ជំពូកទី ៥
សាក្សីបីនាក់ និងកិច្ចការនេះផ្ទាល់ នឹងឈរជាសាក្សីដល់ភាពពិតនៃព្រះគម្ពីរមរមន។
១ហើយឥឡូវនេះ ខ្ញុំមរ៉ូណៃ បានសរសេរនូវពាក្យទាំងឡាយ ដែលត្រូវបានបញ្ជាដល់ខ្ញុំ ស្របតាមស្មារតីរបស់ខ្ញុំ ហើយខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីវត្ថុទាំងឡាយដែលខ្ញុំបានបិទទុក ហេតុដូច្នេះហើយ ចូរកុំប៉ះពាល់នូវវត្ថុទាំងនោះឡើយ ដើម្បីឲ្យអ្នករាល់គ្នាអាចបកប្រែ ត្បិតការណ៍នោះត្រូវបានហាមដល់អ្នក លើកលែងតែមិនយូរប៉ុន្មានទេ វានឹងទៅជាប្រាជ្ញានៅក្នុងព្រះ។
២ហើយមើលចុះ អ្នកអាចមានឯកសិទ្ធិ ថាអ្នករាល់គ្នាអាចបង្ហាញផ្ទាំងទាំងនេះដល់អស់អ្នកណាដែលនឹងជួយនាំការណ៍នេះចេញមក។
៣ហើយផ្ទាំងទាំងនោះ នឹងត្រូវបានបង្ហាញដល់មនុស្សបីនាក់ ដោយព្រះចេស្ដានៃព្រះ ហេតុដូច្នោះហើយ ពួកគេនឹងដឹងយ៉ាងច្បាស់ ថាការណ៍ទាំងនេះពិត។
៤ហើយតាមមាត់របស់សាក្សីបីនាក់ នោះការណ៍ទាំងនេះនឹងត្រូវបានបញ្ជាក់ ហើយទីបន្ទាល់របស់អ្នកទាំងបី និងកិច្ចការនេះ ដែលនៅក្នុងនោះនឹងបង្ហាញនូវព្រះចេស្ដានៃព្រះ និងព្រះបន្ទូលរបស់ទ្រង់ផង ដែលព្រះវរបិតា និងព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ដល់ការណ៍នោះ — ហើយការណ៍អស់ទាំងនេះ នឹងឈរជាសាក្សីទាស់នឹងមនុស្សលោកនៅថ្ងៃចុងក្រោយបង្អស់។
៥ហើយប្រសិនបើពួកគេប្រែចិត្តយ៉ាងនេះមែន ហើយមករកព្រះវរបិតាដោយនូវព្រះនាមព្រះយេស៊ូវ នោះពួកគេនឹងត្រូវបានទទួលទៅក្នុងនគរព្រះ។
៦ហើយឥឡូវនេះ បើសិនជាខ្ញុំគ្មានសិទ្ធិអំណាចអ្វីនៅក្នុងការណ៍អស់ទាំងនេះទេ ចូរអ្នកវិនិច្ឆ័យចុះ ត្បិតអ្នករាល់គ្នានឹងដឹងថា ខ្ញុំមានសិទ្ធិអំណាច កាលណាអ្នកនឹងឃើញខ្ញុំ ហើយយើងរាល់គ្នានឹងឈរនៅចំពោះព្រះនៅថ្ងៃចុងក្រោយបង្អស់។ អាម៉ែន៕