ព្រះគម្ពីរ
ម៉ូសាយ 7


ជំពូក​ទី ៧

អាំម៉ូន​រក​ឃើញ​ដែនដី​លីហៃ-នីហ្វៃ ដែល​មាន​លិមហៃ ជា​ស្ដេច — ប្រជាជន​របស់​លិមហៃ​រស់នៅ​ក្រោម​សេវក​ភាព​បម្រើ​ពួក​សាសន៍​លេមិន — លិមហៃ​រៀប​រាប់​ពី​ប្រវត្តិ​របស់​ពួក​គេ — ព្យាការី​ម្នាក់ (អ័ប៊ីណាដៃ) បាន​ធ្វើ​បន្ទាល់​ថា ព្រះ​គ្រីស្ទ គឺជា​ព្រះ ហើយ​ជា​ព្រះ​វរបិតា​លើ​អ្វីៗ​ទាំង​អស់ — អស់​អ្នក​ណា​ដែល​សាប​ព្រោះ​ការ​ស្មោក​គ្រោក នឹង​ច្រូតកាត់​ខ្យល់​ព្យុះ ឯ​អស់​អ្នក​ណា​ដែល​ដាក់​ទី​ទុក​ចិត្ត​លើ​ព្រះ​អម្ចាស់ នឹង​ត្រូវ​បាន​ប្រោស​លោះ​ឲ្យ​រួច។ ប្រមាណ​ជា​ឆ្នាំ ១២១ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ក្រោយ​ពី​ស្ដេច​ម៉ូសាយ​បាន​ទទួល​សេចក្ដី​សុខសាន្ត​ត​រៀង​មក អស់​រយៈ​ពេល​បី​ឆ្នាំ ទ្រង់​ក៏​មាន​ព្រះ​ហឫទ័យ​ចង់​ដឹង​អំពី​ប្រជាជន ដែល​បាន​ឡើង​ទៅ​អាស្រ័យ​នៅ​ឯ​ដែនដី​លីហៃ-នីហ្វៃ ឬ​នៅ​ទី​ក្រុង​លីហៃ-នីហ្វៃ ត្បិត​ប្រជាជន​របស់​ទ្រង់​មិនដែល​បាន​ឮ​ដំណឹង​អ្វី​អំពី​ពួក​គេ​សោះ ចាប់​តាំង​ពី​ពេល​ដែល​ពួក​គេ​ចាក​ចេញ​ពី​ដែនដី​សារ៉ាហិមឡា​ម្ល៉េះ ហេតុ​ដូច្នេះ​ហើយ ប្រជាជន​ទ្រង់​បាន​មក​រំខាន​ទ្រង់​ជា​ខ្លាំង​អំពី​រឿង​នេះ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ស្ដេច​ម៉ូសាយ​បាន​អនុញ្ញាត​ឲ្យ​បុរស​ដ៏​ខ្លាំង​ពូកែ​ចំនួន​ដប់​ប្រាំមួយ​នាក់​ឡើង​ទៅ​ឯ​ដែនដី លីហៃ-នីហ្វៃ ដើម្បី​ស៊ើបសួរ​អំពី​បង​ប្អូន​របស់​គេ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លុះ​ដល់​ស្អែក​ឡើង ពួក​គេ​ក៏​ចាប់​ផ្ដើម​ចេញ​ដំណើរ​ឡើង​ទៅ ដោយ​មាន​បុរស​ម្នាក់​ទៅ​ជាមួយ​ពួក​គេ ដែល​មាន​ឈ្មោះ​ថា អាំម៉ូន ជា​អ្នក​មាន​កម្លាំង​ខ្លាំង​ពូកែ​ម្នាក់ ហើយ​ជា​ពូជ​ពង្ស​របស់​សារ៉ាហិមឡា ហើយ​លោក​ជា​មេដឹកនាំ​របស់​ពួក​គេ​ផង។

ហើយ​ឥឡូវ​នេះ ពួក​គេ​ពុំ​ស្គាល់​ផ្លូវ ដែល​ត្រូវ​ធ្វើ​ដំណើរ​នៅ​ក្នុង​ទី​រហោស្ថាន ដើម្បី​ឡើង​ទៅ​កាន់​ដែនដី​លីហៃ-នីហ្វៃ​ឡើយ ហេតុ​ដូច្នេះ​ហើយ ទើប​ពួក​គេ​ដើរ​រសាត់​ព្រាត់​អស់​ជា​ច្រើន​ថ្ងៃ នៅ​ក្នុង​ទី​រហោស្ថាន គឺ​ពួក​គេ​ដើរ​រសាត់​ព្រាត់​អស់​រយៈ​ពេល​សែសិប​ថ្ងៃ។

ហើយ​កាលដែល​ពួក​គេ​បាន​ដើរ​រសាត់​ព្រាត់​អស់​រយៈ​ពេល​សែសិប​ថ្ងៃ ពួក​គេ​បាន​ទៅ​ដល់​ទួល​មួយ​នៅ​ខាង​ជើង​ដែនដី សៃឡោម ហើយ​ពួក​គេ​បាន​បោះ​ត្រសាល​គេ​នៅ​ទី​នោះ។

ហើយ​អាំម៉ូន​បាន​នាំ​បង​ប្អូន​បី​នាក់​ទៅ​ហើយ​ពួក​គេ​មាន​ឈ្មោះ​ថា អាម៉ាលេកៃ ហេលេម និង​ហេម ហើយ​ពួក​គេ​បាន​ចុះ​ទៅ​ដែនដី​នីហ្វៃ

ហើយ​មើល​ចុះ ពួក​គេ​បាន​ជួប​នឹង​ស្ដេច​នៃ​ប្រជាជន​ដែល​នៅ​លើ​ដែនដី​នីហ្វៃ និង​នៅ​លើ​ដែនដី​សៃឡោម ហើយ​ពួក​គេ​ត្រូវ​អ្នក​យាម​របស់​ស្ដេច​ឡោមព័ទ្ធ​ជុំវិញ ហើយ​ចាប់​យក​ទៅ ហើយ​ចង ហើយ​យក​ទៅ​ឃុំ​ក្នុង​គុក។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ពួក​គេ​បាន​ជាប់​គុក​អស់​រយៈ​ពេល​ពីរ​ថ្ងៃ​មក នោះ​ពួក​គេ​ត្រូវ​បាន​នាំ​មក​គាល់​មុខ​ស្ដេច ហើយ​ត្រូវ​បាន​ស្រាយ​ចំណងដៃ​ចេញ ហើយ​ពួក​គេ​ឈរ​នៅ​ខាង​មុខ​ស្ដេច ហើយ​ត្រូវ​បាន​អនុញ្ញាត ឬ​ត្រូវ​គេ​បញ្ជា​ឲ្យ​ឆ្លើយ​នូវ​សំនួរ​ទាំង​ឡាយ​ដែល​ស្ដេច​សួរ។

ហើយ​ស្ដេច​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ​ថា ៖ មើល​ចុះ យើង​ឈ្មោះ​លិមហៃ ជា​បុត្រ​របស់​ណូអេ ដែល​ជា​បុត្រ​របស់​ស៊ីនិព្វ ដែល​បាន​ឡើង​មក​ពី​ដែនដី​សារ៉ាហិមឡា ដើម្បី​មក​គ្រង​ដែនដី​នេះ​ទុកជា​មរតក ដែល​ជា​ដែនដី​នៃ​ពួក​អយ្យកោ​របស់​គេ ដែល​បាន​លើក​ឲ្យ​ធ្វើ​ជា​ស្ដេច ដោយ​សំឡេង​របស់​ប្រជាជន។

១០ហើយ​ឥឡូវ​នេះ យើង​ចង់​ដឹង​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ហ៊ាន​មក​ជិត​កំផែង​ទី​ក្រុង នៅ​ពេល​ដែល​យើង និង​អ្នក​យាម​របស់​យើង​នៅ​ខាង​ក្រៅ​របង​យ៉ាង​នេះ?

១១ហើយ​ឥឡូវ​នេះ ដោយ​ហេតុ​នេះ យើង​សុខ​ចិត្ត​ទុក​ឲ្យ​អ្នក​រាល់​គ្នា​នៅ​រស់ ដើម្បី​ឲ្យ​យើង​សួរ​អ្នក បើ​ពុំ​នោះ​សោត​ទេ យើង​បាន​ប្រើ​ឲ្យ​ពួក​អ្នក​យាម​របស់​យើង​សម្លាប់​អ្នក​ទៅ​ហើយ។ យើង​អនុញ្ញាត​ឲ្យ​អ្នក​និយាយ​មក​ចុះ។

១២ហើយ​ឥឡូវ នៅ​ពេល​អាំម៉ូន​ឃើញ​ថា ខ្លួន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ហើយ លោក​បាន​ឈាន​ទៅ​មុខ ហើយ​ក្រាប​នៅ​ចំពោះ​ស្ដេច ហើយ​ក្រោក​ឡើង​វិញ លោក​និយាយ​ថា ៖ ក្រាបទូល ឱ​ព្រះ​រាជា​អើយ ទូលបង្គំ​មាន​អំណរគុណ​ជា​ខ្លាំង​ចំពោះ​ព្រះ ដោយ​បាន​រស់​នៅ​ដល់​សព្វ​ថ្ងៃ​នេះ ហើយ​បាន​អនុញ្ញាត​ឲ្យ​និយាយ ទូលបង្គំ​នឹង​ខិតខំ​និយាយ​ដោយ​ក្លាហាន

១៣ព្រោះ​ទូលបង្គំ​ជឿជាក់​ថា បើ​សិន​ជាទ្រង់​ស្គាល់​ទូលបង្គំ ទ្រង់​ច្បាស់​ជា​មិន​ទុក​ឲ្យ​ទូលបង្គំ​ជាប់​ចំណង​ទាំង​នេះ​ទេ។ ត្បិត​ទូលបង្គំ​ជា​អាំម៉ូន ជា​ពូជ​ពង្ស​របស់​សារ៉ាហិមឡា ហើយ​បាន​ឡើង​ពី​ដែនដី​សារ៉ាហិមឡា​មក ដើម្បី​ស៊ើបសួរ​អំពី​បង​ប្អូន​យើង ដែល​ស៊ីនិព្វ​បាន​នាំ​ឡើង​មក​ពី​ដែនដី​នោះ។

១៤ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​លិមហៃ​បាន​ឮ​ពាក្យ​សម្ដី​របស់​អាំម៉ូន​ហើយ នោះ​ទ្រង់​មាន​សេចក្ដី​រីក​រាយ​ជា​ខ្លាំង ហើយ​មាន​បន្ទូល​ថា ៖ ឥឡូវ​នេះ យើង​ដឹង​ច្បាស់​ថា បង​ប្អូន​យើង​ដែល​នៅ​ឯ​ដែនដី​សារ៉ាហិមឡា​នោះ​នៅ​រស់​នៅ​ឡើយ។ ហើយ​ឥឡូវ​នេះ យើង​នឹង​អរ​រីករាយ ហើយ​ស្អែក​នេះ យើង​នឹង​ប្រាប់​ឲ្យ​ប្រជាជន​យើង​បាន​អរ​រីករាយ​ដែរ។

១៥ត្បិត​មើល​ចុះ ពួក​យើង​រស់នៅ​ក្នុង​សេវក​ភាព​ដល់​ពួក​សាសន៍​លេមិន ហើយ​ត្រូវ​បង់​ពន្ធ ដោយ​ពន្ធដារ​ដ៏​ពិបាក​នឹង​ទ្រាំទ្រ​បាន។ ហើយ​ឥឡូវ​នេះ មើល​ចុះ បង​ប្អូន​យើង​នឹង​ដោះ​លែង​ពួក​យើង​ឲ្យ​រួច​ផុត​ពី​សេវក​ភាព​របស់​យើង​រាល់​គ្នា ឬ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ពួក​សាសន៍​លេមិន ហើយ​ពួក​យើង​នឹង​ក្លាយ​ទៅ​ជា​ទាសករ​របស់​ពួក​សាសន៍​នីហ្វៃ​វិញ ព្រោះ​បើ​យើង​រាល់​គ្នា​ធ្វើ​ជា​ទាសករ​របស់​ពួក​សាសន៍​នីហ្វៃ គ្រាន់បើ​ជាង​ត្រូវ​នាំសារ​អាករ​ទៅ​ថ្វាយ​ស្ដេច​នៃ​ពួក​សាសន៍​លេមិន​ដែរ។

១៦ហើយ​ឥឡូវ​នេះ ស្ដេច​លិមហៃ​បាន​បញ្ជា​ពួក​អ្នក​យាម​ថា ពួក​គេ​មិន​ត្រូវ​ចង​អាំម៉ូន និង​បង​ប្អូន​លោក​ទៀត​ទេ តែ​ប្រាប់​ឲ្យ​ពួក​គេ​ទៅ​កាន់​ទួល​មួយ​នៅ​ខាង​ជើង​ដែនដី​សៃឡោម ហើយ​នាំ​បង​ប្អូន​របស់​លោក​ចូល​មក​ក្នុង​ទី​ក្រុង ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​បរិភោគ ហើយ​ផឹក ហើយ​សម្រាក​ខ្លួន​ពី​ដំណើរ​ដែល​គេ​បាន​ធ្វើ​មក ព្រោះ​ពួក​គេ​បាន​រង​ការ​វេទនា​ជា​ច្រើន ដូច​ជា​ការ​ស្រេក ការ​ឃ្លាន និង​ការ​នឿយហត់។

១៧ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា លុះ​ដល់​ស្អែក​ឡើង ស្ដេច​លិមហៃ​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ដល់​គ្រប់​ប្រជាជន​ទ្រង់ ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​មក​ជួបជុំ​គ្នា​ឯ​ព្រះ​វិហារ​បរិសុទ្ធ ដើម្បី​ស្ដាប់​ពាក្យ​ទាំង​ឡាយ​ដែល​ទ្រង់​នឹង​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ។

១៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាលដែល​ប្រជាជន​បាន​មក​ជួបជុំ​គ្នា​ហើយ ទើប​ទ្រង់​ថ្លែង​ទៅ​កាន់​ពួក​គេ​យ៉ាង​នេះ​ថា ៖ ឱ​អ្នក​ទាំង​ឡាយ ដែល​ជា​ប្រជាជន​របស់​យើង​អើយ ចូរ​អ្នក​ងើបមុខ​ឡើង ហើយ​បាន​ក្សាន្ត​ចិត្ត​ចុះ ត្បិត​មើល​ចុះ ពេល​វេលា​នៅ​ជិត​ដៃ​បង្កើយ ឬ​នៅ​មិន​យូរប៉ុន្មាន​ទេ កាល​ពួក​យើង​នឹង​ឈប់​នៅ​ក្រោម​បង្គាប់​នៃ​ពួក​ខ្មាំងសត្រូវ​របស់​យើង​រាល់​គ្នា​ទៀត​ហើយ ទោះ​ពួក​យើង​មាន​ការ​តស៊ូ​ជា​ច្រើន​លើក​មក​ហើយ​ក៏​ដោយ គង់តែ​ពុំ​បាន​ប្រយោជន៍​អ្វី​ឡើយ ក៏​ប៉ុន្តែ​យើង​ជឿ​ថា ពួក​យើង​នៅ​មាន​ការ​តស៊ូ​មួយ​ទៀត​ដ៏​មាន​ប្រសិទ្ធ​ភាព។

១៩ហេតុ​ដូច្នេះ​ហើយ ចូរ​អ្នក​រាល់​គ្នា​ងើបមុខ​ឡើង ហើយ​អរ​រីករាយ​ចុះ ហើយ​ដាក់​ទី​ទុក​ចិត្ត​របស់​អ្នក​ទៅ​លើ​ព្រះ គឺ​ទៅ​លើ​ព្រះ​នោះ ដែល​ជា​ព្រះ​នៃ​អ័ប្រាហាំ និង​អ៊ីសាក និង​យ៉ាកុប ហើយ​ជា​ព្រះ​ដែល​បាន​នាំ​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដើរ — ឆ្លង​សមុទ្រ​ក្រហម​ដោយ​ដើរ​លើ​ដី​គោក ហើយ​បាន​ប្រទាន​អាហារ​ដល់​គេ​ដោយ​នំ​ម៉ាន៉ា ដើម្បី​កុំ​ឲ្យ​ពួក​គេ​វិនាស​បង់​នៅ​ក្នុង​ទី​រហោស្ថាន ហើយ​មាន​ការណ៍​ជា​ច្រើន​ទៀត ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​ពួក​គេ។

២០ហើយ​មួយ​ទៀត គឺ​ព្រះ​អង្គ​នោះ​ហើយ ដែល​បាន​នាំ​ពួក​អយ្យកោ​របស់​យើង​ចេញ​ពី​ដែនដី​យេរូសាឡិម ហើយ​បាន​រក្សា​រាស្ត្រ របស់​ទ្រង់​ឲ្យ​គង់​វង់ រហូត​មក​ដល់​ពេល​ឥឡូវ​នេះ ហើយ​មើល​ចុះ ពី​ព្រោះ​តែ​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​យើង រាល់​គ្នា ទើប​ទ្រង់​បាន​នាំ​យើង​ឲ្យ​ធ្លាក់​ទៅ​ក្នុង​សេវក​ភាព។

២១ហើយ​អ្នក​ទាំង​អស់​គ្នា​ធ្វើ​ជា​សាក្សី​នៅ​ថ្ងៃ​នេះ​ថា ស៊ីនិព្វ ដែល​បាន​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្ដេច​នៃ​ប្រជាជន​នេះ ដោយ​មាន​ចិត្ត​ចង់​ទទួល​ដី​របស់​ពួក​អយ្យកោ​លោក​ហួស​ប្រមាណ ទើប​ត្រូវ​បាន​បោក​បញ្ឆោត ដោយ​ឧបាយកល​ដ៏​អាក្រក់​របស់​ស្ដេច​លេមិន ដែល​បាន​ធ្វើ​មេត្រី​ភាព​មួយ​ជាមួយ​នឹង​ស្ដេច​ស៊ីនិព្វ នោះ​បាន​ប្រគល់​ទៅ​ឲ្យ​ពួក​គេ​នូវ​ផ្នែក​នៃ​ដែនដី ឬ​ក៏​ទី​ក្រុង​លីហៃ-នីហ្វៃ ទី​ក្រុង​សៃឡោម និង​ដែនដី​ដែល​នៅ​ព័ទ្ធជុំវិញ —

២២ហើយ​ទ្រង់​ធ្វើ​ការណ៍​ទាំង​អស់​នេះ ដោយ​មាន​គោលបំណង​តែមួយ គឺ​នាំ​ប្រជាជន​នេះ​ឲ្យ​ធ្លាក់​ទៅ​ក្រោម​អំណាច ឬ​ទៅ​ក្នុង​សេវក​ភាព។ ហើយ​មើល​ចុះ នៅ​ពេល​នេះ​ពួក​យើង​ថ្វាយ​សួយសារអាករ​ទៅ​ស្ដេច​របស់​ពួក​សាសន៍​លេមិន​នូវ​ចំនួន​ពាក់​កណ្ដាល នៃ​ពោត​របស់​ពួក​យើង និង​ស្រូវ​របស់​ពួក​យើង ព្រម​ទាំង​ធញ្ញជាតិ​របស់​ពួក​យើង​គ្រប់​មុខ និង​ពាក់​កណ្ដាល​នៃ​ចំនួន​ហ្វូង​ចៀម និង​ហ្វូង​គោ ដែល​ពួក​យើង​ចិញ្ចឹម​បាន ហើយ​គឺ​ទាំង​ពាក់​កណ្ដាល​នៃ​អ្វីៗ​ទាំង​អស់ ដែល​ពួក​យើង​មាន ឬ​បាន នោះ​ស្ដេច​នៃ​ពួក​សាសន៍​លេមិន​ដក​យក​ពី​យើង​ទៅ ឬ​ក៏​យក​ជីវិត​យើង។

២៣ហើយ​ឥឡូវ​នេះ តើ​ការណ៍​នេះ​មិន​ពិបាក​នឹង​ទ្រាំទ្រ​បាន​ទេ​ឬ? ហើយ​ការ​វេទនា​របស់​ពួក​យើង​នេះ តើ​មិន​ធំ​ហួស​ប្រមាណ​ទេ​ឬ? ឥឡូវ​នេះ មើល​ចុះ ពួក​យើង​មាន​ហេតុផល​ដ៏​ធំ​សម្រាប់​ទួញ​សោក។

២៤មែន​ហើយ យើង​សូម​ប្រាប់​អ្នក​ថា ពួក​យើង​មាន​ហេតុផល​ដ៏​ធំ​ទាំង​ឡាយ​សម្រាប់​ទួញ​សោក ត្បិត​មើល​ចុះ បង​ប្អូន​យើង​ជា​ច្រើន​នាក់​ហើយ​ត្រូវ​បាន​ស្លាប់ ឯ​ឈាម​របស់​គេ​ត្រូវ​ខ្ចាយ​ដោយ​ឥត​ប្រយោជន៍ ហើយ​ការណ៍​អស់​ទាំង​នេះ ក៏​ព្រោះ​តែ​សេចក្ដី​ទុច្ចរិត។

២៥ព្រោះ​បើ​សិន​ជា​ប្រជាជន​នេះ មិន​បាន​ធ្លាក់​ទៅ​ក្នុង​ការ​រំលង​ច្បាប់​ទេ ព្រះ​អម្ចាស់​ទ្រង់​ក៏​មិន​ទ្រាំ​ឲ្យ​អំពើ​អាក្រក់​ដ៏​ធំ​នេះ មក​គ្រប​សង្កត់​គេ​ដែរ។ ប៉ុន្តែ​មើល​ចុះ ពួក​គេ​ពុំ​បាន​ប្រុង​ស្ដាប់​តាម​ព្រះ​បន្ទូល​របស់​ទ្រង់​ឡើយ តែ​មាន​ការ​ទាស់ទែង​គ្នា​ទាំង​ឡាយ​នៅ​ក្នុង​ចំណោម​ពួក​គេ រហូត​ដល់​ពួក​គេ​បាន​កំចាយ​ឈាម​នៅ​ក្នុង​ចំណោម​គ្នា​ឯង​ទៅ​វិញ។

២៦ហើយ​ពួក​គេ​បាន​សម្លាប់​ព្យាការី​នៃ​ព្រះ​អម្ចាស់​ម្នាក់ មែន​ហើយ គឺជា​អ្នក​សំណប់​នៃ​ព្រះ​ដែល​បាន​រើស បុរស​នោះ​បាន​ប្រាប់​គេ​អំពី​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​គេ ហើយ​បាន​ព្យាករ​អំពី​ការណ៍​ជា​ច្រើន​ដែល​នឹង​កើត​ឡើង មែន​ហើយ រួម​ទាំង​ការ​យាង​មក​នៃ​ព្រះ​គ្រីស្ទ​ផង។

២៧ហើយ​ពី​ព្រោះ​លោក​បាន​និយាយ​ប្រាប់​គេ​ថា ព្រះ​គ្រីស្ទ គឺជា​ព្រះ ជា​ព្រះ​វរបិតា​នៃ​វត្ថុ​ទាំង​អស់ ហើយ​បាន​និយាយ​ថា ទ្រង់​នឹង​យក​រូប​កាយ​ជា​មនុស្ស គឺជា​រូបរាង​តាម​ដែល​មនុស្ស​ត្រូវ​បាន​បង្កើត​ឡើង​ពី​ដំបូង​មក ឬ​និយាយ​ម្យ៉ាង​ទៀត លោក​បាន​និយាយ​ថា មនុស្ស ត្រូវ​បាន​បង្កើត​ឡើង​តាម​រូបរាង​នៃ​ព្រះ ហើយ​ថា ព្រះ​នឹង​យាង​ចុះ​មក​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស ហើយ​មាន​សាច់ឈាម ហើយ​ដើរ​នៅ​លើ​ផ្ទៃ​ផែនដី —

២៨ហើយ​ឥឡូវ​នេះ ពី​ព្រោះ​លាក​បាន​និយាយ​យ៉ាង​នេះ នោះ​ពួក​គេ​បាន​សម្លាប់​លោក​ចោល ហើយ​ពួក​គេ​បាន​ធ្វើ​អំពើ​ជា​ច្រើន​ទៀត ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ពិរោធ​នៃ​ព្រះ​មក​លើ​គេ។ ហេតុ​ដូច្នេះ​ហើយ តើ​មាន​អ្នក​ណា​ងឿងឆ្ងល់​ទៀត​ថា ហេតុ​អ្វី​បាន​ជា​ពួក​គេ​ធ្លាក់​ទៅ​ក្នុង​សេវក​ភាព ហើយ​ត្រូវ​វាយ​ដោយ​សេចក្ដី​ទុក្ខ​វេទនា​ដ៏​ឈឺ​ចាប់​ដូច្នេះ?

២៩ត្បិត​មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ យើង​នឹង​ពុំ​ជួយសង្គ្រោះ​រាស្ត្រ​យើង នៅ​ថ្ងៃ​ដែល​គេ​ធ្វើ​អំពើ​បាប​ឡើយ តែ​យើង​នឹង​ឃាំង​ផ្លូវ​កុំ​ឲ្យ​គេ​រីក​ចម្រើន​បាន ហើយ​អ្វី​ដែល​គេ​ធ្វើ​នោះ​នឹង​ក្លាយ​ទៅ​ជា​ថ្ម​ជំពប់​ចំពោះ​ពួក​គេ​វិញ។

៣០ហើយ​មួយ​ទៀត ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ បើ​សិន​ជា​រាស្ត្រ​យើង​សាប​ព្រោះ​អំពើ​ស្មោក​គ្រោក ពួក​គេ​នឹង​ច្រូតកាត់​បាន​អង្កាម​ដែល​នៅ​ក្នុង​ខ្យល់​កួច ឯ​លទ្ធផល​ដែល​បាន​មក​គឺជា​ពិស។

៣១ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៀត​ថា ៖ បើ​សិន​ជា​រាស្ត្រ​យើង​សាប​ព្រោះ​អំពើ​ស្មោក​គ្រោក ពួក​គេ​នឹង​ច្រូតកាត់​ខ្យល់​ពី​ទិស​ខាង​កើត ដែល​នាំ​មក​នូវ​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ទាន់ហន់។

៣២ហើយ​ឥឡូវ​នេះ មើល​ចុះ សេចក្ដី​សន្យា​របស់​ព្រះ​អម្ចាស់​ត្រូវ​បាន​បំពេញ​ហើយ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​បាន​វាយ ហើយ​រង​ទុក្ខ​វេទនា។

៣៣ប៉ុន្តែ បើ​សិន​ជា​អ្នក​រាល់​គ្នា​បែរ​ត្រឡប់​មក​រក​ព្រះ​អម្ចាស់​ដោយ​ស្មោះ​ពី​ចិត្ត ហើយ​ដាក់​ទី​ទុក​ចិត្ត​របស់​អ្នក​ទៅ​លើ​ទ្រង់ ហើយ​បម្រើ​ទ្រង់​ឲ្យ​អស់​ពី​ការ​ព្យាយាម​នៃ​គំនិត​វិញ បើ​សិន​ជា​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​នេះ ទ្រង់​នឹង​ដោះ​លែង​អ្នក​ឲ្យ​រួច​ផុត​ពី​សេវក​ភាព ស្រប​តាម​បំណង និង​ព្រះ​ហឫទ័យ​របស់​ទ្រង់៕