ព្រះគម្ពីរ
យ៉ាកុប 6


ជំពូក​ទី ៦

ព្រះ​អម្ចាស់​ទ្រង់​នឹង​រើស​សាសន៍​អ៊ីស្រាអែល​ឡើង​វិញ នៅ​គ្រា​ចុង​ក្រោយ​បង្អស់ — ពិភពលោក​នឹង​ត្រូវ​ឆេះ​ដោយ​ភ្លើង — មនុស្ស​លោក​ត្រូវ​ដើរ​តាម​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​ចៀសវាង​រួច​ពី​បឹង​ភ្លើង និង​ស្ពាន់ធ័រ។ ប្រមាណ​ជា​ឆ្នាំ ៥៤៤–៤២១ ម.គ.ស.។

ហើយ​ឥឡូវ​នេះ មើល​ចុះ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ ដូច​ជា​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​ព្យាករ មើល​ចុះ នេះ​គឺជា​ពាក្យ​ព្យាករណ៍​របស់​ខ្ញុំ — គឺ​ថា​អ្វីៗ​ដែល​ព្យាការី​ស៊ីណូស បាន​និយាយ​អំពី​វង្ស​អ៊ីស្រាអែល ដោយ​បាន​ប្រៀបធៀប​ពួក​គេ​ទៅ​នឹង​ដើម​អូ​លីវ​ស្រុក នោះ​ប្រាកដជា​នឹង​កើត​ឡើង​មែន។

ហើយ​នៅ​ថ្ងៃ​ដែល​ទ្រង់​នឹង​លូក​ព្រះ​ហស្ត​ទ្រង់​ទៀត​ជា​លើក​ទី​ពីរ ដើម្បី​រើស​រាស្ត្រ​ទ្រង់​ឡើង​វិញ គឺជា​ថ្ងៃ មែន​ហើយ គឺជា​លើក​ចុង​ក្រោយ​បង្អស់ ដែល​ពួក​អ្នក​បម្រើ​នៃ​ព្រះ​អម្ចាស់ នឹង​ចេញ​ទៅ​ថែ​កាត់​លួស​ចម្ការ​របស់​ទ្រង់ ដោយ​នូវ​អំណាច​របស់​ទ្រង់ ហើយ​បន្ទាប់​មក ទើប​ទី​បញ្ចប់​នឹង​មក​ដល់។

ហើយ​មាន​ពរ​ហើយ ដល់​ពួក​អ្នក​ណា​ដែល​បាន​ធ្វើ​ការ​យ៉ាង​ព្យាយាម​នៅ​ក្នុង​ចម្ការ​របស់​ទ្រង់ តែ​ត្រូវ​បណ្ដាសា​ហើយ ដល់​ពួក​អ្នក​ណា​ដែល​នឹង​ត្រូវ​បាន​បណ្ដេញ​ចេញ​ទៅ​ក្នុង​កន្លែង​ផ្ទាល់​របស់​ពួក​គេ​វិញ! ឯ​ពិភពលោក​នឹង​ត្រូវ​ឆេះ​ដោយ​ភ្លើង។

ហើយ​ឱ​ព្រះ​នៃ​យើង ទ្រង់​មាន​សេចក្ដី​មេត្តាករុណា​ដល់​យើង​ដ៏​ម្ល៉េះ ត្បិត​ទ្រង់​នឹក​ចាំ​ដល់​វង្ស​អ៊ីស្រាអែល ទាំង​ឫស និង​មែក​ផង ហើយ​ទ្រង់​លូក​ព្រះ​ហស្ត​ទ្រង់​ទៅ​រក​ពួក​គេ​អស់​ទាំង​ថ្ងៃ តែ​ពួក​គេ​ជា​មនុស្ស​រឹងរូស ហើយ​ចូល​ចិត្ត​និយាយ​បោក​គេ ប៉ុន្តែ​ដរាបណា​ពួក​គេ​មិន​ធ្វើ​ចិត្ត​រឹងរូស​ទេ នោះ​នឹង​ត្រូវ​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​នៃ​ព្រះ។

ហេតុ​ដូច្នោះ​ហើយ ឱ​បង​ប្អូន​ជាទី​ស្រឡាញ់​អើយ ខ្ញុំ​សូម​អង្វរ​អ្នក​ដោយ​ពាក្យ​ពេចន៍​ដ៏​ម៉ឺង​មាត់​ថា អ្នក​រាល់​គ្នា​ត្រូវ​ប្រែ​ចិត្ត ហើយ​មក​ដោយ​អស់​ពី​ដួង​ចិត្ត ហើយ​តោង​ជាប់​ទៅ​នឹង​ព្រះ ដូច​ជា​ទ្រង់​ចូល​ជាប់​នឹង​អ្នក​ដែរ ហើយ​កាល​ព្រះ​ពាហុ​នៃ​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់​លា​ចេញ​មក​រក​អ្នក​នៅ​ក្នុង​ពន្លឺ​នៃ​ពេល​ថ្ងៃ ចូរ​កុំ​ធ្វើ​ចិត្ត​រឹងរូស​ឡើយ។

មែន​ហើយ ថ្ងៃ​នេះ បើ​សិន​ជា​អ្នក​រាល់​គ្នា​ឮ​សំឡេង​ទ្រង់ ចូរ​កុំ​ធ្វើ​ចិត្ត​រឹងរូស​ឡើយ ត្បិត​ហេតុ​អ្វី​ក៏​បង​ប្អូន​ចង់​ស្លាប់?

ត្បិត​មើល​ចុះ បន្ទាប់​ពី​អ្នក​រាល់​គ្នា​ត្រូវ​បាន​ចិញ្ចឹម​ឲ្យ​រស់​ដោយ​ព្រះ​បន្ទូល​ដ៏​ល្អ​នៃ​ព្រះ​អស់​ទាំង​ថ្ងៃ​ហើយ ចុះ​តើ​អ្នក​រាល់​គ្នា​នឹង​ផ្ដល់​ផ្លែ​អាក្រក់​មក ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ត្រូវ​កាប់​រំលំ ហើយ​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ឬ​អី?

មើល​ចុះ តើ​អ្នក​រាល់​គ្នា​នឹង​មិន​ទទួល​ស្គាល់​ពាក្យ​ទាំង​នេះ​ទេ​ឬ​អី? ចុះ​តើ​អ្នក​រាល់​គ្នា​នឹង​មិន​ទទួល​ស្គាល់​ពាក្យ​នៃ​ពួក​ព្យាការី ឬ ហើយ​តើ​អ្នក​រាល់​គ្នា​នឹង​មិន​ទទួល​ស្គាល់​ពាក្យ​ទាំង​ឡាយ ដែល​បាន​និយាយ​អំពី​ព្រះ​គ្រីស្ទ បន្ទាប់​ពី​មាន​មនុស្ស​ជា​ច្រើន​បាន​និយាយ​អំពី​ទ្រង់ ឬ ហើយ​តើ​អ្នក​រាល់​គ្នា​មិន​ទទួល​ស្គាល់​ព្រះ​បន្ទូល​ដ៏​ល្អ​របស់​ព្រះ​គ្រីស្ទ និង​ព្រះ​ចេស្ដា​នៃ​ព្រះ និង​អំណោយទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ ឬ ហើយ​តើ​អ្នក​រាល់​គ្នា​នឹង​ពន្លត់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​ចំអក​ដល់​ផែនការ​ដ៏​មហិមា​នៃ​សេចក្ដី​ប្រោស​លោះ ដែល​បាន​រៀបចំ​សម្រាប់​អ្នក​ឬ?

តើ​អ្នក​រាល់​គ្នា​ពុំ​ដឹង​ទេ​ឬ​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ការណ៍​ទាំង​នេះ នោះ​អំណាច​នៃ​សេចក្ដី​ប្រោស​លោះ និង​ដំណើរ​រស់​ឡើង​វិញ ដែល​មាន​នៅ​ក្នុង​ព្រះ​គ្រីស្ទ​នឹង​នាំ​អ្នក​ទៅ​ឈរ​ដោយ​សេចក្ដី​ខ្មាស និង​ទោស​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​នៅ​ខាង​មុខ​វេទិកា​នៃ​ព្រះ​ឬ?

១០ហើយ​ស្រប​តាម​អំណាច​នៃ​សេចក្ដី​យុត្តិធម៌ ត្បិត​សេចក្ដី​យុត្តិធម៌​មិន​អាច​ត្រូវ​បដិសេធ​បាន​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ចុះ​ទៅ​ក្នុងបឹង​ភ្លើង និង​ស្ពាន់ធ័រ ដែល​មាន​អណ្ដាត​ភ្លើង​មិន​អាច​រំលត់​បាន គឺ​មាន​ផ្សែង​ហុយ​ឡើង​ជា​រៀង​ដរាប​ត​ទៅ ឯ​បឹង​ភ្លើង និង​ស្ពាន់ធ័រ គឺជា​សេចក្ដី​ទុក្ខ​វេទនា​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។

១១បើ​ដូច្នោះ ឱ​បង​ប្អូន​ដ៏​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​ចូល​តាម​ទ្វារ​តូច ហើយ​បន្ត​ទៅ​តាម​ផ្លូវ​ចង្អៀត រហូត​ដល់​អ្នក​បាន​ទទួល​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។

១២ចូរ​មាន​ប្រាជ្ញា​ឡើង ចុះ​តើ​ខ្ញុំ​អាច​និយាយ​អ្វី​ទៀត?

១៣ជាទី​បញ្ចប់​នេះ ខ្ញុំ​សូម​លា​អ្នក​សិន​ហើយ រហូត​ដល់​ខ្ញុំ​នឹង​ជួប​អ្នក​នៅ​ចំពោះ​វេទិកា​ដ៏​សព្វ​ព្រះ​ហឫទ័យ​នៃ​ព្រះ គឺជា​វេទិកា​ដែល​វាយ​ពួក​ទុច្ចរិត​ដោយ​សេចក្ដី​បារម្ភ និង​ភិតភ័យ​ស្ញែង​ខ្លាច។ អាម៉ែន៕