ជំពូកទី ៨
អាលម៉ាផ្សាយ ហើយធ្វើបុណ្យជ្រមុជទឹកនៅក្រុងមេលេក — គេមិនទទួលស្គាល់លោក នៅក្រុងអាំម៉ូណៃហា ហើយលោកក៏ចាកចេញទៅ — ទេវតាបញ្ជាឲ្យលោកត្រឡប់ទៅវិញ ហើយប្រកាសប្រាប់ប្រជាជនឲ្យប្រែចិត្ត — អាមូលេកទទួលលោក ហើយអ្នកទាំងពីរផ្សាយនៅក្រុងអាំម៉ូណៃហា។ ប្រមាណជាឆ្នាំ ៨២ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា អាលម៉ាបានត្រឡប់មកពីដែនដីគេឌានវិញ ដោយបន្ទាប់ពីបានបង្រៀនប្រជាជន គេឌាន នូវការណ៍ជាច្រើន ដែលមិនអាចកត់ទុកបាន និងដោយបានតាំងរបៀបរៀបរយនៃសាសនាចក្រ តាមដែលលោកធ្លាប់បានធ្វើពីមុនមកនៅដែនដីសារ៉ាហិមឡា មែនហើយ នោះលោកក៏ត្រឡប់មកផ្ទះរបស់លោក នៅសារ៉ាហិមឡាវិញ ដើម្បីសម្រាកពីកិច្ចការទាំងឡាយដែលលោកបានធ្វើ។
២ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីប្រាំបួនក្នុងរជ្ជកាលនៃពួកចៅក្រមទៅលើប្រជាជននីហ្វៃ។
៣ហើយហេតុការណ៍បានកើតឡើងថា នៅដើមឆ្នាំទីដប់ក្នុងរជ្ជកាលនៃពួកចៅក្រមទៅលើប្រជាជននីហ្វៃ នោះអាលម៉ាបានចេញដំណើរទៅកាន់ដែនដីមេលេក នៅខាងលិចទន្លេស៊ីដូន នៅខាងលិចដែនដី ជាប់ព្រំប្រទល់នឹងទីរហោស្ថាន។
៤ហើយលោកបានចាប់ផ្ដើមបង្រៀនប្រជាជននៅដែនដីមេលេក ស្របតាមរបៀបដ៏បរិសុទ្ធនៃព្រះ គឺតាមរបៀបដែលលោកត្រូវបានហៅ ហើយលោកបានចាប់ផ្ដើមបង្រៀនប្រជាជនទូទៅអស់ទាំងដែនដីមេលេក។
៥ហើយហេតុការណ៍បានកើតឡើងថា ប្រជាជនបានមករកលោកពីគ្រប់ទាំងព្រំប្រទល់ ដែលនៅខាងឯទីរហោស្ថាន ហើយពួកគេបានទទួលបុណ្យជ្រមុជទឹកទូទៅអស់ទាំងដែនដី
៦ម្ល៉ោះហីយ កាលលោកបានបញ្ចប់កិច្ចការរបស់លោក នៅដែនដីមេលេកហើយ នោះលោកក៏បានចេញដំណើរទៅ ហើយបានធ្វើដំណើរអស់បីថ្ងៃ នៅតំបន់ខាងជើងដែនដីមេលេក ហើយលោកបានមកដល់ទីក្រុងមួយហៅថា អាំម៉ូណៃហា។
៧ឥឡូវនេះ ពួកប្រជាជននីហ្វៃមានសណ្ដាប់ហៅដែនដី ទីក្រុង និងភូមិរបស់ខ្លួន មែនហើយ ទាំងភូមិតូចៗទាំងអស់របស់គេ តាមឈ្មោះនៃម្ចាស់ទីនោះមុនគេបង្អស់ ហើយដែនដីអាំម៉ូណៃហា គឺនៅក្នុងករណីនោះដែរ។
៨ហើយហេតុការណ៍បានកើតឡើងថា កាលដែលអាលម៉ាបានមកដល់ទីក្រុងអាំម៉ូណៃហាហើយ នោះលោកបានចាប់ផ្ដើមផ្សាយព្រះបន្ទូលនៃព្រះដល់ពួកគេ។
៩ឥឡូវនេះ អារក្សសាតាំងបានក្ដាប់ជាប់នូវដួងចិត្តនៃប្រជាជននៅទីក្រុងអាំម៉ូណៃហា ហេតុដូច្នេះហើយ ទើបពួកគេពុំស្ដាប់តាមពាក្យរបស់អាលម៉ាឡើយ។
១០ទោះជាយ៉ាងណាក៏ដោយ គង់តែអាលម៉ាបានធ្វើការជាខ្លាំងខាងវិញ្ញាណ ដោយពុះពារខំអធិស្ឋានដល់ព្រះ សូមឲ្យទ្រង់ស្រោចព្រះវិញ្ញាណទ្រង់មកលើប្រជាជនដែលនៅក្នុងទីក្រុង ព្រមទាំងសូមឲ្យទ្រង់អនុញ្ញាតឲ្យលោកធ្វើបុណ្យជ្រមុជទឹកឲ្យពួកគេចំពោះការប្រែចិត្តផង។
១១ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេបានធ្វើចិត្តរឹងរូសដែរ ដោយពោលទៅកាន់លោកថា ៖ មើលចុះ យើងដឹងថា លោកគឺ អាលម៉ា ហើយយើងដឹងថា លោកជាសង្ឃជាន់ខ្ពស់លើសាសនាចក្រ ដែលលោកបានតាំងឡើងនៅច្រើនកន្លែងនៅលើដែនដី ស្របតាមសណ្ដាប់របស់លោក ហើយយើងពុំនៅក្នុងសាសនាចក្ររបស់លោកទេ ហើយយើងពុំជឿតាមសណ្ដាប់ផ្ដេសផ្ដាសបែបនេះឡើយ។
១២ហើយឥឡូវនេះ យើងដឹងថា ពីព្រោះយើងពុំនៅក្នុងសាសនាចក្ររបស់លោក នោះយើងដឹងថា លោកគ្មានអំណាចអ្វីមកលើយើងឡើយ ហើយលោកបានប្រគល់វេទិកាជំនុំជំរះទៅឲ្យនីហ្វៃហាទៅហើយ ហេតុដូច្នេះហើយ លោកពុំមែនជាមេចៅក្រមត្រួតត្រាលើយើងដែរ។
១៣ឥឡូវនេះ កាលដែលប្រជាជនបាននិយាយដូច្នេះ ហើយបានប្រកែកនឹងអស់ទាំងពាក្យសម្ដីរបស់លោក ហើយបានជេរប្រមាថលោក ហើយបានស្ដោះដាក់លោក ហើយបានបណ្ដេញលោកចេញពីទីក្រុងរបស់គេ នោះលោកក៏ចេញទៅ ហើយធ្វើដំណើរឆ្ពោះទៅឯទីក្រុងមួយហៅថា អើរ៉ុន។
១៤ហើយហេតុការណ៍បានកើតឡើងថា នៅពេលដែលលោកកំពុងតែធ្វើដំណើរទៅទីនោះ ពោរពេញទៅដោយសេចក្ដីសោកសៅ លុយកាត់សេចក្ដីទុក្ខលំបាក និងសេចក្ដីគ្រាំគ្រាក្នុងចិត្តជាខ្លាំង ដោយព្រោះអំពើទុច្ចរិតរបស់ប្រជាជន ដែលនៅទីក្រុង អាំម៉ូណៃហានោះ នោះហេតុការណ៍បានកើតឡើងថា កាលអាលម៉ាកំពុងតែពោរពេញទៅដោយក្ដីសោកសៅ មើលចុះ ស្រាប់តែមានទេវតាមួយនៃព្រះអម្ចាស់ បានលេចមកឲ្យលោកឃើញដោយពោលថា ៖
១៥អាលម៉ាអើយ អ្នកមានពរហើយ ហេតុដូច្នេះហើយ ចូរអ្នកងើបមុខឡើង ហើយអររីករាយចុះ ត្បិតអ្នកមានហេតុដ៏ធំចំពោះការអររីករាយ ព្រោះអ្នកមានចិត្តស្មោះក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ចាប់តាំងពីពេលដែលអ្នកបានទទួលបង្គាប់ទីមួយពីទ្រង់ម្ល៉េះ។ មើលចុះ គឺខ្ញុំនេះហើយដែលបានប្រាប់បង្គាប់នោះដល់អ្នក។
១៦ហើយមើលចុះ ខ្ញុំបញ្ជាឲ្យអ្នកត្រឡប់ទៅឯទីក្រុងអាំម៉ូណៃហាវិញ ហើយចូរផ្សាយប្រាប់ប្រជាជននៅក្នុងក្រុងនោះទៀតចុះ។ មែនហើយ ចូរផ្សាយប្រាប់ពួកគេទៅ។ មែនហើយ ចូរប្រាប់ទៅគេថា លើកលែងតែពួកគេប្រែចិត្ត បើពុំនោះសោតទេ ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងបំផ្លាញគេចោល។
១៧ត្បិតមើលចុះ នៅពេលនេះពួកគេកំពុងតែស្វែងរកផ្លូវដើម្បីនឹងបំផ្លាញឥស្សរភាពនៃប្រជាជនអ្នក (ត្បិតព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ) គឺជាការផ្ទុយនឹងក្រឹត្យក្រម និងសេចក្ដីយុត្តិធម៌ និងព្រះបញ្ញត្តិទាំងប៉ុន្មាន ដែលទ្រង់បានប្រទានដល់រាស្ត្រទ្រង់។
១៨ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា បន្ទាប់ពីអាលម៉ាបានទទួលបង្គាប់ពីទេវតានៃព្រះអម្ចាស់ហើយ លោកក៏ត្រឡប់ទៅដែនដីអាំម៉ូណៃហាយ៉ាងរួសរាន់វិញ។ ហើយលោកបានចូលទៅក្នុងទីក្រុងតាមផ្លូវមួយផ្សេងទៀត មែនហើយ តាមផ្លូវដែលនៅខាងត្បូងទីក្រុងអាំម៉ូណៃហា។
១៩ហើយនៅពេលដែលលោកចូលទៅក្នុងទីក្រុង លោកកំពុងតែឃ្លានអាហារ ហើយលោកពោលទៅកាន់បុរសម្នាក់ថា ៖ សូមលោកប្រទានអាហារដល់អ្នកបម្រើដ៏រាបទាបនៃព្រះផងចុះ?
២០ហើយបុរសនោះតបមកលោកថា ៖ ខ្ញុំជាសាសន៍នីហ្វៃ ហើយខ្ញុំដឹងថា លោកជាព្យាការីដ៏បរិសុទ្ធមួយរូបនៃព្រះ ព្រោះលោកជាបុរសដែលទេវតាមួយបានប្រាប់ខ្ញុំនៅក្នុងការនិមិត្តថា ៖ អ្នកត្រូវទទួលអ្នកនោះ។ ហេតុដូច្នេះហើយ សូមលោកមកផ្ទះជាមួយខ្ញុំ ហើយខ្ញុំនឹងរំលែកដល់លោកនូវអាហារខ្ញុំ ហើយខ្ញុំដឹងថា លោកនឹងឲ្យពរដល់ខ្ញុំ ហើយដល់គ្រួសារខ្ញុំផង។
២១ហើយហេតុការណ៍បានកើតឡើងថា បុរសនោះបានទទួលលោកចូលទៅក្នុងផ្ទះគាត់ ហើយបុរសនោះមានឈ្មោះថា អាមូលេក ហើយគាត់បានយកនំប៉័ង និងសាច់មកដាក់ខាងមុខអាលម៉ា។
២២ហើយហេតុការណ៍បានកើតឡើងថា អាលម៉ាបានបរិភោគនំប៉័ង ហើយបានឆ្អែត ហើយលោកបានប្រទានពរដល់អាមូលេក និងគ្រួសារគាត់ ហើយលោកបានថ្លែងអំណរគុណដល់ព្រះ។
២៣ហើយបន្ទាប់ពីលោកបានបរិភោគ ហើយបានឆ្អែតហើយ នោះលោកបានពោលទៅអាមូលេកថា ៖ ខ្ញុំគឺអាលម៉ា ហើយជាសង្ឃជាន់ខ្ពស់លើសាសនាចក្រនៃព្រះទូទៅទាំងដែនដី។
២៤ហើយមើលចុះ ខ្ញុំត្រូវបានហៅឲ្យមកផ្សាយព្រះបន្ទូលនៃព្រះដល់អស់ទាំងប្រជាជននេះ ស្របតាមវិញ្ញាណនៃវិវរណៈ និងការព្យាករណ៍ ហើយខ្ញុំបានមកដល់ដែនដីនេះ តែពួកគេពុំទទួលខ្ញុំសោះ ហើយគេបានបណ្ដេញខ្ញុំចេញ ហើយខ្ញុំក៏បម្រុងនឹងលាចេញពីដែនដីនេះរហូតតទៅ។
២៥ប៉ុន្តែមើលចុះ ខ្ញុំត្រូវបានបញ្ជាឲ្យត្រឡប់មកព្យាករដល់ប្រជាជននេះវិញ មែនហើយ ហើយមកធ្វើទីបន្ទាល់ទាស់នឹងពួកគេ អំពីអំពើទុច្ចរិតទាំងឡាយរបស់គេ។
២៦ហើយឥឡូវនេះ ឱអាមូលេកអើយ ពីព្រោះអ្នកបានផ្ដល់អាហារដល់ខ្ញុំ ហើយបានទទួលខ្ញុំឲ្យចូលផ្ទះ សូមឲ្យអ្នកបានពរចុះ ត្បិតខ្ញុំស្រេកឃ្លាន ព្រោះខ្ញុំបានតមអាហារអស់ជាច្រើនថ្ងៃមកហើយ។
២៧ហើយអាលម៉ាបានស្នាក់នៅអស់ជាច្រើនថ្ងៃជាមួយនឹងអាមូលេក មុនពេលលោកចាប់ផ្ដើមផ្សាយប្រាប់ប្រជាជននោះ។
២៨ហើយហេតុការណ៍បានកើតឡើងថា ប្រជាជនកាន់តែធ្លាក់ខ្លួនធ្ងន់ធ្ងរទៅៗក្នុងអំពើទុច្ចរិតទាំងឡាយ។
២៩ហើយមានពាក្យបន្លឺប្រាប់ដល់អាលម៉ាថា ៖ ចូរទៅចុះ ហើយចូរប្រាប់អាមូលេក ជាអ្នកបម្រើរបស់យើងផងថា ចូរចេញទៅ ហើយព្យាករទៅកាន់ប្រជាជននេះថា — ចូរប្រែចិត្តចុះ ត្បិតព្រះអម្ចាស់ ទ្រង់មានព្រះបន្ទូលដូច្នេះថា លើកលែងតែអ្នកប្រែចិត្ត បើពុំនោះសោតទេ យើងនឹងមកពិនិត្យពិច័យប្រជាជននេះ ដោយសេចក្ដីពិរោធរបស់យើង មែនហើយ យើងនឹងពុំបែរសេចក្ដីពិរោធដ៏ខ្លាំងរបស់យើងចេញឡើយ។
៣០ហើយអាលម៉ាជាមួយនឹងអាមូលេកផង បានចេញទៅក្នុងចំណោមប្រជាជន ដើម្បីទៅប្រកាសប្រាប់ព្រះបន្ទូលទាំងឡាយនៃព្រះដល់គេ ហើយអ្នកទាំងពីរក៏ពោរពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធ។
៣១ហើយមានអានុភាពប្រទានមកឲ្យគេ ដរាបដល់គេមិនអាចឃុំឃាំង នៅក្នុងគុកបានឡើយ ក៏គ្មានមនុស្សណាម្នាក់អាចសម្លាប់គេបានដែរ ទោះជាយ៉ាងណាក៏ដោយ គង់តែគេមិនប្រើអានុភាពរបស់គេដែរ ទាល់តែគេត្រូវចាប់ចង ហើយដាក់ទៅក្នុងគុក។ ឥឡូវនេះ គេធ្វើយ៉ាងនេះ គឺដើម្បីព្រះអម្ចាស់ទ្រង់អាចបង្ហាញព្រះចេស្ដារបស់ទ្រង់ដែលនៅក្នុងពួកគេ។
៣២ហើយហេតុការណ៍បានកើតឡើងថា គេបានចេញទៅ ហើយបានចាប់ផ្ដើមផ្សាយ ហើយព្យាករដល់ប្រជាជន ស្របតាមវិញ្ញាណ និងអានុភាព ដែលព្រះអម្ចាស់ទ្រង់បានប្រទានដល់គេ៕