ជំពូកទី ២
មរមនដឹកនាំពលទ័ពសាសន៍នីហ្វៃ — ការខ្ចាយឈាម និងការកាប់សម្លាប់មានពាសពេញទូទៅទាំងដែនដី — ពួកសាសន៍នីហ្វៃទួញយំសោកដោយសេចក្ដីទុក្ខនៃជនដែលជាប់ទោស — ថ្ងៃនៃព្រះគុណបានកន្លងផុតទៅហើយ — មរមនយកផ្ទាំងនីហ្វៃ — សង្គ្រាមទាំងឡាយបន្តទៅ។ ប្រមាណជាឆ្នាំ ៣២៧–៣៥០ គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំដដែលនោះ មានសង្គ្រាមមួយបានចាប់ផ្ដើមឡើងជាថ្មីទៀតរវាងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន។ ហើយទោះជាខ្ញុំនៅក្មេងក៏ដោយ គង់តែខ្ញុំមានមាឌធំដែរ ហេតុដូច្នេះហើយ ប្រជាជននីហ្វៃបានតែងតាំងខ្ញុំឲ្យធ្វើជាមេដឹកនាំរបស់ពួកគេ ឬក៏ជាមេដឹកនាំនៃពលទ័ពរបស់ពួកគេ។
២ហេតុដូច្នេះហើយ ហេតុការណ៍បានកើតឡើងថា នៅពេលខ្ញុំមានអាយុដប់ប្រាំមួយឆ្នាំ ខ្ញុំបានដឹកនាំពួកនីហ្វៃមួយកងប្រឆាំងនឹងទ័ពលេមិន ហេតុដូច្នេះហើយ បីរយម្ភៃប្រាំមួយឆ្នាំបានកន្លងផុតទៅ។
៣ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំទីបីរយម្ភៃប្រាំពីរ នោះពួកលេមិនបានមកវាយប្រហារពួកយើង ដោយកម្លាំងដ៏ខ្លាំងលើសលប់ ដរាបដល់ពួកគេបានធ្វើឲ្យពលទ័ពរបស់ខ្ញុំភិតភ័យ ហេតុដូច្នេះហើយ ពួកគេមិនព្រមប្រយុទ្ធ ហើយពួកគេបានចាប់ផ្ដើមដកថយឆ្ពោះទៅដែនដីខាងជើងទាំងឡាយ។
៤ហើយហេតុការណ៍បានកើតឡើងថា ពួកយើងបានមកដល់ទីក្រុងអង់កូឡា ហើយពួកយើងយកបានទីក្រុងនោះ ហើយធ្វើការរៀបចំការពារខ្លួនប្រឆាំងនឹងទ័ពលេមិន។ ហើយហេតុការណ៍បានកើតឡើងថា ពួកយើងបានពង្រឹងទីក្រុងនោះ ដោយសមត្ថភាពរបស់យើង ប៉ុន្តែទោះជាមានការពង្រឹងរបស់យើងអស់ទាំងនេះក្ដី គង់តែទ័ពលេមិនបានមកវាយប្រហារយើង ហើយបានរុញច្រានពួកយើងចេញពីទីក្រុងដែរ។
៥ហើយពួកគេថែមទាំងបានរុញច្រានពួកយើងផុតពីដែនដីដាវីឌទៀត។
៦ហើយពួកយើងបានដើរឆ្ពោះទៅមុខ ហើយបានមកដល់ដែនដីយ៉ូស្វេ ដែលនៅក្នុងព្រំប្រទល់ខាងលិចជិតឆ្នេរសមុទ្រ។
៧ហើយហេតុការណ៍បានកើតឡើងថា ពួកយើងបានប្រមូលប្រជាជនយើងយ៉ាងឆាប់រហ័ស ដែលអាចធ្វើបានប្រយោជន៍ឲ្យពួកយើងអាច ប្រមូលពួកគេមកជាក្រុមមួយ។
៨ប៉ុន្តែមើលចុះ ដែនដីនោះពោរពេញទៅដោយពួកចោរ និងពួកសាសន៍លេមិន ហើយទោះជាមានការបំផ្លិចបំផ្លាញដ៏មហិមា ព្យួរនៅខាងលើប្រជាជនខ្ញុំក្ដី គង់តែពួកគេពុំប្រែចិត្តអំពីអំពើអាក្រក់របស់ពួកគេទេ ហេតុដូច្នេះហើយ ទើបមានការខ្ចាយឈាម និងការកាប់សម្លាប់ពាសពេញទូទៅទាំងផ្ទៃដែនដី ទាំងខាងពួកសាសន៍នីហ្វៃ និងខាងពួកសាសន៍លេមិនផង ហើយនោះគឺជាការច្របូកច្របល់ដ៏ពេញទំហឹងមួយទូទៅលើផ្ទៃដែនដីទាំងមូល។
៩ហើយឥឡូវនេះ ពួកសាសន៍លេមិនមានស្ដេចមួយ ហើយនាមរបស់ទ្រង់គឺ អើរ៉ុន ហើយទ្រង់បានមកច្បាំងនឹងពួកយើងដោយមានកងទ័ពមួយ ដែលមានគ្នាចំនួនបួនម៉ឺនបួនពាន់នាក់។ ហើយមើលចុះ ខ្ញុំតតាំងនឹងទ្រង់ជាមួយនឹងទ័ពបួនម៉ឺនពីរពាន់នាក់។ ហើយហេតុការណ៍ បានកើតឡើងថា ខ្ញុំមានជ័យជម្នះលើទ្រង់ជាមួយនឹងកងទ័ពរបស់ខ្ញុំ ធ្វើឲ្យទ្រង់រត់គេចចេញពីខ្ញុំទៅ។ ហើយមើលចុះ ការណ៍អស់ទាំងនេះបានកើតឡើង ហើយបីរយសាមសិបឆ្នាំបានកន្លងផុតទៅ។
១០ហើយហេតុការណ៍បានកើតឡើងថា ពួកសាសន៍នីហ្វៃបានចាប់ផ្ដើមប្រែចិត្ត អំពីអំពើទុច្ចរិតរបស់ខ្លួន ហើយបានចាប់ផ្ដើមយំត្អូញដូចដែលសាំយូអែល ដែលជាព្យាការីបានព្យាករមកដូច្នោះ ត្បិតមើលចុះ គ្មានអ្នកណាម្នាក់អាចរក្សាទុកនូវអ្វីដែលជារបស់ផងខ្លួនបានឡើយ ព្រោះតែពួកចោរលួច និងចោរប្លន់ និងពួកឃាតករ និងមន្តអាគម និងអំពើដែលនៅក្នុងដែនដី។
១១ម្ល៉ោះហើយ ក៏ចាប់ផ្ដើមមានការទួញសោក និងទុក្ខព្រួយនៅលើដែនដីទាំងមូល ដោយសារការណ៍ទាំងនេះ ហើយជាពិសេសទៅទៀត គឺនៅក្នុងចំណោមប្រជាជននីហ្វៃ។
១២ហើយហេតុការណ៍បានកើតឡើងថា កាលខ្ញុំមរមន បានឃើញសេចក្ដីទុក្ខព្រួយ និងសេចក្ដីទួញសោក និងសេចក្ដីព្រួយរបស់ពួកគេនៅចំពោះព្រះអម្ចាស់ដូច្នោះ ខ្ញុំក៏ចាប់ផ្ដើមអររីករាយនៅក្នុងចិត្តដោយដឹងនូវសេចក្ដីមេត្តាករុណាទាំងឡាយ និងសេចក្ដីអត់ធ្មត់នៃព្រះអម្ចាស់ ហេតុដូច្នេះហើយ ដោយសន្និដ្ឋានថា ទ្រង់នឹងមេត្តាដល់ពួកគេប្រយោជន៍ឲ្យពួកគេក្លាយទៅជាប្រជាជនសុចរិតវិញ។
១៣ប៉ុន្តែមើលចុះ សេចក្ដីអំណររបស់ខ្ញុំនេះបែរទៅជាអសារឥតការទៅវិញ ត្បិតសេចក្ដីទុក្ខសោករបស់ពួកគេពុំនាំទៅរកសេចក្ដីប្រែចិត្ត ដោយសារសេចក្ដីល្អសប្បុរសនៃព្រះនោះឡើយ ប៉ុន្តែវាជាសេចក្ដីទុក្ខព្រួយរបស់អ្នកជាប់ទោស ពីព្រោះព្រះអម្ចាស់ទ្រង់ពុំទ្រាំឲ្យពួកគេមានសុភមង្គលក្នុងអំពើបាបសោះ។
១៤ហើយពួកគេពុំមករកព្រះយេស៊ូវ ដោយមានចិត្តសង្រេង និងវិញ្ញាណទន់ទាបឡើយ ប៉ុន្តែពួកគេបានប្រទេចផ្ដាសាដល់ព្រះ ហើយចង់ស្លាប់ទៅវិញ។ ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេប្រយុទ្ធដោយដាវដើម្បីជីវិតពួកគេដែរ។
១៥ហើយហេតុការណ៍បានកើតឡើងថា សេចក្ដីព្រួយរបស់ខ្ញុំ វិលមកកាន់ខ្ញុំវិញ ហើយខ្ញុំបានឃើញថា ថ្ងៃនៃព្រះគុណសម្រាប់ពួកគេ បានកន្លងផុតហើយ ទាំងខាងឯសាច់ឈាម និងទាំងខាងឯវិញ្ញាណផង ត្បិតខ្ញុំបានឃើញពួកគេរាប់ពាន់នាក់ ត្រូវកាប់រំលំនៅក្នុងការបះបោរយ៉ាងចេញមុខទាស់នឹងព្រះរបស់ពួកគេ ហើយគរដូចជាអាចម៍សត្វនៅលើផ្ទៃដែនដី។ ម្ល៉ោះហើយ បីរយសែសិបបួនឆ្នាំបានកន្លងផុតទៅ។
១៦ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំទីបីរយសែសិបប្រាំ នោះពួកសាសន៍នីហ្វៃបានចាប់ផ្ដើមរត់គេចពីពួកសាសន៍លេមិន ហើយពួកគេត្រូវដេញតាមរហូតដល់ពួកគេមកដល់ដែនដីយ៉ាសុន ទើបអាចបញ្ឈប់ការដកថយរបស់ពួកគេបាន។
១៧ហើយឥឡូវនេះ ទីក្រុងយ៉ាសុននៅជិតដែនដី ដែលអាំម៉ារ៉ុនបានកប់បញ្ជីទាំងឡាយថ្វាយព្រះអម្ចាស់ដើម្បីកុំឲ្យត្រូវបំផ្លាញចោល។ ហើយមើលចុះ ខ្ញុំបានទៅតាមពាក្យរបស់អាំម៉ារ៉ុន ហើយយកផ្ទាំងនីហ្វៃ ហើយបានធ្វើបញ្ជីមួយ ស្របតាមពាក្យរបស់អាំម៉ារ៉ុន។
១៨ហើយនៅលើផ្ទាំងនីហ្វៃ នោះខ្ញុំបានធ្វើការរៀបរាប់នូវដំណើររឿងដ៏ពោរពេញ អំពីអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងអស់ ប៉ុន្តែនៅលើផ្ទាំងទាំងនេះ ខ្ញុំពុំរៀបរាប់នូវដំណើររឿងដ៏ពោរពេញអំពីអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់ពួកគេទេ ត្បិតមើលចុះ ឆាកអំពីអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយកើតឡើងចំពោះភ្នែកខ្ញុំមិនឈប់ឈរ ចាប់តាំងពីខ្ញុំដឹងក្ដីល្មម ហើយមើលឃើញអំពើទាំងឡាយរបស់មនុស្ស។
១៩ហើយវេទនាដល់ខ្ញុំ ពីព្រោះមកពីអំពើទុច្ចរិតរបស់ពួកគេ ត្បិតដួងចិត្តខ្ញុំត្រូវពោរពេញទៅដោយសេចក្ដីព្រួយ ពីព្រោះមកពីអំពើទុច្ចរិតរបស់ពួកគេអស់មួយជីវិតខ្ញុំ ទោះជាយ៉ាងណាក៏ដោយ គង់តែខ្ញុំដឹងថា ខ្ញុំនឹងត្រូវបានតម្កើងឡើងនៅថ្ងៃចុងក្រោយបង្អស់ដែរ។
២០ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំនេះ ប្រជាជននីហ្វៃត្រូវគេដេញ ហើយត្រូវរុញច្រានជាថ្មីទៀត។ ហើយហេតុការណ៍បានកើតឡើងថា ពួកយើងត្រូវគេរុញច្រាន រហូតដល់ពួកយើងមកខាងជើងដល់ដែនដីដែលគេហៅថា សិម។
២១ហើយហេតុការណ៍បានកើតឡើងថា ពួកយើងបានពង្រឹងទីក្រុងសិម ហើយពួកយើងបានប្រមូលប្រជាជនយើងជាច្រើន ដែលអាចធ្វើបានដើម្បីក្រែងពួកយើងអាចសង្គ្រោះពួកគេ ពីសេចក្ដីបំផ្លិចបំផ្លាញបាន។
២២ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំទីបីរយសែសិបប្រាំមួយ នោះពួកគេបានចាប់ផ្ដើមមកវាយប្រហារពួកយើងទៀត។
២៣ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបាននិយាយទៅកាន់ប្រជាជនខ្ញុំ ហើយបានដាស់តឿនពួកគេយ៉ាងខ្លាំងថា ពួកគេត្រូវឈរយ៉ាងក្លាហានប្រឆាំងនឹងពួកសាសន៍លេមិន ហើយប្រយុទ្ធ ដើម្បីការពារប្រពន្ធរបស់គេ និងកូនចៅរបស់គេ និងគ្រួសាររបស់គេ និងផ្ទះ សំបែងរបស់គេ។
២៤ហើយពាក្យពេចន៍របស់ខ្ញុំ បានដាស់ឲ្យពួកគេមានសេចក្ដីក្លាហានបន្តិចឡើង ដរាបដល់ធ្វើឲ្យពួកគេពុំរត់គេចចេញពីទ័ពលេមិនឡើយ តែបានឈរយ៉ាងក្លាហានប្រឆាំងនឹងពួកគេវិញ។
២៥ហើយហេតុការណ៍បានកើតឡើងថា ពួកយើងបានយកទ័ពចំនួនបីម៉ឺននាក់ទៅប្រយុទ្ធនឹងកងទ័ពចំនួនប្រាំម៉ឺននាក់។ ហើយហេតុការណ៍បានកើតឡើងថា ពួកយើងបានតតាំងនឹងពួកគេយ៉ាងម៉ឺងម៉ាត់ រហូតដល់ធ្វើឲ្យពួកគេបានរត់គេចចេញពីពួកយើងទៅ។
២៦ហើយហេតុការណ៍បានកើតឡើងថា កាលពួកគេបានរត់គេចចេញទៅ នោះពួកយើងបានដេញតាមគេដោយពលទ័ពរបស់យើង ហើយបានជួបពួកគេទៀត ហើយបានវាយឈ្នះពួកគេ ទោះជាយ៉ាងណាក៏ដោយ គង់តែកម្លាំងនៃព្រះអម្ចាស់ ពុំបាននៅជាមួយនឹងពួកយើង ទេ មែនហើយ ពួកយើងត្រូវបានទុកឲ្យនៅតែឯង គឺព្រះវិញ្ញាណនៃព្រះអម្ចាស់ មិនបានស្ថិតនៅក្នុងយើងឡើយ ហេតុដូច្នេះហើយ ពួកយើងបានក្លាយទៅជាខ្សោយ ដូចពួកបងប្អូនទាំងឡាយរបស់យើងដែរ។
២៧ហើយចិត្តខ្ញុំព្រួយ ពីព្រោះមកពីគ្រោះអាសន្នដ៏ធំនេះនៃប្រជាជនខ្ញុំ គឺពីព្រោះមកពីអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់គេ។ ប៉ុន្តែមើលចុះ ពួកយើងបានទៅច្បាំងនឹងពួកសាសន៍លេមិន និងពួកចោរកាឌីអានតុន រហូតដល់ពួកយើងយកដែនដីនៃកេរ្តិ៍អាកររបស់យើងបានមកវិញ។
២៨ហើយឆ្នាំទីបីរយសែសិបប្រាំបួនបានកន្លងផុតទៅ។ ហើយនៅក្នុងឆ្នាំទីបីរយហាសិប នោះពួកយើងបានចុះមេត្រីភាពមួយជាមួយនឹងពួកសាសន៍លេមិន និងពួកចោរកាឌីអានតុន នៅក្នុងនោះ ពួកយើងបានយកដែនដីកេរ្តិ៍អាករមកចែក។
២៩ហើយពួកសាសន៍លេមិន បានឲ្យយើងដែនដីខាងជើង មែនហើយ ទៅដល់ចន្លោះតូច ដែលនាំទៅឯដែនដីខាងត្បូង។ ហើយពួកយើងបានឲ្យទៅពួកសាសន៍លេមិន ដែនដីខាងត្បូងទាំងអស់៕