ព្រះគម្ពីរ
ហេលេមិន 5


ជំពូក​ទី ៥

នីហ្វៃ និង​លីហៃ​ប្រគល់​ខ្លួន​ចំពោះ​ការ​ផ្សាយ — ឈ្មោះ​របស់​គេ​រំឭក​គេ​ឲ្យ​រស់នៅ​តាម​គំរូ​របស់​ពួក​អយ្យកោ​គេ — ព្រះ​គ្រីស្ទ​ប្រោស​លោះ​អស់​អ្នក​ណា​ដែល​ប្រែ​ចិត្ត — នីហ្វៃ និង​លីហៃ​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​ប្រែ​ចិត្ត​ជឿ ហើយ​ត្រូវ​ជាប់​គុក ហើយ​ភ្លើង​ព័ទ្ធ​ជុំវិញ​ពួក​គេ — ពពក​នៃ​សេចក្ដី​ងងឹត​មួយ​គ្រប​ពី​លើ​មនុស្ស​បី​រយ​នាក់ — ផែនដី​រញ្ជួយ ហើយ​សំឡេង​មួយ​បញ្ជា​មនុស្ស​ឲ្យ​ប្រែ​ចិត្ត — នីហ្វៃ និង​លីហៃ​សន្ទនា​ជាមួយ​នឹង​ពួក​ទេវតា ហើយ​ក្រុម​មនុស្ស ត្រូវ​ឡោមព័ទ្ធ​ជុំវិញ​ដោយ​ភ្លើង។ ប្រមាណ​ជា​ឆ្នាំ ៣០ ម.គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ដដែល​នេះ មើល​ចុះ នីហ្វៃ​បាន​ប្រគល់​វេទិកា​ជំនុំ​ជំរះ​ឲ្យ​បុរស​ម្នាក់ ដែល​មាន​ឈ្មោះ​ថា សេសូរាំ។

ព្រោះ​ដោយ​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​របស់​គេ និង​រដ្ឋាភិបាល​របស់​គេ ត្រូវ​បាន​បង្កើត​ឡើង ដោយ​សំឡេង​របស់​ប្រជាជន ហើយ​ពួក​ជន​ដែល​រើស​ការ​អាក្រក់ មាន​ច្រើន​ជាង​ពួក​ជន​ដែល​រើស​ការ​ល្អ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ទុំ​ល្មម​សម្រាប់​ការ​បំផ្លិចបំផ្លាញ​ហើយ ព្រោះ​ក្រឹត្យ​វិន័យ​ទាំង​ឡាយ បាន​ក្លាយ​ទៅ​ជា​ពុករលួយ។

មែន​ហើយ ហើយ​នេះ​ពុំ​ទាន់​អស់​ទេ ពួក​គេ​ជា​ប្រជាជន​មួយ​ដ៏​រឹងទទឹង ដរាប​ដល់​ពួក​គេ​ពុំ​អាច​អភិបាល​ដោយ​ក្រឹត្យ​វិន័យ ឬ​សេចក្ដី​យុត្តិធម៌​បាន​ឡើយ លើក​លែងតែ​ដោយ​ការ​បំផ្លិចបំផ្លាញ​ប៉ុណ្ណោះ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នីហ្វៃ​បាន​ក្លាយ​ទៅ​ជា​ទន់ខ្សោយ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​ពួក​គេ ហើយ​លោក​បាន​ប្រគល់​វេទិកា​ជំនុំ​ជំរះ ហើយ​ស្ម័គ្រ​ចិត្ត​ទៅ​ផ្សាយ​ព្រះ​បន្ទូល​នៃ​ព្រះ​នៅ​ថ្ងៃ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​របស់​លោក ហើយ​ប្អូន​របស់​លោក គឺ​លីហៃ ក៏​ទៅ​ផ្សាយ​នៅ​ថ្ងៃ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​របស់​លោក​ដែរ

ព្រោះ​ពួក​គេ​បាន​នឹក​ចាំ​ដល់​ពាក្យ​ទាំង​ឡាយ ដែល​ហេលេមិន គឺជា​ឪពុក​បាន​ពោល​ទៅ​គេ ហើយ​នេះ​ជា​ពាក្យ​ដែល​លោក​បាន​និយាយ​ថា ៖

មើល​ចុះ ឱ​កូន​ប្រុស​ទាំង​ឡាយ​របស់​ឪពុក​អើយ ឪពុក​មាន​បំណង​ចង់​ឲ្យ​កូន​ចាំ ដើម្បី​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ហើយ​ឪពុក​ចង់​ឲ្យ​កូន​ប្រកាស​ដល់​ប្រជាជន​នូវ​ពាក្យ​ទាំង​នេះ។ មើល​ចុះ ឪពុក​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​តាម​ឈ្មោះ​ពួក​ឪពុក​ដើម​របស់​យើង ដែល​បាន​ចេញ​មក​ពី​ដែនដី​យេរូសាឡិម ហើយ​ឪពុក​បាន​ធ្វើ​យ៉ាង​នេះ ដើម្បី​កាលណា​កូន​ចាំ​ឈ្មោះ​របស់​កូន នោះ​កូន​អាច​នឹក​ចាំ​ដល់​ពួក​គេ ហើយ​កាលណា​កូន​នឹក​ចាំ​ដល់​ពួក​គេ នោះ​កូន​អាច​នឹក​ចាំ​ដល់​កិច្ចការ​ទាំង​ឡាយ​របស់​គេ ហើយ​កាលណា​កូន​នឹក​ចាំ​ដល់​កិច្ចការ​ទាំង​ឡាយ​របស់​ពួក​គេ នោះ​កូន​អាច​ដឹង​នូវ​ហេតុ​ដែល​បាន​និយាយ ហើយ​បាន​សរសេរ​ទុក​មក​ផង​ថា ជា​ការ​ល្អ។

ហេតុ​ដូច្នេះ​ហើយ ឱ​កូន​ប្រុស​ទាំង​ឡាយ​របស់​ឪពុក​អើយ ឪពុក​ចង់​ឲ្យ​កូន​ធ្វើ​នូវ​អ្វីៗ ដែល​ជា​ការ​ល្អ ដើម្បី​ឲ្យ​ត្រូវ​បាន​និយាយ​អំពី​កូន ហើយ​បាន​សរសេរ​ទុក ដូច​ជា​ត្រូវ​បាន​និយាយ ហើយ​បាន​សរសេរ​អំពី​ពួក​គេ​ដែរ។

ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​ទាំង​ឡាយ​របស់​ឪពុក​អើយ មើល​ចុះ ឪពុក​មាន​ការ​ខ្លះ​ទៀត​ដែល​ចង់​ឲ្យ​កូន​ធ្វើ ឯ​បំណង​នោះ​គឺ​ថា​កូន​មិន​ត្រូវ​ធ្វើ​ការណ៍​ទាំង​នេះ ដើម្បី​កូន​អាច​អួតអាង​ទេ ប៉ុន្តែ​គឺ​កូន​ធ្វើ​ការណ៍​ទាំង​នេះ ដើម្បី​រៀបចំ​សម្រាប់​ខ្លួន​នូវ​ទ្រព្យសម្បត្តិ​មួយ​នៅ​លើ​ស្ថានសួគ៌ មែន​ហើយ ដែល​នៅ​អស់​កល្ប​ជានិច្ច ហើយ​ដែល​មិន​សាបសូន្យ​ទៅ​ឡើយ មែន​ហើយ ដើម្បី​កូន​អាច​មាន​អំណោយទានដ៏​វិសេស​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដែល​យើង​មាន​ហេតុផល​ជឿ​ថា ត្រូវ​បាន​ឲ្យ​ទៅ​ពួក​អយ្យកោ​របស់​យើង។

ឱ​កូន​ប្រុស​ទាំង​ឡាយ​របស់​ឪពុក​អើយ ចូរ​ចងចាំ ចូរ​ចងចាំ នូវ​ពាក្យ​ទាំង​ឡាយ ដែល​ស្ដេច​បេនយ៉ាមីន​បាន​មាន​បន្ទូល​ទៅ​កាន់​ប្រជាជន​របស់​ទ្រង់ មែន​ហើយ ចូរ​ចងចាំ​ថា គ្មាន​ផ្លូវ ឬ​មធ្យោបាយ​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​មនុស្ស​បាន​សង្គ្រោះ​ឡើយ មាន​តែ​តាម​រយៈ​ព្រះ​លោហិត​ដែល​ធ្វើ​ឲ្យ​ធួន​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​តែប៉ុណ្ណោះ ដែល​នឹង​យាង​មក មែន​ហើយ ចូរ​ចងចាំ​ថា ទ្រង់​នឹង​យាង​មក​ប្រោស​លោះ​មនុស្ស​លោក។

១០ហើយ​ចូរ​ចងចាំ​ដែរ នូវ​ពាក្យ​ទាំង​ឡាយ ដែល​អាមូលេក​បាន​ពោល​ទៅ​កាន់​ស៊ី​អែសរ៉ុម នៅ​ក្នុង​ទី​ក្រុង​អាំម៉ូណៃហា ព្រោះ​លោក​បាន​និយាយ​ទៅ​គាត់​ថា ព្រះ​អម្ចាស់​ទ្រង់​ប្រាកដជា​នឹង​យាង​មក​ប្រោស​លោះ​រាស្ត្រ​ទ្រង់ ប៉ុន្តែ​ថា​ទ្រង់​នឹង​មិន​យាង​មក​ប្រោស​លោះ​ពួក​គេ​ក្នុង​អំពើ​បាប​ទាំង​ឡាយ​របស់​ពួក​គេ​ទេ ប៉ុន្តែ​មក​ប្រោស​លោះ​ពួក​គេ​ពី​អំពើ​បាប​របស់​គេ​វិញ។

១១ហើយ​ទ្រង់​មាន​ព្រះ​ចេស្ដា ដែល​ព្រះ​វរបិតា​បាន​ប្រទាន​ដល់​ទ្រង់ ដើម្បី​ប្រោស​លោះ​ពួក​គេ​ពី​អំពើ​បាប​របស់​គេ ដោយ​មក​ពី​ការ​ប្រែ​ចិត្ត ហេតុ​ដូច្នេះ​ហើយ ទ្រង់​បាន​ចាត់​ឲ្យ​ពួក​ទេវតា​របស់​ទ្រង់ មក​ប្រកាស​ដំណឹង​ល្អ​អំពី​លក្ខខណ្ឌ​ទាំង​ឡាយ​នៃ​ការ​ប្រែ​ចិត្ត ដែល​នាំ​ទៅ​កាន់​ព្រះ​ចេស្ដា​នៃ​ព្រះ​ដ៏​ប្រោស​លោះ ឲ្យ​បាន​ដល់​សេចក្ដី​សង្គ្រោះ​ព្រលឹង​របស់​គេ។

១២ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​ទាំង​ឡាយ​របស់​ឪពុក​អើយ ចូរ​ចងចាំ​ចុះ ចូរ​ចងចាំ​ចុះ​ថា គឺ​នៅ​លើ​សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង គឺ​ព្រះ​គ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន ដើម្បី​កាលណា​អារក្ស​បញ្ចេញ​ខ្យល់​ដ៏​ខ្លាំង​ក្លា​របស់​វា​មក មែន​ហើយ ព្រួញ​របស់​វា​នៅ​ក្នុង​ខ្យល់​កួច មែន​ហើយ កាលណា​ព្រិល និង​ខ្យល់​ព្យុះ​កំណាច​ទាំង​អស់​របស់​វា​បោកបក់​មក​លើ​កូន នោះ​វា​នឹង​គ្មាន​អំណាច​មក​លើ​កូន​ឡើយ ដើម្បី​ទាញ​កូន​ចុះ​ទៅ​ក្នុង​ជង្ហុក​នៃ​សេចក្ដី​វេទនា និង​ទុក្ខ​លំបាក​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ពី​ព្រោះ​មក​ពី​សិលា​ដែល​កូន​បាន​សង់​នៅ​លើ​នោះ ដែល​ជា​គ្រឹះ​ដ៏​ខ្ជាប់​ខ្ជួន​មួយ ជា​គ្រឹះ​មួយ​បើ​សិន​ណា​មនុស្ស​សង់​នៅ​លើ​នោះ នោះ​ពួក​គេ​មិន​អាច​រលំ​បាន​ឡើយ។

១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នេះ​គឺជា​ពាក្យ​ទាំង​ឡាយ​ដែល​ហេលេមិន បាន​បង្រៀន​កូន​ប្រុស​ទាំង​ឡាយ​របស់​លោក មែន​ហើយ លោក​បាន​បង្រៀន​ពួក​គេ​នូវ​ការណ៍​ជា​ច្រើន​ទៀត ដែល​ពុំ​បាន​សរសេរ​ទុក ហើយ​ការណ៍​ជា​ច្រើន​ផង​ដែរ ដែល​ត្រូវ​បាន​សរសេរ​ទុក។

១៤ហើយ​ពួក​គេ​បាន​ចាំ​ពាក្យ​សម្ដី​របស់​លោក ហេតុ​ដូច្នេះ​ហើយ ទើប​ពួក​គេ​បាន​ចេញ​ទៅ ដោយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ដើម្បី​ទៅ​បង្រៀន​ព្រះ​បន្ទូល​នៃ​ព្រះ នៅ​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ​ទាំង​អស់ចាប់​ពី​ទី​ក្រុង​បរិបូរណ៍

១៥ហើយ​ចាប់​ពី​ទី​នោះ ឆ្ពោះ​ទៅ​ទី​ក្រុង​គីឌ ហើយ​ចាប់​ពី​ទី​ក្រុង​គីឌ​ទៅ​ទី​ក្រុង​មូលេក

១៦ហើយ​ពី​ទី​ក្រុង​មួយ​ទៅ​ទី​ក្រុង​មួយ​ទៀត រហូត​ដល់​ពួក​គេ​បាន​ទៅ​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ​ទាំង​អស់ ដែល​នៅ​ក្នុង​ដែនដី​ខាង​ត្បូង ហើយ​ចាប់​ពី​ទី​នោះ ទៅ​ក្នុង​ដែនដី​សារ៉ាហិមឡា នៅ​ក្នុង​ចំណោម​ពួក​សាសន៍​លេមិន។

១៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ផ្សាយ​ដោយ​អំណាច​ដ៏​ធំ ដរាប​ដល់​ពួក​គេ​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​បែកបាក់​ទាំង​ឡាយ​ជ្រប់​មុខ ដែល​បាន​បែក​ចេញ​ទៅ​ពី​ពួក​សាសន៍​នីហ្វៃ ដរាប​ដល់​ពួក​គេ​បាន​ចេញ​មក ហើយ​បាន​ទទួល​សារ​ភាព​នូវ​អំពើ​បាប​ទាំង​ឡាយ​របស់​គេ ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ចំពោះ​ការ​ប្រែ​ចិត្ត ហើយ​បាន​ត្រឡប់​មក​ខាង​ពួក​សាសន៍​នីហ្វៃ​វិញ​ភ្លាម ដើម្បី​ខិតខំ​កែប្រែ​នូវ​ការ​ខុសឆ្គង​ទាំង​ឡាយ ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​មក។

១៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នីហ្វៃ និង​លីហៃ​បាន​ផ្សាយ​ដល់​ពួក​សាសន៍​លេមិន ដោយ​អានុភាព និង​សិទ្ធិ​អំណាច​ដ៏​ខ្លាំង ព្រោះ​ពួក​គេ​មាន​អានុភាព និង​សិទ្ធិ​អំណាច ដែល​បាន​ប្រទាន​ដល់​គេ ដើម្បី​ឲ្យ​គេ​អាច​និយាយ ហើយ​ពួក​គេ​ក៏​មាន​ដែរ នូវ​អ្វីៗ​ដែល​ពួក​គេ​ត្រូវ​និយាយ​ដែល​បាន​ប្រទាន​ដល់​គេ។

១៩ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​និយាយ ដែល​ធ្វើ​ឲ្យ​មាន​សេចក្ដី​អស្ចារ្យ​ដល់​ពួក​សាសន៍​លេមិន​ជា​ខ្លាំង ក្នុង​ការ​បរិវត្តន៍​ពួក​គេ ដរាប​ដល់​មាន​សាសន៍​លេមិន​ប្រាំបី​ពាន់​នាក់ ដែល​នៅ​ក្នុង​ដែនដី​សារ៉ាហិមឡា និង​នៅ​ព័ទ្ធជុំវិញ​នោះ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ចំពោះ​ការ​ប្រែ​ចិត្ត ហើយ​ត្រូវ​បាន​បរិវត្ត​អំពី​សេចក្ដី​ទុច្ចរិត​នៃ​សណ្ដាប់​ទាំង​ឡាយ នៃ​ពួក​អយ្យកោ​របស់​គេ។

២០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នីហ្វៃ និង​លីហៃ​បាន​បន្ត​ពី​នោះ​ទៅ​កាន់​ដែនដី​នីហ្វៃ។

២១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​ត្រូវ​បាន​ចាប់​ដោយ​កងទ័ព​លេមិន​មួយ​កង ហើយ​ត្រូវ​បាន​ដាក់​គុក មែន​ហើយ គឺជា​គុក​ដដែល ដែល​អាំម៉ូន និង​បង​ប្អូន​របស់​លោក​ត្រូវ​បាន​ដាក់​ក្នុង​នោះ ដោយ​ពួក​អ្នក​បម្រើ​របស់​លិមហៃ។

២២ហើយ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ដាក់​គុក ដោយ​អត់​អាហារ​អស់​រយៈ​ជា​ច្រើន​ថ្ងៃ​មក មើល​ចុះ ពួក​វា​បាន​ចូល​មក​ចាប់​ពួក​គេ​នៅ​ក្នុង​គុក ដើម្បី​ពួក​វា​អាច​សម្លាប់​ពួក​គេ​ចោល។

២៣ហើយ​ហេតុការណ៍​បាន​កើត​ឡើយ​ថា នីហ្វៃ និង​លីហៃ​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ជុំវិញ ហាក់​បី​ដូច​ជា​ភ្លើង គឺ​ដរាប​ដល់​ធ្វើ​ឲ្យ​ពួក​វា​មិន​ហ៊ាន​យកដៃ​ទៅ​ពាល់​ពួក​គេ​ឡើយ ព្រោះ​ខ្លាចក្រែង​ភ្លើង​ឆេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​នីហ្វៃ និង​លីហៃ​ពុំ​ត្រូវ​ឆេះ​ដែរ ហើយ​ពួក​គេ​កំពុងតែ​ឈរ​នៅ​កណ្ដាល​ភ្លើង ហើយ​ពុំ​ត្រូវ​ឆេះ​សោះ។

២៤ហើយ​កាល​ពួក​គេ​បាន​ឃើញ​ថា ពួក​គេ​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​បង្គោល​ភ្លើង​មួយ ហើយ​ថា វា​ពុំ​ធ្វើ​ឲ្យ​គេ​ឆេះ​សោះ នោះ​ពួក​គេ​មាន​ចិត្ត​ក្លាហាន​ឡើង។

២៥ព្រោះ​ពួក​គេ​បាន​ឃើញ​ថា ទ័ព​លេមិន​ពុំ​ហ៊ាន​យកដៃ​មក​ពាល់​ពួក​គេ​ឡើយ ហើយ​គេ​ក៏​មិន​ហ៊ាន​មក​ជិត​ពួក​គេ​ដែរ តែ​ឈរ​ហាក់​ដូច​ជា​ពួក​វា​ត្រូវ​ធ្វើ​ឲ្យ​គ ដោយ​ការ​ភ្ញាក់​ផ្អើល។

២៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នីហ្វៃ និង​លីហៃ​បាន​ឈរ​ឡើង ហើយ​បាន​ចាប់​ផ្ដើម​និយាយ​ទៅ​កាន់​ពួក​គេ​ថា ៖ ចូរ​កុំ​ខ្លាច​អី ត្បិត​មើល​ចុះ នេះ​គឺជា​ព្រះ​ទេតើ ដែល​បាន​បង្ហាញ​ដល់​ពួក​អ្នក​នូវ​ការណ៍​ដ៏​អស្ចារ្យ​នេះ ដែល​សម្ដែង​ឲ្យ​អ្នក​ឃើញ​ថា អ្នក​មិន​អាច​ដាក់​ដៃ មក​លើ​យើង​បាន​ឡើយ។

២៧ហើយ​មើល​ចុះ កាល​ពួក​គេ​បាន​និយាយ​ពាក្យ​ទាំង​នេះ​ហើយ នោះ​ផែនដី​រញ្ជួយ​ជា​ខ្លាំង ហើយ​ជញ្ជាំង​គុក​រញ្ជួយ ហាក់​បី​ដូច​ជា​ជិត​រលំ​ទៅ​ដី ប៉ុន្តែ​មើល​ចុះ វា​មិន​រលំ​ចុះ​ទេ។ ហើយ​មើល​ចុះ ពួក​អ្នក​ដែល​នៅ​ក្នុង​គុក គឺ​សាសន៍​លេមិន និង​សាសន៍​នីហ្វៃ ជា​ពួក​អ្នក​ដែល​បាន​បែកបាក់​ចេញ។

២៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​វា​ត្រូវ​បាន​គ្រប​ដោយ​ពពក​នៃ​សេចក្ដី​ងងឹត​មួយ ហើយ​ការ​ស្ញែង​ខ្លាច​ដ៏​ខ្លាំង​មួយ​បាន​កើត​ឡើង​ដល់​ពួក​វា។

២៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​សំឡេង​មួយ​បន្លឺ​ឡើង ហាក់​បី​ដូច​ជា​នៅ​លើ​ពពក​នៃ​សេចក្ដី​ងងឹត​នោះ​ថា ៖ ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​ចូរ​កុំ​ស្វែងរក​បំផ្លាញ​ពួក​អ្នក​បម្រើ​របស់​យើង ដែល​យើង​បាន​បញ្ជូន​ឲ្យ​មក​រក​អ្នក ដើម្បី​ប្រកាស​ដំណឹង​ល្អ​នោះ​ឡើយ។

៣០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​វា​បាន​ឮ​សំឡេង​នេះ ហើយ​បាន​ឃើញ​ថា នោះ​ពុំ​មែន​ជា​សូរ​ផ្គរលាន់​ទេ ហើយ​ក៏​ពុំ​មែន​ជា​សំឡេង​អឺងកង​ដែរ ប៉ុន្តែ​មើល​ចុះ នោះ​គឺជា​សំឡេង​រហៀងៗ​នៃ​ភាព​ស្រទន់​ឥត​ខ្ចោះ ហាក់​បី​ដូច​ជា​ពាក្យ​ខ្សឹប ហើយ​វា​បាន​ចាក់​ទំ​លុះ​ទៅ​ដល់​ទាំង​ព្រលឹង —

៣១ហើយ​ទោះ​ជា​សំឡេង​នោះ​មាន​ភាព​ស្រទន់​ក្ដី មើល​ចុះ ផែនដី​បាន​រញ្ជួយ​ជា​ខ្លាំង​ហួស​ប្រមាណ ហើយ​ជញ្ជាំង​គុក​ក៏​ញ័រ​ជា​ថ្មី​ទៀត ហាក់​បីដូច​វា​ជិត​រលំ​ទៅ​លើ​ដី ហើយ​មើល​ចុះ ពពក​នៃ​សេចក្ដី​ងងឹត ដែល​បាន​គ្រប​លើ​ពួក​គេ​នោះ ពុំ​បាន​បែកខ្ញែក​ទៅ​ទេ —

៣២ហើយ​មើល​ចុះ សំឡេង​នោះ​បន្លឺ​ឡើង​ទៀត​ថា ៖ ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ត្បិត​នគរ​ស្ថានសួគ៌​នៅ​ជិត​ដៃ​បង្កើយ ហើយ​ចូរ​កុំ​ស្វែងរក​បំផ្លាញ​ពួក​អ្នក​បម្រើ​របស់​យើង​ទៀត​ឡើយ។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ផែនដី​បាន​រញ្ជួយ​ជា​ថ្មី ហើយ​ជញ្ជាំង​ទាំង​ឡាយ​ក៏​ញ័រ។

៣៣ហើយ​សំឡេង​នោះ​មាន​មក​ទៀត ជា​លើក​ទី​បី ហើយ​បាន​និយាយ​មក​កាន់​ពួក​គេ​នូវ​ពាក្យ​ទាំង​ឡាយ​ដ៏​អស្ចារ្យ ដែល​មិន​អាច​និយាយ​ដោយ​មនុស្ស ហើយ​ជញ្ជាំង​ទាំង​ឡាយ​បាន​ញ័រ​ជា​ថ្មី ហើយ​ផែនដី​បាន​រញ្ជួយ ហាក់​បី​ដូច​ជា​ចង់​ប្រេះ​ចេញ​ពី​គ្នា។

៣៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​សាសន៍​លេមិន​ពុំ​អាច​រត់គេច​បាន​សោះ ដោយ​ព្រោះ​ពពក​នៃ​សេចក្ដី​ងងឹត ដែល​គ្រប​ដណ្ដប់​ពួក​គេ មែន​ហើយ ហើយ​ពួក​គេ​ក៏​មិន​អាច​កម្រើក​ខ្លួន​ដោយ​ព្រោះ​សេចក្ដី​ខ្លាច ដែល​បាន​កើត​ឡើង​ដល់​ពួក​គេ។

៣៥ឥឡូវ​នេះ មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ដែល​ជា​សាសន៍​នីហ្វៃ​ពី​កំណើត ដែល​ពីមុន​ធ្លាប់​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះ តែ​បាន​បែក​ចេញ​ពី​ពួក​គេ​ទៅ។

៣៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា គាត់​បាន​បង្វិល​ខ្លួន ហើយ​មើល​ចុះ គាត់​បាន​ឃើញ​កាត់​ពពក​នៃ​សេចក្ដី​ងងឹត​នូវ​មុខ​របស់​នីហ្វៃ និង​លីហៃ ហើយ​មើល​ចុះ មុខ​ទាំង​នេះ​ចែងចាំង​ជា​ខ្លាំង​ដូច​មុខ​របស់​ពួក​ទេវតា។ ហើយ​គាត់​បាន​ឃើញ​ថា ពួក​គេ​បើកភ្នែក​សម្លឹង​មើល​ទៅ​លើ​ស្ថានសួគ៌ ហើយ​ពួក​គេ​នៅ​ក្នុង​អាកប្បកិរិយា ហាក់​បី​ដូច​ជា​កំពុង​សន្ទនា ឬ​កំពុង​បន្លឺ​សំឡេង​របស់​គេ​ទៅ​កាន់​តួអង្គ​ណាមួយ ដែល​ពួក​គេ​បាន​ឃើញ។

៣៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បុរស​នេះ​បាន​ស្រែក​ទៅ​កាន់​ហ្វូង​មនុស្ស​ឲ្យ​បែរ​ទៅ​មើល។ ហើយ​មើល​ចុះ ក៏​មាន​អំណាច​ប្រទាន​ឲ្យ​ទៅ​ពួក​គេ ដែល​ធ្វើ​ឲ្យ​គេ​បែរ ហើយ​មើល ហើយ​ពួក​គេ​បាន​ឃើញ​មុខ​របស់​នីហ្វៃ និង​លីហៃ។

៣៨ហើយ​ពួក​គេ​បាន​និយាយ​ទៅ​កាន់​បុរស​នោះ​ថា ៖ មើល​ចុះ តើ​ការណ៍​អស់​ទាំង​នេះ មាន​ន័យ​យ៉ាង​ណា​ដែរ ហើយ​តើន​រណា​ទៅ​ដែល​អ្នក​ទាំង​នេះ​សន្ទនា​ជាមួយ?

៣៩ឥឡូវ​នេះ ឈ្មោះ​របស់​បុរស​នោះ​គឺ អ័មីណាដាប់។ ហើយ​អ័មីណាដាប់​បាន​និយាយ​ទៅ​ពួក​គេ​ថា ៖ ពួក​គេ​សន្ទនា​ជាមួយ​នឹង​ពួក​ទេវតា​នៃ​ព្រះ។

៤០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​សាសន៍​លេមិន​បាន​និយាយ​ទៅ​គាត់​ថា ៖ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ពពក​នៃ​សេចក្ដី​ងងឹត​នេះ អាច​បក់​ចេញ​កុំ​ឲ្យ​គ្រប​លើ​យើង?

៤១ហើយ​អ័មីណាដាប់​បាន​និយាយ​ទៅ​ពួក​គេ​ថា ៖ អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រែ​ចិត្ត ហើយ​អំពាវនាវ​ទៅ​រក​សំឡេង​នោះ គឺ​រហូត​ដល់​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ ដែល​ត្រូវ​បាន​បង្រៀន​ដល់​អ្នក​ដោយ​អាលម៉ា និង​អាមូលេក និង​ស៊ី​អែសរ៉ុម ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​នេះ នោះ​ពពក​នៃ​សេចក្ដី​ងងឹត​នោះ​នឹង​បាន​បក់​ចេញ​ទៅ​កុំ​ឲ្យ​គ្រប​លើ​អ្នក​រាល់​គ្នា​ទៀត។

៤២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​ទាំង​អស់​គ្នា បាន​ចាប់​ផ្ដើម​អំពាវនាវ​ទៅ​កាន់​សំឡេង​នៃ​តួអង្គ​ដែល​បាន​អង្រន់​ផែន​ដី​នោះ មែន​ហើយ ពួក​គេ​បាន​អំពាវនាវ រហូត​ដល់​ពពក​នៃ​សេចក្ដី​ងងឹត​នោះ​ខ្ចាត់​ចេញ​ទៅ។

៤៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​គេ​ចោល​ភ្នែក​មើល​ជុំវិញ ហើយ​បាន​ឃើញ​ថា ពពក​នៃ​សេចក្ដី​ងងឹត​ខ្ចាត់​ទៅ​ដោយ​ពុំ​គ្រប​លើ​ពួក​គេ​ទៀត​ទេ មើល​ចុះ ពួក​គេ​បាន​ឃើញ​ថា ពួក​គេ​ត្រូវ​បាន​ហ៊ុម​ព័ទ្ធជុំវិញ មែន​ហើយ មនុស្ស​គ្រប់​រូប​ដោយ​បង្គោល​ភ្លើង​មួយ។

៤៤ហើយ​នីហ្វៃ និង​លីហៃ នៅ​ចំ​កណ្ដាល​ពួក​គេ មែន​ហើយ ពួក​គេ​ត្រូវ​បាន​ហ៊ុមព័ទ្ធ មែន​ហើយ ពួក​គេ​ហាក់​បី​ដូច​ជា​នៅ​ក្នុង​កណ្ដាល​អណ្ដាត​ភ្លើង ប៉ុន្តែ​វា​ពុំ​ប៉ះពាល់​ដល់​ពួក​គេ​ឡើយ ហើយ​វា​ក៏​មិន​ធ្វើ​ឲ្យ​ខូចខាត​អ្វី​ដល់​ជញ្ជាំង​គុក​ដែរ ហើយ​ពួក​គេ​បាន​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​អំណរ ដែល​មិន​អាច​និយាយ​បាន ហើយ​ពោរ​ពេញ​ទៅ​ដោយ​សិរី​ល្អ។

៤៥ហើយ​មើល​ចុះ ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៃ​ព្រះ ទ្រង់​បាន​យាង​ចុះ​មក​ពី​ស្ថានសួគ៌ ហើយ​បាន​ចូល​ទៅ​ក្នុង​ចិត្ត​ពួក​គេ ហើយ​ពួក​គេ​ហាក់​បីដូច​ជា​បាន​ពោរ​ពេញ​ទៅ​ដោយ​ភ្លើង ហើយ​ពួក​គេ​អាច​និយាយ​ពាក្យ​សម្ដី​ដ៏​អស្ចារ្យ​ទាំង​ឡាយ។

៤៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា សំឡេង​នោះ​បាន​បន្លឺ​មក​ពួក​គេ មែន​ហើយ គឺជា​សំឡេង​មួយ​ដ៏​ពីរោះ​ស្ដាប់ ហាក់​បី​ដូច​ជា​សំឡេង​ខ្សឹប​ថា ៖

៤៧សេចក្ដី​សុខសាន្ត សេចក្ដី​សុខសាន្ត ចូរ​មាន​ដល់​អ្នក​ចុះ ដោយ​សារ​សេចក្ដី​ជំនឿ​របស់​អ្នក​ដល់​បុត្រា​ដ៏​ជាទី​ស្រឡាញ់​របស់​យើង ដែល​មាន​ចាប់​តាំង​ពី​កំណើត​លោកិយ​មក។

៤៨ហើយ​ឥឡូវ​នេះ កាល​ពួក​គេ​បាន​ឮ​យ៉ាង​នេះ ពួក​គេ​បាន​ចោល​ភ្នែក​រក​មើល​ថា តើ​សំឡេង​នោះ​ចេញ​ពី​ណា​មក ហើយ​មើល​ចុះ ពួក​គេ​ឃើញ​ផ្ទៃ​មេឃ​បើកចំហ ហើយ​ពួក​ទេវតា​បាន​ចុះ​មក​ពីលើ​មេឃ ហើយ​បាន​ធ្វើ​ការងារ​បម្រើ​ពួក​គេ។

៤៩ហើយ​មាន​មនុស្ស​ប្រហែល​បី​រយ​នាក់​ដែល​បាន​ឃើញ និង​បាន​ឮ​ការណ៍​ទាំង​នេះ ហើយ​ពួក​គេ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចេញ​ទៅ ហើយ​មិន​ត្រូវ​ភ្ញាក់​ផ្អើល​ឡើយ ហើយ​គេ​ក៏​មិន​ត្រូវ​ឆ្ងល់​ដែរ។

៥០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ចេញ​ទៅ ហើយ​បាន​ធ្វើ​ការងារ​បម្រើ​ប្រជាជន ដោយ​ប្រកាស​ទូ​ទៅ​អស់​ទាំង​ភូមិ​ដែល​នៅ​ជុំវិញ​អំពី​គ្រប់​ការណ៍​ទាំង​អស់​ដែល​ពួក​គេ​បាន​ឃើញ ហើយ​បាន​ឮ ដរាប​ដល់​មាន​សាសន៍​លេមិន​ច្រើន ដែល​ត្រូវ​បាន​បរិវត្ត​អំពី​រឿង​ទាំង​នេះ ដោយ​មក​ពី​ភាព​មហិមា​នៃ​ភស្តុតាង​ទាំង​ឡាយ ដែល​ពួក​គេ​បាន​ទទួល។

៥១ហើយ​អស់​អ្នក​ណា​ដែល​ត្រូវ​បាន​បរិវត្ត នោះ​ក៏​បាន​ដាក់​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​របស់​គេ​ចុះ និង​ការ​ស្អប់ និង​សណ្ដាប់​នៃ​ពួក​អយ្យកោ​របស់​គេ​ផង។

៥២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ប្រគល់​ឲ្យ​ពួក​សាសន៍​នីហ្វៃ​វិញ​នូវ​ដែនដី​ទាំង​ឡាយ ដែល​គេ​យក​បាន​មក៕