ព្រះគម្ពីរ
នីហ្វៃ ទី ៣ 19


ជំពូក​ទី ១៩

ពួក​សិស្ស​១២​នាក់​ធ្វើ​ការងារ​បម្រើ​ដល់​ប្រជាជន ហើយ​អធិស្ឋាន​សូម​ព្រះ​វិញ្ញាណ​បរិសុទ្ធ — ពួក​គេ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ការងារ​បម្រើ​ពី​ពួក​ទេវតា — ព្រះ​យេស៊ូវ​ទ្រង់​អធិស្ឋាន​ដោយ​ប្រើ​ពាក្យ​សម្ដី ដែល​មិន​អាច​សរសេរ​ទុក​បាន​ឡើយ — ទ្រង់​បញ្ជាក់​នូវ​សេចក្ដី​ជំនឿ​ដ៏​ធំ​ក្រៃលែង​របស់​ពួក​សាសន៍​នីហ្វៃ​ទាំង​នេះ។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​យេស៊ូវ​ទ្រង់​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌​វិញ​ហើយ នោះ​ហ្វូង​មនុស្ស​ក៏​បែក​ចេញ​ពី​គ្នា ហើយ​គេ​បាន​នាំ​ប្រពន្ធ​របស់​គេ និង​កូន​ចៅ​របស់​គេ​ត្រឡប់​ទៅ​ផ្ទះ​គេ​វិញ​រៀងៗ​ខ្លួន។

ហើយ​រំពេច​នោះ ក៏​មាន​សំឡេង​អ៊ូអរ​ពាសពេញ​ក្នុង​ចំណោម​ប្រជាជន នៅ​មុន​ពេល​ព្រលប់​ថា ហ្វូង​មនុស្ស​បាន​ឃើញ​ព្រះ​យេស៊ូវ ហើយ​ថា​ទ្រង់​បាន​ធ្វើ​ការងារ​បម្រើ​ដល់​ពួក​គេ ហើយ​ថា ទ្រង់​នឹង​បង្ហាញ​រូបអង្គ​ទ្រង់​ដល់​ហ្វូង​មនុស្ស នៅ​ថ្ងៃ​ស្អែក​ទៀត។

មែន​ហើយ នៅ​ពេញ​មួយ​យប់ ចេះតែ​មាន​សំឡេង​អ៊ូអរ​ពាសពេញ​អំពី​ព្រះ​យេស៊ូវ ហើយ​ដរាប​ដល់​បាន​ឮ​ដល់​មនុស្ស​ជាច្រើន មែន​ហើយ មាន​ចំនួន​មនុស្ស​ដ៏​ច្រើន​លើសលប់ បាន​ធ្វើ​ការ​យ៉ាង​ខិតខំ​អស់​មួយ​យប់​ត្រឹម ដើម្បី​ស្អែក​ឡើង គេ​អាច​ទៅ​កាន់​ទីកន្លែង ដែល​ព្រះ​យេស៊ូវ​ទ្រង់​នឹង​បង្ហាញ​រូបអង្គ​ទ្រង់​ដល់​ហ្វូង​មនុស្ស​ទៀត។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លុះ​ដល់​ស្អែក​ឡើង កាល​ហ្វូង​មនុស្ស​បាន​ប្រមូល​គ្នា​មក មើល​ចុះ នីហ្វៃ និង​ប្អូន​របស់​លោក ដែល​លោក​បាន​ប្រោស​ពី​ស្លាប់​មក​វិញ មាន​ឈ្មោះ​ថា ធីម៉ូថេ និង​កូន​ប្រុស​លោក​ផង មាន​ឈ្មោះ​ថា យ៉ូណាស ព្រម​ទាំង​ម៉ាថុណៃ និង​ប្អូន​លោក គឺ​ម៉ាថុណៃហា និង​គូមេន និង​គូមេណុនហៃ និង​យេរេមា និង​សេមណុន និង​យ៉ូណាស និង​សេដេគា និង​អេសាយ — ឥឡូវ​នេះ ពួក​គេ​នេះ​ហើយ​ដែល​ជា​សិស្ស​ដែល​ព្រះ​យេស៊ូវ​ទ្រង់​បាន​រើស — ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ដើរ​ទៅ​ឈរ​នៅ​កណ្ដាល​ចំណោម​ហ្វូង​មនុស្ស។

ហើយ​មើល​ចុះ ហ្វូង​មនុស្ស​មាន​ចំនួន​ច្រើនពេក ទើប​ពួក​គេ​បាន​បញ្ជា​ឲ្យ​បណ្ដា​ជន​បែក​គ្នា​ចេញ​ជា​១២​ក្រុម។

ហើយ​ពួក​១២​នាក់ បាន​បង្រៀន​ហ្វូង​មនុស្ស ហើយ​មើល​ចុះ ពួក​គេ​បាន​បញ្ជា​ឲ្យ​ហ្វូង​មនុស្ស​លុតជង្គង់​ចុះ​ទៅ​លើ​ផ្ទៃ​ផែនដី ហើយ​អធិស្ឋាន​ដល់​ព្រះ​វរបិតា​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ។

ហើយ​ពួក​សិស្ស​ក៏​អធិស្ឋាន​ដល់​ព្រះ​វរបិតា​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ​ដែរ។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ក្រោក​ឡើង ហើយ​បាន​ធ្វើ​ការងារ​បម្រើ​ដល់​ប្រជាជន។

ហើយ​កាល​ពួក​គេ​បាន​ធ្វើ​ការងារ​បម្រើ​នូវ​ពាក្យ​ទាំង​ឡាយ​នោះ ដែល​ព្រះ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​ — គឺ​ពុំ​មាន​ខុស​ពី​ពាក្យ​ដែល​ព្រះ​យេស៊ូវ ទ្រង់​មាន​ព្រះ​បន្ទូល​បន្តិច​សោះឡើយ — មើល​ចុះ គេ​បាន​លុតជង្គង់​ទៀត ហើយ​បាន​អធិស្ឋាន​ដល់​ព្រះ​វរបិតា​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ។

ហើយ​ពួក​គេ​បាន​អធិស្ឋាន​សូម​នូវ​អ្វីៗ ដែល​គេ​ចង់​បាន​បំផុត ហើយ​ពួក​គេ​មាន​ប្រាថ្នា​សូម​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ប្រទាន​ដល់​ពួក​គេ។

១០ហើយ​កាល​ពួក​គេ​បាន​អធិស្ឋាន​ចប់​ហើយ នោះ​ពួក​គេ​បាន​ដើរ​ចុះ​ទៅ​ឯ​មាត់ទឹក ឯ​ហ្វូង​មនុស្ស​ក៏​ដើរ​តាម​ពួក​គេ។

១១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នីហ្វៃ​បាន​ចុះ​ទៅ​ក្នុង​ទឹក ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។

១២ហើយ​លោក​បាន​ងើប​ឡើង​ពី​ទឹក​មក​វិញ ហើយ​ក៏​ចាប់​ផ្ដើម​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក។ ហើយ​លោក​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​អ្នក​អស់​ទាំង​នោះ ដែល​ព្រះ​យេស៊ូវ​ទ្រង់​បាន​រើស។

១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​គេ​ទាំង​អស់​គ្នា​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង​ងើប​ឡើង​ពី​ទឹក​មក​ហើយ នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​យាង​ចុះ​មក​សណ្ឋិត​លើ​គេ ហើយ​ពួក​គេ​បាន​ពោរពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ដោយ​ភ្លើង។

១៤ហើយ​មើល​ចុះ ពួក​គេ​ត្រូវ​បាន​ឡោម​ព័ទ្ធ ហាក់​បី​ដូច​ជា​ដោយ​ភ្លើង ហើយ​ភ្លើង​នោះ​បាន​ចុះ​មក​ពី​ស្ថានសួគ៌ ហើយ​បណ្ដា​ជន​បាន​ឃើញ ហើយ​បាន​ធ្វើ​បន្ទាល់​អំពី​ការណ៍​នេះ ហើយ​ពួក​ទេវតា​បាន​ចុះ​មក​ពី​ស្ថានសួគ៌ ហើយ​បាន​ធ្វើ​ការងារ​បម្រើ​ដល់​ពួក​គេ។

១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​ពួក​ទេវតា​កំពុងតែ​ធ្វើ​ការងារ​បម្រើ​ដល់​ពួក​សិស្ស មើល​ចុះ ព្រះ​យេស៊ូវ ទ្រង់​បាន​យាង​មក​ឈរ​នៅ​ចំ​កណ្ដាល ហើយ​បាន​ធ្វើ​ការងារ​បម្រើ​ដល់​ពួក​គេ។

១៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ហ្វូង​មនុស្ស ហើយ​បាន​បញ្ជា​ឲ្យ​ពួក​គេ​លុតជង្គង់​ចុះ​ទៅ​លើ​ដី​ទៀត ហើយ​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់​លុតជង្គង់​ចុះ​ទៅ​លើ​ដី​ដែរ។

១៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​គេ​ទាំង​អស់​គ្នា​បាន​លុតជង្គង់​ចុះ​ទៅ​លើ​ដី​ហើយ នោះ​ទ្រង់​បាន​បញ្ជា​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់​អធិស្ឋាន។

១៨ហើយ​មើល​ចុះ ពួក​គេ​បាន​ចាប់​ផ្ដើម​អធិស្ឋាន ហើយ​ពួក​គេ​បាន​អធិស្ឋាន​ដល់​ព្រះ​យេស៊ូវ ដោយ​ហៅ​ទ្រង់​ថា ជា​ព្រះ​អម្ចាស់​របស់​គេ និង​ជា​ព្រះ​របស់​ពួក​គេ។

១៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​យេស៊ូវ​ទ្រង់​យាង​ចេញ​ពី​កណ្ដាល​ពួក​គេ ហើយ​បាន​យាង​ទៅ​ឆ្ងាយ​បន្តិច​ពី​ពួក​គេ ក៏​ក្រាប​ចុះ​ទៅ​ដី ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖

២០ព្រះ​វរបិតា​អើយ ទូលបង្គំ​សូម​អរគុណ​ព្រះ​អង្គ ដែល​ទ្រង់​បាន​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដល់​ពួក​អ្នក​ដែល​ទូលបង្គំ​បាន​រើស​ទាំង​នេះ ហើយ​នេះ​គឺ​មក​ពី​ជំនឿ​របស់​ពួក​គេ​ដល់​ទូលបង្គំ ទើប​ទូលបង្គំ​បាន​រើស​ពួក​គេ​ចេញ​ពី​មនុស្ស​លោក​មក។

២១ព្រះ​វរបិតា​អើយ ទូលបង្គំ​សូម​អធិស្ឋាន​ដល់​ព្រះ​អង្គ សូម​ទ្រង់​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដល់​អស់​អ្នក​ណា ដែល​នឹង​ជឿ​ដល់​ពាក្យ​សម្ដី​របស់​ពួក​គេ។

២២ព្រះ​វរបិតា​អើយ ព្រះ​អង្គ​បាន​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដល់​ពួក​គេ ពី​ព្រោះ​ពួក​គេ​បាន​ជឿ​ដល់​ទូលបង្គំ ហើយ​ព្រះ​អង្គ​ទត​ឃើញ​ថា ពួក​គេ​ជឿ​ដល់​ទូលបង្គំ ពី​ព្រោះ​ព្រះ​អង្គ​ឮ​ពួក​គេ ហើយ​ពួក​គេ​អធិស្ឋាន​ដល់​ទូលបង្គំ ហើយ​ពួក​គេ​អធិស្ឋាន​ដល់​ទូលបង្គំ ពី​ព្រោះ​ទូលបង្គំ​នៅ​ជាមួយ​នឹង​ពួក​គេ។

២៣ហើយ​ឥឡូវ​នេះ ឱ​ព្រះ​វរបិតា​អើយ ទូលបង្គំ​សូម​អធិស្ឋាន​ដល់​ព្រះ​អង្គ​សម្រាប់​ពួក​គេ និង​សម្រាប់​អស់​អ្នក​ណា​ដែល​នឹង​ជឿ​ដល់​ពាក្យ​សម្ដី​របស់​ពួក​គេ សូម​ឲ្យ​ពួក​គេ​អាច​ជឿ​ដល់​ទូលបង្គំ ដើម្បី​ទូលបង្គំ​អាច​នៅ​ក្នុង​ពួក​គេ ឱ​ព្រះ​វរបិតា​អើយ ដូច​ជា​ព្រះ​អង្គ​គង់​នៅ​ក្នុង​ទូលបង្គំ ដើម្បី​ឲ្យ​យើង​អាច​ទៅ​ជាមួយ

២៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​យេស៊ូវ​ទ្រង់​បាន​អធិស្ឋាន​ដល់​ព្រះ​វរបិតា​ចប់​ហើយ នោះ​ទ្រង់​បាន​យាង​មក​ឯ​ពួក​សិស្ស​របស់​ទ្រង់ ហើយ​មើល​ចុះ ពួក​គេ​នៅ​តែ​អធិស្ឋាន​គ្មាន​ឈប់​សោះ គឺ​អធិស្ឋាន​ដល់​ទ្រង់ ហើយ​ពួក​គេ​មិន​បាន​បន្ថែម​ពាក្យ​ច្រើន​ឡើយ ត្បិត​ត្រូវ​បាន​ប្រទាន​ដល់​ពួក​គេ​នូវ​អ្វី​ដែល​ពួក​គេ​ត្រូវ​អធិស្ឋាន​ហើយ ហើយ​ពួក​គេ​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ប្រាថ្នា។

២៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​យេស៊ូវ​ទ្រង់​បាន​ប្រទាន​ពរ​ដល់​ពួក​គេ​ក្នុង​កាល​ពួក​គេ​អធិស្ឋាន​ដល់​ទ្រង់ ហើយ​ព្រះ​ភក្ត្រ​របស់​ទ្រង់​បាន​ញញឹម​ទៅ​រក​ពួក​គេ ហើយ​រស្មី​នៃ​ព្រះ​ភក្ត្រ​របស់​ទ្រង់​បាន​ភ្លឺ​ទៅ​លើ​ពួក​គេ ហើយ​មើល​ចុះ ពួក​គេ​មាន​ពណ៌​ស​ដូច​ជា​ព្រះ​ភក្ត្រ និង​ព្រះ​ពស្ត្រ​របស់​ព្រះ​យេស៊ូវ​ដែរ ហើយ​មើល​ចុះ ឯ​សេចក្ដី​ស​នោះ គឺ​ស​ជាង​អ្វីៗ​ទាំង​អស់ មែន​ហើយ គឺ​គ្មាន​អ្វី​នៅ​លើ​ផែនដី​នេះ ដែល​ស​ដូច​ជា​សេចក្ដី​ស​នោះ​ឡើយ។

២៦ហើយ​ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ថា ៖ ចូរ​បន្ត​ការ​អធិស្ឋាន​ចុះ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​គេ​ពុំ​ឈប់​អធិស្ឋាន​ដែរ។

២៧ហើយ​ទ្រង់​បាន​បែរ​ចេញ​ពី​ពួក​គេ​ទៀត ហើយ​បាន​យាង​ទៅ​ឆ្ងាយ​បន្តិច ហើយ​បាន​ក្រាប​ចុះ​ទៅ​ដី ហើយ​ទ្រង់​បាន​អធិស្ឋាន​ដល់​ព្រះ​វរបិតា​ទៀត​ថា ៖

២៨ឱ​ព្រះ​វរបិតា​អើយ ទូលបង្គំ​សូម​អរគុណ​ដល់​ព្រះ​អង្គ ដែល​ទ្រង់​បាន​ញ៉ាំង​ពួក​អ្នក​ដែល​ទូលបង្គំ​បាន​រើស​ឲ្យ​បរិសុទ្ធ ពី​ព្រោះ​មក​ពី​សេចក្ដី​ជំនឿ​របស់​ពួក​គេ ហើយ​ទូលបង្គំ​អធិស្ឋាន​សម្រាប់​ពួក​គេ និង​សម្រាប់​អស់​អ្នក​ណា​ដែល​នឹង​ជឿ​ដល់​ពាក្យ​សម្ដី​របស់​ពួក​គេ សូម​ឲ្យ​ពួក​គេ​បាន​បរិសុទ្ធ​នៅ​ក្នុង​ទូលបង្គំ តាម​រយៈ​សេចក្ដី​ជំនឿ​ជឿ​ដល់​ពាក្យ​សម្ដី​របស់​ពួក​គេ ដូច​ជា​ពួក​គេ​បាន​បរិសុទ្ធ​នៅ​ក្នុង​ទូលបង្គំ​ដែរ។

២៩ឱ​ព្រះ​វរបិតា​អើយ ទូលបង្គំ​ពុំ​អធិស្ឋាន​សម្រាប់​មនុស្ស​លោក​ទេ ប៉ុន្តែ​សម្រាប់​អស់​អ្នក​ណា ដែល​ទ្រង់​បាន​ប្រទាន​ដល់​ទូលបង្គំ​ចេញ​មក​ពី​មនុស្ស​លោក​វិញ ពី​ព្រោះ​មក​ពី​សេចក្ដី​ជំនឿ​របស់​គេ សូម​ឲ្យ​ពួក​គេ​បាន​បរិសុទ្ធ​នៅ​ក្នុង​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​អាច​នៅ​ក្នុង​ពួក​គេ ដូច​ជា​ព្រះ​វរបិតា​គង់នៅ​ក្នុង​ទូលបង្គំ ដើម្បី​ឲ្យ​យើង​អាច​បាន​ទៅ​ជា​មួយ ដើម្បី​ឲ្យ​ទូលបង្គំ​អាច​បាន​រុងរឿង​នៅ​ក្នុង​ពួក​គេ។

៣០ហើយ​កាល​ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​យ៉ាង​នេះ​ហើយ នោះ​ទ្រង់​បាន​យាង​មក​ឯ​ពួក​សិស្ស​របស់​ទ្រង់​វិញ ហើយ​មើល​ចុះ ពួក​គេ​នៅ​តែ​អធិស្ឋាន​ដល់​ព្រះ​អង្គ​យ៉ាង​ខ្ជាប់​ខ្ជួន​គ្មាន​ឈប់​សោះ ហើយ​ទ្រង់​បាន​ញញឹម​ទៅ​រក​ពួក​គេ​ទៀត ហើយ​មើល​ចុះ ពួក​គេ​ស​ដូច​ជា​ព្រះ​យេស៊ូវ​ដែរ។

៣១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទ្រង់​បាន​យាង​ចេញ​ទៅ​ឆ្ងាយ​បន្តិច​ទៀត ហើយ​បាន​អធិស្ឋាន​ដល់​ព្រះ​វរបិតា

៣២ហើយ​គ្មាន​អណ្ដាត​ណា​អាច​ថ្លែង​ប្រាប់​ពាក្យ​ដែល​ទ្រង់​បាន​អធិស្ឋាន ហើយ​គ្មាន​មនុស្ស​ណា​អាច​សរសេរ​នូវ​ពាក្យ​ដែល​ទ្រង់​បាន​អធិស្ឋាន​នោះ​ឡើយ។

៣៣ហើយ​ហ្វូង​មនុស្ស​បាន​ឮ ហើយ​បាន​ធ្វើ​បន្ទាល់ ហើយ​ចិត្ត​គេ​បាន​បើក បណ្ដា​ល​ឲ្យ​គេ​យល់​នៅ​ក្នុង​ចិត្ត​គេ​នូវ​ពាក្យ​ទាំង​ឡាយ​ដែល​ទ្រង់​បាន​អធិស្ឋាន។

៣៤ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពាក្យ​ទាំង​ឡាយ​ដែល​ទ្រង់​អធិស្ឋាន​នោះ​មហិមា ហើយ​អស្ចារ្យ​ណាស់ ដែល​ពួក​គេ​មិន​អាច​កត់​ទុក​បាន​ឡើយ ហើយ​គ្មាន​មនុស្ស​ណា​អាច​ពោល​បាន​ដែរ។

៣៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​យេស៊ូវ​ទ្រង់​បាន​បញ្ចប់​នូវ​ការ​អធិស្ឋាន​ហើយ នោះ​ទ្រង់​បាន​យាង​មក​ឯ​ពួក​សិស្ស​វិញ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ថា ៖ យើង​ពុំ​ដែល​បាន​ឃើញ​សេចក្ដី​ជំនឿ​ដ៏​មហិមា​បែប​នេះ​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា​ឡើយ ហេតុ​ដូច្នោះ​ហើយ បាន​ជា​យើង​ពុំ​អាច​បង្ហាញ​ដល់​ពួក​គេ​នូវ​អព្ភូតហេតុ​ដ៏​មហិមា​យ៉ាង​នេះ​ទេ ពី​ព្រោះ​តែ​ការ​ឥត​ជំនឿ​នៃ​ពួក​គេ។

៣៦យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្មាន​អ្នក​ណាមួយ​ក្នុង​ពួក​គេ ដែល​បាន​ឃើញ​នូវ​ការណ៍​ដ៏​មហិមា​ទាំង​ឡាយ ដូចដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​នោះ​ទេ ហើយ​ពួក​គេ​ក៏​ពុំ​ដែល​បាន​ឮ​នូវ​ការណ៍​ដ៏​មហិមា​ទាំង​ឡាយ ដូចដែល​អ្នក​រាល់​គ្នា​បាន​ឮ​នោះ​ឡើយ៕