ព្រះគម្ពីរ
នីហ្វៃ ទី ២ 30


ជំពូក​ទី ៣០

ពួក​សាសន៍​ដទៃ​ដែល​បាន​ប្រែចិត្ត នឹង​ត្រូវ​បាន​រាប់​បញ្ចូល​នឹង​រាស្ត្រ​នៅ​ក្នុង​សេចក្ដី​សញ្ញា — ពួក​សាសន៍​លេមិន និង​ពួក​សាសន៍​យូដា​ជាច្រើន នឹង​ជឿ​ដល់​ព្រះ​បន្ទូល ហើយ​ក្លាយ​ទៅ​ជា​សាសន៍​ដែល​គួរសម ហើយ​គួរ​ឲ្យ​ចូលចិត្ត — សាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​បាន​សាង​ឡើងវិញ ឯ​ពួក​ទុច្ចរិត​នឹង​ត្រូវ​បំផ្លាញ​ចោល។ ប្រមាណ​ជា​ឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។

ហើយ​ឥឡូវ​នេះ មើល​ចុះ ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​ចង់​និយាយ​ទៅ​រក​អ្នក​រាល់​គ្នា ត្បិត​ខ្ញុំ នីហ្វៃ មិន​ទ្រាំ​ឲ្យ​អ្នក​រាល់​គ្នា​គិត​ស្មាន​ថា ខ្លួន​សុចរិត​ជាង​ពួក​សាសន៍​ដទៃ​នោះ​ឡើយ។ ត្បិត​មើល​ចុះ លើក​លែង​តែ​អ្នក​រាល់​គ្នា​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​វិនាស​ទៅ​ដែរ ហើយ​ពី​ព្រោះ​តែ​ព្រះ​បន្ទូល​ដែល​បាន​ចែង​មក​ពី​មុន នោះ​ចូរ​អ្នក​រាល់​គ្នា​កុំ​គិត​ស្មាន​ថា ពួក​សាសន៍​ដទៃ​ត្រូវ​បំផ្លាញ​សាបសូន្យ​អស់​ឡើយ។

ត្បិត​មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អស់​សាសន៍​ដទៃ​ណា​ដែល​នឹង​ប្រែចិត្ត នោះ​ពួក​គេ​នឹង​បាន​ទៅ​ជា​រាស្ត្រ​នៅ​ក្នុង​សេចក្ដី​សញ្ញា​នៃ​ព្រះ​អម្ចាស់​ដែរ រីឯ​អស់​សាសន៍​យូដា​ណា​ដែល​នឹង​មិន​ប្រែចិត្ត នោះ​ពួក​គេ​នឹង​ត្រូវ​បោះបង់​ចោល ត្បិត​ព្រះ​អម្ចាស់​ទ្រង់​មិន​ធ្វើ​សេចក្ដី​សញ្ញា​នឹង​អ្នក​ណា​ទេ លើក​លែង​តែ​ជាមួយ​អ្នក​ណា​ដែល​ប្រែចិត្ត ហើយ​ជឿ​ដល់​ព្រះ​រាជ​បុត្រា​ទ្រង់ គឺជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល។

ហើយ​ឥឡូវ​នេះ ខ្ញុំ​ចង់​ព្យាករ​បន្តិច​ទៀត​អំពី​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ដទៃ។ ត្បិត​បន្ទាប់ពី​គម្ពីរ​ដែល​ខ្ញុំ​បាន​និយាយ​នោះ​ចេញ​មក ហើយ​ត្រូវ​នឹង​បាន​សរសេរ​ដល់​ពួក​សាសន៍​ដទៃ ហើយ​បាន​បិទ​ត្រា​ថ្វាយ​ដល់​ព្រះ​អម្ចាស់​ទៀត នោះ​នឹង​មាន​មនុស្ស​ជាច្រើន ដែល​នឹង​ជឿ​ដល់​ព្រះ​បន្ទូល​ទាំង​ឡាយ ដែល​បាន​សរសេរ​ទុក ហើយ​ពួក​គេ​នឹង​នាំ​យក​ព្រះ​បន្ទូល​ទាំង​នេះ​ទៅ​ដល់​សំណល់​នៃ​ពូជ​យើង។

ហើយ​ពេល​នោះ សំណល់​នៃ​ពូជ​យើង​នឹង​ដឹង​អំពី​យើង ពី​ដំណើរ​ដែល​យើង​ចេញ​ពី​ក្រុង​យេរូសាឡិម​មក​យ៉ាង​ណា ហើយ​នឹង​ដឹង​ថា ពួក​គេ​ជា​ពូជ​ពង្ស​នៃ​ពួក​សាសន៍​យូដា។

ហើយ​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នឹង​ត្រូវ​បាន​ប្រកាស​ប្រាប់​ក្នុង​ចំណោម​ពួក​គេ ហេតុ​ដូច្នោះ​ហើយ ពួក​គេ​នឹង​បាន​ស្គាល់​ពួក​អយ្យកោ​របស់​ពួក​គេ​ឡើងវិញ ហើយ​ក៏​នឹង​បាន​ស្គាល់​ព្រះ​យេស៊ូវ​គ្រីស្ទ ដូចដែល​បាន​ស្គាល់​នៅ​ក្នុង​ចំណោម​ពួក​អយ្យកោ​របស់​ពួក​គេ​ដែរ។

ហើយ​ពេល​នោះ ពួក​គេ​នឹង​មាន​អំណរ​អរ ត្បិត​ពួក​គេ​នឹង​ដឹង​ថា នោះ​ជា​ព្រះ​ពរ​ដល់​ពួក​គេ មក​ពី​ព្រះ​ហស្ត​នៃ​ព្រះ ហើយ​ស្រកា​នៃ​សេចក្ដី​ងងឹត​នឹង​ចាប់​ផ្ដើម​ជ្រុះ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​តំណ​ជាច្រើន​នឹង​មិន​ស្លាប់​នៅ​ក្នុង​ចំណោម​ពួក​គេ​ឡើយ លើក​លែង​តែ​ពួក​គេ​ទៅ​ជា​រាស្ត្រ​មួយ​ដ៏​សុចរិត ហើយ​គួរ​ឲ្យ​ចូលចិត្ត។

ហើយ​ហេតុការណ៍​នឹង​កើតឡើង​ថា ពួក​សាសន៍​យូដា​ដែល​ត្រូវ​ខ្ចាត់​ព្រាត់ ក៏​នឹង​ចាប់​ផ្ដើម​ជឿ​ដល់​ព្រះ​គ្រីស្ទ​ដែរ ហើយ​ពួក​គេ​នឹង​ចាប់​ផ្ដើម​ប្រមូល​គ្នា​មក​នៅ​ពាសពេញ​លើ​ដែនដី ហើយ​អស់​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​គ្រីស្ទ នោះ​ក៏​នឹង​ក្លាយ​ទៅ​ជា​ប្រជាជន​ដ៏​គួរ​ឲ្យ​ចូល​ចិត្ត​ដែរ។

ហើយ​ហេតុការណ៍​នឹង​កើតឡើង​ថា ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ចាប់​ផ្ដើម​កិច្ចការ​របស់​ទ្រង់​នៅ​ក្នុង​ចំណោម​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន ដើម្បី​នាំ​មក​នូវ​ការ​សាង​ឡើងវិញ នៃ​ប្រជារាស្ត្រ​ទ្រង់​នៅ​លើ​ផែនដី។

ហើយ​ព្រះ​អម្ចាស់​ទ្រង់​នឹង​ជំនុំ​ជំរះ​ពួក​ទាល់ក្រ​ដោយ​សេចក្ដី​សុចរិត ហើយ​សម្រេច​ក្ដី​ឲ្យ​មនុស្ស​ស្លូតបូត​នៅ​ផែនដី​ដោយ​សេចក្ដី​ទៀង​ត្រង់។ ហើយ​ទ្រង់​នឹង​វាយ​ផែនដី​ដោយ​រំពាត់​នៃ​ព្រះ​ឱស្ឋ​ទ្រង់ ហើយ​ទ្រង់​នឹង​សម្លាប់​ពួក​ទុច្ចរិត ដោយ​ខ្យល់​ដង្ហើម​ពី​បបូរមាត់​ទ្រង់។

១០ពេល​នោះ​នឹង​មក​ដល់​យ៉ាង​រហ័ស គឺ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​ដ៏​ធំ​នៅ​ក្នុង​ចំណោម​ប្រជាជន ហើយ​ទ្រង់​នឹង​បំផ្លាញ​ពួក​ទុច្ចរិត​ចោល ហើយ​ទ្រង់​នឹង​ប្រណី​ដល់​រាស្ត្រ​ទ្រង់ មែន​ហើយ ទោះ​ជា​ទ្រង់​ត្រូវ​បំផ្លាញ​ពួក​ទុច្ចរិត​ដោយ​ភ្លើង​ក៏​ដោយ។

១១ហើយ​សេចក្ដី​សុចរិត​នឹង​បាន​ទៅ​ជា​ខ្សែក្រវាត់​ទ្រង់ ហើយ​សេចក្ដី​ស្មោះត្រង់​ជា​ខ្សែក្រវាត់​កម្លាំង​ទ្រង់។

១២ហើយ​ពេល​នោះ ឆ្កែព្រៃ​នឹង​នៅ​ជាមួយ​នឹង​កូន​ចៀម ឯ​ខ្លារខិន​នឹង​ដេក​នៅ​ជាមួយ​នឹង​កូន​ពពែ ឯ​កូន​គោ​ជាមួយ​នឹង​សិង្ហ​ស្ទាវ ព្រម​ទាំង​សត្វ​បំប៉ន​យ៉ាង​ធាត់​នឹង​នៅ​ជាមួយ​គ្នា ហើយ​កូន​ក្មេង​តូចៗ​ជា​អ្នក​គង្វាល​វា។

១៣ហើយ​គោ​ញី និង​ខ្លាឃ្មុំ​នឹង​រកស៊ី​ជាមួយ​គ្នា ហើយ​កូន​វា​នឹង​ដេក​ជាមួយ​គ្នា​ដែរ ឯ​សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​គោ​វិញ។

១៤ហើយ​កូន​មនុស្ស​ដែល​នៅ​បៅ​នឹង​លេង​នៅ​ត្រង់​មាត់​រន្ធ​ពស់​ហនុមាន ហើយ​ក្មេង​លែង​ដោះ នឹង​លូកដៃ​ចូល​ទៅ​ក្នុង​រូង​ពស់វែក​បាន។

១៥វា​រាល់​គ្នា​នឹង​មិន​ធ្វើ​ទុក្ខ​ឬ​បំផ្លាញ​គ្នា នៅ​គ្រប់​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង ត្បិត​គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ​អម្ចាស់​នៅ​ពេញ​ពាស​លើ​ផែនដី ដូច​ជា​ទឹក​នៅ​ពេញ​ពាស​ក្នុង​សមុទ្រ​ដែរ។

១៦ហេតុ​ដូច្នោះ​ហើយ ការណ៍​ទាំង​ឡាយ​នៃ​សាសន៍​ទាំង​អស់ នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​ដឹង មែន​ហើយ គ្រប់​ការណ៍​ទាំង​អស់​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​កូន​ចៅ​មនុស្ស​ដឹង

១៧គ្មាន​អ្វី​ជា​អាថ៌កំបាំង​ឡើយ លើក​លែង​តែ​នឹង​បាន​សម្ដែង​ឲ្យ​ឃើញ​នោះ ត្បិត​គ្មាន​កិច្ចការ​នៃ​សេចក្ដី​ងងឹត​ឡើយ លើក​លែង​តែ​នឹង​ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ​នៅ​ក្នុង​ពន្លឺ ហើយ​គ្មាន​អ្វី​ដែល​ត្រូវ​ភ្ជាប់​នៅ​លើ​ផែនដី​ឡើយ លើក​លែង​តែ​នឹង​ត្រូវ​បាន​ស្រាយ​ចេញ។

១៨ហេតុ​ដូច្នោះ​ហើយ គ្រប់​ការណ៍​ទាំង​អស់​ដែល​ត្រូវ​បាន​បើក​សម្ដែង​ដល់​កូន​ចៅ​មនុស្ស នោះ​នឹង​ត្រូវ​បាន​បើក​សម្ដែង​ចេញ​នៅ​ថ្ងៃ​នោះ​ដែរ ហើយ​អារក្ស​សាតាំង​នឹង​គ្មាន​អំណាច​ទៅ​លើ​ដួងចិត្ត​នៃ​កូន​ចៅ​មនុស្ស​ទៀត​ទេ គឺ​អស់​រយៈ​ពេល​ជា​យូរយារ។ ហើយ​ឥឡូវ​នេះ បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​បញ្ចប់​ពាក្យ​របស់​ខ្ញុំ​តែ​ត្រឹម​នេះ​សិន​ចុះ៕