នក​រាល់​គ្នា​ត្រូវ​ប្រមូលស្រូវ​សាលី​ចេញ​ពី​ស្រងែ​ជា​មុន​សិន ហើយ​បន្ទាប់​ពី​ការ​ប្រមូល​ស្រូវ​សាលី​រួច​ហើយ មើល​ចុះ ហើយ​មើល​ន៏ ស្រងែ​ត្រូវ​ចង​ជា​កណ្ដាប់ ហើយ​ស្រែ​ត្រូវ​ទុក​ឲ្យ​ឆេះ។

ហេតុ​ដូច្នេះ​ហើយ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដល់​អ្នក ដែល​បព្វជិតភាព​បាន​បន្ត​មក តាម​រយៈ​ពូជ​ពង្ស​នៃ​ពួក​អយ្យកោ​របស់​អ្នក​ដូច្នេះ​ថា —

ត្បិត​អ្នក​រាល់​គ្នា​ជា​អ្នក​គ្រង​មរតក​ពេញ​ច្បាប់ ស្រប​តាម​សាច់​ឈាម ហើយ​បាន​លាក់​ទុក​ពី​ពិភពលោក ដោយ​សារ​ព្រះ​គ្រីស្ទ​នៅ​ក្នុង​ព្រះ —

១០ហេតុ​ដូច្នេះ​ហើយ ជីវិត និង​បព្វជិតភាព​របស់​អ្នក​ត្រូវ​បាន​ទុក ហើយ​ត្រូវ​តែ​មាន​តាម​រយៈ​អ្នក និង​តាម​ពូជ​ពង្ស​អ្នក រហូត​ដល់​ការ​សាង​ឡើង​វិញ​នូវ​គ្រប់​ទាំង​អស់ ដែល​បាន​ពោល​ដល់ ដោយ​មាត់​នៃ​អស់​ទាំង​ពួក​ព្យាការី​ដ៏​បរិសុទ្ធ ចាប់​តាំង​ពី​កំណើត​លោកិយ​មក​ម្ល៉េះ។

១១ហេតុ​ដូច្នេះ​ហើយ អ្នក​រាល់​គ្នា​មាន​ពរ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​បន្ត​នៅ​ក្នុង​សេចក្ដី​ល្អ​របស់​យើង គឺជា​ពន្លឺ​ដល់​ពួក​សាសន៍​ដទៃ និង​តាម​រយៈ​បព្វជិតភាព​នេះ គឺជា​អ្នក​សង្គ្រោះ​ដល់​រាស្ត្រ​របស់​យើង គឺ​សាសន៍​អ៊ីស្រាអែល។ ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ហើយ។ អាម៉ែន៕