ព្រះគម្ពីរ
នីហ្វៃ ទី ៣ 1


នីហ្វៃ​ទី ៣

គម្ពីរ​នីហ្វៃ
កូន​ប្រុស​របស់​នីហ្វៃដែល​ត្រូវ​ជា​កូន​ប្រុស​របស់​ហេ​លេមិន

ហើយ​ហេ​លេមិន ជា​កូន​ប្រុស​របស់​ហេ​លេមិន ដែល​ជា​កូន​ប្រុស​របស់​អាលម៉ា ដែល​ជា​កូន​ប្រុស​របស់​អាលម៉ា ជា​ពូជ​ពង្ស​របស់​នីហ្វៃ ដែល​ជា​កូន​ប្រុស​របស់​លីហៃ ដែល​បាន​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម នៅ​ក្នុង​ឆ្នាំ​ទី ១ នៃ​រាជ្យ​សេដេគា ស្ដេច​ស្រុក​យូដា។

ជំពូក​ទី ១

នីហ្វៃ​ដែល​ជា​កូន​ប្រុស​របស់​ហេ​លេមិន ចាក​ចេញ​ពី​ដែនដី ហើយ​នីហ្វៃ​ជា​កូន​ប្រុស​របស់​លោក​រក្សា​បញ្ជី​ទាំង​ឡាយ — ទោះ​ជា​មាន​ទី​សម្គាល់​ទាំង​ឡាយ និង​ការណ៍​អស្ចារ្យ​ទាំង​ឡាយ​ក្ដី គង់តែ​ពួក​ទុច្ចរិត​មាន​គម្រោងការណ៍​នឹង​សម្លាប់​ពួក​សុចរិត​ដែរ — យប់​នៃ​ថ្ងៃ​កំណើត ព្រះ​គ្រីស្ទ​មក​ដល់ — ទី​សម្គាល់​បាន​ស្ដែង​ឡើង ហើយ​ផ្កាយ​ថ្មី​មួយ​រះ​ឡើង — ការ​ភូត​កុហក និង​ការ​បោក​បញ្ឆោត​កើត​ឡើង ហើយ​ពួក​ចោរ​កាឌីអានតុន​សម្លាប់​មនុស្ស​អស់​ជាច្រើន។ ប្រមាណ​ជា​ឆ្នាំ ១–៤ គ.ស.។

ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ឆ្នាំ​ទី​កៅសិប​មួយ​បាន​កន្លង​ផុត​ទៅ ហើយ​គឺ​ប្រាំមួយ​រយ​ឆ្នាំ ក្រោយ​ពី​លីហៃ​បាន​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម​មក ហើយ​គឺជា​ឆ្នាំ​ដែល​ឡាកូនីអូស​ធ្វើ​ជា​មេ​ចៅក្រម និង​ជា​អ្នក​ត្រួតត្រា​លើ​ដែនដី​នេះ។

ហើយ​នីហ្វៃ ដែល​ជា​កូន​ប្រុស​របស់​ហេ​លេមិន បាន​ចេញ​ដំណើរ​ពី​ដែនដី​សារ៉ាហិមឡា ដោយ​បាន​ប្រគល់​បន្ទុក​ឲ្យ​កូន​ប្រុស​របស់​លោក ឈ្មោះ​នីហ្វៃ ដែល​ជា​កូន​ប្រុស​ច្បង ឲ្យ​កត់​ផ្ទាំង​លង្ហិន និង​បញ្ជី​ទាំង​អស់​ដែល​បាន​កត់​ទុក និង​អស់​ទាំង​វត្ថុ​ឯ​ទៀត ដែល​ត្រូវ​បាន​រក្សា​ទុកជា​ពិសិដ្ឋ ចាប់​តាំង​ពី​ដំណើរ​របស់​លីហៃ​ចេញ​ពី​ក្រុង​យេរូសាឡិម​មក។

បន្ទាប់​មក លោក​បាន​ចាក​ចេញ​ពី​ដែនដី ហើយ​លោក​ទៅ​ឯណា​នោះ គឺ​គ្មាន​នរណា​ដឹង​ទេ ហើយ​នីហ្វៃ​ជា​កូន​ប្រុស​របស់​លោក បាន​កត់​បញ្ជី​ទាំង​ឡាយ​ជំនួស​លោក មែន​ហើយ គឺ​បញ្ជី​អំពី​ប្រជាជន​នេះ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ដើម​ឆ្នាំ​ទី​កៅសិប​ពីរ មើល​ចុះ ការ​ព្យាករណ៍​របស់​ពួក​ព្យាការី​បាន​ចាប់​ផ្ដើម​បំពេញ​ដោយ​ពេញលេញ ព្រោះ​ចាប់​ផ្ដើម​មាន​ទី​សម្គាល់​ដ៏​ច្រើន​ឡើង និង​អព្ភូតហេតុ​ដ៏​ច្រើន​ឡើង​នៅ​ក្នុង​ចំណោម​ប្រជាជន។

ប៉ុន្តែ​មាន​អ្នក​ខ្លះ​បាន​ចាប់​ផ្ដើម​និយាយ​ថា ពេល​វេលា​បាន​កន្លង​ហួស​ហើយ សម្រាប់​ពាក្យ​ទាំង​នោះ​ត្រូវ​បាន​បំពេញ គឺជា​ពាក្យ​ដែល​បាន​និយាយ​ដោយ​សាំយូអែល​ដែល​ជា​សាសន៍​លេមិន​នោះ។

ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​អរ​រីករាយ​នឹង​បងប្អូន​របស់​គេ ដោយ​និយាយ​ថា ៖ មើល​ចុះ ពេល​នោះ​បាន​កន្លង​ផុត​ទៅ​ហើយ ឯ​ពាក្យ​របស់​សាំយូអែល​ពុំ​បាន​បំពេញ​ទេ ហេតុ​ដូច្នេះ​ហើយ សេចក្ដី​អំណរ និង​សេចក្ដី​ជំនឿ​របស់​អ្នក​អំពី​រឿង​នេះ​បែរជា​ឥត​ប្រយោជន៍​ទៅ​វិញ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​បង្កើត​ចលាចល​យ៉ាង​ធំ​មួយ​ទូ​ទាំង​ដែនដី ឯ​ប្រជាជន​ដែល​បាន​ជឿ ក៏​កើត​សេចក្ដី​ព្រួយ​ជា​ខ្លាំង ខ្លាចក្រែង​ដោយ​សារ​មធ្យោបាយ​ណាមួយ រឿង​ទាំង​ឡាយ​ដែល​បាន​និយាយ​មក​ពី​មុន​នឹង​ពុំ​កើត​ឡើង។

ប៉ុន្តែ​មើល​ចុះ ពួក​គេ​បាន​រង់​ចាំ​មើល​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ថ្ងៃ​នោះ និង​យប់​នោះ ហើយ​ថ្ងៃ​នោះ​ត្រូវ​ជា​មួយ​ថ្ងៃ ដែល​ហាក់​បី​ដូច​ជា​គ្មាន​យប់​សោះ ដើម្បី​គេ​អាច​ដឹង​ថា សេចក្ដី​ជំនឿ​របស់​គេ​ពុំ​ឥតប្រយោជន៍។

ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​មួយ​ថ្ងៃ​ដែល​បាន​កំណត់​ទុក​ដោយ​ពួក​អ្នក​ដែល​ពុំ​ជឿ​ថា អស់​អ្នក​ណា​ដែល​ជឿ​តាម​សណ្ដាប់​ទាំង​នោះ នឹង​ត្រូវ​ប្រហារជីវិត​ចោល លើកលែង​តែ​មាន​ទី​សម្គាល់​កើត​ឡើង ដែល​បាន​ប្រាប់​ដោយ​សាំយូអែល​ជា​ព្យាការី។

១០ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​នីហ្វៃ ជា​កូន​ប្រុស​របស់​នីហ្វៃ បាន​ឃើញ​នូវ​អំពើ​ទុច្ចរិត​នៃ​ប្រជាជន​របស់​លោក ចិត្ត​លោក​បាន​ពោរពេញ​ទៅ​ដោយ​ទុក្ខ​ព្រួយ​ជា​អតិបរមា។

១១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​បាន​ចេញ​ទៅ​ក្រៅ ហើយ​បាន​ក្រាប​ទៅ​លើ​ដី ហើយ​បាន​អំពាវនាវ​យ៉ាង​ខ្លាំង​ដល់​ព្រះ​របស់​លោក ជំនួស​ប្រជាជន​របស់​លោក មែន​ហើយ គឺ​អស់​អ្នក​ណា​ដែល​ជិត​នឹង​ត្រូវ​បំផ្លាញ​ចោល ដោយ​សារ​តែ​សេចក្ដី​ជំនឿ​របស់​គេ​នៅ​ក្នុង​សណ្ដាប់​នៃ​ពួក​អយ្យកោ​របស់​គេ។

១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​បាន​អំពាវនាវ​យ៉ាង​ខ្លាំង​ដល់​ព្រះ​ពេញ​មួយ​ថ្ងៃ ហើយ​មើល​ចុះ សំឡេង​នៃ​ព្រះ​អម្ចាស់​បាន​បន្លឺ​មក​កាន់​លោក​ថា ៖

១៣ចូរ​ងើប​ឡើង ហើយ​មាន​សេចក្ដី​សង្ឃឹម​ចុះ ត្បិត​មើល​ចុះ ពេល​នោះ​ជិត​មក​ដល់​ហើយ ហើយ​នៅ​ក្នុង​យប់​នេះ ទី​សម្គាល់នឹង​លេច​មក ហើយ​ថ្ងៃ​ស្អែក​ឡើង យើង​នឹង​ចុះ​មក​ឯ​លោកិយ ដើម្បី​បង្ហាញ​ដល់​មនុស្ស​លោក​ថា យើង​នឹង​បំពេញ​នូវ​អ្វីៗ​ទាំង​អស់ ដែល​យើង​បាន​បណ្ដា​ល​ឲ្យ​និយាយ​ដោយ​មាត់​នៃ​ពួក​ព្យាការី​បរិសុទ្ធ​របស់​យើង។

១៤មើល​ចុះ យើង​នឹង​មក​ឯ​រាស្ត្រ​យើង ដើម្បី​បំពេញ​នូវ​ការណ៍​ទាំង​អស់​ដែល​យើង​បាន​ប្រាប់​ដល់​កូន​ចៅ​មនុស្ស ចាប់​តាំង​ពី​កំណើត​លោកិយ​មក ហើយ​ដើម្បី​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា — ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា ពី​ព្រោះ​តែ​យើង ហើយ​ព្រះ​ហឫទ័យ​នៃ​ព្រះ​រាជ​បុត្រា ពី​ព្រោះ​តែ​សាច់​របស់​យើង។ ហើយ​មើល​ចុះ ពេល​នោះ​នៅ​ជិត​ដៃ​បង្កើយ ហើយ​យប់​នេះ ទី​សម្គាល់​នឹង​មក​ហើយ។

១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពាក្យ​ដែល​បាន​បន្លឺ​ដល់​នីហ្វៃ ត្រូវ​បាន​បំពេញ​មែន ស្រប​តាម​ពាក្យ​ទាំង​នេះ​ដែល​បាន​និយាយ​មក ត្បិត​មើល​ចុះ នៅ​វេលា​ថ្ងៃ​លិច ក៏​ពុំ​ងងឹត​សោះ ហើយ​ប្រជាជន​បាន​ចាប់​ផ្ដើម​មាន​សេចក្ដី​អស្ចារ្យ ពី​ព្រោះ​ពុំ​មាន​ភាព​ងងឹត​សោះ កាល​ពេល​យប់​មក​ដល់។

១៦ហើយ​មនុស្ស​ជាច្រើន ដែល​ពុំ​បាន​ជឿ​ដល់​ពាក្យ​ពេចន៍​របស់​ព្យាការី បាន​ដួល​ទៅ​លើ​ដី ហើយ​បាន​ក្លាយ​ទៅ​ហាក់​ដូច​ជា​គេ​ស្លាប់ ព្រោះ​គេ​ដឹង​ថា ផែនការ​នៃ​ការ​បំផ្លិចបំផ្លាញ​ដ៏​មហិមា ដែល​គេ​បាន​ដាក់​សម្រាប់​អស់​អ្នក​ណា ដែល​ជឿ​ដល់​ពាក្យ​ពេចន៍​របស់​ព្យាការី ត្រូវ​គ្មាន​ប្រសិទ្ធិ​ភាព ព្រោះ​ទី​សម្គាល់​ដែល​បាន​ឲ្យ​ពីមុន​នោះ​មក​ដល់​ហើយ។

១៧ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​ដឹង​ថា ព្រះ​រាជ​បុត្រា​នៃ​ព្រះ នឹង​លេច​មក​ក្នុង​ពេល​យ៉ាង​ខ្លី មែន​ហើយ សរុប​សេចក្ដី​មក ប្រជាជន​ទាំង​អស់​ដែល​នៅ​លើ​ផែនដី​នេះ ចាប់​ពី​ទិស​ខាង​លិច ទៅ​ដល់​ទិស​ខាង​កើត ទាំង​នៅ​ផ្នែក​ខាង​ជើង និង​ផ្នែក​ខាង​ត្បូង មាន​សេចក្ដី​អស្ចារ្យ​យ៉ាង​ខ្លាំង រហូត​ដល់​គេ​ដួល​ទៅ​លើ​ដី។

១៨ព្រោះ​ពួក​គេ​បាន​ដឹង​ថា ពួក​ព្យាការី​បាន​ធ្វើ​បន្ទាល់​នូវ​រឿង​ទាំង​នេះ​ជាច្រើន​ឆ្នាំ​មក ហើយ​បាន​ដឹង​ថា ទី​សម្គាល់​ដែល​ត្រូវ​បាន​ប្រាប់​មក​នោះ បាន​មក​ដល់​ហើយ ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​ភិតភ័យ ពី​ព្រោះ​មក​ពី​អំពើ​ទុច្ចរិត​របស់​គេ និង​ការ​ឥត​ជំនឿ​របស់​គេ។

១៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពេញ​មួយ​យប់​នោះ គ្មាន​ភាព​ងងឹត​អ្វី​សោះ ប៉ុន្តែ​ភ្លឺ​ដូច​ពេល​កណ្ដាល​ថ្ងៃ​ត្រង់។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អាទិត្យ​ក៏​បាន​រះ​ឡើង​ជា​ថ្មី នៅ​ពេល​ព្រឹក​ជា​ប្រក្រតី ហើយ​ពួក​គេ​បាន​ដឹង​ថា នេះ​គឺជា​ថ្ងៃ​ដែល​ព្រះ​អម្ចាស់​ទ្រង់​ត្រូវ​ប្រសូត ពី​ព្រោះ​មក​ពី​ទី​សម្គាល់​ដែល​បាន​ឲ្យ​មក​ជា​មុន។

២០ហើយ​អ្វីៗ​បាន​កើត​ឡើង មែន​ហើយ គឺ​អ្វីៗ​ទាំង​អស់ គ្រប់​ការណ៍​ទាំង​អស់ ស្រប​តាម​ពាក្យ​ពេចន៍​របស់​ពួក​ព្យាការី។

២១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ផ្កាយ​ថ្មី​មួយ​បាន​រះ​ឡើង ស្រប​តាម​ពាក្យ​ទំនាយ។

២២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ចាប់​តាំង​ពី​ពេល​នោះ​មក ក៏​ចាប់​ផ្ដើម​មាន​ពាក្យ​កុហក​ផ្សព្វផ្សាយ​នៅ​ក្នុង​ចំណោម​ប្រជាជន​ដោយ​អារក្ស​សាតាំង ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​ពួក​គេ​រឹងរូស នៅ​ក្នុង​បំណង​ដើម្បី​កុំ​ឲ្យ​ពួក​គេ​ជឿ​ដល់​ទី​សម្គាល់ និង​ការណ៍​អស្ចារ្យ​ទាំង​ឡាយ​នោះ ដែល​ពួក​គេ​បាន​ឃើញ ប៉ុន្តែ​ទោះ​មាន​ការ​កុហក និង​ការ​បំភាន់​ទាំង​នេះ​ក៏​ដោយ គង់តែ​ប្រជាជន​ភាគច្រើន​បាន​ជឿ ហើយ​បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះ​អម្ចាស់​ដែរ។

២៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នីហ្វៃ​បាន​ចេញ​ទៅ​ក្នុង​ចំណោម​ប្រជាជន និង​មនុស្ស​ជាច្រើន​ទៀត​ផង ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ចំពោះ​ការ​ប្រែចិត្ត នៅ​ក្នុង​នោះ​មាន​ការ​ផ្ដាច់​បាប​ដ៏​មហិមា។ ម្ល៉ោះ​ហើយ ប្រជាជន​បាន​ចាប់​ផ្ដើម​មាន​សន្តិ​ភាព​ជាថ្មី​នៅ​លើ​ដែនដី។

២៤ហើយ​ពុំ​មាន​ការ​ទាស់ទែង​គ្នា​ទៀត​ទេ លើកលែង​តែ​មាន​មនុស្ស​មួយ​ចំនួន​តូច បាន​ចាប់​ផ្ដើម​ផ្សាយ ដើម្បី​ខំ​បញ្ជាក់​តាម​បទ​គម្ពីរ​ទាំង​ឡាយ​ថា ពុំជា​ការ​ចាំបាច់​ត្រូវ​គោរព​តាម​ក្រឹត្យវិន័យ​លោក​ម៉ូសេ​ត​ទៅ​ទៀត​ឡើយ។ ឥឡូវ​នេះ នៅ​ក្នុង​រឿង​នេះ ពួក​គេ​បាន​ភាន់ច្រឡំ ហើយ​ដោយ​ពុំ​យល់​បទគម្ពីរ​ទាំង​ឡាយ​ទេ។

២៥ប៉ុន្តែ​ហេតុការណ៍​បាន​កើត​ឡើង​ថា មិនយូរប៉ុន្មាន ពួក​គេ​បាន​ប្រែចិត្ត​ជឿ ហើយ​ត្រូវ​បាន​បរិវត្ត​អំពី​កំហុស​ដែល​ពួក​គេ​បាន​ធ្វើ ព្រោះ​ត្រូវ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដឹង​ថា ក្រឹត្យវិន័យ​នោះ​ពុំ​ទាន់​បាន​បំពេញ​នៅ​ឡើយ​ទេ ហើយ​ថា វា​នឹង​ត្រូវ​តែ​បាន​បំពេញ​ដោយ​សព្វគ្រប់ មែន​ហើយ ពាក្យ​នោះ​ត្រូវ​បាន​ប្រាប់​ដល់​ពួក​គេ​ថា វា​ត្រូវ​តែ​បាន​បំពេញ មែន​ហើយ ទោះ​ជា​បាំង​ឈើ​មួយ ឬ​ក្បៀស​មួយ ក៏​មិន​ត្រូវ​កន្លង​ចោល​ដែរ រហូត​ដល់​បាន​បំពេញ ហេតុ​ដូច្នេះ​ហើយ នៅ​ក្នុង​ឆ្នាំ​ដដែល​នេះ ពួក​គេ​បាន​ត្រូវ​នាំ​ឲ្យ​ស្គាល់​នូវ​កំហុស​របស់​ខ្លួន ហើយ​បាន​ទទួល​សារ​ភាព​នូវ​កំហុស​របស់​ខ្លួន។

២៦ម្ល៉ោះ​ហើយ ឆ្នាំ​ទី​កៅសិប​ពីរ​បាន​កន្លង​ផុត​ទៅ ដោយ​បាន​នាំ​មក​នូវ​ដំណឹង​ដ៏​រីករាយ​ដល់​ប្រជាជន ពី​ព្រោះ​ទី​សម្គាល់​ទាំង​ឡាយ​បាន​កើត​ឡើង ស្រប​តាម​ពាក្យ​ព្យាករណ៍​ទាំង​ឡាយ​នៃ​ពួក​ព្យាការី​បរិសុទ្ធ​ទាំង​អស់។

២៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឆ្នាំ​ទី​កៅសិប​បី​បាន​កន្លង​ផុត​ទៅ​ដោយ​សន្តិ​ភាព​ដែរ លើកលែង​តែ​មាន​ពួក​ចោរ​កាឌីអានតុន​ដែល​រស់​នៅ​តាម​ភ្នំ បាន​រាតត្បាត​ដល់​ដែនដី ព្រោះ​ជំរំ​ពួក​វា និង​ទីកន្លែង​សម្ងាត់​ទាំង​ឡាយ​របស់​ពួក​វា​មាំមួន​ណាស់ ដែល​ប្រជាជន​ពុំ​អាច​វាយ​បំបែក​បាន​ឡើយ ហេតុ​ដូច្នេះ​ហើយ ពួក​វា​បាន​ប្រព្រឹត្ត​ឃាតកម្ម​ជាច្រើន ហើយ​បាន​ធ្វើ​ការ​កាប់សម្លាប់​យ៉ាង​សម្បើម នៅ​ក្នុង​ចំណោម​ប្រជាជន។

២៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ឆ្នាំ​ទី​កៅសិប​បួន ពួក​វា​បាន​កើន​ចំនួន​យ៉ាង​ច្រើន ពី​ព្រោះ​មាន​មនុស្ស​ជាច្រើន​ដែល​បាន​បែក​ចេញ​ពី​ពួក​សាសន៍​នីហ្វៃ បាន​ភៀស​ខ្លួន​ទៅ​រក​ពួក​វា ដែល​បាន​បណ្ដា​ល​ឲ្យ​មាន​ទុក្ខ​ព្រួយ​ជា​ខ្លាំង​ដល់​ពួក​សាសន៍​នីហ្វៃ​ដែល​នៅ​សល់​ក្នុង​ដែនដី​ទាំង​ប៉ុន្មាន។

២៩ហើយ​មាន​ហេតុ​មួយ ដែល​នាំ​ឲ្យ​មាន​ទុក្ខ​សោក​នៅ​ក្នុង​ចំណោម​ពួក​លេមិន​ផង​ដែរ ត្បិត​មើល​ចុះ ពួក​គេ​មាន​កូន​ចៅ​ជា​ច្រើន​ដែល​ធំ​ឡើង ហើយ​បាន​ចាប់​ផ្ដើម​មាន​វ័យ​ធំ ដែល​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​មាន​គំនិត​ផ្ទាល់​ខ្លួន ហើយ​ត្រូវ​បាន​ដឹកនាំ​ដោយ​ពួក​សាសន៍​សូរាំ​ខ្លះ​ដោយ​ប្រើការ​ភូត​កុហក និង​ពាក្យ​បញ្ជោរ ធ្វើ​ឲ្យ​ពួក​គេ​ចូលរួម​ជាមួយ​ពួក​ចោរ​កាឌីអានតុន។

៣០ម្ល៉ោះ​ហើយ ពួក​សាសន៍​លេមិន​ក៏​ត្រូវ​បាន​រង​ទុក្ខ​វេទនា​ដែរ ហើយ​បាន​ចាប់​ផ្ដើម​បន្ថយ​នូវ​សេចក្ដី​ជំនឿ និង​សេចក្ដី​សុចរិត​របស់​គេ ពី​ព្រោះ​មក​ពី​អំពើ​ទុច្ចរិត​នៃ​ជំនាន់​ដែល​កំពុង​ធំ​ឡើង៕