បញ្ជីរបស់ស៊ីនិព្វ — ជាដំណើររឿងអំពីប្រជាជនទ្រង់ ចាប់តាំងពីពេលដែលពួកគេបានចាកចេញពីដែនដីសារ៉ាហិមឡាមក រហូតដល់ពេលដែលពួកគេបានត្រូវដោះលែងឲ្យរួចពីកណ្ដាប់ដៃនៃពួកសាសន៍លេមិន។
មានរួមនៅក្នុងជំពូកទី ៩ ទៅ ២២។
ជំពូកទី ៩
ស៊ីនិព្វដឹកនាំមនុស្សមួយក្រុមចេញពីក្រុងសារ៉ាហិមឡា ទៅយកបានដែនដីលីហៃ-នីហ្វៃ — ស្ដេចនៃសាសន៍លេមិនអនុញ្ញាតឲ្យពួកគេនៅលើដីនោះ — សង្គ្រាមកើតឡើងរវាងពួកសាសន៍លេមិននឹងប្រជាជនរបស់ស៊ីនិព្វ។ ប្រមាណជាឆ្នាំ ២០០–១៨៧ ម.គ.ស.។
១ខ្ញុំ ស៊ីនិព្វ ដោយបានទទួលការបង្រៀននូវគ្រប់ភាសានៃពួកសាសន៍នីហ្វៃ ហើយដោយបានដឹងអំពីដែនដីនីហ្វៃ ឬដែនដីនៃកេរ្តិ៍អាករដំបូងរបស់ពួកអយ្យកោយើង ហើយដោយត្រូវបានចាត់ឲ្យធ្វើជាអ្នកស៊ើបការណ៍ទៅក្នុងចំណោមពួកសាសន៍លេមិន ដើម្បីស៊ើបអំពីកងកម្លាំងរបស់គេ ដើម្បីឲ្យកងទ័ពរបស់យើងមកវាយប្រហារ ហើយបំផ្លាញគេចោល — ប៉ុន្តែ កាលខ្ញុំបានឃើញអ្វីៗដែលល្អនៅក្នុងចំណោមពួកគេ នោះខ្ញុំមានសេចក្ដីប្រាថ្នាថា ពួកគេមិនគួរត្រូវបំផ្លាញចោលឡើយ។
២ហេតុដូច្នេះហើយ ខ្ញុំបានជជែកជាមួយនឹងបងប្អូនខ្ញុំនៅក្នុងទីរហោស្ថាន ព្រោះខ្ញុំចង់ឲ្យអ្នកគ្រប់គ្រងរបស់យើងធ្វើមេត្រីភាពជាមួយនឹងពួកគេ ប៉ុន្តែគេជាមនុស្សឃោរឃៅ ហើយស្រេកឈាម ទើបបានបញ្ជាថា ត្រូវយកខ្ញុំទៅសម្លាប់ចោលវិញ តែខ្ញុំត្រូវបានសង្គ្រោះដោយមានការខ្ចាយឈាមដ៏ច្រើន ត្បិតឪពុកប្រយុទ្ធតតាំងនឹងឪពុក បងប្អូនតតាំងនឹងបងប្អូន រហូតដល់កងទ័ពរបស់យើងមួយធំ ត្រូវបានបំផ្លាញចោលបង់នៅក្នុងទីរហោស្ថាន ឯពួកយើងដែលនៅសល់ពីស្លាប់ ក៏បានត្រឡប់មកដែនដីសារ៉ាហិមឡាវិញ ដើម្បីតំណាលរឿងប្រាប់ប្រពន្ធគេ និងកូនចៅគេ។
៣ក៏ប៉ុន្តែ ដោយខ្ញុំមានចិត្តចង់បានដែនដីនៃកេរ្តិ៍អាកររបស់ពួកអយ្យកោយើងហួសប្រមាណ ក៏បានប្រមូលអស់អ្នកណាដែលមានប្រាថ្នាចង់ឡើងទៅយកដែនដីនោះ ហើយបានចាប់ផ្ដើមដំណើររបស់យើងជាថ្មីម្ដងទៀតទៅក្នុងទីរហោស្ថាន ដើម្បីឡើងទៅកាន់ដែនដីនោះ តែយើងត្រូវរងទុក្ខដោយអំណត់អត់ និងសេចក្ដីទុក្ខវេទនាដ៏ឈឺចាប់ផ្សេង ព្រោះយើងកម្រចាំដល់ព្រះអម្ចាស់ជាព្រះរបស់យើង។
៤ទោះជាយ៉ាងណាក៏ដោយ គង់តែបន្ទាប់ពីបានដើររសាត់ព្រាត់អស់ជាច្រើនថ្ងៃនៅក្នុងទីរហោស្ថាន នោះយើងបានបោះត្រសាលរបស់យើងនៅត្រង់កន្លែងដែលបងប្អូនយើងត្រូវបានស្លាប់ គឺនៅជិតដែនដីរបស់ពួកអយ្យកោយើង។
៥ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានទៅម្ដងទៀតជាមួយនឹងពួកក្រុមខ្ញុំបួននាក់ ចូលទៅក្នុងទីក្រុងមួយ ទៅគាល់ស្ដេច ដើម្បីឲ្យខ្ញុំអាចបានដឹងអំពីព្រះទ័យរបស់ស្ដេច ហើយដើម្បីឲ្យខ្ញុំអាចបានដឹងថា តើខ្ញុំអាចចូលទៅជាមួយនឹងប្រជាជនខ្ញុំ ហើយគ្រងយកដែនដីនោះ ដោយសេចក្ដីសុខសាន្តបានឬទេ។
៦ហើយខ្ញុំបានចូលទៅគាល់ស្ដេច ហើយទ្រង់បានធ្វើសេចក្ដីសញ្ញាជាមួយនឹងខ្ញុំថា ខ្ញុំអាចយកដែនដីលីហៃ-នីហ្វៃ និងដែនដី សៃឡោមបាន។
៧ហើយទ្រង់ក៏បានបញ្ជាឲ្យប្រជាជនរបស់ទ្រង់ចាកចេញពីដែនដីនោះ ហើយខ្ញុំ និងប្រជាជនខ្ញុំបានចូលទៅ ដើម្បីយើងអាចយកដែនដីនោះ។
៨ហើយយើងបានចាប់ផ្ដើមសង់អគារ ហើយជួសជុលកំផែងទីក្រុង មែនហើយ គឺកំផែងទីក្រុងលីហៃ-នីហ្វៃ និងទីក្រុងសៃឡោម។
៩ហើយយើងបានចាប់ផ្ដើមភ្ជួរដីដាំដុះ មែនហើយ ដោយបណ្ដុះគ្រាប់ពូជគ្រប់មុខ មានទាំងគ្រាប់ពោត និងស្រូវសាលី និងស្រូវឱក និងនីអាស និងស៊ីអ៊ុម និងគ្រាប់ពូជនៃផ្លែឈើគ្រប់យ៉ាង ហើយយើងបានចាប់ផ្ដើមចម្រើនឡើងនៅលើដែនដីនោះ។
១០ឥឡូវនេះ នេះគឺជាឧបាយកល និងកលល្បិចរបស់ស្ដេចលេមិន ដើម្បីនាំប្រជាជនខ្ញុំឲ្យធ្លាក់ទៅក្នុងសេវកភាព បានជាទ្រង់សុខចិត្តឲ្យយើងយកដែនដីនោះ។
១១ហេតុដូច្នេះហើយ ហេតុការណ៍បានកើតឡើងថា បន្ទាប់ពីយើងបានអាស្រ័យនៅលើដែនដីនេះ អស់រយៈពេល១២ឆ្នាំមក ស្ដេចលេមិនក៏ចាប់ផ្ដើមមានកង្វល់ក្នុងចិត្ត ក្រែងលោដោយមធ្យោបាយណាមួយ ប្រជាជនខ្ញុំមានកម្លាំងខ្លាំងពូកែនៅលើដែនដីនេះ ដែលធ្វើឲ្យពួកគេមិនអាចមានជ័យជម្នះមកលើប្រជាជនខ្ញុំ ហើយមិនអាចនាំប្រជាជនខ្ញុំឲ្យធ្លាក់ក្នុងសេវកភាពបាន។
១២ឥឡូវនេះ ពួកគេជាមនុស្សខ្ជិលច្រអូស ហើយថ្វាយបង្គំរូបព្រះ ហេតុដូច្នេះហើយ ពួកគេមានបំណងចង់នាំពួកយើងឲ្យធ្លាក់ក្នុងសេវកភាព ដើម្បីគេអាចលោភលន់លើការងារពីកម្លាំងនៃដៃយើង មែនហើយ ដើម្បីគេអាចយកហ្វូងចៀមនៅលើវាលស្មៅរបស់យើងធ្វើជាអាហារ។
១៣ហេតុដូច្នេះហើយ ហេតុការណ៍បានកើតឡើងថា ស្ដេចលេមិនបានចាប់ផ្ដើមចាក់រុកប្រជាជនទ្រង់ឲ្យពួកគេទាស់ទែងនឹងប្រជាជនខ្ញុំ ហេតុដូច្នេះហើយ ក៏ចាប់ផ្ដើមមានសង្គ្រាមទាំងឡាយ និងការទាស់ទែងគ្នាទាំងឡាយនៅលើដែនដី។
១៤ត្បិតនៅឆ្នាំទីដប់បីនៃរជ្ជកាលខ្ញុំ នៅលើដែនដីនីហ្វៃ នៅខាងត្បូងដែនដីសៃឡោម កាលប្រជាជនខ្ញុំកំពុងតែឲ្យទឹក និងចំណីដល់ហ្វូងចៀម ហើយកំពុងតែភ្ជួររាស់ដីគេ នោះស្រាប់តែមានពលទ័ពនៃពួកសាសន៍លេមិនមួយកង ដ៏មានចំនួនច្រើនបានវាយមកលើពួកគេ ហើយបានចាប់ផ្ដើមសម្លាប់ពួកគេ ហើយដណ្ដើមយកហ្វូងចៀម និងពោតពីចម្ការរបស់គេទៅ។
១៥មែនហើយ ហេតុការណ៍បានកើតឡើងថា ពួកគេដែលនៅរស់ពីស្លាប់ទាំងប៉ុន្មាន ក៏បានរត់គេចខ្លួនចូលទៅក្នុងទីក្រុងនីហ្វៃ ហើយបានសូមឲ្យខ្ញុំការពារពួកគេ។
១៦ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានប្រដាប់ពួកគេដោយធ្នូ និងព្រួញ និងដាវ និងសាប និងដំបង និងខ្សែដង្ហក់ និងគ្រឿងសស្ត្រាវុធគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ឯខ្ញុំ និងប្រជាជនខ្ញុំ ក៏បានចេញទៅតតាំងនឹងពួកសាសន៍លេមិន។
១៧មែនហើយ ដោយកម្លាំងនៃព្រះអម្ចាស់ យើងបានទៅច្បាំងនឹងពួកសាសន៍លេមិន ព្រោះខ្ញុំ និងប្រជាជនខ្ញុំ បានអំពាវនាវដល់ព្រះអម្ចាស់ សូមឲ្យទ្រង់ជួយដោះលែងយើងឲ្យរួចផុតពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់យើង ព្រោះយើងបានភ្ញាក់ឡើង ដោយនឹកឃើញដល់ការដោះលែងនៃពួកអយ្យកោរបស់យើង។
១៨ហើយព្រះទ្រង់បានឮសម្រែកអំពាវនាវរបស់យើង ហើយបានឆ្លើយតបការអធិស្ឋានរបស់យើង ហើយយើងបានចេញទៅដោយឥទ្ធិឫទ្ធិរបស់ទ្រង់ មែនហើយ យើងបានចេញទៅតតាំងនឹងពួកសាសន៍លេមិន ហើយក្នុងរយៈពេលមួយថ្ងៃមួយយប់ យើងបានសម្លាប់ពួកគេអស់បីពាន់និងសែសិបបីនាក់ យើងបានសម្លាប់ពួកគេ រហូតដល់យើងដេញពួកគេចេញពីដែនដីរបស់យើងទៅ។
១៩រីឯខ្ញុំវិញ បានជួយកប់សាកសពរបស់គេដោយដៃខ្ញុំផ្ទាល់។ ហើយមើលចុះ យើងមានសេចក្ដីសោកសៅ និងសេចក្ដីទួញសោកជាខ្លាំងចំពោះបងប្អូនយើងចំនួនពីររយចិតសិបប្រាំបួននាក់ ដែលត្រូវបានស្លាប់៕