ព្រះគម្ពីរ
នីហ្វៃ ទី ២ 25


ជំពូក​ទី ២៥

នីហ្វៃ​សរសើរ​តម្កើង​នៅ​ក្នុង​ការ​ច្បាស់​លាស់ — ពាក្យ​ព្យាករណ៍​ទាំង​ឡាយ​របស់​អេសាយ​នឹង​បាន​យល់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់ — ពួក​សាសន៍​យូដា​នឹង​ត្រឡប់​ពី​ក្រុង​បា​ប៊ី​ឡូ​ន​មក​វិញ នឹង​ឆ្កាង​ព្រះ​មែស៊ី ហើយ​នឹង​ត្រូវ​បែកខ្ញែក ហើយ​រង​ទុក្ខ — គេ​នឹង​ត្រូវ​បាន​តាំង​ឡើង​វិញ កាល​គេ​ជឿ​ដល់​ព្រះ​មែស៊ី — ទ្រង់​នឹង​យាង​មក​លើកដំបូង ក្រោយ​ពី​លីហៃ​ចេញ​ពី​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៦០០​ឆ្នាំ — ពួក​សាសន៍​នីហ្វៃ​កាន់​តាម​ក្រឹត្យវិន័យ​លោក​ម៉ូសេ ហើយ​ជឿ​ដល់​ព្រះ​គ្រីស្ទ ដែល​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល។ ប្រមាណ​ជា​ឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។

ឥឡូវ​នេះ ខ្ញុំ នីហ្វៃ នឹង​និយាយ​ពី​ពាក្យ​ខ្លះៗ​ដែល​ខ្ញុំ​បាន​សរសេរ គឺជា​ពាក្យ​ដែល​បាន​ពោល​ដោយ​មាត់​របស់​លោក​អេសាយ។ ត្បិត​មើល​ចុះ លោក​អេសាយ​បាន​និយាយ​ពី​ការណ៍​ជាច្រើន ដែល​ពិបាក​ឲ្យ​ប្រជាជន​ខ្ញុំ​ភាគច្រើន​យល់​បាន ព្រោះ​ពួក​គេ​មិន​ដឹង​ពី​របៀប​ព្យាករ​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា​ទេ។

ត្បិត​ខ្ញុំ នីហ្វៃ មិនដែល​បាន​បង្រៀន​ពួក​គេ ពី​ការណ៍​ជាច្រើន​ដែល​ទាក់ទង​នឹង​របៀប​នៃ​ពួក​សាសន៍​យូដា​ឡើយ ត្បិត​កិច្ចការ​ទាំង​ឡាយ​របស់​ពួក​គេ គឺជា​កិច្ចការ​ទាំង​ឡាយ​នៃ​សេចក្ដី​ងងឹត ហើយ​ការ​ប្រព្រឹត្ត​ទាំង​ឡាយ​របស់​ពួក​គេ គឺជា​ការ​ប្រព្រឹត្ត​ទាំង​ឡាយ ដែល​គួរ​ខ្ពើម​ឆ្អើម។

ដូច្នេះ ខ្ញុំ​សរសេរ​សម្រាប់​រាស្ត្រ​ខ្ញុំ ដល់​អស់​អ្នក​ណា​ដែល​នឹង​បាន​ទទួល​ពាក្យ ដែល​ខ្ញុំ​សរសេរ​ទាំង​នេះ​ក្នុង​ពេល​ក្រោយ ដើម្បី​ឲ្យ​គេ​អាច​ដឹង​ពី​សេចក្ដី​យុត្តិធម៌​ទាំង​ឡាយ​នៃ​ព្រះ ថា​ការណ៍​ទាំង​នេះ នឹង​កើតឡើង​មក​លើ​គ្រប់​ទាំង​សាសន៍ ស្រប​តាម​ព្រះ​បន្ទូល​របស់​ទ្រង់។

ហេតុ​ដូច្នោះ​ហើយ ឱ​ប្រជាជន​ខ្ញុំ ជា​វង្ស​អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់ ហើយ​ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​សម្ដី​ខ្ញុំ​ចុះ ត្បិត​ដោយ​ព្រោះ​ពាក្យ​ពេចន៍​នៃ​លោក​អេសាយ​មិន​ច្បាស់​ដល់​អ្នក ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ គង់តែ​ពាក្យ​ទាំង​នោះ​ច្បាស់​ដល់​អ្នក​ណា​ដែល​ពោរពេញ​ទៅ​ដោយ​វិញ្ញាណ​នៃ​ការ​ព្យាករណ៍​ដែរ ប៉ុន្តែ​ខ្ញុំ​ឲ្យ​ពាក្យ​ព្យាករណ៍​មួយ​ដល់​អ្នក ស្រប​តាម​វិញ្ញាណ​ដែល​នៅ​ក្នុង​ខ្ញុំ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​នឹង​ព្យាករ​ស្រប​តាម​ការ​ច្បាស់លាស់​ដែល​ខ្ញុំ​មាន ចាប់​តាំង​ពី​ពេល​ដែល​ខ្ញុំ​ចេញ​ពី​ក្រុង​យេរូសាឡិម​មក ជាមួយ​នឹង​ឪពុក​ខ្ញុំ​ម្ល៉េះ ត្បិត​មើល​ចុះ ព្រលឹង​ខ្ញុំ​ត្រេកអរ​ចំពោះ​ការ​ច្បាស់​ដល់​ប្រជាជន​ខ្ញុំ ដើម្បី​ឲ្យ​ពួក​គេ​អាច​ចេះ​ដឹង។

មែន​ហើយ ឯ​ព្រលឹង​ខ្ញុំ​ត្រេកអរ​នឹង​ពាក្យ​ពេចន៍​នៃ​លោក​អេសាយ ព្រោះ​ខ្ញុំ​បាន​ចេញ​ពី​ក្រុង​យេរូសាឡិម​មក ហើយ​ភ្នែក​ខ្ញុំ​បាន​ឃើញ​ការណ៍​ទាំង​ឡាយ​នៃ​ពួក​សាសន៍​យូដា ហើយ​ខ្ញុំ​ដឹង​ថា ពួក​សាសន៍​យូដា​យល់​ពី​ការណ៍​ទាំង​ឡាយ​នៃ​ពួក​ព្យាការី ហើយ​គ្មាន​ប្រជាជន​ឯ​ទៀត​ណា​ឡើយ ដែល​យល់​ការណ៍​ទាំង​ឡាយ ដែល​បាន​និយាយ​ទៅ​ពួក​សាសន៍​យូដា ដូច​ជា​ពួក​គេ លើក​លែង​តែ​ពួក​អ្នក​ដែល​បាន​រៀន​ពី​របៀប​នៃ​ការណ៍​ទាំង​ឡាយ​របស់​ពួក​សាសន៍​យូដា។

ប៉ុន្តែ​មើល​ចុះ ខ្ញុំ នីហ្វៃ មិន​បាន​បង្រៀន​កូន​ចៅ​ខ្ញុំ តាម​របៀប​នៃ​ពួក​សាសន៍​យូដា​ទេ ប៉ុន្តែ​មើល​ចុះ រីឯ​ខ្លួន​ខ្ញុំ​វិញ ខ្ញុំ​ធ្លាប់​បាន​រស់នៅ​ក្នុង​ក្រុង​យេរូសាឡិម ហេតុ​នោះ​ហើយ ខ្ញុំ​ស្គាល់​នូវ​ភូមិភាគ​ជុំវិញ ហើយ​ខ្ញុំ​ធ្លាប់​បាន​និយាយ​ប្រាប់​កូន​ចៅ​ខ្ញុំ​អំពី​សេចក្ដី​ជំនុំ​ជំរះ​ទាំង​ឡាយ នៃ​ព្រះ ដែល​ធ្លាប់​មាន​ដល់​ពួក​សាសន៍​យូដា ដល់​កូន​ចៅ​ខ្ញុំ ស្រប​តាម​សេចក្ដី​ទាំង​អស់​ដែល​លោក​អេសាយ​បាន​និយាយ ប៉ុន្តែ​ខ្ញុំ​មិន​សរសេរ​សេចក្ដី​ទាំង​នោះ​ទេ។

ប៉ុន្តែ​មើល​ចុះ ខ្ញុំ​ចាប់​ផ្ដើម​នឹង​ពាក្យ​ព្យាករណ៍​របស់​ខ្ញុំ​វិញ គឺ​ស្រប​តាម​ការ​ច្បាស់លាស់​របស់​ខ្ញុំ ដោយ​ខ្ញុំ​ដឹង​ថា គ្មាន​អ្នក​ណា​អាច​យល់​ច្រឡំ​ក្នុង​ការ​ច្បាស់លាស់​នេះ​ទេ ទោះ​ជា​យ៉ាង​នេះ​ក្ដី គឺ​នៅ​គ្រា​ដែល​ពាក្យ​ព្យាករណ៍​ទាំង​ឡាយ​នៃ​លោក​អេសាយ​នឹង​ត្រូវ​បាន​បំពេញ នោះ​មនុស្ស​លោក​នឹង​បាន​ដឹង​ជា​ប្រាកដ នៅ​ពេល​ដែល​ការណ៍​ទាំង​នោះ​នឹង​កើតឡើង។

ហេតុ​ដូច្នោះ​ហើយ ពាក្យ​ព្យាករណ៍​ទាំង​នេះ​មាន​ប្រយោជន៍​ដល់​កូន​ចៅ​មនុស្ស ហើយ​អ្នក​ណា​ដែល​គិត​ស្មាន​ថា ពាក្យ​ព្យាករណ៍​មិន​មាន​ប្រយោជន៍​ទេ ជា​ពិសេស ចំពោះ​ពួក​នោះ​ហើយ​ដែល​ខ្ញុំ​នឹង​និយាយ​ដល់ ហើយ​ទុក​ពាក្យ​ទាំង​នេះ​សម្រាប់​ប្រជាជន​ខ្ញុំ​វិញ ព្រោះ​ខ្ញុំ​ដឹង​ថា ពាក្យ​ទាំង​នេះ​មាន​ប្រយោជន៍​ដ៏​ធំ​ដល់​គេ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ត្បិត​នៅ​ថ្ងៃ​នោះ​ហើយ ដែល​គេ​នឹង​យល់​ពាក្យ​ទាំង​នោះ ហេតុ​ដូច្នោះ​ហើយ ទើប​ខ្ញុំ​សរសេរ​ពាក្យ​ទាំង​នេះ​ទុកជា​ប្រយោជន៍​ដល់​ពួក​គេ។

ហើយ​ដូច​ជា​តំណ​មួយ​ត្រូវ​បាន​បំផ្លាញ​ចោល​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា​មក​ពី​អំពើ​ទុច្ចរិត​របស់​ពួក​គេ​យ៉ាង​ណា នោះ​ពួក​គេ​ក៏​ត្រូវ​បាន​បំផ្លាញ​ចោល​ពី​តំណ​មួយ​ទៅ​តំណ​មួយ មក​ពី​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​ពួក​គេ​យ៉ាង​នោះ​ដែរ ហើយ​គ្មាន​តំណ​ណាមួយ​ត្រូវ​បាន​បំផ្លាញ​ចោល​ឡើយ លើក​លែង​តែ​បាន​ប្រាប់​ជាមុន​ដល់​ពួក​គេ​ដោយ​ពួក​ព្យាការី​របស់​ព្រះ​អម្ចាស់។

១០ហេតុ​ដូច្នោះ​ហើយ ការណ៍​នេះ​ត្រូវ​បាន​ប្រាប់​ជាមុន​ដល់​ពួក​គេ អំពី​ការ​បំផ្លិចបំផ្លាញ ដែល​នឹង​កើត​ឡើង​ដល់​ពួក​គេ បន្ទាប់ពី​ឪពុក​ខ្ញុំ​បាន​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម​ភ្លាម ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​គេ​ធ្វើ​ចិត្ត​រឹងរូស​ដែរ ហើយ​ស្រប​តាម​ពាក្យ​ព្យាករណ៍​របស់​ខ្ញុំ ពួក​គេ​ត្រូវ​បំផ្លាញ​បង់ លើក​លែង​តែ​ពួក​អ្នក​ដែល​ត្រូវ​ចាប់​ជា​ឈ្លើយ​យក​ទៅ​ក្នុង​ក្រុង​បា​ប៊ី​ឡូ​ន​ប៉ុណ្ណោះ។

១១ហើយ​ឥឡូវ​នេះ ខ្ញុំ​និយាយ​ពាក្យ​ទាំង​នេះ​ដោយ​ព្រោះ​វិញ្ញាណ​ដែល​នៅ​ក្នុង​ខ្ញុំ។ ហើយ​ទោះ​បី​គេ​ត្រូវ​ចាប់​យក​ទៅ​ក៏​ដោយ គង់តែ​គេ​នឹង​ត្រូវ​បាន​ត្រឡប់​មក​វិញ ហើយ​គ្រង​ដែនដី​យេរូសាឡិម​ដែរ ហេតុ​ដូច្នោះ​ហើយ ពួក​គេ​នឹង​ត្រូវ​បាន​តាំង​ឡើងជា​ថ្មី ឲ្យ​នៅ​លើ​ដែនដី​នៃ​កេរ្តិ៍​អាករ​របស់​ពួក​គេ​ទៀត។

១២ប៉ុន្តែ​មើល​ចុះ ពួក​គេ​នឹង​មាន​សង្គ្រាម និង​ពាក្យ​ចចាម​អារ៉ាម​អំពី​សង្គ្រាម​ទាំង​ឡាយ ហើយ​កាល​ថ្ងៃ​នោះ​មក​ដល់ គឺជា​ថ្ងៃ​ដែល​ព្រះ​រាជ​បុត្រា​បង្កើត​តែមួយ​នៃ​ព្រះ​វរបិតា មែន​ហើយ គឺជា​ព្រះ​វរបិតា​នៃ​ផ្ទៃ​មេឃ និង​ផែនដី នោះ​ទ្រង់​នឹង​សម្ដែង​រូបអង្គ​ទ្រង់​ឲ្យ​ពួក​គេ​ឃើញ នៅ​ក្នុង​សាច់ឈាម មើល​ចុះ ពួក​គេ​នឹង​មិន​ទទួល​ស្គាល់​ទ្រង់​ទេ ពី​ព្រោះ​តែ​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​ពួក​គេ និង​ភាព​រឹងរូស​នៃ​ចិត្ត​របស់​ពួក​គេ ហើយ​នឹង​ការ​រឹង​ក​របស់​ពួក​គេ។

១៣មើល​ចុះ ពួក​គេ​នឹង​ឆ្កាង​ទ្រង់ ហើយ​បន្ទាប់ពី​ទ្រង់​ត្រូវ​បាន​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​អស់​ចំនួន​បី​ថ្ងៃ នោះ​ទ្រង់​នឹង​មាន​ព្រះ​ជន្ម​រស់​ឡើងវិញ ដោយ​អំណាច​ប្រោស​ឲ្យ​ជា​នៅ​ក្នុង​ចំអេង​ស្លាប​ទ្រង់ ហើយ​អស់​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​នាម​ទ្រង់ នោះ​នឹង​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​ព្រះ។ ហេតុ​ដូច្នោះ​ហើយ ព្រលឹង​ខ្ញុំ​ត្រេកអរ​នឹង​ព្យាករ​អំពី​ទ្រង់ ត្បិត​ខ្ញុំ​បាន​ឃើញ​ថ្ងៃ​របស់​ទ្រង់​ហើយ ហើយ​ចិត្ត​ខ្ញុំ​សរសើរ​តម្កើង​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់។

១៤ហើយ​មើល​ចុះ ហេតុការណ៍​នឹង​កើតឡើង​ថា បន្ទាប់ពី​ព្រះ​មែស៊ី​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើងវិញ ហើយ​បាន​សម្ដែង​រូបអង្គ​ទ្រង់​ដល់​រាស្ត្រ​ទ្រង់ គឺ​ដល់​អស់​ទាំង​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​នាម​ទ្រង់ មើល​ចុះ ក្រុង​យេរូសាឡិម​នឹង​ត្រូវ​បំផ្លាញ​ចោល​ទៀត ត្បិត​វេទនា​ដល់​អ្នក​ណា​ដែល​ទាស់​នឹង​ព្រះ ហើយ​នឹង​រាស្ត្រ​នៃ​សាសនាចក្រ​របស់​ទ្រង់។

១៥ហេតុ​ដូច្នោះ​ហើយ ពួក​សាសន៍​យូដា​នឹង​ត្រូវ​ខ្ចាត់​ព្រាត់​ក្នុង​ចំណោម​អស់​ទាំង​សាសន៍ មែន​ហើយ ទាំង​ក្រុង​បា​ប៊ី​ឡូ​ន​ផង ក៏​នឹង​ត្រូវ​បំផ្លាញ​ចោល​ដែរ ហេតុ​ដូច្នោះ​ហើយ ពួក​សាសន៍​យូដា​នឹង​ត្រូវ​បំបែក​ឲ្យ​ខ្ចាត់​ព្រាត់​ដោយ​ពួក​សាសន៍​ផ្សេងៗ។

១៦ហើយ​បន្ទាប់ពី​ពួក​គេ​ត្រូវ​ខ្ចាត់​ព្រាត់ ហើយ​ព្រះ​អម្ចាស់​ព្រះ​ទ្រង់​បាន​ធ្វើ​ទុក្ខ​ពួក​គេ ដោយ​ពួក​សាសន៍​ផ្សេងៗ​អស់​រយៈ​ជា​ច្រើន​តំណ មែន​ហើយ គឺ​ពី​តំណ​មួយ​ទៅ​តំណ​មួយ​រហូត​ដល់​គេ​ត្រូវ​បាន​បញ្ចុះ​បញ្ចូល​ឲ្យ​ជឿ​ដល់​ព្រះ​គ្រីស្ទ គឺជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ និង​ដង្វាយ​ធួន​ដ៏​និរន្តរ៍​ដល់​មនុស្ស​លោក​ទាំង​អស់ — ហើយ​កាល​ថ្ងៃ​នោះ​នឹង​មក​ដល់ នោះ​ពួក​គេ​នឹង​ជឿ​ដល់​ព្រះ​គ្រីស្ទ ហើយ​ថ្វាយបង្គំ​ដល់​ព្រះ​វរបិតា​ដោយ​នូវ​ព្រះ​នាម​ទ្រង់ ដោយ​ចិត្ត​បរិសុទ្ធ និង​ដោយ​ដៃ​ស្អាត ហើយ​ឈប់​ទន្ទឹង​ចាំ​ព្រះ​មែស៊ី​ឯណា​ទៀត គឺ​នៅ​ពេល​នោះ ថ្ងៃ​នោះ​នឹង​មក​ដល់ នោះ​គឺជា​ការ​ចាំបាច់ ដែល​ពួក​គេ​ត្រូវ​តែ​ជឿ​ដល់​ការណ៍​ទាំង​នេះ។

១៧ហើយ​ព្រះ​អម្ចាស់​ទ្រង់​នឹង​លើក​ព្រះ​ហស្ត​ទ្រង់​ជា​លើក​ទី​ពីរ ដើម្បី​តាំង​រាស្ត្រ​ទ្រង់​ឡើងវិញ ពី​ស្ថានភាព​វង្វេង និង​ភាព​ធ្លាក់។ ហេតុ​ដូច្នោះ​ហើយ ទ្រង់​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក​នៅ​ចំណោម​កូន​ចៅ​មនុស្ស។

១៨ហេតុ​ដូច្នោះ​ហើយ ទ្រង់​នឹង​នាំ​ព្រះ​បន្ទូល​ទាំង​ឡាយ​ទ្រង់​ចេញ​មក​ឯ​ពួក​គេ ជា​ព្រះ​បន្ទូល​ទាំង​ឡាយ​ដែល​នឹង​ជំនុំ​ជំរះ​ពួក​គេ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ត្បិត​ព្រះ​បន្ទូល​ទាំង​នោះ នឹង​ត្រូវ​បាន​ប្រទាន​ដល់​ពួក​គេ​ចំពោះ​គោលបំណង​ក្នុង​ការ​បរិវត្តន៍​ពួក​គេ​អំពី​ព្រះ​មែស៊ី​ដ៏​ពិត ដែល​ពួក​គេ​មិន​បាន​ទទួល​ស្គាល់ ហើយ​ចំពោះ​ការ​បរិវត្តន៍​ពួក​គេ​ថា ពួក​គេ​មិន​ត្រូវ​ស្វែងរក​ព្រះ​មែស៊ី​ឯណា​ទៀត​ទេ ព្រោះ​គ្មាន​ឯណា​ទៀត ដែល​នឹង​យាង​មក​ឡើយ លើក​លែង​តែ​ព្រះ​មែស៊ី​ក្លែងក្លាយ ដែល​នឹង​បោក​បញ្ឆោត​មនុស្ស​ប៉ុណ្ណោះ ត្បិត​គ្មាន​ព្រះ​មែស៊ី​ឯណា​ទៀត​ឡើយ ក្រៅពី​ព្រះ​មួយ​អង្គ​ដែល​ពួក​ព្យាការី​បាន​និយាយ​មក​ប៉ុណ្ណោះ ហើយ​ព្រះ​មែស៊ី​នោះ​ហើយ​ដែល​នឹង​ត្រូវ​ពួក​សាសន៍​យូដា​មិន​ទទួល​ស្គាល់។

១៩ត្បិត​ស្រប​តាម​ពាក្យ​ទាំង​ឡាយ​នៃ​ពួក​ព្យាការី ព្រះ​មែស៊ី​នឹង​យាង​មក​នៅ​វេលា​៦​រយ​ឆ្នាំ បន្ទាប់ពី​ឪពុក​ខ្ញុំ​បាន​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម​មក ហើយ​ស្រប​តាម​ពាក្យ​ទាំង​ឡាយ​នៃ​ពួក​ព្យាការី និង​ពាក្យ​របស់​ទេវតា​នៃ​ព្រះ​ផង គឺ​ព្រះ​នាម​ទ្រង់​នឹង​ទៅ​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។

២០ហើយ​ឥឡូវ​នេះ ឱ​បងប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ ខ្ញុំ​បាន​និយាយ​យ៉ាង​ច្បាស់លាស់ ដើម្បី​កុំ​ឲ្យ​បងប្អូន​ច្រឡំ។ ហើយ​ប្រាកដ ដូច​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​ជន្ម​រស់នៅ ដែល​បាន​នាំ​សាសន៍​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​បាន​ប្រទាន​អំណាច​ឲ្យ​លោក​ម៉ូសេ ដើម្បី​ឲ្យ​លោក​អាច​ព្យាបាល​ទាំង​សាសន៍ បន្ទាប់ពី​ពួក​គេ​ត្រូវ​ពស់​អ​សិរ​ពិស​ចិក គឺ​បើ​សិន​ជា​ពួក​គេ​គ្រាន់តែ​សម្លឹង​ទៅ​សត្វ​ពស់ ដែល​លោក​លើកឡើង​នៅ​ខាង​មុខ​គេ ហើយ​ព្រម​ទាំង​បាន​ប្រទាន​អំណាច​ឲ្យ​លោក​អាច​វាយ​ថ្មដា នោះ​ទឹក​នឹង​ហូរ​ចេញ​មក មែន​ហើយ មើល​ចុះ ខ្ញុំ​ប្រាប់​បងប្អូន​រាល់​គ្នា​ថា រឿង​ទាំង​នេះ​ជា​រឿង​ពិត ហើយ​ប្រាកដ​ដូច​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​ជន្ម​រស់​នៅ គឺ​គ្មាន​នាម​ណា​ទៀត​នៅ​ក្រោម​មេឃ​នេះ ក្រៅពី​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ខ្ញុំ​បាន​និយាយ​មក​នេះ ដែល​មនុស្ស​អាច​បាន​សង្គ្រោះ​នោះ​ឡើយ។

២១ហេតុ​ដូច្នោះ​ហើយ ដោយ​ហេតុ​នេះ បាន​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​សន្យា​នឹង​ខ្ញុំ​ថា រឿង​ទាំង​ឡាយ​ដែល​ខ្ញុំ​សរសេរ​នេះ នឹង​ត្រូវ​បាន​ថែរក្សា​ទុក ហើយ​បន្ត​មក​ឲ្យ​ពូជ​ខ្ញុំ​ពី​តំណ​មួយ​ទៅ​តំណ​មួយ ដើម្បី​ឲ្យ​ពាក្យ​សន្យា​ដល់​យ៉ូសែប​អាច​បាន​បំពេញ​ថា ពូជ​លោក​នឹង​ពុំ​ត្រូវ​វិនាស​ឡើយ ដរាបណា​មាន​ផែនដី​នេះ។

២២ហេតុ​ដូច្នោះ​ហើយ រឿង​ទាំង​នេះ​នឹង​បន្ត​ពី​តំណ​មួយ​ទៅ​តំណ​មួយ​ទៀត ដរាបណា​មាន​ផែនដី​នេះ ហើយ​រឿង​ទាំង​នេះ​នឹង​បន្ត​ទៅ​មុខ​តាម​បំណង និង​ព្រះ​ហឫទ័យ​នៃ​ព្រះ ឯ​សាសន៍​ណា​ដែល​នឹង​បាន​ពាក្យ​ទាំង​នេះ នោះ​ពួក​គេ​នឹង​ត្រូវ​បាន​ជំនុំ​ជំរះ ស្រប​តាម​ពាក្យ​ទាំង​ប៉ុន្មាន ដែល​បាន​សរសេរ​ទុក។

២៣ត្បិត​យើង​ព្យាយាម​ខំ​សរសេរ​ពាក្យ​ទាំង​នេះ ដើម្បី​បញ្ចុះ​បញ្ចូល​កូន​ចៅ​យើង និង​បងប្អូន​យើង​ផង ដើម្បី​ឲ្យ​ជឿ​ដល់​ព្រះ​គ្រីស្ទ ហើយ​ឲ្យ​ស្រុះស្រួល​នឹង​ព្រះ ត្បិត​យើង​ដឹង​ថា មាន​តែ​ដោយ​ព្រះ​គុណ​ទេ ទើប​យើង​បាន​សង្គ្រោះ បន្ទាប់ពី​អ្វីៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន។

២៤ហើយ​ទោះ​បើ​យី​ង​មាន​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ​ក៏​ដោយ គង់តែ​យើង​កាន់​តាម​ក្រឹត្យវិន័យ​លោក​ម៉ូសេ​ដែរ ហើយ​ទន្ទឹង​ចាំ​ព្រះ​គ្រីស្ទ​យ៉ាង​ខ្ជាប់ខ្ជួន រហូត​ដល់​ក្រឹត្យវិន័យ​នោះ​បាន​បំពេញ។

២៥ត្បិត​ដោយ​គោលបំណង​នេះ​ហើយ ដែល​ក្រឹត្យវិន័យ​នេះ​ត្រូវ​បាន​ចែង​មក ហេតុ​ដូច្នោះ​ហើយ ក្រឹត្យវិន័យ​បាន​ក្លាយ​ទៅ​ជា​ស្លាប់​ចំពោះ​យើង ហើយ​យើង​ត្រូវ​បាន​ធ្វើ​ឲ្យ​រស់​ឡើងវិញ នៅ​ក្នុង​ព្រះ​គ្រីស្ទ ដោយ​សារ​សេចក្ដី​ជំនឿ​របស់​យើង តែ​យើង​នៅ​តែ​កាន់​តាម​ក្រឹត្យវិន័យ​នេះ ពី​ព្រោះ​មក​ពី​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ។

២៦ហើយ​យើង​និយាយ​អំពី​ព្រះ​គ្រីស្ទ យើង​អរ​រីករាយ​ក្នុង​ព្រះ​គ្រីស្ទ យើង​ផ្សាយ​អំពី​ព្រះ​គ្រីស្ទ យើង​ព្យាករ​អំពី​ព្រះ​គ្រីស្ទ ហើយ​យើង​សរសេរ ស្រប​តាម​ពាក្យ​ព្យាករណ៍​ទាំង​ឡាយ​របស់​យើង ដើម្បី​ឲ្យ​កូន​ចៅ​យើង​អាច​ដឹង​ថា តើ​ត្រូវ​ស្វែងរក​ប្រភព​ទឹក​ទឹក​ណាមួយ ដើម្បី​ឲ្យ​បាន​ផ្ដាច់​បាប​របស់​ពួក​គេ។

២៧ហេតុ​ដូច្នោះ​ហើយ យើង​និយាយ​អំពី​ក្រឹត្យវិន័យ ដើម្បី​ឲ្យ​កូន​ចៅ​យើង​អាច​ដឹង​នូវ​ភាព​ស្លាប់​នៃ​ក្រឹត្យវិន័យ​នោះ ហើយ​ដោយ​បាន​ដឹង​នូវ​ភាព​ស្លាប់​នៃ​ក្រឹត្យវិន័យ​នោះ នោះ​ពួក​គេ​អាច​ទន្ទឹង​ដល់​ជីវិត ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ ហើយ​ដឹង​ពី​ហេតុ​អ្វី​បាន​ជា​ក្រឹត្យវិន័យ​នេះ​ត្រូវ​បាន​ប្រទាន​មក។ ហើយ​បន្ទាប់ពី​ក្រឹត្យវិន័យ​នេះ​ត្រូវ​បាន​បំពេញ​នៅ​ក្នុង​ព្រះ​គ្រីស្ទ នោះ​ពួក​គេ​មិន​ត្រូវ​ធ្វើ​ចិត្ត​រឹងរូស​ទាស់​នឹង​ទ្រង់​ទៀត​ឡើយ នៅ​ពេល​ក្រឹត្យវិន័យ​នោះ​ត្រូវ​បោះបង់​ចោល​ទៅ។

២៨ហើយ​ឥឡូវ​នេះ មើល​ចុះ ឱ​ប្រជាជន​ខ្ញុំ​អើយ អ្នក​រាល់​គ្នា​ជា​មនុស្ស​ក្បាលរឹង ហេតុ​ដូច្នោះ​ហើយ បាន​ជា​ខ្ញុំ​និយាយ​យ៉ាង​ក្បោះ​ក្បាយ​ដល់​អ្នក ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​អាច​យល់​ច្រឡំ។ ឯ​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​និយាយ​នេះ​នឹង​ឈរ​ជា​ទី​បន្ទាល់​ទាស់​នឹង​អ្នក ព្រោះ​ពាក្យ​ទាំង​នេះ​គ្រប់គ្រាន់​សម្រាប់​បង្រៀន​មនុស្ស​ណា​ម្នាក់​អំពី​ផ្លូវ​ត្រឹម​ត្រូវ ព្រោះ​ផ្លូវ​ត្រឹម​ត្រូវ គឺ​ជឿ​ដល់​ព្រះ​គ្រីស្ទ ហើយ​មិន​បដិសេធ​ទ្រង់​ឡើយ ព្រោះ​បើ​អ្នក​មិន​ទទួល​ស្គាល់​ទ្រង់ នោះ​អ្នក​រាល់​គ្នា​ក៏​មិន​ទទួល​ស្គាល់​សេចក្ដី​ព្យាករណ៍​នៃ​ពួក​ព្យាការី ហើយ​នឹង​ក្រឹត្យវិន័យ​ដែរ។

២៩ហើយ​ឥឡូវ​នេះ មើល​ចុះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ផ្លូវ​ត្រឹម​ត្រូវ គឺ​ជឿ​ដល់​ព្រះ​គ្រីស្ទ ហើយ​មិន​បដិសេធ​ទ្រង់​ឡើយ ឯ​ព្រះ​គ្រីស្ទ គឺជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ហេតុ​ដូច្នោះ​ហើយ អ្នក​រាល់​គ្នា​ត្រូវ​ក្រាប​ចំពោះ​ទ្រង់ ហើយ​ថ្វាយបង្គំ​ទ្រង់​ឲ្យ​អស់​ពី​សមត្ថ​ភាព អស់​ពី​គំនិត អស់​ពី​កម្លាំង ហើយ​អស់​ពី​ព្រលឹង​ទាំង​មូល​របស់​អ្នក​រាល់​គ្នា ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ នោះ​អ្នក​រាល់​គ្នា​នឹង​ពុំ​ត្រូវ​បាន​បណ្ដេញ​ចេញ​ឡើយ។

៣០ហើយ​ដរាបណា​ជា​ការ​ចាំបាច់ នោះ​អ្នក​រាល់​គ្នា​ត្រូវ​តែ​កាន់​តាម​ពិធី​ប្រព្រឹត្ត និង​ពិធី​បរិសុទ្ធ​ទាំង​ឡាយ​នៃ​ព្រះ រហូត​ដល់​ក្រឹត្យ​វិន័យ ដែល​ប្រគល់​ដល់​លោក​ម៉ូសេ​នោះ​បាន​បំពេញ៕