ជំពូកទី ៥១
ពួកនិយមស្ដេចរកកែប្រែក្រឹត្យវិន័យ ហើយលើកស្ដេចមួយឡើង — ពេហូរ៉ាន និងពួកសេរី ត្រូវបានគាំទ្រដោយសំឡេងរបស់ប្រជាជន — មរ៉ូណៃបង្ខំពួកនិយមស្ដេចឲ្យការពារសេរីភាពរបស់ពួកគេ ឬក៏ត្រូវយកទៅប្រហារជីវិតចោល — អាម៉ាលិកាយ និងពួកសាសន៍លេមិនយកបានទីក្រុងដ៏មាំមួនជាច្រើន — ទីអានគុមកម្ចាត់ការរាតត្បាតនៃពួកលេមិន ហើយប្រហារអាម៉ាលិកាយ នៅក្នុងត្រសាលរបស់ទ្រង់។ ប្រមាណជាឆ្នាំ ៦៧–៦៦ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា នៅដើមឆ្នាំទីម្ភៃប្រាំក្នុងរជ្ជកាលនៃពួកចៅក្រមទៅលើប្រជាជននីហ្វៃ ពួកគេបានសាងសន្តិភាពរវាងប្រជាជនរបស់លីហៃនឹងប្រជាជនរបស់ម៉ូរីអានតុន អំពីដែនដីទាំងឡាយរបស់គេ ហើយបានចាប់ផ្ដើមឆ្នាំទីម្ភៃប្រាំក្នុងសន្តិភាព។
២ក៏ប៉ុន្តែ ពួកគេពុំបានរក្សាសន្តិភាពទាំងស្រុងនៅលើដែនដីយូរប៉ុន្មានទេ ព្រោះចាប់ផ្ដើមមានការទាស់ទែងគ្នាមួយនៅក្នុងចំណោមប្រជាជន អំពីមេចៅក្រមពេហូរ៉ាន ត្បិតមើលចុះ មានប្រជាជនមួយផ្នែក ដែលមានបំណងចង់ឲ្យចំណុចពិសេសខ្លះនៃក្រឹត្យវិន័យត្រូវកែប្រែ។
៣ប៉ុន្តែមើលចុះ ពេហូរ៉ានពុំព្រមកែប្រែ ឬពុំសុខចិត្តឲ្យក្រឹត្យវិន័យនោះ ត្រូវបានកែប្រែសោះ ហេតុដូច្នេះហើយ លោកពុំបានស្ដាប់តាមពួកជនដែលដាក់ពាក្យសំណូមពរ អំពីការកែប្រែក្រឹត្យវិន័យនោះឡើយ។
៤ហេតុដូច្នេះហើយ ពួកជនដែលចង់ឲ្យក្រឹត្យវិន័យត្រូវកែប្រែនោះ ក៏ខឹងនឹងលោក ហើយមានបំណងចង់ឲ្យលោកឈប់ធ្វើជាមេចៅក្រមលើដែនដីនេះតទៅទៀតហើយ ហេតុដូច្នេះហើយ ក៏កើតមានការទាស់ទែងដ៏ក្ដៅមួយអំពីរឿងនេះ ប៉ុន្តែមិនដល់មានការខ្ចាយឈាមទេ។
៥ហើយហេតុការណ៍បានកើតឡើងថា ពួកអ្នកដែលមានបំណងចង់ឲ្យពេហូរ៉ាន ត្រូវធ្លាក់ពីវេទិកាជំនុំជំរះនោះ ត្រូវបានហៅថា ពួកនិយមស្ដេច ព្រោះពួកគេមានបំណងចង់ឲ្យក្រឹត្យវិន័យ ត្រូវកែប្រែតាមរបៀបមួយដែលរំលំរដ្ឋាភិបាលសេរី ហើយបង្កើតឲ្យមានស្ដេចមួយលើដែនដីនេះ។
៦ហើយពួកអ្នកដែលមានបំណងចង់ឲ្យពេហូរ៉ាន នៅធ្វើជាមេចៅក្រមលើដែនដីនេះ បានដាក់ឈ្មោះពួកគេថា ពួកសេរី ម្ល៉ោះហើយ មានការបែកបាក់នៅក្នុងចំណោមពួកគេ ព្រោះពួកសេរីបានស្បថ ឬបានធ្វើសេចក្ដីសញ្ញាថា នឹងរក្សាសិទ្ធិរបស់ពួកគេ និងឯកសិទ្ធិទាំងឡាយនៃសាសនារបស់ពួកគេ ដោយរដ្ឋាភិបាលសេរីមួយ។
៧ហើយហេតុការណ៍បានកើតឡើងថា បញ្ហានៃការទាស់ទែងគ្នារបស់ពួកគេនេះ ត្រូវបានដោះស្រាយដោយសំឡេងរបស់ប្រជាជន។ ហើយហេតុការណ៍បានកើតឡើងថា សំឡេងរបស់ប្រជាជនបានគាំទ្រពួកសេរី ហើយពេហូរ៉ានបានរក្សាវេទិកាជំនុំជំរះ ដែលនាំឲ្យមានការអររីករាយជាខ្លាំងនៅក្នុងចំណោមបងប្អូនរបស់ពេហូរ៉ាន និងប្រជាជននៃឥស្សរភាពជាច្រើនគ្នាផង ពួកគេក៏បានធ្វើឲ្យពួកនិយមស្ដេចស្ងប់ស្ងាត់ ដែលពួកគេមិនហ៊ានប្រឆាំងតបតឡើយ តែត្រូវបានបង្ខំឲ្យរក្សាឧត្ដមគតិនៃសេរីភាពវិញ។
៨ឥឡូវនេះ ពួកជនដែលគាំទ្រស្ដេច គឺជាពួកអ្នកដែលមានត្រកូលខ្ពស់ ហើយពួកគេបានស្វែងរកធ្វើជាស្ដេច ហើយពួកគេត្រូវបានគាំទ្រ ដោយពួកអ្នកដែលស្វែងរកអានុភាព និងសិទ្ធិអំណាចលើប្រជាជន។
៩ប៉ុន្តែមើលចុះ នេះគឺជាពេលដ៏សំខាន់មួយ ដែលមានការទាស់ទែងគ្នាទាំងឡាយបែបនេះ នៅក្នុងចំណោមប្រជាជននីហ្វៃ ត្បិតមើលចុះ អាម៉ាលិកាយបានចាក់រុកចិត្តនៃពួកសាសន៍លេមិនជាថ្មីទៀតឲ្យទាស់នឹងប្រជាជននៃសាសន៍នីហ្វៃ ហើយទ្រង់កំពុងតែប្រមូលពួកទាហានពីគ្រប់តំបន់នៃអស់ទាំងដែនដីរបស់ទ្រង់ ហើយប្រដាប់អាវុធឲ្យគេ ហើយរៀបចំធ្វើសង្គ្រាម ដោយអស់ទាំងការព្យាយាម ព្រោះទ្រង់បានស្បថថានឹងផឹកឈាមរបស់មរ៉ូណៃ។
១០ប៉ុន្តែមើលចុះ យើងនឹងឃើញថា ពាក្យសន្យារបស់ទ្រង់ ដែលទ្រង់បានធ្វើនោះ គឺគ្មានការប្រយ័ត្នប្រយែងសោះ ទោះជាយ៉ាងណាក៏ដោយ គង់តែទ្រង់បានរៀបចំខ្លួន និងពលទ័ពរបស់ទ្រង់ដែរ ដើម្បីមកធ្វើចម្បាំងតទល់នឹងពួកសាសន៍នីហ្វៃ។
១១ឥឡូវនេះ ពលទ័ពរបស់ទ្រង់ពុំសូវធំដូចពួកគេពីមុនទេ ដោយព្រោះច្រើនពាន់នាក់ត្រូវស្លាប់ ដោយដៃនៃពួកសាសន៍នីហ្វៃ ប៉ុន្តែទោះជាគេមានការខូចខាតដ៏ធំក៏ដោយ គង់តែអាម៉ាលិកាយប្រមូលបានកងទ័ពដ៏ធំអស្ចារ្យមួយដែរ ដរាបដល់ទ្រង់មិនខ្លាចចុះមកដែនដី សារ៉ាហិមឡាឡើយ។
១២មែនហើយ ទាំងអាម៉ាលិកាយក៏បានចុះមកផ្ទាល់ នៅខាងមុខពួកលេមិន។ ហើយនៅឆ្នាំទីម្ភៃប្រាំក្នុងរជ្ជកាលនៃពួកចៅក្រម ហើយនៅក្នុងពេលដដែលនេះ ដែលពួកគេបានចាប់ផ្ដើមដោះស្រាយរឿងរ៉ាវនៃការទាស់ទែងគ្នារបស់ពួកគេអំពីមេចៅក្រម ពេហូរ៉ាន។
១៣ហើយហេតុការណ៍បានកើតឡើងថា កាលពួកអ្នកដែលខ្លួនហៅថា ពួកនិយមស្ដេច បានឮថា ពួកសាសន៍លេមិនកំពុងតែមកច្បាំងនឹងពួកគេ នោះពួកគេសែនរីករាយនៅក្នុងចិត្ត ហើយពួកគេបានប្រកែកមិនព្រមកាន់អាវុធសោះ ព្រោះពួកគេខឹងនឹងមេចៅក្រម និងប្រជាជននៃឥស្សរភាពផងថា ពួកគេមិនព្រមកាន់អាវុធការពារប្រទេសរបស់គេទេ។
១៤ហើយហេតុការណ៍បានកើតឡើងថា កាលមរ៉ូណៃបានឃើញដូច្នោះ ហើយបានឃើញផងដែរថា ពួកលេមិនកំពុងតែលើកទ័ពមកក្នុងព្រំប្រទល់ទាំងឡាយនៃដែនដី នោះលោកក៏ខឹងជាអតិបរមា ដោយព្រោះភាពរឹងទទឹងរបស់ពួកជន ដែលលោកបានខិតខំធ្វើការដោយសេចក្ដីព្យាយាមជាខ្លាំងដើម្បីរក្សា មែនហើយ លោកបានខឹងជាអតិបរមា ព្រលឹងលោកពោរពេញទៅដោយកំហឹងខឹងនឹងពួកគេ។
១៥ហើយហេតុការណ៍បានកើតឡើងថា លោកបានធ្វើសំណូមពរមួយ តាមសំឡេងរបស់ប្រជាជនទៅលោកអភិបាលនៃដែនដី សូមឲ្យលោកអានវា ហើយប្រទានដល់លោក (មរ៉ូណៃ) នូវអំណាច ដើម្បីបង្ខំពួកជនដែលបែកចេញទាំងនោះឲ្យការពារប្រទេសរបស់គេ ឬក៏ត្រូវប្រហារជីវិតបង់។
១៦ព្រោះគឺជាការកង្វល់ទីមួយរបស់លោក គឺបញ្ចប់នូវការទាស់ទែងគ្នា និងការបែកចេញបែបនេះក្នុងចំណោមប្រជាជន ត្បិតមើលចុះ តាំងពីមុនមក ការណ៍នេះហើយដែលជាដើមហេតុនៃអស់ទាំងសេចក្ដីបំផ្លិចបំផ្លាញរបស់ពួកគេ។ ហើយហេតុការណ៍ បានកើតឡើងថា ការណ៍នោះត្រូវបានយល់ព្រម តាមសំឡេងរបស់ប្រជាជន។
១៧ហើយហេតុការណ៍បានកើតឡើងថា មរ៉ូណៃបានបញ្ជាទ័ពរបស់លោកថា ត្រូវប្រឆាំងនឹងពួកនិយមស្ដេចទាំងនោះ ដើម្បីទាញទម្លាក់នូវសេចក្ដីឆ្មើងឆ្មៃរបស់គេ និងអភិជនភាពរបស់គេ ហើយពង្រាបវាដល់ដី ឬក៏ពួកគេត្រូវកាន់អាវុធ ហើយគាំទ្រដល់ឧត្ដមគតិនៃឥស្សរភាព។
១៨ហើយហេតុការណ៍បានកើតឡើងថា ពលទ័ពបានលើកទៅទាស់នឹងពួកគេ ហើយពួកគេត្រូវបានទាញទម្លាក់នូវសេចក្ដីឆ្មើងឆ្មៃរបស់ពួកគេ និងអភិជនភាពរបស់ពួកគេ ដរាបដល់ពេលណាដែលពួកគេបានលើកគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់គេ ដើម្បីប្រយុទ្ធតទល់នឹងទ័ពរបស់មរ៉ូណៃ នោះពួកគេត្រូវកាប់ទម្លាក់ចុះ ហើយត្រូវពង្រាបដល់ដី។
១៩ហើយហេតុការណ៍បានកើតឡើងថា មានពួកដែលបែកចេញនោះចំនួនបួនពាន់នាក់ ដែលត្រូវកាប់ទម្លាក់ចុះដោយដាវ ហើយពួកមេដឹកនាំរបស់គេទាំងនោះ ដែលពុំត្រូវស្លាប់ក្នុងសមរភូមិ នោះត្រូវចាប់ ហើយដាក់ក្នុងគុក ព្រោះគ្មានពេលសម្រាប់ជំនុំជំរះពួកគេនៅក្នុងរយៈពេលនេះទេ។
២០ហើយពួកអ្នកដែលបែកចេញដែលនៅសល់ទាំងប៉ុន្មាន ដោយពុំចង់ត្រូវកាប់ទម្លាក់ទៅលើដីដោយដាវ ក៏បានចុះចូលក្រោមទង់ឥស្សរភាព ហើយត្រូវបានបង្ខំឲ្យលើកទង់ឥស្សរភាពឡើងលើប៉មទាំងឡាយរបស់ពួកគេ និងនៅក្នុងទីក្រុងទាំងឡាយរបស់ពួកគេ ហើយលើកអាវុធការពារប្រទេសរបស់ពួកគេផង។
២១ម្ល៉ោះហើយ មរ៉ូណៃបានកម្ចាត់ពួកនិយមស្ដេចទាំងនោះ រហូតដល់គ្មានអ្នកណាម្នាក់មាននាមថា ជាអ្នកនិយមស្ដេចទៀតសោះ ម្ល៉ោះហើយ លោកបានបញ្ចប់ភាពរឹងទទឹង និងសេចក្ដីឆ្មើងឆ្មៃរបស់ពួកមនុស្សដែលអះអាងថា ជាឈាមអភិជន ប៉ុន្តែពួកគេត្រូវបាននាំចុះឲ្យធ្វើខ្លួនទន់ទាបដូចបងប្អូនគេ ហើយប្រយុទ្ធយ៉ាងអង់អាច ដើម្បីសេរីភាពរបស់ពួកគេ ដែលរួចផុតពីសេវកភាព។
២២មើលចុះ ហេតុការណ៍បានកើតឡើងថា នៅពេលដែលមរ៉ូណៃកំពុងតែបញ្ឈប់សង្គ្រាម និងការទាស់ទែងគ្នាទាំងឡាយបែបនេះ នៅក្នុងចំណោមប្រជាជនផ្ទាល់របស់លោក ហើយដាក់ឲ្យគេរស់នៅក្នុងសេចក្ដីសុខសាន្ត និងអារ្យធម៌ ហើយធ្វើការចាត់ចែងទាំងឡាយ ដើម្បីរៀបចំធ្វើសង្គ្រាមនឹងពួកសាសន៍លេមិន មើលចុះ ពួកលេមិនបានចូលមកលើដែនដីមរ៉ូណៃ ដែលនៅក្នុងព្រំប្រទល់ជិតមាត់សមុទ្រ។
២៣ហើយហេតុការណ៍បានកើតឡើងថា ពួកសាសន៍នីហ្វៃពុំមានកម្លាំងគ្រប់គ្រាន់ នៅក្នុងទីក្រុងមរ៉ូណៃឡើយ ហេតុដូច្នេះហើយ អាម៉ាលិកាយបានរុញច្រានពួកគេ ដោយប្រហារមនុស្សអស់ជាច្រើន។ ហើយហេតុការណ៍បានកើតឡើងថា អាម៉ាលិកាយយកបានទីក្រុងនោះ មែនហើយ យកអស់ទាំងបន្ទាយការពាររបស់ពួកគេ។
២៤ហើយពួកអ្នកដែលបានរត់ភៀសចេញពីទីក្រុងមរ៉ូណៃ បានទៅដល់ទីក្រុងនីហ្វៃហា ហើយព្រមទាំងប្រជាជននៃទីក្រុងលីហៃផង បានប្រមូលគ្នាមក ហើយបានធ្វើការរៀបចំ ហើយបានប្រុងប្រៀបខ្លួនដើម្បីច្បាំងនឹងពួកលេមិន។
២៥ប៉ុន្តែ ហេតុការណ៍បានកើតឡើងថា អាម៉ាលិកាយមិនឲ្យពួកលេមិន ទៅច្បាំងនឹងទីក្រុងនីហ្វៃហាទេ ប៉ុន្តែទុកពួកគេនៅជិតឆ្នេរសមុទ្រ ដោយដាក់ទ័ពនៅគ្រប់ទីក្រុង ដើម្បីរក្សា ហើយការពារទីក្រុងនោះ។
២៦ម្ល៉ោះហើយ ទ្រង់បានបន្តទៅ គឺយកបានទីក្រុងជាច្រើន ទីក្រុងនីហ្វៃហា និងទីក្រុងលីហៃ និងទីក្រុងម៉ូរីអានតុន និងទីក្រុងអោមណើរ និងទីក្រុងគីឌ និងទីក្រុងមូលេក ទីក្រុងអស់ទាំងនេះនៅលើព្រំប្រទល់ខាងកើតទាំងឡាយជិតឆ្នេរសមុទ្រ។
២៧ម្ល៉ោះហើយ ពួកលេមិនយកបាន គឺដោយកលល្បិចរបស់អាម៉ាលិកាយនូវទីក្រុងជាច្រើន ដោយចំនួនទ័ពដ៏ច្រើនឥតគណនារបស់ពួកគេ គឺទីក្រុងទាំងអស់នេះត្រូវបានសង់យ៉ាងមាំមួន តាមរបៀបបន្ទាយទាំងឡាយរបស់មរ៉ូណៃ ទីក្រុងទាំងអស់នេះត្រូវបានទៅជាតំបន់ការពារទាំងឡាយសម្រាប់ពួកលេមិន។
២៨ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានធ្វើដំណើរទៅដល់ព្រំប្រទល់ទាំងឡាយ នៃដែនដីបរិបូរណ៍ដោយរុញច្រានពួកនីហ្វៃនៅខាងមុខគេ ហើយប្រហារអស់ជាច្រើន។
២៩ប៉ុន្តែ ហេតុការណ៍បានកើតឡើងថា ពួកគេបានជួបប្រទះនឹងទីអានគុម ដែលបានសម្លាប់ម៉ូរីអានតុន ហើយបានស្ទាក់មុខ ប្រជាជនរបស់វា នៅពេលវារត់ភៀសខ្លួន។
៣០ហើយហេតុការណ៍បានកើតឡើងថា លោកក៏បានស្ទាក់មុខអាម៉ាលិកាយដែរ នៅពេលទ្រង់កំពុងតែធ្វើដំណើរទៅមុខ ជាមួយនឹងកងទ័ពដ៏ច្រើនរបស់ទ្រង់ ដើម្បីទ្រង់អាចវាយយកដែនដីបរិបូរណ៍ និងដែនដីដែលនៅខាងជើងផង។
៣១ប៉ុន្តែមើលចុះ ទ្រង់បានជួបប្រទះនឹងការខកចិត្ត ដោយត្រូវរុញឲ្យថយក្រោយ ដោយទីអានគុម និងទ័ពរបស់លោក ព្រោះពួកគេជាអ្នកចម្បាំងដ៏ខ្លាំងពូកែ ព្រោះមនុស្សគ្រប់គ្នារបស់ទីអានគុម ឈ្នះពួកសាសន៍លេមិនខាងវិស័យកម្លាំង និងខាងការប៉ិនប្រសប់ក្នុងសង្គ្រាម ដរាបដល់ពួកគេមានប្រៀបទៅលើពួកលេមិន។
៣២ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានវាយរំខានពួកគេនោះ ដរាបដល់ពួកគេបានសម្លាប់ពួកនោះចោល រហូតដល់មេឃងងឹត។ ហើយហេតុការណ៍បានកើតឡើងថា ទីអានគុម និងទ័ពរបស់លោក បានបោះត្រសាលរបស់ខ្លួននៅឯព្រំប្រទល់នៃដែនដីបរិបូរណ៍ ហើយអាម៉ាលិកាយបានបោះត្រសាលរបស់ទ្រង់នៅក្នុងព្រំប្រទល់លើឆ្នេរខ្សាច់ជិតមាត់សមុទ្រ ហើយតាមរបៀបនេះ ពួកគេត្រូវរុញច្រាន។
៣៣ហើយហេតុការណ៍បានកើតឡើងថា លុះពេលយប់មកដល់ នោះទីអានគុម និងអ្នកបម្រើរបស់លោក បានលួចចេញទៅក្រៅនៅពេលយប់ ហើយបានទៅក្នុងជំរំរបស់អាម៉ាលិកាយ ហើយមើលចុះ ការលង់លក់បានឈ្នះលើពួកគេ ព្រោះពួកគេនឿយហត់ជាខ្លាំង ដែលបណ្ដាលមកពីការធ្វើការដោយកម្លាំង និងកម្ដៅថ្ងៃ។
៣៤ហើយហេតុការណ៍បានកើតឡើងថា ទីអានគុមបានលួចចូលទៅដោយសម្ងាត់ទៅក្នុងត្រសាលស្ដេច ហើយបានចាក់លំពែងទៅលើបេះដូងរបស់ទ្រង់ ហើយលោកបានធ្វើឲ្យស្ដេចសុគតមួយរំពេច ដោយពុំបានធ្វើឲ្យពួកអ្នកបម្រើរបស់ទ្រង់ភ្ញាក់ឡើយ។
៣៥ហើយលោកបានត្រឡប់មកជំរំរបស់លោកវិញដោយសម្ងាត់ ហើយមើលចុះ ទ័ពរបស់លោកកំពុងដេកលក់ ហើយលោកបានដាស់ពួកគេឡើង ហើយប្រាប់ពួកគេពីគ្រប់ការណ៍ទាំងអស់ដែលលោកបានធ្វើ។
៣៦ហើយលោកបានបញ្ជាឲ្យពលទ័ពលោកប្រុងប្រៀបខ្លួនជាស្រេច ខ្លាចក្រែងពួកលេមិនបានក្រោកឡើង ហើយមកវាយលុកលើពួកគេ។
៣៧ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីម្ភៃប្រាំក្នុងរជ្ជកាលនៃពួកចៅក្រមទៅលើប្រជាជននីហ្វៃ ម្ល៉ោះហើយ ក៏ចប់នូវជីវិតអាម៉ាលិកាយទៅ៕