ព្រះគម្ពីរ
អាលម៉ា 51


ជំពូក​ទី ៥១

ពួក​និយម​ស្ដេច​រក​កែប្រែ​ក្រឹត្យ​វិន័យ ហើយ​លើក​ស្ដេច​មួយ​ឡើង — ពេហូរ៉ាន និង​ពួក​សេរី ត្រូវ​បាន​គាំទ្រ​ដោយ​សំឡេង​របស់​ប្រជាជន — មរ៉ូណៃ​បង្ខំ​ពួក​និយម​ស្ដេច​ឲ្យ​ការ​ពារ​សេរីភាព​របស់​ពួក​គេ ឬ​ក៏​ត្រូវ​យក​ទៅ​ប្រហារជីវិត​ចោល — អាម៉ាលិកាយ និង​ពួក​សាសន៍​លេមិន​យក​បាន​ទី​ក្រុង​ដ៏​មាំមួន​ជា​ច្រើន — ទីអានគុម​កម្ចាត់​ការ​រាតត្បាត​នៃ​ពួក​លេមិន ហើយ​ប្រហារ​អាម៉ាលិកាយ នៅ​ក្នុង​ត្រសាល​របស់​ទ្រង់។ ប្រមាណ​ជា​ឆ្នាំ ៦៧–៦៦ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ដើម​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ​លើ​ប្រជាជន​នីហ្វៃ ពួក​គេ​បាន​សាង​សន្តិ​ភាព​រវាង​ប្រជាជន​របស់​លីហៃ​នឹង​ប្រជាជន​របស់​ម៉ូរីអានតុន អំពី​ដែនដី​ទាំង​ឡាយ​របស់​គេ ហើយ​បាន​ចាប់​ផ្ដើម​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​ក្នុង​សន្តិ​ភាព។

ក៏​ប៉ុន្តែ ពួក​គេ​ពុំ​បាន​រក្សា​សន្តិ​ភាព​ទាំង​ស្រុង​នៅ​លើ​ដែនដី​យូរ​ប៉ុន្មាន​ទេ ព្រោះ​ចាប់​ផ្ដើម​មាន​ការ​ទាស់ទែង​គ្នា​មួយ​នៅ​ក្នុង​ចំណោម​ប្រជាជន អំពី​មេ​ចៅក្រម​ពេហូរ៉ាន ត្បិត​មើល​ចុះ មាន​ប្រជាជន​មួយ​ផ្នែក ដែល​មាន​បំណង​ចង់​ឲ្យ​ចំណុច​ពិសេស​ខ្លះ​នៃ​ក្រឹត្យ​វិន័យ​ត្រូវ​កែប្រែ។

ប៉ុន្តែ​មើល​ចុះ ពេហូរ៉ាន​ពុំ​ព្រម​កែប្រែ ឬ​ពុំ​សុខ​ចិត្ត​ឲ្យ​ក្រឹត្យ​វិន័យ​នោះ ត្រូវ​បាន​កែប្រែ​សោះ ហេតុ​ដូច្នេះ​ហើយ លោក​ពុំ​បាន​ស្ដាប់​តាម​ពួក​ជន​ដែល​ដាក់​ពាក្យ​សំណូមពរ អំពី​ការ​កែប្រែ​ក្រឹត្យ​វិន័យ​នោះ​ឡើយ។

ហេតុ​ដូច្នេះ​ហើយ ពួក​ជន​ដែល​ចង់​ឲ្យ​ក្រឹត្យ​វិន័យ​ត្រូវ​កែប្រែ​នោះ ក៏​ខឹង​នឹង​លោក ហើយ​មាន​បំណង​ចង់​ឲ្យ​លោក​ឈប់​ធ្វើ​ជា​មេ​ចៅក្រម​លើ​ដែនដី​នេះ​ត​ទៅ​ទៀត​ហើយ ហេតុ​ដូច្នេះ​ហើយ ក៏​កើត​មាន​ការ​ទាស់ទែង​ដ៏​ក្ដៅ​មួយ​អំពី​រឿង​នេះ ប៉ុន្តែ​មិន​ដល់​មាន​ការ​ខ្ចាយ​ឈាម​ទេ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​អ្នក​ដែល​មាន​បំណង​ចង់​ឲ្យ​ពេហូរ៉ាន ត្រូវ​ធ្លាក់​ពី​វេទិកា​ជំនុំ​ជំរះ​នោះ ត្រូវ​បាន​ហៅ​ថា ពួក​និយម​ស្ដេច ព្រោះ​ពួក​គេ​មាន​បំណង​ចង់​ឲ្យ​ក្រឹត្យ​វិន័យ ត្រូវ​កែប្រែ​តាម​របៀប​មួយ​ដែល​រំលំ​រដ្ឋាភិបាល​សេរី ហើយ​បង្កើត​ឲ្យ​មាន​ស្ដេច​មួយ​លើ​ដែនដី​នេះ។

ហើយ​ពួក​អ្នក​ដែល​មាន​បំណង​ចង់​ឲ្យ​ពេហូរ៉ាន នៅ​ធ្វើ​ជា​មេ​ចៅក្រម​លើ​ដែនដី​នេះ បាន​ដាក់​ឈ្មោះ​ពួក​គេ​ថា ពួក​សេរី ម្ល៉ោះ​ហើយ មាន​ការ​បែកបាក់​នៅ​ក្នុង​ចំណោម​ពួក​គេ ព្រោះ​ពួក​សេរី​បាន​ស្បថ ឬ​បាន​ធ្វើ​សេចក្ដី​សញ្ញា​ថា នឹង​រក្សា​សិទ្ធិ​របស់​ពួក​គេ និង​ឯកសិទ្ធិ​ទាំង​ឡាយ​នៃ​សាសនា​របស់​ពួក​គេ ដោយ​រដ្ឋាភិបាល​សេរី​មួយ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បញ្ហា​នៃ​ការ​ទាស់ទែង​គ្នា​របស់​ពួក​គេ​នេះ ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​សំឡេង​របស់​ប្រជាជន។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា សំឡេង​របស់​ប្រជាជន​បាន​គាំទ្រ​ពួក​សេរី ហើយ​ពេហូរ៉ាន​បាន​រក្សា​វេទិកា​ជំនុំ​ជំរះ ដែល​នាំ​ឲ្យ​មាន​ការ​អរ​រីករាយ​ជា​ខ្លាំង​នៅ​ក្នុង​ចំណោម​បង​ប្អូន​របស់​ពេហូរ៉ាន និង​ប្រជាជន​នៃ​ឥស្សរភាព​ជា​ច្រើន​គ្នា​ផង ពួក​គេ​ក៏​បាន​ធ្វើ​ឲ្យ​ពួក​និយម​ស្ដេច​ស្ងប់​ស្ងាត់ ដែល​ពួក​គេ​មិន​ហ៊ាន​ប្រឆាំង​តប​ត​ឡើយ តែ​ត្រូវ​បាន​បង្ខំ​ឲ្យ​រក្សា​ឧត្ដម​គតិ​នៃ​សេរីភាព​វិញ។

ឥឡូវ​នេះ ពួក​ជន​ដែល​គាំទ្រ​ស្ដេច គឺជា​ពួក​អ្នក​ដែល​មាន​ត្រកូល​ខ្ពស់ ហើយ​ពួក​គេ​បាន​ស្វែងរក​ធ្វើ​ជា​ស្ដេច ហើយ​ពួក​គេ​ត្រូវ​បាន​គាំទ្រ ដោយ​ពួក​អ្នក​ដែល​ស្វែងរក​អានុភាព និង​សិទ្ធិ​អំណាច​លើ​ប្រជាជន។

ប៉ុន្តែ​មើល​ចុះ នេះ​គឺជា​ពេល​ដ៏​សំខាន់​មួយ ដែល​មាន​ការ​ទាស់ទែង​គ្នា​ទាំង​ឡាយ​បែប​នេះ នៅ​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ ត្បិត​មើល​ចុះ អាម៉ាលិកាយ​បាន​ចាក់​រុក​ចិត្ត​នៃ​ពួក​សាសន៍​លេមិន​ជាថ្មី​ទៀត​ឲ្យ​ទាស់​នឹង​ប្រជាជន​នៃ​សាសន៍​នីហ្វៃ ហើយ​ទ្រង់​កំពុងតែ​ប្រមូល​ពួក​ទាហាន​ពី​គ្រប់​តំបន់​នៃ​អស់​ទាំង​ដែនដី​របស់​ទ្រង់ ហើយ​ប្រដាប់​អាវុធ​ឲ្យ​គេ ហើយ​រៀបចំ​ធ្វើ​សង្គ្រាម ដោយ​អស់​ទាំង​ការ​ព្យាយាម ព្រោះ​ទ្រង់​បាន​ស្បថ​ថា​នឹង​ផឹក​ឈាម​របស់​មរ៉ូណៃ។

១០ប៉ុន្តែ​មើល​ចុះ យើង​នឹង​ឃើញ​ថា ពាក្យ​សន្យា​របស់​ទ្រង់ ដែល​ទ្រង់​បាន​ធ្វើ​នោះ គឺ​គ្មាន​ការ​ប្រយ័ត្ន​ប្រយែង​សោះ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ទ្រង់​បាន​រៀបចំ​ខ្លួន និង​ពល​ទ័ព​របស់​ទ្រង់​ដែរ ដើម្បី​មក​ធ្វើ​ចម្បាំង​តទល់​នឹង​ពួក​សាសន៍​នីហ្វៃ។

១១ឥឡូវ​នេះ ពល​ទ័ព​របស់​ទ្រង់​ពុំ​សូវ​ធំ​ដូច​ពួក​គេ​ពីមុន​ទេ ដោយ​ព្រោះ​ច្រើន​ពាន់​នាក់​ត្រូវ​ស្លាប់ ដោយ​ដៃ​នៃ​ពួក​សាសន៍​នីហ្វៃ ប៉ុន្តែ​ទោះ​ជា​គេ​មាន​ការ​ខូចខាត​ដ៏​ធំ​ក៏​ដោយ គង់តែ​អាម៉ាលិកាយ​ប្រមូល​បាន​កងទ័ព​ដ៏​ធំ​អស្ចារ្យ​មួយ​ដែរ ដរាប​ដល់​ទ្រង់​មិន​ខ្លាច​ចុះ​មក​ដែនដី សារ៉ាហិមឡា​ឡើយ។

១២មែន​ហើយ ទាំង​អាម៉ាលិកាយ​ក៏​បាន​ចុះ​មក​ផ្ទាល់ នៅ​ខាង​មុខ​ពួក​លេមិន។ ហើយ​នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម ហើយ​នៅ​ក្នុង​ពេល​ដដែល​នេះ ដែល​ពួក​គេ​បាន​ចាប់​ផ្ដើម​ដោះ​ស្រាយ​រឿងរ៉ាវ​នៃ​ការ​ទាស់ទែង​គ្នា​របស់​ពួក​គេ​អំពី​មេ​ចៅក្រម ពេហូរ៉ាន។

១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​អ្នក​ដែល​ខ្លួន​ហៅ​ថា ពួក​និយម​ស្ដេច បាន​ឮ​ថា ពួក​សាសន៍​លេមិន​កំពុងតែ​មក​ច្បាំង​នឹង​ពួក​គេ នោះ​ពួក​គេ​សែន​រីករាយ​នៅ​ក្នុង​ចិត្ត ហើយ​ពួក​គេ​បាន​ប្រកែក​មិន​ព្រម​កាន់​អាវុធ​សោះ ព្រោះ​ពួក​គេ​ខឹង​នឹង​មេ​ចៅក្រម និង​ប្រជាជន​នៃ​ឥស្សរភាព​ផង​ថា ពួក​គេ​មិន​ព្រម​កាន់​អាវុធ​ការ​ពារ​ប្រទេស​របស់​គេ​ទេ។

១៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​មរ៉ូណៃ​បាន​ឃើញ​ដូច្នោះ ហើយ​បាន​ឃើញ​ផង​ដែរ​ថា ពួក​លេមិន​កំពុងតែ​លើក​ទ័ព​មក​ក្នុង​ព្រំប្រទល់​ទាំង​ឡាយ​នៃ​ដែនដី នោះ​លោក​ក៏​ខឹង​ជា​អតិបរមា ដោយ​ព្រោះ​ភាព​រឹងទទឹង​របស់​ពួក​ជន ដែល​លោក​បាន​ខិតខំ​ធ្វើ​ការ​ដោយ​សេចក្ដី​ព្យាយាម​ជា​ខ្លាំង​ដើម្បី​រក្សា មែន​ហើយ លោក​បាន​ខឹង​ជា​អតិបរមា ព្រលឹង​លោក​ពោរ​ពេញ​ទៅ​ដោយ​កំហឹង​ខឹង​នឹង​ពួក​គេ។

១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​បាន​ធ្វើ​សំណូមពរ​មួយ តាម​សំឡេង​របស់​ប្រជាជន​ទៅ​លោក​អភិបាល​នៃ​ដែនដី សូម​ឲ្យ​លោក​អាន​វា ហើយ​ប្រទាន​ដល់​លោក (មរ៉ូណៃ) នូវ​អំណាច ដើម្បី​បង្ខំ​ពួក​ជន​ដែល​បែក​ចេញ​ទាំង​នោះ​ឲ្យ​ការ​ពារ​ប្រទេស​របស់​គេ ឬ​ក៏​ត្រូវ​ប្រហារជីវិត​បង់។

១៦ព្រោះ​គឺជា​ការ​កង្វល់​ទី​មួយ​របស់​លោក គឺ​បញ្ចប់​នូវ​ការ​ទាស់ទែង​គ្នា និង​ការ​បែក​ចេញ​បែប​នេះ​ក្នុង​ចំណោម​ប្រជាជន ត្បិត​មើល​ចុះ តាំង​ពីមុន​មក ការណ៍​នេះ​ហើយ​ដែល​ជា​ដើមហេតុ​នៃ​អស់​ទាំង​សេចក្ដី​បំផ្លិចបំផ្លាញ​របស់​ពួក​គេ។ ហើយ​ហេតុការណ៍ បាន​កើត​ឡើង​ថា ការណ៍​នោះ​ត្រូវ​បាន​យល់​ព្រម តាម​សំឡេង​របស់​ប្រជាជន។

១៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មរ៉ូណៃ​បាន​បញ្ជា​ទ័ព​របស់​លោក​ថា ត្រូវ​ប្រឆាំង​នឹង​ពួក​និយម​ស្ដេច​ទាំង​នោះ ដើម្បី​ទាញ​ទម្លាក់​នូវ​សេចក្ដី​ឆ្មើងឆ្មៃ​របស់​គេ និង​អភិជន​ភាព​របស់​គេ ហើយ​ពង្រាប​វា​ដល់​ដី ឬ​ក៏​ពួក​គេ​ត្រូវ​កាន់​អាវុធ ហើយ​គាំទ្រ​ដល់​ឧត្ដម​គតិ​នៃ​ឥស្សរភាព។

១៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពល​ទ័ព​បាន​លើក​ទៅ​ទាស់​នឹង​ពួក​គេ ហើយ​ពួក​គេ​ត្រូវ​បាន​ទាញ​ទម្លាក់​នូវ​សេចក្ដី​ឆ្មើងឆ្មៃ​របស់​ពួក​គេ និង​អភិជន​ភាព​របស់​ពួក​គេ ដរាប​ដល់​ពេល​ណា​ដែល​ពួក​គេ​បាន​លើក​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​របស់​គេ ដើម្បី​ប្រយុទ្ធ​តទល់​នឹង​ទ័ព​របស់​មរ៉ូណៃ នោះ​ពួក​គេ​ត្រូវ​កាប់​ទម្លាក់​ចុះ ហើយ​ត្រូវ​ពង្រាប​ដល់​ដី។

១៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​ពួក​ដែល​បែក​ចេញ​នោះ​ចំនួន​បួន​ពាន់​នាក់ ដែល​ត្រូវ​កាប់​ទម្លាក់​ចុះ​ដោយ​ដាវ ហើយ​ពួក​មេដឹកនាំ​របស់​គេ​ទាំង​នោះ ដែល​ពុំ​ត្រូវ​ស្លាប់​ក្នុង​សមរភូមិ នោះ​ត្រូវ​ចាប់ ហើយ​ដាក់​ក្នុង​គុក ព្រោះ​គ្មាន​ពេល​សម្រាប់​ជំនុំ​ជំរះ​ពួក​គេ​នៅ​ក្នុង​រយៈ​ពេល​នេះ​ទេ។

២០ហើយ​ពួក​អ្នក​ដែល​បែក​ចេញ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ដោយ​ពុំ​ចង់​ត្រូវ​កាប់​ទម្លាក់​ទៅ​លើ​ដី​ដោយ​ដាវ ក៏​បាន​ចុះ​ចូល​ក្រោម​ទង់​ឥស្សរភាព ហើយ​ត្រូវ​បាន​បង្ខំ​ឲ្យ​លើក​ទង់​ឥស្សរភាព​ឡើង​លើ​ប៉ម​ទាំង​ឡាយ​របស់​ពួក​គេ និង​នៅ​ក្នុង​ទី​ក្រុង​ទាំង​ឡាយ​របស់​ពួក​គេ ហើយ​លើក​អាវុធ​ការ​ពារ​ប្រទេស​របស់​ពួក​គេ​ផង។

២១ម្ល៉ោះ​ហើយ មរ៉ូណៃ​បាន​កម្ចាត់​ពួក​និយម​ស្ដេច​ទាំង​នោះ រហូត​ដល់​គ្មាន​អ្នក​ណា​ម្នាក់​មាន​នាម​ថា ជា​អ្នក​និយម​ស្ដេច​ទៀត​សោះ ម្ល៉ោះ​ហើយ លោក​បាន​បញ្ចប់​ភាព​រឹងទទឹង និង​សេចក្ដី​ឆ្មើងឆ្មៃ​របស់​ពួក​មនុស្ស​ដែល​អះអាង​ថា ជា​ឈាម​អភិជន ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​នាំ​ចុះ​ឲ្យ​ធ្វើ​ខ្លួន​ទន់​ទាប​ដូច​បង​ប្អូន​គេ ហើយ​ប្រយុទ្ធ​យ៉ាង​អង់​អាច ដើម្បី​សេរីភាព​របស់​ពួក​គេ ដែល​រួច​ផុត​ពី​សេវក​ភាព។

២២មើល​ចុះ ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​ដែល​មរ៉ូណៃ​កំពុងតែ​បញ្ឈប់​សង្គ្រាម និង​ការ​ទាស់ទែង​គ្នា​ទាំង​ឡាយ​បែប​នេះ នៅ​ក្នុង​ចំណោម​ប្រជាជន​ផ្ទាល់​របស់​លោក ហើយ​ដាក់​ឲ្យ​គេ​រស់នៅ​ក្នុង​សេចក្ដី​សុខសាន្ត និង​អារ្យធម៌ ហើយ​ធ្វើ​ការ​ចាត់ចែង​ទាំង​ឡាយ ដើម្បី​រៀបចំ​ធ្វើ​សង្គ្រាម​នឹង​ពួក​សាសន៍​លេមិន មើល​ចុះ ពួក​លេមិន​បាន​ចូល​មក​លើ​ដែនដី​មរ៉ូណៃ ដែល​នៅ​ក្នុង​ព្រំប្រទល់​ជិត​មាត់សមុទ្រ។

២៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​សាសន៍​នីហ្វៃ​ពុំ​មាន​កម្លាំង​គ្រប់​គ្រាន់ នៅ​ក្នុង​ទី​ក្រុង​មរ៉ូណៃ​ឡើយ ហេតុ​ដូច្នេះ​ហើយ អាម៉ាលិកាយ​បាន​រុញច្រាន​ពួក​គេ ដោយ​ប្រហារ​មនុស្ស​អស់​ជា​ច្រើន។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាម៉ាលិកាយ​យក​បាន​ទី​ក្រុង​នោះ មែន​ហើយ យក​អស់​ទាំង​បន្ទាយ​ការ​ពារ​របស់​ពួក​គេ។

២៤ហើយ​ពួក​អ្នក​ដែល​បាន​រត់​ភៀស​ចេញ​ពី​ទី​ក្រុង​មរ៉ូណៃ បាន​ទៅ​ដល់​ទី​ក្រុង​នីហ្វៃ​ហា ហើយ​ព្រម​ទាំង​ប្រជាជន​នៃ​ទី​ក្រុង​លីហៃ​ផង បាន​ប្រមូល​គ្នា​មក ហើយ​បាន​ធ្វើ​ការ​រៀបចំ ហើយ​បាន​ប្រុងប្រៀប​ខ្លួន​ដើម្បី​ច្បាំង​នឹង​ពួក​លេមិន។

២៥ប៉ុន្តែ ហេតុការណ៍​បាន​កើត​ឡើង​ថា អាម៉ាលិកាយ​មិន​ឲ្យ​ពួក​លេមិន ទៅ​ច្បាំង​នឹង​ទី​ក្រុង​នីហ្វៃ​ហា​ទេ ប៉ុន្តែ​ទុក​ពួក​គេ​នៅ​ជិត​ឆ្នេរ​សមុទ្រ ដោយ​ដាក់​ទ័ព​នៅ​គ្រប់​ទី​ក្រុង ដើម្បី​រក្សា ហើយ​ការ​ពារ​ទី​ក្រុង​នោះ។

២៦ម្ល៉ោះ​ហើយ ទ្រង់​បាន​បន្ត​ទៅ គឺ​យក​បាន​ទី​ក្រុង​ជា​ច្រើន ទី​ក្រុង​នីហ្វៃ​ហា និង​ទី​ក្រុង​លីហៃ និង​ទី​ក្រុង​ម៉ូរីអានតុន និង​ទី​ក្រុង​អោមណើរ និង​ទី​ក្រុង​គីឌ និង​ទី​ក្រុង​មូលេក ទី​ក្រុង​អស់​ទាំង​នេះ​នៅ​លើ​ព្រំប្រទល់​ខាង​កើត​ទាំង​ឡាយ​ជិត​ឆ្នេរសមុទ្រ។

២៧ម្ល៉ោះ​ហើយ ពួក​លេមិន​យក​បាន គឺ​ដោយ​កលល្បិច​របស់​អាម៉ាលិកាយ​នូវ​ទី​ក្រុង​ជា​ច្រើន ដោយ​ចំនួន​ទ័ព​ដ៏​ច្រើន​ឥត​គណនា​របស់​ពួក​គេ គឺ​ទី​ក្រុង​ទាំង​អស់​នេះ​ត្រូវ​បាន​សង់​យ៉ាង​មាំមួន តាម​របៀប​បន្ទាយ​ទាំង​ឡាយ​របស់​មរ៉ូណៃ ទី​ក្រុង​ទាំង​អស់​នេះ​ត្រូវ​បាន​ទៅ​ជា​តំបន់​ការ​ពារ​ទាំង​ឡាយ​សម្រាប់​ពួក​លេមិន។

២៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ព្រំប្រទល់​ទាំង​ឡាយ នៃ​ដែនដី​បរិបូរណ៍​ដោយ​រុញច្រាន​ពួក​នីហ្វៃ​នៅ​ខាង​មុខ​គេ ហើយ​ប្រហារ​អស់​ជា​ច្រើន។

២៩ប៉ុន្តែ ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ជួបប្រទះ​នឹង​ទីអានគុម ដែល​បាន​សម្លាប់​ម៉ូរីអានតុន ហើយ​បាន​ស្ទាក់​មុខ ប្រជាជន​របស់​វា នៅ​ពេល​វា​រត់​ភៀស​ខ្លួន។

៣០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​ក៏​បាន​ស្ទាក់​មុខ​អាម៉ាលិកាយ​ដែរ នៅ​ពេល​ទ្រង់​កំពុងតែ​ធ្វើ​ដំណើរ​ទៅ​មុខ ជាមួយ​នឹង​កងទ័ព​ដ៏​ច្រើន​របស់​ទ្រង់ ដើម្បី​ទ្រង់​អាច​វាយ​យក​ដែនដី​បរិបូរណ៍ និង​ដែនដី​ដែល​នៅ​ខាង​ជើង​ផង។

៣១ប៉ុន្តែ​មើល​ចុះ ទ្រង់​បាន​ជួបប្រទះ​នឹង​ការ​ខក​ចិត្ត ដោយ​ត្រូវ​រុញ​ឲ្យ​ថយ​ក្រោយ ដោយ​ទីអានគុម និង​ទ័ព​របស់​លោក ព្រោះ​ពួក​គេ​ជា​អ្នក​ចម្បាំង​ដ៏​ខ្លាំងពូកែ ព្រោះ​មនុស្ស​គ្រប់​គ្នា​របស់​ទីអានគុម ឈ្នះ​ពួក​សាសន៍​លេមិន​ខាង​វិស័យ​កម្លាំង និង​ខាង​ការ​ប៉ិនប្រសប់​ក្នុង​សង្គ្រាម ដរាប​ដល់​ពួក​គេ​មាន​ប្រៀប​ទៅ​លើ​ពួក​លេមិន។

៣២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​វាយ​រំខាន​ពួក​គេនោះ ដរាប​ដល់​ពួក​គេ​បាន​សម្លាប់​ពួក​នោះ​ចោល រហូត​ដល់​មេឃ​ងងឹត។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទីអានគុម និង​ទ័ព​របស់​លោក បាន​បោះ​ត្រសាល​របស់​ខ្លួន​នៅ​ឯ​ព្រំប្រទល់​នៃ​ដែនដី​បរិបូរណ៍ ហើយ​អាម៉ាលិកាយ​បាន​បោះ​ត្រសាល​របស់​ទ្រង់​នៅ​ក្នុង​ព្រំប្រទល់​លើ​ឆ្នេរ​ខ្សាច់​ជិត​មាត់សមុទ្រ ហើយ​តាម​របៀប​នេះ ពួក​គេ​ត្រូវ​រុញច្រាន។

៣៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លុះ​ពេល​យប់​មក​ដល់ នោះ​ទីអានគុម និង​អ្នក​បម្រើ​របស់​លោក បាន​លួច​ចេញ​ទៅ​ក្រៅ​នៅ​ពេល​យប់ ហើយ​បាន​ទៅ​ក្នុង​ជំរំ​របស់​អាម៉ាលិកាយ ហើយ​មើល​ចុះ ការ​លង់លក់​បាន​ឈ្នះ​លើ​ពួក​គេ ព្រោះ​ពួក​គេ​នឿយហត់​ជា​ខ្លាំង ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​ការ​ដោយ​កម្លាំង និង​កម្ដៅ​ថ្ងៃ។

៣៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទីអានគុម​បាន​លួច​ចូល​ទៅ​ដោយ​សម្ងាត់​ទៅ​ក្នុង​ត្រសាល​ស្ដេច ហើយ​បាន​ចាក់​លំពែង​ទៅ​លើ​បេះដូង​របស់​ទ្រង់ ហើយ​លោក​បាន​ធ្វើ​ឲ្យ​ស្ដេច​សុគត​មួយ​រំពេច ដោយ​ពុំ​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ភ្ញាក់​ឡើយ។

៣៥ហើយ​លោក​បាន​ត្រឡប់​មក​ជំរំ​របស់​លោក​វិញ​ដោយ​សម្ងាត់ ហើយ​មើល​ចុះ ទ័ព​របស់​លោក​កំពុង​ដេកលក់ ហើយ​លោក​បាន​ដាស់​ពួក​គេ​ឡើង ហើយ​ប្រាប់​ពួក​គេ​ពី​គ្រប់​ការណ៍​ទាំង​អស់​ដែល​លោក​បាន​ធ្វើ។

៣៦ហើយ​លោក​បាន​បញ្ជា​ឲ្យ​ពល​ទ័ព​លោក​ប្រុងប្រៀប​ខ្លួន​ជាស្រេច ខ្លាចក្រែង​ពួក​លេមិន​បាន​ក្រោក​ឡើង ហើយ​មក​វាយលុក​លើ​ពួក​គេ។

៣៧ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ​លើ​ប្រជាជន​នីហ្វៃ ម្ល៉ោះ​ហើយ ក៏​ចប់​នូវ​ជីវិត​អាម៉ាលិកាយ​ទៅ៕