ជំពូកទី ៤៦
អាម៉ាលិកាយប្រើឧបាយកល ដើម្បីធ្វើជាស្ដេច — មរ៉ូណៃលើកទង់ឥស្សរភាព — លោកប្រមូលប្រជាជនឲ្យការពារសាសនារបស់ខ្លួន — ពួកអ្នកជឿពិតត្រូវបានហៅថា ពួកគ្រីស្ទាន — ពួកសំណល់នៃយ៉ូសែបនឹងត្រូវបានរក្សាទុក — អាម៉ាលិកាយ និងពួកអ្នកដែលបែក ចេញ រត់ទៅដែនដីនីហ្វៃ — ពួកអ្នកដែលមិនគាំទ្រឧត្ដមគតិនៃសេរីភាព ត្រូវគេយកទៅប្រហារជីវិតចោល។ ប្រមាណជាឆ្នាំ ៧៣–៧២ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា មនុស្សជាច្រើនដែលមិនព្រមស្ដាប់តាមពាក្យសម្ដីរបស់ហេលេមិន និងបងប្អូនលោក បានប្រមូលគ្នាមកទាស់នឹងបងប្អូនខ្លួន។
២ហើយឥឡូវនេះ មើលចុះ ពួកគេខឹងហួសប្រមាណ ដរាបដល់ពួកគេបានប្ដេជ្ញាចិត្តថា នឹងសម្លាប់ពួកនោះចោល។
៣ឥឡូវនេះ មេដឹកនាំរបស់ពួកអ្នកដែលខឹងនឹងបងប្អូនខ្លួននោះ គឺជាបុរសម្នាក់ ដែលមានមាឌធំ ហើយមានកម្លាំងខ្លាំង ហើយឈ្មោះគាត់គឺ អាម៉ាលិកាយ។
៤ហើយអាម៉ាលិកាយចង់ធ្វើជាស្ដេច ឯពួកអ្នកដែលខឹងទាំងនោះ ក៏ចង់ឲ្យអាម៉ាលិកាយធ្វើជាស្ដេចរបស់ខ្លួនដែរ ហើយពួកគេភាគច្រើន គឺជាពួកចៅក្រមថ្នាក់ទាបនៅលើដែនដី ហើយពួកគេស្វែងរកអំណាច។
៥ហើយពួកគេត្រូវបានដឹកនាំ ដោយការបញ្ជោររបស់អាម៉ាលិកាយថា បើសិនជាពួកគេគាំទ្រវា ហើយលើកវាធ្វើជាស្ដេចរបស់ពួកគេ នោះវានឹងឲ្យពួកគេធ្វើជាអ្នកត្រួតត្រាលើបណ្ដាជន។
៦ម្ល៉ោះហើយ ពួកគេត្រូវអាម៉ាលិកាយ នាំឲ្យមានការបែកបាក់គ្នា ទោះជាមានការប្រៀនប្រដៅរបស់ហេលេមិន និងបងប្អូនលោកក៏ដោយ មែនហើយ ទោះជាមានការថែទាំដ៏ខ្លាំងជាអតិបរមារបស់គេទៅលើសាសនាចក្រ ព្រោះពួកគេគឺជាពួកសង្ឃជាន់ខ្ពស់នៅក្នុងសាសនាចក្រក៏ដោយ។
៧ហើយមានមនុស្សជាច្រើននៅក្នុងសាសនាចក្រ ដែលជឿតាមពាក្យបញ្ជោរទាំងឡាយរបស់អាម៉ាលិកាយ ហេតុដូច្នេះហើយ បានជាពួកគេបែកចេញ ព្រមទាំងចេញពីសាសនាចក្រ ម្ល៉ោះហើយ ស្ថានការណ៍របស់ប្រជាជននីហ្វៃមានភាពមិននឹងន ហើយប្រកបដោយគ្រោះថ្នាក់ជាអតិបរមា ទោះបីពួកគេមានជ័យជម្នះដ៏ធំទៅលើពួកសាសន៍លេមិន និងការអររីករាយដ៏ខ្លាំងរបស់គេ ដែលត្រូវបានដោះលែងដោយព្រះហស្តនៃព្រះអម្ចាស់ក្ដី។
៨ម្ល៉ោះហើយ យើងឃើញថា កូនចៅមនុស្សឆាប់ភ្លេចព្រះអម្ចាស់ ជាព្រះរបស់គេយ៉ាងណា មែនហើយ គេឆាប់ធ្វើអំពើទុច្ចរិតយ៉ាងណា ហើយត្រូវបានដឹកនាំដោយអ្នកអាក្រក់។
៩មែនហើយ យើងក៏ឃើញដែរ នូវអំពើទុច្ចរិតដ៏ធំដែលមនុស្សទុច្ចរិតម្នាក់ អាចធ្វើឡើងនៅក្នុងចំណោមកូនចៅមនុស្ស។
១០មែនហើយ យើងឃើញថា អាម៉ាលិកាយ ដោយមកពីវាជាមនុស្សមានកលល្បិច ហើយជាមនុស្ស ដែលមានពាក្យបញ្ជោរច្រើន ទើបវានាំចិត្តមនុស្សជាច្រើនឲ្យធ្វើអំពើទុច្ចរិត មែនហើយ ឲ្យស្វែងរកបំផ្លាញសាសនាចក្រនៃព្រះចោល ហើយបំផ្លាញមូលដ្ឋាននៃឥស្សរភាព ដែលព្រះទ្រង់បានប្រទានឲ្យពួកគេ ឬព្រះពរដែលទ្រង់បានប្រទានលើផ្ទៃដែនដីនេះ ដោយយល់ដល់ពួកសុចរិត។
១១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលមរ៉ូណៃ ជាមេបញ្ជាការនៃពលទ័ពសាសន៍នីហ្វៃ បានឮអំពីការបែកបាក់ទាំងនេះ នោះលោកក៏ខឹងនឹងអាម៉ាលិកាយ។
១២ហើយហេតុការណ៍បានកើតឡើងថា លោកបានហែកអាវរបស់លោក ហើយលោកបានយកក្រណាត់អាវមួយជាយ ហើយសរសេរនៅលើនោះថា — នៅក្នុងការចងចាំដល់ព្រះរបស់យើង សាសនា និងសេរីភាពរបស់យើង និងសេចក្ដីសុខសាន្តរបស់យើង ភរិយារបស់យើង និងកូនចៅរបស់យើង — ហើយលោកបានចងវានៅចុងថ្នោលមួយ។
១៣ហើយលោកបានពាក់មួករបស់លោក និងរបាំងទ្រូងរបស់លោក និងខែលរបស់លោក ហើយក្រវាត់អាវក្រោះរបស់លោកជុំវិញចង្កេះ ហើយលោកបានយកថ្នោលនេះ ដែលនៅខាងចុងមានចងក្រណាត់អាវរបស់លោក (ហើយលោកបានហៅថា ទង់ឥស្សរភាព) ហើយលោកបានក្រាបដល់ដី ហើយលោកបានអធិស្ឋានជាខ្លាំងដល់ព្រះរបស់លោក សូមព្រះពរនៃឥស្សរភាពឲ្យបានមកដល់បងប្អូនលោក ដរាបណានៅសល់ពួកគ្រីស្ទានមួយក្រុម ដើម្បីយកដែនដីនេះ —
១៤ព្រោះឯអស់ទាំងអ្នកជឿពិតទៅលើព្រះគ្រីស្ទ ដែលនៅក្នុងសាសនាចក្រនៃព្រះ ត្រូវបានហៅដោយពួកអ្នកដែលពុំនៅក្នុងសាសនាចក្រដូច្នេះឯង។
១៥ហើយពួកអ្នកដែលនៅក្នុងសាសនាចក្រ មានចិត្តស្មោះត្រង់ មែនហើយ អស់អ្នកណាដែលជាអ្នកជឿពិតទៅលើព្រះគ្រីស្ទ គេបានលើកយកដាក់លើខ្លួនដោយរីករាយ នូវព្រះនាមនៃព្រះគ្រីស្ទ ឬពួកគ្រីស្ទាន ដូចដែលគេត្រូវបានហៅ ដោយសារជំនឿរបស់គេទៅលើព្រះគ្រីស្ទ ដែលនឹងយាងមក។
១៦ហេតុដូច្នេះហើយ នៅក្នុងពេលនេះ មរ៉ូណៃបានអធិស្ឋានសូមឲ្យឧត្ដមគតិនៃពួកគ្រីស្ទាន និងសេរីភាពនៃដែនដីនេះ អាចបានគាំទ្រ។
១៧ហើយហេតុការណ៍បានកើតឡើងថា កាលលោកបានទម្លាយដួងព្រលឹងរបស់លោកថ្វាយដល់ព្រះ លោកបានរាប់ឈ្មោះអស់ទាំងដែនដី ដែលនៅខាងត្បូងដែនដីចោលស្ងាត់ មែនហើយ សរុបសេចក្ដីមក គឺដែនដីទាំងអស់ ទាំងនៅខាងជើង និងខាងត្បូង — ជាដែនដីជម្រើស និងដែនដីនៃឥស្សរភាព។
១៨ហើយលោកបានពោលថា ៖ ប្រាកដណាស់ ព្រះទ្រង់នឹងពុំទុកឲ្យយើង ត្រូវគេមើលងាយ ដោយសារយើងយកដាក់លើខ្លួននូវព្រះនាមនៃព្រះគ្រីស្ទ នឹងត្រូវគេជាន់ឈ្លី ហើយបំផ្លាញចោលឡើយ លើកលែងតែយើងនាំយកការណ៍នោះមកលើខ្លួន ដោយអំពើរំលងទាំងឡាយរបស់យើងផ្ទាល់។
១៩ហើយកាលមរ៉ូណៃបាននិយាយនូវពាក្យទាំងនេះចប់ហើយ នោះលោកក៏ចូលទៅក្នុងចំណោមប្រជាជន ដោយគ្រវីក្រណាត់អាវរបស់លោកទៅលើអាកាស ដើម្បីឲ្យមនុស្សទាំងអស់អាចមើលឃើញអក្សរ ដែលលោកបានសរសេរនៅលើក្រណាត់នោះ ហើយ លោកស្រែកដោយសំឡេងយ៉ាងខ្លាំងថា ៖
២០មើលចុះ អស់អ្នកណាដែលចង់រក្សាទង់នេះនៅលើដែនដីនេះ ចូរឲ្យគេចេញមកក្នុងកម្លាំងនៃព្រះអម្ចាស់ ហើយចូលក្នុងសេចក្ដីសញ្ញាថា គេនឹងរក្សានូវសិទ្ធិរបស់គេ និងសាសនារបស់គេ ដើម្បីឲ្យព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់ប្រទានព្រះពរដល់គេ។
២១ហើយហេតុការណ៍បានកើតឡើងថា កាលមរ៉ូណៃបានប្រកាសពាក្យទាំងនេះហើយ មើលចុះ ប្រជាជនបាននាំគ្នារត់មក ដោយមានទាំងគ្រឿងសស្ត្រាវុធក្រវាត់ជាប់នៅនឹងចង្កេះរបស់គេផង គេហែកអាវគេទុកជាទីសម្គាល់ ឬជាសេចក្ដីសញ្ញាថា ពួកគេពុំបដិសេធព្រះអម្ចាស់ ជាព្រះរបស់គេឡើយ ឬនិយាយម្យ៉ាងទៀតថា បើសិនជាពួកគេបំពានទៅលើព្រះបញ្ញត្តិទាំងឡាយនៃព្រះ ឬធ្លាក់ទៅក្នុងអំពើរំលង ហើយមានការអៀនខ្មាសក្នុងការលើកដាក់លើខ្លួននូវព្រះនាមនៃព្រះគ្រីស្ទ សូមឲ្យព្រះអម្ចាស់ ទ្រង់ហែកពួកគេ ដូចជាពួកគេបានហែកសំលៀកបំពាក់របស់គេយ៉ាងនោះដែរ។
២២ឥឡូវនេះ នេះគឺជាសេចក្ដីសញ្ញាដែលពួកគេបានធ្វើ ហើយពួកគេបានបោះអាវរបស់គេ ទៅក្បែរជើងមរ៉ូណៃ ដោយនិយាយថា ៖ យើងខ្ញុំធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះរបស់យើងថា យើងខ្ញុំនឹងត្រូវបំផ្លាញបង់ ដូចបងប្អូនយើងខ្ញុំ ដែលនៅក្នុងដែនដីខាងជើង បើសិនជា យើងខ្ញុំធ្លាក់ទៅក្នុងអំពើរំលង មែនហើយ ទ្រង់នឹងបោះយើងខ្ញុំទៅក្បែរជើងនៃពួកខ្មាំងសត្រូវរបស់យើងខ្ញុំ ដូចជាយើងខ្ញុំបានបោះអាវរបស់យើងខ្ញុំទៅក្បែរជើងលោក ដើម្បីនឹងត្រូវជាន់ឈ្លីក្រោមជើងចុះ បើសិនជាយើងធ្លាក់ទៅក្នុងអំពើរំលង។
២៣មរ៉ូណៃបាននិយាយទៅពួកគេថា ៖ មើលចុះ យើងគឺជាសំណល់នៃពូជយ៉ាកុប មែនហើយ យើងគឺជាសំណល់នៃពូជយ៉ូសែប ឯអាវលោកត្រូវបងៗហែកចោលទៅជាកម្ទេចច្រើន មែនហើយ ឥឡូវនេះ មើលចុះ ចូរយើងចងចាំកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះចុះ បើពុំនោះសោតទេ អាវរបស់ពួកយើងនឹងត្រូវបងប្អូនយើងហែកចោលដែរ ហើយយើងនឹងត្រូវគេដាក់ក្នុងគុក ឬត្រូវគេលក់ ឬត្រូវគេសម្លាប់ចោល។
២៤មែនហើយ ចូរយើងរក្សាឥស្សរភាពរបស់យើងទុកជាសំណល់នៃយ៉ូសែបចុះ មែនហើយ ចូរយើងចងចាំពាក្យទាំងឡាយរបស់យ៉ាកុប មុនពេលដែលលោកស្លាប់ទៅ ត្បិតមើលចុះ លោកបានឃើញថា សំណល់មួយផ្នែកនៃអាវរបស់យ៉ូសែប ត្រូវបានរក្សាទុក ហើយពុំត្រូវពុករលួយឡើយ។ ហើយលោកបាននិយាយថា ៖ គឺដូចជាសំណល់អាវរបស់កូនខ្ញុំនេះ ដែលត្រូវបានរក្សាទុក ឯសំណល់នៃពូជរបស់កូនខ្ញុំ ក៏នឹងត្រូវបានរក្សាទុកដោយព្រះហស្តនៃព្រះដែរ ហើយនឹងត្រូវបានយកទៅឯព្រះអង្គក្នុងកាលចំណែកពូជយ៉ូសែប ដែលនៅសល់ក្រៅពីនេះ នឹងត្រូវវិនាសដូចគ្នានឹងសំណល់របស់អាវវាដែរ។
២៥ឥឡូវនេះ មើលចុះ ការណ៍នេះនាំឲ្យព្រលឹងខ្ញុំសោកសៅ ទោះជាយ៉ាងណាក៏ដោយ គង់តែព្រលឹងខ្ញុំមានសេចក្ដីអំណរនៅក្នុងកូនប្រុសខ្ញុំដែរ ដោយសារផ្នែកនៃពូជរបស់វានោះ ដែលនឹងត្រូវបានយកទៅឯព្រះ។
២៦ឥឡូវនេះ មើលចុះ នេះគឺជាវាចារបស់យ៉ាកុប។
២៧ហើយឥឡូវនេះ តើនរណាដឹងបានថា សំណល់នៃពូជយ៉ូសែប ដែលនឹងត្រូវវិនាសដូចអាវរបស់លោកនោះ តើមិនមែនជាពួកអ្នកដែលបានបែកបាក់ចេញពីយើងនោះទេឬអី? មែនហើយ វាគឺជាពួកយើងដែរ បើសិនជាយើងពុំឈរឲ្យខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ។
២៨ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលមរ៉ូណៃបានពោលពាក្យទាំងនេះហើយ នោះលោកបានចាកចេញទៅ ហើយក៏បានចាត់ឲ្យមនុស្សទៅគ្រប់ទិសទីក្នុងដែនដី ត្រង់កន្លែងណាដែលមានការបែកបាក់គ្នា ហើយប្រជុំអស់ទាំងប្រជាជន ដែលចង់រក្សាឥស្សរភាពរបស់គេ ឲ្យតតាំងនឹងអាម៉ាលិកាយ និងពួកអ្នកដែលបានបែកបាក់គ្នាចេញ ដែលត្រូវបានហៅថា ពួកសាសន៍អាម៉ាលិកាយ។
២៩ហើយហេតុការណ៍បានកើតឡើងថា កាលអាម៉ាលិកាយបានឃើញថា ប្រជាជនរបស់មរ៉ូណៃ មានចំនួនច្រើនជាងពួកសាសន៍អាម៉ាលិកាយ — ព្រមទាំងបានឃើញថា ប្រជាជនរបស់វាសង្ស័យអំពីសេចក្ដីយុត្តិធម៌ នៃហេតុដែលគេបានធ្វើ — ហេតុដូច្នេះហើយ ដោយខ្លាចក្រែងវាពុំអាចសម្រេចគោលបំណងរបស់វាបាន នោះវាបាននាំប្រជាជនរបស់វា ដែលចង់តាមវា ហើយបានចេញដំណើរចូលទៅក្នុងដែនដីនីហ្វៃ។
៣០ឥឡូវនេះ មរ៉ូណៃបានគិតថា មិនគួរឲ្យពួកសាសន៍លេមិនមានកម្លាំងថែមឡើងទេ ហេតុដូច្នេះហើយ លោកបានគិតថា ត្រូវស្កាត់ផ្លូវប្រជាជនអាម៉ាលិកាយ ឬត្រូវចាប់ពួកនេះ ហើយនាំត្រឡប់មកវិញ ហើយត្រូវប្រហារអាម៉ាលិកាយចោល មែនហើយ ព្រោះលោកបានដឹងថា វានឹងចាក់រុកពួកសាសន៍លេមិនឲ្យខឹងនឹងពួកគេ ហើយបណ្ដាលឲ្យពួកនោះមកច្បាំងនឹងពួកគេ ហើយលោកបានដឹងថា អាម៉ាលិកាយធ្វើការនេះ ដើម្បីវាអាចសម្រេចនូវគោលបំណងរបស់វា។
៣១ហេតុដូច្នេះហើយ មរ៉ូណៃបានគិតថា ជាការចាំបាច់ថា លោកត្រូវនាំពលទ័ពរបស់លោក ដែលបានប្រមូលគ្នាមក ហើយបានប្រដាប់ខ្លួនដោយអាវុធ ហើយបានចូលក្នុងសេចក្ដីសញ្ញាថា នឹងរក្សាសេចក្ដីសុខសាន្ត — ហើយហេតុការណ៍បានកើតឡើងថា លោកបាននាំកងទ័ពរបស់លោក ហើយបានយកទង់របស់លោកដើរចូលទៅក្នុងទីរហោស្ថាន ដើម្បីទៅស្កាត់ផ្លូវរបស់អាម៉ាលិកាយនៅក្នុងទីរហោស្ថាន។
៣២ហើយហេតុការណ៍បានកើតឡើងថា លោកបានធ្វើតាមបំណងរបស់លោក ហើយបានដើរចូលទៅក្នុងទីរហោស្ថាន ហើយបានស្ទាក់មុខពលទ័ពរបស់អាម៉ាលិកាយ។
៣៣ហើយហេតុការណ៍បានកើតឡើងថា អាម៉ាលិកាយបានរត់គេចខ្លួនចេញជាមួយនឹងទ័ពរបស់វាមួយចំនួនតូច ឯប្រជាជនដែលនៅសល់ទាំងប៉ុន្មាន បានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មរ៉ូណៃ ហើយត្រូវនាំត្រឡប់ទៅឯដែនដីសារ៉ាហិមឡាវិញ។
៣៤ឥឡូវនេះ មរ៉ូណៃគឺជាមនុស្សដែលបានតែងតាំងឡើង ដោយមេចៅក្រមទាំងឡាយ និងដោយសំឡេងប្រជាជន ហេតុដូច្នេះហើយ លោកមានអំណាចបញ្ជាពលទ័ពសាសន៍នីហ្វៃតាមបំណងរបស់លោក ដើម្បីតាំង ហើយអនុវត្តសិទ្ធិអំណាចទៅលើពួកគេ។
៣៥ហើយហេតុការណ៍បានកើតឡើងថា ពួកសាសន៍អាម៉ាលិកាយណា ដែលមិនព្រមចូលក្នុងសេចក្ដីសញ្ញា ដើម្បីគាំទ្រសិទ្ធិនៃសេរីភាព គឺដើម្បីពួកគេអាចរក្សានូវរដ្ឋាភិបាលសេរីមួយទេ នោះលោកបានបញ្ជាឲ្យយកទៅប្រហារជីវិតចោល ហើយមានមនុស្សចំនួនតិច ដែលមិនព្រមចូលក្នុងសេចក្ដីសញ្ញានៃសេរីភាព។
៣៦ហើយហេតុការណ៍បានកើតឡើងផងដែរថា លោកបានបញ្ជាឲ្យគេដំឡើងទង់ឥស្សរភាពឡើងនៅលើគ្រប់ប៉មនៅអស់ទាំងដែនដី ដែលពួកសាសន៍នីហ្វៃគ្រងលើ ម្ល៉ោះហើយ មរ៉ូណៃបានដោតទង់ឥស្សរភាពនៅក្នុងចំណោមពួកសាសន៍នីហ្វៃ។
៣៧ហើយពួកគេបានចាប់ផ្ដើមមានសេចក្ដីសុខសាន្តទៀតនៅលើដែនដី ម្ល៉ោះហើយ ពួកគេបានរក្សាសេចក្ដីសុខសាន្តនៅលើដែនដី រហូតដល់ជិតចប់ឆ្នាំទីដប់ប្រាំបួនក្នុងរជ្ជកាលនៃពួកចៅក្រម។
៣៨ហើយហេលេមិន និងពួកសង្ឃជាន់ខ្ពស់ បានរក្សារបៀបរៀបរយនៅក្នុងសាសនាចក្រផងដែរ មែនហើយ គឺរហូតដល់អស់រយៈពេលបួនឆ្នាំ ពួកគេមានសេចក្ដីសុខសាន្ត និងសេចក្ដីអររីករាយដ៏ច្រើននៅក្នុងសាសនាចក្រ។
៣៩ហើយហេតុការណ៍បានកើតឡើងថា មានមនុស្សជាច្រើនបានស្លាប់ទៅដោយជឿជាក់ថា ព្រលឹងរបស់គេត្រូវបានប្រោសលោះដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ម្ល៉ោះហើយ ពួកគេបានលាចាកលោកនេះទៅដោយសេចក្ដីអររីករាយ។
៤០ហើយមានអ្នកខ្លះដែលបានស្លាប់ដោយគ្រុន ដែលកើតមានជាញឹកញាប់នៅក្នុងដែនដី គឺនៅរដូវខ្លះក្នុងឆ្នាំ — ប៉ុន្តែគ្រុនទាំងនេះមិនធ្វើឲ្យស្លាប់ច្រើនគ្នាទេ ដោយព្រោះគុណភាពដ៏ប្រសើររបស់ដើមឈើ និងឫសឈើជាច្រើនដែលព្រះទ្រង់បានរៀបចំឲ្យមាន ដើម្បីកម្ចាត់ដើមហេតុនៃជំងឺទាំងឡាយ ដែលកើតដល់មនុស្សដោយសារធម្មជាតិនៃធាតុអាកាស —
៤១ប៉ុន្តែ មានមនុស្សជាច្រើន ដែលស្លាប់ដោយចាស់ជរា ហើយអស់អ្នកណាដែលស្លាប់នៅក្នុងសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ បានសប្បាយក្នុងទ្រង់ ដូចយើងត្រូវសន្និដ្ឋានដូច្នោះ៕