ព្រះគម្ពីរ
យ៉ារ៉ុម 1


គម្ពីរ​យ៉ារ៉ុម

ជំពូក​ទី ១

ពួក​សាសន៍​នីហ្វៃ​កាន់​តាម​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ, ទន្ទឹង​ចាំ​ការ​យាង​មក​នៃ​ព្រះ​គ្រីស្ទ, ហើយ​បាន​ចម្រើន​ឡើង​នៅ​លើ​ដែនដី — ព្យាការី​ជា​ច្រើន​ខិតខំ​ធ្វើ​ការ ដើម្បី​រក្សា​ប្រជាជន​ឲ្យ​នៅ​ក្នុង​ផ្លូវ​ដ៏​ពិត។ ប្រមាណ​ជា​ឆ្នាំ ៣៩៩–៣៦១ ម.គ.ស.។

ឥឡូវ​នេះ មើល​ចុះ ខ្ញុំ យ៉ារ៉ុម នឹង​សរសេរ​ពាក្យ​ខ្លះ ស្រប​តាម​បញ្ជា​ពី​ឪពុក​ខ្ញុំ គឺ​អេណុស ដើម្បី​ឲ្យ​ពង្សាវតារ​របស់​យើង​អាច​បាន​កត់​ទុក។

ហើយ​ដោយ​ផ្ទាំង​ទាំង​នេះ​តូច​ពេក ហើយ​ដោយ​រឿង​ទាំង​នេះ​ត្រូវ​បាន​សរសេរ ដើម្បី​ទុកជា​ប្រយោជន៍​ដល់​បង​ប្អូន​យើង គឺ​ពួក​សាសន៍​លេមិន នោះ​ខ្ញុំ​ត្រូវ​ការ​សរសេរ​បន្តិចបន្តួច ប៉ុន្តែ​ខ្ញុំ​មិន​សរសេរ​អំពី​រឿង​នៃ​ការ​ព្យាករណ៍​ដែល​ខ្ញុំ​ព្យាករ ឬ​អំពី​រឿង​នៃ​វិវរណៈ​ទាំង​ឡាយ​របស់​ខ្ញុំ​ទេ។ ត្បិត​តើ​ខ្ញុំ​អាច​សរសេរ​លើស​ជាង​អ្វី​ដែល​ពួក​អយ្យកោ​ខ្ញុំ​បាន​សរសេរ​នោះ? ត្បិត​តើ​ពួក​អយ្យកោ​របស់​ខ្ញុំ​មិន​ទាន់​បាន​បើក​សម្ដែង​ប្រាប់​នូវ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​រួច​ហើយ​ទេ​ឬ​អី? ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា ៖ មែន​ហើយ ហើយ​ការណ៍​នេះ ល្មម​គ្រប់​គ្រាន់​សម្រាប់​ខ្ញុំ​ហើយ។

មើល​ចុះ ជា​ការ​ចាំ​បាច់​ថា ត្រូវ​មាន​ការណ៍​ច្រើន​ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ចំណោម​ប្រជាជន​នេះ ពី​ព្រោះ​មក​ពី​ភាព​រឹងរូស​នៃ​ចិត្ត​របស់​គេ ភាព​ថ្លង់​នៃ​ត្រចៀក​របស់​គេ ភាព​ងងឹតងងល់​នៃ​គំនិត​របស់​គេ និង​ក​រឹង​របស់​គេ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ព្រះ​ទ្រង់​មាន​សេចក្ដី​មេត្តាករុណា​ជា​អតិបរមា​ដល់​គេ​ដែរ ហើយ​ពុំ​ទាន់​បោស​ជំរះ​គេ​ចេញ​ពី​ផ្ទៃ​ដី​នេះ​នៅ​ឡើយ។

ហើយ​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ចំណោម​ពួក​យើង ដែល​មាន​វិវរណៈ​ជា​ច្រើន ព្រោះ​ពួក​គេ​ពុំ​មែន​ជា​មនុស្ស​រឹងរូស​ឡើយ ហើយ​អស់​អ្នក​ណា​ដែល​មិន​ធ្វើ​ចិត្ត​រឹងរូស តែ​មាន​សេចក្ដី​ជំនឿ​វិញ នោះ​មាន​សេចក្ដី​រួបរួម​គ្នា​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺ​ដែល​សម្ដែង​ឲ្យ​កូន​ចៅ​មនុស្ស​ឃើញ ស្រប​តាម​សេចក្ដី​ជំនឿ​របស់​គេ។

ហើយ​ឥឡូវ​នេះ មើល​ចុះ ពីរ​រយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ឯ​ប្រជាជន​នីហ្វៃ​បាន​ទៅ​ជា​ខ្លាំង​ពូកែ នៅ​ក្នុង​ដែនដី។ ពួក​គេ​បាន​គោរព​តាម​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ ហើយ​ញែក​ថ្ងៃ​ឈប់​សម្រាក ទុកជា​ថ្ងៃ​បរិសុទ្ធ​ថ្វាយ​ព្រះ​អម្ចាស់។ ហើយ​ពួក​គេ​មិន​ជេរ ឬ​ក៏​ពោល​ពាក្យ ប្រមាថ​ព្រះ​ឡើយ។ ឯ​ច្បាប់​ដែនដី​ក៏​តឹង​រឹង​ណាស់។

ហើយ​ពួក​គេ​រស់នៅ​ពាស​ពេញ​លើ​ផ្ទៃ​ដី​ជា​ច្រើន ឯ​ពួក​សាសន៍​លេមិន​ក៏​ដូច្នោះ​ដែរ។ ឯ​ពួក​គេ​មាន​ចំនួន​លើស​ច្រើន​ជាង​ពួក​សាសន៍​នីហ្វៃ ហើយ​ពួក​គេ​ចូល​ចិត្ត​ប្រព្រឹត្ត​ការ​កាប់​សម្លាប់ ហើយ​ហុតឈាម​សត្វ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​មក​ធ្វើ​ចម្បាំង​នឹង​យើង ជា​សាសន៍​នីហ្វៃ ជា​ច្រើន​លើក​ច្រើន​គ្រា។ ប៉ុន្តែ​ពួក​ស្ដេច និង​ពួក​មេដឹកនាំ​របស់​យើង សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​អម្ចាស់ ហើយ​ពួក​គេ​បាន​បង្រៀន​ប្រជាជន​អំពី​ផ្លូវ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ហេតុ​ដូច្នោះ​ហើយ ទើប​យើង​ទប់​ទល់​នឹង​ពួក​សាសន៍​លេមិន​បាន ហើយ​បាន​បោស​ជំរះ​ពួក​គេ​ចេញ​ពី​ដែនដី​យើង​ផង ហើយ​បាន​ចាប់​ផ្ដើម​បង្កើន​កម្លាំង​ដល់​ទី​ក្រុង​របស់​យើង ឬ​ទីណា​ដែល​ជា​ដី​កេរ្តិ៍​អាករ​របស់​យើង។

ហើយ​យើង​បាន​កើន​ចំនួន​ជា​ច្រើន ហើយ​បាន​រាល​ពាស​ពេញ​លើ​ផ្ទៃ​ដែនដី ហើយ​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ដ៏​លើសលប់ គឺ​មាន​មាស ហើយ​មាន​ប្រាក់ និង​វត្ថុ​មាន​តម្លៃ និង​ឈើ​ក្បាច់ និង​អគារ និង​គ្រឿង​ម៉ាស៊ីន និង​ដែក និង​ស្ពាន់​ផង​ដែរ និង​លង្ហិន និង​ដែកថែប​ជា​ច្រើន ដែល​យើង​យក​មក​ធ្វើ​ជា​គ្រឿង​ឧបករណ៍​គ្រប់​យ៉ាង​សម្រាប់​ភ្ជួរ​ដី ព្រម​ទាំង​ធ្វើ​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​ទាំង​ឡាយ — មែន​ហើយ ដូច​ជា​ព្រួញ​ស្រួច និង​បំពង់​ដាក់​ព្រួញ និង​ស្ន និង​លំពែង និង​អស់​ទាំង​ការ​រៀបចំ​គ្រប់​មុខ​សម្រាប់​ធ្វើ​សង្គ្រាម។

ហើយ​យើង​បាន​រៀបចំ​ចាំ​ទប់​ទល់​នឹង​ពួក​សាសន៍​លេមិន​យ៉ាង​ដូច្នោះ​ហើយ ទើប​ពួក​គេ​មិន​បាន​ចម្រើន​ឡើង​លើស​យើង​ឡើយ។ ប៉ុន្តែ​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់​ត្រូវ​បាន​បញ្ជាក់ ដែល​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ពួក​អយ្យកោ​យើង​ពីមុន​ថា ៖ ដរាបណា​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ចម្រើន​ឡើង​នៅ​លើ​ដែនដី។

១០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​ព្យាការី​នៃ​ព្រះ​អម្ចាស់​បាន​ព្រមាន​ប្រជាជន​នីហ្វៃ​ស្រប​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​ថា បើ​សិន​ជា​ពួក​គេ​ពុំ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​ទេ តែ​ធ្លាក់​ទៅ​ក្នុង​ការ​រំលង​វិញ នោះ​ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ឲ្យ​ផុត​ពី​ផ្ទៃ​ដី។

១១ហេតុ​ដូច្នោះ​ហើយ ពួក​ព្យាការី និង​ពួក​សង្ឃ និង​ពួក​គ្រូ​ប្រដៅ បាន​ខិតខំ​ធ្វើ​ការ ដោយ​ដាស់តឿន​អស់​ពី​ការ​អត់ធ្មត់​ឲ្យ​ប្រជាជន​មាន​ការ​ព្យាយាម ដោយ​បង្រៀន​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ និង​បំណង​ដែល​ក្រឹត្យ​វិន័យ​នេះ​បាន​ចែង​មក ដោយ​បញ្ចុះ​បញ្ចូល​ពួក​គេ​ឲ្យ​ទន្ទឹង​ចាំ​ព្រះ​មែស៊ី ហើយ​ឲ្យ​ជឿ​ដល់​ទ្រង់​ដែល​នឹង​យាង​មក ហាក់​ដូច​ជា​ទ្រង់​បាន​យាង​មក​រួច​ហើយ​ដូច្នោះ។ ហើយ​តាម​បែប​នេះ ហើយ​ដែល​ពួក​គេ​បាន​បង្រៀន​ប្រជាជន។

១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ដោយ​ធ្វើ​យ៉ាង​នេះ នោះ​ពួក​គេ​បាន​ការ​ពារ​ប្រជាជន មិន​ឲ្យ​ត្រូវ​បំផ្លាញ​បង់​ពីលើ​ផ្ទៃ​ដី​នេះ​ទៅ ព្រោះ​ពួក​គេ​បាន​ចាក់​ចិត្ត​ប្រជាជន​ដោយ​ពាក្យ​សម្ដី គឺ​ដាស់​រំជួល​ឲ្យ​ប្រជាជន​ប្រែ​ចិត្ត​ជានិច្ច។

១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពីរ​រយ​សាមសិប​ប្រាំបី​ឆ្នាំ​បាន​កន្លង​ផុត — ដោយ​មាន​សង្គ្រាម​ទាំង​ឡាយ និង​ការ​ទាស់​ទែង​គ្នា​ទាំង​ឡាយ និង​ការ​បែកបាក់​គ្នា​ទាំង​ឡាយ​អស់​រយៈ​ពេល​ជា​ច្រើនឆ្នាំ។

១៤ហើយ​ខ្ញុំ យ៉ារ៉ុម ឈប់​សរសេរ​ទៀត​ហើយ ព្រោះ​ផ្ទាំង​ទាំង​នេះ​តូច​ពេក។ ប៉ុន្តែ​មើល​ចុះ ឱ​បង​ប្អូន​របស់​ខ្ញុំ​អើយ អ្នក​រាល់​គ្នា​អាច​ទៅ​រក​ផ្ទាំង​នីហ្វៃ​ផ្សេង​ទៀត ត្បិត​មើល​ចុះ នៅ​លើ​ផ្ទាំង​ទាំង​នោះ​ហើយ ដែល​មាន​បញ្ជី​អំពី​សង្គ្រាម​ទាំង​ឡាយ​នៃ​យើង ស្រប​តាម​ការ​កត់ត្រា​នៃ​ពួក​ស្ដេច ឬ​ពួក​អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​សរសេរ។

១៥ហើយ​ខ្ញុំ​សូម​ប្រគល់​ផ្ទាំង​ទាំង​នេះ​ដល់​ដៃ​អោមណៃ ជា​កូន​ប្រុស​របស់​ខ្ញុំ ដើម្បី​ឲ្យ​ផ្ទាំង​ទាំង​នេះ​ត្រូវ​បាន​កត់​ទុក ស្រប​តាម​បញ្ជា​ទាំង​ឡាយ​ពី​ពួក​អយ្យកោ​ខ្ញុំ៕ :៚