គម្ពីរម៉ូសាយ
ជំពូកទី ១
ស្ដេចបេនយ៉ាមីនបង្រៀនបុត្រាទាំងឡាយរបស់ទ្រង់នូវភាសា និងពាក្យព្យាករណ៍នៃពួកអយ្យកោរបស់គេ — សាសនា និងអារ្យធម៌របស់គេត្រូវបានរក្សាទុក ដោយសារបញ្ជីទាំងឡាយត្រូវបានកត់ទុកនៅលើផ្ទាំងនានា — ម៉ូសាយត្រូវបានរើសឲ្យធ្វើជាស្ដេច ហើយត្រូវបានប្រគល់ភារកិច្ចឲ្យរក្សាបញ្ជី និងវត្ថុផ្សេងៗទុក។ ប្រមាណជាឆ្នាំ ១៣០–១២៤ ម.គ.ស.។
១ហើយឥឡូវនេះ ឥតមានការទាស់ទែងគ្នាឡើយនៅលើដែនដីសារ៉ាហិមឡាទាំងមូល គឺនៅក្នុងចំណោមប្រជាជនទាំងអស់ ដែលជាប្រជាជនរបស់ស្ដេចបេនយ៉ាមីន ម្ល៉ោះហើយ ទើបស្ដេចបេនយ៉ាមីនមានសេចក្ដីសុខសាន្តតរៀងទៅ រហូតដល់អស់មួយជីវិតទ្រង់ដែលនៅសល់ទាំងប៉ុន្មាន។
២ហើយហេតុការណ៍បានកើតឡើងថា ទ្រង់មានបុត្រាបីនាក់ ដែលទ្រង់ឲ្យនាមថា ម៉ូសាយ និងហេឡូរុម និងហេលេមិន។ ហើយទ្រង់បានឲ្យពួកគេរៀនភាសាទាំងអស់របស់ពួកអយ្យកោទ្រង់ ដើម្បីឲ្យពួកគេអាចបានក្លាយទៅជាមនុស្សដែលប្រកបដោយយោបល់ ហើយដើម្បីឲ្យពួកគេអាចដឹងអំពីពាក្យព្យាករណ៍ទាំងឡាយ ដែលចេញពីមាត់នៃពួកអយ្យកោរបស់គេ ដែលបានប្រទានឲ្យគេដោយព្រះហស្តនៃព្រះអម្ចាស់។
៣ហើយទ្រង់ក៏បានបង្រៀនពួកគេអំពីបញ្ជីទាំងឡាយ ដែលបានចារនៅលើផ្ទាំងលង្ហិនដែរថា ៖ ឱបុត្រារបស់បិតាអើយ បិតាចង់ឲ្យបុត្ររាល់គ្នាចាំថា បើពុំដោយសារផ្ទាំងទាំងនេះ ដែលមានបញ្ជីទាំងនេះ និងព្រះបញ្ញត្តិទាំងនេះទេ យើងច្បាស់ជាត្រូវរងទុក្ខនៅក្នុងភាពល្ងង់ខ្លៅរហូតមកដល់ពេលបច្ចុប្បន្ននេះ ដោយមិនដឹងនូវការអាថ៌កំបាំងទាំងឡាយនៃព្រះសោះឡើយ។
៤ត្បិតលីហៃ ជាអយ្យកោរបស់យើង ពុំអាចចាំនូវគ្រប់ការណ៍អស់ទាំងនេះ ដើម្បីយកមកបង្រៀនដល់កូនចៅរបស់លោកបានទេ លើកលែងតែដោយសារជំនួយរបស់ផ្ទាំងទាំងនេះ ដោយព្រោះលោកបានរៀនជាភាសានៃពួកសាសន៍អេស៊ីព្ទ ហេតុដូច្នេះហើយ ទើបលោកអាចអាននូវចម្លាក់ទាំងនេះបាន ហើយបង្រៀនដល់កូនចៅលោក ដើម្បីឲ្យពួកគេអាចបង្រៀនតទៅកូនចៅរបស់គេទៀត ម្ល៉ោះហើយ ទើបបានបំពេញព្រះបញ្ញត្តិទាំងឡាយនៃព្រះ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
៥ឱបុត្រារបស់បិតាអើយ បិតាសូមប្រាប់ថា បើពុំដោយសារការណ៍ទាំងនេះ ដែលត្រូវបានរក្សាទុកដោយព្រះហស្តនៃព្រះ ដើម្បីឲ្យយើងអាចអាន ហើយយល់នូវការអាថ៌កំបាំងទាំងឡាយរបស់ទ្រង់ ហើយមានព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់នៅចំពោះភ្នែកយើងជានិច្ចនោះទេ នោះពួកអយ្យកោរបស់យើង ច្បាស់ជាចុះអន់ថយក្នុងការឥតជំនឿ ហើយយើងច្បាស់ជាដូចពួកសាសន៍លេមិន ដែលជាបងប្អូនយើងដែរ ដែលពុំដឹងអ្វីអំពីរឿងទាំងនេះសោះ ព្រមទាំងមិនជឿនៅពេលពួកគេត្រូវបានបង្រៀនផង គឺដោយមកពីសណ្ដាប់ទាំងឡាយនៃពួកអយ្យកោរបស់គេ ដែលមិនត្រឹមត្រូវ។
៦ឱបុត្រារបស់បិតាអើយ បិតាចង់ឲ្យបុត្ររាល់គ្នាចាំថាពាក្យទាំងនេះពិត ហើយបញ្ជីទាំងនេះក៏ពិតដែរ។ ហើយមើលចុះ ផ្ទាំងនីហ្វៃដែលមានបញ្ជី និងពាក្យរបស់ពួកអយ្យកោយើង ចាប់ពីពេលដែលគេចាកចេញពីក្រុងយេរូសាឡិមមកដល់ឥឡូវនេះ នោះក៏ពិតដែរ ហើយយើងអាចដឹងអំពីភាពជាក់លាក់នៃវត្ថុទាំងនេះ ពីព្រោះយើងមានវត្ថុទាំងនេះនៅចំពោះភ្នែកយើងហើយ។
៧ហើយឥឡូវនេះ ឱបុត្រារបស់បិតាអើយ បិតាចង់ឲ្យបុត្ររាល់គ្នាចាំថា ត្រូវពិចារណាមើលវត្ថុទាំងនេះដោយព្យាយាម ដើម្បីបុត្រអាចមានប្រយោជន៍ដោយសារវា ហើយបិតាចង់ឲ្យបុត្ររាល់គ្នាកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ដើម្បីឲ្យបុត្ររាល់គ្នាអាចបានចម្រើនឡើងនៅលើដែនដី ស្របតាមសេចក្ដីសន្យាទាំងឡាយ ដែលព្រះអម្ចាស់ទ្រង់បានធ្វើដល់ពួកអយ្យកោរបស់យើង។
៨ហើយស្ដេចបេនយ៉ាមីន ទ្រង់បានបង្រៀនបុត្រារបស់ទ្រង់នូវការណ៍ច្រើនទៀត ដែលពុំបានសរសេរនៅក្នុងសៀវភៅនេះឡើយ។
៩ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីស្ដេចបេនយ៉ាមីន ទ្រង់បានបញ្ចប់នូវការបង្រៀនដល់បុត្រាទ្រង់ហើយ នោះទ្រង់ក៏មានព្រះជន្មចាស់ជរា ហើយទ្រង់បានទតឃើញថា ក្នុងពេលដ៏ខ្លីខាងមុខនេះ ទ្រង់ត្រូវទៅតាមផ្លូវនៃអស់ទាំងផែនដីហើយនោះ ហេតុដូច្នេះហើយ ទើបទ្រង់គិតថា ជាការចាំបាច់ដែលទ្រង់ត្រូវប្រគល់រាជ្យទៅឲ្យបុត្ររបស់ទ្រង់ម្នាក់។
១០ហេតុដូច្នេះហើយ ទើបទ្រង់ឲ្យគេនាំម៉ូសាយមកចំពោះទ្រង់ ហើយនេះជាពាក្យ ដែលទ្រង់មានបន្ទូលទៅកាន់បុត្រថា ៖ បុត្ររបស់បិតាអើយ បិតាចង់ឲ្យបុត្រប្រកាសទូទៅអស់ទាំងដែនដីនេះនៅក្នុងចំណោមអស់ទាំងប្រជាជននេះ ឬប្រជាជនសារ៉ាហិមឡា និងប្រជាជនរបស់ម៉ូសាយដែលរស់នៅលើដែនដី ដើម្បីឲ្យគេប្រមូលគ្នាមក ព្រោះថ្ងៃស្អែកនេះ បិតានឹងប្រកាសប្រាប់ប្រជាជននេះចេញពីមាត់របស់បិតាផ្ទាល់ថា បុត្រគឺជាស្ដេច ហើយជាអ្នកគ្រប់គ្រងប្រជាជននេះ គឺជាប្រជាជនដែលព្រះអម្ចាស់ជាព្រះនៃយើង ទ្រង់បានប្រទានដល់យើង។
១១ហើយម្យ៉ាងទៀត បិតានឹងឲ្យឈ្មោះមួយដល់ប្រជាជននេះ ដើម្បីឲ្យគេអាចញែកចេញពីប្រជាជនទាំងអស់ ដែលព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បាននាំចេញពីដែនដីយេរូសាឡិម ហើយបិតាធ្វើដូច្នេះ ក៏ព្រោះតែពួកគេជាប្រជាជនព្យាយាមកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់។
១២ហើយបិតានឹងឲ្យគេនូវឈ្មោះមួយ ដែលនឹងមិនត្រូវលុបចោលបានឡើយ លើកលែងតែដោយការរំលង។
១៣មែនហើយ ម្យ៉ាងទៀត បិតាប្រាប់ទៅបុត្រថា បើសិនជាប្រជាជនដ៏សំណប់ជាខ្លាំងនៃព្រះអម្ចាស់នេះធ្លាក់ចុះទៅក្នុងការរំលងច្បាប់ ហើយក្លាយទៅជាប្រជាជនទុច្ចរិត ហើយកំផិត នោះព្រះអម្ចាស់ទ្រង់នឹងបោះបង់គេចោល ដើម្បីឲ្យពួកគេក្លាយទៅជាមនុស្សទន់ខ្សោយ ដូចបងប្អូនរបស់គេ ហើយទ្រង់នឹងឈប់ថែរក្សាគេដោយព្រះចេស្ដាដ៏ផ្ទឹមមិនបាន និងអស្ចារ្យរបស់ទ្រង់ ដូចជាទ្រង់បានថែរក្សាពួកអយ្យកោរបស់យើងពីមុនមកដល់សព្វថ្ងៃនេះ។
១៤ព្រោះបិតាប្រាប់បុត្រថា បើសិនជាទ្រង់ពុំបានលូកព្រះហស្តមកថែរក្សាពួកអយ្យកោយើងទេ ពួកគេច្បាស់ជាធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកសាសន៍លេមិនហើយ ហើយទទួលរងគ្រោះចំពោះការស្អប់របស់ពួកគេ។
១៥ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីស្ដេចបេនយ៉ាមីនបានបញ្ចប់ពាក្យទាំងនេះ ទៅកាន់បុត្រទ្រង់ហើយ នោះទ្រង់ក៏បានបង្គាប់បុត្រពីកិច្ចការទាំងអស់នៃព្រះនគរ។
១៦ហើយក្រៅពីនេះទៀត ទ្រង់ក៏បានបង្គាប់បុត្រពីបញ្ជីទាំងឡាយ ដែលចារនៅលើផ្ទាំងលង្ហិន ព្រមទាំងផ្ទាំងនីហ្វៃផង ព្រមទាំងដាវរបស់ឡាបាន់ និងដុំមូល ឬគ្រឿងចង្អុលទិស ដែលបានដឹកនាំពួកអយ្យកោរបស់យើងឆ្លងកាត់ទីរហោស្ថាន ដែលបានរៀបចំឡើងដោយព្រះហស្តនៃព្រះអម្ចាស់ ដើម្បីដោយសារវត្ថុនេះ នោះពួកគេត្រូវបានដឹកនាំតាមការយកចិត្តទុកដាក់ និងការព្យាយាមដែលពួកគេបានធ្វើចំពោះទ្រង់។
១៧ហេតុដូច្នេះហើយ កាលណាគេមិនស្មោះត្រង់ នោះគេពុំបានចម្រើន ឬជឿនលឿន នៅក្នុងដំណើររបស់គេឡើយ តែត្រូវរុញច្រានថយក្រោយវិញ ហើយនាំមកនូវការពុំសព្វព្រះហឫទ័យនៃព្រះមកលើគេ ហេតុដូច្នេះហើយ គេត្រូវវាយដោយអំណត់អត់ និងសេចក្ដីទុក្ខវេទនាដ៏ឈឺចាប់ ដើម្បីដាស់រំជួលគេឲ្យនឹកចាំដល់ករណីយកិច្ចរបស់គេ។
១៨ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ម៉ូសាយបានទៅធ្វើ ដូចបិតាលោកបានបញ្ជាដល់លោក ហើយបានប្រកាសប្រាប់ប្រជាជនទាំងអស់ ដែលនៅលើដែនដីសារ៉ាហិមឡា ឲ្យមកជួបជុំគ្នាដើម្បីឲ្យគេអាចឡើងទៅឯព្រះវិហារបរិសុទ្ធ ដើម្បីទៅស្ដាប់ពាក្យទាំងឡាយ ដែលបិតាលោកនឹងមានបន្ទូលទៅកាន់ពួកគេ៕