ជំពូកទី ២៧
ព្រះអម្ចាស់ទ្រង់បញ្ជាអាំម៉ូនឲ្យនាំប្រជាជនអាន់តៃ-នីហ្វៃ-លីហៃទៅដល់ទីសុខ — ពេលបានជួបនឹងអាលម៉ា អាំម៉ូនមានសេចក្ដីអំណរហួសកម្លាំងលោក — ពួកនីហ្វៃប្រគល់ដែនដីយើសុនឲ្យពួកអាន់តៃ-នីហ្វៃ-លីហៃ — ពួកគេត្រូវបានហៅថាជាប្រជាជនអាំម៉ូន។ ប្រមាណជាឆ្នាំ ៩០–៧៧ ម.គ.ស.។
១ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលពួកសាសន៍លេមិនទាំងប៉ុន្មាននោះ ដែលបានទៅធ្វើសង្គ្រាមទាស់នឹងពួកសាសន៍នីហ្វៃបានឃើញថា ក្រោយពីបានខំបំផ្លាញពួកគេជាច្រើនលើក តែការណ៍នោះប្រែទៅជាឥតប្រយោជន៍ក្នុងការខំស្វែងរកការបំផ្លិចបំផ្លាញដល់ពួកគេ ទើបពួកគេត្រឡប់មកដែនដីនីហ្វៃវិញ។
២ហើយហេតុការណ៍បានកើតឡើងថា ពួកសាសន៍អាម៉ាលេកៃក៏ខឹងជាខ្លាំង ដោយសារការបរាជ័យរបស់ខ្លួន។ ហើយកាលគេបានឃើញថា គេមិនអាចសងសឹកនឹងពួកនីហ្វៃបានទេ នោះពួកគេបានចាប់ផ្ដើមចាក់រុកឲ្យប្រជាជនខឹងនឹងបងប្អូនរបស់ខ្លួន គឺប្រជាជនអាន់តៃ-នីហ្វៃ-លីហៃ ហេតុដូច្នេះហើយ ពួកគេបានចាប់ផ្ដើមបំផ្លាញពួកនោះចោលទៀត។
៣ឥឡូវនេះ ប្រជាជននេះក៏នៅតែមិនព្រមលើកអាវុធតតាំងឡើយ ហើយពួកគេសុខចិត្តឲ្យពួកខ្មាំងសត្រូវរបស់ខ្លួនសម្លាប់ចោលតាមចិត្ត។
៤ឥឡូវនេះ កាលអាំម៉ូន និងបងប្អូនលោក បានឃើញការបំផ្លិចបំផ្លាញនៅក្នុងចំណោមពួកអ្នកដែលជាទីស្រឡាញ់របស់គេ និងនៅក្នុងចំណោមពួកអ្នកដែលស្រឡាញ់គេយ៉ាងនេះ — ព្រោះពួកគេត្រូវបានចាត់ដូចជាទេវតា ដែលព្រះទ្រង់បានចាត់ឲ្យមកសង្គ្រោះគេឲ្យរួចពីការបំផ្លិចបំផ្លាញដ៏អស់កល្បជានិច្ច — ហេតុដូច្នេះហើយ កាលអាំម៉ូន និងបងប្អូនលោក បានឃើញការបំផ្លិចបំផ្លាញដ៏ធំបែបនេះ នោះពួកគេមានចិត្តក្ដួលអាណិត ហើយគេបានទូលទៅស្ដេចថា ៖
៥ចូរយើងប្រមូលរាស្ត្រនៃព្រះអម្ចាស់មក ហើយចូរយើងចុះទៅដែនដីសារ៉ាហិមឡា ទៅរកបងប្អូនយើង ជាពួកសាសន៍នីហ្វៃ ហើយគេចចេញពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់យើង ដើម្បីកុំឲ្យយើងត្រូវគេបំផ្លាញចោល។
៦តែស្ដេចមានបន្ទូលទៅពួកគេថា ៖ មើលចុះ ពួកសាសន៍នីហ្វៃនឹងបំផ្លាញយើង ដោយព្រោះអំពើឃាតកម្ម និងអំពើបាបជាច្រើន ដែលយើងធ្លាប់បានធ្វើទាស់នឹងគេ។
៧ហើយអាំម៉ូនបានទូលថា ៖ ទូលបង្គំនឹងទៅសូមដល់ព្រះអម្ចាស់ ហើយបើសិនជាទ្រង់ប្រាប់ឲ្យយើងចុះទៅរកបងប្អូនយើង តើទ្រង់នឹងយាងទៅឬទេ?
៨ហើយស្ដេចបានមានបន្ទូលទៅលោកថា ៖ មែនហើយ បើសិនព្រះអម្ចាស់ទ្រង់ប្រាប់ឲ្យយើងទៅ នោះយើងនឹងចុះទៅរកបងប្អូនយើង ហើយយើងនឹងធ្វើជាខ្ញុំបម្រើរបស់គេ រហូតដល់ពេលយើងសងអំពើឃាតកម្ម និងអំពើបាបទាំងឡាយ ដែលយើងបានប្រព្រឹត្តទៅលើពួកគេនោះអស់សិន។
៩តែអាំម៉ូនបានទូលទៅទ្រង់ថា ៖ នេះគឺផ្ទុយនឹងច្បាប់របស់បងប្អូនយើង ដែលបានតែងឡើងដោយបិតារបស់ទូលបង្គំថា មិនត្រូវឲ្យមានខ្ញុំបម្រើនៅក្នុងចំណោមពួកគេឡើយ ហេតុដូច្នេះហើយ ចូរយើងចុះទៅទីនោះ ហើយពឹងផ្អែកទៅលើចិត្តមេត្តាករុណារបស់បងប្អូនយើងវិញ។
១០ប៉ុន្តែស្ដេចបានមានបន្ទូលទៅលោកថា ៖ ចូរទៅសូមដល់ព្រះអម្ចាស់ចុះ ហើយបើសិនជាទ្រង់ប្រាប់ឲ្យយើងទៅ នោះយើងនឹងទៅ បើពុំនោះសោតទេ យើងនឹងវិនាសនៅក្នុងដែនដីនេះឯង។
១១ហើយហេតុការណ៍បានកើតឡើងថា អាំម៉ូនបានទៅសូមដល់ព្រះអម្ចាស់ ហើយព្រះអម្ចាស់ទ្រង់ មានព្រះបន្ទូលមកលោកថា ៖
១២ចូរនាំប្រជាជននេះចេញពីដែនដីនេះទៅ ដើម្បីកុំឲ្យគេត្រូវវិនាស ព្រោះអារក្សសាតាំងបានក្ដាប់យ៉ាងខ្ជាប់នូវដួងចិត្តរបស់ពួកសាសន៍អាម៉ាលេកៃ ដែលចាក់រុកពួកលេមិនឲ្យខឹងនឹងបងប្អូនរបស់ខ្លួន ឲ្យសម្លាប់បងប្អូនរបស់ខ្លួនឡើយ ហេតុដូច្នេះហើយ ចូរអ្នកចេញពីដែនដីនេះទៅ ហើយមានពរដល់ប្រជារាស្ត្រនេះក្នុងជំនាន់នេះហើយ ព្រោះយើងនឹងរក្សាគេទុក។
១៣ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា អាំម៉ូនបានទៅ ហើយទូលស្ដេចនូវព្រះបន្ទូលទាំងអស់ដែលព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលមកលោក។
១៤ហើយពួកគេបានប្រមូលអស់ទាំងប្រជាជនមកជុំគ្នា មែនហើយ គឺអស់ទាំងរាស្ត្រនៃព្រះអម្ចាស់ ហើយបានប្រមូលអស់ទាំងហ្វូងចៀម និងហ្វូងសត្វរបស់គេ ហើយបានចាកចេញពីដែនដី ហើយបានមកក្នុងទីរហោស្ថាន ដែលបំបែកដែនដីនីហ្វៃ និងដែនដីសារ៉ាហិមឡា ហើយបានមកដល់ជិតព្រំប្រទល់ដែនដី។
១៥ហើយហេតុការណ៍បានកើតឡើងថា អាំម៉ូនបាននិយាយទៅពួកគេថា ៖ មើលចុះ ខ្ញុំ និងបងប្អូនខ្ញុំ នឹងចូលទៅក្នុងដែនដីសារ៉ាហិមឡា ហើយអ្នករាល់គ្នាត្រូវនៅទីនេះ រហូតដល់យើងត្រឡប់មកវិញ ហើយយើងនឹងសាកល្បងចិត្តរបស់បងប្អូនយើងមើល ថាតើពួកគេចង់ឲ្យអ្នករាល់គ្នាចូលទៅក្នុងដែនដីគេទេឬអី។
១៦ហើយហេតុការណ៍បានកើតឡើងថា កាលអាំម៉ូនកំពុងតែចូលទៅក្នុងដែនដីហើយ នោះលោក និងបងប្អូនលោក បានជួបអាលម៉ានៅត្រង់កន្លែងដែលបាននិយាយមកពីមុន ហើយមើលចុះ នេះគឺជាការជួបជុំមួយដ៏ប្រកបដោយអំណរ។
១៧ឥឡូវនេះ សេចក្ដីអំណរនៃអាំម៉ូនមានទំហំដ៏ធំ រហូតដល់លោកបានពោរពេញ មែនហើយ លោកត្រូវបានលេបទៅក្នុងសេចក្ដីអំណរនៃព្រះរបស់លោក រហូតដល់អស់កម្លាំងពីខ្លួន ហើយលោកបានដួលទៅលើដីទៀត។
១៨ឥឡូវនេះ តើនេះមិនមែនជាសេចក្ដីអំណរដ៏ខ្លាំងទេឬ? មើលចុះ នេះគឺជាសេចក្ដីអំណរ ដែលគ្មានអ្នកណាបានទទួលឡើយ លើកលែងតែអ្នកដែលប្រែចិត្តដោយពិតប្រាកដ និងអ្នកដែលស្វែងរកសុភមង្គលដ៏សុភាពរាបសាប៉ុណ្ណោះ។
១៩ឥឡូវនេះ សេចក្ដីអំណរនៃអាលម៉ា កាលបានជួបនឹងបងប្អូនលោក នោះមានទំហំពិតជាធំណាស់ ហើយសេចក្ដីអំណរនៃអើរ៉ុន អោមណើរ និងហិមណៃក៏ដូច្នោះដែរ ប៉ុន្តែមើលចុះ សេចក្ដីអំណររបស់គេ ពុំមែនជាសេចក្ដីអំណរដែលហួសកម្លាំងគេនោះទេ។
២០ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា អាលម៉ាបាននាំបងប្អូនលោក ត្រឡប់ទៅឯដែនដីសារ៉ាហិមឡាវិញ គឺទៅផ្ទះរបស់លោកផ្ទាល់។ ហើយពួកគេបានទៅ ហើយប្រាប់មេចៅក្រមនូវគ្រប់ការណ៍ទាំងអស់ ដែលបានកើតឡើងដល់គេនៅដែនដីនីហ្វៃ នៅក្នុងចំណោមពួកសាសន៍លេមិន ដែលជាបងប្អូនរបស់គេ។
២១ហើយហេតុការណ៍បានកើតឡើងថា មេចៅក្រមបានចេញប្រកាសមួយទូទៅអស់ទាំងដែនដី ចង់ដឹងសំឡេងរបស់ប្រជាជនអំពីរឿងទទួលយកបងប្អូនគេ ដែលជាប្រជាជនអាន់តៃ-នីហ្វៃ-លីហៃ។
២២ហើយហេតុការណ៍បានកើតឡើងថា សំឡេងរបស់ប្រជាជនបន្លឺឲ្យដឹងថា ៖ មើលចុះ យើងនឹងប្រគល់ដែនដីយើសុន ដែលនៅខាងកើតជិតទៅនឹងសមុទ្រ ដែលជាប់នឹងដែនដីបរិបូរណ៍ គឺនៅខាងត្បូងដែនដីបរិបូរណ៍ ហើយដែនដីយើសុននេះ គឺជាដែនដីដែលយើងនឹងឲ្យទៅបងប្អូនយើងទុកជាកេរ្តិ៍អាករ។
២៣ហើយមើលចុះ យើងនឹងដាក់ពលទ័ពយើងនៅចន្លោះដែនដីយើសុន និងដែនដីនីហ្វៃ ដើម្បីយើងអាចការពារបងប្អូនយើង ដែលនៅក្នុងដែនដីយើសុន ហើយការណ៍នេះយើងធ្វើ ដើម្បីបងប្អូនយើង ព្រោះពួកគេខ្លាចបាប មិនព្រមលើកអាវុធប្រឆាំងនឹងបងប្អូនគេ ហើយការភ័យខ្លាចដ៏ធំនេះចេញមកពីការប្រែចិត្តដ៏ខ្លាំងរបស់គេ ព្រោះគេធ្លាប់បានធ្វើអំពើឃាតកម្ម និងអំពើទុច្ចរិតដ៏អាក្រក់ជាច្រើន។
២៤ហើយឥឡូវនេះ មើលចុះ ការណ៍នេះយើងនឹងធ្វើចំពោះបងប្អូនយើង ដើម្បីឲ្យគេអាចគ្រងដែនដីយើសុនទុកជាមរតក ហើយយើងនឹងការពារពួកគេពីពួកខ្មាំងសត្រូវរបស់គេ ដោយពលទ័ពរបស់យើង នៅក្នុងករណីយមួយថា គេត្រូវផ្ដល់ដល់យើងនូវរបស់របរគេមួយផ្នែក ដើម្បីជួយយើងចិញ្ចឹមពលទ័ពយើង។
២៥ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលអាំម៉ូនបានឮដូច្នេះហើយ នោះលោកក៏ត្រឡប់ទៅឯប្រជាជន អាន់តៃ-នីហ្វៃ-លីហៃវិញ ហើយបាននាំអាលម៉ាទៅជាមួយផង គឺទៅក្នុងទីរហោស្ថាន ត្រង់កន្លែងដែលគេបានបោះត្រសាល ហើយបានប្រាប់ឲ្យពួកគេដឹងនូវគ្រប់ការណ៍អស់ទាំងនេះ។ ហើយអាលម៉ាបានរៀបរាប់ប្រាប់គេអំពីការដែលលោកបានប្រែចិត្តជឿ ព្រមទាំងអាំម៉ូន និងអើរ៉ុន និងបងប្អូនលោកដែរ។
២៦ហើយហេតុការណ៍បានកើតឡើងថា ការណ៍នេះបានធ្វើឲ្យពួកគេមានសេចក្ដីអំណរជាខ្លាំងនៅក្នុងចំណោមពួកគេ។ ហើយពួកគេបានចុះទៅដែនដីយើសុន ហើយបានយកដែនដីយើសុន ហើយពួកគេត្រូវពួកនីហ្វៃហៅថា ប្រជាជនអាំម៉ូន ហេតុដូច្នេះហើយ ពួកគេត្រូវបានញែកចេញ ដោយឈ្មោះនេះ ចាប់តាំងពីពេលនោះរហូតមក។
២៧ហើយពួកគេនៅក្នុងចំណោមប្រជាជននីហ្វៃ ហើយត្រូវបានរាប់ក្នុងចំណោមប្រជាជន ដែលនៅក្នុងសាសនាចក្រនៃព្រះ។ ហើយពួកគេត្រូវបានញែកចេញ ដោយព្រោះគេមានចិត្តឧស្សាហ៍ដល់ព្រះ និងដល់មនុស្សលោកផង ព្រោះពួកគេមានចិត្តទៀងត្រង់ និងសុចរិតដោយឥតខ្ចោះក្នុងគ្រប់ការណ៍ទាំងអស់ ហើយពួកគេមានចិត្តរឹងប៉ឹងនៅក្នុងសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ គឺរហូតដល់ចុងបំផុត។
២៨ហើយពួកគេមើលទៅការខ្ចាយឈាមបងប្អូនគេ ទុកជាទីស្អប់ខ្ពើមដ៏ធំបំផុត ហើយគ្មាននរណាអាចនិយាយឲ្យគេលើកអាវុធប្រឆាំងនឹងបងប្អូនគេទៀតឡើយ ហើយពួកគេមិនមើលសេចក្ដីស្លាប់ទុកជាការតក់ស្លុតសោះឡើយ ដោយព្រោះសេចក្ដីសង្ឃឹម និងយោបល់ ដែលគេមានអំពីព្រះគ្រីស្ទ និងដំណើររស់ឡើងវិញ ហេតុដូច្នេះហើយ ចំពោះគេ សេចក្ដីស្លាប់ត្រូវបានលេបដោយជ័យជម្នះនៃព្រះគ្រីស្ទទៅលើវា។
២៩ហេតុដូច្នេះហើយ ពួកគេសុខចិត្តរងទុក្ខដល់ស្លាប់ ដោយឈឺចាប់ ហើយវេទនាបំផុត ដែលធ្វើឡើងដោយបងប្អូនគេ មុននឹងគេលើកដាវ ឬលំពែងវាយតគេវិញ។
៣០ម្ល៉ោះហើយ ពួកគេជាប្រជាជនមួយដែលមានចិត្តឧស្សាហ៍ ហើយគួរឲ្យស្រឡាញ់ គឺជាប្រជាជនមួយដ៏សំណប់ជាខ្លាំងនៃព្រះអម្ចាស់៕