ព្រះគម្ពីរ
អាលម៉ា 15


ជំពូក​ទី ១៥

អាលម៉ា និង​អាមូលេក​ទៅ​ដែនដី​សៃដុម ហើយ​តាំង​សាសនាចក្រ​មួយ​ឡើង — អាលម៉ា​ព្យាបាល​ស៊ីអែសរ៉ុម ហើយ​គាត់​ចូល​រួម​នឹង​សាសនាចក្រ — មនុស្ស​ជា​ច្រើន​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​សាសនាចក្រ​ចម្រើន​លូតលាស់ — អាលម៉ា និង​អាមូលេក​ទៅ​ឯ​ក្រុង​សារ៉ាហិមឡា។ ប្រមាណ​ជា​ឆ្នាំ ៨១ ម.គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាលម៉ា និង​អាមូលេក ត្រូវ​បាន​បញ្ជា​ឲ្យ​ចេញ​ពី​ទី​ក្រុង​នោះ ហើយ​គេ​បាន​ចេញ​ទៅ​ដល់​ដែនដី​សៃដុម ហើយ​មើល​ចុះ នៅ​ទី​នោះ​គេ​បាន​ប្រទះ​ឃើញ​ប្រជាជន​ទាំង​អស់ ដែល​បាន​ចាក​ចេញ​ពី​ដែនដី​អាំម៉ូណៃហា ជា​មនុស្ស​ដែល​ត្រូវ​គេ​បណ្ដេញ ហើយ​ចោល​ថ្ម​លើ ពី​ព្រោះ​គេ​ជឿ​តាម​ពាក្យ​សម្ដី​នៃ​អាលម៉ា។

ហើយ​អ្នក​ទាំង​ពីរ​បាន​រៀប​រាប់​ប្រាប់​គេ​ពី​រឿង​ទាំង​អស់ ដែល​បាន​កើត​ឡើង​ដល់​ប្រពន្ធ និង​កូន​ចៅ​គេ និង​ពី​ខ្លួន​អ្នក​ទាំង​ពីរ​ផង និង​ពី​អំណាច​នៃ​ការ​ដោះ​លែង​របស់​គេ។

ហើយ​ស៊ីអែសរ៉ុម​បាន​ដេក​ឈឺ​នៅ​សៃដុម ដោយ​គ្រុន​ក្ដៅ​ដែល​កំពុង​ដុត​រោល ដែល​បណ្ដា​ល​មក​អំពី​សេចក្ដី​ទុក្ខ​ដ៏​ធំ​នៅ​ក្នុង​គំនិត​គាត់ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត ដែល​គាត់​បាន​ប្រព្រឹត្ត ព្រោះ​គាត់​បាន​គិត​ស្មាន​ថា អាលម៉ា និង​អាមូលេក​ពុំ​រស់នៅ​ទៀត​ទេ ហើយ​គាត់​បាន​គិត ស្មាន​ថា អ្នក​ទាំង​ពីរ​ត្រូវ​គេ​សម្លាប់​ចោល ពី​ព្រោះ​តែ​សេចក្ដី​ទុច្ចរិត​របស់​គាត់។ ហើយ​អំពើ​បាប​ដ៏​ធំ​នេះ និង​អំពើ​បាប​ជា​ច្រើន​ទៀត​របស់​គាត់ បាន​ធ្វើ​ឲ្យ​គំនិត​គាត់​កើតទុក្ខ រហូត​ដល់​ធ្វើ​ឲ្យ​គាត់​ឈឺ​ជា​ខ្លាំង​ដោយ​គ្មាន​ច្រក​ចេញ ហេតុ​ដូច្នេះ​ហើយ ទើប​គាត់​ចាប់​ផ្ដើម​ដុត​រោល​ដោយ កម្ដៅ​ដ៏​ឆេះឆួល។

ឥឡូវ​នេះ កាលដែល​គាត់​បាន​ឮ​ថា អាលម៉ា និង​អាមូលេក បាន​មក​ក្នុង​ដែនដី​សៃដុម​ហើយ នោះ​ចិត្ត​គាត់​ចាប់​ផ្ដើម​មាន​សេចក្ដី​ក្លាហាន​ឡើង ហើយ​គាត់​បាន​ផ្ញើ​សារ​មួយ​ទៅ​អ្នក​ទាំង​ពីរ​ភ្លាម ចង់​ឲ្យ​អ្នក​ទាំង​ពីរ​មក​ជួប​នឹង​គាត់។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អ្នក​ទាំង​ពីរ​ក៏​មក​ភ្លាម ធ្វើ​តាម​សារ​ដែល​គាត់​បាន​ផ្ញើ​ទៅ​ពួក​គេ ហើយ​គេ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ ទៅ​រក​ស៊ីអែសរ៉ុម ហើយ​គេ​បាន​ឃើញ​គាត់​ដេក​នៅ​លើ​គ្រែ​ឈឺ​អស់​កម្លាំង​ដោយ​មក​ពី​គ្រុន​ក្ដៅ​ដែល​កំពុង​ដុត​រោល ឯ​គំនិត​គាត់​ក៏​ឈឺ​ចាប់​ជា​ខ្លាំង ពី​ព្រោះ​តែ​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​គាត់ ហើយ​កាល​គាត់​បាន​ឃើញ​អ្នក​ទាំង​ពីរ នោះ​គាត់​ក៏​លាត​ដៃ ហើយ​សូម​អង្វរ​ឲ្យ​អ្នក​ទាំង​ពីរ​ជួយ​ព្យាបាល​គាត់​ផង។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាលម៉ា​បាន​និយាយ​ទៅ​គាត់ ទាំង​ចាប់​ដៃ​គាត់​ថា ៖ តើ​អ្នក​ជឿ​ដល់​ព្រះ​ចេស្ដា​នៃ​ព្រះ​គ្រីស្ទ​ក្នុង​ការ​សង្គ្រោះ​ឬ​ទេ?

ហើយ​គាត់​បាន​ឆ្លើយ​ថា ៖ បាទ ខ្ញុំ​ជឿ​ពាក្យ​ទាំង​អស់​ដែល​លោក​បាន​បង្រៀន។

ហើយ​អាលម៉ា​បាន​និយាយ​ថា ៖ បើ​សិន​ជា​អ្នក​ជឿ​ដល់​ការ​ប្រោស​លោះ​នៃ​ព្រះ​គ្រីស្ទ នោះ​អ្នក​នឹង​អាច​បាន​ជា​សះ​ស្បើយ។

ហើយ​គាត់​បាន​និយាយ​ថា ៖ បាទ ខ្ញុំ​ជឿ​តាម​ពាក្យ​សម្ដី​របស់​លោក។

១០ហើយ​លំដាប់​នោះ អាលម៉ា​បាន​អំពាវនាវ​ដល់​ព្រះ​អម្ចាស់​ថា ៖ ឱ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​យើង​ខ្ញុំ​អើយ សូម​ទ្រង់​មាន​សេចក្ដី​មេត្តា​ករុណា​ដល់​បុរស​នេះ ហើយ​ព្យាបាល​គាត់​ឲ្យ​បាន​ជា​ផង​ចុះ ស្រប​តាម​សេចក្ដី​ជំនឿ​របស់​គាត់​ដែល​មាន​ទៅ​លើ​ព្រះ​គ្រីស្ទ។

១១ហើយ​កាល​អាលម៉ា​បាន​និយាយ​ពាក្យ​ទាំង​នេះ​ហើយ នោះ​ស៊ីអែសរ៉ុម​ក៏​ស្ទុះ​ក្រោក​ឈរ ហើយ​ចាប់​ផ្ដើម​ដើរ ហើយ​ការណ៍​នេះ​បាន​ផ្ដល់​នូវ​ការ​អស្ចារ្យ​ជា​ខ្លាំង​ដល់​ប្រជាជន​ទាំង​អស់ ហើយ​ដំណឹង​នេះ​បាន​ខ្ចរខ្ចាយ​ទៅ​គ្រប់​ទិសទី​លើ​ដែនដី​សៃដុម។

១២ហើយ​អាលម៉ា​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ស៊ីអែសរ៉ុម​ថ្វាយ​ព្រះ​អម្ចាស់ ហើយ​ចាប់​ពី​ពេល​នោះ​មក លោក​ក៏​ចាប់​ផ្ដើម​ប្រកាស​ប្រាប់​ប្រជាជន។

១៣ហើយ​អាលម៉ា​បាន​តាំង​សាសនាចក្រ​មួយ​ឡើង​នៅ​លើ​ដែនដី​សៃដុម ហើយ​បាន​ញែក​ពួក​សង្ឃ និង​ពួក​គ្រូបង្រៀន​នៅ​លើ​ដែនដី ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ថ្វាយ​ព្រះ​អម្ចាស់ ឲ្យ​អស់​អ្នក​ណា​ដែល​មាន​បំណង​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក។

១៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​មាន​ចំនួន​ច្រើន ព្រោះ​ពួក​គេ​បាន​ប្រមូល​គ្នា​មក​ពី​គ្រប់​តំបន់​ដែល​នៅ​ជុំវិញ​ក្រុង​សៃដុម ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។

១៥ប៉ុន្តែ​រីឯ​ប្រជាជន​ដែល​នៅ​ឯ​ដែនដី​អាំម៉ូណៃហា ពួក​គេ​នៅ​តែ​មាន​ចិត្ត​រឹងរូស និង​ក្បាលរឹង ហើយ​គេ​មិន​ប្រែចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​គេ​ឡើយ ដោយ​ចោទ​ថា អំណាច​ទាំង​អស់​របស់​អាលម៉ា និង​អាមូលេក គឺជា​របស់​ផង​អារក្ស ព្រោះ​ពួក​គេ​ជា​អ្នក​កាន់​តាម​ជំនឿ​នៃ​នីហូរ ហើយ​ពុំ​ជឿ​ដល់​ការ​ប្រែចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​គេ​ឡើយ។

១៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាលម៉ា និង​អាមូលេក ឯ​អាមូលេក​បាន​បោះបង់​ចោល​មាស និង​ប្រាក់​ទាំង​អស់​របស់​លោក និង​វត្ថុ​មាន​តម្លៃៗ​របស់​លោក ដែល​នៅ​ឯ​ដែនដី​អាំម៉ូណៃហា ដើម្បី​ព្រះ​បន្ទូល​នៃ​ព្រះ លោក​ត្រូវ​បាន​បដិសេធ​ដោយ​ពួក​អ្នក​ដែល​ធ្លាប់​ជា​មិត្តភក្តិ​របស់​លោក និង​ដោយ​ឪពុក​លោក និង​ញាតិ​សន្តាន​របស់​លោក​ផង​ដែរ។

១៧ហេតុ​ដូច្នេះ​ហើយ ក្រោយ​ពី​អាលម៉ា​បាន​តាំង​សាសនាចក្រ​មួយ​ឡើង​នៅ​ក្រុង​សៃដុម នោះ​លោក​សង្កេត​ឃើញ​មាន​ជ័យ​ជម្នះ​មួយ​ដ៏​ធំ មែន​ហើយ លោក​ឃើញ​ថា ប្រជាជន​បាន​ឈ្នះ​លើ​ការ​ឆ្មើងឆ្មៃ​នៃ​ចិត្ត​របស់​គេ ហើយ​បាន​ចាប់​ផ្ដើម​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ ហើយ​បាន ចាប់​ផ្ដើម​ជួបជុំ​គ្នា​នៅ​ក្នុង​ទី​បរិសុទ្ធ​ទាំង​ឡាយ​របស់​គេ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​នៅ​ចំពោះ​ទី​អាសនា ដោយ​ចាំ​យាម ហើយ​អធិស្ឋាន​ជានិច្ច ដើម្បី​ឲ្យ​គេ​បាន​ដោះ​រួច​ផុត​ពី​អារក្ស​សាតាំង និង​ពី​សេចក្ដី​ស្លាប់ និង​ពី​សេចក្ដី​បំផ្លិចបំផ្លាញ —

១៨ឥឡូវ​នេះ ដូច​ជា​ខ្ញុំ​បាន​និយាយ​មក​ហើយ​ថា កាល​អាលម៉ា​បាន​ឃើញ​ការណ៍​អស់​ទាំង​នេះ​ហើយ ហេតុ​ដូច្នេះ​ហើយ លោក​បាន​នាំ​អាមូលេក ហើយ​បាន​មក​ឯ​ដែនដី​សារ៉ាហិមឡា ហើយ​បាន​នាំ​អាមូលេក​មក​ឯ​ផ្ទះ​របស់​លោក​ផ្ទាល់ ហើយ​បាន​ជួយ​លោក នៅ​ពេល​លោក​មាន​ទុក្ខ ហើយ​ចម្រើន​កម្លាំង​ដល់​លោក​នៅ​ក្នុង​ព្រះ​អម្ចាស់។

១៩ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ដប់​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ​លើ​ប្រជាជន​នីហ្វៃ៕