ជំពូកទី ៤
នីហ្វៃប្រហារឡាបាន់ តាមបញ្ជារបស់ព្រះអម្ចាស់ ហើយបន្ទាប់មក ក៏យកផ្ទាំងលង្ហិនបាន ដោយប្រើឧបាយកល — សូរាំដាច់ចិត្តទៅតាមគ្រួសារលីហៃក្នុងទីរហោស្ថាន។ ប្រមាណជាឆ្នាំ ៦០០–៥៩២ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបាននិយាយទៅកាន់បងៗខ្ញុំថា ៖ ចូរយើងឡើងទៅឯក្រុងយេរូសាឡិមជាថ្មីម្ដងទៀត ហើយចូរយើង មានចិត្តស្មោះត្រង់ក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ ត្បិតមើលចុះ ទ្រង់មានអំណាចជាងអ្វីៗនៅលើផែនដីនេះ ទាំងអស់ ហើយចុះហេតុអ្វី ក៏មិនមានអំណាចជាងឡាបាន់ និងមនុស្ស៥០នាក់របស់គាត់បាន មែនហើយ ឬមានអំណាចលើសជាងទាំងមនុស្សរាប់ម៉ឺននាក់ទៅទៀតនោះ?
២ហេតុដូច្នេះហើយ ចូរយើងឡើងទៅ ចូរយើងមានកម្លាំងខ្លាំង ដូចលោកម៉ូសេ ត្បិតលោកពិតជាបាននិយាយទៅទឹកនៅក្នុងសមុទ្រក្រហម ហើយទឹកក៏បែកចេញជាពីរចំណែក ដើម្បីឲ្យពួកអយ្យកោយើងឆ្លងកាត់ទៅលើដីគោក រួចផុតពីការជាប់ឃុំឃាំង ហើយពលទ័ព របស់ផារ៉ោនដែលបានដេញតាម ក៏បានលិចលង់នៅក្នុងទឹកសមុទ្រក្រហមអស់ទៅ។
៣ឥឡូវនេះ មើលចុះ បងដឹងថានេះជាការពិត ហើយបងក៏ដឹងដែរថា មានទេវតាមួយមានបន្ទូលមកបង ហេតុដូច្នោះហើយ តើបងនៅតែសង្ស័យទៀតឬ? ចូរយើងឡើងទៅ ព្រះអម្ចាស់ទ្រង់នឹងរំដោះយើងឲ្យរួចផុត ដូចជាទ្រង់បានរំដោះពួកអយ្យកោយើងឲ្យរួចផុតដែរ ហើយនឹងបំផ្លាញឡាបាន់ចោល ក៏ដូចជាបានបំផ្លាញពួកសាសន៍អេស៊ីព្ទដែរ។
៤ឥឡូវនេះ នៅពេលខ្ញុំបានពោលពាក្យទាំងនេះ នោះបងៗខ្ញុំនៅតែក្រេវក្រោធ ហើយនៅតែរអ៊ូរទាំតទៅទៀត ក៏ប៉ុន្តែគេបានឡើងតាមខ្ញុំ រហូតទៅដល់ខាងក្រៅកំផែងក្រុងយេរូសាឡិម។
៥ហើយពេលនោះជាវេលាយប់ ហើយខ្ញុំឲ្យបងៗខ្ញុំពួននៅខាងក្រៅកំផែង។ ហើយបន្ទាប់ពីគេបានពួនរួចហើយ នោះខ្ញុំ នីហ្វៃ បានលួចចូលទៅក្នុងទីក្រុង ហើយដើរសំដៅទៅផ្ទះឡាបាន់។
៦ហើយខ្ញុំត្រូវបាននាំទៅដោយព្រះវិញ្ញាណ ដោយមិនដឹងជាមុនសោះឡើយថា តើខ្ញុំនឹងត្រូវធ្វើអ្វីខ្លះ។
៧ទោះយ៉ាងណាក៏ដោយ គង់តែខ្ញុំដើរតម្រង់ទៅមុខ ហើយកាលខ្ញុំទៅជិតដល់ផ្ទះឡាបាន់ហើយ នោះខ្ញុំបានឃើញបុរសម្នាក់ ហើយលោកបានដួលនៅលើដីចំពោះមុខខ្ញុំ ត្បិតលោកស្រវឹងស្រា។
៨ហើយនៅពេលខ្ញុំទៅដល់លោក ក៏ឃើញថាលោកគឺជាឡាបាន់។
៩ហើយខ្ញុំបានឃើញដាវរបស់លោក ហើយខ្ញុំបានហូតដាវនោះចេញពីស្រោម ហើយដងដាវធ្វើពីមាសសុទ្ធ ហើយក្បូរក្បាច់ដាវនោះល្អវិចិត្រ ហើយខ្ញុំឃើញផ្លែដាវធ្វើពីដែកដ៏មានតម្លៃបំផុត។
១០ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំត្រូវបានបង្ខំដោយព្រះវិញ្ញាណថា ខ្ញុំត្រូវតែសម្លាប់ឡាបាន់ ប៉ុន្តែខ្ញុំនឹកក្នុងចិត្តថា ៖ ខ្ញុំមិនដែលបានកំចាយឈាមជនណាម្នាក់សោះឡើយ។ ហើយខ្ញុំក៏រុញរាមិនចង់សម្លាប់គាត់ឡើយ។
១១ហើយព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលមកខ្ញុំទៀតថា ៖ មើលចុះ ព្រះអម្ចាស់ ទ្រង់បានប្រគល់ឡាបាន់មកក្នុងកណ្ដាប់ដៃអ្នកហើយ។ មែនហើយ ហើយខ្ញុំក៏បានដឹងថា លោកបានរកផ្ដាច់ជីវិតខ្ញុំដែរ មែនហើយ លោកមិនព្រមស្ដាប់តាមព្រះបញ្ញត្តិទាំងឡាយ នៃព្រះអម្ចាស់ទេ ហើយលោកថែមទាំងបានយកទ្រព្យសម្បត្តិរបស់យើងផង។
១២ហើយហេតុការណ៍បានកើតឡើងថា ព្រះវិញ្ញាណ ទ្រង់ក៏មានព្រះបន្ទូលមកខ្ញុំទៀតថា ៖ ចូរសម្លាប់គាត់ចុះ ត្បិតព្រះអម្ចាស់ទ្រង់ បានប្រគល់គាត់មកក្នុងកណ្ដាប់ដៃអ្នកហើយ។
១៣មើលចុះ ព្រះអម្ចាស់ ទ្រង់បានសម្លាប់ពួកទុច្ចរិតចោល ដើម្បីនាំមកនូវគោលបំណងដ៏សុចរិតទាំងឡាយរបស់ទ្រង់។ មនុស្សម្នាក់វិនាសទៅ គឺប្រសើរជាងសាសន៍ទាំងមូលត្រូវចុះអន់ថយ ហើយវិនាសក្នុងការឥតជំនឿ។
១៤ហើយឥឡូវនេះ កាលខ្ញុំ នីហ្វៃ បានឮពាក្យទាំងនេះហើយ នោះខ្ញុំនឹកឃើញដល់ព្រះបន្ទូលទាំងឡាយនៃព្រះអម្ចាស់ ដែលមានព្រះបន្ទូលមកខ្ញុំ កាលនៅក្នុងទីរហោស្ថានថា ៖ ដរាបណាពូជរបស់អ្នកនៅកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង នោះគេនឹងបានចម្រើនឡើងនៅលើដែនដីសន្យា។
១៥មែនហើយ ខ្ញុំគិតដែរថា ពួកគេមិនអាចកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ តាមក្រឹត្យវិន័យលោកម៉ូសេបានទេ លើកលែងតែគេមានក្រឹត្យវិន័យនោះ។
១៦ហើយខ្ញុំក៏ដឹងដែរថា ក្រឹត្យវិន័យនោះមានឆ្លាក់នៅលើផ្ទាំងលង្ហិន។
១៧ហើយមួយទៀត ខ្ញុំក៏ដឹងថា ព្រះអម្ចាស់ទ្រង់បានប្រគល់ឡាបាន់មកក្នុងកណ្ដាប់ដៃខ្ញុំ ដោយព្រោះហេតុនេះ — ដើម្បីឲ្យខ្ញុំអាចបានបញ្ជីទាំងប៉ុន្មាន តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់។
១៨ហេតុដូច្នេះហើយ ខ្ញុំបានគោរពតាមសំឡេងនៃព្រះវិញ្ញាណ ហើយបានចាប់ក្របួចសក់ក្បាលរបស់ឡាបាន់ ហើយខ្ញុំបានកាត់ក្បាលលោក ដោយដាវរបស់លោកផ្ទាល់។
១៩ហើយក្រោយពីខ្ញុំបានកាត់ក្បាលឡាបាន់ ដោយដាវផ្ទាល់របស់លោកហើយ នោះខ្ញុំយកសំលៀកបំពាក់ទាំងឡាយរបស់ឡាបាន់ មកបំពាក់លើខ្លួនខ្ញុំ មែនហើយ ដោយមិនមានខ្វះមុខណាឡើយ ហើយខ្ញុំបានយកគ្រឿងការពារខ្លួនរបស់លោកមកក្រវាត់នៅចង្កេះខ្ញុំ។
២០ហើយបន្ទាប់ពីខ្ញុំបានធ្វើដូច្នេះហើយ នោះខ្ញុំបានទៅកាន់ឃ្លាំងរបស់ឡាបាន់។ ហើយនៅពេលដែលខ្ញុំកំពុងតែដើរតម្រង់ទៅឯឃ្លាំងរបស់ឡាបាន់ មើលចុះ ខ្ញុំបានឃើញបាវបម្រើរបស់ឡាបាន់ ជាអ្នកកាន់សោឃ្លាំង។ ហើយខ្ញុំបានបញ្ជាបុរសនោះ ដោយប្រើសំឡេងរបស់ឡាបាន់ឲ្យទៅក្នុងឃ្លាំងជាមួយខ្ញុំ។
២១ហើយគាត់បានគិតស្មានថា ខ្ញុំជាឡាបាន់ ជាចៅហ្វាយរបស់ខ្លួន ព្រោះគាត់បានឃើញសំលៀកបំពាក់ទាំងឡាយ និងដាវផង ដែលក្រវាត់នៅចង្កេះខ្ញុំ។
២២ហើយគាត់បាននិយាយមកកាន់ខ្ញុំ ពីពួកចាស់ទុំនៃពួកសាសន៍យូដា គាត់ដឹងថា ឡាបាន់ ជាចៅហ្វាយរបស់ខ្លួន បានចេញទៅក្នុងចំណោមពួកនោះនៅពេលយប់។
២៣ហើយខ្ញុំបាននិយាយទៅគាត់ ហាក់ដូចជាខ្ញុំគឺឡាបាន់។
២៤ហើយខ្ញុំបាននិយាយទៅគាត់ទៀតថា ខ្ញុំត្រូវតែយកឆ្លាក់ត្រាទាំងឡាយ ដែលឆ្លាក់នៅលើផ្ទាំងលង្ហិនទៅរកបងៗខ្ញុំ ដែលនៅខាងក្រៅកំផែង។
២៥ហើយខ្ញុំថែមទាំងបានបង្គាប់ឲ្យគាត់មកតាមខ្ញុំ។
២៦ហើយគាត់គិតស្មានថា ខ្ញុំនិយាយអំពីពួកបងប្អូននៃសាសនាចក្រ ហើយស្មានថា ខ្ញុំនេះពិតជាឡាបាន់ ដែលខ្ញុំបានសម្លាប់ ទើបគាត់មកតាមខ្ញុំ។
២៧ហើយគាត់បាននិយាយមកកាន់ខ្ញុំជាច្រើនដង អំពីពួកចាស់ទុំនៃពួកសាសន៍យូដា នៅពេលខ្ញុំធ្វើដំណើរត្រឡប់ទៅរកបងៗខ្ញុំ ដែលនៅខាងក្រៅកំផែង។
២៨ហើយហេតុការណ៍បានកើតឡើងថា កាលលេមិនបានឃើញខ្ញុំ គាត់ក៏កើតសេចក្ដីភ័យស្លុតជាខ្លាំង ឯលេមយួល និងសាំ ក៏ដូច្នោះដែរ។ ហើយពួកគេបានរត់ចេញពីវត្តមានខ្ញុំ ត្បិតពួកគេបានគិតស្មានថា នេះជាឡាបាន់ ហើយគិតថា ឡាបាន់បានសម្លាប់ខ្ញុំចោល ហើយបានមករកផ្ដាច់ជីវិតពួកគេដែរ។
២៩ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានស្រែកហៅបងៗខ្ញុំ ហើយគេបានឮខ្ញុំហៅ ហេតុដូច្នោះហើយ គេក៏ឈប់រត់ចេញពីវត្តមានខ្ញុំទៀតទៅ។
៣០ហើយហេតុការណ៍បានកើតឡើងថា កាលបាវបម្រើរបស់ឡាបាន់បានឃើញបងៗខ្ញុំ គាត់ក៏ញ័ររន្ធត់ ហើយស្ទើរតែនឹងរត់ភៀសខ្លួនពីមុខខ្ញុំ ហើយត្រឡប់ទៅឯទីក្រុងយេរូសាឡិមវិញ។
៣១ហើយឥឡូវនេះ ខ្ញុំ នីហ្វៃ ដែលជាមនុស្សមាឌធំ ព្រមទាំងបានទទួលកម្លាំងជាច្រើនពីព្រះអម្ចាស់ ហេតុដូច្នេះហើយ ខ្ញុំបានចាប់បាវបម្រើរបស់ឡាបាន់ ហើយឱបគាត់ជាប់ ដើម្បីមិនឲ្យរត់បាន។
៣២ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបាននិយាយទៅគាត់ថា បើសិនជាគាត់ប្រុងស្ដាប់តាមពាក្យទាំងឡាយរបស់ខ្ញុំ ប្រាកដ ដូចជាព្រះអម្ចាស់ ទ្រង់មានព្រះជន្មរស់នៅ ហើយប្រាកដដូចជាខ្ញុំនៅមានជីវិត ហើយដរាបណាគាត់ប្រុងស្ដាប់តាមពាក្យទាំងឡាយរបស់យើង នោះយើងនឹងប្រណីជីវិតដល់គាត់។
៣៣ហើយខ្ញុំបាននិយាយទៅគាត់ គឺដោយពាក្យសម្បថ ថាគាត់មិនត្រូវភ័យខ្លាចអ្វីឡើយ ថាគាត់នឹងបានរួចខ្លួនជាអ្នកសេរី ដូចយើងរាល់គ្នាដែរ បើគាត់ព្រមចុះទៅក្នុងទីរហោស្ថានជាមួយនឹងយើង។
៣៤ហើយខ្ញុំបាននិយាយទៅគាត់ទៀតថា ៖ ជាប្រាកដមែន ព្រះអម្ចាស់ទ្រង់បានបញ្ជាឲ្យយើងធ្វើកិច្ចការនេះ ហើយតើយើងមិនខំព្យាយាមកាន់តាមព្រះបញ្ញត្តិទាំងឡាយ នៃព្រះអម្ចាស់ទេឬ? ហេតុដូច្នេះហើយ បើសិនជាអ្នកព្រមចុះទៅក្នុងទីរហោស្ថាន ទៅឯឪពុកខ្ញុំ នោះអ្នកនឹងមានកន្លែងនៅជាមួយនឹងយើង។
៣៥ហើយហេតុការណ៍បានកើតឡើងថា សូរាំបានតាំងចិត្តក្លាហានឡើងចំពោះពាក្យទាំងឡាយរបស់ខ្ញុំ។ ឥឡូវនេះ សូរាំ គឺជាឈ្មោះរបស់បាវបម្រើនោះ ហើយគាត់បានសន្យាថានឹងចុះទៅក្នុងទីរហោស្ថានទៅឯឪពុកយើង។ មែនហើយ គាត់ក៏បានស្បថស្បែជាមួយនឹងយើង ថាគាត់នឹងនៅជាមួយនឹងយើងចាប់ពីពេលនោះតទៅ។
៣៦ឥឡូវនេះ យើងមានបំណងចង់ឲ្យគាត់នៅជាប់ជាមួយនឹងយើង ដើម្បីកុំឲ្យពួកសាសន៍យូដាដឹងពីរឿងភៀសខ្លួនរបស់យើងចូលក្នុងទីរហោស្ថាន ក្រែងគេនឹងលបតាមមកបំផ្លាញយើងចោល។
៣៧ហើយហេតុការណ៍បានកើតឡើងថា កាលសូរាំបានស្បថចំពោះយើងរួចស្រេចហើយ នោះសេចក្ដីខ្លាចទាំងប៉ុន្មានរបស់យើងដែលមានចំពោះគាត់ ក៏បាត់អស់រលីងទៅ។
៣៨ហើយហេតុការណ៍បានកើតឡើងថា យើងបាននាំយកផ្ទាំងលង្ហិន និងបាវបម្រើរបស់ឡាបាន់ ហើយចេញទៅក្នុងទីរហោស្ថាន ហើយបានធ្វើដំណើរទៅឯត្រសាលឪពុកយើង៕