គម្ពីរហេលេមិន
ដំណើររឿងមួយអំពីពួកសាសន៍នីហ្វៃ។ សង្គ្រាមទាំងឡាយ និងការទាស់ទែងគ្នាទាំងឡាយរបស់គេ និងការបែកបាក់គ្នាទាំងឡាយរបស់គេ។ ហើយព្រមទាំងសេចក្ដីព្យាករណ៍ទាំងឡាយរបស់ពួកព្យាការីបរិសុទ្ធជាច្រើនផង មុនការយាងមកនៃព្រះគ្រីស្ទ ស្របតាមបញ្ជីរបស់ហេលេមិន ដែលជាកូនរបស់ហេលេមិន និងស្របតាមបញ្ជីនៃពួកកូនប្រុសរបស់លោកផង គឺរហូតមកដល់ការយាងមកនៃព្រះគ្រីស្ទ។ ហើយពួកសាសន៍លេមិនជាច្រើនផងបានប្រែចិត្តជឿ។ ដំណើររឿងមួយអំពីការប្រែចិត្តរបស់ពួកគេ។ ដំណើររឿងមួយអំពីសេចក្ដីសុចរិត នៃពួកសាសន៍លេមិន និងសេចក្ដីទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយនៃពួកសាសន៍នីហ្វៃ ស្របតាមបញ្ជីរបស់ហេលេមិន និងពួកកូនប្រុសរបស់លោក គឺរហូតមកដល់ការយាងមកនៃព្រះគ្រីស្ទ នោះត្រូវបានហៅថា គម្ពីរហេលេមិន។ល។
ជំពូកទី ១
ពេហូរ៉ានទីពីរធ្វើជាមេចៅក្រម ហើយត្រូវគិសគូមេនធ្វើឃាត — ពេគូមេណៃបំពេញវេទិកាជំនុំជំរះ — កូរីអានទុមើរដឹកនាំពលទ័ពសាសន៍លេមិនវាយយកសារ៉ាហិមឡា ហើយសម្លាប់ពេគូមេណៃ — មរ៉ូណៃហាវាយពួកលេមិនឲ្យបរាជ័យ ហើយយកសារ៉ាហិមឡាមកវិញ ហើយកូរីអានទុមើរត្រូវស្លាប់។ ប្រមាណជាឆ្នាំ ៥២–៥០ ម.គ.ស.។
១ហើយឥឡូវនេះ មើលចុះ ហេតុការណ៍បានកើតឡើងថា នៅដើមឆ្នាំទីសែសិបក្នុងរជ្ជកាលនៃពួកចៅក្រមទៅលើប្រជាជននីហ្វៃ នោះចាប់ផ្ដើមមានការពិបាកយ៉ាងធ្ងន់ធ្ងរមួយនៅក្នុងចំណោមប្រជាជននៃពួកសាសន៍នីហ្វៃ។
២ត្បិតមើលចុះ ពេហូរ៉ានបានស្លាប់ ហើយទៅតាមផ្លូវនៃអស់ទាំងផែនដី ហេតុដូច្នេះហើយ ក៏ចាប់ផ្ដើមមានការទាស់ទែងគ្នាដ៏ខ្លាំងមួយ អំពីនរណាត្រូវបានវេទិកាជំនុំជំរះនៅក្នុងចំណោមបងប្អូន ដែលជាពួកកូនប្រុសរបស់ពេហូរ៉ាន។
៣ឥឡូវនេះ នេះគឺជាឈ្មោះទាំងឡាយរបស់ពួកគេ ដែលបានដណ្ដើមវេទិកាជំនុំជំរះ ជាអ្នកដែលបាននាំឲ្យប្រជាជនទាស់គ្នាផងគឺ ៖ ពេហូរ៉ាន ពេអានកៃ និងពេគូមេណៃ។
៤ឥឡូវនេះ កូនប្រុសទាំងអស់របស់ពេហូរ៉ាន ពុំមែនមានតែប៉ុណ្ណេះទេ (ព្រោះលោកមានច្រើន) ប៉ុន្តែពួកគេទាំងនេះហើយដែលបានប្រឆាំងគ្នាយកវេទិកាជំនុំជំរះ ហេតុដូច្នេះហើយ ពួកគេបានបណ្ដាលឲ្យមានការបែកបាក់ជាបីផ្នែកនៅក្នុងចំណោមប្រជាជន។
៥ទោះជាយ៉ាងណាក៏ដោយ គង់តែហេតុការណ៍បានកើតឡើងថា ពេហូរ៉ានត្រូវបានតែងតាំងឡើងដោយសំឡេងប្រជាជនឲ្យធ្វើជាមេចៅក្រម និងជាអ្នកអភិបាលលើប្រជាជននីហ្វៃ។
៦ហើយហេតុការណ៍បានកើតឡើងថា ពេគូមេណៃ កាលលោកបានឃើញថា លោកមិនអាចយកវេទិកាជំនុំជំរះបានទេ នោះលោកក៏យល់ព្រមតាមសំឡេងរបស់ប្រជាជន។
៧ប៉ុន្តែមើលចុះ ពេអានកៃ និងពួកប្រជាជនដែលចង់ឲ្យលោក ធ្វើជាអ្នកអភិបាលរបស់គេនោះខឹងជាខ្លាំង ហេតុដូច្នេះហើយ លោករៀបនឹងបញ្ជោរឲ្យពួកប្រជាជនទាំងនោះបះបោរឡើងទាស់នឹងបងប្អូនរបស់ខ្លួន។
៨ហើយហេតុការណ៍បានកើតឡើងថា នៅពេលលោកហៀបតែនឹងធ្វើយ៉ាងនេះ មើលចុះ លោកត្រូវគេចាប់យកទៅ ហើយត្រូវជំនុំជំរះតាមសំឡេងរបស់ប្រជាជន ហើយត្រូវកាត់ទោសដល់ជីវិត ព្រោះលោកបានធ្វើការបះបោរ ហើយបានស្វែងរកបំផ្លាញឥស្សរភាពរបស់ប្រជាជន។
៩ឥឡូវនេះ កាលពួកប្រជាជនដែលចង់លើកលោកឲ្យធ្វើជាអ្នកអភិបាលរបស់គេ បានឃើញថា លោកត្រូវកាត់ទោសដល់ជីវិត ហេតុដូច្នេះហើយ ពួកគេខឹង ហើយមើលចុះ ពួកគេបានចាត់ឲ្យមនុស្សម្នាក់ឈ្មោះ គិសគូមេន ទៅឯវេទិកាជំនុំជំរះរបស់ពេហូរ៉ាន ហើយធ្វើឃាតពេហូរ៉ាន នៅពេលដែលលោកអង្គុយនៅលើវេទិកាជំនុំជំរះ។
១០ហើយវាត្រូវពួកអ្នកបម្រើរបស់ពេហូរ៉ានដេញតាម ប៉ុន្តែមើលចុះ គិសគូមេនរត់លឿនហួសពេក គ្មានអ្នកណាអាចតាមទាន់ឡើយ។
១១ហើយវាបានមកជួបនឹងពួកអ្នក ដែលបានចាត់ឲ្យវាទៅនោះ ហើយពួកគេទាំងអស់គ្នាបានធ្វើសេចក្ដីសញ្ញាមួយ មែនហើយ ស្បថនឹងព្រះបង្កើតគេដ៏គង់នៅអស់កល្បជានិច្ច ថាពួកគេពុំប្រាប់នរណាឡើយថា គិសគូមេន បានធ្វើឃាតពេហូរ៉ានបង់។
១២ហេតុដូច្នេះហើយ គិសគូមេនពុំមានគេស្គាល់ថានៅក្នុងចំណោមប្រជាជននីហ្វៃឡើយ ព្រោះវាបានក្លែងខ្លួន នៅពេលវាធ្វើឃាតពេហូរ៉ាន។ ហើយគិសគូមេន និងបក្សពួករបស់វា ដែលបានធ្វើសេចក្ដីសញ្ញាជាមួយគេនោះ បាននៅលាយឡំក្នុងចំណោមប្រជាជន នៅក្នុងរបៀបដែលមិនអាចមានអ្នកណារកឃើញពួកគេទាំងអស់បានឡើយ ប៉ុន្តែពួកអ្នកណាដែលត្រូវបានរកឃើញ គឺត្រូវកាត់ទោសដល់ជីវិត។
១៣ហើយឥឡូវនេះ មើលចុះ ពេគូមេណៃត្រូវបានតែងតាំងឡើងតាមសំឡេងរបស់ប្រជាជនឲ្យធ្វើជាមេចៅក្រម និងជាអ្នកអភិបាលទៅលើប្រជាជន ដើម្បីគ្រប់គ្រងជំនួសបងប្រុសរបស់លោក គឺពេហូរ៉ាន ហើយគឺស្របតាមសិទ្ធិរបស់លោក។ ហើយការណ៍អស់ទាំងនេះ ត្រូវបានធ្វើនៅឆ្នាំទីសែសិបក្នុងរជ្ជកាលនៃពួកចៅក្រម ហើយវាក៏ចប់ទៅ។
១៤ហើយហេតុការណ៍បានកើតឡើង គឺនៅឆ្នាំទីសែសិបមួយក្នុងរជ្ជកាលនៃពួកចៅក្រម នោះពួកសាសន៍លេមិនបានប្រមូលទ័ពមួយកងដ៏មានគ្នាច្រើនឥតគណនា ហើយបានប្រដាប់ដោយដាវទាំងឡាយ និងសាបទាំងឡាយ និងធ្នូទាំងឡាយ និងព្រួញទាំងឡាយ និងមួកដែកទាំងឡាយ និងប្រដាប់បាំងដើមទ្រូងទាំងឡាយ និងអស់ទាំងខែលគ្រប់ប្រភេទ។
១៥ហើយពួកគេបានចុះមកទៀត ដើម្បីគេអាចបោះជំរំច្បាំងនឹងពួកសាសន៍នីហ្វៃ។ ហើយពួកគេត្រូវបានដឹកនាំដោយបុរសម្នាក់ដែលមានឈ្មោះថា កូរីអានទុមើរ ហើយវាជាពូជពង្សនៃសារ៉ាហិមឡា ហើយវាជាអ្នកដែលបែកចេញពីពួកសាសន៍នីហ្វៃ ហើយវាជាបុរសម្នាក់ដែលមានមាឌធំ ហើយខ្លាំងពូកែ។
១៦ហេតុដូច្នេះហើយ ស្ដេចនៃពួកសាសន៍លេមិន ដែលមាននាមថា ទូបាឡុត ដែលត្រូវជាបុត្ររបស់អាំម៉ូរ៉ុន ដោយបានគិតស្មានថា កូរីអានទុមើរ ជាបុរសដ៏ខ្លាំងពូកែម្នាក់ អាចប្រឆាំងតទល់នឹងពួកសាសន៍នីហ្វៃបាន ដោយមកពីកម្លាំងរបស់វា និងប្រាជ្ញាដ៏ជ្រៅជ្រះរបស់វាផង ដរាបដល់បានសន្និដ្ឋានថា ដោយបានបញ្ជូនវាទៅ នោះទ្រង់នឹងយកជ័យជម្នះលើពួកសាសន៍នីហ្វៃបាន —
១៧ហេតុដូច្នេះហើយ ទ្រង់បានចាក់រុកឲ្យពួកគេមានកំហឹង ហើយទ្រង់បានប្រមូលពលទ័ពរបស់ទ្រង់មក ហើយទ្រង់បានតែងតាំង កូរីអានទុមើរ ឲ្យធ្វើជាមេដឹកនាំរបស់ពួកគេ ហើយបានបញ្ជាឲ្យពួកគេលើកទ័ពចុះទៅឯដែនដីសារ៉ាហិមឡា ដើម្បីទៅច្បាំងនឹងពួកសាសន៍នីហ្វៃ។
១៨ហើយហេតុការណ៍បានកើតឡើងថា ដោយមកពីការទាស់ទែងគ្នាដ៏ច្រើន និងការពិបាកដ៏ខ្លាំងនៅក្នុងរដ្ឋាភិបាល ទើបពួកគេពុំបានទុកទាហានយាមឲ្យគ្រប់គ្រាន់នៅដែនដីសារ៉ាហិមឡាទេ ព្រោះពួកគេសន្និដ្ឋានថា ពួកលេមិនពុំហ៊ានចូលមកដល់កណ្ដាលដែនដីរបស់គេ ដើម្បីមកវាយប្រហារទីក្រុងសារ៉ាហិមឡាដ៏ធំនោះឡើយ។
១៩ប៉ុន្តែហេតុការណ៍បានកើតឡើងថា កូរីអានទុមើរបានដឹកនាំមុខពលទ័ពដ៏ច្រើនរបស់វាមក ហើយបានវាយប្រហារមកលើបណ្ដាជននៅទីក្រុងនោះ ហើយដំណើរទ័ពរបស់គេ មានល្បឿនយ៉ាងលឿនហួសប្រមាណ ដែលធ្វើឲ្យពួកសាសន៍នីហ្វៃគ្មានពេលគ្រប់គ្រាន់នឹងប្រមូលពលទ័ពរបស់គេបានសោះ។
២០ហេតុដូច្នេះហើយ កូរីអានទុមើរ បានកាប់សម្លាប់អ្នកយាមនៅត្រង់ទ្វារចូលទីក្រុង ហើយបានលើកទ័ពរបស់វាទាំងមូលចូលច្បាំងទៅក្នុងទីក្រុង ហើយពួកគេបានសម្លាប់អស់ទាំងជនណាដែលប្រឆាំងនឹងពួកគេ រហូតដល់ពួកគេយកបានទីក្រុងទាំងមូល។
២១ហើយហេតុការណ៍បានកើតឡើងថា ពេគូមេណៃ ដែលជាមេចៅក្រមបានរត់គេចខ្លួនចេញពីកូរីអានទុមើរទៅដល់កំផែងទីក្រុង។ ហើយហេតុការណ៍បានកើតឡើងថា កូរីអានទុមើរបានវាយលោកផ្ទប់នឹងកំផែងក្រុង ដរាបដល់លោកស្លាប់។ ម្ល៉ោះហើយ ក៏ចប់នូវជីវិតរបស់ពេគូមេណៃទៅ។
២២ហើយឥឡូវនេះ កាលកូរីអានទុមើរបានឃើញថា វាយកបានទីក្រុងសារ៉ាហិមឡា ហើយបានឃើញថា ពួកសាសន៍នីហ្វៃបានរត់គេចខ្លួនចេញពីពួកគេ ហើយត្រូវស្លាប់ និងត្រូវចាប់ និងត្រូវដាក់គុក ហើយថា វាយកបានទីតាំងការពារដ៏មាំបំផុតនៅអស់ទាំងដែនដីហើយ នោះវាបានឡើងចិត្តក្លាហាន ដរាបដល់វាចង់ទៅវាយយកអស់ទាំងដែនដី។
២៣ហើយឥឡូវនេះ វាពុំនៅក្នុងដែនដីសារ៉ាហិមឡាទេ តែវាបានធ្វើដំណើរទៅជាមួយនឹងកងទ័ពដ៏ធំមួយ គឺឆ្ពោះទៅឯទីក្រុងបរិបូរណ៍ ព្រោះនេះគឺជាការសម្រេចចិត្តរបស់វាថា នឹងធ្វើដំណើរឆ្ពោះទៅមុខ ហើយឆ្ការផ្លូវរបស់វាដោយដាវ ដើម្បីវាអាចដកផ្នែកខាងជើងទាំងឡាយនៃដែនដី។
២៤ហើយដោយបានសន្និដ្ឋានថា កម្លាំងដ៏ខ្លាំងបំផុតរបស់គេគឺនៅកណ្ដាលដែនដី ទើបវាបានធ្វើដំណើរទៅ ដោយពុំទុកពេលឲ្យពួកគេប្រមូលគ្នាបានឡើយ លើកលែងតែជាក្រុមតូច ហើយដោយរបៀបនេះ ពួកគេវាយប្រហារទៅលើពួកគេ ហើយកាប់សម្លាប់ពួកគេឲ្យដួលចុះទៅលើដី។
២៥ប៉ុន្តែមើលចុះ ដំណើររបស់កូរីអានទុមើរនេះ កាត់ទៅកណ្ដាលដែនដី បានផ្ដល់ឲ្យមរ៉ូណៃហាមានប្រៀបដ៏ធំលើពួកគេ ទោះបីជាពួកសាសន៍នីហ្វៃមួយចំនួនធំត្រូវស្លាប់ក៏ដោយ។
២៦ត្បិតមើលចុះ មរ៉ូណៃហាបានសន្និដ្ឋានថា ពួកលេមិនពុំហ៊ានចូលមកកណ្ដាលដែនដីឡើយ ប៉ុន្តែពួកវានឹងវាយប្រហារទីក្រុងទាំងឡាយដែលនៅជុំវិញតាមព្រំប្រទល់ ដូចជាពួកគេធ្លាប់បានធ្វើមកពីមុន ហេតុដូច្នេះហើយ មរ៉ូណៃហាបានបញ្ជាឲ្យពលទ័ពដ៏ខ្លាំងពូកែឲ្យរក្សាផ្នែកទាំងឡាយ ដែលនៅជុំវិញជិតព្រំប្រទល់។
២៧ប៉ុន្តែមើលចុះ ពួកលេមិនពុំតក់ស្លុតតាមបំណងរបស់លោកនោះទេ ប៉ុន្តែពួកគេបានចូលមកកណ្ដាលដែនដី ហើយបានវាយយករដ្ឋធានី គឺទីក្រុងសារ៉ាហិមឡា ហើយកំពុងតែធ្វើដំណើរឆ្លងកាត់ តាមផ្នែកទាំងឡាយដ៏សំខាន់ៗបំផុតនៃដែនដី សម្លាប់មនុស្សដោយការកាប់សម្លាប់មួយដ៏ធំ ទាំងប្រុស ទាំងស្រី និងកូនក្មេង យកបានទីក្រុងជាច្រើន និងទីតាំងការពារជាច្រើនផង។
២៨ប៉ុន្តែកាលមរ៉ូណៃហាបានដឹងការនេះ លោកបានបញ្ជាឲ្យលីហៃយកទ័ពមួយកង វាយស្ទាក់មុខពួកគេភ្លាម មុនពេលពួកគេទៅដល់ដែនដីបរិបូរណ៍។
២៩ម្ល៉ោះហើយ ទើបលោកធ្វើយ៉ាងនោះ ហើយលោកបានស្ទាក់មុខពួកគេ មុនពេលពួកគេទៅដល់ដែនដីបរិបូរណ៍ ហើយច្បាំងនឹងពួកគេ ដរាបដល់ធ្វើឲ្យពួកគេដកថយឆ្ពោះទៅកាន់ដែនដីសារ៉ាហិមឡាវិញ។
៣០ហើយហេតុការណ៍បានកើតឡើងថា មរ៉ូណៃហាបានស្ទាក់ផ្លូវដកថយរបស់ពួកគេ ហើយបានច្បាំងនឹងពួកគេ ដរាបដល់ក្លាយទៅជាការប្រយុទ្ធមួយដ៏ជោកជាំដោយឈាម មែនហើយ មនុស្សជាច្រើនត្រូវស្លាប់ ហើយនៅក្នុងចំណោមអ្នកដែលត្រូវស្លាប់ទាំងប៉ុន្មាន នោះគេបានឃើញកូរីអានទុមើរផង។
៣១ហើយឥឡូវនេះ មើលចុះ ពួកលេមិនពុំអាចដកថយទៅខាងណាបានទេ ទៅខាងជើងក៏ពុំបាន ទៅខាងត្បូងក៏ពុំបាន ទៅខាងកើតក៏ពុំបាន ទៅខាងលិចក៏ពុំបាន ព្រោះពួកគេត្រូវព័ទ្ធគ្រប់ទិសដោយពួកនីហ្វៃ។
៣២ម្ល៉ោះហើយ កូរីអានទុមើរបាននាំពួកលេមិនសម្រុកចូលកណ្ដាលពួកនីហ្វៃ ដរាបដល់ធ្វើឲ្យពួកគេធ្លាក់ទៅក្រោមអំណាចរបស់ពួកនីហ្វៃ ហើយរូបវាផ្ទាល់ត្រូវស្លាប់ ហើយពួកលេមិនបានប្រគល់ខ្លួនទៅក្នុងកណ្ដាប់ដៃនៃពួកនីហ្វៃ។
៣៣ហើយហេតុការណ៍បានកើតឡើងថា មរ៉ូណៃហាយកបានទីក្រុងសារ៉ាហិមឡាមកវិញ ហើយបានបញ្ជាឲ្យពួកលេមិន ដែលត្រូវចាប់ជាឈ្លើយនោះ ត្រូវចាកចេញពីដែនដីដោយសេចក្ដីសុខសាន្ត។
៣៤ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីសែសិបមួយក្នុងរជ្ជកាលនៃពួកចៅក្រមទៅ៕