ជំពូកទី ៩
នៅក្នុងភាពងងឹត សំឡេងនៃព្រះគ្រីស្ទ ប្រកាសប្រាប់នូវសេចក្ដីបំផ្លិចបំផ្លាញប្រជាជន និងទីក្រុងជាច្រើន ដោយមកពីសេចក្ដីទុច្ចរិតរបស់ពួកគេ — ទ្រង់ក៏ប្រកាសប្រាប់ពីទេវភាពរបស់ទ្រង់ដែរ ប្រកាសថា ក្រឹត្យវិន័យលោកម៉ូសេត្រូវបានបំពេញហើយ ហើយអញ្ជើញមនុស្សឲ្យមករកទ្រង់ ហើយបានសង្គ្រោះ។ ប្រមាណ ជាឆ្នាំ ៣៤ គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា មានឮសំឡេងមួយមកក្នុងចំណោមបណ្ដាជនទាំងអស់នៃផែនដីនៅលើផ្ទៃនៃដែនដីនេះ ស្រែកថា ៖
២វេទនា វេទនា វេទនាដល់ប្រជាជននេះ វេទនាដល់បណ្ដាជននៅលើផែនដីទាំងមូល លើកលែងតែពួកគេប្រែចិត្ត ព្រោះអារក្ស វាសើច ហើយពួកទេវតារបស់វាអររីករាយ ដោយមកពីការស្លាប់នៃកូនប្រុស និងកូនស្រីទាំងឡាយដ៏ស្រស់ល្អៗរបស់ប្រជាជនយើង ហើយគឺមកពីអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់គេ ទើបពួកគេត្រូវដួល!
៣មើលចុះ ទីក្រុងសារ៉ាហិមឡាដ៏ធំនោះ យើងបានដុតនឹងភ្លើង និងបណ្ដាជនទាំងឡាយក្នុងនោះផង។
៤ហើយមើលចុះ ទីក្រុងមរ៉ូណៃដ៏ធំនោះ យើងបានធ្វើឲ្យលិចទៅក្នុងជម្រៅសមុទ្រ រីឯបណ្ដាជននៅទីនោះត្រូវលង់ទឹកស្លាប់។
៥ហើយមើលចុះ ទីក្រុងមរ៉ូណៃហាដ៏ធំនោះ យើងបានគ្របដោយដី ព្រមទាំងបណ្ដាជននៅទីនោះផង ដើម្បីបិទបាំងអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់ពួកគេពីមុខយើង ដើម្បីកុំឲ្យឈាមរបស់ពួកព្យាការី និងពួកបរិសុទ្ធ មករកយើងទាស់នឹងពួកគេទៀតឡើយ។
៦ហើយមើលចុះ ទីក្រុងគីលកាល យើងបានធ្វើឲ្យលិច រីឯបណ្ដាជននៅទីនោះត្រូវកប់ទៅក្នុងជម្រៅដី
៧មែនហើយ ហើយទីក្រុងអូណៃហា ព្រមទាំងបណ្ដាជននៅទីនោះ ហើយទីក្រុងម៉ូគុម ព្រមទាំងបណ្ដាជននៅទីនោះ ហើយទីក្រុងយេរូសាឡិម ព្រមទាំងបណ្ដាជននៅទីនោះផង ហើយយើងបានធ្វើឲ្យទឹកឡើងនៅកន្លែងទាំងនោះវិញ ដើម្បីបិទបាំងអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់ពួកគេពីមុខយើង ដើម្បីកុំឲ្យឈាមរបស់ពួកព្យាការី និងពួកបរិសុទ្ធ ឡើងមករកយើងទាស់នឹងពួកគេទៀតឡើយ។
៨ហើយមើលចុះ ទីក្រុងកាឌីអានដៃ និងទីក្រុងកាឌីអុមណា និងទីក្រុងយ៉ាកុប និងទីក្រុងគីមគីមណូ យើងបានធ្វើឲ្យទីក្រុងអស់ទាំងនេះលិច ហើយបានធ្វើឲ្យមានភ្នំ និងច្រកភ្នំទាំងឡាយនៅកន្លែងទាំងនោះវិញ ហើយបណ្ដាជននៅទីនោះ យើងបានកប់ទៅក្នុងជម្រៅដី ដើម្បីបិទបាំងអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់ពួកគេពីមុខយើង ដើម្បីកុំឲ្យឈាមរបស់ពួកព្យាការី និងពួកបរិសុទ្ធឡើងមករកយើងទាស់នឹងពួកគេទៀតឡើយ។
៩ហើយមើលចុះ ទីក្រុងយ៉ាកុប៊ូកាតដ៏ធំនោះ ដែលមានប្រជាជនរបស់ស្ដេចយ៉ាកុបរស់នៅ យើងបានធ្វើឲ្យឆេះដោយភ្លើង ពីព្រោះមកពីអំពើបាបទាំងឡាយរបស់ពួកគេ និងអំពើទុច្ចរិតរបស់ពួកគេ ដែលលើសជាងអស់ទាំងអំពើទុច្ចរិតនៃផែនដីទាំងមូល ដោយមកពីអំពើឃាតកម្ម និងការផ្សំគំនិតដ៏សម្ងាត់ទាំងឡាយរបស់ពួកគេ ត្បិតពួកគេនេះហើយដែលបានបំផ្លាញសន្តិភាពរបស់រាស្ត្រយើង និងរដ្ឋាភិបាលរបស់ដែនដី ហេតុដូច្នេះហើយ យើងបានធ្វើឲ្យពួកគេត្រូវឆេះ ដើម្បីបំផ្លាញពួកគេចេញពីមុខយើង ដើម្បីកុំឲ្យឈាមរបស់ពួកព្យាការី និងពួកបរិសុទ្ធ ឡើងមករកយើងទាស់នឹងពួកគេទៀតឡើយ។
១០ហើយមើលចុះ ទីក្រុងលេមិន និងទីក្រុងយ៉ូស និងទីក្រុងកាឌ និងទីក្រុងគិសគូមេន យើងបានធ្វើឲ្យឆេះដោយភ្លើង ព្រមទាំងបណ្ដាជននៅទីនោះផង ដោយមកពីអំពើទុច្ចរិតរបស់ពួកគេ ក្នុងការបណ្ដេញពួកព្យាការី ហើយចោលដុំថ្មទៅលើពួកអ្នកដែលយើង បានចាត់ឲ្យទៅប្រកាសដល់ពួកគេ អំពីអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់ពួកគេ។
១១ហើយពីព្រោះពួកគេបានបណ្ដេញពួកអ្នកទាំងនោះចេញ ដែលគ្មានអ្នកណាម្នាក់សុចរិតនៅក្នុងចំណោមពួកគេឡើយ ទើបយើងបានចាត់ភ្លើងឲ្យចុះទៅបំផ្លាញពួកគេចោល ដើម្បីឲ្យអំពើទុច្ចរិត និងអំពើគួរឲ្យខ្ពើមឆ្អើមទាំងឡាយរបស់ពួកគេ អាចបានបិទបាំងពីមុខ យើង ដើម្បីកុំឲ្យឈាមរបស់ពួកព្យាការី និងពួកបរិសុទ្ធ ដែលយើងបានចាត់ឲ្យទៅក្នុងចំណោមពួកគេនោះ ស្រែកមករកយើងពីក្នុងដីទាស់នឹងពួកគេឡើយ។
១២ហើយមានការបំផ្លិចបំផ្លាញដ៏ធំជាច្រើន ដែលយើងបានធ្វើឲ្យកើតឡើង នៅលើដែនដីនេះ និងលើប្រជាជននេះ ពីព្រោះមកពីអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់ពួកគេ។
១៣ឱ អស់អ្នកណាដែលត្រូវបានលើកលែង ពីព្រោះអ្នករាល់គ្នាសុចរិតជាងពួកគេអើយ ឥឡូវនេះ តើអ្នករាល់គ្នាមិនចង់ត្រឡប់មករកយើង ហើយប្រែចិត្តពីអំពើបាបទាំងឡាយរបស់អ្នក ហើយប្រែចិត្តជឿ ដើម្បីយើងអាចប្រោសអ្នកឲ្យបានជាទេឬ?
១៤មែនហើយ យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា បើសិនជាអ្នករាល់គ្នាមករកយើង នោះអ្នករាល់គ្នានឹងមានជីវិតដ៏នៅអស់កល្បជានិច្ច មើលចុះ ដៃនៃសេចក្ដីមេត្តាករុណារបស់យើងសន្ធឹងទៅរកអ្នក ហើយអស់អ្នកណាដែលមក អ្នកនោះហើយដែលយើងនឹងទទួល ហើយមានពរហើយដល់អ្នកណាដែលមករកយើង។
១៥មើលចុះ យើងគឺព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ។ យើងបានបង្កើតផ្ទៃមេឃ និងផែនដី និងរបស់សព្វសារពើដែលនៅទីនោះ។ យើងបានគង់នៅជាមួយនឹងព្រះវរបិតាចាប់ពីដើមដំបូងមកម្ល៉េះ។ យើងគង់នៅក្នុងព្រះវរបិតា ហើយព្រះវរបិតាគង់នៅក្នុងយើង ហើយនៅក្នុងយើង នោះព្រះវរបិតាបានសរសើរតម្កើងដល់ព្រះនាមទ្រង់។
១៦យើងបានមករករាស្ត្រយើង តែរាស្ត្រយើងមិនបានទទួលយើងសោះ។ ហើយបទគម្ពីរទាំងឡាយដែលស្ដីអំពីការយាងមករបស់យើង នោះត្រូវបានបំពេញហើយ។
១៧ហើយអស់អ្នកណាដែលបានទទួលយើង អ្នកនោះហើយដែលយើងបានឲ្យក្លាយទៅជាកូនព្រះ ហើយដូចគ្នានេះ យើងក៏នឹងឲ្យដល់អស់អ្នកណាដែលនឹងជឿដល់នាមរបស់យើង ត្បិតមើលចុះ ដោយសារយើង ទើបមានសេចក្ដីប្រោសលោះកើតឡើង ហើយនៅក្នុងយើង នោះក្រឹត្យវិន័យលោកម៉ូសេត្រូវបានបំពេញ។
១៨យើងគឺជាពន្លឺ ហើយជាជីវិតនៃពិភពលោក។ យើងគឺជាអាលផា និងអូមេកា គឺជាដើម ហើយជាចុង។
១៩ហើយអ្នករាល់គ្នាមិនត្រូវថ្វាយដល់យើងនូវការខ្ចាយឈាមទៀតទេ មែនហើយ យញ្ញបូជា និងដង្វាយដុតទាំងឡាយរបស់អ្នកនឹងត្រូវចោល ត្បិតយើងមិនទទួលយញ្ញបូជាទាំងឡាយរបស់អ្នក និងដង្វាយដុតទាំងឡាយរបស់អ្នកឡើយ។
២០ហើយអ្នករាល់គ្នាត្រូវថ្វាយដល់យើងនូវចិត្តសង្រេង និងវិញ្ញាណទន់ទាបវិញ។ ហើយអស់អ្នកណាដែលមករកយើង ដោយមានចិត្តសង្រេង និងវិញ្ញាណទន់ទាប អ្នកនោះហើយដែលយើងនឹងធ្វើបុណ្យជ្រមុជដោយភ្លើង និងដោយព្រះវិញ្ញាណបរិសុទ្ធ ដូចគ្នានឹងពួកសាសន៍លេមិនដែរ ដោយសារសេចក្ដីជំនឿរបស់ពួកគេជឿដល់យើង នៅក្នុងពេលនៃការប្រែចិត្តជឿរបស់គេ នោះត្រូវបានទទួលបុណ្យជ្រមុជដោយភ្លើង និងដោយព្រះវិញ្ញាណបរិសុទ្ធ ហើយពួកគេពុំបានដឹងទេ។
២១មើលចុះ យើងបានមកឯលោកិយ ដើម្បីនាំសេចក្ដីប្រោសលោះមកដល់ពិភពលោក គឺដើម្បីសង្គ្រោះមនុស្សលោកពីបាប។
២២ហេតុដូច្នេះហើយ អ្នកណាដែលប្រែចិត្ត ហើយមករកយើង ដូចជាកូនក្មេងតូចម្នាក់ អ្នកនោះហើយដែលយើងនឹងទទួល ត្បិតនគររបស់ព្រះជារបស់ផងអ្នកនោះ។ មើលចុះ ជំនួសអ្នកទាំងនោះហើយដែលយើងបានប្ដូរជីវិតរបស់យើង ហើយបានយកជីវិតយើងឡើងវិញ ហេតុដូច្នោះហើយ ចូរប្រែចិត្ត ហើយមករកយើង ឱអ្នករាល់គ្នានៅចុងផែនដីអើយ ហើយចូរបានសង្គ្រោះចុះ៕