ព្រះគម្ពីរ
អាលម៉ា 9


ពាក្យ​ពេចន៍​នៃ​អាលម៉ា ព្រម​ទាំង​ពាក្យ​ពេចន៍​នៃ​អាមូលេក ដែល​បាន​ប្រកាស​ទៅ​កាន់​ប្រជាជន​នៅ​លើ​ដែនដី​អាំម៉ូណៃហា។ ហើយ​ពួក​គេ​ក៏​ត្រូវ​បាន​ចាប់​ដាក់​គុក ហើយ​ត្រូវ​បាន​ដោះ​ឲ្យ​រួច​ដោយ​ព្រះ​ចេស្ដា​ដ៏​អស្ចារ្យ​នៃ​ព្រះ ដែល​នៅ​ក្នុង​គេតាម​បញ្ជី​របស់​អាលម៉ា។

មាន​រួម​ពី​ជំពូក​ទី ៩ ដល់ ១៤។

ជំពូក​ទី ៩

អាលម៉ា​បញ្ជា​ឲ្យ​ប្រជាជន​នៅ​ដែនដី​អាំម៉ូណៃហា​ប្រែចិត្ត — ព្រះ​អម្ចាស់​ទ្រង់​នឹង​មេត្តាករុណា​ដល់​ពួក​សាសន៍​លេមិន នៅ​គ្រា​ចុង​ក្រោយ​បង្អស់ — បើ​សិន​ជា​ពួក​នីហ្វៃ​បដិសេធ​ពន្លឺ នោះ​ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ចោល​ដោយ​ពួក​លេមិន — ព្រះ​រាជ​បុត្រា​នៃ​ព្រះ​នឹង​យាង​មក​ក្នុង​ពេល​ដ៏​ខ្លី — ទ្រង់​នឹង​ប្រោស​លោះ​អស់​អ្នក​ណា​ដែល​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​នាម​ទ្រង់។ ប្រមាណ​ជា​ឆ្នាំ ៨២ ម.គ.ស.។

ហើយ​ខ្ញុំ អាលម៉ា ដោយ​បាន​បញ្ជា​ពី​ព្រះ​ថា ខ្ញុំ​ត្រូវ​នាំ​អាមូលេក ហើយ​ចេញ​ទៅ​ផ្សាយ​ប្រាប់​ប្រជាជន​នេះ​ទៀត គឺ​ប្រជាជន​ដែល​នៅ​ក្នុង​ក្រុង​អាំម៉ូណៃហា នោះ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​ផ្សាយ​ប្រាប់​គេ នោះ​ពួក​គេ​បាន​ចាប់​ផ្ដើម​ជជែក​ត​នឹង​ខ្ញុំ​ថា ៖

តើ​លោក​ជា​អ្នក​ណា? តើ​លោក​គិត​ស្មាន​ថា ពួក​យើង​នឹង​ជឿ​តាម​ទី​បន្ទាល់​របស់​មនុស្ស​ម្នាក់ ទោះ​ជា​អ្នក​នោះ​ផ្សាយ​ប្រាប់​យើង​ថា ផែនដី​នេះ​នឹង​កន្លង​ផុត​ទៅ​ឬ​អី?

ឥឡូវ​នេះ ពួក​គេ​មិន​យល់​នូវ​ពាក្យ​ទាំង​ឡាយ ដែល​គេ​កំពុងតែ​និយាយ​នោះ​ឡើយ ព្រោះ​ពួក​គេ​ពុំ​ដឹង​ថា ផែនដី​នេះ​នឹង​កន្លង​ផុត​ទៅ​នោះ​ឡើយ​ទេ។

ហើយ​ពួក​គេ​ក៏​បាន​និយាយ​ដែរ​ថា ៖ យើង​ពុំ​ជឿ​ពាក្យ​សម្ដី​របស់​លោក​ទេ ទោះ​ជា​លោក​ព្យាករ​ថា ទី​ក្រុង​ដ៏​ធំ​នេះ​នឹង​ត្រូវ​បំផ្លាញ​ចោល​ក្នុង​តែមួយ​ថ្ងៃ​ក៏​ដោយ។

ឥឡូវ​នេះ ពួក​គេ​ពុំ​ដឹង​ថា ព្រះ​ទ្រង់​អាច​ធ្វើ​បាន​នូវ​កិច្ចការ​ដ៏​អស្ចារ្យ​បែប​នេះ​បាន​ឡើយ ព្រោះ​ពួក​គេ​ជា​ប្រជាជន​ដែល​មាន​ចិត្ត​រឹងរូស ហើយ​ក្បាលរឹង។

ហើយ​ពួក​គេ​បាន​និយាយ​ថា ៖ តើ​ព្រះ​ជា​អ្នក​ណា​ទៅ បាន​ជា​មិន​ចាត់​ឲ្យ​អ្វី​ដែល​មាន​អំណាច​ជាជាង​មនុស្ស​ម្នាក់ ឲ្យ​មក​ក្នុង​ចំណោម​ប្រជាជន​នេះ ដើម្បី​ប្រកាស​ប្រាប់​ដល់​គេ​នូវ​សេចក្ដី​ពិត​នៃ​កិច្ចការ​ដ៏​ធំ និង​អស្ចារ្យ​បែប​នេះ?

ហើយ​ពួក​គេ​បាន​ស្ទុះ​មក​យា​ដៃ​រក​វាយ​ខ្ញុំ ប៉ុន្តែ​មើល​ចុះ គេ​វាយ​ពុំ​បាន​សោះ។ ហើយ​ខ្ញុំ​បាន​ឈរ​នៅ​ដោយ​ក្លាហាន ទាំង​ប្រកាស​ប្រាប់​ទៅ​គេ មែន​ហើយ ខ្ញុំ​ធ្វើ​ទី​បន្ទាល់​ដោយ​ក្លាហាន​ទៅ​រក​គេ​ថា ៖

មើល​ចុះ នែ៎ ពួក​តំណ​មនុស្ស​ទុច្ចរិត និង​ខូច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភ្លេច​សណ្ដាប់​របស់​ពួក​អយ្យកោ​អ្នក មែន​ហើយ ហេតុ​អ្វី​បាន​ជា​អ្នក​ឆាប់​ភ្លេច​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​ម្ល៉េះ?

តើ​អ្នក​រាល់​គ្នា​មិន​ចាំ​ទេ​ឬ​ថា លីហៃ ជា​អយ្យកោ​របស់​យើង ត្រូវ​បាន​នាំ​ចេញ​ពី​ក្រុង​យេរូសាឡិម​ដោយ​ព្រះ​ហស្ត​នៃ​ព្រះ? តើ​អ្នក​រាល់​គ្នា​មិន​ចាំ​ទេ​ឬ​ថា ទ្រង់​បាន​នាំ​ពួក​គេ​ទាំង​អស់​គ្នា កាត់​ទី​រហោស្ថាន?

១០ហើយ​តើ​អ្នក​រាល់​គ្នា​ឆាប់​ភ្លេច​ម្ល៉េះ​ថា តើ​ប៉ុន្មាន​លើក​ហើយ ដែល​ទ្រង់​បាន​ដោះ​លែង​ពួក​អយ្យកោ​យើង​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​គេ ហើយ​បាន​ថែរក្សា​គេ​កុំ​ឲ្យ​ត្រូវ​បំផ្លាញ​បង់ ដោយ​កណ្ដាប់​ដៃ​របស់​បង​ប្អូន​គេ​ផ្ទាល់​ផង​នោះ?

១១មែន​ហើយ ហើយ​បើ​សិន​ជា​ពុំ​ដោយ​ព្រះ​ចេស្ដា​ដ៏​ឥត​ប្រៀបផ្ទឹម​បាន​របស់​ទ្រង់ និង​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់ និង​សេចក្ដី​អត់ធ្មត់​របស់​ទ្រង់​ចំពោះ​យើង​នោះ​ទេ យើង​ក៏​ច្បាស់​ជា​ត្រូវ​កាត់​ចេញ​ពី​ផ្ទៃ​ផែនដី​ជា​យូរ​ទៅ​ហើយ គឺ​មុន​រយៈ​ពេល​នេះ ហើយ​ប្រ​ហែល​ជា​ត្រូវ​ជាប់​ឃុំឃាំង​ក្នុង​ស្ថានភាព​មួយ​ដ៏​ប្រកប​ដោយ​ការ​ឈឺ​ចាប់ និង​វេទនា​ដ៏​មិន​ចេះ​មិន​ចេះ​ហើយ។

១២មើល​ចុះ ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ទ្រង់​បាន​បញ្ជា​ឲ្យ​អ្នក​ប្រែចិត្ត ហើយ​លើក​លែង​តែ​អ្នក​រាល់​គ្នា​ប្រែចិត្ត បើ​ពុំ​នោះ​សោត​ទេ អ្នក​មិន​អាច​គ្រង​នគរ​ព្រះ​ទុកជា​មរតក​បាន​ឡើយ។ ប៉ុន្តែ​មើល​ចុះ ការណ៍​នេះ​មិនទាន់​អស់​នៅ​ឡើយ​ទេ — ទ្រង់​បា​ន​បញ្ជា​ឲ្យ​អ្នក​ប្រែ​ចិត្ត បើ​ពុំ​នោះ​សោត​ទេ ទ្រង់​នឹង​បំផ្លាញ​អ្នក​ឲ្យ​អស់​រលីង​ពី​ផ្ទៃ​ផែនដី​នេះ​ទៅ មែន​ហើយ ទ្រង់​នឹង​មក​ពិនិត្យ​ពិច័យ​អ្នក​ក្នុង​សេចក្ដី​ពិរោធ​របស់​ទ្រង់ ហើយ​ក្នុង​សេចក្ដី​ពិរោធ​ដ៏​ខ្ញាល់​របស់​ទ្រង់ នោះ​ទ្រង់​នឹង​ពុំ​បែរ​ចេញ​ឡើយ។

១៣មើល​ចុះ តើ​អ្នក​រាល់​គ្នា​មិន​ចាំ​ទេ​ឬ នូវ​ព្រះ​បន្ទូល​ទាំង​ប៉ុន្មាន ដែល​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​កាន់​លីហៃ​ថា ៖ ដរាបណា​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ចម្រើន​ឡើង​នៅ​លើ​ដែនដី? ហើយ​ព្រះ​បន្ទូល​បន្ត​ទៀត​ថា ៖ ដរាបណា​អ្នក​រាល់​គ្នា​មិន​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​កាត់​ចេញ​ពី​វត្តមាន​នៃ​ព្រះ​អម្ចាស់។

១៤ឥឡូវ​នេះ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចាំ​ថា ដរាបណា​ពួក​សាសន៍​លេមិន​ពុំ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​ទេ នោះ​ពួក​គេ​នឹង​ត្រូវ​កាត់​ចេញ​ពី​វត្ត​មាន​នៃ​ព្រះ​អម្ចាស់។ ឥឡូវ​នេះ យើង​ឃើញ​ថា ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ ត្រូវ​បាន​បញ្ជាក់​ក្នុង​ការណ៍​នេះ ហើយ​ពួក​លេមិន​ត្រូវ​បាន​កាត់​ចេញ​ពី​វត្ត​មាន​របស់​ទ្រង់ ចាប់​តាំង​ពី​ពេល​ដែល​គេ​បាន​ធ្វើ​សេចក្ដី​ល្មើស​នៅ​ក្នុង​ដែនដី​ម្ល៉េះ។

១៥ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ខ្ញុំ​សូម​ប្រាប់​អ្នក​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ ពួក​គេ​នឹង​ទ្រាំ​បាន​ងាយ​ជាង​អ្នក​រាល់​គ្នា បើ​សិន​ជា​អ្នក​រាល់​គ្នា​នៅ​ក្នុង​អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក មែន​ហើយ ហើយ​ពួក​គេ​នឹង​ទ្រាំ​បាន​ងាយ​ជាង​អ្នក​រាល់​គ្នា​នៅ​ក្នុង​ជីវិត​នេះ បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​ប្រែចិត្ត​ទេ។

១៦ត្បិត​មាន​ពាក្យ​សន្យា​ជាច្រើន ដែល​បាន​ពន្យារ​សន្ធឹង​ឲ្យ​ដល់​ពួក​សាសន៍​លេមិន ត្បិត​មក​ពី​សណ្ដាប់​ទាំង​ឡាយ​នៃ​ពួក​អយ្យកោ​របស់​គេ ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​ស្ថិតនៅ​ក្នុង​ស្ថានភាព​ល្ងឹតល្ងង់ ហេតុ​ដូច្នេះ​ហើយ ព្រះ​អម្ចាស់​ទ្រង់​នឹង​មាន​សេចក្ដី​មេត្តាករុណា​ដល់​គេ ហើយ​ទុក​ឲ្យ​គេ​រស់​នៅ​លើ​ដែនដី​នេះ​ត​ទៅ។

១៧ហើយ​នៅ​ពេល​ណាមួយ នោះ​ពួក​គេ​នឹង​ត្រូវ​បាន​នាំ​ឲ្យ​ជឿ​ដល់​ព្រះ​បន្ទូល​របស់​ទ្រង់ ហើយ​ឲ្យ​ដឹង​នូវ​ការ​ខុស​របស់​សណ្ដាប់​ទាំង​ឡាយ​នៃ​ពួក​អយ្យកោ​របស់​គេ ហើយ​ពួក​គេ​ជាច្រើន​នឹង​បាន​សង្គ្រោះ ព្រោះ​ព្រះ​អម្ចាស់​ទ្រង់​នឹង​មាន​សេចក្ដី​មេត្តាករុណា​ដល់​អស់​អ្នក​ណា​ដែល​អំពាវនាវ​ដល់​ព្រះ​នាម​ទ្រង់។

១៨ប៉ុន្តែ​មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​នៅ​តែ​ទទឹង​ធ្វើ​អំពើ​ទុច្ចរិត នោះ​ជីវិត​របស់​អ្នក​នឹង​ពុំ​ត្រូវ​បាន​ពន្យារ​នៅ​លើ​ដែនដី​ឡើយ ត្បិត​ពួក​លេមិន​នឹង​ត្រូវ​បាន​ចាត់​ឲ្យ​វាយ​មក​លើ​អ្នក​វិញ ហើយ​បើ​អ្នក​រាល់​គ្នា​មិន​ប្រែចិត្ត​ទេ នោះ​ពួក​គេ​នឹង​មក​ក្នុង​ពេល​ដែល​អ្នក​ពុំ​ដឹង ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ជួប​នឹង​ការ​បំផ្លិចបំផ្លាញ​ទាំង​ស្រុង ហើយ​ការណ៍​នេះ​នឹង​កើត​ឡើង តាម​សេចក្ដី​ពិរោធ​ដ៏​ខ្ញាល់​នៃ​ព្រះ​អម្ចាស់។

១៩ត្បិត​ទ្រង់​នឹង​ពុំ​ទ្រាំ​ឲ្យ​អ្នក​រស់នៅ​ក្នុង​សេចក្ដី​ទុច្ចរិត ដើម្បី​បំផ្លាញ​រាស្ត្រ​ទ្រង់​ឡើយ។ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ៖ ទេ ទ្រង់​សុខចិត្ត​ឲ្យ​ពួក​លេមិន​បំផ្លាញ​រាស្ត្រ​ទ្រង់​ទាំង​អស់ ដែល​ហៅ​ថា ប្រជាជន​នីហ្វៃ​វិញ បើ​សិន​ជា​ពួក​គេ​ធ្លាក់​ទៅ​ក្នុង​អំពើ​បាប​ទាំង​ឡាយ និង​អំពើ​ល្មើស​ទាំង​ឡាយ ក្រោយ​ពី​បាន​ទទួល​ពន្លឺ​ដ៏​ច្រើន និង​ការ​ចេះ​ដឹង​ដ៏​ច្រើន ដែល​បាន​ប្រទាន​ឲ្យ​គេ ដោយ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ។

២០មែន​ហើយ បន្ទាប់​ពី​បាន​ទៅ​ជា​ប្រជាជន​ដ៏​សំណប់​ជា​ខ្លាំង​នៃ​ព្រះ មែន​ហើយ បន្ទាប់​ពី​បាន​ប្រោសប្រណី​លើ​គ្រប់​ទាំង​សាសន៍ ទាំង​ពូជ​មនុស្ស ទាំង​ភាសា ទាំង​ប្រជាជន​ឯ​ទៀត ក្រោយ​ពី​បាន​ដឹង​នូវ​កិច្ចការ​ទាំង​អស់ ស្រប​តាម​ការ​ប៉ង​ប្រាថ្នា​ទាំង​ឡាយ​របស់​គេ និង​សេចក្ដី​ជំនឿ និង​ការ​អធិស្ឋាន​របស់​គេ​នូវ​អ្វី​ដែល​បាន​កន្លង​ផុត​ទៅ អ្វី​ដែល​មាន និង​អ្វី​ដែល​នឹង​កើត​ឡើង​ក្នុង​ថ្ងៃ​មុខ។

២១បាន​ព្រះ​វិញ្ញាណ​នៃ​ព្រះ​យាង​មក​ជួប បាន​សន្ទនា​ជាមួយ​នឹង​ពួក​ទេវតា ហើយ​បាន​ឮ​សំឡេង​នៃ​ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល​មក​រក ហើយ​មាន​វិញ្ញាណ​ខាង​ការ​ព្យាករណ៍ និង​វិញ្ញាណ​នៃ​វិវរណៈ និង​អំណោយទាន​ជាច្រើន​ផង អំណោយទាន​ខាង​ការ​និយាយ​ភាសា និង​អំណោយទាន​នៃ​ការ​ផ្សាយ​សាសនា និង​អំណោយទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​អំណោយទាន​ខាង​ការ​បកប្រែ

២២មែន​ហើយ ហើយ​បន្ទាប់​ពី​បាន​ព្រះ​ទ្រង់​ដោះ​លែង​ឲ្យ​រួច​ផុត​ពី​ដែនដី​យេរូសាឡិម ដោយ​ព្រះ​ហស្ត​នៃ​ព្រះ​អម្ចាស់ បន្ទាប់​ពី​បាន​សង្គ្រោះ​ឲ្យ​រួច​ពី​អំណត់​អត់ និង​ពី​ជំងឺ និង​ពី​រោគា​គ្រប់​បែប​យ៉ាង ហើយ​ពួក​គេ​មាន​កម្លាំង​ខ្លាំងពូកែ​នៅ​ក្នុង​ចម្បាំង ដើម្បី​កុំ​ឲ្យ​ពួក​គេ​ត្រូវ​បំផ្លាញ​បង់ ត្រូវ​បាន​នាំ​ឲ្យ​រួច​ផុត​ពី​សេវក​ភាព​ច្រើន​លើក​ច្រើនគ្រា ហើយ​ត្រូវ​បាន​រក្សា​ឲ្យ​គង់​វង់ រហូត​ដល់​ពេល​ឥឡូវ​នេះ ហើយ​ពួក​គេ​បាន​ចម្រើន​ឡើង រហូត​ដល់​គេ​មាន​ទ្រព្យ​គ្រប់​បែប​យ៉ាង —

២៣ហើយ​ឥឡូវ​នេះ មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា បើ​សិន​ជា​ប្រជាជន​នេះ ដែល​បាន​ទទួល​ពរ​ជាច្រើន​ពី​ព្រះ​ហស្ត​នៃ​ព្រះ​អម្ចាស់ បែរជា​ធ្វើ​អំពើ​ល្មើស​ផ្ទុយ​ទៅ​នឹង​ពន្លឺ និង​ការ​ចេះ​ដឹង​ដែល​គេ​មាន​ទៅ​វិញ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា បើ​សិន​ជា​នៅ​ក្នុង​ករណី​នេះ​ថា បើ​សិន​ជា​គេ​ធ្លាក់​ទៅ​ក្នុង​អំពើ​ល្មើស នោះ​ពួក​លេមិន​នឹង​ទ្រាំ​បាន​ងាយ​ជាង​ពួក​គេ។

២៤ត្បិត​មើល​ចុះ ខ​សន្យា​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ត្រូវ​បាន​ឲ្យ​ទៅ​ពួក​លេមិន តែ​ខ​សន្យា​ទាំង​នោះ​មិន​ឲ្យ​ទៅ​អ្នក​ឡើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​ធ្វើ​អំពើ​ល្មើស ត្បិត​តើ​ព្រះ​អម្ចាស់​ទ្រង់​ពុំ​បាន​សន្យា​យ៉ាង​ច្បាស់ ហើយ​ដាក់​ច្បាប់​ដ៏​តឹង​រឹង​ថា បើ​សិន​ជា អ្នក​រាល់​គ្នា​បះបោរ​ទាស់​នឹង​ទ្រង់ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បំផ្លាញ​ចោល​ឲ្យ​អស់​រលីង​ចេញ​ពី​ផ្ទៃ​ផែនដី​នេះ​ឬ​ទេ?

២៥ហើយ​ឥឡូវ ដោយ​ហេតុ​នេះ​ថា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​បំផ្លាញ​បង់ នោះ​ព្រះ​អម្ចាស់​ទ្រង់​បាន​ចាត់​ឲ្យ​ទេវតា​របស់​ទ្រង់​មក​រក​រាស្ត្រ​ទ្រង់​ជាច្រើន​ដង ដោយ​ប្រកាស​ប្រាប់​ពួក​គេ​ថា ពួក​គេ​ត្រូវ​ចេញ​ទៅ ហើយ​ស្រែក​ប្រកាស​ដ៏​ខ្លាំង​ដល់​ប្រជាជន​នេះ​ថា ៖ ចូរ​ប្រែចិត្ត​ចុះ ត្បិត​នគរ​ស្ថានសួគ៌​នៅ​ជិត​ដៃ​បង្កើយ។

២៦ហើយ​នៅ​មិន​យូរ​ថ្ងៃ​ប៉ុន្មាន​ទេ នោះ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​នឹង​យាង​មក​នៅ​ក្នុង​សិរី​ល្អ​របស់​ទ្រង់ ហើយ​សិរី​ល្អ​របស់​ទ្រង់ នឹង​ទៅ​ជា​សិរី​ល្អ​របស់​ព្រះ​រាជ​បុត្រា​បង្កើត​តែមួយ​នៃ​ព្រះ​វរបិតា ពោរពេញ​ទៅ​ដោយ​ព្រះ​គុណ សេចក្ដី​យុត្តិធម៌ និង​សេចក្ដី​ពិត ពោរពេញ​ទៅ​ដោយ​សេចក្ដី​អត់ធន់ សេចក្ដី​មេត្តាករុណា ហើយ​សេចក្ដី​អត់ធ្មត់ ឆាប់​ឮ​សម្រែក​របស់​រាស្ត្រ​ទ្រង់ ហើយ​ឆ្លើយតប​ដល់​ពាក្យ​អធិស្ឋាន​របស់​គេ​ផង។

២៧ហើយ​មើល​ចុះ ទ្រង់​នឹង​យាង​មក​ប្រោស​លោះ​អស់​អ្នក​ណា ដែល​នឹង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ចំពោះ​ការ​ប្រែចិត្ត ស្រប​តាម​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​នាម​ទ្រង់។

២៨ហេតុ​ដូច្នេះ​ហើយ ចូរ​អ្នក​រាល់​គ្នា​រៀបចំ​ផ្លូវ​ទទួល​ព្រះ​អម្ចាស់​ចុះ ព្រោះ​ពេល​នោះ​នៅ​ជិត​ដៃ​បង្កើយ ដែល​មនុស្ស​លោក​ទាំង​អស់​នឹង​ច្រូត​នូវ​រង្វាន់​នៃ​កិច្ចការ​ទាំង​ឡាយ​របស់​ខ្លួន ស្រប​តាម​អ្វីៗ​ដែល​គេ​បាន​ប្រព្រឹត្ត — បើ​សិន​ជា​ពួក​គេ​សុចរិត នោះ​ពួក​គេ​នឹង​ច្រូត​យក​សេចក្ដី​សង្គ្រោះ​ដល់​ព្រលឹង​គេ ស្រប​តាម​ព្រះ​ចេស្ដា និង​ការ​ដោះ​លែង​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​បើ​សិន​ជា​ពួក​គេ​អាក្រក់​វិញ នោះ​ពួក​គេ​នឹង​ច្រូត​យក​សេចក្ដី​ជាប់​ទោស​នៃ​ព្រលឹង​ទាំង​ឡាយ​របស់​គេ ស្រប​តាម​អំណាច និង​ការ​ជាប់​ឃុំឃាំង​នៃ​អារក្ស។

២៩ឥឡូវ​នេះ មើល​ចុះ នេះ​គឺជា​សំឡេង​នៃ​ទេវតា​ស្រែក​ប្រកាស​ដល់​ប្រជាជន។

៣០ហើយ​ឥឡូវ​នេះ នែ៎ បង​ប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ព្រោះ​អ្នក​រាល់​គ្នា​ជា​បង​ប្អូន​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​គួរតែ​ជាទី​ស្រឡាញ់ ហើយ​អ្នក​រាល់​គ្នា​គួរតែ​នាំ​មក​នូវ​កិច្ចការ​ទាំង​ឡាយ ដែល​សម​នឹង​ការ​ប្រែចិត្ត​ដោយ​ឃើញ​ថា ចិត្ត​អ្នក​បាន​រឹងទទឹង​ជា​ខ្លាំង​ទាស់​នឹង​ព្រះ​បន្ទូល​នៃ​ព្រះ ហើយ​ដោយ​ឃើញ​ថា អ្នក​រាល់​គ្នា​ជា​ប្រជាជន​មួយ​កំពុងតែ​វង្វេង ហើយ​ធ្លាក់។

៣១ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាលដែល​ខ្ញុំ អាលម៉ា បាន​និយាយ​ពាក្យ​អស់​ទាំង​នេះ​ហើយ មើល​ចុះ ប្រជាជន​ក្រេវក្រោធ​នឹង​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​ប្រាប់​គេ​ថា គេ​ជា​ប្រជាជន​មួយ​ដែល​មាន​ចិត្ត​រឹងរូស ហើយ​ក្បាលរឹង

៣២ហើយ​ម្យ៉ាង​ទៀត ពី​ព្រោះ​ខ្ញុំ​បាន​ប្រាប់​គេ​ថា គេ​ជា​ប្រជាជន​មួយ​ដែល​វង្វេង ហើយ​ធ្លាក់​ផង នោះ​គេ​ខឹង​នឹង​ខ្ញុំ ហើយ​រក​ចាប់​ខ្ញុំ ដើម្បី​យក​ទៅ​ដាក់​គុក។

៣៣ប៉ុន្តែ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​ពុំ​ទុក​ឲ្យ​ពួក​គេ ចាប់​ខ្ញុំ​យក​ទៅ​ដាក់​គុក​ក្នុង​ពេល​នោះ​ឡើយ។

៣៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាមូលេក​បាន​ចេញ​ទៅ​ឈរ​នៅ​ខាង​មុខ ហើយ​បាន​ចាប់​ផ្ដើម​ផ្សាយ​ប្រាប់​ពួក​គេ​ផង។ ហើយ​ឥឡូវ​នេះ ពាក្យ​ពេចន៍​របស់​អាមូលេក​ពុំ​បាន​កត់​ទុក​ទាំង​អស់​ទេ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពាក្យ​ពេចន៍​នៃ​លោក​មួយ​ភាគ​បាន​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ដែរ៕