ព្រះគម្ពីរ
ហេលេមិន 6


ជំពូក​ទី ៦

ពួក​សាសន៍​លេមិន​ដែល​សុចរិត​ផ្សាយ​ដល់​ពួក​សាសន៍​នីហ្វៃ​ដែល​ទុច្ចរិត — ប្រជាជន​ទាំង​ពីរ​ចម្រើន​ឡើង​នៅ​ក្នុង​សករាជ​មួយ​ប្រកប​ដោយ​សន្តិ​ភាព និង​បរិបូរ — លូស៊ីហ្វើរ ដែល​ជា​អ្នក​និពន្ធ​អំពើ​បាប ដឹកនាំ​ពួក​ចោរ​ប្លន់​កាឌីអានតុន​នៅ​ក្នុង​អំពើ​ឃាតកម្ម និង​អំពើ​ទុច្ចរិត — ពួក​ចោរ​ដណ្ដើម​យក​រដ្ឋាភិបាល​លើ​ពួក​សាសន៍​នីហ្វៃ។ ប្រមាណ​ជា​ឆ្នាំ ២៩–២៣ ម.គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ឆ្នាំ​ទី​ហុកសិប​ពីរ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​បាន​ចប់​ទៅ នោះ​ការណ៍​អស់​ទាំង​នេះ​បាន​កើត​ឡើង ហើយ​ពួក​សាសន៍​លេមិន​ច្រើន បាន​ក្លាយ​ទៅ​ជា​ប្រជាជន​សុចរិត ដរាប​ដល់​សេចក្ដី​សុចរិត​របស់​គេ បាន​លើស​សេចក្ដី​សុចរិត​របស់​ពួក​សាសន៍​នីហ្វៃ ដោយ​សារ​ការ​រឹងប៉ឹង​របស់​គេ និង​ការ​ខ្ជាប់​ខ្ជួន​របស់​គេ​នៅ​ក្នុង​សេចក្ដី​ជំនឿ។

ត្បិត​មើល​ចុះ មាន​សាសន៍​នីហ្វៃ​ជា​ច្រើន ដែល​បាន​ក្លាយ​ទៅ​ជា​រឹងទទឹង និង​មិន​ប្រែ​ចិត្ត ហើយ​អាក្រក់​ក្រៃលែង ដរាប​ដល់​ពួក​គេ​បាន​បដិសេធ​ព្រះ​បន្ទូល​នៃ​ព្រះ និង​ការ​ផ្សាយ និង​ការ​ព្យាករណ៍​ទាំង​អស់ ដែល​បាន​មក​នៅ​ក្នុង​ចំណោម​ពួក​គេ។

ក៏​ប៉ុន្តែ​ប្រជាជន​នៃ​សាសនាចក្រ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង ដោយ​សារ​ការ​ប្រែ​ចិត្ត​នៃ​ពួក​សាសន៍​លេមិន មែន​ហើយ ដោយ​សារ​សាសនាចក្រ​នៃ​ព្រះ ដែល​ត្រូវ​បាន​តាំង​ឡើង​នៅ​ក្នុង​ចំណោម​ពួក​គេ។ ហើយ​ពួក​គេ​បាន​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បាន​អរ​រីក​រាយ​នឹង​គ្នា ហើយ​មាន​សេចក្ដី​អំណរ​ដ៏​ធំ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា សាសន៍​លេមិន​ជា​ច្រើន​បាន​ចុះ​មក​ឯ​ដែនដី​សារ៉ាហិមឡា ហើយ​បាន​ប្រកាស​ដល់​ប្រជាជន​នៃ​សាសន៍​នីហ្វៃ អំពី​របៀប​នៃ​ការ​ប្រែ​ចិត្ត​របស់​គេ ហើយ​បាន​ទូន្មាន​ពួក​គេ​ឲ្យ​មាន​សេចក្ដី​ជំនឿ និង​ការ​ប្រែ​ចិត្ត។

មែន​ហើយ ហើយ​មនុស្ស​ជា​ច្រើន​បាន​ផ្សាយ​ដោយ​អានុភាព និង​សិទ្ធិ​អំណាច​ដ៏​ខ្លាំង​ហួស​ប្រមាណ ដោយ​បាន​នាំ​ពួក​គេ​ជា​ច្រើន​ឲ្យ​ចុះ​ទៅ​ក្នុង​ជម្រៅ​នៃ​ភាព​ទន់​ទាប ឲ្យ​បាន​ជា​អ្នក​ដើរ​តាម​ព្រះ និង​កូន​ចៀម​ដ៏​សុ​ភាព​រាបសា។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា សាសន៍​លេមិន​ជា​ច្រើន បាន​ទៅ​ឯ​ដែនដី​ខាង​ជើង ហើយ​នីហ្វៃ និង​លីហៃ​ផង បាន​ទៅ​ឯ​ដែន​ដី​ខាង​ជើង​ដើម្បី​ទៅ​ផ្សាយ​ដល់​ប្រជាជន។ ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ហុកសិប​បី​ទៅ។

ហើយ​មើល​ចុះ មាន​សន្តិ​ភាព​នៅ​ក្នុង​ដែនដី​ទាំង​អស់ ដរាប​ដល់​ពួក​សាសន៍​នីហ្វៃ​បាន​ទៅ​ទីណា​ក៏​បាន​ដែល​គេ​ចង់ ទោះ​ជា​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ឬ​ពួក​សាសន៍​លេមិន​ក៏​ដោយ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​សាសន៍​លេមិន​ទៅ​ទីណា​ក៏​បាន ឲ្យ​តែ​គេ​ចង់​ដែរ ទោះ​ជា​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​លេមិន ឬ​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ​ក៏​ដោយ ម្ល៉ោះ​ហើយ ពួក​គេ​បាន​ទាក់​ទង​គ្នា​ដោយ​សេរី​ក្នុង​ការ​លក់​ដូរ ហើយ​យក​កម្រៃ​ស្រប​តាម​បំណង​របស់​គេ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ក្លាយ​ទៅ​ជា​មាន​ទ្រព្យ​សម្បត្តិ​ដ៏​លើសលប់ ទាំង​សាសន៍​លេមិន និង​សាសន៍​នីហ្វៃ​ផង ហើយ​ពួក​គេ​មាន​ជា​ច្រើន​លើសលប់​នូវ​មាស និង​ប្រាក់ និង​លោហធាតុ​ដ៏​មាន​តម្លៃ​គ្រប់​បែប​យ៉ាង ទាំង​នៅ​ក្នុង​ដែនដី​ខាង​ត្បូង និង​នៅ​ក្នុង​ដែនដី​ខាង​ជើង។

១០ឥឡូវ​នេះ ដែនដី​ខាង​ត្បូង​ត្រូវ​បាន​ហៅ​ថា លីហៃ ហើយ​ដែនដី​ខាង​ជើង​ត្រូវ​បាន​ហៅ​ថា មូលេក ដែល​បា​ន​ដាក់​តាម​បុត្រ​របស់​សេដេគា ព្រោះ​ព្រះ​អម្ចាស់​ទ្រង់​បាន​នាំ​មូលេក​ទៅ​ឯ​ដែនដី​ខាង​ជើង ហើយ​លីហៃ​មក​ឯ​ដែនដី​ខាង​ត្បូង។

១១ហើយ​មើល​ចុះ មាន​មាស​គ្រប់​យ៉ាង​នៅ​ក្នុង​ដែនដី​ទាំង​ពីរ និង​ប្រាក់ និង​ជាតិ​រ៉ែ​ដ៏​មាន​តម្លៃ​គ្រប់​យ៉ាង ហើយ​មាន​ជាង​ដ៏​ចំណាន​ទាំង​ឡាយ​ផង ដែល​ជា​អ្នក​ធ្វើ​ការ​ប្រើ​ជាតិ​រ៉ែ​គ្រប់​យ៉ាង ហើយ​ចម្រាញ់​វា ម្ល៉ោះ​ហើយ ពួក​គេ​បាន​ទៅ​ជា​អ្នក​មាន។

១២ពួក​គេ​បាន​ដាំ​ធញ្ញជាតិ​ជា​ច្រើន ទាំង​នៅ​ខាង​ជើង និង​ខាង​ត្បូង ហើយ​ពួក​គេ​បាន​ចម្រើន​ឡើង​ជា​អតិបរមា ទាំង​នៅ​ខាង​ជើង និង​នៅ​ខាង​ត្បូង​ផង។ ហើយ​ពួក​គេ​បាន​កើន​ចំនួន​ឡើង ហើយ​បាន​ទៅ​ជា​ខ្លាំង​ពូកែ​ជា​អតិបរមា​នៅ​ក្នុង​ដែនដី។ ហើយ​ពួក​គេ​បាន​ចិញ្ចឹម​ហ្វូង​ចៀម និង​ហ្វូង​សត្វ​ជា​ច្រើន មែន​ហើយ សត្វ​ដែល​ធាត់ៗ​ជា​ច្រើន។

១៣មើល​ចុះ ពួក​ស្ត្រី​របស់​គេ​បាន​ធ្វើ​ការ​រវៃ​អំបោះ ហើយ​បាន​ត្បាញ​សំពត់​គ្រប់​យ៉ាង​នូវ​សំពត់​ពី​អំបោះ​ខ្លូត​ទេស​វេញ​យ៉ាង​ខ្មាញ់ និង​សំពត់​គ្រប់​បែប​យ៉ាង ដើម្បី​បិទបាំង​ភាព​អាក្រាត​របស់​គេ។ ម្ល៉ោះ​ហើយ ឆ្នាំ​ទី​ហុកសិប​បួន បាន​កន្លង​ផុត​ទៅ​ក្នុង​សន្តិ​ភាព។

១៤ហើយ​នៅ​ក្នុង​ឆ្នាំ​ទី​ហុកសិប​ប្រាំ ពួក​គេ​ក៏​មាន​សេចក្ដី​អំណរ​ដ៏​ធំ​មួយ និង​សន្តិ​ភាព មែន​ហើយ ការ​ផ្សាយ​ជា​ច្រើន និង​ការ​ព្យាករណ៍​ដ៏​ច្រើន​អំពី​អ្វី​ដែល​នឹង​មក។ ម្ល៉ោះ​ហើយ​ឆ្នាំ​ទី​ហុកសិប​ប្រាំ​បាន​កន្លង​ផុត​ទៅ។

១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ឆ្នាំ​ទី​ហុកសិប​ប្រាំមួយ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម មើល​ចុះ សេសូរាំ​ត្រូវ​បាន​ធ្វើ​ឃាត​បង់​ដោយ​ដៃ​អនាមិក​មួយ នៅ​ពេល​ដែល​លោក​អង្គុយ​នៅ​លើ​វេទិកា​ជំនុំ​ជំរះ។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ដដែលនោះ កូន​ប្រុស​របស់​លោក​ដែល​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ប្រជាជន​ឲ្យ​ធ្វើ​ជំនួស​លោក ក៏​ត្រូវ​គេ​ធ្វើ​ឃាត​ដែរ។ ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ហុកសិប​ប្រាំមួយ​ទៅ។

១៦ហើយ​នៅ​ដើម​ឆ្នាំ​ទី​ហុកសិប​ប្រាំពីរ ប្រជាជន​បាន​ចាប់​ផ្ដើម​ក្លាយ​ទៅ​ជា​ទុច្ចរិត​ជា​ខ្លាំង​ទៀត។

១៧ត្បិត​មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រទាន​ពរ​ដល់​ពួក​គេ​ជា​យូរយារ​មក​ហើយ​ដោយ​នូវ​ទ្រព្យ​ទាំង​ឡាយ​ខាង​លោកិយ ទើប​ពួក​គេ​ពុំ​ត្រូវ​បាន​ចាក់​រុក​ឲ្យ​មាន​កំហឹង​ឲ្យ​មាន​សង្គ្រាម ឬ​ក៏​ការ​ខ្ចាយ​ឈាម​ណា​ឡើយ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​ចាប់​ផ្ដើម​ភ្ជាប់​ចិត្ត​គេ​ទៅ​លើ​ទ្រព្យសម្បត្តិ​របស់​ខ្លួន មែន​ហើយ ពួក​គេ​បាន​ចាប់​ផ្ដើម​ស្វែងរក​កម្រៃ ដើម្បី​ពួក​គេ​អាច​លើក​ខ្លួន​ឡើង​លើ​អ្នក​ឯ​ទៀត ហេតុដូច្នេះ​ហើយ ពួក​គេ​បាន​ចាប់​ផ្ដើម​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​សម្ងាត់ ហើយ​លួច​ប្លន់ ដើម្បី​ពួក​គេ​អាច​រក​កម្រៃ។

១៨ហើយ​ឥឡូវ​នេះ មើល​ចុះ ពួក​ឃាតករ និង​ពួក​លួច​ប្លន់​ទាំង​នោះ គឺជា​ក្រុម​ចោរ​មួយ ដែល​ត្រូវ​បាន​បង្កើត​ឡើង ដោយ​គិសគូមេន និង​កាឌីអានតុន។ ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ​ជា​ក្រុម​ចោរ​កាឌីអានតុន។ ប៉ុន្តែ​មើល​ចុះ ពួក​គេ​មាន​គ្នា​ជា​ច្រើន​ដ៏​ឥត​គណនា​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​លេមិន ដែល​ទុច្ចរិត​ជា​ខ្លាំង។ ហើយ​ពួក​គេ​ត្រូវ​បាន​ហៅ​ថា ពួក​ចោរ និង​ពួក​ឃាតករ​កាឌីអានតុន។

១៩ហើយ​គឺ​ពួក​គេ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឃាត​មេ​ចៅក្រម​សេសូរាំ និង​កូន​ប្រុស​របស់​លោក កាល​នៅ​លើ​វេទិកា​ជំនុំ​ជំរះ ហើយ​មើល​ចុះ គេ​រក​ពួក​វា​ពុំ​ឃើញ​ឡើយ។

២០ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​សាសន៍​លេមិន​បាន​ឃើញ​ថា មាន​ពួក​ចោរ​នៅ​ក្នុង​ចំណោម​ពួក​គេ នោះ​ពួក​គេ​មាន​សេចក្ដី​ព្រួយ​ជា​ខ្លាំង ហើយ​ពួក​គេ​បាន​ប្រើ​គ្រប់​មធ្យោបាយ​នៅ​ក្នុង​អំណាច​របស់​គេ ដើម្បី​បំផ្លាញ​ពួក​វា​ចោល​ពី​ផ្ទៃ​ផែន​ដី​នេះ​ទៅ។

២១ប៉ុន្តែ​មើល​ចុះ អារក្ស​សាតាំង​បាន​ចាក់​រុក​ចិត្ត​របស់​ពួក​សាសន៍​នីហ្វៃ​ច្រើន ដរាប​ដល់​ធ្វើ​ឲ្យ​ពួក​គេ​រួបរួម​ជាមួយ​នឹង​ក្រុម​ចោរ​ទាំង​នោះ ហើយ​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ទាំង​ឡាយ​របស់​ពួក​វា និង​សម្បថ​ទាំង​ឡាយ​របស់​ពួក​វា ថា​ពួក​គេ​នឹង​ការ​ពារ ហើយ​ថែរក្សា​គ្នា​ទៅ​វិញ​ទៅ​មក ទោះ​ជា​នៅ​ក្នុង​កាលៈទេសៈ​ដ៏​ពិបាក​ណា​ក៏​ដោយ ដែល​ពួក​គេ​ជួបប្រទះ ថា​ពួក​វា​មិន​ត្រូវ​រង​ទុក្ខ​ដោយ​សារ​អំពើ​ឃាតកម្ម​ទាំង​ឡាយ​របស់​ពួក​វា និង​អំពើ​ប្លន់​របស់​វា និង​អំពើ​លួច​របស់​វា​ទេ។

២២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​មាន​ទី​សម្គាល់​ទាំង​ឡាយ​របស់​គេ មែន​ហើយ ទី​សម្គាល់​សម្ងាត់ និង​ពាក្យ​សម្ងាត់​របស់​គេ ហើយ​នេះ​គឺ​ដើម្បី​ពួក​គេ​អាច​ញែក​ឲ្យ​ដឹង​បង​ប្អូន ដែល​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ថា ទោះ​ជា​អំពើ​ទុច្ចរិត​យ៉ាង​ណា​ក៏​ដោយ ដែល​បង​ប្អូន​គេ​ធ្វើ វា​នឹង​មិន​ត្រូវ​ធ្វើ​ឲ្យ​ឈឺ​ចាប់​ដោយ​បង​ប្អូន​គេ ឬ​ដោយ​ពួក​ជន​ដែល​បាន​ចូល​រួម​ក្នុង​ក្រុម​របស់​គេ ដែល​បាន​ចុះ​ក្នុង​សេចក្ដី​សញ្ញា​នេះ។

២៣ម្ល៉ោះ​ហើយ ពួក​គេ​អាច​ធ្វើ​ឃាត និង​ប្លន់ និង​លួច និង​ប្រព្រឹត្ត​អំពើ​សហាយស្មន់ និង​អំពើ​ទុច្ចរិត​គ្រប់​បែប​យ៉ាង ដែល​ផ្ទុយ​នឹង​ក្រឹត្យ​វិន័យ​នៃ​ប្រទេស​គេ ហើយ​ក្រឹត្យ​វិន័យ​នៃ​ព្រះ​របស់​គេ​ផង។

២៤ហើយ​អស់​អ្នក​ណា​ដែល​នៅ​ក្នុង​ក្រុម​របស់​គេ បើក​សម្ដែង​ប្រាប់​មនុស្ស​លោក​អំពី​អំពើ​ទុច្ចរិត​របស់​គេ និង​អំពើ​ដ៏​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​គេ អ្នក​នោះ​នឹង​ត្រូវ​ជំនុំ​ជំរះ គឺ​ពុំ​មែន​តាម​ក្រឹត្យ​វិន័យ​នៃ​ប្រទេស​គេ​ទេ តែ​តាម​ក្រឹត្យ​វិន័យ​នៃ​អំពើ​ទុច្ចរិត​របស់​គេ ដែល​ត្រូវ​បាន​ប្រគល់​ឲ្យ​គេ​ដោយ​កាឌីអានតុន និង​គិសគូមេន។

២៥ឥឡូវ​នេះ មើល​ចុះ គឺ​ពាក្យ​សម្បថ និង​សេចក្ដី​សញ្ញា​សម្ងាត់​ទាំង​នេះ ដែល​អាលម៉ា​បាន​បញ្ជា​កូន​ប្រុស​របស់​លោក​មិន​ត្រូវ​ប្រាប់​ទៅ​មនុស្ស​លោក​ឡើយ ខ្លាចក្រែង​វា​ទៅ​ជា​មធ្យោបាយ​មួយ​នាំ​មនុស្ស​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ការ​បំផ្លិចបំផ្លាញ។

២៦ឥឡូវ​នេះ មើល​ចុះ ពាក្យ​សម្បថ និង​សេចក្ដី​សញ្ញា​សម្ងាត់​ទាំង​នេះ ពុំ​បាន​មក​ដល់​កាឌីអានតុន ពី​បញ្ជី​ទាំង​ឡាយ ដែល​បាន​ប្រគល់​ទៅ​ឲ្យ​ហេលេមិន​នោះ​ទេ ប៉ុន្តែ​មើល​ចុះ វា​ត្រូវ​ដាក់​ទៅ​ក្នុង​ចិត្ត​របស់​កាឌីអានតុន ដោយ​តួ​ដដែល ដែល​បាន​បញ្ឆោត​ឪពុក​ម្ដាយ​ដើម​របស់​យើង​ឲ្យ​បរិភោគ​ផ្លែ​ដែល​ហាមឃាត់​នោះ —

២៧មែន​ហើយ តួ​ដដែលនេះ​ដែល​បាន​ធ្វើ​ឧបាយកល​ជាមួយ​កាអ៊ីន ថា​បើ​សិន​ជា​គាត់​ធ្វើ​ឃាត​ប្អូន​គាត់​ឈ្មោះ​អេបិល ការណ៍​នេះ​នឹង​មិន​ត្រូវ​ឮ​ដល់​មនុស្ស​លោក​ឡើយ។ ហើយ​វា​បាន​ធ្វើ​ឧបាយកល​ជាមួយ​កាអ៊ីន និង​ពួក​អ្នក​ដែល​ដើរ​តាម​វា ចាប់​ពី​ពេល​នោះ​តម​ក។

២៨ហើយ​គឺ​តួ​ដដែល​នេះ​ហើយ​ដែល​បាន​ដាក់​ក្នុង​ចិត្ត​របស់​ប្រជាជន ឲ្យ​សង់​ប៉ម​មួយ​យ៉ាង​ខ្ពស់​គ្រប់​គ្រាន់ល្មម ដើម្បី​ពួក​គេ​អាច​ឡើង​ទៅ​លើ​ស្ថានសួគ៌​បាន។ ហើយ​គឺ​តួ​ដដែល​នេះ​ហើយ​ដែល​បាន​ដឹកនាំ​ប្រជាជន​ដែល​មក​ពី​ប៉ម​នោះ មក​ឯ​ដែនដី​នេះ ជា​អ្នក​ដែល​បាន​ផ្សាយ​អំពី​កិច្ចការ​ទាំង​ឡាយ​នៃ​សេចក្ដី​ងងឹត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​ពេញ​លើ​ផ្ទៃ​ដែនដី រហូត​ដល់​វា​ទាញ​ប្រជាជន​ចុះ ទៅ​ក្នុង​សេចក្ដី​បំផ្លិចបំផ្លាញ​ទាំង​ស្រុង និង​ទៅ​ស្ថាន​នរក​ដ៏​អស់​កល្ប​ជានិច្ច។

២៩មែន​ហើយ គឺ​តួ​ដដែល​នោះ​ហើយ​ដែល​បាន​ដាក់​ការណ៍​នេះ​ទៅ​ក្នុង​ចិត្ត​របស់​កាឌីអានតុន ឲ្យ​បន្ត​កិច្ចការ​ទាំង​ឡាយ​នៃ​សេចក្ដី​ងងឹត និង​អំពើ​ឃាតកម្ម​សម្ងាត់ ហើយ​វា​បាន​បន្ត​ការ​នេះ ចាប់​តាំង​ពី​ដើមដំបូង​របស់​មនុស្ស រហូត​មក​ដល់​ពេល​នេះ។

៣០ហើយ​មើល​ចុះ គឺ​វា​នេះ​ហើយ​ដែល​ជា​អ្នក​និពន្ធ​អំពើ​បាប​ទាំង​អស់។ ហើយ​មើល​ចុះ វា​បន្ត​កិច្ចការ​ទាំង​ឡាយ នៃ​សេចក្ដី​ងងឹត និង​អំពើ​ឃាតកម្ម​សម្ងាត់​របស់​វា ហើយ​បន្ត​ឧបាយកល​ទាំង​ឡាយ​របស់​គេ និង​ពាក្យ​សម្បថ​របស់​គេ និង​សេចក្ដី​សញ្ញា​របស់​គេ និង​ផែនការ​នៃ​អំពើ​ទុច្ចរិត​ដ៏​គួរ​ស្ញែង​ខ្លាច​របស់​គេ​ពី​តំណ​មួយ​ទៅ​តំណ​មួយ តាម​ការណ៍​ដែល​វា​អាច​ក្ដាប់​យក​ចិត្ត​នៃ​កូន​ចៅ​មនុស្ស។

៣១ហើយ​ឥឡូវ​នេះ មើល​ចុះ វា​បាន​ក្ដាប់​ជាប់​នូវ​ចិត្ត​របស់​ពួក​សាសន៍​នីហ្វៃ មែន​ហើយ ដរាប​ដល់​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ទៅ​ជា​មនុស្ស​ទុច្ចរិត​ជា​ខ្លាំង មែន​ហើយ ពួក​គេ​ច្រើន​បាន​ងាក​ចេញ​ពី​ផ្លូវ​សុចរិត ហើយ​បាន​ជាន់​ឈ្លី​នៅ​ក្រោម​ជើង​របស់​ពួក​គេ​នូវ​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ហើយ​បាន​បែរ​ទៅ​តាម​ផ្លូវ​ទាំង​ឡាយ​របស់​ខ្លួន​ផ្ទាល់ ហើយ​បាន​សង់​ឡើង​សម្រាប់​ខ្លួន​គេ នូវ​រូបសំណាក​ដែល​ធ្វើ​ពី​មាស និង​ពី​ប្រាក់​របស់​គេ។

៣២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អំពើ​ទុច្ចរិត​ទាំង​អស់​នេះ បាន​មក​ដល់​ពួក​គេ ក្នុង​រយៈ​ពេល​មិន​ច្រើន​ឆ្នាំ​ទេ ដរាប​ដល់​ការណ៍​ច្រើន​នេះ បាន​មក​ដល់​ពួក​គេ​នៅ​ឆ្នាំ​ទី​ហុកសិប​ប្រាំពីរ ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ​លើ​ប្រជាជន​នីហ្វៃ។

៣៣ហើយ​ពួក​គេ​បាន​ដុះ​ឡើង​ក្នុង​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​គេ នៅ​ក្នុង​ឆ្នាំ​ទី​ហុកសិប​ប្រាំបី​ផង នៅ​ចំពោះ​ការ​ទុក្ខ​សោក​ដ៏​ធំ និង​ការ​សោកសៅ​របស់​អ្នក​សុចរិត។

៣៤ម្ល៉ោះ​ហើយ យើង​ឃើញ​ថា ពួក​សាសន៍​នីហ្វៃ​បាន​ចាប់​ផ្ដើម​ចុះ​អន់ថយ​ក្នុង​ការ​ឥត​ជំនឿ ហើយ​ដុះ​ឡើង​ក្នុង​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ នៅ​ពេល​ដែល​ពួក​សាសន៍​លេមិន បាន​ចាប់​ផ្ដើម​ដុះ​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ការ​ចេះ​ដឹង​អំពី​ព្រះ​របស់​ពួក​គេ មែន​ហើយ ពួក​គេ​បាន​ចាប់​ផ្ដើម​រក្សា​ក្រឹត្យ​វិន័យ និង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ ហើយ​បាន​ដើរ​នៅ​ក្នុង​សេចក្ដី​ពិត និង​សេចក្ដី​ស្មោះ​ត្រង់​ចំពោះ​ទ្រង់។

៣៥ម្ល៉ោះ​ហើយ យើង​ឃើញ​ថា ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ ទ្រង់​បាន​ចាប់​ផ្ដើម​ដកថយ​ពី​ពួក​សាសន៍​នីហ្វៃ ដោយ​សារ​អំពើ​ទុច្ចរិត និង​ភាព​រឹងរូស​នៃ​ចិត្ត​របស់​គេ។

៣៦ម្ល៉ោះ​ហើយ យើង​ឃើញ​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​ចាប់​ផ្ដើម​ស្រោច​ព្រះ​វិញ្ញាណ​ទ្រង់​ទៅ​លើ​ពួក​សាសន៍​លេមិន ដោយ​ព្រោះ​ភាព​ស្លូតបូត និង​ឆន្ទៈ​របស់​គេ​នៅ​ក្នុង​ការ​ជឿ​ដល់​ព្រះ​បន្ទូល​របស់​ទ្រង់។

៣៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​សាសន៍​លេមិន​បាន​រក​ចាប់​ក្រុម​ចោរ​កាឌីអានតុន ហើយ​ពួក​គេ​បាន​ផ្សាយ​ព្រះ​បន្ទូល​នៃ​ព្រះ​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ទុច្ចរិត ដរាប​ដល់​ក្រុម​ចោរ​ទាំង​នេះ​ត្រូវ​បំផ្លាញ​ចោល​អស់​ពី​ចំណោម​ពួក​សាសន៍​លេមិន។

៣៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ផ្ទុយ​ទៅ​វិញ ពួក​សាសន៍​នីហ្វៃ​បាន​បង្ក​បង្កើត​វា​ឡើង ហើយ​ទ្រ​ទ្រង់​ពួក​គេ​ចាប់​តាំង​ពី​ពួក​គេ​ដែល​ទុច្ចរិត​ដ៏​ខ្លាំង រហូត​ដល់​ពួក​គេ​រាលដាល ពាស​ពេញ​ដែនដី​របស់​ពួក​សាសន៍​នីហ្វៃ ហើយ​បាន​ទាក់​ទាញ​ពួក​មនុស្ស​ដែល​សុចរិត រហូត​ដល់​គេ​ជឿ​ដល់​កិច្ចការ​ទាំង​ឡាយ​របស់​ពួក​គេ ហើយ​ចូល​រួម​ក្នុង​ការ​យក​របឹប​របស់​គេ ហើយ​រួបរួម​ជាមួយ​គេ​ក្នុង​អំពើ​ឃាតកម្ម និង​បក្សព័ន្ធ​សម្ងាត់​ទាំង​ឡាយ​របស់​គេ។

៣៩ម្ល៉ោះ​ហើយ ពួក​គេ​យក​បាន​ការ​កាន់កាប់​រដ្ឋាភិបាល​ទាំង​ស្រុង ដរាប​ដល់​ពួក​គេ​បាន​ជាន់​ឈ្លី​នៅ​ក្រោម​ជើង​របស់​ពួក​គេ ហើយ​វាយ និង​ធ្វើ​ទុក្ខ និង​បែរខ្នង​ដាក់​ពួក​អ្នក​ក្រីក្រ និង​អ្នក​ស្លូតបូត និង​អ្នក​ដែល​ដើរ​តាម​ព្រះ​ដោយ​សុ​ភាព​រាបសា។

៤០ម្ល៉ោះ​ហើយ យើង​ឃើញ​ថា ពួក​គេ​កំពុងតែ​នៅ​ក្នុង​ស្ថានភាព​មួយ​ដ៏​គួរ​ស្ញែង​ខ្លាច ហើយ​ទុំ​ល្មម​សម្រាប់​ការ​បំផ្លិចបំផ្លាញ​ដ៏​អស់​កល្ប​ជានិច្ច។

៤១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឆ្នាំ​ទី​ហុកសិប​ប្រាំបី​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម ទៅ​លើ​ប្រជាជន​នីហ្វៃ​ក៏​ចប់​ទៅ៕