ព្រះគម្ពីរ
នីហ្វៃ ទី ១ 12


ជំពូក​ទី ១២

នីហ្វៃ​បាន​ឃើញ​នៅ​ក្នុង​ការ​និមិត្ត អំពី​ដែនដី​សន្យា អំពី​សេចក្ដី​សុចរិត, សេចក្ដី​ទុច្ចរិត, និង​ការ​រលំ​នៃ​បណ្ដា​ជន​នៅ​ទី​នោះ អំពី​ការ​យាង​មក​នៃ​កូន​ចៀម​នៃ​ព្រះ ក្នុង​ចំណោម​ពួក​គេ អំពី​ពួក​សិស្ស​១២​នាក់ និង​ពួក​សាវក​១២​នាក់ ដែល​នឹង​ជំនុំ​ជំរះ​នៃ​សាសន៍​អ៊ីស្រាអែល អំពី​ភាព​ដ៏​គួរ​ឲ្យ​ខ្ពើម និង​ប្រឡាក់​កខ្វក់​របស់​អស់​អ្នក​ណា ដែល​ចុះ​អន់ថយ​ក្នុង​ការ​ឥត​ជំនឿ។ ប្រមាណ​ជា​ឆ្នាំ ៦០០–៥៩២ ម.គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ន៏ ហើយ​ចូរ​មើល​ពូជ​អ្នក និង​ពូជ​បងៗ​របស់​អ្នក​ដែរ។ ហើយ​ខ្ញុំ​ក៏​មើល ហើយ​បាន​ឃើញ​ដែនដី​សន្យា ហើយ​ខ្ញុំ​ឃើញ​ហ្វូង​មនុស្ស មែន​ហើយ គឺ​មាន​ចំនួន​ជាច្រើន​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ឃើញ​មនុស្ស​ទាំង​ហ្វូង​ប្រមូល​គ្នា មក​ធ្វើ​ចម្បាំង​រវាង​គ្នា​នឹង​គ្នា ហើយ​ខ្ញុំ​បាន​ទាំង​ឃើញ​សង្គ្រាម និង​ពាក្យ​ច​ចាម​អារាម​អំពី​សង្គ្រាម​ទាំង​ឡាយ និង​ការ​កាប់​សម្លាប់​ដោយ​ដាវ​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​ចំណោម​សាសន៍​ខ្ញុំ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ឃើញ​តំណ​មនុស្ស​ជាច្រើន​បាន​ស្លាប់​ទៅ ដោយ​សារ​សង្គ្រាម​ទាំង​ឡាយ និង​ការ​ទាស់ទែង​គ្នា​ទាំង​ឡាយ​នៅ​លើ​ដែនដី​នោះ ហើយ​ខ្ញុំ​បាន​ឃើញ​ក្រុង​ជាច្រើន មែន​ហើយ គឺ​ច្រើន​រហូតដល់​ខ្ញុំ​មិន​អាច​រាប់​បាន។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​ឃើញ​អ័ព្ទ​នៃ​សេចក្ដី​ងងឹត​នៅ​លើ​ផ្ទៃ​ដែនដី​សន្យា ហើយ​ខ្ញុំ​ឃើញ​ផ្លេកបន្ទោរ ហើយ​ខ្ញុំ​ឮ​ផ្គរលាន់ និង​ផែនដី​កក្រើក ហើយ​នឹង​សូរស័ព្ទ​អឺងកង​គ្រប់បែប​យ៉ាង ហើយ​ខ្ញុំ​បាន​ឃើញ​ផែនដី និង​ថ្ម​ទាំង​ឡាយ​ប្រេះ​បែក​ចេញ ហើយ​ខ្ញុំ​បាន​ឃើញ​ភ្នំ​ទាំង​ឡាយ​រលំ​បែក​ទៅ​ជា​ដុំ ហើយ​ខ្ញុំ​បាន​ឃើញ​ផ្ទៃ​ដី​ទំនាប​បែក​ចេញ​ពី​គ្នា ហើយ​ខ្ញុំ​ឃើញ​ទី​ក្រុង​ជាច្រើន​លិច​ចុះ ហើយ​ខ្ញុំ​បាន​ឃើញ​ទី​ក្រុង​ជាច្រើន​ដែល​ត្រូវ​ភ្លើង​ឆេះ ហើយ​ខ្ញុំ​បាន​ឃើញ​ក្រុង​ជាច្រើន​រលំ​ខ្ចាត់ខ្ចាយ​ទៅ​លើ​ដី មក​ពី​ការ​កក្រើក​ផែនដី។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ខ្ញុំ​បាន​ឃើញ​រឿង​ទាំង​នេះ​ហើយ នោះ​ខ្ញុំ​បាន​ឃើញ​ចំហាយ​នៃ​សេចក្ដី​ងងឹត គឺ​ចំហាយ​នោះ​ហុយ​ចេញ​ពីលើ​ផ្ទៃ​ផែនដី ហើយ​មើល​ចុះ ខ្ញុំ​បាន​ឃើញ​មនុស្ស​ទាំង​ហ្វូង​ដែល​មិន​រលំ​ដួល ដោយ​សារ​ការ​ជំនុំ​ជំរះ​ដ៏​មហិមា និង​គួរ​ឲ្យ​ស្ញើប​ខ្លាច​របស់​ព្រះ​អម្ចាស់។

ហើយ​ខ្ញុំ​បាន​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​កូន​ចៀម​នៃ​ព្រះ ទ្រង់​យាង​ចុះ​មក​ពី​លើ​មេឃ ហើយ​ទ្រង់​បាន​យាង​ចុះ​មក ហើយ​បង្ហាញ​រូបអង្គ​ទ្រង់​ដល់​ពួក​គេ។

ហើយ​ខ្ញុំ​ក៏​បាន​ឃើញ ហើយ​ធ្វើ​បន្ទាល់​ដែរ​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​យាង​ចុះ​មក​សណ្ឋិត​លើ​មនុស្ស​១២​នាក់​ទៀត ហើយ​ពួក​គេ​ត្រូវ​បាន​តែងតាំង​ដោយ​ព្រះ ហើយ​ត្រូវ​បាន​រើស។

ហើយ​ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ន៏ សិស្ស​១២​នាក់​នៃ​កូន​ចៀម ដែល​ត្រូវ​បាន​រើស ដើម្បី​ធ្វើ​ការងារ​បម្រើ​ដល់​ពូជ​អ្នក។

ហើយ​លោក​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ តើ​អ្នក​ចាំ​ពួក​សាវក​១២​នាក់​នៃ​កូន​ចៀម​ឬ​ទេ? មើល​ន៏ ពួក​គេ​នោះ​ហើយ ដែល​នឹង​ជំនុំ​ជំរះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២​ពូជ ហេតុ​ដូច្នោះ​ហើយ ពួក​អ្នក​ធ្វើ​ការងារ​បម្រើ​១២​នាក់​ពី​ពូជ​អ្នក នឹង​ត្រូវ​បាន​ទទួល​ការ​ជំនុំ​ជំរះ​ពី​ពួក​គេ ត្បិត​អ្នក​រាល់​គ្នា​ជា​វង្ស​អ៊ីស្រាអែល។

១០ហើយ​ពួក​អ្នក​ធ្វើ​ការងារ​បម្រើ​១២​នាក់​ដែល​អ្នក​បាន​ឃើញ​នោះ នឹង​ជំនុំ​ជំរះ​ពូជ​អ្នក។ ហើយ​មើល​ចុះ ពួក​គេ​ជា​អ្នក​សុចរិត​រហូត​ត​ទៅ ត្បិត​ដោយ​សារ​សេចក្ដី​ជំនឿ​របស់​ពួក​គេ ដែល​ជឿ​ដល់​កូន​ចៀម​នៃ​ព្រះ នោះ​សំលៀកបំពាក់​របស់​ពួក​គេ​នឹង​ត្រូវ​លាង​ជំរះ ឲ្យ​បាន​ស ដោយ​លោហិត​របស់​ទ្រង់។

១១ហើយ​ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ន៏! ហើយ​ខ្ញុំ​ក៏​មើល ហើយ​បាន​ឃើញ​មនុស្ស​បី​តំណ​បាន​ស្លាប់​ទៅ​នៅ​ក្នុង​សេចក្ដី​សុចរិត ហើយ​សំលៀកបំពាក់​របស់​គេ​សោត ស​ដូច​កូន​ចៀម​នៃ​ព្រះ។ ហើយ​ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ សំលៀកបំពាក់​ទាំង​នេះ​បាន​លាង​ជំរះ​ឲ្យ​ស ដោយ​លោហិត​នៃ​កូន​ចៀម ដោយ​សារ​សេចក្ដី​ជំនឿ​របស់​ពួក​គេ​ដែល​ជឿ​ដល់​ទ្រង់។

១២ហើយ​ខ្ញុំ នីហ្វៃ ក៏​បាន​ឃើញ​មនុស្ស​ជាច្រើន​ក្នុង​តំណ​ទី​បួន​បាន​ស្លាប់​ទៅ​នៅ​ក្នុង​សេចក្ដី​សុចរិត​ដែរ។

១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ឃើញ​ពួក​បណ្ដា​ជន​នៅ​លើ​ផែនដី​ប្រមូល​រួម​គ្នា។

១៤ហើយ​ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ន៏ ពូជ​អ្នក និង​ពូជ​បងៗ​របស់​អ្នក​ដែរ។

១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​ក៏​មើល ហើយ​បាន​ឃើញ​មនុស្ស​នៃ​ពូជ​ខ្ញុំ ប្រមូល​គ្នា​ទាំង​ហ្វូង ទៅ​ទាស់​នឹង​ពូជ​បងៗ​របស់​ខ្ញុំ ហើយ​ពួក​គេ​ប្រមូល​គ្នា ដើម្បី​ទៅ​ធ្វើ​ចម្បាំង។

១៦ហើយ​ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ន៏ ប្រភព​ទឹក​ទឹក​កខ្វក់​ដែល​ឪពុក​អ្នក​បាន​ឃើញ​មក​នោះ មែន​ហើយ គឺ​ជា​ទន្លេ​ដែល​លោក​បាន​និយាយ​ផង​ដែរ ហើយ​ជម្រៅ​របស់​វា គឺ​ជា​ជម្រៅ​នៃ​ស្ថាន​នរក។

១៧ហើយ​អ័ព្ទ​នៃ​សេចក្ដី​ងងឹត គឺ​ជា​ការ​ល្បួង​របស់​អារក្ស ដែល​ធ្វើ​ឲ្យ​ភ្នែក​ទាំង​ឡាយ​ខ្វាក់ ហើយ​ធ្វើ​ឲ្យ​ចិត្ត​ទាំង​ឡាយ​កូន​ចៅ​មនុស្ស​រឹងរូស ហើយ​នាំ​ពួក​គេ​ទៅ​តាម​ផ្លូវ​ទូលាយ​ទាំង​ឡាយ ដើម្បី​ឲ្យ​ពួក​គេ​វិនាស ហើយ​វង្វេង​បាត់​ទៅ។

១៨ហើយ​អគារ​ដ៏​ធំ ហើយ​ទូលាយ ដែល​ឪពុក​អ្នក​បាន​ឃើញ​មក​នោះ គឺជា​គំនិត​ដ៏​ឥតប្រយោជន៍ និង​ជា​សេចក្ដី​ឆ្មើងឆ្មៃ​នៃ​កូន​ចៅ​មនុស្ស។ ហើយ​ជង្ហុក​មួយ​យ៉ាង​ធំ ហើយ​គួរ​ឲ្យ​ស្ញែង​ខ្លាច​នោះ​បំបែក​ពួក​គេ មែន​ហើយ គឺ​ជា​ព្រះ​បន្ទូល​នៃ​សេចក្ដី​យុត្តិធម៌​របស់​ព្រះ​ដ៏​នៅ​អស់​កល្ប​ជានិច្ច និង​ព្រះ​មែស៊ី ជា​កូន​ចៀម​នៃ​ព្រះ ដែល​ព្រះ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ ទ្រង់​ធ្វើ​បន្ទាល់ តាំង​ពី​កំណើត​លោកិយ​មក​រហូតដល់​ពេល​នេះ ហើយ​តាំង​ពី​ពេល​នេះ​ជា​រៀង​ដរាប​ត​ទៅ។

១៩ហើយ​ខណៈ​ដែល​ទេវតា​មាន​បន្ទូល​នូវ​ពាក្យ​ទាំង​នេះ នោះ​ខ្ញុំ​ក៏​មើល ហើយ​បាន​ឃើញ​ពូជ​បងៗ​របស់​ខ្ញុំ​បាន​ទាស់​នឹង​ពូជ​ខ្ញុំ ស្រប​តាម​ពាក្យ​របស់​ទេវតា ហើយ​មក​ពី​សេចក្ដី​ឆ្មើងឆ្មៃ​នៃ​ពូជ​ខ្ញុំ និង​សេចក្ដី​ល្បួង​ទាំង​ឡាយ​របស់​អារក្ស នោះ​ខ្ញុំ​បាន​ឃើញ​ថា ពូជ​បងៗ​របស់​ខ្ញុំ បាន​ឈ្នះ​លើ​ប្រជាជន​នៃ​ពូជ​ខ្ញុំ។

២០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​មើល ហើយ​បាន​ឃើញ​ថា ប្រជាជន​នៃ​ពូជ​បងៗ​របស់​ខ្ញុំ​បាន​ឈ្នះ​លើ​ពូជ​ខ្ញុំ ហើយ​ពួក​គេ​ដើរ​ទាំង​ហ្វូងៗ​នៅ​លើ​ផ្ទៃ​ដែនដី។

២១ហើយ​ខ្ញុំ​បាន​ឃើញ​ពួក​គេ​ប្រមូល​គ្នា​ទាំង​ហ្វូង ហើយ​ខ្ញុំ​បាន​ឃើញ​សង្គ្រាម និង​ពាក្យ​ចចាម​អារ៉ាម អំពី​សង្គ្រាម​ទាំង​ឡាយ​ក្នុង​ចំណោម​ពួក​គេ ហើយ​ខ្ញុំ​បាន​ឃើញ​តំណ​មនុស្ស​ជាច្រើន​បាន​ស្លាប់​ទៅ​នៅ​ក្នុង​សង្គ្រាម និង​ពាក្យ​ច​ចាម​អារាម​អំពី​សង្គ្រាម​ទាំង​ឡាយ។

២២ហើយ​ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ចុះ ពួក​មនុស្ស​ទាំង​នេះ នឹង​ចុះ​អន់ថយ​ក្នុង​ការ​ឥត​ជំនឿ។

២៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ឃើញ​ថា បន្ទាប់ពី​ពួក​គេ​បាន​ចុះ​អន់ថយ ក្នុង​ការ​ឥត​ជំនឿ នោះ​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ខ្មៅ ហើយ​គួរ​ស្អប់ខ្ពើម និង​កខ្វក់ ពោរពេញ​ទៅ​ដោយ​ការ​ខ្ជិលច្រអូស និង​ការ​គួរ​ខ្ពើម​ឆ្អើម​គ្រប់​បែប​យ៉ាង៕