ជំពូកទី ៦
ភេត្រាទាំងឡាយរបស់ពួកយ៉ារេឌ ត្រូវបានរុញច្រានដោយខ្យល់ទៅដល់ដែនដីសន្យា — ប្រជាជនសរសើរតម្កើងដល់ព្រះអម្ចាស់ចំពោះសេចក្ដីល្អសប្បុរសរបស់ទ្រង់ — អូរៃហាត្រូវបានតែងតាំងឡើងឲ្យធ្វើជាស្ដេចលើពួកគេ — យ៉ារេឌ និងបងរបស់លោកស្លាប់។
១ហើយឥឡូវនេះ ខ្ញុំ មរ៉ូណៃ ប្រាប់អំពីបញ្ជីនៃយ៉ារេឌ និងបងរបស់លោកតទៅទៀត។
២ត្បិតហេតុការណ៍បានកើតឡើងថា បន្ទាប់ពីព្រះអម្ចាស់ទ្រង់បានរៀបចំក្រួសទាំងឡាយ ដែលបងរបស់យ៉ារេឌបានយកទៅលើភ្នំហើយ នោះបងរបស់យ៉ារេឌបានចុះមកពីលើភ្នំវិញ ហើយលោកបានដាក់ក្រួសទាំងនោះទៅក្នុងភេត្រាទាំងឡាយ ដែលបានរៀបចំស្រេច គឺក្រួសមួយនៅក្នុងចុងភេត្រានីមួយ ហើយមើលចុះ ក្រួសទាំងនោះបានឲ្យពន្លឺដល់ភេត្រា។
៣ម្ល៉ោះហើយ ព្រះអម្ចាស់ទ្រង់បានធ្វើឲ្យក្រួសទាំងឡាយភ្លឺចែងចាំងនៅក្នុងទីងងឹត ដើម្បីឲ្យពន្លឺដល់មនុស្សប្រុសស្រី និងកូនក្មេង ដើម្បីកុំឲ្យពួកគេអាចឆ្លងកាត់ទឹកដ៏ធំនៅក្នុងភាពងងឹត។
៤ហើយហេតុការណ៍បានកើតឡើងថា កាលពួកគេបានរៀបចំស្បៀងអាហារគ្រប់យ៉ាងហើយ ដើម្បីទុកសម្រាប់ចិញ្ចឹមជីវិតពេលនៅលើទឹក ព្រមទាំងអាហារសម្រាប់ហ្វូងចៀម និងហ្វូងសត្វ និងព្រមទាំងសត្វព្រៃ ឬសត្វស្លាបណាដែលពួកគេត្រូវយកទៅតាម — ហើយហេតុការណ៍បានកើតឡើងថា កាលពួកគេបានធ្វើកិច្ចការទាំងនេះរួចហើយ នោះពួកគេចុះភេត្រា ឬទូក ហើយចេញទៅសមុទ្រដោយទីពឹងដល់ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។
៥ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់បានធ្វើឲ្យមានខ្យល់ដ៏ខ្លាំងមួយបក់នៅលើផ្ទៃសមុទ្រឆ្ពោះទៅឯដែនដីសន្យា ម្ល៉ោះហើយ ពួកគេត្រូវបក់បោកដោយខ្យល់នៅលើរលកសមុទ្រ។
៦ហើយហេតុការណ៍បានកើតឡើងថា ពួកគេត្រូវកប់នៅក្នុងជម្រៅសមុទ្រជាច្រើនគ្រាច្រើនដង ពីព្រោះមកពីរលកទាំងឡាយ ដូចជាភ្នំ ដែលបានបោកមកលើពួកគេ ព្រមទាំងព្យុះដ៏ធំគួរឲ្យខ្លាចដែលបណ្ដាលមកពីសភាពខ្លាំងក្លានៃខ្យល់។
៧ហើយហេតុការណ៍បានកើតឡើងថា កាលពួកគេត្រូវកប់នៅក្នុងទីជម្រៅ នោះគ្មានទឹកអាចចូលទៅបៀតបៀនពួកគេបានឡើយ គឺភេត្រារបស់ពួកគេជិតដូចជាចាន ហើយក៏ជិតដូចទូកធំរបស់លោកណូអេដែរ ហេតុដូច្នេះហើយ កាលពួកគេត្រូវហ៊ុមព័ទ្ធជុំវិញដោយទឹកជាច្រើន នោះពួកគេបានអំពាវនាវទៅព្រះអម្ចាស់ ហើយទ្រង់បាននាំយកពួកគេឡើងមកលើទឹកវិញ។
៨ហើយហេតុការណ៍បានកើតឡើងថា ខ្យល់បក់មិនឈប់ឈរឆ្ពោះទៅដែនដីសន្យា នៅពេលដែលពួកគេនៅលើទឹក ម្ល៉ោះហើយ ពួកគេត្រូវបានរុញទៅដោយខ្យល់។
៩ហើយពួកគេបានច្រៀងសរសើរតម្កើងដល់ព្រះអម្ចាស់ មែនហើយ បងរបស់យ៉ារេឌបានច្រៀងសរសើរតម្កើងដល់ព្រះអម្ចាស់ ហើយលោកបានថ្លែងអំណរគុណ ហើយសរសើរតម្កើងដល់ព្រះអម្ចាស់ពេញមួយថ្ងៃ ហើយកាលវេលាយប់មកដល់ នោះពួកគេពុំបានឈប់សរសើរតម្កើងដល់ព្រះអម្ចាស់ឡើយ។
១០ម្ល៉ោះហើយ ពួកគេត្រូវបានរុញទៅមុខ ហើយគ្មានយក្សសមុទ្រអាចបំបាក់ពួកគេឡើយ ហើយត្រីបាឡែនក៏មិនអាចបៀតបៀនពួកគេដែរ ហើយពួកគេមានពន្លឺជាប់រហូត ទោះជានៅលើទឹក ក៏ដូចជានៅក្រោមទឹកក្ដី។
១១ម្ល៉ោះហើយ ពួកគេត្រូវបានរុញទៅមុខ អស់រយៈពេលបីរយសែសិបបួនថ្ងៃនៅលើទឹក។
១២ហើយពួកគេបានឡើងទៅលើត្រើយនៃដែនដីសន្យា។ ហើយកាលពួកគេបានដាក់ជើងលើត្រើយនៃដែនដីសន្យាហើយ នោះពួកគេបានក្រាបទៅលើដី ហើយបានបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ ហើយបានស្រក់ទឹកភ្នែកដោយសេចក្ដីអំណរនៅចំពោះព្រះអម្ចាស់ ដោយសារសេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់ឥតគណនារបស់ទ្រង់ដល់ពួកគេ។
១៣ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានទៅលើផ្ទៃដែនដី ហើយចាប់ផ្ដើមកាប់គាស់ដី។
១៤ហើយយ៉ារេឌមានកូនប្រុសបួននាក់ ហើយពួកគេត្រូវបានហៅថា យ៉ាកុម និងគីលកា និងម៉ាហា និងអូរៃហា។
១៥ហើយបងរបស់យ៉ារេឌក៏បង្កើតបានកូនប្រុស និងកូនស្រីទាំងឡាយ។
១៦ហើយពួកមិត្តភក្តិរបស់យ៉ារេឌ និងបងរបស់លោកមានចំនួនប្រហែលជាម្ភៃពីរនាក់ ហើយពួកគេផងក៏បង្កើតបានកូនប្រុស និងកូនស្រីទាំងឡាយ មុនពេលពួកគេមកកាន់ដែនដីសន្យា ហេតុដូច្នេះហើយ ពួកគេបានចាប់ផ្ដើមកើនចំនួនជាច្រើន។
១៧ហើយពួកគេត្រូវបានបង្រៀនឲ្យដើរយ៉ាងរាបទាបនៅចំពោះព្រះអម្ចាស់ ហើយពួកគេក៏ត្រូវបានបង្រៀនពីស្ថានលើ។
១៨ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានចាប់ផ្ដើមរាលដាលនៅពាសពេញលើផ្ទៃដែនដី ហើយកើនចំនួន ហើយកាប់គាស់ដី ហើយពួកគេបានក្លាយទៅជាខ្លាំងពូកែនៅលើដែនដី។
១៩ហើយបងរបស់យ៉ារេឌ បានចាប់ផ្ដើមមានវ័យចាស់ ហើយបានឃើញថា មិនយូរប៉ុន្មានទេ លោកនឹងត្រូវចុះទៅក្នុងផ្នូរ ហេតុដូច្នោះហើយ លោកបាននិយាយទៅកាន់យ៉ារេឌថា ៖ ចូរយើងប្រមូលប្រជាជនយើងមក ដើម្បីយើងអាចរាប់ចំនួនពួកគេ ដើម្បីយើងអាចដឹងថា តើពួកគេមានប្រាថ្នាចង់បានអ្វីពីយើង មុនពេលយើងចុះទៅក្នុងផ្នូរ។
២០ហើយស្របតាមការណ៍នេះ ប្រជាជនបានប្រមូលគ្នាមក។ ឥឡូវនេះ ចំនួនកូនប្រុស និងកូនស្រីនៃបងរបស់យ៉ារេឌមានម្ភៃពីរនាក់ ហើយចំនួនកូនប្រុស និងកូនស្រីនៃយ៉ារេឌមានដប់ពីរនាក់ គឺលោកមានកូនប្រុសបួននាក់។
២១ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានរាប់ចំនួនប្រជាជនរបស់គេ ហើយបន្ទាប់ពីពួកគេបានរាប់ចំនួនពួកគេហើយ នោះពួកគេបានសួរពួកគេនូវអ្វីដែលពួកគេចង់ឲ្យពួកគេធ្វើ មុនពេលពួកគេចុះទៅក្នុងផ្នូរ។
២២ហើយហេតុការណ៍បានកើតឡើងថា ប្រជាជនចង់ឲ្យពួកគេចាក់ប្រេងតាំងកូនប្រុសម្នាក់របស់ពួកគេឲ្យធ្វើជាស្ដេចលើពួកគេ។
២៣ហើយឥឡូវនេះ មើលចុះ ការណ៍នេះបានធ្វើឲ្យពួកគេព្រួយជាខ្លាំង។ ហើយបងរបស់យ៉ារេឌបាននិយាយទៅកាន់ពួកគេថា ៖ ប្រាកដជាការណ៍នេះនឹងនាំទៅរកការជាប់ឃុំឃាំងជាមិនខានឡើយ។
២៤ប៉ុន្តែ យ៉ារេឌបាននិយាយទៅកាន់បងរបស់លោកថា ៖ ចូរអនុញ្ញាតឲ្យពួកគេមានស្ដេចមួយចុះ។ ហេតុដូច្នេះហើយ ទើបលោកបាននិយាយទៅពួកគេថា ៖ ចូរអ្នករាល់គ្នារើសស្ដេចមួយ ពីចំណោមកូនប្រុសទាំងឡាយរបស់ពួកយើងចុះ នូវអ្នកណាម្នាក់ដែលអ្នករាល់គ្នាចង់បាន។
២៥ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានរើសយកកូនច្បងនៃបងរបស់យ៉ារេឌ ហើយឈ្មោះលោកគឺ ពេកាក។ ហើយហេតុការណ៍បានកើតឡើងថា លោកបានប្រកែកមិនព្រមធ្វើជាស្ដេចរបស់ពួកគេឡើយ។ ហើយប្រជាជនចង់ឲ្យឪពុកលោកបង្ខំលោក ប៉ុន្តែឪពុកលោកមិនព្រមសោះ ហើយលោកបានបញ្ជាទៅពួកគេថា ពួកគេមិនត្រូវបង្ខំអ្នកណាឲ្យធ្វើជាស្ដេចរបស់គេឡើយ។
២៦ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានរើសអស់ទាំងប្អូនប្រុសរបស់ពេកាក ហើយពួកគេមិនព្រមឡើយ។
២៧ហើយហេតុការណ៍បានកើតឡើងថា ពួកកូនប្រុសរបស់យ៉ារេឌក៏មិនព្រមដែរ គឺទាំងអស់គ្នា លើកលែងតែម្នាក់ប៉ុណ្ណោះ ហើយអូរៃហាត្រូវបានចាក់ប្រេងតាំងឲ្យធ្វើជាស្ដេចលើប្រជាជន។
២៨ហើយទ្រង់បានចាប់ផ្ដើមសោយរាជ្យ ហើយប្រជាជនបានចាប់ផ្ដើមចម្រើនឡើង ហើយពួកគេបានក្លាយជាមានទ្រព្យសម្បត្តិជាច្រើនលើសលប់។
២៩ហើយហេតុការណ៍បានកើតឡើងថា យ៉ារេឌបានស្លាប់ទៅ ហើយបងរបស់លោកផង។
៣០ហើយហេតុការណ៍បានកើតឡើងថា អូរៃហាបានដើរយ៉ាងរាបទាបនៅចំពោះព្រះអម្ចាស់ ហើយបាននឹកចាំដល់ការណ៍ដ៏ធំទាំងឡាយ ដែលព្រះអម្ចាស់ទ្រង់បានធ្វើដើម្បីបិតារបស់ទ្រង់ ហើយព្រមទាំងបានបង្រៀនប្រជាជនរបស់ទ្រង់អំពីការណ៍ដ៏ធំទាំងឡាយ ដែលព្រះអម្ចាស់ទ្រង់បានធ្វើ ដើម្បីពួកអយ្យកោរបស់គេផង៕