ជំពូកទី ៦០
មរ៉ូណៃត្អូញត្អែរទៅកាន់ពេហូរ៉ានអំពីការណ៍ ដែលរដ្ឋាភិបាលមិនអើពើដល់ពលទ័ព — ព្រះអម្ចាស់ទ្រង់ទុកឲ្យជនសុចរិតត្រូវស្លាប់ — ពួកសាសន៍នីហ្វៃត្រូវប្រើកម្លាំង និងមធ្យោបាយទាំងអស់របស់គេ ដើម្បីដោះលែងពួកគេឲ្យរួចផុតពីពួកខ្មាំងសត្រូវរបស់គេ — មរ៉ូណៃគំរាមថានឹងប្រយុទ្ធតទល់នឹងរដ្ឋាភិបាល ប្រសិនបើជំនួយមិនត្រូវផ្ដល់ទៅឲ្យពលទ័ពរបស់លោកទេ។ ប្រមាណជាឆ្នាំ ៦២ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា លោកបានសរសេរទៅលោកអភិបាលដែនដីទៀត គឺលោកពេហូរ៉ាន ហើយនេះគឺជាពាក្យពេចន៍ ដែលលោកបានសរសេរថា ៖ មើលចុះ ខ្ញុំសរសេរសំបុត្រនេះមកពេហូរ៉ាននៅក្នុងទីក្រុងសារ៉ាហិមឡា ដែលជាមេចៅក្រម និងជា អភិបាលលើដែនដីនេះ និងមកដល់អស់អ្នកដែលត្រូវប្រជាជននេះរើសឲ្យអភិបាល ហើយចាត់ចែងកិច្ចការសង្គ្រាមនេះ។
២ត្បិតមើលចុះ ខ្ញុំមានពាក្យខ្លះចង់ប្រាប់ដល់ពួកគេទុកជាការកាត់ទោស ត្បិតមើលចុះ គឺអ្នករាល់គ្នាដឹងខ្លួនហើយថា អ្នករាល់គ្នាត្រូវបានតែងតាំងឡើងឲ្យប្រមូលទ័ព ហើយប្រដាប់ពួកគេដោយដាវទាំងឡាយ និងសាបទាំងឡាយ និងអស់ទាំងគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមគ្រប់បែបយ៉ាង ហើយបញ្ជូនឲ្យទៅប្រឆាំងនឹងពួកលេមិន ទោះជានៅទីណាក៏ដោយ ដែលពួកគេចូលមកក្នុងដែនដីយើង។
៣ហើយឥឡូវនេះ មើលចុះ ខ្ញុំសូមប្រាប់អ្នកថា រូបខ្ញុំផ្ទាល់ និងទ័ពរបស់ខ្ញុំផង និងហេលេមិន និងទ័ពរបស់លោកផង ត្រូវទទួលសេចក្ដីទុក្ខវេទនាយ៉ាងធំហួសប្រមាណ មែនហើយ គឺការអត់ឃ្លាន ការស្រេក និងការនឿយហត់ និងសេចក្ដីទុក្ខវេទនាគ្រប់បែបយ៉ាង។
៤ប៉ុន្តែមើលចុះ ពួកយើងបានរងទុក្ខនូវការណ៍ទាំងអស់នេះ យើងមិនរអ៊ូរទាំ ឬត្អូញត្អែរអ្វីឡើយ។
៥ប៉ុន្តែមើលចុះ មានការកាប់សម្លាប់ដ៏ធំមួយនៅក្នុងចំណោមប្រជាជនយើង មែនហើយ មនុស្សរាប់ពាន់នាក់ត្រូវដួលចុះដោយដាវនៅក្នុងពេលនោះ វាប្រហែលជាពុំដូច្នោះទេ បើសិនជាអ្នករាល់គ្នាបានបន្ថែមកម្លាំងគ្រប់គ្រាន់មកឲ្យពលទ័ពយើង ហើយជួយសង្គ្រោះពួកគេ។ មែនហើយ ពួកអ្នកមានការធ្វេសប្រហែសយ៉ាងធំចំពោះពួកយើង។
៦ហើយឥឡូវនេះ មើលចុះ ពួកយើងមានបំណងចង់ដឹងមូលហេតុ នៃការធ្វេសប្រហែសដ៏ធំនេះ មែនហើយ ពួកយើងមានបំណងចង់ដឹងមូលហេតុ នៃការខ្វះការគិតរបស់ពួកអ្នក។
៧តើអ្នកអាចគិតថា អង្គុយនៅលើបល្ល័ង្ករបស់អ្នកនៅក្នុងសភាពទ្រឹងខ្វះការគិតដូច្នេះ នៅពេលពួកខ្មាំងសត្រូវរបស់អ្នក កំពុងតែពង្រាលការសម្លាប់នៅជុំវិញអ្នកឬ? មែនហើយ នៅពេលពួកគេកំពុងតែកាប់សម្លាប់បងប្អូនអ្នករាប់ពាន់នាក់នោះ —
៨មែនហើយ នៅពេលពួកគេងើបសម្លឹងទៅអ្នកដើម្បីរកសេចក្ដីការពារ មែនហើយ បានដាក់ពួកអ្នកក្នុងស្ថានការមួយដែលអ្នកអាចជួយសង្គ្រោះពួកគេបាន មែនហើយ អ្នករាល់គ្នាអាចបញ្ជូនពលទ័ពទៅឲ្យគេ ដើម្បីបន្ថែមកម្លាំងឲ្យគេ ហើយជួយសង្គ្រោះមនុស្សរាប់ពាន់នាក់ កុំឲ្យដួលចុះដោយដាវ។
៩ប៉ុន្តែមើលចុះ ការណ៍នេះមិនទាន់អស់ទេ — ពួកអ្នកបានឃាំងស្បៀងរបស់អ្នកទុកពីពួកគេ ដរាបដល់ធ្វើឲ្យមនុស្សជាច្រើនបានប្រយុទ្ធ ហើយខ្ចាយឈាមដល់ស្លាប់ ដោយព្រោះបំណងដ៏ធំរបស់គេ ដែលគេមានចំពោះសុខុមាលភាពដល់ប្រជាជននេះ មែនហើយ ហើយពួកគេបានធ្វើយ៉ាងនេះ កាលពួកគេជិតវិនាសបង់ដោយអត់អាហារ ព្រោះតែការធ្វេសប្រហែសដ៏ធំហួសប្រមាណរបស់ពួកអ្នកចំពោះគេ។
១០ហើយឥឡូវនេះ បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ — ព្រោះអ្នករាល់គ្នាត្រូវបានស្រឡាញ់ មែនហើយ ហើយអ្នករាល់គ្នាត្រូវតែដាស់ខ្លួនអ្នកឲ្យព្យាយាមថែមឡើងចំពោះសុខុមាលភាព និងសេរីភាពដល់ប្រជាជននេះ ប៉ុន្តែមើលចុះ អ្នករាល់គ្នាបានបោះបង់ពួកគេចោល ដរាបដល់ធ្វើឲ្យឈាមរបស់គេរាប់ពាន់នាក់នឹងត្រូវចាក់មកលើក្បាលអ្នក ដើម្បីសងសឹក មែនហើយ ព្រោះព្រះទ្រង់បានជ្រាបអស់ទាំងសម្រែករបស់ពួកគេ និងអស់ទាំងការឈឺចាប់ទាំងឡាយរបស់គេ —
១១មើលចុះ តើអ្នករាល់គ្នាអាចគិតស្មានថា អ្នកអាចអង្គុយលើបល្ល័ង្ករបស់អ្នក ហើយដោយសារសេចក្ដីល្អសប្បុរសដ៏លើសលប់នៃព្រះ អ្នកពុំអាចធ្វើអ្វីសោះឡើយ ហើយទ្រង់នឹងដោះលែងអ្នកឲ្យរួចឬ? មើលចុះ បើសិនជាអ្នករាល់គ្នាគិតស្មានថាដូច្នោះ គឺអ្នករាល់គ្នាបានគិតស្មានដោយឥតប្រយោជន៍ហើយ។
១២តើអ្នករាល់គ្នាគិតស្មានថា ពីព្រោះបងប្អូនអ្នកជាច្រើនត្រូវបានស្លាប់នោះ គឺដោយសារសេចក្ដីទុច្ចរិតរបស់គេឬ? ខ្ញុំសូមប្រាប់អ្នកថា បើសិនជាអ្នករាល់គ្នាបានគិតស្មានថាដូច្នោះ គឺអ្នករាល់គ្នាបានគិតស្មានដោយឥតប្រយោជន៍ហើយ ត្បិតខ្ញុំសូមប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើន ដែលត្រូវបានដួលចុះដោយដាវ ហើយមើលចុះ នោះគឺជាការកាត់ទោសដល់អ្នកទេតើ។
១៣ត្បិតព្រះអម្ចាស់ទ្រង់ទ្រាំឲ្យពួកសុចរិតត្រូវស្លាប់បង់ ដើម្បីសេចក្ដីយុត្តិធម៌របស់ទ្រង់ និងសេចក្ដីជំនុំជំរះរបស់ទ្រង់ អាចធ្លាក់មកលើពួកទុច្ចរិត ហេតុដូច្នេះហើយ អ្នករាល់គ្នាមិនបាច់គិតស្មានថា ពួកសុចរិតត្រូវបាត់បង់ ព្រោះពួកគេត្រូវស្លាប់នោះឡើយ ប៉ុន្តែមើលចុះ ពួកគេបានចូលទៅក្នុងទីសម្រាកនៃព្រះអម្ចាស់ ជាព្រះរបស់គេហើយ។
១៤ហើយឥឡូវនេះ មើលចុះ ខ្ញុំសូមប្រាប់អ្នកថា ខ្ញុំខ្លាចជាអតិបរមាថា សេចក្ដីជំនុំជំរះទាំងឡាយនៃព្រះនឹងធ្លាក់មកលើប្រជាជននេះ ដោយព្រោះការខ្ជិលច្រអូសដ៏លើសលប់របស់គេ មែនហើយ គឺការខ្ជិលច្រអូសរបស់រដ្ឋាភិបាលរបស់យើង និងការធ្វេសប្រហែសដ៏ធំហួសប្រមាណរបស់ពួកគេចំពោះបងប្អូនរបស់គេ មែនហើយ ចំពោះពួកអ្នកដែលត្រូវស្លាប់។
១៥ព្រោះប្រសិនបើមិនមែនដោយសារសេចក្ដីទុច្ចរិតដែលចាប់ផ្ដើមជាដំបូងនៅក្នុងក្បាលរបស់យើងទេ នោះយើងច្បាស់ជាអាចទប់ទល់នឹងពួកខ្មាំងសត្រូវរបស់យើងបាន ដែលពួកវាពុំអាចមានអំណាចមកលើពួកយើងឡើយ។
១៦មែនហើយ ប្រសិនបើពុំមែនដោយសារសង្គ្រាម ដែលកើតឡើងនៅក្នុងចំណោមពួកយើងផ្ទាល់ទេ មែនហើយ ប្រសិនបើពុំមែនមកពីពួកនិយមស្ដេចទាំងនេះ ដែលបានបណ្ដាលឲ្យមានការខ្ចាយឈាមជាច្រើននៅក្នុងចំណោមពួកយើងផ្ទាល់ទេ មែនហើយ នៅពេលនោះយើងកំពុងតែឈ្លោះគ្នាឯង បើសិនជាយើងបានរួបរួមកម្លាំងយើង ដូចយើងបានធ្វើពីមុនមក មែនហើយ ប្រសិនបើពុំមែនដោយសារការចង់បានអានុភាព និងសិទ្ធិអំណាចនៃពួកនិយមស្ដេចមកលើពួកយើង ប្រសិនបើពួកគេស្មោះត្រង់ចំពោះឧត្ដមគតិនៃសេរីភាពរបស់យើង ហើយរួបរួមនឹងយើង ហើយចេញទៅប្រឆាំងនឹងពួកខ្មាំងសត្រូវរបស់យើង ជាជាងកាន់ដាវតទល់នឹងយើង ដែលជាហេតុនាំឲ្យមានការខ្ចាយឈាមដ៏ច្រើននៅក្នុងចំណោមពួកយើងផ្ទាល់ទេ មែនហើយ ប្រសិនបើពួកយើងបានចេញទៅប្រយុទ្ធនឹងពួកគេដោយកម្លាំងនៃព្រះអម្ចាស់ នោះយើងច្បាស់ជាបានកម្ចាត់ពួកខ្មាំងសត្រូវរបស់យើងចោលហើយ ព្រោះវានឹងត្រូវបានសម្រេច ស្របតាមការបំពេញនៃព្រះបន្ទូលរបស់ទ្រង់។
១៧ប៉ុន្តែមើលចុះ ឥឡូវនេះ ពួកលេមិនកំពុងតែមកវាយប្រហារយើងយកដីយើង ហើយពួកគេកំពុងតែកាប់សម្លាប់ប្រជាជនយើងនឹងដាវ មែនហើយ គឺពួកស្ត្រីរបស់យើង និងកូនចៅរបស់យើង ហើយចាប់យកពួកគេទៅផង ដោយធ្វើឲ្យពួកគេរងទុក្ខវេទនាគ្រប់បែបយ៉ាង ហើយការណ៍នេះ គឺដោយព្រោះសេចក្ដីទុច្ចរិតដ៏ធំរបស់ពួកជនដែលកំពុងស្វែងរកអានុភាព និងសិទ្ធិអំណាច មែនហើយ គឺពួកនិយមស្ដេចទាំងនោះ។
១៨ប៉ុន្តែហេតុអ្វីក៏ខ្ញុំនិយាយច្រើនអំពីរឿងនេះទៅវិញ? ព្រោះយើងមិនដឹងទេថា សូម្បីតែខ្លួនអ្នករាល់គ្នា ក៏កំពុងតែស្វែងរកសិទ្ធិអំណាច។ យើងមិនដឹងទេថា សូម្បីតែអ្នករាល់គ្នាក៏ជាមនុស្សក្បត់ប្រទេសរបស់អ្នកដែរ។
១៩ឬក៏ការដែលអ្នករាល់គ្នាបានបោះបង់ពួកយើងចោល តើមកពីអ្នករាល់គ្នានៅកណ្ដាលប្រទេសយើង ហើយអ្នករាល់គ្នាត្រូវបានឡោមព័ទ្ធជុំវិញដោយសន្តិសុខឬ ដែលបណ្ដាលឲ្យអ្នករាល់គ្នាមិនចាត់ឲ្យបញ្ជូនស្បៀងអាហារមកឲ្យយើង និងមនុស្សមកបន្ថែមកម្លាំងឲ្យពលទ័ពរបស់យើងផងនោះ?
២០តើអ្នករាល់គ្នាភ្លេចព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ គឺជាព្រះរបស់អ្នកហើយឬ? មែនហើយ តើអ្នករាល់គ្នាភ្លេចការជាប់ឃុំឃាំងនៃពួកអយ្យកោយើងហើយឬ? តើអ្នករាល់គ្នាភ្លេចច្រើនដងច្រើនគ្រា ដែលពួកយើងត្រូវបានដោះលែងឲ្យរួចផុតពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់យើងហើយឬ?
២១ឬក៏អ្នករាល់គ្នាគិតស្មានថា ព្រះអម្ចាស់ទ្រង់នឹងនៅតែដោះយើងឲ្យរួច នៅពេលយើងអង្គុយលើបល្ល័ង្ករបស់យើង ហើយពុំប្រើនូវមធ្យោបាយទាំងឡាយ ដែលព្រះអម្ចាស់ទ្រង់បានប្រទានដល់យើងឬអី?
២២មែនហើយ តើអ្នករាល់គ្នានឹងអង្គុយក្នុងការខ្ជិលច្រអូសឬ នៅពេលអ្នករាល់គ្នាត្រូវបានចោមរោមដោយពួករាប់ពាន់នាក់ទៀត មែនហើយ និងរាប់ម៉ឺននាក់ដែលអង្គុយក្នុងការខ្ជិលច្រអូសផង នៅពេលនោះ មានមនុស្សរាប់ពាន់នាក់នៅជុំវិញក្នុងទីព្រំប្រទល់នៃដែនដី ដែលកំពុងតែដួលចុះដោយដាវ មែនហើយ ត្រូវរបួស ហើយខ្ចាយឈាម?
២៣តើអ្នករាល់គ្នាគិតស្មានថា ព្រះទ្រង់នឹងទតមើលមកអ្នករាល់គ្នាថាឥតទោសឬ នៅពេលអ្នករាល់គ្នាអង្គុយនៅស្ងៀម ហើយមើលឃើញការណ៍ទាំងនេះ? មើលចុះ ខ្ញុំសូមប្រាប់អ្នកថា ទេ។ ឥឡូវនេះ ខ្ញុំចង់ឲ្យអ្នករាល់គ្នាចងចាំថា ព្រះទ្រង់មានព្រះបន្ទូលថា ខាងក្នុងប្រដាប់នឹងត្រូវលាងជាមុន នោះទើបខាងក្រៅប្រដាប់នឹងត្រូវបានស្អាតដែរ។
២៤ហើយឥឡូវនេះ លើកលែងតែអ្នករាល់គ្នា ប្រែចិត្តនូវអ្វីៗដែលអ្នករាល់គ្នាបានធ្វើ ហើយចាប់ផ្ដើមក្រោកឡើង ហើយធ្វើការ ហើយបញ្ជូនស្បៀង និងទ័ពមកឲ្យយើង និងទៅឲ្យហេលេមិនផង ដើម្បីលោកអាចទ្រទ្រង់ដល់ផ្នែកទាំងឡាយនៃប្រទេសយើង ដែលលោកយកបានមកវិញនោះ ហើយដើម្បីយើងអាចយកមកវិញផងនូវដីទាំងឡាយដែលជារបស់ផងយើង ដែលនៅសល់ទាំងប៉ុន្មាននៅក្នុងផ្នែកនេះ មើលចុះ ជាការចាំបាច់ ដែលយើងឈប់តតាំងនឹងពួកលេមិនទៀត រហូតដល់យើងលាងខាងក្នុងប្រដាប់របស់យើងជាមុនសិន មែនហើយ គឺជាមេធំនៃរដ្ឋាភិបាលរបស់យើង។
២៥ហើយលើកលែងតែអ្នករាល់គ្នាយល់ព្រមតាមសំបុត្ររបស់ខ្ញុំ ហើយចេញមក ហើយបង្ហាញដល់ខ្ញុំនូវនិស្ស័យជាសេរីភាពដ៏ពិត ហើយខិតខំពង្រឹង ហើយបន្ថែមកម្លាំងឲ្យពលទ័ពរបស់យើង ហើយផ្ដល់ឲ្យគេនូវស្បៀងដើម្បីចិញ្ចឹមពួកគេ មើលចុះ ខ្ញុំនឹងទុកទ័ពសេរីរបស់ខ្ញុំមួយភាគឲ្យថែរក្សាផ្នែកនេះនៃដែនដីយើង ហើយខ្ញុំនឹងទុកកម្លាំង និងព្រះពរទាំងឡាយនៃព្រះឲ្យពួកគេ ដើម្បីកុំឲ្យកម្លាំងអ្វីផ្សេងទៀត អាចមកតតាំងនឹងពួកគេបាន —
២៦ហើយនេះគឺដោយសារសេចក្ដីជំនឿដ៏លើសលប់របស់គេ និងសេចក្ដីអត់ធន់របស់គេក្នុងសេចក្ដីទុក្ខលំបាក —
២៧ហើយខ្ញុំនឹងមករកអ្នក ហើយបើសិនជាមានអ្នកណាមួយនៅក្នុងចំណោមអ្នក ដែលមានបំណងចង់បានសេរីភាព មែនហើយ បើសិនជាមានសេរីភាពតែបន្តិចបន្តួចដែលនៅសល់ មើលចុះ ខ្ញុំនឹងចាក់រុកឲ្យមានការបះបោរទាំងឡាយនៅក្នុងចំណោមអ្នក គឺរហូតដល់ពួកជនដែលចង់ដណ្ដើមអានុភាព និងសិទ្ធិអំណាចត្រូវវិនាសសាបសូន្យអស់ទៅ។
២៨មែនហើយ មើលចុះ ខ្ញុំមិនខ្លាចកម្លាំងរបស់អ្នក ឬអំណាចរបស់អ្នកទេ តែគឺជាព្រះរបស់ខ្ញុំទេតើដែលខ្ញុំខ្លាច ហើយគឺស្របតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ដែលខ្ញុំយកដាវរបស់ខ្ញុំមកការពារឧត្ដមគតិនៃប្រទេសរបស់ខ្ញុំ ហើយគឺដោយព្រោះសេចក្ដីទុច្ចរិតរបស់អ្នក ដែលយើងត្រូវរងនូវការបាត់បង់ដ៏ច្រើន។
២៩មើលចុះ ដល់ពេលហើយ មែនហើយ ឥឡូវនេះ ពេលវេលានៅជិតដៃបង្កើយ ថាលើកលែងតែអ្នករាល់គ្នាស្ទុះស្ទាឡើងនៅក្នុងសេចក្ដីការពារប្រទេសរបស់អ្នក និងកូនតូចរបស់អ្នក នោះដាវនៃសេចក្ដីយុត្តិធម៌នឹងព្យួរនៅលើអ្នករាល់គ្នា មែនហើយ ហើយវានឹងធ្លាក់ចុះទៅលើអ្នក និងធ្វើទោសអ្នក រហូតដល់ការបំផ្លិចបំផ្លាញអ្នកចោលទាំងស្រុង។
៣០មើលចុះ ខ្ញុំរង់ចាំជំនួយពីអ្នក ហើយលើកលែងអ្នកជួយពួកយើង បើពុំនោះសោតទេ មើលចុះ ខ្ញុំនឹងមករកអ្នក គឺនៅឯដែនដីសារ៉ាហិមឡា ហើយវាយអ្នកនឹងដាវនេះ ដរាបដល់អ្នករាល់គ្នាគ្មានកម្លាំងទៀត ដើម្បីបង្អាក់ការជឿនលឿនរបស់ប្រជាជននេះក្នុងឧត្ដមគតិនៃសេរីភាពរបស់យើងឡើយ។
៣១ត្បិតមើលចុះ ព្រះអម្ចាស់ទ្រង់នឹងពុំទ្រាំឲ្យអ្នករាល់គ្នារស់នៅ ហើយខ្លាំងពូកែនៅក្នុងសេចក្ដីទុច្ចរិតទាំងឡាយរបស់អ្នក ដើម្បីបំផ្លាញប្រជាជនសុចរិតរបស់ទ្រង់ទេ។
៣២មើលចុះ តើអ្នករាល់គ្នាអាចគិតស្មានថា ព្រះអម្ចាស់ទ្រង់នឹងលើកលែងឲ្យអ្នក ហើយចេញមកទាស់ពួកសាសន៍លេមិនក្នុងសេចក្ដីជំនុំជំរះ ក្នុងកាលដែលសណ្ដាប់នៃពួកអយ្យកោរបស់គេទេតើ ដែលបានបណ្ដាលឲ្យគេមានការស្អប់នោះ មែនហើយ ហើយវាបានកើនឡើងជាពីរ ដោយពួកជនដែលបានបែកចេញពីយើង ក្នុងកាលដែលសេចក្ដីទុច្ចរិតរបស់អ្នករាល់គ្នាទេតើ ដែលជាហេតុផលនៃការស្រឡាញ់ភាពរុងរឿងរបស់អ្នក និងវត្ថុទាំងឡាយដែលឥតប្រយោជន៍នៃលោកិយនេះ?
៣៣អ្នករាល់គ្នាដឹងថា អ្នករាល់គ្នាប្រព្រឹត្តរំលងក្រឹត្យវិន័យទាំងឡាយនៃព្រះ ហើយអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាយកវាទៅជាន់ឈ្លីនៅក្រោមជើងអ្នក។ មើលចុះ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ៖ បើសិនជាអស់អ្នកដែលអ្នកបានលើកតាំងឲ្យធ្វើជាអភិបាលរបស់អ្នក ពុំប្រែចិត្តពីអំពើបាប និងអំពើទុច្ចរិតទាំងឡាយរបស់គេទេ នោះអ្នកត្រូវឡើងទៅច្បាំងតទល់នឹងពួកគេ។
៣៤ហើយឥឡូវនេះ មើលចុះ ខ្ញុំ ជាមរ៉ូណៃ ត្រូវបានបង្ខំស្របតាមសេចក្ដីសញ្ញាដែលខ្ញុំបានធ្វើថា នឹងកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះរបស់ខ្ញុំ ហេតុដូច្នេះហើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាប្រតិបត្តិតាមព្រះបន្ទូលនៃព្រះ ហើយប្រញាប់បញ្ជូនឲ្យខ្ញុំនូវស្បៀងរបស់អ្នក និងទ័ពរបស់អ្នក ហើយឲ្យដល់ហេលេមិនផង។
៣៥ហើយមើលចុះ បើសិនជាអ្នករាល់គ្នាមិនធ្វើដូច្នេះទេ ខ្ញុំនឹងមករកអ្នកជាប្រញាប់ ត្បិតមើលចុះ ព្រះទ្រង់ពុំទ្រាំឲ្យយើងវិនាស ដោយការអត់អាហារឡើយ ហេតុដូច្នេះហើយ ទ្រង់នឹងប្រទានឲ្យយើងនូវស្បៀងអាហាររបស់អ្នក ទោះជាត្រូវប្រើដាវក្ដី។ ឥឡូវនេះ ចូរឲ្យឃើញថា អ្នករាល់គ្នាបំពេញព្រះបន្ទូលនៃព្រះចុះ។
៣៦មើលចុះ ខ្ញុំ ជាមរ៉ូណៃ ជាមេទ័ពឯករបស់អ្នក។ ខ្ញុំមិនស្វែងរកអំណាចទេ តែរកទាញទម្លាក់វាចុះវិញ។ ខ្ញុំមិនស្វែងរកកិត្តិយសនៃលោកិយទេ តែស្វែងរកសិរីល្អនៃព្រះរបស់ខ្ញុំ និងសេរីភាព និងសុខុមាលភាពរបស់ប្រទេសខ្ញុំវិញ។ ម្ល៉ោះហើយ ខ្ញុំសូមបញ្ចប់សំបុត្ររបស់ខ្ញុំសិនហើយ៕