កណ្ឌទី ៣១
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី ចំពោះថូម៉ាស ប៊ី ម៉ាស ខែកញ្ញា ឆ្នាំ១៨៣០ (History of the Church, ១:១១៥–១១៧)។ នៅគ្រាឆាប់ៗបន្ទាប់ពីសន្និសីទនៃសាសនាចក្រ (សូមមើលចំណងជើងនៃកណ្ឌទី ៣០)។ ថូម៉ាស ប៊ី ម៉ាស បានទទួលបុណ្យជ្រមុជទឹកនៅដើមខែ ហើយបានទទួលការតែងតាំងឲ្យធ្វើជាអែលឌើរក្នុងសាសនាចក្រ មុនវិវរណៈនេះត្រូវបានប្រទានមក។
១–៦, ថូម៉ាស ប៊ី ម៉ាស ត្រូវបានហៅឲ្យផ្សាយដំណឹងល្អ ហើយត្រូវបានបញ្ជាក់ថាគ្រួសាររបស់គាត់សុខសប្បាយ; ៧–១៣, គាត់ត្រូវបានទូន្មានឲ្យមានចិត្តអត់ធន់ អធិស្ឋានជានិច្ច ហើយឲ្យធ្វើតាមព្រះដ៏ជាជំនួយ។
១ថូម៉ាស បុត្ររបស់យើងអើយ អ្នកមានពរហើយ ពីព្រោះមកពីសេចក្ដីជំនឿរបស់អ្នកនៅក្នុងកិច្ចការរបស់យើង។
២មើលចុះ អ្នកបានមានសេចក្ដីទុក្ខវេទនាជាច្រើន ពីព្រោះតែគ្រួសាររបស់អ្នក ទោះជាយ៉ាងណាក៏ដោយ យើងនឹងប្រទានពរដល់អ្នក និងគ្រួសាររបស់អ្នក មែនហើយ គឺកូនតូចរបស់អ្នក ហើយថ្ងៃនឹងមកដល់ ដែលពួកគេនឹងជឿ ហើយដឹងសេចក្ដីពិត ហើយនឹងបានរួមតែមួយ ជាមួយនឹងអ្នកនៅក្នុងសាសនាចក្ររបស់យើង។
៣ចូរលើកចិត្តអ្នកឡើង ហើយអរសប្បាយចុះ ត្បិតម៉ោងនៃបេសកកម្មរបស់អ្នកមកដល់ហើយ ហើយអណ្ដាតរបស់អ្នកនឹងបានស្រាយ ហើយអ្នកនឹងប្រកាសដំណឹងដ៏រីករាយ នៃសេចក្ដីអំណរដ៏ធំ ប្រាប់ដល់តំណមនុស្សនេះ។
៤អ្នកនឹងប្រកាសប្រាប់ពីអ្វីៗ ដែលបានបើកសម្ដែងដល់យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង។ អ្នកនឹងចាប់ផ្ដើមផ្សាយពីពេលនេះតទៅ មែនហើយ គឺច្រូតស្រែដែលបានសសំព្រុស ល្មមនឹងឆេះ។
៥ដូច្នេះហើយ ចូរលូកកណ្ដៀវរបស់អ្នក ដោយអស់ពីព្រលឹងរបស់អ្នក ហើយបាបទាំងឡាយរបស់អ្នក ត្រូវបានអត់ទោសឲ្យហើយ ហើយអ្នកនឹងបានផ្ទុកកណ្ដាប់ស្រូវពីលើខ្នងរបស់អ្នក ព្រោះអ្នកដែលធ្វើការសមនឹងបានឈ្នួលរបស់ខ្លួន។ ហេតុដូច្នោះហើយ គ្រួសារ របស់អ្នកនឹងបានរស់នៅ។
៦មើលចុះ យើងប្រាប់អ្នកជាប្រាកដថា ចូរចេញពីពួកគេទៅគ្រាន់តែមួយរយៈខ្លី ហើយប្រកាសប្រាប់ពីព្រះបន្ទូលរបស់យើងប៉ុណ្ណោះ ហើយយើងនឹងរៀបចំកន្លែងមួយសម្រាប់ពួកគេ។
៧មែនហើយ យើងនឹងបើកចិត្តនៃមនុស្សម្នា ហើយពួកគេនឹងទទួលអ្នក។ ហើយយើងនឹងតាំងសាសនាចក្រមួយឡើង ដោយសារស្នាដៃរបស់អ្នក
៨ហើយអ្នកនឹងចម្រើនកម្លាំងពួកគេ ហើយរៀបចំពួកគេសម្រាប់ពេលវេលា ក្នុងកាលពួកគេនឹងត្រូវបានប្រមូលគ្នា។
៩ចូរមានចិត្តអត់ធន់ក្នុងការឈឺចាប់ ចូរកុំជេរប្រមាថពួកអ្នកណាដែលជេរប្រមាថឡើយ។ ចូរត្រួតត្រាផ្ទះសំបែងរបស់អ្នក ដោយភាពស្លូតបូត ហើយចូរតាំងចិត្តឲ្យបានខ្ជាប់ខ្ជួនចុះ។
១០មើលចុះ យើងប្រាប់អ្នកថា អ្នកនឹងត្រូវទៅជាគ្រូពេទ្យចំពោះសាសនាចក្រ ប៉ុន្តែពុំមែនចំពោះពិភពលោកទេ ត្បិតពួកគេនឹងមិនទទួលអ្នកឡើយ។
១១ចូរចេញដំណើរទៅតាមទីណា តាមព្រះហឫទ័យរបស់យើងចុះ ហើយនឹងត្រូវបានប្រទានដល់អ្នកដោយព្រះដ៏ជាជំនួយ នូវអ្វីដែលអ្នកត្រូវធ្វើ និងទីណាដែលអ្នកត្រូវទៅ។
១២ចូរអធិស្ឋានជានិច្ច ក្រែងអ្នកចូលក្នុងសេចក្ដីល្បួង ហើយបាត់បង់រង្វាន់របស់អ្នក។
១៣ចូរមានចិត្តស្មោះត្រង់រហូតដល់ទីបំផុត ហើយមើលន៏ យើងនៅជាមួយនឹងអ្នក។ ព្រះបន្ទូលទាំងនេះ ពុំមែនមកពីមនុស្ស ឬមកពីមនុស្សលោកទេ តែមកពីយើង គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏ប្រោសលោះរបស់អ្នក តាមបំណងព្រះហឫទ័យនៃព្រះវរបិតា។ អាម៉ែន៕