ជំពូកទី ៥
ពួកសាសន៍នីហ្វៃបែកចេញពីពួកសាសន៍លេមិន, កាន់តាមក្រឹត្យវិន័យលោកម៉ូសេ, ហើយសាងព្រះវិហារ — មកពីការឥតជំនឿរបស់ពួកគេ នោះពួកសាសន៍លេមិនបានត្រូវកាត់ចេញពីវត្តមាននៃព្រះអម្ចាស់ ត្រូវបណ្ដាសា ហើយក្លាយទៅជារំពាត់ចំពោះពួកសាសន៍នីហ្វៃ។ ប្រមាណជាឆ្នាំ ៥៨៨–៥៥៩ ម.គ.ស.។
១មើលចុះ ហេតុការណ៍បានកើតឡើងថា ខ្ញុំ នីហ្វៃ បានស្រែកអំពាវនាវជាយូរដល់ព្រះអម្ចាស់ដ៏ជាព្រះរបស់ខ្ញុំ ពីព្រោះតែកំហឹងរបស់បងៗខ្ញុំ។
២ប៉ុន្តែមើលចុះ កំហឹងរបស់ពួកគេចេះតែមានខ្លាំងឡើងមកលើខ្ញុំ ដរាបដល់ពួកគេបានព្យាយាមចង់យកជីវិតខ្ញុំទៅទៀត។
៣មែនហើយ ពួកគេបានរអ៊ូរទាំទាស់នឹងខ្ញុំ ដោយថា ៖ ប្អូនប្រុសរបស់យើងគិតថា វានឹងត្រួតត្រាលើយើង ហើយយើងបានទទួលការលំបាកជាច្រើនក៏ដោយសារតែវា ហេតុដូច្នោះហើយ ឥឡូវនេះ ចូរយើងសម្លាប់វាចោលទៅ ដើម្បីកុំឲ្យយើងអាចត្រូវរងទុក្ខលំបាកថែមទៀត ដោយសារសម្ដីរបស់វា។ ត្បិតមើលចុះ យើងមិនព្រមឲ្យវាធ្វើជាអ្នកត្រួតត្រាលើយើងឡើយ ត្បិតគឺយើងទេតើ ដែលជាបងប្រុស ត្រូវមានភារៈត្រួតត្រាលើប្រជាជននេះ។
៤ឥឡូវនេះ ខ្ញុំមិនសរសេរនៅលើផ្ទាំងទាំងនេះនូវពាក្យទាំងអស់ដែលពួកគេរអ៊ូរទាំទាស់នឹងខ្ញុំទេ។ ប៉ុន្តែល្មមឲ្យខ្ញុំគ្រាន់តែនិយាយថា ពួកគេបានព្យាយាមចង់យកជីវិតខ្ញុំ។
៥ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់បានព្រមានខ្ញុំថា ខ្ញុំ នីហ្វៃ ត្រូវតែចេញពីពួកគេ ហើយរត់ភៀសខ្លួនទៅក្នុងទីរហោស្ថាន ហើយនឹងអស់អ្នកណាដែលចង់ទៅជាមួយនឹងខ្ញុំ។
៦ហេតុដូច្នោះហើយ ហេតុការណ៍បានកើតឡើងថា ខ្ញុំ នីហ្វៃ បាននាំយកគ្រួសារខ្ញុំ ព្រមទាំងសូរាំ និងគ្រួសារលោក និងសាំ ដែលជាបងប្រុសខ្ញុំ ព្រមទាំងគ្រួសារលោក និងយ៉ាកុប និងយ៉ូសែបដែលជាប្អូនប្រុសខ្ញុំ ហើយព្រមទាំងបងស្រីទាំងឡាយរបស់ខ្ញុំផង និងអស់អ្នកណាដែលចង់ទៅជាមួយនឹងខ្ញុំ។ ហើយអស់ទាំងអ្នកដែលចង់ទៅជាមួយនឹងខ្ញុំ សុទ្ធតែជាពួកដែលជឿនូវសេចក្ដីព្រមានទាំងឡាយ និងវិវរណៈទាំងឡាយរបស់ព្រះ ហេតុដូច្នោះហើយ ពួកគេបានប្រុងស្ដាប់តាមពាក្យសម្ដីរបស់ខ្ញុំ។
៧ហើយយើងបានយកត្រសាលទាំងឡាយរបស់យើង និងរបស់ណាដែលយើងអាចយកបាន ហើយបានធ្វើដំណើរចូលទីរហោស្ថានអស់រយៈពេលជាច្រើនថ្ងៃ។ ហើយបន្ទាប់ពីបានធ្វើដំណើរអស់ជាច្រើនថ្ងៃ នោះយើងក៏បានបោះត្រសាលទាំងឡាយរបស់យើង។
៨ហើយប្រជាជនខ្ញុំ ចង់ឲ្យយើងហៅទីនោះថា នីហ្វៃ ហេតុដូច្នោះហើយ យើងហៅទីនោះថា នីហ្វៃ។
៩ហើយអស់អ្នកណាដែលមកជាមួយនឹងខ្ញុំ បានហៅខ្លួនថា ប្រជាជននីហ្វៃ។
១០ហើយយើងប្រតិបត្តិតាមសេចក្ដីយុត្តិធម៌ទាំងឡាយ និងក្រឹត្យក្រមទាំងឡាយ និងព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ចំពោះការណ៍ទាំងអស់ ស្របតាមក្រឹត្យវិន័យលោកម៉ូសេ។
១១ហើយព្រះអម្ចាស់ទ្រង់គង់នៅជាមួយនឹងយើង ហើយយើងបានចម្រើនឡើងដ៏លើសលប់ ត្បិតយើងបានព្រោះគ្រាប់ពូជ ហើយយើងច្រូតកាត់បានជាបរិបូរទៀត។ ហើយយើងចាប់ផ្ដើមចិញ្ចឹមចៀមទាំងហ្វូង និងគោទាំងក្រោល ហើយនឹងសត្វគ្រប់ប្រភេទ។
១២ហើយខ្ញុំ នីហ្វៃ ក៏បានយកបញ្ជីទាំងឡាយមកផងដែរ ដែលបានឆ្លាក់នៅលើផ្ទាំងលង្ហិន ហើយព្រមទាំងវត្ថុមូល ឬត្រីវិស័យ ដែលត្រូវបានរៀបចំឡើងសម្រាប់ឪពុកខ្ញុំ ដោយព្រះហស្តនៃព្រះអម្ចាស់ ស្របតាមអ្វីដែលបានសរសេរទុក។
១៣ហើយហេតុការណ៍បានកើតឡើងថា យើងក៏ចាប់ផ្ដើមចម្រើនឡើងដ៏លើសលប់ ហើយកើនចំនួនឡើងនៅលើដែនដីនេះ។
១៤ហើយខ្ញុំ នីហ្វៃ បានយកដាវរបស់ឡាបាន់ ធ្វើជាគំរូដើម្បីធ្វើដាវជាច្រើនទៀត ក្រែងតាមមធ្យោបាយណាមួយ ប្រជាជនដែលឥឡូវនេះហៅថា សាសន៍លេមិន នឹងគាបសង្កត់មកលើយើង ហើយបំផ្លាញពួកយើងចោល ត្បិតខ្ញុំដឹងអំពីសំអប់របស់គេ ដែលគេមានចំពោះខ្ញុំ និងកូនចៅខ្ញុំ និងអស់អ្នកណាដែលហៅថា ប្រជាជនខ្ញុំ។
១៥ហើយខ្ញុំបានបង្រៀនប្រជាជនខ្ញុំឲ្យសាងអគារទាំងឡាយ ហើយឲ្យធ្វើរបស់របរគ្រប់បែបយ៉ាងពីឈើ និងពីដែក និងពីស្ពាន់ និងពីលង្ហិន និងពីដែកថែប និងពីមាស និងពីប្រាក់ និងពីលោហធាតុដ៏មានតម្លៃឯទៀត ដែលមានដ៏បរិបូរ។
១៦ហើយខ្ញុំ នីហ្វៃ បានសាងព្រះវិហារបរិសុទ្ធមួយ ហើយខ្ញុំបានសង់ព្រះវិហារបរិសុទ្ធនេះ តាមរបៀបព្រះវិហារបរិសុទ្ធរបស់សាឡូម៉ូន លើកលែងតែព្រះវិហារបរិសុទ្ធនេះពុំបានសាងដោយសម្ភារៈដ៏មានតម្លៃជាច្រើនទេ ត្បិតរបស់ទាំងនោះពុំអាចរកបាននៅលើដីនេះឡើយ ហេតុដូច្នោះហើយ ព្រះវិហារបរិសុទ្ធនេះមិនអាចសង់ឲ្យដូចព្រះវិហារបរិសុទ្ធរបស់សាឡូម៉ូនបានទេ។ ក៏ប៉ុន្តែឯរបៀបសង់វិញនោះដូចគ្នានឹងព្រះវិហារបរិសុទ្ធរបស់សាឡូម៉ូន ឯក្បូរក្បាច់នៃព្រះវិហារបរិសុទ្ធនេះល្អវិចិត្រក្រៃលែង។
១៧ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំ នីហ្វៃ បាននាំប្រជាជនខ្ញុំឲ្យមានចិត្តឧស្សាហ៍ ហើយឲ្យធ្វើការដោយដៃរបស់ខ្លួន។
១៨ហើយហេតុការណ៍បានកើតឡើងថា ពួកគេចង់ឲ្យខ្ញុំធ្វើជាស្ដេចរបស់ពួកគេ។ ប៉ុន្តែខ្ញុំ នីហ្វៃ មានប្រាថ្នាថា ពួកគេពុំគួរមានស្ដេចទេ ទោះជាយ៉ាងនេះក៏ដោយ គង់តែខ្ញុំបានធ្វើអ្វីៗដើម្បីពួកគេ ស្របតាមអំណាចដែលខ្ញុំមាន។
១៩ហើយមើលចុះ ព្រះបន្ទូលទាំងឡាយនៃព្រះអម្ចាស់ត្រូវបានបំពេញចំពោះបងៗខ្ញុំ ដែលទ្រង់មានព្រះបន្ទូលអំពីពួកគេថា ខ្ញុំត្រូវធ្វើជាអ្នកត្រួតត្រារបស់ពួកគេ ហើយជាគ្រូបង្រៀនរបស់ពួកគេ។ ម្ល៉ោះហើយ ខ្ញុំបានធ្វើជាអ្នកត្រួតត្រារបស់ពួកគេ ហើយជាគ្រូបង្រៀនរបស់គេ ស្របតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ រហូតដល់ពេលដែលពួកគេបានព្យាយាមចង់យកជីវិតខ្ញុំ។
២០ហេតុដូច្នោះហើយ ព្រះបន្ទូលនៃព្រះអម្ចាស់ក៏បានបំពេញ ដែលទ្រង់មានព្រះបន្ទូលមកខ្ញុំដោយមានព្រះបន្ទូលថា ៖ ដរាបណា ពួកគេមិនប្រុងស្ដាប់តាមសម្ដីរបស់អ្នកទេ នោះពួកគេនឹងត្រូវបានកាត់ចេញពីវត្តមាននៃព្រះអម្ចាស់ ហើយមើលចុះ ពួកគេត្រូវបានកាត់ចេញពីវត្តមានរបស់ទ្រង់មែន។
២១ហើយទ្រង់បានធ្វើឲ្យបណ្ដាសាធ្លាក់មកលើពួកគេ មែនហើយ គឺជាបណ្ដាសាដ៏ក្ដៅ ដោយព្រោះសេចក្ដីទុច្ចរិតរបស់គេ។ ត្បិតមើលចុះ ពួកគេបានមានចិត្តរឹងរូសទាស់នឹងព្រះអង្គ ដែលពួកគេបានក្លាយទៅជារឹងដូចថ្មដែកភ្លើង ហេតុដូច្នោះហើយ មកពីពួកគេមានសម្បុរស ហើយស្រស់ល្អដ៏លើសលប់ ហើយដ៏គួរឲ្យចូលចិត្ត នោះព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានធ្វើឲ្យពួកគេមានស្បែកក្រមៅ ដើម្បីកុំឲ្យពួកគេអាចមកល្បួងប្រជាជនខ្ញុំបានឡើយ។
២២ហើយព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ យើងនឹងធ្វើឲ្យពួកគេក្លាយទៅជារាស្ត្រដ៏គួរឲ្យស្អប់ចំពោះរាស្ត្រអ្នក លើកលែងតែពួកគេប្រែចិត្តពីសេចក្ដីទុច្ចរិតទាំងឡាយរបស់គេ។
២៣ហើយត្រូវបណ្ដាសាហើយដល់ពូជណាដែលមកលាយឡំជាមួយនឹងពូជរបស់ពួកគេ ត្បិតពួកគេនឹងត្រូវបណ្ដាសា ដូចជាបណ្ដាសានោះដែរ។ ហើយព្រះអម្ចាស់ទ្រង់មានបន្ទូលដូច្នោះ ហើយព្រះបន្ទូលនោះបានសម្រេចមែន។
២៤ហើយដោយមកពីបណ្ដាសាដែលដាក់លើពួកគេ នោះពួកគេបានក្លាយទៅជាប្រជាជនមួយដ៏ខ្ជិលច្រអូស ពោរពេញទៅដោយល្បិចកិច្ចកល ហើយបានស្វែងរកសត្វព្រៃធ្វើជាអាហារនៅក្នុងទីរហោស្ថាន។
២៥ហើយព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ៖ ពួកគេនឹងទៅជារំពាត់មួយដល់ពូជអ្នក ដើម្បីដាស់រំជួលពូជអ្នកឲ្យនឹកចាំដល់យើង ហើយដរាបណាគេមិននឹកចាំដល់យើង ហើយមិនប្រុងស្ដាប់តាមពាក្យទាំងឡាយរបស់យើងទេ នោះពួកគេនឹងវាយពូជអ្នក រហូតដល់សេចក្ដីបំផ្លិចបំផ្លាញចោល។
២៦ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំ នីហ្វៃ បានតែងតាំងយ៉ាកុប និងយ៉ូសែប ដើម្បីឲ្យពួកគេធ្វើជាពួកសង្ឃ ហើយជាពួកគ្រូបង្រៀននៅលើដែនដីនៃប្រជាជនខ្ញុំ។
២៧ហើយហេតុការណ៍បានកើតឡើងថា ពួកយើងបានរស់នៅតាមរបៀបនៃសុភមង្គល។
២៨ហើយរយៈពេលសាមសិបឆ្នាំបានកន្លងផុតទៅ ចាប់តាំងពីពេលដែលយើងចាកចេញពីក្រុងយេរូសាឡិមមក។
២៩ហើយខ្ញុំ នីហ្វៃ បានកត់បញ្ជីទាំងឡាយនៅលើផ្ទាំងរបស់ខ្ញុំ ដែលខ្ញុំបានធ្វើ គឺអំពីប្រជាជនខ្ញុំ រហូតមកដល់ពេលនេះ។
៣០ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ៖ ចូរធ្វើផ្ទាំងផ្សេងទៀត ហើយអ្នកត្រូវឆ្លាក់ការណ៍ជាច្រើននៅលើផ្ទាំងនោះ ដែលឃើញថាល្អនៅចំពោះភ្នែកយើង ដើម្បីជាប្រយោជន៍ដល់រាស្ត្ររបស់អ្នក។
៣១ហេតុដូច្នោះហើយ ខ្ញុំ នីហ្វៃ ដោយចង់គោរពតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ ក៏បានទៅធ្វើផ្ទាំងទាំងនេះ ដែលខ្ញុំបានឆ្លាក់ការណ៍អស់ទាំងនេះ។
៣២ហើយខ្ញុំឆ្លាក់អ្វីដែលសព្វព្រះហឫទ័យព្រះ។ ហើយបើសិនជាប្រជាជនខ្ញុំគាប់ចិត្តនឹងការណ៍ទាំងឡាយរបស់ព្រះ នោះពួកគេក៏នឹងគាប់ចិត្តនឹងការឆ្លាក់ត្រាទាំងឡាយរបស់ខ្ញុំ ដែលខ្ញុំបានឆ្លាក់នៅលើផ្ទាំងទាំងនេះដែរ។
៣៣ហើយបើសិនជាប្រជាជនរបស់ខ្ញុំប្រាថ្នាចង់ដឹងអំពីប្រវត្តិនៃប្រជាជនខ្ញុំឲ្យបានល្អិតល្អន់ជាងនេះ នោះពួកគេត្រូវពិចារណាមើលផ្ទាំងរបស់ខ្ញុំផ្សេងៗទៀត។
៣៤ហើយល្មមឲ្យខ្ញុំគ្រាន់តែនិយាយថា សែសិបឆ្នាំបានកន្លងផុតទៅ ហើយយើងបានមានសង្គ្រាមទាំងឡាយ និងការទាស់ទែងគ្នាទាំងឡាយជាមួយនឹងបងប្អូនយើងទៅហើយ ៕