ព្រះគម្ពីរ
អាលម៉ា 61


ជំពូក​ទី ៦១

ពេហូរ៉ាន​ប្រាប់​មរ៉ូណៃ​អំពី​ការ​បះបោរ និង​ការ​រឹងទទឹង​ទាស់​នឹង​រដ្ឋាភិបាល — ពួក​និយម​ស្ដេច​យក​ក្រុង​សារ៉ាហិមឡា ហើយ​ចង​សម្ព័ន្ធមិត្ត​ជាមួយ​នឹង​ពួក​សាសន៍​លេមិន — ពេហូរ៉ាន​សូម​ជំនួយ​យោធា​មក​ប្រឆាំង​នឹង​ពួក​បះបោរ។ ប្រមាណ​ជា​ឆ្នាំ ៦២ ម.គ.ស.។

មើល​ចុះ ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា មិន​យូរប៉ុន្មាន​បន្ទាប់​ពី​មរ៉ូណៃ​បាន​ផ្ញើ​សំបុត្រ​របស់​លោក​ទៅ​លោក​មេ​អភិបាល នោះ​លោក​ក៏​បាន​ទទួល​សំបុត្រ​មួយ​ច្បាប់​ពី​ពេហូរ៉ាន ជា​មេ​អភិបាល។ ហើយ​នេះ​គឺជា​ពាក្យ​ដែល​លោក​បាន​ទទួល​ថា ៖

ខ្ញុំ ពេហូរ៉ាន ជា​មេ​អភិបាល​នៃ​ដែនដី​នេះ ផ្ញើ​ពាក្យ​ទាំង​នេះ​មក​មរ៉ូណៃ ជា​មេទ័ព​ឯក​លើ​កងទ័ព។ មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក គឺ​មរ៉ូណៃ​ថា ខ្ញុំ​ពុំ​មាន​សេចក្ដី​អំណរ​នៅ​ក្នុង​សេចក្ដី​ទុក្ខ​វេទនា​ដ៏​ធំ​ទាំង​ឡាយ​របស់​អ្នក​ទេ មែន​ហើយ វា​ធ្វើ​ឲ្យ​មាន​ទុក្ខ​ដល់​ព្រលឹង​ខ្ញុំ​វិញ។

ប៉ុន្តែ​មើល​ចុះ មាន​ពួក​អ្នក​ដែល​មាន​សេចក្ដី​អំណរ​ក្នុង​សេចក្ដី​ទុក្ខ​វេទនា​ទាំង​ឡាយ​របស់​អ្នក មែន​ហើយ ដរាប​ដល់​ធ្វើ​ឲ្យ​ពួក​គេ​បះបោរ​ទាស់​នឹង​ខ្ញុំ និង​ប្រជាជន​របស់​ខ្ញុំ​ទាំង​នោះ​ផង ដែល​ជា​ពួក​សេរី មែន​ហើយ ហើយ​ពួក​អ្នក​ដែល​បាន​បះបោរ​នោះ​មាន​គ្នា​ច្រើន​ដ៏​លើសលប់។

ហើយ​គឺ​ពួក​អ្នក​ដែល​បាន​ខិតខំ​ដណ្ដើមយក​វេទិកា​ជំនុំ​ជំរះ​ពី​ខ្ញុំ​នោះ ដែល​បាន​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ទុច្ចរិត​ដ៏​ធំ​នេះ ព្រោះ​ពួក​គេ​បាន​ប្រើ​ពាក្យ​បញ្ជោរ​ដ៏​ធំ ហើយ​ពួក​គេ​បាន​បញ្ឆោត​ចិត្ត​មនុស្ស​ជា​ច្រើន ដែល​ជា​មូលហេតុ​នៃ​សេចក្ដី​ទុក្ខ​វេទនា​ដ៏​ធ្ងន់ធ្ងរ នៅ​ក្នុង​ចំណោម​ពួក​យើង ពួក​គេ​បាន​ឃាត់ទុក​ស្បៀង​របស់​យើង ហើយ​បាន​គំរាមកំហែង​ពួក​សេរី​របស់​យើង ដែល​ធ្វើ​ឲ្យ​ពួក​គេ​ពុំ​ហ៊ាន​ទៅ​រក​អ្នក​ឡើយ។

ហើយ​មើល​ចុះ ពួក​គេ​បាន​រុញច្រាន​ខ្ញុំ​ចេញ​ពី​គេ ហើយ​ខ្ញុំ​បាន​រត់​ទៅ​ឯ​ដែនដី​គេឌាន ជាមួយ​នឹង​ទ័ព​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​មាន​លទ្ធ​ភាព​អាច​យក​ទៅ​បាន។

ហើយ​មើល​ចុះ ខ្ញុំ​បាន​ផ្ញើ​សេចក្ដី​ប្រកាស​មួយ ទូ​ទៅ​ក្នុង​ភូមិ​នៃ​ដែនដី​នេះ ហើយ​មើល​ចុះ ពួក​គេ​បាន​ប្រមូល​គ្នា​មក​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​កាន់​អាវុធ​ការ​ពារ​ប្រទេស​របស់​គេ និង​សេរីភាព​របស់​គេ ហើយ​ដើម្បី​សងសឹក​ដល់​ការ​ខុសឆ្គង​ដែល​មាន​មក​លើ​ពួក​យើង។

ហើយ​ពួក​គេ​បាន​មក​រក​យើង​ជា​ច្រើន ដរាប​ដល់​ពួក​អ្នក​ដែល​បាន​បះបោរ​ទាស់​នឹង​យើង ត្រូវ​នៅ​ក្នុង​ស្ថានភាព​ទល់​នឹង​ការ​ជម្នះ មែន​ហើយ ដរាប​ដល់​ពួក​គេ​ខ្លាច​យើង ហើយ​មិន​ហ៊ាន​មក​ច្បាំង​តតាំង​នឹង​យើង​ទេ។

ពួក​គេ​យក​បាន​ដែនដី ឬ​ទី​ក្រុង​សារ៉ាហិមឡា ពួក​គេ​បាន​តែងតាំង​ស្ដេច​មួយ​លើ​ពួក​គេ ហើយ​ទ្រង់​បាន​សរសេរ​សំបុត្រ​ទៅ​ស្ដេច​នៃ​ពួក​សាសន៍​លេមិន នៅ​ក្នុង​នោះ ទ្រង់​បាន​ចូល​សម្ព័ន្ធមិត្ត​ជាមួយ​នឹង​ទ្រង់​នៅ​ក្នុង​សម្ព័ន្ធមិត្ត​នេះ ទ្រង់​បាន​សុខ​ចិត្ត​ថែរក្សា​ទី​ក្រុង សារ៉ាហិមឡា ឯ​ការ​ថែរក្សា​នេះ​ទ្រង់​បាន​សន្និដ្ឋាន​ថា នឹង​ផ្ដល់​លទ្ធ​ភាព​ឲ្យ​ពួក​លេមិន​វាយ​យក​ដែនដី​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​ឲ្យ​បាន ហើយ​ទ្រង់​នឹង​ត្រូវ​បាន​តាំង​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ប្រជាជន​នេះ កាលណា​ពួក​គេ​នឹង​ត្រូវ​ត្រួតត្រា​ក្រោម​ពួក​សាសន៍​លេមិន។

ហើយ​ឥឡូវ​នេះ នៅ​ក្នុង​សំបុត្រ​របស់​អ្នក អ្នក​បាន​រិះគន់​ខ្ញុំ ប៉ុន្តែ​វា​មិន​ជា​អ្វី​ទេ ខ្ញុំ​មិន​ខឹង​ទេ ប៉ុន្តែ​អរ​រីករាយ​នឹង​ចិត្ត​ខ្ពង់​ខ្ពស់​របស់​អ្នក។ ខ្ញុំ ពេហូរ៉ាន ពុំ​ស្វែងរក​អំណាច​ទេ គ្រាន់តែ​ចង់​រក្សា​វេទិកា​ជំនុំ​ជំរះ​របស់​ខ្ញុំ​ទុក​ប៉ុណ្ណោះ ដើម្បី​ខ្ញុំ​អាច​រក្សា​សិទ្ធិ​ទាំង​ឡាយ និង​ឥស្សរភាព​របស់​ប្រជាជន​ខ្ញុំ។ ព្រលឹង​ខ្ញុំ​ឈរ​រឹងប៉ឹង​នៅ​ក្នុង​ឥស្សរភាព​នោះ នៅ​ក្នុង​នោះ ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​រាល់​គ្នា​មាន​សេរី

១០ហើយ​ឥឡូវ​នេះ មើល​ចុះ យើង​នឹង​តទល់​នឹង​សេចក្ដី​ទុច្ចរិត រហូត​ដល់​ទៅ​ការ​ខ្ចាយ​ឈាម។ យើង​មិន​កំចាយ​ឈាម​ពួក​សាសន៍​លេមិន​ទេ បើ​សិន​ជា​ពួក​គេ​នៅ​ក្នុង​ដែនដី​គេ​ផ្ទាល់។

១១យើង​មិន​កំចាយ​ឈាម​បង​ប្អូន​យើង​ទេ បើ​សិន​ជា​ពួក​គេ​មិន​បះបោរ​ឡើង ហើយ​កាន់​ដាវ​ប្រឆាំង​នឹង​យើង។

១២យើង​នឹង​ដាក់​ខ្លួន​យើង ក្រោម​នឹម​នៃ​សេវក​ភាព ប្រសិន​បើ​ការណ៍​នេះ​តម្រូវ​ដោយ​សេចក្ដី​យុត្តិធម៌​នៃ​ព្រះ ឬ​ប្រសិន​បើ​ទ្រង់​បញ្ជា​ឲ្យ​យើង​ធ្វើ​យ៉ាង​នេះ។

១៣ប៉ុន្តែ​មើល​ចុះ ទ្រង់​មិន​បាន​បញ្ជា​យើង​ថា យើង​ត្រូវ​ចំណុះ​ខ្លួន​ទៅ​ឲ្យ​ពួក​ខ្មាំងសត្រូវ​យើង​ទេ ប៉ុន្តែ​ថា យើង​ត្រូវ​ដាក់​ទី​ទុក​ចិត្ត​របស់​យើង​ទៅ​លើ​ទ្រង់ ហើយ​ទ្រង់​នឹង​ដោះ​លែង​ពួក​យើង​ឲ្យ​រួច។

១៤ហេតុ​ដូច្នេះ​ហើយ មរ៉ូណៃ បង​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ចូរ​យើង​តទល់​នឹង​សេចក្ដី​អាក្រក់ រីឯ​សេចក្ដី​អាក្រក់​ណា​ដែល​យើង​មិន​អាច​តទល់​បាន​ដោយ​ពាក្យ​សម្ដី​របស់​យើង មែន​ហើយ ដូច​ជា​ការ​បះបោរ និង​ការ​បែក​ចេញ​ទាំង​ឡាយ នោះ​ចូរ​យើង​តទល់​នឹង​វា​ដោយ​ដាវ​របស់​យើង​វិញ ដើម្បី​យើង​អាច​រក្សា​សេរីភាព​របស់​យើង​ទុក ដើម្បី​យើង​អាច​បាន​អរ​រីករាយ នៅ​ក្នុង​ឯក​សិទ្ធ​ដ៏​ធំ នៃ​សាសនាចក្រ​របស់​យើង និង​ក្នុង​ឧត្ដម​គតិ​នៃ​ព្រះ​ដ៏​ប្រោស​លោះ​របស់​យើង និង​ព្រះ​របស់​យើង។

១៥ហេតុ​ដូច្នេះ​ហើយ ចូរ​មក​រក​ខ្ញុំ​ជា​ប្រញាប់​ជាមួយ​នឹង​ទ័ព​របស់​អ្នក​បន្តិចបន្តួច ហើយ​ទុក​ចំនួន​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ឲ្យ​នៅ​ក្រោមបង្គាប់​របស់​លីហៃ និង​ទីអានគុម​ចុះ ចូរ​ឲ្យ​ពួក​គេ​នូវ​អំណាច​ដើម្បី​ធ្វើ​បញ្ជា​ចម្បាំង​នៅ​ក្នុង​ភូមិ​នៃ​ដែនដី​នោះ ស្រប​តាម​ព្រះ​វិញ្ញាណ​នៃ​ព្រះ ដែល​ជា​និស្ស័យ​នៃ​សេរីភាព​ផង គឺ​នៅ​ក្នុង​ពួក​គេ។

១៦មើល​ចុះ ខ្ញុំ​បាន​បញ្ជូន​ស្បៀង​ខ្លះ​ទៅ​ឲ្យ​គេ ដើម្បី​កុំ​ឲ្យ​ពួក​គេ​វិនាស​បង់ រហូត​ដល់​អ្នក​អាច​មក​រក​ខ្ញុំ។

១៧ចូរ​ប្រមូល​កង​កម្លាំង​ដែល​អ្នក​អាច​ធ្វើ​បាន នៅ​ពេល​អ្នក​ធ្វើ​ដំណើរ​ម​ក​ទី​នេះ ហើយ​យើង​នឹង​ប្រញាប់​ទៅ​ប្រឆាំង​នឹង​ពួក​ដែល​បែក​ចេញ​នោះ នៅ​ក្នុង​កម្លាំង​នៃ​ព្រះ​របស់​យើង ស្រប​តាម​សេចក្ដី​ជំនឿ​ដែល​នៅ​ក្នុង​យើង។

១៨ហើយ​យើង​នឹង​យក​ទី​ក្រុង​សារ៉ាហិមឡា ដើម្បី​យើង​អាច​បាន​ស្បៀងអាហារ​បន្ថែម ផ្ញើ​ទៅ​ឲ្យ​លីហៃ និង​ទីអានគុម មែន​ហើយ ពួក​យើង​នឹង​ចេញ​ទៅ​ប្រឆាំង​នឹង​ពួក​គេ​នៅ​ក្នុង​កម្លាំង​នៃ​ព្រះ​អម្ចាស់ ហើយ​យើង​នឹង​បញ្ចប់​សេចក្ដី​ទុច្ចរិត​ដ៏​ធំ​នេះ​ឲ្យ​បាន។

១៩ហើយ​ឥឡូវ​នេះ មរ៉ូណៃ ខ្ញុំ​មាន​សេចក្ដី​អំណរ​នៅ​ក្នុង​ការ​ទទួល​សំបុត្រ​របស់​អ្នក ព្រោះ​ខ្ញុំ​បារម្ភ​មិន​ដឹង​ជា​ត្រូវ​ធ្វើ​អ្វី មិន​ដឹង​ថា តើ​វា​ត្រឹម​ត្រូវ​ឬ​ទេ បើ​យើង​ទៅ​វាយ​តទល់​នឹង​បង​ប្អូន​យើង។

២០ប៉ុន្តែ​អ្នក​បាន​និយាយ​ថា លើក​លែង​តែ​ពួក​គេ​ប្រែ​ចិត្ត បើ​ពុំ​នោះ​សោត​ទេ នោះ​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​ឲ្យ​អ្នក​ទៅ​វាយ​តទល់​នឹង​ពួក​គេ​ហើយ។

២១ចូរ​ឲ្យ​ឃើញ​ថា អ្នក​ជួយ​ចម្រើន​កម្លាំង​ដល់​លីហៃ និង​ទីអានគុម​នៅ​ក្នុង​ព្រះ​អម្ចាស់​ចុះ ចូរ​ប្រាប់​ពួក​គេ​កុំ​ឲ្យ​ខ្លាច​ឡើយ ព្រោះ​ព្រះ​ទ្រង់​នឹង​ដោះ​លែង​ពួក​គេ​ឲ្យ​រួច មែន​ហើយ និង​អស់​អ្នក​ណា​ដែល​ឈរ​រឹងប៉ឹង​នៅ​ក្នុង​ឥស្សរភាព​ផង ដោយ​សារ​នោះ ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​សេរី។ ហើយ​ឥឡូវ​នេះ ខ្ញុំ​សូម​បញ្ចប់​សំបុត្រ​របស់​ខ្ញុំ​ទៅ​កាន់​មរ៉ូណៃ ជា​បង​ដ៏​ជាទី​ស្រឡាញ់​របស់​ខ្ញុំ សិន​ហើយ៕