ព្រះគម្ពីរ
នីហ្វៃ ទី ២ 27


ជំពូក​ទី ២៧

សេចក្ដី​ងងឹត និង​សេចក្ដី​ក្បត់​សាសនា​នឹង​គ្រប​ដណ្ដប់​ផែនដី​នៅ​គ្រា​ចុង​ក្រោយ​បង្អស់ — ព្រះ​គម្ពីរ​មរមន​នឹង​ចេញ​មក — ពួក​សាក្សី​បី​នាក់​នឹង​ធ្វើ​បន្ទាល់​អំពី​ព្រះ​គម្ពីរ​មរមន — ពួក​អ្នក​រៀន​សូត្រ​មិន​អាច​អាន​គម្ពីរ​ដែល​បិទ​ត្រា​បាន​ឡើយ — ព្រះ​អម្ចាស់​ទ្រង់​នឹង​ធ្វើ​ការ​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក — ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​អេសាយ ២៩។ ប្រមាណ​ជា​ឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។

ប៉ុន្តែ​មើល​ចុះ នៅ​គ្រា​ចុង​ក្រោយ​បង្អស់ ឬ​នៅ​ថ្ងៃ​នៃ​ពួក​សាសន៍​ដទៃ — មែន​ហើយ មើល​ចុះ សាសន៍​ទាំង​អស់​នៃ​ពួក​សាសន៍​ដទៃ និង​ព្រម​ទាំង​សាសន៍​យូដា​ផង ទាំង​ពួក​អ្នក​ដែល​នឹង​មក​នៅ​លើ​ដែនដី​នេះ និង​ពួក​អ្នក​ដែល​មក​ពី​ដែនដី​ដទៃ​ផង មែន​ហើយ គឺ​នៅ​លើ​អស់​ទាំង​ដែនដី​នៅ​លើ​ផែនដី​នេះ មើល​ចុះ ពួក​គេ​នឹង​ស្រវឹង​នឹង​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​គ្រប់ប្រការ។

ហើយ​កាល​ថ្ងៃ​នោះ​មក​ដល់ ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ ទ្រង់​នឹង​ពិនិត្យពិច័យ​ពួក​គេ​ដោយ​ផ្គរ និង​ដោយ​កក្រើក​ដី និង​ដោយ​សូរ​គ្រាំ​គ្រេង និង​ដោយ​ខ្យល់កួច និង​ដោយ​ព្យុះសង្ឃរា និង​ដោយ​អណ្ដាត​ភ្លើង​ដែល​ឆេះ​បំផ្លាញ។

ហើយ​គ្រប់​ទាំង​សាសន៍​ដែល​ច្បាំង​នឹង​ក្រុង​ស៊ីយ៉ូន និង​ពួក​ដែល​ធ្វើ​ទុក្ខ​ដល់​ទី​ក្រុង​នោះ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​សប្ដិ គឺជា​ការ​និមិត្ត​នៅ​ពេល​យប់​ទេ មែន​ហើយ ការណ៍​នោះ​នឹង​បាន​កើត​ដល់​ពួក​គេ​ដែរ គឺ​ប្រៀប​ដូច​ជា​មនុស្ស​ឃ្លាន​ដែល​បាន​យល់​សប្ដិ ហើយ​មើល​ចុះ យល់​សប្ដិ​ឃើញ​ថា​ខ្លួន​បាន​បរិភោគ តែ​លុះ​ភ្ញាក់​ឡើង នោះ​ព្រលឹង​ខ្លួន​នៅ​ទទេ ឬ​ប្រៀប​ដូច​ជា​មនុស្ស​ស្រេក​ដែល​បាន​យល់​សប្ដិ ហើយ​មើល​ចុះ យល់​សប្ដិ​ឃើញ​ថា​ខ្លួន​បាន​ផឹក តែ​លុះ​ភ្ញាក់​ឡើង ហើយ​មើល​ចុះ ខ្លួន​នៅ​ល្វើយ ហើយ​ព្រលឹង​គេ​នៅ​តែ​មាន​សម្រេក មែន​ហើយ ពួក​បណ្ដាជន​ពី​គ្រប់​ទាំង​សាសន៍ ដែល​ច្បាំង​នឹង​ភ្នំ​ស៊ីយ៉ូន ពួក​គេ​ក៏​នឹង​ទៅ​ជា​ដូច្នោះ​ដែរ។

ត្បិត​មើល​ចុះ អស់​អ្នក​ណា​ដែល​ធ្វើ​អំពើ​ទុច្ចរិត ចូរ​អ្នក​រាល់​គ្នា​នៅ​ជា​ស្ទាក់ស្ទើរ ហើយ​ភាំង​ឆ្ងល់​ចុះ ត្បិត​អ្នក​រាល់​គ្នា​នឹង​ស្រែក ហើយ​យំ មែន​ហើយ អ្នក​រាល់​គ្នា​នឹង​ស្រវឹង តែ​មិនមែន​ដោយ​ស្រា​ទំពាំងបាយជូរ​ទេ អ្នក​រាល់​គ្នា​ទ្រេតទ្រោត​ទៅ តែ​មិនមែន​ដោយ​គ្រឿង​ស្រវឹង​ឡើយ។

ត្បិត​មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​បាន​ចាក់​វិញ្ញាណ ដែល​បណ្ដា​ល​ឲ្យ​លក់​ស៊ប់​មក​លើ​អ្នក​រាល់​គ្នា។ ត្បិត​មើល​ចុះ អ្នក​រាល់​គ្នា​បាន​បិទ​ភ្នែក ហើយ​អ្នក​រាល់​គ្នា​មិន​បាន​ទទួល​ស្គាល់​ពួក​ព្យាការី ហើយ​ទ្រង់​បាន​លាក់កំបាំង​អ្នក​គ្រប់គ្រង​របស់​អ្នក និង​ពួក​ហោរា​របស់​អ្នក ពី​ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​អ្នក។

ហើយ​ហេតុការណ៍​នឹង​កើតឡើង​ថា ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​នាំ​ចេញ​មក​ដល់​អ្នក​រាល់​គ្នា​នូវ​ពាក្យ​ទាំង​ឡាយ​នៃ​គម្ពីរ​មួយ ហើយ​នោះ​គឺជា​ពាក្យ​ទាំង​ឡាយ​របស់​ពួក​អ្នក ដែល​បាន​លង់លក់។

ហើយ​មើល​ចុះ គម្ពីរ​នោះ​នឹង​ត្រូវ​បាន​បិទ​ត្រា ហើយ​នៅ​ក្នុង​គម្ពីរ​នោះ​នឹង​មាន​វិវរណៈ​ពី​ព្រះ ចាប់​ពី​កំណើត​លោកិយ​មក រហូត​ដល់​ចុង​បំផុត។

ហេតុ​ដូច្នោះ​ហើយ ព្រោះ​តែ​ការណ៍​ទាំង​ឡាយ​ដែល​បាន​បិទ​ត្រាទុក នោះ​ការណ៍​ទាំង​ឡាយ​ដែល​បិទ​ត្រាទុក​នោះ មិន​ត្រូវ​បាន​នាំ​ចេញ​មក​នៅ​ក្នុង​គ្រា​ដែល​មនុស្ស​ធ្វើ​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​ឡើយ។ ហេតុ​ដូច្នោះ​ហើយ គម្ពីរ​នោះ​នឹង​ត្រូវ​បាន​លាក់​ទុក​ពី​ពួក​គេ។

ប៉ុន្តែ​គម្ពីរ​នោះ នឹង​ត្រូវ​បាន​ប្រគល់​មនុស្ស​ម្នាក់ ហើយ​អ្នក​នោះ​នឹង​នាំ​ពាក្យ​ទាំង​ឡាយ​នៅ​ក្នុង​គម្ពីរ​នោះ ដែល​ជា​ពាក្យ​ទាំង​ឡាយ នៃ​ពួក​អ្នក​ដែល​បាន​ដេក​លង់លក់​នៅ​ក្នុង​ដី ហើយ​អ្នក​នោះ​នឹង​ប្រគល់​ពាក្យ​ទាំង​នេះ​ដល់​អ្នក​ផ្សេង​ទៀត

១០ប៉ុន្តែ​ពាក្យ​ណា​ដែល​ត្រូវ​បាន​បិទ​ត្រាទុក អ្នក​នោះ​នឹង​មិន​ត្រូវ​នាំ​ចេញ​មក ឬ​ក៏​ប្រគល់​គម្ពីរ​នោះ​ឲ្យ​អ្នក​ណា​ដែរ។ ត្បិត​គម្ពីរ​នោះ នឹង​ត្រូវ​បាន​បិទ​ត្រា ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ ឯ​វិវរណៈ​ដែល​ត្រូវ​បាន​បិទ​ត្រាទុក​នោះ នឹង​ត្រូវ​បាន​រក្សាទុក​នៅ​ក្នុង​គម្ពីរ​នោះ រហូត​ដល់​កំណត់​នៃ​ព្រះ​អម្ចាស់ ដើម្បី​ឲ្យ​ពាក្យ​ទាំង​នោះ​អាច​បាន​នាំ​ចេញ​មក ត្បិត​មើល​ចុះ ពាក្យ​ទាំង​នោះ​ប្រាប់​គ្រប់​ការណ៍​ទាំង​អស់ ចាប់​តាំង​ពី​កំណើត​លោកិយ​មក រហូត​ដល់​ចុង​បំផុត។

១១ហើយ​កាល​គ្រា​នោះ​មក​ដល់ ពាក្យ​ទាំង​ឡាយ​ដែល​ត្រូវ​បាន​បិទ​ត្រាទុក​នៅ​ក្នុង​គម្ពីរ​នោះ នឹង​ត្រូវ​បាន​យក​មក​អាន​នៅ​លើ​ដំបូល​ផ្ទះ ហើយ​ពាក្យ​ទាំង​នោះ​នឹង​ត្រូវ​បាន​អាន​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​គ្រីស្ទ ហើយ​គ្រប់​ការណ៍​ទាំង​អស់​នឹង​ត្រូវ​បាន​បើក​សម្ដែង​ដល់​កូន​ចៅ​មនុស្ស ប្រាប់​ពី​អ្វី​ដែល​ធ្លាប់​មាន​នៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស និង​ពី​អ្វី​ដែល​នឹង​មាន​រហូត​ដល់​ចុង​បំផុត​ផែនដី។

១២ហេតុ​ដូច្នោះ​ហើយ នៅ​ថ្ងៃ​នោះ កាល​គម្ពីរ​នោះ​នឹង​ត្រូវ​បាន​ប្រគល់​ដល់​មនុស្ស​ម្នាក់ ដែល​ខ្ញុំ​បាន​និយាយ​មក​នោះ គម្ពីរ​នោះ​នឹង​ត្រូវ​បាន​លាក់​ពី​ភ្នែក​នៃ​មនុស្ស​លោក ដើម្បី​កុំ​ឲ្យ​មាន​ភ្នែក​អ្នក​ណា​មើល​ឃើញ​គម្ពីរ​នោះ​ឡើយ លើក​លែង​តែ​ពួក​សាក្សី​បី​នាក់​ប៉ុណ្ណោះ ដែល​នឹង​មើល​បាន​ឃើញ​គម្ពីរ​នោះ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ ក្រៅពី​អ្នក​នោះ​ដែល​ត្រូវ​បាន​ប្រគល់​គម្ពីរ ហើយ​ពួក​គេ​នឹង​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត​នៃ​គម្ពីរ​នោះ និង​ការណ៍​ទាំង​ឡាយ​ដែល​នៅ​ក្នុង​នោះ។

១៣ហើយ​នឹង​គ្មាន​អ្នក​ណា​ផ្សេង​ទៀត​មើល​ឃើញ​គម្ពីរ​នោះ​ឡើយ លើក​លែង​តែ​មនុស្ស​មួយ​ចំនួន​តូច ស្រប​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ ដើម្បី​ធ្វើ​បន្ទាល់​អំពី​ព្រះ​បន្ទូល​របស់​ទ្រង់ ប្រាប់​ដល់​កូន​ចៅ​មនុស្ស ត្បិត​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ពាក្យ​ទាំង​ឡាយ​របស់​ពួក​ស្មោះត្រង់​នឹង​និយាយ ហាក់​ដូច​ជា​ពាក្យ​មក​ពី​មនុស្ស​ស្លាប់។

១៤ហេតុ​ដូច្នោះ​ហើយ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ចាប់​ផ្ដើម​នាំ​ពាក្យ​ទាំង​ឡាយ​ក្នុង​គម្ពីរ​នោះ​ចេញ​មក ហើយ​ទ្រង់​នឹង​តាំង​ព្រះ​បន្ទូល​នៃ​ទ្រង់ ដោយ​មាត់​នៃ​ពួក​សាក្សី​ទាំង​ប៉ុន្មាន ដែល​ទ្រង់​យល់​ថា​ល្អ​គ្រប់គ្រាន់​សម្រាប់​ទ្រង់​ហើយ ហើយ​វេទនា​ដល់​អ្នក​ណា ដែល​មិន ទទួល​ស្គាល់​ព្រះ​បន្ទូល​នៃ​ព្រះ!

១៥ប៉ុន្តែ​មើល​ចុះ ហេតុការណ៍​នឹង​កើតឡើង​ថា ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​មាន​ព្រះ​បន្ទូល​ទៅ​អ្នក​នោះ ដែល​ទ្រង់​នឹង​ប្រគល់​គម្ពីរ​នោះ​ថា ៖ ចូរ​យក​ពាក្យ​ទាំង​នេះ ដែល​មិន​បាន​បិទ​ត្រាទុក ហើយ​ប្រគល់​ដល់​មនុស្ស​ម្នាក់​ទៀត ដើម្បី​ឲ្យ​គេ​អាច​បង្ហាញ​ពាក្យ​ទាំង​នោះ ដល់​អ្នក​ដែល​មាន​ចំណេះ​ម្នាក់ ដោយ​និយាយ​ថា ៖ សូម​លោក​អាន​ពាក្យ​ទាំង​នេះ​ទៅ។ ហើយ​អ្នក​ដែល​មាន​ចំណេះ​នោះ​នឹង​និយាយ​ថា ៖ ចូរ​យក​គម្ពីរ​មក​ណេះ ខ្ញុំ​នឹង​អាន​ជូន។

១៦ហើយ​ឥឡូវ​នេះ ពី​ព្រោះ​តែ​សេចក្ដី​រុងរឿង​នៃ​ពិភពលោក ហើយ​ដើម្បី​រក​កម្រៃ នោះ​គេ​និយាយ​យ៉ាង​នេះ គឺ​មិនមែន​ដើម្បី​សិរី​ល្អ​នៃ​ព្រះ​ឡើយ។

១៧ហើយ​អ្នក​នោះ​នឹង​និយាយ​ថា ៖ ខ្ញុំ​មិន​អាច​យក​គម្ពីរ​នោះ​មក​បាន​ទេ ព្រោះ​គម្ពីរ​នោះ​ត្រូវ​បាន​បិទ​ត្រាទុក។

១៨ខណៈ​នោះ អ្នក​ដែល​មាន​ចំណេះ​នឹង​និយាយ​ថា ៖ ខ្ញុំ​មិន​អាច​អាន​គម្ពីរ​នោះ​បាន​ទេ។

១៩ហេតុ​ដូច្នោះ​ហើយ ហេតុការណ៍​នឹង​កើតឡើង​ថា ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ប្រគល់​គម្ពីរ​នោះ ព្រម​ទាំង​ពាក្យ​ទាំង​ឡាយ​ទៅ​អ្នក​ដែល​គ្មាន​ចំណេះ​វិញ ហើយ​អ្នក​ដែល​គ្មាន​ចំណេះ​នឹង​និយាយ​ថា ៖ ខ្ញុំ​គ្មាន​ចំណេះ​ទេ។

២០ខណៈ​នោះ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា ៖ អ្នក​ដែល​មាន​ចំណេះ​អាន​មិន​បាន ព្រោះ​គេ​មិន​ទទួល​ស្គាល់​ពាក្យ​ទាំង​នោះ តែ​យើង​អាច​ធ្វើ​កិច្ចការ​របស់​យើង​បាន ហេតុ​ដូច្នោះ​ហើយ អ្នក​នឹង​អាន​ពាក្យ​ទាំង​ឡាយ ដែល​យើង​នឹង​ឲ្យ​ដល់​អ្នក។

២១ចូរ​កុំ​ប៉ះពាល់​ដល់​ការណ៍​ណា​ដែល​បិទ​ត្រាទុក ព្រោះ​យើង​នឹង​នាំ​ការណ៍​ទាំង​នោះ​ចេញ​មក កាល​ដល់​ពេល​កំណត់​របស់​យើង ត្បិត​យើង​នឹង​បង្ហាញ​ដល់​កូន​ចៅ​មនុស្ស​ថា យើង​អាច​ធ្វើ​កិច្ចការ​របស់​យើង​បាន។

២២ហេតុ​ដូច្នោះ​ហើយ កាលណា​អ្នក​បាន​អាន​ពាក្យ​ទាំង​ឡាយ ដែល​យើង​បាន​បញ្ជា​ឲ្យ​អ្នក​អាន​នោះ ហើយ​បាន​ពួក​សាក្សី​ទាំង​ឡាយ ដែល​យើង​បាន​សន្យា​ដល់​អ្នក ខណៈ​នោះ​អ្នក​ត្រូវ​បិទ​ត្រា​គម្ពីរ​នោះ​ទៀត ហើយ​លាក់​គម្ពីរ​នោះ​ថ្វាយ​ដល់​យើង ដើម្បី​យើង​អាច​រក្សា​ពាក្យ​ទាំង​ឡាយ​ដែល​អ្នក​មិនទាន់​បាន​អាន​នៅ​ឡើយ ដរាប​ដល់​ពេល​ណា ដែល​យើង​យល់​ថា​សមតា​ម​ប្រាជ្ញា​របស់​យើង ដើម្បី​នឹង​សម្ដែង​គ្រប់​ការណ៍​អស់​ទាំង​នេះ​ដល់​កូន​ចៅ​មនុស្ស។

២៣ត្បិត​មើល​ចុះ យើង​ជា​ព្រះ ហើយ​យើង​ជា​ព្រះ​នៃ​អព្ភូតហេតុ​ទាំង​ឡាយ ហើយ​យើង​នឹង​បង្ហាញ​ដល់​មនុស្ស​លោក​ថា យើង​នៅ​តែ​ដដែល ទោះ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ និង​រហូត​ត​ទៅ ហើយ​យើង​មិន​ធ្វើ​កិច្ចការ​ណា​នៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស​ឡើយ លើក​លែង​តែ​ស្រប​តាម​សេចក្ដី​ជំនឿ​របស់​ពួក​គេ​តែប៉ុណ្ណោះ។

២៤ហើយ​ហេតុការណ៍​នឹង​កើតឡើង​ទៀត​ថា ព្រះ​អម្ចាស់​ទ្រង់​នឹង​មាន​ព្រះ​បន្ទូល​ទៅ​អ្នក ដែល​នឹង​អាច​អាន​ពាក្យ​ទាំង​ឡាយ ដែល​នឹង​ត្រូវ​បាន​ប្រគល់​ទៅ​គាត់​ថា ៖

២៥ដរាបណា​រាស្ត្រ​នេះ​ចូល​មក​ជិត​យើង​ដោយ​បបូរមាត់​របស់​គេ ហើយ​ថ្វាយ​កិត្តិនាម​ដល់​យើង​ដោយ​សម្ដី​របស់​គេ តែ​បាន​ដក​ចិត្ត​គេ​ចេញ​ទៅ​ឆ្ងាយ​ពី​យើង ហើយ​ការណ៍​ដែល​គេ​កោតខ្លាច​ដល់​យើង គ្រាន់តែ​ជា​បង្គាប់​របស់​មនុស្ស​ដែល​បង្រៀន​គេ​ប៉ុណ្ណោះ។

២៦ហេតុ​នោះ យើង​នឹង​ចាប់​ផ្ដើម​ធ្វើ​ការណ៍​មួយ​យ៉ាង​អស្ចារ្យ​នៅ​ចំណោម​រាស្ត្រ​នេះ មែន​ហើយ គឺជា​ការណ៍​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក ត្បិត​ប្រាជ្ញា​នៃ​ពួក​អ្នក​ប្រាជ្ញ និង​ពួក​អ្នក​ចេះ​ដឹង​របស់​គេ​នឹង​ត្រូវ​សាបសូន្យ​ទៅ ហើយ​យោបល់​នៃ​ពួក​វាងវៃ​របស់​គេ នឹង​ត្រូវ​បិទបាំង​ដែរ។

២៧ហើយ​វេទនា​ដល់​ពួក​អ្នក ដែល​ខ្នះខ្នែង​រក​លាក់​គំនិត​របស់​ខ្លួន​ពី​ព្រះ​អម្ចាស់! ហើយ​កិច្ចការ​ទាំង​ឡាយ​របស់​គេ គឺ​នៅ​ក្នុង​ទី​កំបាំង ហើយ​ពួក​គេ​ពោល​ថា ៖ តើ​មាន​អ្នក​ណា​បាន​ឃើញ តើ​មាន​អ្នក​ណា​បាន​ស្គាល់​យើង? ហើយ​គេ​ក៏​និយាយ​ថា ៖ យីអើ អ្នក​រាល់​គ្នា​យល់​ផ្ទុយ​អី​ម៉្លោះ តើ​នឹង​រាប់​ជាង​ស្មូន​ទុក ដូច​ជា​ដី​ឥដ្ឋ​ដែរ​ឬ។ ប៉ុន្តែ​មើល​ចុះ ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ​បន្ទូល​ថា យើង​នឹង​បង្ហាញ​ដល់​គេ​ថា យើង​ស្គាល់​គ្រប់​កិច្ចការ​ទាំង​អស់​របស់​គេ។ ត្បិត​តើ​របស់​ដែល​គេ​បាន​បង្កើត​មក​ហើយ នឹង​ពោល​ពី​អ្នក​ដែល​បាន​បង្កើត​ខ្លួន​ថា គេ​មិន​បាន​បង្កើត​ខ្ញុំ​ទេ​ឬ? ឬ​របស់​ដែល​គេ​បាន​សូន​ធ្វើ​ឡើង នឹង​ពោល​ពី​អ្នក​ដែល​បាន​សូន​ធ្វើ នោះ​ថា គេ​ឥត​មាន​តម្រិះ​យោបល់​អ្វី​ឡើយ​ដូច្នេះ​ឬ?

២៨ប៉ុន្តែ​មើល​ចុះ ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ យើង​នឹង​បង្ហាញ​ដល់​កូន​ចៅ​មនុស្ស​ថា នៅ​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ​ទេ នោះ​ព្រៃ​ល្បា​ណូន​នឹង​ត្រឡប់​ទៅ​ជា​ចម្ការ​ដុះដាល ហើយ​ចម្ការ​ដុះដាល​នឹង​បាន​រាប់​ទុក​ដូច​ជា​ព្រៃ​វិញ។

២៩ហើយ​នៅ​គ្រា​នោះ មនុស្ស​ត្រចៀក​ថ្លង់​នឹង​ឮ​ព្រះ​បន្ទូល​ក្នុង​គម្ពីរ​នោះ ហើយ​ភ្នែក​របស់​មនុស្ស​ខ្វាក់ នឹង​មើល​ឃើញ​ពី​ក្នុង​ស​ភាព​ជា​ងងឹត ហើយ​សូន្យសុង។

៣០ឯ​មនុស្ស​រាបសា​នឹង​កើន​ឡើង ហើយ​មាន​សេចក្ដី​អំណរ​ក្នុង​ព្រះ​អម្ចាស់ ហើយ​ពួក​ក្រីក្រ​នៅ​ក្នុង​ចំណោម​បណ្ដា​មនុស្ស គេ​នឹង​រីករាយ​នៅ​ក្នុង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល។

៣១ពី​ព្រោះ​ប្រាកដ​ដូច​ជា​ព្រះ​ទ្រង់​មាន​ព្រះ​ជន្ម​រស់នៅ នោះ​គេ​នឹង​ឃើញ​ថា មនុស្ស​ដែល​គួរ​ស្ញែង​ខ្លាច​បាន​សូន្យ​បាត់​ទៅ មនុស្ស​ដែល​មើល​ងាយ​ត្រូវ​ឆេះ​អស់ ហើយ​ពួក​មនុស្ស​ដែល​រកតែ​ឱកាស​នឹង​ធ្វើ​ការ​ទុច្ចរិត គេ​នឹង​ត្រូវ​វិនាស​បាត់​អស់​រលីង​ដែរ

៣២ព្រម​ទាំង​ពួក​អ្នក​ដែល​ចាប់​ពាក្យ​មនុស្ស ធ្វើ​ឲ្យ​គេ​មាន​ទោស ហើយ​ដាក់​អន្ទាក់​សម្រាប់​ចាប់​ពួក​មនុស្ស ដែល​ក្រើន​រំឭក​នៅ​ត្រង់​ទ្វារ​ក្រុង ព្រម​ទាំង​បង្វែរ​មនុស្ស​សុចរិត​ចេញ ដោយ​រឿង​ដែល​មិន​ជា​ហេតុ​ផង។

៣៣ហេតុ​នោះ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​ដែល​ប្រោស​លោះ​អ័ប្រាហាំ ទ្រង់​មាន​ព្រះ​បន្ទូល​ពី​ដំណើរ​ពួក​វង្ស​យ៉ាកុប ដូច្នេះ​ថា ៖ ឥឡូវ​នេះ ពួក​យ៉ាកុប​មិន​ត្រូវ​ខ្មាស​ទៀត​ឡើយ ក៏​មិន​ត្រូវ​ស្លុត​ស្លាំង​ទៀត​ដែរ។

៣៤តែ​កាលណា​គេ​ឃើញ​កូន​ចៅ​គេ បាន​ឃើញ​កិច្ច​ការ​ដែល​ដៃ​យើង​នឹង​ធ្វើ​នៅ​កណ្ដាល​គេ នោះ​គេ​នឹង​ញែក​ឈ្មោះ​យើង​ជា​បរិសុទ្ធ ហើយ​រាប់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​យ៉ាកុប​ទុកជា​បរិសុទ្ធ​ដែរ ហើយ​នឹង​កោតខ្លាច​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ផង។

៣៥ឯ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ខុស​ខាង​វិញ្ញាណ គេ​នឹង​មាន​យោបល់​វិញ ហើយ​មនុស្ស​ដែល​រអ៊ូរទាំ នឹង​ទទួល​សេចក្ដី​ប្រៀន​ប្រដៅ៕