ព្រះគម្ពីរ
អាលម៉ា 49


ជំពូក​ទី ៤៩

ពួក​លេមិន​ដែល​ឈ្លានពាន​នោះ មិន​អាច​យក​ទី​ក្រុង​អាំម៉ូណៃហា និង​ណូអេ​ដ៏​មាំមួន​បាន​ទេ — អាម៉ាលិកាយ​ជេរ​ប្រទេច​ព្រះ ហើយ​ស្បថ​ថា​នឹង​ផឹក​ឈាម​មរ៉ូណៃ — ហេលេមិន និង​បង​ប្អូន​លោក បន្ត​ការ​ចម្រើន​កម្លាំង​ដល់​សាសនាចក្រ។ ប្រមាណ​ជា​ឆ្នាំ ៧២ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ខែ​ទី​ដប់​មួយ​ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំបួន ទៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​នោះ នោះ​ពល​ទ័ព​សាសន៍​លេមិន​ត្រូវ​គេ​ឃើញ​ដើរ​ឆ្ពោះ​ទៅ​ដែនដី​អាំម៉ូណៃហា។

ហើយ​មើល​ចុះ ទី​ក្រុង​នេះ​ត្រូវ​បាន​ស្ថាបនា​ឡើង​វិញ ហើយ​មរ៉ូណៃ​បាន​ដាក់​ទ័ព​មួយ​កង នៅ​តាម​ព្រំប្រទល់​ទាំង​ឡាយ​នៃ​ទី​ក្រុង ហើយ​ពួក​គេ​បាន​ពូនដី​ជុំវិញ ដើម្បី​បាំង​ពួក​គេ​កុំ​ឲ្យ​ត្រូវ​ព្រួញ និង​ក្រួស​របស់​ពួក​លេមិន ត្បិត​មើល​ចុះ ពួក​គេ​ប្រយុទ្ធ​ដោយ​ប្រើ​គ្រួស និង​ព្រួញ។

មើល​ចុះ ខ្ញុំ​បាន​ប្រាប់​ថា ទី​ក្រុង​អាំម៉ូណៃហា​ត្រូវ​បាន​ស្ថាបនា​ឡើង​វិញ។ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា មែន​ហើយ គឺ​វា​ត្រូវ​បាន​ស្ថាបនា​ឡើង​វិញ​តាម​កន្លែង​ខ្លះ ហើយ​ពី​ព្រោះ​ពួក​លេមិន​បាន​បំផ្លាញ​វា​ម្ដង ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​របស់​ប្រជាជន នោះ​ពួក​គេ​បាន​សន្និដ្ឋាន​ថា វា​ជា​ទិសដៅ​ដ៏​ងាយ​សម្រាប់​ពួក​គេ​ម្ដង​ទៀត។

ប៉ុន្តែ​មើល​ចុះ ពួក​គេ​ខក​ចិត្ត​ជា​ខ្លាំង ត្បិត​មើល​ចុះ ពួក​នីហ្វៃ​បាន​ជីក​ធ្វើ​ជា​ភ្លឺ​ដី​មួយ​ជុំវិញ​ពួក​គេ​យ៉ាង​ខ្ពស់ រហូត​ដល់​ពួក​លេមិន​មិន​អាច​បាញ់​ក្រួស និង​ព្រួញ​ទៅ​លើ​ពួក​គេ ដើម្បី​វា​អាច​មាន​ប្រសិទ្ធិ​ភាព​បាន​សោះ ហើយ​ពួក​គេ​ក៏​មិន​អាច​វាយលុក​ចូល​ទៅ​លើ​ពួក​គេ​បាន​ដែរ លើក​លែងតែ​តាម​ផ្លូវ​ចូល​របស់​គេ​ប៉ុណ្ណោះ។

ឥឡូវ​នេះ នៅ​ពេល​នេះ ពួក​មេទ័ព​ឯក​នៃ​សាសន៍​លេមិន មាន​ការ​ភ្ញាក់​ផ្អើល​ហួស​ប្រមាណ ដោយ​ព្រោះ​ប្រាជ្ញា​របស់​ពួក​សាសន៍​នីហ្វៃ​ក្នុង​ការ​រៀបចំ​ទីកន្លែង​សន្តិសុខ​ទាំង​ឡាយ​របស់​ពួក​គេ។

ឥឡូវ​នេះ មេដឹកនាំ​ទាំង​ឡាយ​របស់​សាសន៍​លេមិន បាន​សន្និដ្ឋាន​ថា ដោយ​ព្រោះ​ពួក​គេ​មាន​ចំនួន​ច្រើន​លើសលប់ មែន​ហើយ ពួក​គេ​បាន​សន្និដ្ឋាន​ថា ពួក​គេ​នឹង​មាន​ប្រៀប​ក្នុង​ការ​វាយប្រហារ​ពួក​គេ ដូចដែល​ពួក​គេ​ធ្លាប់​បាន​ធ្វើ​មក មែន​ហើយ ហើយ​ពួក​គេ​ក៏​បាន​ប្រុងប្រៀប​ខ្លួន​ដែរ ឲ្យ​មាន​ខែល​ទាំង​ឡាយ និង​ប្រដាប់​បាំង​ទ្រូង​ទាំង​ឡាយ ហើយ​ពួក​គេ​ក៏​បាន​រៀបចំ​ខ្លួន​នូវ​សំលៀកបំពាក់ ដែល​ធ្វើ​ពី​ស្បែកដែរ មែន​ហើយ សំលៀកបំពាក់​ដ៏​ក្រាស់​មាំ ដើម្បី​បិទបាំង​ភាព​អាក្រាត​របស់​ពួក​គេ។

ហើយ​ដោយ​បាន​រៀបចំ​ដូច្នេះ ពួក​គេ​បាន​សន្និដ្ឋាន​ថា គេ​នឹង​យកឈ្នះ​យ៉ាង​ងាយ ហើយ​ដាក់​បង​ប្អូន​គេ​ឲ្យ​នៅ​ក្រោម​នឹម​នៃ​សេវក​ភាព ឬ​សម្លាប់ និង​កាប់​សម្លាប់​ពួក​គេ​រង្គាល​តាម​ចិត្ត​របស់​ពួក​គេ។

ប៉ុន្តែ​មើល​ចុះ ពួក​គេ​បាន​ភ្ញាក់​ផ្អើល​ហួស​ប្រមាណ ពួក​គេ​បាន​ប្រុងប្រៀប​ខ្លួន​ចាំ​ពួក​គេ តាម​របៀប​មួយ ដែល​មិនធ្លាប់​បាន​ស្គាល់​ក្នុង​ចំណោម​កូន​ចៅ​របស់​លីហៃ​ឡើយ។ ឥឡូវ​នេះ ពួក​គេ​បាន​ប្រុងប្រៀប​ខ្លួន​ចាំ​ពួក​សាសន៍​លេមិន ដើម្បី​ច្បាំង​តាម​របៀប​នៃ​សេចក្ដី​បង្គាប់​ទាំង​ឡាយ​របស់​មរ៉ូណៃ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​សាសន៍​លេមិន ឬ​ពួក​សាសន៍​អាម៉ាលិកាយ​បាន​ភ្ញាក់​ផ្អើល​ជា​អតិបរមា​ចំពោះ​របៀប​រៀបចំ​ធ្វើ​សង្គ្រាម​របស់​ពួក​គេ​នេះ។

១០ឥឡូវ​នេះ បើ​សិន​ជា​ស្ដេច​អាម៉ាលិកាយ​បាន​ចុះ​មក​ពី​ដែនដី​នីហ្វៃ នៅ​ខាង​មុខ​កងទ័ព​របស់​ទ្រង់ ប្រហែលជា​ទ្រង់​បាន​បញ្ជា​ឲ្យ​ពួក​លេមិន​វាយប្រហារ​ពួក​នីហ្វៃ នៅ​ឯ​ទី​ក្រុង​អាំម៉ូណៃហា​ទៅ​ហើយ ត្បិត​មើល​ចុះ ទ្រង់​មិន​គិត​ដល់​ឈាម​របស់​ប្រជាជន​ទ្រង់​ឡើយ។

១១ប៉ុន្តែ​មើល​ចុះ អាម៉ាលិកាយ​មិន​បាន​ចុះ​មក​ច្បាំង​ផ្ទាល់​ខ្លួន​ទេ។ ហើយ​មើល​ចុះ ពួក​មេទ័ព​ឯក​របស់​ទ្រង់ ពុំ​ហ៊ាន​វាយប្រហារ​ពួក​នីហ្វៃ​នៅ​ទី​ក្រុង​អាំម៉ូណៃហា​ទេ ត្បិត​មរ៉ូណៃ​បាន​ជួសជុល​ការ​អភិបាល​កិច្ចការ​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ដរាប​ដល់​ពួក​សាសន៍​លេមិន​ខក​ចិត្ត នៅ​ក្នុង​ទីតាំង​ទាំង​ឡាយ​របស់​ពួក​គេ ហើយ​ពួក​គេ​មិន​អាច​វាយលុក​មក​លើ​ពួក​គេ​បាន​ឡើយ។

១២ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ក៏​ដកថយ​ទៅ​ក្នុង​ទី​រហោស្ថាន​វិញ ហើយ​យក​ជំរំ​របស់​គេ ដើរ​ឆ្ពោះ​ទៅ​ដែនដី​ណូអេ ដោយ​សន្និដ្ឋាន​ថា នោះ​គឺជា​ទីកន្លែង​ដ៏​ល្អ​បន្ទាប់ សម្រាប់​ពួក​គេ​វាយលុក​ចូល​ទៅ​លើ​ពួក​នីហ្វៃ​បាន។

១៣ព្រោះ​ពួក​គេ​ពុំ​ដឹង​ថា មរ៉ូណៃ​បាន​ពង្រឹង ឬ​បាន​ស្ថាបនា​បន្ទាយ​សន្តិសុខ​ទាំង​ឡាយ សម្រាប់​ទី​ក្រុង​នីមួយៗ ដែល​នៅ​ក្នុង​ដែនដី​ជុំវិញ​ទាំង​អស់ទេ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​ដើរ​ឆ្ពោះ​ទៅ​ឯ​ដែនដី​ណូអេ ដោយ​មាន​ការ​ប្ដេជ្ញា​យ៉ាង​មុតមាំ​មួយ មែន​ហើយ ពួក​មេទ័ព​ឯក របស់​គេ​បាន​ចេញ​មក ហើយ​ស្បថ​ថា ពួក​គេ​នឹង​បំផ្លាញ​ប្រជាជន​នៅ​ទី​ក្រុង​នោះ​ឲ្យ​បាន។

១៤ប៉ុន្តែ​មើល​ចុះ ជា​ការ​ភ្ញាក់​ផ្អើល​របស់​ពួក​គេ​វិញ ឯ​ទី​ក្រុង​ណូអេ ដែល​ធ្លាប់​ជា​កន្លែង​មួយ​ដ៏​ខ្សោយ ឥឡូវ​នេះ មក​ពី​មធ្យោបាយ​ទាំង​ឡាយ​របស់​មរ៉ូណៃ​បាន​ក្លាយ​ទៅ​ជា​មាំទាំ មែន​ហើយ មាំទាំ​ជាង​ទី​ក្រុង​អាំម៉ូណៃហា​ទៅ​ទៀត។

១៥ហើយ​ឥឡូវ​នេះ មើល​ចុះ នេះ​គឺជា​ប្រាជ្ញា​របស់​មរ៉ូណៃ ព្រោះ​លោក​បាន​សន្និដ្ឋាន​ថា ពួក​គេ​នឹង​ភិតភ័យ​នៅ​ឯ​ទី​ក្រុង​អាំម៉ូណៃហា ហើយ​ដោយ​សារ​ទី​ក្រុង​ណូអេ ធ្លាប់​ជា​កន្លែង​ដ៏​ខ្សោយ​បំផុត​នៃ​ដែនដី ហេតុ​ដូច្នេះ​ហើយ ពួក​គេ​នឹង​ទៅ​ទី​នោះ ដើម្បី​ច្បាំង ហើយ​នេះ​គឺ ស្រប​តាម​បំណង​របស់​លោក។

១៦ហើយ​មើល​ចុះ មរ៉ូណៃ​បាន​តែងតាំង​លីហៃ ឲ្យ​ធ្វើ​ជា​មេទ័ព​ឯក​លើ​ទ័ព​នៃ​ទី​ក្រុង​នោះ ហើយ​នោះ​គឺជា​លីហៃ​ដដែល ដែល​បាន​ប្រយុទ្ធ​ជាមួយ​នឹង​ពួក​លេមិន​នៅ​ក្នុង​ច្រក​ភ្នំ នៅ​ខាង​កើត​ទន្លេ​ស៊ីដូន។

១៧ហើយ​ឥឡូវ​នេះ មើល​ចុះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​លេមិន​បាន​ដឹង​ថា លីហៃ​បញ្ជាការ​នៅ​ទី​ក្រុង​នោះ ពួក​គេ​ក៏​ខក​ចិត្ត​ជាថ្មី​ទៀត ព្រោះ​ពួក​គេ​ខ្លាច​លីហៃ​ជា​ខ្លាំង ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​មេទ័ព​ឯក​របស់​គេ​បាន​ស្បថ ដោយ​ពាក្យ​សម្បថ​មួយ ថា​នឹង​វាយប្រហារ​ទី​ក្រុង​នោះ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​នាំ​ពល​ទ័ព​គេ​ទៅ។

១៨ឥឡូវ​នេះ មើល​ចុះ ពួក​លេមិន​មិន​អាច​ចូល​ទៅ​ក្នុង​បន្ទាយ​សន្តិសុខ​ទាំង​ឡាយ​របស់​ពួក​គេ ដោយ​ផ្លូវ​ណា​ផ្សេង​ក្រៅ​ពី​តាម​ទ្វារ​ចូល​បាន​ឡើយ មក​ពី​កម្ពស់​នៃ​ភ្លឺ​ដែល​បាន​ពូន​ឡើង និង​ជម្រៅ​នៃ​រណ្ដៅ​ដែល​ត្រូវ​បាន​ជីក​ជុំវិញ លើក​លែងតែ​ត្រង់​ទ្វារ​ចូល​ប៉ុណ្ណោះ។

១៩ម្ល៉ោះ​ហើយ ពួក​សាសន៍​នីហ្វៃ​បាន​រៀបចំ ដើម្បី​បំផ្លាញ​អស់​ជន​ណា ដែល​បម្រុង​ឡើង​ចូល​ទៅ​ក្នុង​បន្ទាយ​ដោយ​ផ្លូវ​ណា​ផ្សេងៗ ដោយ​បាញ់​ក្រួស និង​ព្រួញ​ទៅ​លើ​ពួក​គេ។

២០ម្ល៉ោះ​ហើយ ពួក​គេ​បាន​រៀបចំ មែន​ហើយ នូវ​មនុស្ស​ដ៏​ខ្លាំងពូកែ​របស់​គេ​មួយ​កង ដោយ​មាន​ដាវ​របស់​គេ និង​ខ្សែ​ដង្ហក់​របស់​គេ ដើម្បី​វាយ​រំលំ​អស់​ជន​ណា ដែល​នឹង​បម្រុង​ចូល​ទៅ​ក្នុង​ទី​សន្តិសុខ​របស់​គេ តាម​ទ្វារ​ចូល​របស់​គេ ម្ល៉ោះ​ហើយ ពួក​គេ​បាន​រៀបចំ​ការ​ពារ​ខ្លួន​ពី​ពួក​លេមិន។

២១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​មេទ័ព​សាសន៍​លេមិន បាន​នាំ​ពល​ទ័ព​របស់​ខ្លួន មក​ខាង​មុខ​ទ្វារ​ចូល ហើយ​បាន​ចាប់​ផ្ដើម​ប្រយុទ្ធ​នឹង​ពួក​នីហ្វៃ ដើម្បី​ចូល​ទៅ​ក្នុង​កន្លែង​សន្តិសុខ​របស់​ពួក​គេ ប៉ុន្តែ​មើល​ចុះ ពួក​គេ​ត្រូវ​រុញច្រាន​ថយ​ក្រោយ ម្ដង​ហើយ​ម្ដង​ទៀត ដរាប​ដល់​ពួក​គេ​ត្រូវ​ស្លាប់ ដោយ​ការ​កាប់​សម្លាប់​ដ៏​ធ្ងន់ធ្ងរ។

២២ឥឡូវ​នេះ កាល​ពួក​គេ​បាន​ឃើញ​ថា ពួក​គេ​មិន​អាច​យកឈ្នះ​ដោយ​កម្លាំង​ទៅ​លើ​ពួក​សាសន៍​នីហ្វៃ​នៅ​តាម​ទ្វារ​ចូល​បាន​ទេ ពួក​គេ​បាន​ចាប់​ផ្ដើម​ជីក​ទម្លុះ​ភ្លឺ​ដី​ទាំង​ឡាយ​របស់​ពួក​គេ ដើម្បី​គេ​អាច​ធ្វើ​បាន​ចន្លោះ​មួយ​ឲ្យ​ពល​ទ័ព​របស់​គេ​ចូល ដើម្បី​ពួក​គេ​អាច​មាន​ប្រៀប​ស្មើ​គ្នា​ដើម្បី​ប្រយុទ្ធ ប៉ុន្តែ​មើល​ចុះ ក្នុង​ការ​ប៉ុនប៉ង​ទាំង​នេះ ពួក​គេ​ត្រូវ​កៀរ​ទម្លាក់​ដោយ​ក្រួស និង​ព្រួញ​ទាំង​ឡាយ ដែល​បាញ់​មក​លើ​ពួក​គេ ហើយ​ជាជាង​ការ​ទាញ​ភ្លឺ​ដី​ទាំង​នោះ​ចុះ​បំពេញ​រណ្ដៅ​ទាំង​ឡាយ វា​ត្រូវ​បំពេញ​មួយ​កម្រិត ដោយ​សាកសព​របស់​គេ និង​ទ័ព​ទាំង​ឡាយ​របស់​គេ​ដែល​ត្រូវ​របួស។

២៣ម្ល៉ោះ​ហើយ ពួក​សាសន៍​នីហ្វៃ​មាន​អំណាច​ទាំង​ស្រុង​ទៅ​លើ​ពួក​ខ្មាំងសត្រូវ​របស់​គេ ម្ល៉ោះ​ហើយ ពួក​សាសន៍​លេមិន​បាន​ខិតខំ​បំផ្លាញ​ពួក​សាសន៍​នីហ្វៃ រហូត​ដល់​ពួក​មេទ័ព​ឯក​របស់​គេ​ត្រូវ​ស្លាប់​អស់ មែន​ហើយ ហើយ​ពួក​លេមិន​ជាង​មួយ​ពាន់​នាក់​ត្រូវ​ស្លាប់ តែ​ផ្ទុយ​ទៅ​វិញ ពុំ​មាន​សាសន៍​នីហ្វៃ​ណា​ម្នាក់​ត្រូវ​ស្លាប់​ឡើយ។

២៤មាន​ប្រហែល​ហាសិប​នាក់​ត្រូវ​របួស ដោយ​ត្រូវ​នឹង​ព្រួញ​ទាំង​ឡាយ​របស់​ពួក​លេមិន តាម​ចន្លោះ​ចេញ​ចូល ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​បាំង​ដោយ​ខែល​ទាំង​ឡាយ​របស់​គេ និង​ប្រដាប់​បាំង​ទ្រូង​ទាំង​ឡាយ​របស់​គេ និង​មួក​ក្បាល​ទាំង​ឡាយ​របស់​គេ ដរាប​ដល់​មាន​របួស​ភាគ​ច្រើន នៅ​លើ​ជើង​របស់​គេ រីឯ​របួស​ជា​ច្រើន​នោះ​មាន​ទម្ងន់​ធ្ងន់​ណាស់។

២៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​លេមិន​បាន​ឃើញ​ថា ពួក​មេទ័ព​ឯក​របស់​គេ​ទាំង​អស់​ត្រូវ​ស្លាប់ នោះ​ពួក​គេ​ក៏​រត់គេច​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ត្រឡប់​ទៅ​ឯ​ដែនដី​នីហ្វៃ​វិញ ដើម្បី​ឲ្យ​ដំណឹង​ដល់​ស្ដេច​របស់​គេ គឺ​អាម៉ាលិកាយ ដែល​មាន​ដើមកំណើត​ជា​សាសន៍​នីហ្វៃ អំពី​ការ​បរាជ័យ​ដ៏​ធំ​របស់​ពួក​គេ។

២៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទ្រង់​បាន​ខឹង​នឹង​ទ័ព​របស់​ទ្រង់​ជា​ខ្លាំង ពី​ព្រោះ​ទ្រង់​ពុំ​បាន​សម្រេច​បំណង​របស់​ខ្លួន​ទៅ​លើ​ពួក​សាសន៍​នីហ្វៃ​សោះ ទ្រង់​ពុំ​បាន​ដាក់​ពួក​គេ​ឲ្យ​នៅ​ក្រោម​នឹម​នៃ​សេវក​ភាព​ឡើយ។

២៧មែន​ហើយ ទ្រង់​ខឹង​ជា​អតិបរមា ហើយ​ទ្រង់​បាន​ជេរ​ប្រទេច​ព្រះ និង​មរ៉ូណៃ​ផង ដោយ​ស្បថ​នឹង​ពាក្យ​សម្បថ​មួយ​ថា ទ្រង់​នឹង​ផឹក​ឈាម​របស់​លោក ហើយ​នេះ​ក៏​ពី​ព្រោះ​មរ៉ូណៃ​បាន​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ក្នុង​ការ​រៀបចំ​សម្រាប់​សន្តិសុខ​របស់​ប្រជាជន របស់​លោក។

២៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ផ្ទុយ​ទៅ​វិញ ប្រជាជន​នីហ្វៃ​បាន​អរ​ព្រះ​គុណ​ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ ដោយ​សារ​ព្រះ​ចេស្ដា​ដ៏​ឥត​ប្រៀបផ្ទឹម​បាន​ក្នុង​ការ​ដោះ​លែង​ពួក​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​គេ។

២៩ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ដប់​ប្រាំបួន​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ​លើ​ប្រជាជន​នីហ្វៃ។

៣០មែន​ហើយ ហើយ​មាន​សេចក្ដី​សុខសាន្ត​ត​រៀង​មក​នៅ​ក្នុង​ចំណោម​ពួក​គេ ហើយ​មាន​ការ​ចម្រើន​ខាង​សាសនាចក្រ​ជា​អតិបរមា ដោយ​សារ​ការ​យក​ចិត្ត​ទុកដាក់ និង​ការ​ព្យាយាម​របស់​គេ ដែល​ពួក​គេ​មាន​ចំពោះ​ព្រះ​បន្ទូល​នៃ​ព្រះ ដែល​ត្រូវ​បាន​ប្រកាស​ដល់​គេ ដោយ​ហេលេមិន និង​ស៊ិបឡុន និង​កូរីអានតុន និង​អាំម៉ូន និង​បង​ប្អូន​របស់​លោក មែន​ហើយ និង​ដោយ​អស់​ពួក​អ្នក​ដែល​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​របៀប​ដ៏​បរិសុទ្ធ​នៃ​ព្រះ ដោយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ចំពោះ​ការ​ប្រែ​ចិត្ត ហើយ​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​ផ្សាយ​នៅ​ក្នុង​ចំណោម​ប្រជាជន៕