ព្រះគម្ពីរ
នីហ្វៃ ទី ៣ 15


ជំពូក​ទី ១៥

ព្រះ​យេស៊ូវ​ប្រកាស​ថា ក្រឹត្យវិន័យ​លោក​ម៉ូសេ ត្រូវ​បាន​បំពេញ​នៅ​ក្នុង​ទ្រង់ — ពួក​សាសន៍​នីហ្វៃ គឺជា​ចៀម​ឯ​ទៀត ដែល​ទ្រង់​មាន​ព្រះ​បន្ទូល​នៅ​ក្រុង​យេរូសាឡិម — ដោយ​មក​ពី​អំពើ​ទុច្ចរិត នោះ​រាស្ត្រ​របស់​ព្រះ​អម្ចាស់​នៅ​ក្រុង​យេរូសាឡិម ពុំ​ស្គាល់​ចៀម​នៃ​អ៊ីស្រាអែល ដែល​ខ្ចាត់​ព្រាត់​នោះ​ទេ។ ប្រមាណ​ជា ឆ្នាំ​៣៤ គ.ស.។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​បន្ទូល​ចប់​ហើយ នោះ​ទ្រង់​ទត​មើល​ជុំវិញ​ហ្វូង​មនុស្ស ហើយ​ក៏​មាន​ព្រះ​បន្ទូល​ថា ៖ មើល​ចុះ អ្នក​រាល់​គ្នា​បាន​ឮ​រឿង​អំបាលម៉ាន​នេះ​ហើយ ដែល​យើង​បាន​បង្រៀន​មុន​ពេល​យើង​ឡើង​ទៅ​ជួប​ព្រះ​វរបិតា​យើង​វិញ ដូច្នេះ​អស់​អ្នក​ណា​ដែល​ចាំ​ពាក្យ​របស់​យើង ហើយ​ប្រព្រឹត្ត​តាម នោះ​យើង​នឹង​ប្រោស​អ្នក​នោះ នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​វិញ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នោះ​ហើយ នោះ​ទ្រង់​ឃើញ​ថា មាន​អ្នក​ខ្លះ​ងឿងឆ្ងល់ មិន​យល់​ថា ទ្រង់​មាន​បំណង​យ៉ាង​ណា​ចំពោះ​ក្រឹត្យវិន័យ​លោក​ម៉ូសេ​នោះ​ទេ ត្បិត​គេ​ពុំ​យល់​ត្រង់​ពាក្យ​ថា ៖ សេចក្ដី​ទាំង​ឡាយ​ពី​បុរាណ បាន​កន្លង​ផុត​ទៅ ហើយ​អ្វីៗ​ទាំង​អស់​បាន​ក្លាយ​ទៅ​ជា​ថ្មី។

នោះ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ថា ៖ ចូរ​កុំ​ងឿងឆ្ងល់​ត្រង់​ពាក្យ​ដែល​យើង​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​ទាំង​ឡាយ​ពី​បុរាណ​បាន​កន្លង​ផុត​ទៅ ហើយ​អ្វីៗ​ទាំង​អស់​បាន​ក្លាយ​ទៅ​ជា​ថ្មី​នោះ​ឡើយ។

មើល​ចុះ យើង​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្រឹត្យវិន័យ​ដែល​បាន​ប្រទាន​ឲ្យ​លោក​ម៉ូសេ នោះ​ត្រូវ​បាន​បំពេញ​សព្វ​គ្រប់​ហើយ។

មើល​ចុះ គឺ​យើង​នេះ​ហើយ​ដែល​បាន​ប្រទាន​ក្រឹត្យវិន័យ​នោះ គឺ​យើង​នេះ​ហើយ​ដែល​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ពួក​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​យើង ដូច្នេះ​ក្រឹត្យវិន័យ​ត្រូវ​បាន​បំពេញ​ដោយ​យើង​ហើយ ត្បិត​យើង​បាន​មក​ដើម្បី​បំពេញ​ក្រឹត្យវិន័យ​នោះ ដូច្នេះ​វា​បាន​ចប់​ហើយ។

មើល​ចុះ យើង​ពុំ​បំផ្លាញ​សេចក្ដី​ព្យាករណ៍​នៃ​ពួក​ព្យាការី​ចោល​ទេ ត្បិត​អ្វី​ក៏​ដោយ ដែល​ពុំ​ទាន់​បាន​បំពេញ​នៅ​ក្នុង​យើង នោះ​យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​ត្រូវ​បាន​បំពេញ​សព្វ​គ្រប់។

ហើយ​ពី​ព្រោះ​យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​ទាំង​ឡាយ​ពី​បុរាណ​បាន​កន្លង​ផុត​ទៅ នោះ​យើង​ពុំ​បំផ្លាញ​នូវ​អ្វីៗ ដែល​បាន​និយាយ​អំពី​រឿង​ក្នុង​ពេល​អនាគត​ទេ។

ត្បិត​មើល​ចុះ សេចក្ដី​សញ្ញា​ដែល​យើង​បាន​ធ្វើ​ជាមួយ​នឹង​រាស្ត្រ​របស់​យើង ពុំ​ទាន់​បាន​បំពេញ​អស់​នៅ​ឡើយ​ទេ ប៉ុន្តែ​ក្រឹត្យវិន័យ​ដែល​បាន​ប្រទាន​ដល់​លោក​ម៉ូសេ នោះ​បាន​ចប់​នៅ​ក្នុង​យើង​ហើយ។

មើល​ចុះ យើង​ជា​ក្រឹត្យវិន័យ ហើយ​ជា​ពន្លឺ។ ចូរ​ផ្ចង់​មក​យើង ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ទើប​អ្នក​រាល់​គ្នា​នឹង​រស់ ត្បិត​យើង​នឹង​ប្រទាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​អ្នក​ណា​ដែល​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត។

១០មើល​ចុះ យើង​បាន​ប្រទាន​បញ្ញត្តិ​ទាំង​ឡាយ​ដល់​អ្នក​រាល់​គ្នា ដូច្នេះ​ចូរ​ធ្វើ​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង។ ហើយ​នេះ​ជា​ក្រឹត្យវិន័យ ហើយ​ជា​សេចក្ដី​ព្យាករណ៍​របស់​ពួក​ព្យាការី ត្បិត​របស់​ទាំង​នោះ​បាន​ធ្វើ​បន្ទាល់​ដ៏​ពិតប្រាកដ​អំពី​យើង។

១១ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នោះ​ហើយ នោះ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ពួក​១២​នាក់ ដែល​ទ្រង់​បាន​រើស​ថា ៖

១២អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​យើង ហើយ​អ្នក​រាល់​គ្នា​ជា​ពន្លឺ​មួយ​ដល់​ប្រជាជន​នេះ ដែល​ជា​សំណល់​នៃ​វង្ស​យ៉ូសែប

១៣ហើយ​មើល​ចុះ នេះ​ជា​ដែនដី​កេរ្តិ៍​អាករ​របស់​អ្នក ហើយ​ព្រះ​វរបិតា ទ្រង់​បាន​ប្រទាន​ដែនដី​នេះ​ដល់​អ្នក​រាល់​គ្នា។

១៤ហើយ​ពុំ​ដែល​មាន​ពេល​ណា​មួយ​ឡើយ ដែល​ព្រះ​វរបិតា​ទ្រង់​បាន​បញ្ជា​យើង​ឲ្យ​ប្រាប់​រឿង​នេះ​ដល់​បងប្អូន​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ឯ​ក្រុង​យេរូសាឡិម។

១៥ហើយ​ក៏​ពុំ​ដែល​មាន​ពេល​ណា​មួយ​ដែរ ដែល​ព្រះ​វរបិតា​ទ្រង់​បាន​បញ្ជា​យើង​ឲ្យ​ប្រាប់​ពួក​គេ​អំពី​ពូជ​អំបូរ​ផ្សេងៗ​នៃ​វង្ស​អ៊ីស្រាអែល ដែល​ព្រះ​វរបិតា​ទ្រង់​បាន​នាំ​ចេញ​ពី​ដែនដី​នោះ​ទៅ។

១៦ព្រះ​វរបិតា​ទ្រង់​បាន​បញ្ជា​យើង​ឲ្យ​ប្រាប់​ទៅ​ពួក​គេ​តែ​ប៉ុណ្ណេះ​ថា ៖

១៧យើង​ក៏​មាន​ចៀម​ឯ​ទៀត ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​នៅ​ឡើយ យើង​ត្រូវ​តែនាំ​ចៀម​ទាំង​នោះ​មក​ដែរ វា​នឹង​ស្ដាប់​តាម​សំឡេង​របស់​យើង នោះ​នឹង​មាន​ក្រោល​តែមួយ និង​អ្នក​គង្វាល​តែមួយ​វិញ។​

១៨ហើយ​ឥឡូវ​នេះ មក​ពី​ការ​រឹងទទឹង និង​ការ​ឥត​ជំនឿ នោះ​ពួក​គេ​ពុំ​យល់​ពាក្យ​របស់​យើង​សោះ ដូច្នេះ​យើង​បាន​ទទួល​បញ្ជា​ពី​ព្រះ​វរបិតា មិន​ឲ្យ​និយាយ​ប្រាប់​ពួក​គេ​អំពី​រឿង​នេះ​ទៀត​ទេ។

១៩ប៉ុន្តែ​យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ព្រះ​វរបិតា​ទ្រង់​បាន​បញ្ជា​ដល់​យើង ហើយ​យើង​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​ត្រូវ​បែក​ពី​ពួក​គេ ពី​ព្រោះ​មក​ពី​សេចក្ដី​ទុច្ចរិត​របស់​គេ ដូច្នេះ គឺ​មក​ពី​សេចក្ដី​ទុច្ចរិត​របស់​ពួក​គេ ទើប​គេ​ពុំ​បាន​ដឹង​អំពី​អ្នក​រាល់​គ្នា។

២០ហើយ​យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ទៀត​ថា ពូជ​អំបូរ​ឯ​ទៀត ក៏​ត្រូវ​ព្រះ​វរបិតា ទ្រង់​បំបែក​ចេញ​ពី​ពួក​គេ​ដែរ ហើយ​ដោយ​មក​ពី​សេចក្ដី​ទុច្ចរិត​របស់​ពួក​គេ ទើប​ពួក​គេ​ពុំ​បាន​ដឹង​អំពី​ពូជ​អំបូរ​ទាំង​នោះ។

២១យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​គឺជា​ពួក​អ្នក​ដែល​យើង​បាន​និយាយ​ថា ៖ យើង​ក៏​មាន​ចៀម​ឯ​ទៀត​ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​នៅ​ឡើយ យើងត្រូវ​តែ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ ហើយ​វា​នឹង​ស្ដាប់​តាម​សំឡេង​យើង នោះ​នឹង​មាន​ក្រោល​តែមួយ និង​អ្នក​គង្វាល​តែមួយ​វិញ។​

២២ហើយ​ពួក​គេ​ពុំ​បាន​យល់​សេចក្ដី​របស់​យើង​សោះ ត្បិត​ពួក​គេ​បាន​គិត​ស្មាន​ថា យើង​និយាយ​អំពី​ពួក​សាសន៍​ដទៃ ត្បិត​ពួក​គេ​ពុំ​យល់​ថា ពួក​សាសន៍​ដទៃ​នឹង​ត្រូវ​បាន​ប្រែចិត្ត​ជឿ តាម​រយៈ​ការ​ផ្សាយ​របស់​គេ។

២៣ហើយ​ពួក​គេ​ពុំ​បាន​យល់​សេចក្ដី​របស់​យើង កាល​យើង​និយាយ​ថា ពួក​គេ​នឹង​ស្ដាប់​តាម​សំឡេង​យើង ហើយ​ពួក​គេ​ពុំ​យល់​សេចក្ដី​របស់​យើង កាល​យើង​និយាយ​ថា ពួក​សាសន៍​ដទៃ​នឹង​ពុំ​ឮ​សំឡេង​របស់​យើង​ទាល់តែសោះ — គឺ​យើង​នឹង​ពុំ​សម្ដែង​ខ្លួន​ឲ្យ​ពួក​សាសន៍​ដទៃ​ឃើញ​ទេ លើក​លែង​តែ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ។

២៤ប៉ុន្តែ​មើល​ចុះ អ្នក​រាល់​គ្នា​បាន​ស្ដាប់​តាម​សំឡេង​យើង ហើយ​បាន​ឃើញ​យើង​ផង ហើយ​អ្នក​រាល់​គ្នា គឺជា​ចៀម​របស់​យើង ហើយ​អ្នក​រាល់​គ្នា​ត្រូវ​បាន​រាប់​ក្នុង​ចំណោម​មនុស្ស ដែល​ព្រះ​វរបិតា​ទ្រង់​បាន​ប្រទាន​ដល់​យើង៕